All posts by មេគង្គ ប៉ុស្តិ៍

ម្តាយមិននៅផ្ទះ ឪចុងរំលោភសេពសន្ថវៈលើកូនស្រីដើមជាអនីតិជន

ដោយ ៖ សុផល
ខេត្តកំពង់ចាម ៖ ជនសង្សយ័ម្នាក់ជាឪពុកចុងដែលបានរំលោភសេពសន្ថវ: ទៅលើកុមារីរងគ្រោះមានអាយុ៧ឆ្នាំត្រូវជាកូនប្តីដើមរបស់ប្រពន្ធខ្លួនត្រូវបានកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចំការលើ ឃាត់ខ្លួន និងបញ្ញូន ទៅកាន់ជំនាញការិយាលយ័នគរបាលព្រហ្មទណ្ឌ័កំរិតធ្ងន់ ខេត្តកំពង់ចាម ដើម្បីចាត់ការបន្ត។

មន្ត្រីប៉ូលិសបានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៣ នគរបាលស្រុកចំការលើបានទទួលបណ្តឹងពីឈ្មោះ វ៉ែន គា ភេទស្រី អាយុ ៤៣ឆ្នាំ ជាតិខ្មែរ (ត្រូវជាម្តាយធំជនរងគ្រោះ) នៅភូមិសាមគ្គី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម បានប្តឹងទៅលើឈ្មោះ ផុន ទូច ភេទប្រុស អាយុ ៣៩ឆ្នាំ ជាតិខ្មែរ (ត្រូវជាប្អូនថ្លៃ) នៅភូមិ-ឃុំជាមួយគ្នា ថា៖ បានចាប់រំលោភសេពសន្ថវៈ ទៅលើឈ្មោះ( ច ថ )ភេទស្រី អាយុ៧ឆ្នាំ ជាតិខ្មែរ (ត្រូវជាកូនចុងរបស់ជនសង្ស័យ) កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៤ ទៀបភ្លឺ ខណៈពេលដែលម្តាយកុមារីរងគ្រោះ ងើបទៅស៊ីឈ្នួលលក់គុយទាវ នៅភូមិសារ៉ាយ ឃុំបុសខ្នុរ ទុកកូនដេកនៅផ្ទះតែ ០២នាក់ឪពុកចុង។

ក្រោយពីបានទទួលបណ្តឹងភ្លាម នៅវេលាម៉ោង១៥ ថ្ងៃដដែលកម្លាំងជំនាញព្រហ្មទណ្ឌអធិការការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ត្រី ខ្លូត ហ៊ាន់ អធិការរងទទួលផ្នែកនគរបាលយុត្តិធម៌ បានចុះទៅដល់កន្លែងកើតហេតុ និងស្តាប់ការបំភ្លឺពីជនរងគ្រោះ និងសាក្សី រួមទាំងពិនិត្យឃើញថាពិតជាមានករណីរំលោភសេពសន្ថវពិតប្រាកដមែន តែពេលនោះជនសង្ស័យ មិននៅលំនៅដ្ឋានទេ បានចេញទៅសុីឈ្នួលធ្វើចំការអោយគេខាងកើតភូមិសាមគ្កីប្រហែល២.០០០ ម៉ែត្រ។

ប៉ូលិសបានបន្តថា ភ្លាមនោះសមត្ថកិច្ចយើងបានចាត់កម្លាំងស្រាវជ្រាវ រកជនសង្ស័យឃើញខណៈពេលដែលជនសង្ស័យ ជិះម៉ូតូមកពីចំការនៅលើផ្លូវលំក្នុងភូមិសាមគ្គី ហើយធ្វើការនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ពេលសួរចំលើយ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈកូនចុងរបស់ខ្លួនប្រាកដ មែន ។ មន្ត្រីប៉ូលិសបានបន្តថា ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិបញ្ជូនបន្ត ទៅជំនាញនគរបាលខេត្តកំពង់ចាម ចាត់ការតាមច្បាប់៕

ក្រសួងសម្រេចលុបចោលគម្រោង សង់គុកកម្រិត VIP សម្រាប់អ្នកទោសមានលុយបង់

ដោយ​៖ សុត្ថារ៉ា

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានប្រកាសលុចចោលជាផ្លូវការនូវគម្រោងដែលកំពុងដំណើរការសាងសង់ពន្ធនាគារទំនើប (VIP) ដោយអះអាងថា  ការបោះបង់ចោលគម្រោងនេះ បន្ទាប់ពីបានធ្វើការសិក្សារកពុំឃើញមានប្រទេសណាមួយ ធ្វើពន្ធនាគារទំនើបបែបនេះសម្រាប់ឃុំខ្លួនអ្នកជាប់ឃុំ ដែលមានលទ្ធភាពបង់ប្រាក់ នោះទេ ខណៈពន្ធនាគារដែលវិនិយោគជាមួយក្រុមហ៊ុនឯកជនមួយនេះ បានសាងសង់ជិតរួចរាល់។ នេះបើតាម លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «យើងធ្វើក៏អត់មានលទ្ធភាពធ្វើដែរ។ យើងដើរទៅមើលប្រទេសគេផ្សេង អត់មានប្រទេសណា គេមានបទពិសោធន៍ធ្វើពន្ធនាគារបែបនេះ ទេ។ អ៊ីចឹង យើងក៏បោះបង់ចោលគម្រោងនេះទៅ។ ប្រទេសគេផ្សេងៗ អត់ទាន់មានធ្វើ បើយើងធ្វើ គេនឹងយកគំរូតាមយើង ហើយបើយើងធ្វើតែឯងក៏មិនកើតដែរ»។

បើតាម លោក ខៀវ សុភ័គ បានឲ្យដឹងថា គម្រោងពន្ធនាគារវីអាយភីនេះ កន្លងមក ក្រសួងមហាផ្ទៃបានឲ្យក្រុមហ៊ុនឯកជនមួយ វិនិយោគធ្វើពន្ធនាគារនេះ ដោយពេលបញ្ចប់ការសាងសង់ នឹងឲ្យជនជាប់ទោសបង់ថ្លៃស្នាក់នៅក្នុងតម្លៃថោកបំផុត។

លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានប្រាប់ថា អគារពន្ធនាគារ វីអាយភី សម្រាប់អ្នកដែលមានលទ្ធភាពបង់ថ្លៃស្នាក់នៅត្រូវបានសាងសង់រួចហើយ ប៉ុន្តែនៅសេសសល់ប្រព័ន្ធមួយចំនួនដូចជាលូ ទឹក និងភ្លើងជាដើម។ លោកបន្តថា ពន្ធនាគារទំនើបនេះ ត្រូវបានក្រសួងមហាផ្ទៃបើកដំណើរការសាងសង់កាលពីខែ ឧសភា ឆ្នាំ ២០១៧ ដោយមានការវិនិយោគជាមួយក្រុមហ៊ុន គន្ធរីខុន ហូលឌីង ក្នុងទឹកប្រាក់ប្រមាណ ៤ លានដុល្លារ។ អគារពន្ធនាគារសាងសង់នៅលើផ្ទៃដី ១ ហិកតាកន្លះ ប៉ុន្តែបរិវេណទាំងមូលមានទំហំ ៣ ហិកតា។

ទោះជាយ៉ាងនេះក្តី លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេស ស៊ើបអង្កេតនៃអង្គការលីកាដូ «ក្នុងកាលៈទេសនេះ កម្ពុជាមិនគួរមានពន្ធនាគារប្រភេទនេះទេ។ វាមានភាពអវិជ្ជមានច្រើន វាធ្វើឲ្យអ្នកមានជាប់ឃុំហ្នឹងមិនរាងចាល ជាពិសេសអ្នកមានដែលប្រព្រឹត្តបទល្មើស ដូចជារឿងគ្រឿងញៀន និងលួចប្លន់ជាដើម»៕ 

អ្នកស្ម័ក្រចិត្តជិត១ម៉ឺននាក់ចូលរួមប្រមូលសំរាមកែលម្អបរិដ្ថានក្នុងក្រុងព្រះសីហនុ

ដោយ ៖ ផានូរ៉ាត

ក្រុងព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ បានបើកយុទ្ធនាការសម្អាតទីក្រុង ដោយ ប្រមូលកាកសំណល់ សំរាម តាមតំបន់មួយចំនួន និងតាមដងផ្លូវនានា ដើម្បីលើកកម្ពស់ អនាម័យ បរិស្ថាន សោភណ្ឌភាព សក្តិសមជាទីក្រុងទេសចរណ៍ដ៏ល្បីរបស់កម្ពុជា  ដោយមានអ្នកស្ម័គ្រចិត្តចូលរួមប្រមាណជិត ១ម៉ឺននាក់ រួមទាំងប្រើប្រាស់គ្រឿងចក្រ ជាង១៦០គ្រឿង សម្រាប់ជួយឈូសឆាយផដងដែរ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការប្រមូលផ្តុំកម្លាំង និងមធ្យោបាយ តាមការស្មគ្រ័ចិត្ត ចូលរួមពីប្រជាពលរដ្ឋ មន្ត្រីរាជការ និងផ្នែកឯកជន នៅថ្ងៃនេះ គឺដើម្បីធ្វើការសម្អាតសំរាមដែលនៅសល់យូរ ច្រើនថ្ងៃខែ មកហើយ នៅតាមផ្លូវ និងទីសាធារណៈនានាក្នុងទីក្រុងឱ្យ បានស្អាតម្តង រួចហើយប្រគល់ឱ្យទៅក្រុមហ៊ុនដែលមានភារកិច្ចធ្វើការគ្រប់គ្រង និងសម្អាតបន្តកុំឱ្យមាននៅសល់សំរាមតទៅទៀត។

លោកអភិបាលខេត្តបានបញ្ជាក់ថា ពេលនេះ បើយើងមិនជួយសម្អាត ក្រុមហ៊ុនប្រមូលសំរាមខ្លះ ៗ ទេ សំរាមវានៅសេសសល់ពាសពេញក្នុងទីក្រុង ។ ពេលសម្អាតឲ្យស្អាតហើយបើនៅមានសំរាមថ្មីកើតឡើងទៀតនោះ វាជាការបង្ហាញឱ្យឃើញពីសមត្ថភាព និងការទទួលខុសត្រូវរបស់ក្រុមហ៊ុនប្រមូលសំរាម។

យុទ្ធនាការសម្អាតទីក្រុង ដែលផ្តួចផ្តើមគំនិតឡើងដោយលោកអភិបាលខេត្តព្រះសីហនុ គួច ចំរើននៅថ្ងៃនេះ គឺដើម្បីទីក្រុងដែលជាផ្ទះរស់នៅរបស់យើងទាំងអស់គ្នា ស្អាតដោយមានការចូលរួមពីបណ្តាអង្គភាពនានានៅជុំវិញខេត្ត ក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងនេះ សរុបប្រមាណជាង ៣.០០០នាក់ ជាមួយនឹងរថយន្ត គ្រឿងចក្រ ប្រមាណ ១៦០គ្រឿង ។

ការសំរាមនៅក្នុងក្រុងព្រះសីហនុសព្វថ្ងៃនេះ មានក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះ KSWM ទទួល ខុសត្រូវដឹកជញ្ជូនសំរាមចេញដោយមានរថយន្ត និងគ្រឿងចក្រចំនួន ៦៨គ្រឿង យកទោដាក់តាមដេប៉ូសំរាមជាង៣០កន្លែង ដែលក្នុងមួយថ្ងៃមានបរិមាណសរុបពី៦៥០ ទៅ៧០០តោន បើនៅថ្ងៃ បុណ្យអាចកើនដល់៨០០តោន ត្រូវដឹកទៅចាក់ចោលនៅទីលានចាក់សំរាមអូរចំណា ដែលមានទំហំ៥០ហិកតា មានចម្ងាយជាងមួយគីឡូម៉ែត្រពីផ្លូវជាតិលេខ៤ និងមានចម្ងាយប្រមាណជា៣៧គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ៕

មន្ទីរសុខាភិបាលខេត្តកោះកុង បន្តយុទ្ធនាការបាញ់ថ្នាំបំបាត់ជម្រកមូសខ្លាប្រឆាំងជំងឺគ្រុនឈាម

ដោយ ៖ ផានូរ៉ាត

ខេត្តកោះកុង ៖ ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានបញ្ជាក់នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៩ថា អត្រា ជំងឺគ្រុនឈាម រយៈពេល៦ខែដើមឆ្នាំ២០១៩ នៅក្នុងខេត្តកោះកុងនេះ មានអត្រា ខ្ពស់រហូតដល់ ៦៩០ ករណីហើយមានកុមារស្លាប់ម្នាក់ដែលជាអ្នករស់នៅតាមកោះដាច់ស្រយ៉ាល។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ជាប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹង ថា ក្រោយពីពិនិត្យ ទៅលើរបាយការណ៍នៅគ្រប់មន្ទីរពេទ្យឃើញថា ជំងឺគ្រុនឈាមនៅតែមានកំណើនខ្ពស់ ហេតុដូច្នេះ មន្ត្រីសុខាភិបាលខេត្ត នៅតែបើកយុទ្ធនាការបាញ់ថ្នាំបំបាត់ជម្រកមូសខ្លា ហើយដាក់ថ្នាំអាបែត បន្ត រាល់ថ្ងៃ នៅតាមភូមិឋាន សាលារៀន គ្រប់បណ្តាស្រុក គ្រប់មូលដ្ឋាន និងធ្វើការអប់រំប្រជាពលរដ្ឋ បានយល់ដឹងពីបញ្ហានេះផងដែរ។

លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវ ដល់ម្ចាស់គ្លីនិកឯកជន ទាំងឡាយដោយហាមដាច់ខាត មិនឲ្យ ព្យាបាលជំងឺគ្រុនឈាមឡើយ ហើយសូមបងប្អូនអញ្ជើញមកពិនិត្យ និងពិគ្រោះជាក្រុមលោកគ្រូ ពេទ្យ ជំនាញៗ ដើម្បីធ្វើការព្យាបាល៕ 

កម្ពុជានឹងនាំចូលអំបិលបរទេស៥ម៉ឺនតោនខណៈការផលិតក្នុងស្រុកទើបសម្រេចបាន៣០%

ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ កម្ពុជា នឹងបន្តនាំចូលអំបិលដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកនៅឆ្នាំ២០១៩ នេះបន្ថែមទៀត ខណៈដែលការផលិតអំបិលសម្រេចបានត្រឹមតែ ៣០ភាគរយប៉ុណ្ណោះ ដែលនេះជាការនាំចូលអំបិល ក្នុងរយៈពេល២ ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ ២០១៨ មក ហើយនេះក៏ជាការនាំចូលអំបិលលើកទី៣ របស់សហគមន៍អ្នកផលិតអំបិលកម្ពុជា។ នេះបើយោងតាមសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប។

លោក ប៊ុន បារាំង សហប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប បានប្រាប់ថា «ការនាំចូលអំបិលពីបរទេស គឺជារឿងចៀសមិនផុតទេ ហើយបរិមាណនាំចូលអំបិលនៅឆ្នាំនេះ អាចនឹងលើសពីឆ្នាំមុន។

លោក លើកឡើងថា ទោះជាក្នុងឆ្នាំ ២០១៩ នេះកម្ពុជាជួបប្រទះនឹងបាតុភូតអាកាសធាតុ El Nino ដែលធ្វើឲ្យអាកាសធាតុក្តៅខ្លាំង និងអូសបន្លាយយូរ តែសម្រាប់តំបន់ផលិតអំបិលក្នុងខេត្តកំពត-កែប បែរជាទទួលភ្លៀងធ្លាក់ច្រើន ដែលធ្វើឲ្យកសិករមិនអាចធ្វើស្រែអំបិលបាន។

លោកបន្តថា ថ្នាក់ដឹកនាំសហគមន៍នឹងជួបប្រជុំគ្នាដើម្បីពិភាក្សាពីការនាំចូល អំបិល មុននឹងធ្វើការស្នើសុំទៅអាជ្ញាធរ។ តាមលោក ប៊ុន បារាំង អំបិលដែលនាំចូលនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យគុណភាពនៅ មន្ទីរពិសោធន៍ត្រឹមត្រូវ។ ការធ្លាក់ចុះទិន្នផលអំបិលក្នុង ឆ្នាំនេះ បណ្តាលមកពីកត្តាធំៗ ២ គឺអាកាសធាតុ និងការធ្លាក់ចុះចំនួនអ្នកផលិត។

សូមជម្រាបថា បច្ចុប្បន្ន ផ្ទៃដីផលិតអំបិលនៅកម្ពុជា មានប្រមាណជាង ៤.៥០០ ហិកតា ដែលលាតសន្ធឹងលើទឹកដីក្នុងខេត្តកំពត-កែប ហើយការផលិតឆ្នាំនេះ សម្រេចបានទិន្នផលតែជាង ៣០ ០០០ តោន(បីម៉ឺនតោន)ប៉ុណ្ណោះ ក្នុងចំណោមតម្រូវការប្រើប្រាស់សរុបពី ៨-១០ ម៉ឺនតោន ក្នុង ១ ឆ្នាំ។ ប្រសិនបើអាកាសធាតុអំណោយផលល្អ ក្នុង ១ហិកតា គេអាចផលិតអំបិលបានប្រហែល ២០ តោន៕

ឃុំខ្លួនឧកញ៉ា ស៊ឹង សំអុល និងបក្ខពួកពាក់ព័ន្ធបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី

ដោយ ៖ បូរិន្ទ

ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ តុលាការខេត្តមណ្ឌលគិរី បនសម្រេចឃុំខ្លួនឧកញ៉ា ស៊ឹង សំអុល និងគ្នីគ្នាចំនួន៣នាក់ បន្ទាប់ពីបានចាប់ខ្លួនដោយរកឃើញថា ពាក់ព័ន្ធបទនឹងល្មើសព្រៃឈើនៅក្នុងខេត្តមួយនេះយ៉ាងធ្ងន់ធ្ងរ។

ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វណ្ណដា បាន បញ្ជាក់ថា លោក ស៊ឹង សំអុល និងមនុស្សមួយចំនួនត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នក្រោមបទចោទប្រកាន់ចំនួន ៤បទល្មើស ពាក់ព័ន្ធបទល្មើសបំផ្លាញព្រៃឈើ។

សូមរំលឹកថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅតាមចំណុចសំខាន់ៗក្នុងខេត្តមណ្ឌលគិរី ដោយចាប់ខ្លួនមនុស្សចំនួន៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុនមួយ និងមេការ២នាក់ រួមទាំងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដចម្រុះជាង ៤០គ្រឿងផងដែរ។

នៅបន្ទាប់ពីប្រតិបត្តិការរឹបអូសរថយន្តដឹកឈើល្មើសច្បាប់ទាំងជាង៤០គ្រឿងរួចមក សមត្ថកិច្ចបានសម្រេចដុតកម្ទេសចោលរថយន្តចំនួន ៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃជ្រៅ នៅនឹងកន្លែងតែម្តង ដោយសារពិបាកក្នុងការនាំចេញមកក្រៅ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា ៕

លោក គួច ចំរើន ស្នើចិនបើកស្ថានកុងស៊ុលប្រចាំខេត្តព្រះសីហនុ

ដោយ ៖ សុត្ថារ៉ា

ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើឯកអគ្គរដ្ឋទូតចិន ឲ្យបើកស្ថានកុងស៊ុលចិន នៅខេត្តព្រះសីហនុ។ការសំណើបែបនេះ បានធ្វឡើងក្នុជំនួបពិភាក្សាការងាររវាងមន្ដ្រីជាន់ខ្ពស់នៃស្ថាន ទូតចិនប្រចាំកម្ពុជា ចំនួនពីររូប កាលពីថ្ងៃទី១០ ខែកក្កដា កន្លមកនេះ នាក្រុងព្រះសីហនុ។

លោក គួច ចំរើន បានអះអាងថា ជារឿងល្អប្រសើរផ្នែកទំនាក់ទំនងអន្តរជាតិ ប្រសិនបើបានបើក ស្ថានកុងស៊ុលចិន នៅក្នុងខេត្តព្រះសីហនុ ដែលអាចបង្កលក្ខណៈងាយស្រួល ក្នុងការគ្រប់គ្រងជន ជាតិចិន ជាពិសេសដើម្បីផ្សព្វផ្សាយដល់ប្រជាជនចិន ដែលមានគម្រោងមកវិនិយោគ និងកំពុងវិនិ យោគ នៅខេត្តព្រះសីហនុ ផងដែរ។

បើតាមលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បាន ពន្យល់ពាក់ព័ន្ធនឹងសំណើបើកស្ថានកុងស៊ុលចិននៅខេត្តព្រះសីហនុ នេះថា សំណើនេះ ទំនងធ្វើឡើងដោយសារអភិបាលខេត្តព្រះសីហនុ ថ្មី ចង់ទាញស្ថានទូតចិន ឲ្យមានការទទួលខុសត្រូវកាន់តែខ្ពស់ ចំពោះជនជាតិរបស់ខ្លួន ដែលកំពុងរស់នៅនិងវិនិយោគក្នុងខេត្តព្រះសីហនុ។ បើតាមលោក គិន ភា បានថ្លែងដោយរំពឹងថា វត្តមានស្ថានកុងស៊ុល នឹងដើរតួនាទីសំខាន់ក្នុងជួយគាំពារ និងផ្ដល់ជំនួយផ្នែកច្បាប់ ព្រមទាំងការអប់រំផ្សេងៗ ដល់ជនជាតិចិនផងដែរ។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន បានឆ្លើយតបភ្លាមៗចំពោះសំណើទាំងប៉ុន្មានដោយ បង្ហាញជំហរថា នឹងជួយដោះស្រាយបញ្ហាប្រឈមនៅក្នុងខេត្តមួយនេះ តាមរយៈគម្រោង «កម្មវិធីខេត្តព្រះសីហនុ មានសុវត្ថិភាព»។

គួរកត់សម្គាល់ថា ការស្នើសុំបើកស្ថានកុងស៊ុលក្នុងខេត្តព្រះសីហនុ គឺជារបៀបវារៈមួយប៉ុណ្ណោះ នៅក្នុងចំណោមរបៀបវារៈនិងបញ្ហាជាច្រើនទៀតដែល លោក គួច ចំរើន បានលើកឡើងក្នុងជំនួប ពិភាក្សានេះ គោលបំណងឲ្យឯកអគ្គរដ្ឋទូតចិនជួយដោះស្រាយបញ្ហាមួយចំនួន រួមមាន ការគ្រប់គ្រងសំណង់អគារ ការខូចខាតផ្លូវ លូ ប្រព័ន្ធទឹកស្អាត និងបញ្ហាផ្សេងៗទៀត ខណៈកំណើនអ្នកវិនិ យោគរបស់ចិន ខេត្តព្រះសីហនុ រយៈពេលពីរឆ្នាំចុងក្រោយបានកើនឡើងគួរឲ្យកត់សម្គាល់ ប៉ុន្តែក៏នៅមានបញ្ហាប្រឈមមួយចំនួនដែរ ដូចជា បញ្ហាចារកម្ម ការប្រើប្រាស់ហិង្សារវាងជនជាតិចិនដូចគ្នា ការជួញដូរគ្រឿងញៀន ការសាងសង់គ្មានបទដ្ឋានបច្ចេកទេស និងបញ្ហាសំរាមជាដើម៕

សមត្ថកិច្ច កំពុងស៊ើបរកមន្ត្រីមួយក្រុមដែ​លបើកឲ្យនាំជ្រូកចូលខុសច្បាប់ពីវៀតណាម

​ដោយ ៖ ផានូរ៉ាត

ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលអះអាងថា មន្ត្រីជំនាញកំពុងស៊ើបអង្កេតករណីមន្ត្រី ដែលបានកាងឱ្យឈ្មួញនាំជ្រូកខុសច្បាប់ពីប្រទេស វៀតណាម ចូលមកកម្ពុជា ដោយបានអំពាវនាវ ឲ្យពលរដ្ឋរាយការណ៍ពីមន្ត្រី ដែលអនុញ្ញាតឲ្យមានការនាំជ្រូកចូលខុសច្បាប់ ស្របពេលជំងឺប៉េស្ដជ្រូកអា្រហ្វិកនេះកំពុងបន្តរាលដាលដល់ខេត្តកណ្ដាល បន្ទាប់ពីផ្ទុះឡើងនៅខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការ គណៈរដ្ឋមន្ត្រី ពីថ្ងៃម្សិលមិញ លោក ផៃ ស៊ីផាន រដ្ឋ មន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកលើកិច្ចការនាំពាក្យ រាជរដ្ឋាភិបាល បានបញ្ជាក់ថា មានមនុស្សមួយក្រុមស្លៀកពាក់ជាឯកសណ្ឋានមន្ត្រី បានគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និងមិនគិតអំពីផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំឡើយ។ ពួកគេបានអនុញ្ញាតឱ្យមានការលួចនាំជ្រូកចូលខុសច្បាប់ពីប្រទេស វៀតណាម ដែលករណីនេះលោកចាត់ទុកថា អាចធ្វើឱ្យប៉ះពាល់សុខុមាលភាពសាធារណៈនិងមុខរបរចិញ្ចឹមជ្រូកនៅ កម្ពុជា។

លោកបន្តថា ការស៊ើបអង្កេតនេះ បន្ទាប់ពីទទួលបានព័ត៌មានទាក់ទងនឹងមន្ត្រីយោធា ១ក្រុម បានអនុញ្ញាតឱ្យនាំជ្រូកខុសច្បាប់ពីប្រទេស វៀតណាម ចូលតាមខេត្តស្វាយរៀង ដោយរំលោភលើសារាចរណែនាំរបស់ក្រសួងកសិកម្ម។

លោក ផៃ ស៊ីផាន បានអំពាវនាវឱ្យពលរដ្ឋ ជាពិសេសអ្នករស់នៅតាមច្រករបៀងតាមព្រំដែន ចូលរួមរាយការណ៍អំពីមន្ត្រីដែលអនុញ្ញាតឱ្យមានការនាំចូលជ្រូក ខុសច្បាប់ពីប្រទេសជិតខាង ជាពិសេសពីប្រទេស វៀតណាម តាមរយៈការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក៕

លួចម៉ូតូបានហើយតែរត់មិនរួចត្រូវប៉ូលិសចាប់ខ្លួន

ដោយ សុផល

ខេត្តកំពង់ចាម៖កម្លាំងអធិកាស្រុកបាធាយ បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់នៅចំណុចក្នុងផ្សារភ្នំដិល ភូមិភ្នំដិល ឃំុតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម បន្ទាប់ពីជននេះបានលួចកាច់កម៉ូតូ នៅថ្ងទី១២ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៦និង ៣០នាទីព្រឹក។

នាយប៉ុស្តិ៍នគរបាលឃុំតាំងក្រាំង បានអោយដឹងថា ជនសង្ស័យម្នាក់មាន ឈ្មោះ ហុឹម សោភ័ណ្ឌ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងស្មាច ឃំុជ្រៃធំ ស្រុករមាសហែកខេត្តស្វាយរៀង។

រីឯជនរងគ្រោះជនរងគ្រោះ ឈ្មោះ ម៉ែន វុទ្ធី ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិភ្នំដិលឃំុតាំងក្រាំងស្រុកបាធាយខេត្តកំពង់ចាម។

សំភារៈបាត់បង់ ម៉ូតូម៉ាកហុងដាC125 ពណ៍ខ្មៅសេរី២០១៧ ស្លាកលេខ កំពង់ចាម 1R. 5387តែត្រូវបានសមត្ថកិច្ចនាំយកមកវិញ ។

វត្ថុតាងដកហូតបានរួមមាន ម៉ូតូវីវ៉ា ពណ៍ខ្មៅ គ្មានស្លាកលេខ ១គ្រឿង ដង្កាប់អូតូម៉ាទិច១ ដង្កាប់កាត់ដែក ៣កន្ត្រៃកាត់ខ្សែភ្លើង១ សោរខ្សៀ១ សោរមាត់ ១ ទុលល្វីសតូច ៣ ផ្លែទុលល្វីស ១ ដែកម៉ាសុ័រ ១ ដែកចុងស្រួច ២ សោរម៉ូតូ ១ ។

ប្រភពដដែលបានបន្ដថា នៅមុនពេលកើតហេតុ ឈ្មោះ ម៉ែន វុទ្ធី បានបញ្ចេញម៉ូតូរបស់ខ្លួនពីក្នុងផ្ទះមកដាក់នៅមុខផ្ទះ ហើយចាក់សោរម៉ូតូករួចក៍ទៅលក់សាច់ជ្រូកក្នុងផ្សារ មួយសន្ទុះក៍ចេញមកវិញបានឃើញមនុស្សប្រុស២នាក់ ម្នាក់អង្គុយលើគ្រែ និងម្នាក់ទៀតអង្គុយកើម៉ូតូវីវ៉ាដែលចតនៅជិតម៉ូតូរបស់ខ្លួន ពេលនោះឈ្មោះម៉ែន វុទ្ធី មានការសង្ស័យក៍យកសោរម៉ូតូរបស់ខ្លួនទៅចាក់សោរកស្រាប់តែសោរម៉ូតូបែកគ្រាប់អស់ ពេលនោះទើបដឹងថាសោរម៉ូតូរបស់ខ្លួនត្រូវគេគាស់បំបែក ហើយក៍តេទូរសព្ទ័ប្រាប់មេប៉ុស្តិ៍ ពេលលោកនាយប៉ុស្តិ៍ទៅដល់ជនសង្ស័យ ទាំង២នាក់ក៍ឡើងជិះម៉ូតូរត់គេចខ្លួនតែត្រូវលោកនាយប៉ុស្តិ៍ចាប់បាន១នាក់ រត់រួចម្នាក់។

បច្ចុប្បន្នជនសង្ស័យបាននាំមកកាន់ប៉ុស្តិ៍រដ្ឋបាលតាំងក្រាំងដើម្បីធ្វើការសាកសួរបំពេញសំណំុរឿងតាមនិតិវិធី៕

កម្ពុជាសង់ស្ថានីយផលិតអគ្គិសនីពីពន្លឺព្រះអាទិត្យចំនួន១៤០មេហ្គាវ៉ាត់ ក្នុងខេត្តចំនួន៤

ដោយ ៖ ផានូរ៉ាត

ភ្នំពេញ ៖ គម្រោងវិនិយោគសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអា ទិត្យចំនួន៤គម្រោង សរុបអានុភាព ១៤០ មេហ្គាវ៉ាត់ ត្រូវបានកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងនៅព្រឹកម៉ិញ។ គម្រោងនេះនឹងជួយបំពេញត្រូវការអគ្គិសនី របស់កម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើការវិនិយោគសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ចំនួន៤គម្រោងបន្ថែមទៀត ដើម្បីជួយដល់ស្ថានភាពផ្គត់ផ្គង់អគ្គិសនីនៅក្នុងឆ្នាំ២០២០ និង ២០២១។

Solar electric panels are shown installed on the roof of the Hanover Olympic building, the first building to offer individual solar-powered net-zero apartments in Los Angeles, California, U.S., June 6, 2017. REUTERS/Mike Blake – RC187B2CDE00

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានឲ្យដឹងថា ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យទាំង០៤ គម្រោងនេះ គ្រោងដាក់ពង្រាយទៅតាមទីតាំងនៃបន្ទុកប្រើប្រាស់អគ្គិសនី ដូចជា គម្រោងទី១ នៅខេត្តពោធិ៍សាត់ ៣០មេហ្កាវ៉ាត់ គម្រោងទី២ នៅខេត្តបាត់ដំបង៦០មេហ្កាវ៉ាត់ គម្រោងទី៣ នៅខេត្តបន្ទាយមានជ័យ៣០មេហ្កាវ៉ាត់ និងគម្រោងទី៤ នៅបាវិត ខេត្តស្វាយរៀង ២០ មេហ្កាវ៉ាត់ ។

អ្នកនាំពាក្យបញ្ជាក់ថា ពិតមែនតែស្ថានីយផលិត អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យផ្តល់ថាមពលអគ្គិសនីបានតិចតួចក្នុងរង្វង់ ១៨,៥% និងប្រែប្រួលជាប្រចាំទៅតាមស្ថានភាពពន្លឺតិច ឬច្រើន តាមម៉ោងនីមួយៗក៏ដោយ ប៉ុន្តែការអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនេះ ជាការអភិវឌ្ឍមួយដែលយើងអាចធ្វើបានរហ័ស និង មានការគាំទ្រផ្គល់ហិរញ្ញប្បទានច្រើន។

ការអភិវឌ្ឍប្រភពអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យបន្ថែម គឺពិតជាមានសារៈសំខាន់ និងមានប្រយោជន៍ ដោយវាអាចជួយផ្តល់បន្ថែមប្រភពអគ្គិសនីដើម្បីដោះស្រាយបង្គ្រប់កង្វះខាតសេចក្តីត្រូវការអគ្គិសនីផង និងជួយផ្តល់លទ្ធភាពឲ្យវារីអគ្គិសនីអាចរក្សាទុកទឹកក្នុងអាងបានច្រើនជាងមុនសម្រាប់ដំណើរការនៅពេលត្រូវការចាំបាច់ផង។

បើតាមអ្នកនាំពាក្យ តាមរយៈគម្រោងនេះ កម្ពុជានឹងទទួលបានអគ្គិសនីពីប្រភពថាមពលស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលមានថ្លៃខ្ពស់ ជួយផ្តល់បន្ថែមប្រភពអគ្គិសនី ដោះស្រាយបង្គ្រប់កង្វះខាតផង និងជួយផ្តល់លទ្ធភាពឲ្យវារីអគ្គិសនីអាចរក្សាទុកទឹកក្នុងអាងបានច្រើនជាងមុន សម្រាប់ដំណើរការនៅពេលត្រូវការចាំបាច់ផង។

ពិសេសរាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធប្រមាណជិត ២លានដុល្លារអាមេរិកក្នុង១ឆ្នាំ ជាមធ្យមក្នុងរយៈពេល២១ ឆ្នាំ ដោយមិនទាន់គិតដល់ពន្ធដទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដទៃទៀតត្រូវបង់នៅឡើយ។

គួរបញ្ជាក់ដែរថា តាមការព្យាករណ៍សេចក្តីត្រូវការអគ្គិសនី សេចក្តីត្រូវការអគ្គិសនីអាចនឹងកើនពី១៥៣៧ មេហ្កាវ៉ាត់ នៅឆ្នាំ២០១៨ ឡើងដល់២៣០៧ មេហ្កាវ៉ាត់នៅឆ្នាំ ២០២០ ហើយបន្តកើនដល់ ២៨៥៨ មេហ្កាវ៉ាត់ នៅឆ្នាំ២០២១ ។ ដូច្នេះ ប្រសិនបើគិតចាប់ពីចុងឆ្នាំ២០១៨ មកសម្រាប់ឆ្នាំ២០២០ យើងត្រូវបន្ថែមប្រភពអគ្គិសនីថ្មីចំនួន ៧៧០ មេហ្កាវ៉ាត់ទើបគ្រប់គ្រាន់ រួចសម្រាប់ឆ្នាំ២០២១ យើងត្រូវបន្ថែមប្រភពអគ្គិសនីថ្មីបន្ថែមពីលើថែមទៀតឲ្យដល់ ១៣២១ មេហ្កាវ៉ាត់ ទើបគ្រប់គ្រាន់៕

លួចរថយន្ដបានហើយ តែបើករត់មិនរួចព្រោះត្រូវប៉ូលិសស្ទាក់ចាប់

ដោយ ៖ សុផល

ខេត្តកំពង់ចាម ៖ នៅវេលាម៉ោង ២នឹងង២២នាទីរំលងអធ្រាត្រទឈានចូលថ្ងៃទីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ មានករណីចោរលួចរថយន្ដ ត្រង់ចំណុចថ្នល់ជាតិលេខ៦ស្ថិតនៅក្នុងភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាក្រោយពីបានទទួលបណ្តឹងផ្ទាល់មាត់ពីឈ្មោ ម៉ី
ថា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាម្ចាស់រថយន្ដ ថា នៅវេលាម៉ោង២និង១៥នាទីយប់មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់បានធ្វើសកម្មភាពលួចកាច់បំបែកសោ ករចង្កូតរថយន្តយករថយន្តរបស់គាត់ម៉ាកសាំយ៉ុងពណ៌ស១២កៅអីស៊េរី២០០០ ពាក់ស្លាកលេខភ្នំពេញ 2F-8697 ដែលទុកនៅ និងសំយ៉ាបផ្ទះនៅជាប់ផ្លវខេត្តលេខ៧០។

សមត្ថកិច្ចបានបន្ដថា ក្រោយពីទទួលព័ត៌មានបាន លោកវរៈសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានដឹកនាំកំលាំង និងជូនព័ត៌មានទៅអធិការនគរ
បាលស្រុកបាធាយ ជួយអន្តរាគមន៍ស្របពេលនោះដល់ម៉ោង ២និង៣៧នាទី លោកវរៈសេនីយ៏ឯកសំ ណាល់អធិការស្រុកបាធាយ បានដឹកនាំកំលាំងចុះពួនស្ទាក់ចាប់រថយន្តខាងលើ បានត្រង់ចំណុចថ្នល់ជាតិលេខ៦ ស្ថិតនៅក្នុងភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយខេត្តកំពង់ចាម រីឯជនសង្ស័យ បានបើកទ្វារថយន្តចុះរត់គេចខ្លួន កាត់ស្រែ ទៅទិសខាងត្បូងបាត់ដោយ បានបន្សល់នៅវត្ថុតាងរថយន្ត១គ្រឿង ដែលជនសង្ស័យបំរុងលួចទៅនឹងឧបករណ៍ដែកកន្ទុយអន្ទង់ចំនួន២ ខ្សៀចំនួន ១ដង្កាប់ចំនួន១សំរាប់ធ្វើសកម្មភាពលួច។

ចំពោះវត្ថុតាងខាងលើនេះលោកអធិការស្រុកបាធាយ បានប្រគល់ជូនអោយសមត្ថកិច្ច ស្រុកព្រៃឈរចាត់ការបន្តនីតិវិធី។ករណីខាងលើនេះកំលាំងនៅបន្តសហការជាមួយកំលាំងស្រុកបាធាយ តាមស្រាវជ្រាវរកជនសង្ស័យដើម្បីបន្តរចាត់ការតាមនីតិវិធី៕

យុវជន គង់ រ៉ៃយ៉ា ត្រូវ​ជាប់ឃុំជាថ្មីក្នុងបទល្មើសញុះញង់ដដែលដូចកាលពី៣ឆ្នាំំមុន

ភ្នំពេញ ៖ យុវជន គង់ រ៉ៃយ៉ា នៅថ្ងៃទី១១ ខែកក្កដា នេះ ត្រូវបានលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ ពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធករណីប្រកាសលក់អាវយឺតមានរូបលោកបណ្ឌិត កែម ឡី ដែលមានខ្លឹមសារថា “បេីអ្នកមិនធ្វើអ្វីសោះក៏គង់តែរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ” ។

បច្ចុប្បន្នជនត្រូវចោទ និងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ អ្នកតាមដានរឿងនេះ ថ្លែងថា យុវជនរូបនេះ ទំនងគេចមិនផុតពីការជាប់ពន្ធនាគារដូចលើកមុននោះទេ ។

សូមបញ្ជាក់ថា នេះជាលទីពីរហើយ ដែលកន្លងមក យុវជន គង់ រ៉ៃយ៉ា ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសរយៈពេល ១ឆ្នាំ៦ខែ ម្តងរួចមកហើយ ពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធការប្រកាសធ្វើបដិវត្តពណ៌តាមបណ្តាញសង្គម Facebook កាលពី៣ឆ្នាំមុន។

បទល្មើសញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ ២ឆ្នាំ និង ពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល ៕ (​ ខាងក្រោម ជារូប គង់ រ៉ៃយ៉ា ដែលត្រូវឃុំខ្លួន កាលពី៣ឆ្នាំមុន)

ដុតកម្ទេចរថយន្តឡង់គ្រីស័រកែច្នៃ២គ្រឿង ដែលឈើល្មើសច្បាប់នៅខេត្តរតនគិរី 

ខេត្តរតនគិរី ៖ រថយន្តឡង់គ្រីស័រ កែច្នៃចំនួន ២គ្រឿង ក្នុងនោះ ១គ្រឿងពណ៌ស និង ១គ្រឿងទៀត ពណ៌ខ្មៅ ដែលរឹបអូសបានពីបទល្មើសព្រៃឈើ ត្រូវបានសមត្ថកិច្ចដុតកម្ទេចចោលនៅវេលា ម៉ោង ៦ និង០០នាទី ព្រលប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ នៅស្រុកអូរយ៉ាដាវ ខេត្ត រតនគិរី ។

ការសម្រេចដុតកម្ទេចចោលរងយន្តល្មើសខាងលើនេះ បានរៀបចំឡើងដោយកម្លាំងកងរាជអាវុធ ហត្ថខេត្ត ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សហ ការ ជាមួយកម្លាំងចម្រុះស្រុកអូរយ៉ាដាវ ក្រោមការសម្របសម្រួល ដោយលោក លាង អ៊ូ ព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។

បើតាមការឲ្យដឹងពីលោកឧត្ដមសេនីត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ ថា យោងតាមសេចក្ដីប្រកាសព័ត៌មានថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ របស់គណៈកម្មការជាតិ ដើម្បី ទប់ស្កាត់ បង្កា និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រមទាំងបទបញ្ជារបស់ឯកឧត្ដម នាយឧត្ដម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ទប់ស្កាត់ បង្កាបទល្មើសធនធានធម្មជាតិ ព្រមទាំង មានការបញ្ជាផ្ទាល់តាមទូរស័ព្ទ របស់ឯកឧត្ដម ថង សាវុន អភិបាលខេត្តរតនគិរីនោះ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ផងនោះ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខេត្ត សហការ ជាមួយកម្លាំង ចម្រុះបញ្ជាការឯកភាពស្រុកអូរយ៉ាដាវ បានដុតកម្ទេចរថយន្តឡង់គ្រីស័រកែច្នៃ ដែលលួចដឹកឈើ ល្មើសច្បាប់ទាំង ២គ្រឿង បន្ទាប់ពីកម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ បានល្បាតស្ទាក់ចាប់បាននៅ ចំណុច ២ផ្សេងគ្នា។ ១គ្រឿងចាប់បាននៅផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិប៉ក់តូច ឃុំប៉ក់ញៃ ស្រុកអូរ យ៉ាដាវ ឡង់គ្រីស័រពណ៌ស និង១គ្រឿងទៀត ចាប់បានលើផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិប៉ក់ធំ ឃុំ ប៉ក់ញៃ ស្រុកអូរយ៉ាដាវ។

លោក ខៀវ ចន្ទី នាយសង្កាត់រដ្ឋបាលព្រៃឈើអូរយ៉ាដាវ បានឲ្យដឹងថា រថយន្តឡង់គ្រីស័រកែច្នៃ ពណ៌ខ្មៅ មានដឹកឈើប្រភេទសុក្រំ ចំនួន ២៦ដុំ ចំណែករថយន្តឡង់គ្រីស័រកែច្នៃពណ៌ ស ដឹកឈើ ប្រភេទពពូលភ្នំ ចំនួន ៩ដុំ។

បន្ទាប់ពីសមត្ថកិច្ចចម្រុះបានរឹបអូសរថយន្តល្មើស ព្រមទាំងភស្ដុតាងឈើមកប្រគល់ឲ្យជំនាញ រដ្ឋ បាល ព្រៃឈើសង្កាត់អូរយ៉ាដាវ រក្សាទុកឈើ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ រដ្ឋលព្រៃឈើ ហើយកម្លាំងចម្រុះនៃបញ្ជាការឯកភាពស្រុក និងកម្លាំងចម្រុះបញ្ជាការឯកភាពខេត្ត បាននាំយក រថយន្តល្មើសច្បាប់ទាំង ២គ្រឿងណោះ ទៅដុតកម្ទេចចោល នៅភូមិសោមត្រក ឃុំសោមធំ ស្រុក អូរយ៉ាដាវ ខេត្តរតនគិរី នាល្ងាចថ្ងៃដដែលនេះដែរ៕

អ្នកជំងឺគ្រុនឈាមជាង៨០០នាក់ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ ក្នុង១ថ្ងៃៗមានក្មេងមិនតិចជាង ៣០នាក់នោះទេ ដែលកើតជំងឺគ្រុនឈាមមកពីតំបន់ផ្សេងៗត្រូវបានបញ្ជូនមកសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ក្នុងនោះភាគច្រើនជាសះស្បើយបានត្រឡប់ទៅផ្ទះវិញ តែក៏មានភាគតិចណាស់បានស្លាប់ ដោយសារតែកត្តាឪពុកម្តាយទុកឲ្យកូនឈឺធ្ងន់ទើបបញ្ជូនមករកពេទ្យ ដែលការយឺតយាវនេះហើយទើបគ្រូពេទ្យ ពិបាកក្នុងការសង្រ្គោះ ។

លោកវេជ្ជបណ្ឌិត ឃាង ច័ន្ទឫទ្ធា អនុប្រធានគ្រូពេទ្យផ្នែកកុមារនៅមន្ទីរពេទ្យខេត្ត មានប្រសាសន៏ឲ្យដឹងនៅព្រឹកថ្ងៃទី១២ កក្កដា ២១០៩ថាៈ ការកត់សំគាល់កន្លងមកក្នុងរយៈពេលចំនួន០៤ឆ្នាំនិងមានផ្ទុះជំងឺគ្រុនឈាមម្តង តែមកដល់ឆ្នាំ២០១៩មានការប្រែប្រួលមិនដូច្នោះទេ គឺមានក្មេងប្រុសស្រីត្រូវបានបញ្ជូនមកពីតាមបណ្តាស្រុកនៅជុំវិញក្រុងកំពង់ចាម ក្នុងនោះក៏មានខេត្តនៅឆ្ងាយៗដូចជាៈ
ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី ត្រូវបានបញ្ជូនមកសង្រ្គោះហូរហែរ ថ្នាំសង្កូវ សេរ៉ូមមិនខ្វះឡើយ ។
លោកវេជ្ជបណ្ឌិត ឃាង ច័ន្ទឫទ្ធា មានប្រសាសន៏បន្តថាចាប់តាំងពីដើមខែមករារហូតមកដល់ខែកក្កដា២០១៩ អ្នកជំងឺដែលត្រូវបានបញ្ជូនមកសង្រ្គោះនៅ មន្ទីរពេទ្យខេត្តមានចំនួន៨៨៣នាក់ ក្នុងនោះមានចំនួន៧នាក់ដែលមានសភាពធ្ងន់ ត្រូវបានបញ្ជូនមកពីស្រុកឆា្ងយ ក្រុមគ្រូពេទ្យបានប្រឹងប្រែងសង្រ្គោះដែរតែមិនអាចសង្រ្គោះបាន គ្រោះអកុសលក៏បានស្លាប់គួរឲ្យសោកស្តាយ។សម្រាប់ឆ្នាំ២០១៨វិញអ្នកជំងឺបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ ត្រូវបានសង្រ្គោះទាំងអស់មិនមានអ្នកស្លាប់នោះទេ។បើនិយាយពីរោគសញ្ញាវិញវិញតំបូងអ្នកជំងឺមានអាការៈក្តៅខ្លួនខ្លាំងប្រើថ្នាំបញ្ចុះកំដៅមិនចុះ មិនហូប ក្អួតចង្អោរចុកពោះ ឈឺក្បាលសូមប្រញាប់ប្រញាល់នាំកូន មកសង្រ្គោះនៅមន្ទីរពេទ្យជាបន្ទាន់ ។

លោកវេជ្ជបណ្ឌិត គីម គឹមស្រ៊ន់ ប្រធានផ្នែកកុមារនៅមន្ទីរពេទ្យខេត្ត មានប្រសាសន៏ថារាល់ថ្ងៃគ្រែដេកសម្រាប់អ្នកជំងឺគ្រុនឈាមមានចំនួន៦០គ្រែ តែដោយនៅក្នុងឆ្នាំ២០១៩មានការផ្ទុះឡើងជំងឺគ្រុនឈាមគ្រាន់តែក្នុង១ថ្ងៃៗមានក្មេងមិនតិចជាង៣០នាក់នោះទេ ត្រូវបានបញ្ជូនមកសង្រ្គោះរហូតដល់លើសចំនួនគ្រែដេកទោះបីជាលោកសាស្រ្តាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យខេត្តប្រឹងបន្ថែមគ្រែចំនួន៤០ទៀតក្តីនិងបានហៀរដល់ដេកនៅលើកំរាលអិដ្ឋក៏មានដែរ។ដោយសារតែមានជួបនឹងកង្វះកន្លែងសម្រាកបែបនេះ ក៏មានការតសំយាបនៅក្រោយអគារដើម្បីដាក់គ្រែនិងប៉ៅអ៊ីដេក។

ជាមួយនោះក៏សំណូមពរធ្វើយ៉ាងណាឲ្យក្មេងស្លៀកពាក់ខោអាវវែងៗការពារកុំឲ្យមូលខាំ ដេកនៅក្នុងមុង បំបាត់ជំរកមូលខ្លាដូចជាសំបកដូង សំបកកង់រថយន្ត កំប៉ុង ព្រៃនៅជុំវិញផ្ទះជំរះឲ្យស្អាតទាំងនេះហើយនឹងបានរួមចំនែកកាត់បន្ថយជំងឺគ្រុនឈាមបានមួយផ្នែកធំផងដែរ ។

លោកវេជ្ជបណ្ឌិត ថាន់ សុវណ្ណដេត អនុប្រធានមន្ទីរពេទ្យមានប្រសាសន៏ឲ្យដឹងថា រាល់ថ្ងៃនេះពីមួយថ្ងៃទៅមួយថ្ងៃអ្នកជំងឺគ្រុនឈាម ត្រូវបានបញ្ជូនមកសម្រាក់នៅមន្ទីរពេទ្យ មានការកើនឡើងដោយរកគ្រែសម្រាកស្ទើរមិនបាន ហើយក្នុងករណីកូនឫបុត្រធីតារបស់លោកអ្នក សង្ស័យកើតជំងឺគ្រុនឈាមសូមប្រញាប់នាំមកសង្រ្គោះ នៅមន្ទីរពេទ្យខេត្តកំពង់ចាម ៕

នាយករដ្ឋមន្ត្រីបញ្ជាឲ្យចុះផ្ទាល់ ខណៈផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកយ៉ាងគំហុក

​ដោយ ៖​ សុត្ថារ៉ា

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានដាក់បញ្ជាឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវចុះពិនិត្យផ្ទាល់ដល់ទីតាំងដែលកំពុងកើតមានជំងឺប៉េស្តជ្រូកអាហ្វ្រិក ដើម្បីចាត់វិធានការឲ្យទាន់ពេលវេលា បន្ទាប់ពីមានជ្រូកងាប់រាប់ពាន់ក្បាល នៅក្នុងខេត្តចំនួន៥ របស់កម្ពុជា។នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១២ ខែកក្កដា នេះ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមវត្តមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍ណែនាំដល់បណ្ដាខេត្ត ដែលមានការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក សូមចុះពិនិត្យតាមដានដល់ទីតាំងផ្ទាល់ ដើម្បីចាត់វិធានការបានទាន់ពេលវេលា»។ មកដល់ពេលនេះជំងឺប៉េស្តជ្រូកអាហ្វ្រិក បានកើតមាននៅខេត្តចំនួន៥ហើយរបស់កម្ពុជា រួមមាន៖ រតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និងកណ្តាល។ ជ្រូកជាង២ពាន់ក្បាលហើយត្រូវបានសម្លាប់ និងងាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។

ក្រោយពីមានការផ្ទុះឡើងនូវជំងឺនេះ ក្រសួងកសិកម្មបានចេញសារាចរណែនាំ ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្តទូទាំងប្រទេស និងបណ្តាខេត្តជាប់ព្រំដែន ត្រូវតែមានការទទួលខុសត្រូវខ្ពស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺ និងអនុវត្តវិធានការឲ្យបានជាក់លាក់ និងម៉ត់ចត់។

លោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានស្តីពី«បញ្ហាផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក» កាលពីថ្ងៃទី១១ ខែកក្កដាថា កន្លងមកលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ប្រសិនបើមានការណែនាំហើយ តែមន្ត្រីទាំងនោះនៅតែបើកឲ្យមានការនាំចូលជ្រូកពីប្រទេសជិតខាង ដោយមិនបានត្រួតពិនិត្យត្រឹមត្រូវ នឹងត្រូវដកចេញពីតំណែង៕