All posts by មេគង្គ ប៉ុស្តិ៍

លោក ស ខេង លើកឡើង៥ចំណុចដល់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ

ភ្នំពេញ ៖ ​លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ បានផ្ដល់អនុសាសន៍ចំនួន៥ចំណុចសំខាន់ៗដល់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទូទាំងប្រទេស ដើម្បីបន្ដអនុវត្តក្នុងន័យបង្កើត និងពង្រឹងប្រសិទ្ធភាពការងារ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ នៃកំណើតនគរបាលជាតិកម្ពុជា លើកទី៧៤ (១៦ ឧសភា ១៩៥៤-១៦ ឧសភា ២០១៩) លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដល់នូវអនុសាសន៍ចំនួន៥ចំណុច សំខាន់ៗដល់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ ដែលក្នុងនោះ ត្រូវពង្រឹងកងកម្លាំងនគរបាលជាតិ ដោយត្រូវធ្វើការប្តេជ្ញាចិត្តរួមគ្នា បន្តធ្វើការកែទម្រង់នគរបាលជាតិ អំពីក្របខ័ណ្ឌ ឋានន្តរស័ក្តិ តួនាទី មុខងារ និងការទទួលខុសត្រូវ នៅតាមស្ថាប័ន-អង្គភាពនគរបាលគ្រប់ថ្នាក់ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារ សំដៅឆ្លើយតបចំពោះការវិវត្តរីកចម្រើន របស់សង្គម និងស្ថានភាពប្រែប្រួលស្មុគស្មាញ នៃសភាពការណ៍សន្តិសុខ ក្នុងតំបន់ និងពិភពលោក។

បន្ថែមពីនេះ ជាក្រិត្យក្រម ក្នុងកម្លាំងអនុវត្តច្បាប់ ត្រូវមានលក្ខណៈសម្បត្តិ និង នីតិសម្បទាគ្រប់គ្រាន់ ក្នុងការបម្រើប្រជាពលរដ្ឋ ប្រកបដោយស្មារតី អង់អាចក្លាហាននិងមានសមត្ថភាពពេញលេញ ទាំងសមត្ថភាពផ្នែកច្បាប់ ជំនាញបច្ចេកទេស ព្រមទាំងមានមនសិការ វិជ្ជាជីវៈ បម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយភក្តីភាព។ លើមូលដ្ឋាននេះ ការកសាងអភិវឌ្ឍធនធានមនុស្ស និង ស្ថាប័ន គឺជាគោលដៅអាទិភាព ដែលគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលមុខជំនាញ ឯកទេស និងច្បាប់ រយៈពេលវែង-ខ្លី និងការបំប៉ននៅហ្នឹងកន្លែង ជាពិសេសបង្កើនការអប់រំ ពង្រឹងសីលធម៌ វិន័យកងកម្លាំងជាប្រចាំដើម្បីកសាងធនធានមន្ត្រីអនុវត្តច្បាប់ ឲ្យមានសមត្ថភាព មានសីលធម៌ គុណធម៌ និងមនសិការ វិជ្ជាជីវៈពិតប្រាកដ ស័ក្តិសមនឹងកិត្តិយសរបស់កងកម្លាំងនគរបាលជាតិ។

លោក ស ខេង ក៏បានជំរុញឱ្យគ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន-អង្គភាពជំនាញ និងគ្រប់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៅទូទាំងប្រទេស ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការគ្រប់គ្រង ដឹកនាំអង្គភាព និងកងកម្លាំងក្រោមឱវាទ ដោយត្រូវពង្រឹងការអនុវត្តតួនាទី ភារកិច្ច ដែលបានចែងក្នុងច្បាប់ លិខិតបទដ្ឋាន ពាក់ព័ន្ធស្ថាប័ន អង្គភាពនីមួយៗ ដើរទន្ទឹមនឹងការខិតខំរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ផ្តល់ភាពកក់ក្តៅដល់កម្លាំងក្រោមឱវាទ ដោយត្រូវស្វែងយល់អំពីសុខទុក្ខ ការលំបាកបញ្ហាប្រឈម និងសំណូមពរនានា របស់ថ្នាក់ក្រោមជាតិ ព្រមទាំងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្លួន នូវគោលនយោបាយសរសើរ ជូនរង្វាន់លើកទឹកចិត្ត និងអនុវត្តវិន័យតឹងរឹង ប្រកបដោយតម្លាភាព និងយុត្តិធម៌។

មួយវិញទៀត ត្រូវបន្តលើកទឹកចិត្ត និងបំផុសចលនាផ្សាភ្ជាប់ រវាងសមរភូមិក្រោយ ជាមួយសមរភូមិមុខតាមរយៈការបន្តពង្រឹងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនានា ជាមួយអង្គភានគរបាលជាប់ផុស មានការចូលរួមគាំទ្រពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីរួមគ្នាធ្វើសកម្មភាពចុះសួរសុខទុក ស្វែងយល់អំពើពលិកម្ម និងបញ្ហាប្រឈមនានារបស់កងកម្លាំងនគរបាល ដើម្បីចូលរួមលើកទឹកចិត្តទាំងស្មារតី និងឧបត្ថម្ភគាំទ្រនូវមធ្យោបាយ សម្ភារ គ្រឿងឧបភោគ បរិភោគនានា ដល់កងកម្លាំងនគរបាល ដែលកំពុងឈរជើងនៅតាមព្រំដែន។ ទន្ទឹមនេះត្រូវបន្តយកចិត្តទុកដាក់ថែបំប៉នកម្លាំងការពារព្រំដែន ឲ្យបានល្អប្រសើរ ទាំងជីវភាពប្រចាំថ្ងៃ ទាំងជម្រក បន្ទាយ លេណដ្ឋាន មធ្យោបាយ ឧបករណ៍ សម្ភារៈ អាវុធ គ្រាប់រំសេវ សំដៅពង្រឹងកងកម្លាំងនគរបាល ការពារព្រំដែនឲ្យក្លាយជាកម្លាំងដ៏រឹងមាំ មានសមត្ថភាពពេញលេញ ការពារបូរណភាពទឹកដី។

តាមរយៈវេទិកានេះ លោកបានជំរុញលើកទឹកចិត្តដល់គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី-ខេត្ត ក៏ដូចជាក្រសួង ស្ថាប័ន និងអាជ្ញាធរ មានសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ត្រូវលើកកម្ពស់ស្មារតីសហការ ដឹកនាំគាំទ្រដល់គ្រប់សកម្មភាព របស់កងកម្លាំងនគរបាលជាតិ ដើម្បីរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាការពារឲ្យបាននូវសមិទ្ធផលសង្គមជាតិ ដែលយើងបានកសាងឡើងដោយលំបាកលំបិន សំដៅចូលរួមកសាងអភិវឌ្ឍសង្គមកម្ពុជា ឆ្ពោះទៅដល់គោលដៅអភិវឌ្ឍប្រកបដោយជោគជ័យ៕

គិតត្រឹមខែឧសភា អតីតយុទ្ធជនជិតមួយម៉ឺននាក់​ទទួលបានរបបគោលនយោបាយ

ភ្នំពេញ ៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងនីតិសម្បទារាជធានីភ្នំពេញ កំពុងគ្រប់គ្រងធ្វើរបបគោលនយោបាយដល់អតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ គិតត្រឹមខែឧសភា ឆ្នាំ២០១៩ មានចំនួនសរុប៩៣១៨នាក់។

នេះយោងតាមការលើកឡើងរបស់អ្នកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ក្នុងពិធីអបអរសាទរ ប្រារព្ធខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា២១ មិថុនា ដែលប្រារព្ធធ្វើឡើង ក្រោមវត្តមាន លោកជំទាវ កែវ សុខពិសី តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៦ ឧសភានេះ។

លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថាក្នុងចំណោមអតីតយុទ្ធជនទាំងនោះ រួមមាន៖ ជនពិការចំនួន១២៦១នាក់ គ្រួសារពលី១២១២នាក់ គ្រួសារមរណៈ ៥៨២នាក់ និវត្តជន៣៦៨៤នាក់ ជនបាត់បង់ពលកម្ម៦៧នាក់ បន្ទុក៩៩១៨នាក់ និង កូន២៤១៤នាក់។

លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងថា ការប្រារឰពិធីខួបលើកទី ១២ ទិវាអតីតកម្ពុជា២១ មិថុនានេះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និង រំឭកគុណូបការៈគុណ ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតធ្វើឲ្យប្រទេសជាតិយើងមាន ការអភិវឌ្ឍរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន។

លោកជំទាវបន្តថា ក្រោយឆ្នាំ១៩៧៩ បងប្អូនអតីតយុទ្ធជនទាំងអស់ មានអាយុត្រឹមតែ១៥ទៅ២០ឆ្នាំប៉ុណ្ណោះ តែមកដល់ពេលនេះបានចូលនិវត្តន៍ទៅហើយ ខណៈដែលការណោះ បងប្អូននិវត្តន៍ជនទាំងអស់ សុទ្ធតែធ្វើការបំពេញការងារជូនជាតិ ដោយមិនមានប្រាក់ខែផងនោះ។

លោកជំទាវបន្តទៀតថា ក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទាំងមូលមានសុខសន្តិភាពពេញបរិបូរណ៍ ធ្វើឲ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេស មានការ រីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ ដោយមើល ឃើញពីគុណតំលៃ មិនអាចកាត់ថ្លៃបានពីសំណាក់អតីតយុទ្ធជន ទើបសម្ដេចបានបង្កើតឲ្យមានជាទិវារំលឹកអតីតយុទ្ធជននេះឡើងនៅថ្ងៃទី១២មិថុនាជារៀងរាល់ឆ្នាំ ។ មិនតែប៉ុណ្ណោះសម្ដេចតេជោនៅបានផ្ដល់ជាដីសម្បទាន ជាផ្ទះសំបែង ថវិកា និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនបងប្អូននិវត្តន៍ជន ថែមទៀតផង៕ 

ភ្លៀងមួយមេធំនៅក្រុងព្រះសីហនុ សំរាម​អណ្តែតហូរពេញគល់ស្ពានគ្រប់កន្លែង

 

ខេត្តព្រះសីហនុ ÷ មួយរយៈពេលចុងក្រោយនេះ ការបោះចោលសំរាម បានកំពុងក្លាយទៅជាប្រធានបទមួយយ៉ាងក្ដៅគគុកមួយ នៅក្នុងសង្គម ក៏ដូចជានៅក្នុងបណ្ដាញសង្គម អុីនធើណេត ដែលគ្រប់គ្នាបានលើកយកមកជជែកវែកញែក ដើម្បីស្វែងរកដំណោះស្រាយ ដែលត្រូវឲ្យប្រជាពលរដ្ឋមួយចំនួន កែប្រែទម្លាប់ដ៏អាក្រក់ក្នុងការបោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់នេះ។

ដោយឡែកនាព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ ខេត្ដព្រះសីហនុ វិញ ដែលគ្រាន់តែមេឃភ្លៀងមួយមេសោះ បែរជាសំរាមកើតឡើងយ៉ាងច្រើន មិនចាញ់ប្រឡាយលូបឹងត្របែកនោះឡើយ ដែលស្ថិតនៅចំនុចត្រង់គល់ស្ពានអូរសំអាត ផ្លូវឯករាជ្យ បណ្ដាលធ្វើឲ្យមានការកកស្ទុះប្រឡាយលូជាខ្លាំង។

យ៉ាងណាមិញ ចំពោះការបោះចោលសំរាមចូលទៅក្នុងអូរសំអាតនេះ រហូតត្រូវបានភ្លៀងមួយមេ បាននាំយកសំរាមទាំងអស់មករុញច្រាញមកគល់ស្ពានអូរសំអាតនេះ ពេលនេះគិតត្រូវម៉ោង ១០ និង៤០នាទីនេះ មិនត្រូវបានខេត្ត ក្រុង និងមន្ទីរជំនាញ បានសហការជាមួយក្រុមហ៊ុនដឹកសំរាម និងក្រុមហ៊ុនម៉ៅការដឹកកាកសំណល់ការដ្ឋាន ចុះយកគ្រឿងចក្រមកកាយសំរាមចេញពីអូរសំអាតនេះ ស្អាតវិញនោះទេ។

ទាក់ទិន និង បញ្ហាកាកសំណល់កកស្ទុះក្នុងប្រព័ន្ធលូរំដោះទឹកភ្លៀង នេះដែរ ភ្ញៀវទេសចរជាតិរិះគន់ថា់ ថា ឆ្នេរ សមុទ្រ ឬ បរិស្ថាន អនាម័យ ខេត្ត ព្រះសីហនុ ដែល ត្រូវ រាជរដ្ឋាភិបាល ប្រសិទ្ធ នាម ថា ជា «តារា រះ នា ទិសនិរតី» គួរ ត្រូវ ថែរក្សា អនាម័យ បរិស្ថាន តាម ផ្លូវ សាធារណៈ ឆ្នេរ សមុទ្រ និង ទីប្រជុំជន ក្នុង ក្រុង ទាំង មូល ឲ្យ មាន អនាម័យ ជា ប្រចាំ ដោយ មិន គួរ ឲ្យ មាន បរិស្ថាន គគ្រិច គ្មាន អនាម័យ និង មាន ក្លិន ស្អុយ ដូច ទីវាល ចាក់ សំរាម នោះ ទេ។

សាធារណជន សំណូមពរ ដល់ រដ្ឋបាល ក្រុង ខេត្ត ព្រះសីហនុ ពិសេស ប្រតិបត្តិករ ទេសចរណ៍ និង ប្រជាពលរដ្ឋ រស់ នៅ ខេត្ត ព្រះសីហនុ ត្រូវ ចូល រួម ការងារ ថែរក្សា អនាម័យ បរិស្ថាន ឲ្យ បាន ស្អាត ជាង រាល់ ថ្ងៃ ដើម្បី ឲ្យ សក្ដិសម កិត្តិយស ជា ឆ្នេរ ស្រស់ ស្អាត លំដាប់ ថ្នាក់ ពិភពលោក។

ចំណែក ប្រតិបត្តិករ ទេសចរណ៍ និង ប្រជាពលរដ្ឋ ខេត្ត ព្រះសីហនុ ស្នើ ឲ្យ រដ្ឋបាល ខេត្ត ព្រះសីហនុ ត្រូវ ស្ថាបនា ប្រព័ន្ធ លូ បង្ហូរ ទឹក ឲ្យ បាន ត្រឹមត្រូវ ដើម្បី រំដោះ ទឹក ស្អុយ ដស្អុយដែលជនលិចផ្លូវនៅប្របមាត់សមុទ្រ។

អភិបាល ខេត្ត ព្រះសីហនុ ឯកឧត្តម យន្ត មីន ធ្លាប់មាន ប្រសាសន៍ ថា កន្លង មក ថ្នាក់ដឹកនាំ នៅ តាម មន្ទីរ ស្ថាប័នរដ្ឋ ទាំង ស្ថាប័ន ស៊ីវិល និង កម្លាំង ប្រដាប់ អាវុធ ក្រោម ឱវាទ រដ្ឋបាល ខេត្ត ព្រះសីហនុ បាន បង្កើត កម្មវិធី ចុះ ដើរ រើស សំរាម ឬ សំអាត អនាម័យ បរិស្ថាន ទាំង ក្នុង ទីប្រជុំជន តាម តំបន់ ឆ្នេរ សមុទ្រ ជាដើម ជា រៀងរាល់ ខែ ដើម្បី បំផុស ឲ្យ ប្រតិបត្តិ ករ ទេសចរណ៍ និង ប្រជាពលរដ្ឋ មូលដ្ឋាន នេះ ចូលរួម ការងារ ថែរក្សា សំអាត អនាម័យ បរិស្ថាន ឆ្នេរ ឲ្យ បាន ទាំង អស់ គ្នា។

ឯកឧត្តម យន្ត មីន ទទួល ស្គាល់ ថា ការងារ សំអាត អនាម័យ បរិស្ថាន ឆ្នេរ នៅ មូលដ្ឋាន នេះ ទាំង ប្រតិបត្តិករ ទេសចរណ៍ និង ប្រជាពលរដ្ឋ មូលដ្ឋាន ភាគ ច្រើន មិន ទាន់ បាន ចូលរួម ថែរក្សា អនាម័យ បរិស្ថាន ឆ្នេរ និង តាម ទី សាធារណៈ ជាមួយ អាជ្ញាធរ ឲ្យ បាន ច្រើន ទេ ដោយ គិត តែ ពី ប្រយោជន៍ ផ្ទាល់ ខ្លួន៕

អាជ្ញាធរថៃឃាត់ព្រះសង្ឃខ្មែរចំនួន៣អង្គបញ្ជូនមកកម្ពុជាវិញ

បន្ទាយមានជ័យ ៖ អាជ្ញាធរថៃ បានធ្វើការឃាត់ព្រះសង្ឃខ្មែរ៣អង្គ
ដោយចោទប្រកាន់ពីបទឆ្លងដែនចូលក្នុងប្រទេសថៃខុសច្បាប់ ហើយបញ្ជូនមកវិញប្រគល់ឱ្យអាជ្ញាធរកម្ពុជា តាមមាត់ច្រកទ្វារអន្តរជាតិជាំ កាលពីវេលាម៉ោ ៦ល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ព្រះសង្ឃខ្មែរដែលអាជ្ញាធរថៃចោទពីបទឆ្លងដែនខុសច្បាប់ ទី១ព្រះនាម ទត វឿន ព្រះជន្ម ៣៨ វស្សារស់ភូមិម្សាគ្រង ឃុំម្សាគ្រង ស្រុកស្ទោង ខេត្តកំពង់ធំ ទី២ព្រះនាម ប៉ក់ ភេន ព្រះជន្ម ៣០វស្សា និងទី៣ ព្រះនាម សេង សុវណ្ណ រិទ្ធី ព្រះជន្ម ១៩វស្សា ដោយព្រះសង្ឃទាំង ៣អង្គនេះ រស់នៅភូមិឃុំជាមួយគ្នា។

តាមអោយដឹងពីសមត្ថកិច្ចប្រចាំច្រកអន្តរជាតិជាំបានឱ្យដឹងថា ព្រះសង្ឃខ្មែរ ដែលអាជ្ញាធរថៃបញ្ជូនយកមកប្រគល់ឱ្យទាំង ៣អង្គខាងលើ ដែលសមត្ថកិច្ចបានធ្វើការសាកសួរ គឺពុំមានវត្តសម្រាប់គង់នៅនោះឡើយ ហើយឆៃយ៉ាល័ក្ខអត្តសញ្ញាណព្រះសង្ឃ ក៏មិនមានដែរ ដូច្នេះហើយ សមត្ថកិច្ច និងអាជ្ញាធរកម្ពុជាបានសម្រេចធ្វើការផ្សិក រួចឱ្យវិលត្រឡប់ទៅលំនៅឋានវិញនៅក្នុងថ្ងៃដដែល៕

សណ្តែកសៀងអាមេរិក ធ្លាក់ថ្លៃទាបបំផុតចំពេលមានសង្គ្រាមពាណិជ្ជកម្ម

អាមេរិក ៖ សណ្តែកសៀង នៅទីក្រុងឈីកាហ្គោ បានធ្លាក់ចុះក្នុងកម្រិតទាបបំផុត ក្នុងរយៈពេលជាង 10 ឆ្នាំ ខណៈដែលពាណិជ្ជករ បានបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីជំលោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។

កិច្ចសន្យាដំណាំសណ្តែកសៀងសកម្មបំផុត សម្រាប់ការចែកចាយ នៅខែកក្កដា បានធ្លាក់ចុះ ដែលមានតម្លៃទាបបំផុតចាប់តាំងពីខែធ្នូឆ្នាំ 2008 មក។ ប្រទេសចិនគឺជាអ្នកទិញសណ្តែកសៀងសំខាន់បំផុត របស់សហរដ្ឋអាមេរិក ហើយដោយ សារតែជំលោះពាណិជ្ជកម្ម រវាងប្រទេសចិន និងអាមេរិក ការនាំចេញសណ្តែកអាមេរិកទៅកាន់ប្រទេសចិន បានធ្លាក់ចុះ ។

សមាគមសណ្តែកសៀងអាមេរិក ASA បានជំរុញឱ្យរដ្ឋាភិបាលអាមេរិក ទប់ស្កាត់ពន្ធលើទំនិញរបស់ចិន និងបញ្ចប់ការចរចារពាណិជ្ជកម្ម យ៉ាងឆាប់រហ័សជាមួយប្រទេសចិន។ ទោះយ៉ាងណាសហរដ្ឋអាមេរិក នៅតែបង្កើនពន្ធលើទំនិញដែលមានតម្លៃ 200 ពាន់លានដុល្លាររបស់ចិន ពី 10 ភាគរយ ទៅ 25 ភាគរយ ចាប់តាំងពីថ្ងៃទី 10 ខែឧសភាតទៅ។

ដើម្បីឆ្លើយតបនឹងការតំឡើងពន្ធនេះ ប្រទេសចិនបានដាក់ពន្ធបន្ថែម លើការនាំចូលរបស់ សហរដ្ឋអាមេរិក ស្មើនឹងទឹកប្រាក់ 60 ពាន់លានដុល្លារ ដែលអត្រាពន្ធបន្ថែម លើផលិតផលមួយចំនួន នឹងត្រូវកើនឡើងដល់ 25% 20% និង 10% ៕

នាយករដ្ឋមន្រ្តីនេប៉ាល់ អញ្ជើញទស្សនា អត្ថន័យនៃវិមានឈ្នះឈ្នះ

ភ្នំពេញ ៖ ក្នុងឱកាស ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា តាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែ ឧសភានេះ ឯកឧត្តម ខាត់ហ្កា ប្រាសាទ សាម៉ា អូលី នាយករដ្ឋមន្រ្តី នៃ សាធារណរដ្ឋសហព័ន្ធ ប្រជាធិបតេយ្យនេប៉ាល់ និង លោកជំទាវ បានអញ្ជើញទៅ ទស្សនាវិមានឈ្នះ-ឈ្នះ ដើម្បីបានស្វែងយល់បន្ថែមទៀត នូវដំណែលប្រវត្តិសាស្រ្ត ពីជោគជ័យ នៃកិច្ចប្រឹងប្រែង នាំមកនូវសន្តិភាពពេញលេញ ការផ្សះផ្សា និងការបង្រួបបង្រួមជាតិរបស់កម្ពុជា។

មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន នៅវិមានឈ្នះឈ្នះ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នយោបាយ កិច្ចការបរទេស និង ជាទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានឱ្យដឹងថា ឯកឧត្តម ខាត់ហ្កា ប្រាសាទ សាម៉ា អូលី នាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៣ដល់១៥ខែឧសភា ឆ្នាំ២០១៩ អមដំណើរដោយ លោកជំទាវ រ៉ាឌីកា សាក់យ៉ា ឯកឧត្តម ប្រាឌីប គូម៉ា ហ្គាវ៉ាលី រដ្ឋមន្រ្តីការបរទេស ទីប្រឹក្សានាយករដ្ឋមន្ត្រី សមាជិកសភា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រមទាំងគណៈប្រតិភូធុរកិច្ច។

ឯកឧត្តម ណឹម សុវត្ថិ បញ្ជាក់ថា ការអញ្ជើញមកទស្សនាវិមានឈ្នះឈ្នះ នាពេលនេះ ដើម្បីបានដឹងកាន់តែច្បាស់ថែមទៀត នូវគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ដែលបានធ្វើឱ្យបញ្ចប់សង្រ្គាមនៅកម្ពុជា ហើយទទួលបាននូវសន្តិភាពដ៏ពេញលេញដូចសព្វថ្ងៃនេះ។

ឯកឧត្តមបញ្ជាក់ទៀតថា ក្រោយពីសំណង់ប្រវត្តិសាស្រ្ត ឬ សំណង់រយឆ្នាំដ៏អស្ចារ្យមួយនេះ កើតឡើងទើបតែបានជាង៥ខែតែប៉ុណ្ណោះ មានប្រជាជន ភ្ញៀវទេសចរជាតិ អន្តរជាតិ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត ថ្នាក់ដឹកនាំកំពូលៗ នៃបណ្តារប្រទេសនៅក្នុងតំបន់ និងពិភពលោក បានមកទស្សនាជាហូរហែរ។ សម្រាប់ថ្ងៃនេះ ជាលើកដំបូង ដែលវិមានឈ្នះឈ្នះរបស់កម្ពុជា បានទទួលការអញ្ជើញមកទស្សនា ថ្នាក់នាយករដ្ឋមន្រ្តី ខណៈពេលកន្លងមកនេះ ទទួលថ្នាក់រដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំសំខាន់ៗជាង២០ប្រទេស បានមកស្វែងយល់ ពីអត្ថន័យ និងតឹកតាងជាក់ស្តែង នៃវិមានឈ្នះឈ្នះរបស់កម្ពុជា៕

ចិន ព្រមព្រៀងបន្តចរចាជាមួយអាមេរិកលើសង្គ្រាមពាណិជ្ជកម្ម

ចិន ៖ រដ្ឋាភិបាលចិនបាននិយាយថា សហរដ្ឋអាមេរិក និងប្រទេសចិន បានព្រមព្រៀងគ្នា ដើម្បីបន្តកិច្ចពិភាក្សា លើជំលោះពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ខណះដែលប្រធានា ធិបតី អាមេរិក លោក Donald Trump បាននិយាយថា ការពិភាក្សានាពេលថ្មីៗ នេះ នៅទីក្រុងប៉េកាំង នឹងទទួលបានជោគជ័យ។

មតិយោបល់ ដែលមានភាពសុទិដ្ឋិនិយមបន្តិចបន្តួចនេះ បានធ្វើឡើង បន្ទាប់ពីភាគី ទាំងពីរ បានបង្កើនសង្គ្រាមពាណិជ្ជកម្មដាក់គ្នា ដោយប្រទេសចិន បានប្រកាសអំពីការដាក់ ពន្ធថ្មី លើការនាំចូលរបស់សហរដ្ឋអាមេរិក បន្ទាប់ពីសហរដ្ឋអាមេរិក កំណត់ទិសដៅដាក់ ពន្ធ លើការនាំចូលរបស់ប្រទេសចិន កាលពីសប្តាហ៍មុន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយក្នុង សន្និសីទ សារព័ត៌មានប្រចាំថ្ងៃ ថា ប្រទេសចិន និងសហរដ្ឋអាមេរិក បានព្រមព្រៀងបន្តការពិភាក្សាដែលពាក់ព័ន្ធ ហើយរបៀបដែលប្រទេសទាំងពីរនឹងបន្តនោះ អាស្រ័យលើការពិគ្រោះ យោ បល់បន្ថែមរវាងភាគីទាំងពីរ។ ទន្ទឹមនឹងនេះ លោកក៏បានបន្ទោសនៅលើទីក្រុង វ៉ាស៊ីនតោន ដែលបានត្រលប់ទៅធ្វើតាមអ្វីដែលបាននិយាយ នៅក្នុងកិច្ចប្រជុំមុនៗ ហើយប្រទេសចិន បានបង្ហាញនូវសុច្ឆន្ទៈ នៅក្នុងកិច្ចចរចា និងបានរក្សាតាមការសន្យា របស់ខ្លួន។ ទស្សនវិស័យនៃសេដ្ឋកិច្ចសកល ដែលកំពុងធ្លាក់ចុះ ដោយសារអាមេរិក និងប្រទេសចិន ធ្វើអោយជម្លោះអូសបន្លាយកាន់តែវែង ដែលធ្វើឱ្យអ្នកវិនិយោគរង្គោះរង្គើ និងនាំឱ្យមាន ការលក់ធ្លាក់ចុះយ៉ាង ខ្លាំង លើទីផ្សារ៕

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ស្នើឲ្យចូលរួម និងគាំទ្របន្ថែមទៀតដល់ប្រទេសកំពុងអភិវឌ្ឍន៍

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ស្ដីពី ចីរភាពបំណុលសម្រាប់ចីរភាពកំណើន: ចីរភាពហិរញ្ញប្ប ទានសម្រាប់ការអភិវឌ្ឍ និងកិច្ចប្រជុំពាក់ព័ន្ធ នាទីក្រុងប៉ារីស ប្រទេសបារាំង ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាធារណរដ្ឋបារាំង និងមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទេសាភិបាលធនាគារកណ្តាល ថ្នាក់ដឹកនាំស្ថាប័នហិរញ្ញវត្ថុអន្តរ ជាតិ, ស្ថាប័នសិក្សាស្រាវជ្រាវ និងតំណាងស្ថាប័នហិរញ្ញវត្ថុឯកជនធំៗ មកពីតាមបណ្តាប្រទេសអភិវឌ្ឍន៍ ក៏ដូចជាកំពុងអភិវឌ្ឍន៍ប្រមាណ ៦៥ ប្រទេស ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានស្នើឲ្យមានការ ចូលរួម និងគាំទ្របន្ថែមទៀតដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត តាមរយៈការដាក់ចេញនូវវិធានវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាសកលសមស្រប ដើម្បី ធានាបាននូវគុណភាពហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តល្អប្រសើរ និងចីរភាព។

បើតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា ក្នុងឱកាស នៃកិច្ចប្រជុំជាន់ខ្ពស់នេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចូលរួមពិភាក្សាដោយផ្ទាល់ក្នុងកិច្ចប្រជុំជាក្រុម ស្តីអំពីហិរញ្ញប្បទានសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយយុត្តិធម៌ និងចីរភាព ដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលកម្ពុជា ដោយបានដាក់ចេញនូវវិធានការមុតស្រួចកែទម្រង់លើគ្រប់វិស័យ ពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ដើម្បីឲ្យកម្ពុជាអាចសម្រេចបានតាមគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព បើទោះបីជាហិរញ្ញប្បទានសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ របស់កម្ពុជានៅមានកំរិតនៅឡើយក៏ដោយចុះ។

សូមជម្រាបជូនថា៖ ចំពោះប្រធានបទស្តីពី ចីរភាពបំណុលសម្រាប់ចីរភាពកំណើន: ចីរភាព ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ កិច្ចប្រជុំបានផ្តោតការពិភាក្សាលើយុទ្ធសាស្រ្តក្នុងការ បំពេញតម្រូវការហិរញ្ញប្បទាន សម្រាប់ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់ប្រទេស នីមួយៗ ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាលទ្ធផល គណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានចូលរួមពិភាក្សាអំពីហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, តម្រូវការហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ វិធី សាស្រ្តដែលប្រទេសនីមួយៗយកទៅអនុវត្ត ដែលអាចទទួលបានហិរញ្ញប្បទានអភិវឌ្ឍន៍ដែល ជៀសវាងបាននូវការជំពាក់បំណុលច្រើនហួសហេតុ, ការប្រើប្រាស់ហិរញ្ញប្បទានដោយត្រឹមត្រូវ មានតម្លាភាព និងការទទួលខុសត្រូវ ក៏ដូចជាអាចធានាបាននូវគុណភាពហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការលើកម្ពស់ភាពជាម្ចាស់ក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ សំដៅចូលរួម ចំណែកពង្រឹងនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

​ចាប់បានហើយ មេខ្លោងក្រុមជនជាតិចិន បង្ហោះវីដេអូ គំរាមបង្កសន្តិសុខខេត្តព្រះសីហនុ

ភ្នំពេញ ៖ មន្រ្តីសមត្ថកិច្ច បានអះអាងថា មេខ្លោងក្រុមជនជាតិចិន ដែលបង្ហោះវីដេអូ គំរាមដល់សន្តិសុខខេត្តព្រះសីហនុ ត្រូវបានចាប់ខ្លួនហើយ នៅក្នុងប្រទេសចិន ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា អាជ្ញាធរចិន ពិតជាបានចាប់ខ្លួនមេខ្លោងនោះរួមហើយ ៗ ថែមទាំងបានទទួលចម្លើយសារភាពទៀតផង។

ប្រភពដដែលបន្តថា បើតាមការសាកសួរ ពួកក្រុមជនជាតិដែលអ្នកខ្លះ មានចាក់សាក់លើខ្លួនផងនោះ បានឲ្យដឹងថា ការដែលថតនេះ ក្នុងន័យលេងសើចប៉ុណ្ណោះ មិនមានបំណង ឬជាចេតនាអាក្រក់មកលើប្រទេសកម្ពុជានោះទេ ប៉ុន្តែមិនដឹងថា យ៉ាងម៉េចបានជាវីដេអូនេះ ត្រូវបានគេបង្ហោះ និងចែករំលែកតៗគ្នាបែបនេះទៅវិញ។ “ពួកគេអះអាងថា ពួកគេទទួលខុសត្រូវចំពោះមុខច្បាប់”។

ប្រតិបត្តិការបង្រ្កាបនេះ បានធ្វើឡើងក្រោយពីស្ថានទូតចិន ប្រចាំកម្ពុជា និងអាជ្ញាធរកម្ពុជា ប្រកាសបង្រ្កាបឲ្យខាងតែបាន ចំពោះការព្រមានដែលគំរាមកំហែងដល់សន្តិសុខ នៅខេត្តព្រះសីហនុ។

សូមបញ្ជាក់​ថា ជនជាតិ​ចិន​មួយក្រុម ដែល​បាន​បង្ហោះ​វីដេអូ ស្រែក​គំរាមថា ពួកគេ​មក​ពី​ខេត្ត​ឆុង​ឆី​ង ចង់​បង្ក​អសន្ដិសុខ នៅ​ខេត្ត​ព្រះសីហនុ ។ មួយ​ឡើង​ការ​គំរាម​របស់​ជនជាតិ​ចិន តាមរយៈ​វីដេអូ​នេះ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ នាយកដ្ឋាន​ជំនាញ​ដែល​ពាក់ព័ន្ធ កំពុង​បើក​ប្រតិបត្តិការ ដើម្បី​តាម​ស្វែងរក​ចាប់ខ្លួន​ពួកគេ​ទាំងនោះ យក​មក​ផ្តន្ទាទោស​តាមច្បាប់ ព្រោះ​ថា​កម្ពុជា មិន​អាចឲ្យ​មាន​ជនណា ឬ​ក្រុម​ណាមួយ មក​គំរាមកំហែងលើ​ដី​របស់​ខ្លួន​ឡើយ​ ៕​

នាយករដ្ឋមន្ត្រីនេប៉ាល់ ផ្តើមបំពេញទស្សនកិច្ចផ្លូវការ៣ថ្ងៃ

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីនេប៉ាល់ ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Shar ma Oli) បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោង៣រសៀល រសៀលថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩ នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នេះជាទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្រ្តីនេប៉ាល់ ខេ ភី សាម៉ា អូលី និងលោកជំទាវ មកកាន់ព្រះរាជាណាចក្រប្រទេសកម្ពុជា។ អញ្ជើញទទួលថ្នាក់ដឹកនាំជាន់ខ្ពស់នេប៉ាល់ មានវត្តមានរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯ.ឧ សាយ សំអាល់ រដ្ឋលេខាក្រសួងការបរទេស ឯ.ឧ អ៊ុង ស៊ាន និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីនេប៉ាល់ មកកាន់កម្ពុជានាពេលនេះ ត្រូវបានរំពឹងថា ជាការរួមចំ ណែកពង្រឹងឲ្យកាន់តែរឹងមាំថែមទៀតនូវចំណង មិត្តភាព និងលើកតម្កើងកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំងពីរ។

នៅទី១៤ ខែឧសភា លោក សាម៉ា អូលី នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ នៅវេលារសៀលសម្តេចតេជោ ហ៊ុន សែន និងលោក សាម៉ា អូលី អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់។ ប្រមុខដឹកនាំទាំងពីរក៏នឹងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាដ៏មានសារៈសំខាន់នេះផងដែរ៕

ព្រះមហាក្សត្រកម្ពុជា យាងចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅប្រទេសចិន

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នេះ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ ដែលរៀបចំដោយប្រទេសចិន។ ព្រះរាជដំណើររបស់ព្រះអង្គនាពេលនេះ តបតាមការយាងរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ក្នុងអំឡុងនៃព្រះរាជអវត្តមានរបស់ព្រះមហាក្សត្រ រាល់ព្រះរាជកិច្ចរបស់ព្រះអង្គ នឹងត្រូវរ៉ាប់រងដោយប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

គួររំលឹកដែរថា កិច្ចសន្ទនាស្តីពីអរិយធម៌អាស៊ី ត្រូវបានស្នើឡើងដោយលោកប្រធានាធិបតី ស៊ី ជីនពីង នៅក្នុងសន្និសីទប្រចាំឆ្នាំប៉ូអាវ ខេត្តហៃណាន ប្រទេសចិន កាលពីខែមីនា ឆ្នាំ២០១៥។ កិច្ចសន្ទនាអរិយធម៌អាស៊ីនេះ ក្នុងបំណងពង្រឹងការផ្លាស់ប្តូររវាងយុវជនវ័យក្មេង សង្គមស៊ីវិល តំបន់ និងប្រព័ន្ធផ្សព្វផ្សាយនានាហើយបង្កើតបណ្តាញនៃការផ្លាស់ប្តូរការគិតនិងកិច្ចសហប្រតិបត្តិការ។

កិច្ចប្រជុំសន្ទនាអរិយធម៌អាស៊ីនេះ នឹងផ្តោតលើប្រធានបទនៃការផ្លាស់ប្តូរអរិយធម៌អាស៊ី ការយល់ដឹងពីគ្នាទៅវិញទៅមក និងសហគមន៍រួមវាសនា។ គោលបំណងសំខាន់ គឺឆ្ពោះទៅមុខដើម្បីទទួលបាននូវសមិទ្ធផលដ៏អស្ចារ្យនៃអរិយធម៌នៅអាស៊ីនិងពិភពលោក បង្កើតជាវេទិកាសម្រាប់ការរៀនសូត្រពីគ្នាទៅវិញទៅមកនិងការអភិវឌ្ឍទៅវិញទៅមក បង្កើនទំនុកចិត្តលើវប្បធម៌អាស៊ី លើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីនិងការជឿទុកចិត្តគ្នាទៅវិញទៅ មក រួមកម្លាំងគ្នាដោយមានការយោគយល់គ្នា ក្នុងការអភិវឌ្ឍតំបន់អាស៊ី ជំរុញឱ្យមានភាពរឹងមាំនៃការបង្កើតថ្មីនៅអាស៊ី ផ្ដល់ការគាំទ្រខាងស្មារតីដល់សហគមន៍រួមវាសនានៅអាស៊ីនិងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

សូមជម្រាបថា អញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានវត្តមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា សម្តេចក្រឡាហោម ស ខេង សម្តេចវិជ័យសេនា ទៀ បាញ់ និងមន្រ្តីជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីព្រះបរមរាជវាំង ព្រះញាតិវង្សផងដែរ៕

ការសាងសង់រោងចក្រចម្រាញ់ប្រេងឆៅតម្លៃ ៦២០លានដុល្លារនៅកម្ពុជា យឺតយ៉ាវជាងការរំពឹងទុក

ភ្នំពេញ ៖ ដំណាក់កាលដំបូងនៃរោងចក្រចម្រាញ់ប្រេងកាតដែលមានទីតាំងនៅក្នុងខេត្តព្រះសីហនុ និងខេត្តកំពត នឹងត្រូវបញ្ចប់នៅឆ្នាំក្រោយ ដែលខុសពីគម្រោងដើមដែលកំណត់ថា នឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ ២០១៩ នេះ។ នេះបើតាមការបញ្ជាក់របស់លោក កូស ស៊ីឡា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាប្រេង នៅក្នុងសន្និសីទស្តីពីវិស័យប្រេង និងឧស្ម័ន ដែលធ្វើនៅរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ ដើមសប្តាហ៍នេះ។

ការសាងសង់រោងចក្រចម្រាញ់ប្រេង ដែលស្ថិតនៅក្នុងខេត្តពីរភាគខាងត្បូងប្រទេសគឺខេត្តកំពត និងខេត្តព្រះសីហនុ បានចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១៧ និងកំពុងដំណើរការ តែមានការយឺតជាងការរំពឹងទុក ខណៈគម្រោងនេះ ត្រូវបញ្ចប់ទាំងស្រុងទៅតាមផែនការនៅឆ្នាំ២០២២។

លោក ថា ការកសាងរោងចក្រនេះ នឹងចំណាយថវិកាប្រមាណ ៦២០លានដុល្លារ ដែលមានសមត្ថ ភាពអាចចម្រាញ់ប្រេងឆៅបានប្រមាណ ៣លានតោន ក្នុងមួយឆ្នាំ ដែលអាចធានាការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានមួយផ្នែកធំ។

រោងចក្រដែលកំពុងបង្កើតឡើងដោយក្រុមហ៊ុនប្រេងឥន្ទនៈកម្ពុជា ទំនងជាដំណើរការបូមប្រេងពីប្លុកអណ្ដូងប្រេងអប្សរា ដែលត្រូវបានកំណត់ថា ជាអណ្ដូងប្រេងបម្រុង និងរំពឹងថា ត្រូវបូមមុនគេនៅក្នុងប្រទេសកម្ពុជា។

យ៉ាងណាក៏ដោយ លោក ស៊ីឡា បានប្រាប់ក្នុងសន្និសីទនេះថា «មិនទាន់មានផែនការ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការ ដើម្បីតភ្ជាប់ប្លុកប្រេងអប្សរា និងរោងចក្រចម្រាញ់ប្រេងដែលកំពង់សាងសង់នេះនៅឡើយទេ»៕ ​  ( រូបតំណាង)

វេជ្ជបណ្ឌិតពេទ្យសត្វមកពីប្រទេសថៃ បង្ហាញពីវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក

ភ្នំពេញ ៖ ក្រោយជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងនៅស្រុកអូរយ៉ាដាវ ខេត្តរតនគីរី មក កសិករ ចិញ្ចឹមជ្រូកជាច្រើនក្នុងប្រទេសកម្ពុជា បានបង្ហាញពីក្ដីបារម្ភ ចំពោះការរាលដាលពីជំងឺនេះ លើសត្វ ជ្រូករបស់ពួកគាត់ ។ ដោយយល់ឃើញពីក្ដីបារម្ភនេះ ក្រុមហ៊ុនផលិត  CP បានរៀបចំនូវវគ្គបណ្ដុះ បណ្ដាលមួយឡើង ដោយអញ្ជើញវេជ្ជបណ្ឌិតពេទ្យសត្វមកពីប្រទេសថៃ មកចែករំលែកពីវិធាន ការ ការពារ និងទប់ស្កាត់ជំងឺនេះ មិនអោយកើតឡើងលើសត្វជ្រូកនៅកម្ពុជាតទៅ ។

វគ្គបណ្ដុះបណ្ដាលនេះ បានធ្វើឡើងកាលពីចុងសប្ដាហ៍មុននេះ នៅសណ្ឋាគារ ហ្កាដិនស៊ីធី ភ្នំពេញ និងមានការចូលរួមពីកសិករជាច្រើនរយនាក់ផងដែរ ។

លោក គុជ សុខគ្រុយ កសិករចិញ្ចឹមជ្រូកនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានអោយដឹងថា ក្រោយពីទទួលបានការបណ្ដុះបណ្ដាលពីវេជ្ជបណ្ឌិតជំនាញពេទ្យសត្វមក លោកលែងសូវបារម្ភ ពី ការរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិកទៅលើសត្វជ្រូករបស់ពួកគាត់ទៀតហើយ ព្រោះវេជ្ជបណ្ឌិត ជំនាញ បានប្រាប់ពីវិធីក្នុងការ ការពារដល់ជ្រូកក្នុងកសិដ្ឋាន ។

លោកបន្តថា ការបណ្ដុះបណ្ដាលនេះ គឺជាការផ្ដល់ទំនុកចិត្ត និងជំរុញអោយកសិករបន្តការចិញ្ចឹម ជ្រូកបន្ថែម ដើម្បីផ្គត់ផ្គង់លើទីផ្សរ ខណៈបច្ចុប្បន្ននេះ តម្រូវការសាច់ជ្រូកក្នុងប្រទេសកម្ពុជា ច្រើន ជាងការផ្គត់ផ្គង់នៅឡើយ និងទាមទារអោយមានការនាំចូលពីប្រទេសជិតខាងមកបន្ថែមទៀត ជាក់ ស្ដែងសព្វថ្ងៃនេះ កម្ពុជាបាននាំចូលពីថៃជាច្រើនក្បាលដើម្បីបង្គ្រប់ខណៈនៅវៀតណាមក៏ផ្ទុះជំងឺ ប៉េសជ្រូកអាហ្វ្រិក នេះដែរ ។

លោក និន បូរ៉ា កសិករចិញ្ចឹមជ្រូកនៅស្រុកបាទីខេត្តតាកែវ បានមានប្រសាសន៍ផងដែរថា បន្ទាប់ ពីទទួលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះមក លោកនឹងអនុវត្តន៍តាមការណែនាំរបស់ពេទ្យសត្វ ជំនាញ ដើម្បីការពារជ្រូកពីការឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក ។ វិធីការពារដែលនឹងត្រូវអនុវត្តន៍នោះ គឺត្រូវបាញ់ថ្នាំសម្លាប់មេរោគអោយបានទៀងទាត់ នៅជុំវិញកសិដ្ឋាន ហើយមិនត្រូវទិញសាច់ជ្រូក ដែលគ្មានប្រភពច្បាស់លាស់ពីទីផ្សារមកបរិភោគនោះទេ ។អ្វីដែលពិសេសទៀតនោះ អ្នកដទៃមក ពីក្រៅក៏មិនត្រូវអោយចូលកសិដ្ឋានជាដាច់ខាត ព្រោះមនុស្សអាចជាប្រភពចម្លងមេរោគនោះ ទៅ កាន់ជ្រូកវិញផងដែរ ។

លោកបន្ថែមថា សម្រាប់ប្រទេសកម្ពុជាលោកជឿថា អាចនឹងប្រើរយៈពេល២ឆ្នាំដើម្បីបំបាត់ជំងឺនេះ ទាំងស្រុង ព្រោះស្ថានភាពជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលកើតឡើងខេត្តរតនគីរី អាចគ្រប់គ្រងបាន តែ បើសិនជាមិនមានគ្រប់គ្រងច្បាស់លាស់ វានឹងរាលដាលកាន់តែធំ និងប្រើរយៈពេលយូរដើម្បីបំបាត់ វាអស់ទាំងស្រុង៕

បបួលទៅផឹកស៊ីចូលខារាអូខេ រួចប្រើល្បិចជូនទៅផ្ទះតែចាប់រំលោភតាមផ្លូវ

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ត្រូវបានបុរសម្នាក់ប្រើល្បិចឲ្យមិត្តភក្តិបបួលទៅញ៉ាំអាហារនៅត្រើយ ម្ខាង ព្រែកលៀប និងចូលច្រៀងខារាអូខេ រួចប្រើល្បិចថាជូននាងទៅផ្ទះ តែបែរជាឌុបចូលផ្ទះ សំណាក់ ចាប់បង្ខំរួមភេទមិនបានសម្រេច ទើបដឹកបន្តទៅកន្លែងស្ងាត់ ចាប់រំលោភរហូតបាន សម្រេច ហើយគេចខ្លួនបាត់ស្រមោលតែម្តង។

ហេតុការណ៍នេះ បានកើតឡើងកើតឡើងកាលពីវេលាម៉ោង ៣នឹង១៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបឹងកក់ នៅចំណុចដីឡូមួយកន្លែង ក្នុងទឺកដីរដ្ឋបាល សង្កាត់ស្រះចក ខណ្ឌដូនពេញ។

នារីរងគ្រោះមានឈ្មោះ អែម ស្រីណា ហៅក្រៅ ស្រីពេជ្រ អាយុ២៩ឆ្នាំ ស្នាក់នៅម្តុំផ្លូវដីថ្មី សង្កាត់ ស្ទឹងមានជ័យ៣ ខ័ណ្ឌមានជ័យ៣។ តាមការរៀបរាប់របស់ជនរងគ្រោះបានអោយដឹងថា មុនពេល កើតហេតុខ្លួនបានស្គាល់មិត្តភ័ក្ដ្រស្រីម្នាក់ ទើបតែរយៈពេល ៣ខែប៉ុណ្ណោះ។ នៅមុនពេលកើតហេតុ វេលាម៉ោង ៩យប់ ក៏មិត្តភ័ក្រនោះបានជិះម៉ូតូកង់បី ឥណ្ឌា មកទទួលយកខ្លួន(ជនរងគ្រោះ) ទៅញ៉ាំ អីនៅខាងត្រើយម្ខាងព្រែកលៀប លុះពេលដែលញ៉ាំរួចហើយ ក៏បន្តទៅច្រៀងខារ៉ាអូខេបន្ត នៅម្តុំ ជ្រោយចង្វារ។

ខណៈដែលច្រៀងចប់រូចបុរសសង្ស័យម្នាក់ បានប្រើល្បិចជូននាងទៅផ្ទះដោយ និយាយថា ផ្ទះ ក្បែរគ្នា។ ដោយសារខ្លួន(ជនរងគ្រោះ)មិនមានម៉ូតូជិះផងនោះ ក៏ព្រមទៅជាមួយ រួចក៏ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្តុបពី ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1HL-5880 ដែល ជាម៉ូតូរបស់ជន សង្ស័យ ហើយក៏ស្រាប់ជិះដឹកនាងចូលក្នុងផ្ទះសំណាក់ មួយកន្លែង នៅម្តុំផ្លូវទំនប់ ៧០ រួចបានចាប់បង្ខំរួមភេទ តែមិនបានសម្រេច ដោយសារនាងបា នស្រែកឡូឡាខ្លាំអៗ បង្កការ ភ្ញាក់ផ្អើលដល់សន្តិសុខផ្ទះសំណាក់ ហើយជនរងគ្រោះរត់ចេញក្រៅ ត្រូវបានជនសង្ស័យតាមលួង លោម អោយជិះម៉ូតូជាមួយ រួចដឹកចេញទៅម្តុំដីឡូមួយកន្លែង នៅក្នុងប្លុកបឹងកក់ រួចធ្វើសកម្មភាព ចាប់រំលោភនាងម្តងទៀតរហូតបានសម្រេច ដោយប្រើអំពើហឹង្សាទះកំភ្លៀងចំនួនមួយកំភ្លៀង ទៀត ផង។

នារីរងគ្រោះបន្តថា ក្រោយធ្វើសកម្មភាពរួចមក ជនសង្ស័យបានដឹករូបនាង យកទៅទំលាក់ចោល នៅម្តុំ DN ទើបបង្កការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុដើម្បីសាក សួរផងដែរ។

ក្រោយពេលកើតហេតុជនរងគ្រោះ បានសម្រេចទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាល ស្រះចក ដើម្បីអោយសមត្ថកិច្ចតាមស្រាវជ្រាវតាមជនបង្កហេតុយកមកផ្តន្ទាទោសទៅ តាមផ្លូវ ច្បាប់៕

នៅសង្កាត់កំបូលមានលួចផលិតបារី«Ligun»ផ្សំពីកម្ទេចឈើអាចម៍រណា​រ

ភ្នំពេញ ៖ សិប្បកម្មកែច្នៃឈើមួយកន្លែង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ពោធិ៍សែន ជ័យ ចុះត្រួតពិនិត្យរកឃើញសិប្បកម្មផលិត បារីម៉ាក Ligun (បារីចិន) ដែលផ្សំពីកម្ទេចឈើអាចម៌ រណារ បង្កប់នៅក្នុងសិប្បកម្មនោះ ដែលអាច បង្កផលប៉ះពាល់ដល់សុខភាពអ្នកជក់។

ការត្រួតពិនិត្យ សិកម្មនេះកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ដឹកនាំដោយ លោក ព្រាប ម៉ាណែល អភិបាលរងខណ្ឌពោធិ៍សែនជ័យ ព្រមទាំងមានការសម្រប សម្រួលពីលោក អ៊ុ សុភ័ក្រ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។

ទីតាំងសិប្បកម្មកែច្នៃឈើលួចលាក់ផលិត បារីធ្វើពីអាចម៍រណានេះ ពុំមានយីហោនោះទេ ស្ថិតនៅ ភូមិទួលសាម៉រ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដែលមានម្ចាស់ឈ្មោះ លាង តុងឡេង ភេទប្រុស អាយុ៣៥ឆ្នាំ។

តាមអាជ្ញាធរ បានអោយដឹងថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋដែលមានការសង្ស័យ ថា សិប្បកម្មនេះ ផលិតបារីធ្វើពីកម្ទេចឈើ ដែលជាការក្លែងបន្លំបង្កអោយបះពាល់ដល់សុខភាព។ បន្ទាប់មក អាជ្ញាធរក៏បានរាយការណ៍ទៅព្រះរាអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចុះ ត្រូតពិនិត្យដោយមានការចូលរួមសហការពីមន្ត្រីបរិស្ថានខណ្ឌ និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។

តាមព័ត៌មានអោយដឹងថា ក្នុងការត្រូតពិនិត្យ ត្រូវបានម្ចាស់សិប្បកម្មរារ៉ាំង ពន្យាពេលប្រមាណ ប្រមាណ ១ម៉ោង ក្រោយមកទើបអនុញ្ញាតិ។ នៅក្នុងការត្រួតពិនិត្យគណៈកម្មាការចម្រុះ បានរក ឃើញថា ទីតាំងសិប្បកម្មនោះ នៅផ្នែកខាងមុខ រៀបចំ កែច្នៃឈើប្រភេទឈើអាកាស្យា សម្រាប់ តម្រូវការតាមការដ្ឋានសំណង់ ។ ចំណែកខាងក្រោយ ជាសិប្បកម្មផលិតបារីម៉ាក Ligun ដែលការ ផលិតបារីដោយយកថ្នាំជក់លាយកម្ទេចឈើអាចម៍រណារផ្សំលាយចូលគ្នា។តាមអាជ្ញាធរ បានអោយ ដឹងថា ទីតាំងពុំមានច្បាប់អនុញ្ញាតិឡើយ ហើយបានកែច្នៃ ផលិតបារីធ្វើពី អាចម៍រណា ជាហេតុធ្វើ ឲ្យប៉ះពាល់ដល់សុខភាព។

តាមម្ចាស់សិប្បកម្ម បានអោយកម្លាំងចម្រុះដឹងថា ទីតាំងនេះគាត់បានជួលទៅឲ្យជនជាតិចិន១ក្រុម ដើម្បីបើកសិប្បកម្ម កាលពីជាង៤ខែមុន ហើយជនជាតិចិន បានបើកកែច្នៃឈើ និងផលិតបារី។ បន្ទាប់ពីជួលបានប្រមាណ១ខែ ក៏ឈប់ជួល តែជនជាតិចិន មិនទាន់ទៅដឹកយកម៉ាស៊ីនផលិតបារី ចេញពីទីតាំងនោះឡើយ នៅសល់តែផ្នែកខាងមុខដែលកែច្នៃឈើប៉ុណ្ណោះ ត្រូវបានបន្តដំណើរ ការ រហូតមក។ ទោះបីជាយ៉ាងនេះក្តី សមត្ថកិច្ចចម្រុះ បានសម្រេចបិទផ្អាក សិប្បកម្មជាបណ្តោះអាសន្ន ព្រោះគ្មានច្បាប់អនុញ្ញាត ប៉ុន្តែសមត្ថកិច្ច មិនបានដកហូតសម្ភារៈ ឬឃាត់ម្ចាស់នោះឡើយ៕