All posts by មេគង្គ ប៉ុស្តិ៍

បារាំងអនុម័តច្បាប់យកពន្ធពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក រួមមាន Google និង Facebook

ប៉ារីស ៖ ច្បាប់ស្ដីពីការយកពន្ធពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗ ក្នុងនោះរួមមានទាំង Google និង Facebook ត្រូវបានព្រឹទ្ធសភាបារាំងអនុម័តហើយ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះ បើទោះបីជាមានការ ព្រមានចាត់វិធានការពីសំណាក់សហរដ្ឋអាមេរិកក៏ដោយ។

គួរគម្រាបថា កាលពីខែមីនា កន្លងទៅ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បាននិយាយថា បារាំងអាចនឹងប្រមូលពន្ធ ៣ភាគរយ ពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ៣០ ដែល រកប្រាក់ចំណូលប្រចាំឆ្នាំបានច្រើនជាង ៨៤៤លានដុល្លារ ក្នុងនោះរួមមានទាំងក្រុមហ៊ុន Facebook, Google, Apple និង Amazon ជាដើម។

សារព័ត៌មាន Sputnik បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩នេះថា ច្បាប់ស្ដីពីការយកពន្ធខាងលើ ត្រូវបានអនុម័តដោយព្រឹទ្ធសភាបារាំង និងកើតមានឡើងតែមួយថ្ងៃ ប៉ុណ្ណោះ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជាឱ្យមានការស៊ើបអង្កេតលើ គម្រោងយកពន្ធរបស់រដ្ឋាភិបាលបារាំង ពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដែលគេគិតថា អាចនឹងបង្កទៅជាជម្លោះពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ៕

នាយករដ្ឋមន្ត្រីព្រមានចាត់ការលើហ្វេសប៊ុកណាបំភ្លៃព័ត៌មានពីសុខភាពរបស់លោក

ភ្នំពេញ ៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នឹងចាត់វិធានការយ៉ាងម៉ឺងមាត់ចំពោះគណនីហ្វេសប៊ុកណាមួយប្រឌិតបំភ្លៃព័ត៌មាន (Fake News) ដែលធ្វើឱ្យមានការជ្រួលច្របល់។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ឱ្យដឹងតាមទំព័រហ្វេកប៊ុករបស់លោកយ៉ាងដូច្នេះថា«កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រសិនបើគណនីហ្វេសប៊ុកណាមួយប្រឌិតបំភ្លៃព័ត៌មាន (Fake News) ដែលធ្វើឱ្យមានការជ្រួលច្របល់មតិសាធារណៈជាហេតុផលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ដោយប្រឌិតស្ថានភាពអាក្រក់ពីសុខភាពរបស់នាយករដ្ឋមន្ត្រី នៅក្នុងតំណែង គឺជាបទល្មើសព្រហ្មទណ្ឌ។ រាជរដ្ឋាភិបាល និងចាត់វិធានការយ៉ាងហ្មឹងម៉ាត់ចំពោះសកម្មភាពឧក្រិដ្ឋនេះ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំនោះថា គណនី Facebook ទាំងឡាយណាដែលប្រឌិតព័ត៌មានអាក្រក់លើស្ថានភាពសុខភាពរបស់នាយករដ្ឋមន្ត្រីនៅក្នុងតំណែងនាំឱ្យមានការជ្រួលច្របល់មតិសាធារណៈប៉ះពាល់ដល់សន្តិសុខជាតិ គឺជាការប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ៕

EU ផ្តល់ជំនួយដល់សកលវិទ្យាល័យចំនួនពីរនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពបង្រៀនរបស់គ្រូ

ភ្នំពេញ ៖ សហភាពអឺរ៉ុប បានផ្តល់នូវកញ្ចប់ថវិកាដល់សកលវិទ្យាល័យចំនួនពីរនៅកម្ពុជា គឺសកលវិទ្យាល័យកម្ពុជា UC និងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដើម្បីអនុវត្តកម្មវិធីបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពជំនាញក្នុងការបង្រៀន របស់គ្រូបង្រៀននៅគ្រឹះស្ថានឧត្តមសិក្សា តាមរយៈគម្រោងពង្រឹងសមត្ថភាពជំនាញបង្រៀនសម័យទំនើប ដល់តំបន់អាស៊ីខាងត្បូងហៅកាត់ថា Contessa។

ពិធីប្រកាសក្នុងការចាប់ផ្តើមអនុវត្តគម្រោងនេះ ត្រូវបានធ្វើឡើងនៅព្រឹក ថ្ងៃទី១១ កក្កដានេះ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដោយមានវត្តមានតំណាងក្រសួងអប់រំ យុវជន និងកីឡា និង លោក ចច អេដហ្គា ឯកអគ្គរដ្ឋ ទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។ លោក ចច អេដហ្គា បានបញ្ជាក់ឲ្យដឹងថា កម្មវិធីពង្រឹងសមត្ថភាពគ្រូបង្រៀនក្នុងសម័យទំនើប Contessa នេះ នឹងជួយ ធ្វើការពង្រឹងសមត្ថភាពបង្រៀននៅឧត្តមសិក្សារបស់គ្រូ សាស្ត្រាចារ្យ តាមបែប សម័យទំនើប ដោយប្រើប្រាស់ការសិក្សាតាមបែបបច្ចេកវិទ្យា E-Learining។ កម្មវិធីនេះ គឺជាកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យដៃគូក្នុងការ ដោះស្រាយបញ្ហាប្រឈមក្នុងការគ្រប់គ្រង និងអភិបាលកិច្ចនៅតាមគ្រឹះស្ថាន ឧត្តមសិក្សានៅកម្ពុជាផងដែរ។

លោក បណ្ឌិត កុល ផេង សាកលវិទ្យាធិការសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានកម្មវិធីនេះ ជាកម្មវិធីពិសេសបំផុត ដែល សាកលវិទ្យាល័យកម្ពុជា និងបញ្ញាសាស្ត្រកម្ពុជា ទទួលបាននូវការគាំទ្រ។ កម្មវិធីនេះ នឹងធ្វើការបង្រៀន បែបថ្មី តាមរយៈE-Learining ដែលសម្រួលដល់សិស្ស និស្សិត ងាយស្រួល ក្នុងការសិក្សារៀនសូត្រ។

គួរបញ្ជាក់ថា កម្មវិធី Contessa ជាកម្មវិធីដែលគាំទ្រដោយសហភាពអឺរ៉ុប ដោយផ្តោតលើកិច្ចសហប្រតិបត្តិការរួមគ្នារវាងគ្រឹះស្ថានឧត្តមសិក្សាជាដៃគូ ទាំងនៅកម្ពុជា នៅស្រីលង្ការ អាល្លឺម៉ង់ និងនៅអូទ្រីស ក្នុងការហ្វឹកហ្វឺន និងផ្តល់បច្ចេកទេសសំខាន់នានាក្នុងការបង្រៀនសម្រាប់គ្រូ ដើម្បីដើរឲ្យទាន់ស្តង់ ដារអន្តរជាតិ៕

ព្រឹទ្ធសភា បានពិនិត្យ និងឯកភាពទាំងស្រុ​ងលើសេចក្តីព្រាងច្បាប់តាមសំណើររដ្ឋាភិបាល

ភ្នំពេញ ៖ តាមសំណើររបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញការអភិវឌ្ឍន៍វិស័យឋាមពល ដើម្បីឆ្លើតបនឹងតម្រូវការចាំបាច់ឆ្លើយតបនឹងកំណើនតម្រូវការអគ្គិសនី រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជំរុញ ការអភិវឌ្ឍវិស័យថាមពល ទាំងប្រភពថាមពល និងបណ្តាញបញ្ជូនអគ្គិសនី ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនី ឱ្យបានគ្រប់គ្រាន់ មាននិរន្តរភាព ស្ថិរភាព ប្រសិទ្ធភាព និងមានតម្លៃសមរម្យ។

គម្រោងវារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ ដែលមានអានុភាព៨០មេហ្កាវ៉ាត់ គឺជាគម្រោងអាទិភាពមួយ ដែលរាជរដ្ឋាភិបាលបានបញ្ចូល ក្នុងផែនការមេអភិវឌ្ឍន៍វិស័យអគ្គិសនី ដែលនឹងត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣ ។

ការធ្វើការវិនិយោគដំឡើងបន្ថែមផ្ទាំងសូឡាផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យមានអានុភាព២០មេហ្កាវ៉ាត់ ដែលអាចនឹងដាក់ឱ្យដំណើរការនៅក្នុងខែធ្នូឆ្នាំ២០១៩នេះ លើទីតាំងដែលមានស្រាប់បច្ចុប្បន្ន ស្ថិតក្នុងគម្រោងស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព៦០មេហ្កាវ៉ាត់ នៅតំបន់ត្មាតពងស្រុកឧដុង្គខេត្តកំពង់ស្ពឺ និង គម្រោងអភិវឌ្ឍន៍ ដើរដោយព្រះអាទិត្យមានអានុ-ភាពសរុប១២០មេហ្កាវ៉ាត់មានចំនួន២កន្លែងគឺទី១អានុភាព៦០មេហ្កាវ៉ាត់នៅខេត្តកំពង់ឆ្នាំង និងទី២អានុភាព៦០មេហ្កាវ៉ាត់នៅខេត្តពោធិ៍សាត់ ដែលអាចនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២០និងនៅដើមឆ្នាំ២០២១ខាងមុខ ជាលក្ខណៈបន្ទាន់នោះ នៅព្រឹកថ្ងៃទី១១ខែកក្កដានេះ ត្រូវបានព្រឹទ្ធសភាលើកយកមក ពិនិត្យនិងឱ្យយោបល់និងឯកភាពទាំងស្រុង តាមសំណើររបស់រាជរដ្ឋាភិបាល នៅក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤របស់ខ្លួន ដោយមានសមាជិកព្រឹទ្ធសភាគាំទ្រចំនួន៤៨រូប។

លោក ម៉ម ប៊ុននាង អ្នកនាំពាក្សព្រឹទ្ធសភា បានមានប្រសាសន៍ឱ្យដឹងនៅក្រោយកិច្ចប្រជុំនេះថា សេចក្តីព្រាងច្បាប់សំខាន់ៗនេះ គឺផ្តល់នូវផលប្រយោជន៍ជាច្រើនដល់កម្ពុជា ដូចជា ៖ ទទួលបាននូវប្រភពអគ្គិសនីមួយ ដែលចេញពីធនធានធម្មជាតិ ក្នុងស្រុកកាត់បន្ថយការប្រើប្រាស់ប្រេង និងមានថ្លៃលក់ថេរ ក្នុងរយៈពេល៣៥ឆ្នាំគឺ៧,៩សេនអាមេរិកក្នុង១គីឡូវ៉ាត់ម៉ោង ដែលជួយធានានូវសន្តិសុខថាមពល ធ្វើឱ្យកម្ពុជាមានលទ្ធភាពអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមបានឆាប់រហ័ស។ បង្កើតប្រាក់ចំណូលដល់ប្រជាជនមូលដ្ឋាន សម្រាប់ថ្នាក់ខេត្ត និងថ្នាក់ជាតិដោយការផ្តល់ការងារយ៉ាងច្រើន នៅពេលសាងសង់ និងប្រតិបត្តិការ។

ប្រជាជនមួយចំនួនក៏អាចបង្កើតប្រាក់ចំណូលពីមុខរបរជំនួញផ្ទាល់របស់ពួកគេ ដែលទាក់ទងនឹងសកម្មភាពគម្រោង ព្រោះថានៅតំបន់នោះ មានភូមិសាស្រ្តធម្មជាតិ អំណោយផល ធ្វើឱ្យគម្រោងនេះ មានលក្ខណៈពិសេស ដែលអាចរក្សាទឹកទុក សម្រាប់ការផលិតថាមពលនៅរដូវប្រាំងរហូតដល់៧០% ខុសពីគម្រោងដទៃទៀត ដែលតាមធម្មតាការផលិតថាមពលនៅរដូវប្រាំងបានត្រឹម៣០% ឬករណីខ្លះធ្លាក់ចុះទាបជាងនេះ។

ដោយសារលក្ខណៈពិសេសនេះហើយ ដែលគម្រោងនេះត្រូវបានស្វាគមន៍។
ក្រៅពីនេះព្រឹទ្ធសភា ក៏បាន ពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជា-ណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពី វិធានការរដ្ឋម្ចាស់កំពង់ផែដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត។សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩ -២០២៣។

សូមបញ្ជាក់ថា រាល់សេចក្តីព្រាងច្បាប់និមួយៗ មានតំណាងរាជរដ្ឋាភិបាល បានអញ្ជើញមកការពារ និងពន្យល់យ៉ាងលំអិតទាក់ទង និង ផលប្រយោជន៍ តួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តគោលនយោបាយអាទិភាព ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាលផងដែរ៕

អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ និងព្រះវិហារ បើកសិប្បកម្មផលិតទឹកក្រូចក្លែងក្លាយ

ខេត្តកំពង់ធំ ៖ ទីតាំងសិប្បកម្មផលិតទឹកក្រូចក្លែងក្លាយ ចាក់ទឹកលាយល័ក្ខ និងមេស្ករ មួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះទៅបង្ក្រាប និងបិទផ្អាកសកម្មភាពផលិតជាបណ្តោះអាសន្ន កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់ព្រៃពន្លិច ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បន្ទាប់ពីរកឃើញថា មិនអនុលោមតាមបទដ្ឋានបច្ចេកទេស។ ម្ចាស់ទីតាំងសិប្បកម្មនេះឈ្មោះ លឹម ភ័ណ្ឌ បច្ចុប្បន្នមានឋានៈជាអនុប្រធានសភាពាណិជ្ជកម្មកំពង់ធំ និងព្រះវិហារ បានរត់គេចខ្លួនបាត់។

ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងផលិតទឹកក្រូច ក្លែងក្លាយខាងលើ ក្រោមការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ អមដោយលោកព្រះរាជអាជ្ញារង ដួង សារ៉ន លោកឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា អនុប្រធានលេខាធិការដ្ឋានរួមទាំងសមត្ថកិច្ចអធិការក្រុងស្ទឹងសែន ដោយមានការចង្អុលបង្ហាញ ពីសំណាក់លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ( គ.ប.ផ.ក) ។

តាមប្រជាពលរដ្ឋបានលើកឡើងថា ក្រោយពីសមត្ថកិច្ចបង្ក្រាបទីតាំងផលិតទឹកក្រូចខាងលើ ម្នាក់ៗភ្លឺភ្នែក និងហួសចិត្តមិននឹកស្មានដល់ទឹកក្រូចរបស់សិប្បកម្ម លឹម ភ័ណ្ឌ ចាក់ទឹក ដាក់ល័ក្ខ ដាក់មេស្ករកូរ បង្ហូរច្រកដបបន្លំលក់ចែកចាយគ្រប់ច្រកល្ហក ឲ្យអ្នកស្រុកស្រែចំការ សិស្សសាលាទទួលទាន មិនដឹងប៉ះពាល់សុខភាពដល់កម្រឹតណានោះទេ។ រឿងរ៉ាវដែលគួរឲ្យហួសចិត្តទៀតនោះគឺ ម្ចាស់សិប្បកម្ម មិនមែនរាស្ត្រសាមញ្ញឯណា តួនាទីអនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ ព្រះវិហារ ទៅទៀត។

លោក លឹម ភ័ណ្ឌ ដែលជាម្ចាស់សិប្បកម្មខាងលើ មិនអាចទំនាក់
ទំនងដើម្បីសុំការពន្យល់បានទេ នៅរសៀលថ្ងៃទី១១ ខែកក្កដា នេះ។
មជ្ឈដ្ឋានទូទៅ បានបានរំពឹងថា សមត្ថកិច្ចនឹងចាត់វិធានការយ៉ាងតឺងរ៉ឹងតាមផ្លូវ ដោយគ្មានការលើកលែងឡើយ៕

កម្ទេចចោលរថយន្ត៤គ្រឿងក្នុងចំណោមជាង៤០គ្រឿង ដែលរឹបអូសពីបទល្មើព្រៃឈើរបស់ឧកញ៉ា សឹង សំអុល

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច បានដាក់ម្សៅ TNT កម្ទេចចោលរថយន្ត ៤គ្រឿងនៅក្នុងព្រៃតែម្តង ក្នុងចំណោមជាង៤០គ្រឿង ដែលរឹបអូសបានពីបទល្មើសព្រៃឈើដែលប្រព្រឹត្តដោយមនុស្សមួយក្រុមដឹកនាំដោយឧកញ៉ា សឹង សំអុល។

សូមជម្រាបថា រថយន្តទាំងនោះ តរូវបានកម្លាំងសមត្ថកិច្ចនៃគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ រឹបអូសបានពីក្រុមឈ្មួញរបស់លោកឧកញ៉ា ស៊ឹង សំអុល កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តមណ្ឌលគិរី ហើយឧកញ៉ា ស៊ឹង សំអុល និង គ្នីគ្នា ៣នាក់ទៀត ក៏ត្រូវបានចាប់ខ្លួននៅថ្ងៃនោះដែរ។

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានសរសេរលើកគណនីហ្វេសប៊ុករបស់លោកថា ឧកញ៉ា ស៊ឹង សំអុល និងបក្សពួក អាចនឹងត្រូវបញ្ជូនទៅកាន់តុលាការភ្នំពេញ ដើម្បីចាត់ការបន្ត៕

ជ្រូកឆ្លងជំងឺប៉េស្តបន្តងាប់ជិត ៤០០ក្បាល និងសម្លាប់ចោលជាង១ពាន់ក្បាលទៀត នៅខេត្តកណ្តាល

ខេត្តកណ្តាល ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កំពុងបន្តទប់ស្កាត់ដោយបាញ់ថ្នាំសម្លាប់មេរោគវីរុស(ប៉េស្តជ្រូក) នៅតំបន់ដែលមានជ្រូកជិត៤០០ក្បាល ងាប់នៅឃុំក្រាំងយ៉ូ ខេត្តកណ្តាល។

បើតាមរដ្ឋបាលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល
បានបញ្ជាក់ថា មកដល់ពេលនេះ មានសត្វជ្រូកប្រមាណ ៨០០ក្បាលត្រូវបានសម្លាប់ និងជាង១ពាន់ក្បាលទៀតត្រូវបានសម្លាប់ចោល ដោយសារឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក។ លោកអភិបាលស្រុក មេឃុំ មេភូមិ នៅខេត្តកណ្តាល បានចុះទៅផ្សព្វផ្សាយអំពីបញ្ហាជំងឺឆ្លងប៉េស្តអាហ្វ្រិកដល់កសិករចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារនៅតាមភូមិ និងបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ ដើម្បីទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្រោយផ្ទុះជំងឺនេះ។

សូមបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០១៩ កម្ពុជាបានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅខេត្តរតនគិរី ដែលបណ្តាលឲ្យជ្រូកងាប់ជាង៤០០ក្បាល។ កាលពីថ្ងៃទី០២ ខែកក្កដា ខេត្តត្បូងឃ្មុំ ក៏មានករណីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបណ្តាលឲ្យជ្រូកងាប់ចំនួន៣៣៧ក្បាល។ ចំណែកខេត្តស្វាយរៀងមានជ្រូកងាប់ចំនួន២០ក្បាល ហើយខេត្តតាកែវមានជ្រូកងាប់ចំនួន២៧ក្បាល ដោយសារឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។

លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានគូសបញ្ជាក់ដោយចាត់ទុកថា ករណីផ្ទុះជំងឺប៉េស្តជ្រូកនេះ មិនមែនជារឿងធូរស្រាលសម្រាប់កម្ពុជានោះទេ៕

ឡានចាស់ដឹកធ្ងន់បណ្តាលឲ្យដាច់កង់ក្រោយតែមិនបង្កគ្រោះថ្នាក់ទេ

​ដោយ ៖ សុផល

ខេត្តកំពង់ស្ពឺ ៖ រថយន្តដឹកអុសមួយគ្រឿងខុសលក្ខណៈបច្ចេកទេស ដាច់កង់ក្រោយ រត់ចោលតួរថយន្ដបណ្តាលអោយខូចបង្កអោយមានការភ្ញាក់ផ្អើលទាំងព្រឹកនៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងសង្កាត់ រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុ ដាច់កង់រត់ចោលតួរថយន្ដ ទ្រាំទ្រលែងបាន កាលពីថៃ្ងទី១១ ខែ កក្កដា ឆ្នាំ ២០១៩ ត្រង់ចន្លោះបង្គោលគីឡូ ម៉ែត្រលេខ ៤៥ទៅលេខ៤៦ ក្នុង ភូមិសាស្ត្រ សង្កាត់ រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានរថយន្តកូរ៉េ មួយគ្រឿង គ្មានស្លា កលេខ (ជា ប្រភេទ រថយន្ដ ដឹកអុសឡលក់ ) បាន ដាច់កង់ក្រោយ រត់ចោលតួរថយន្ដ ដោយ សារ តែទ្រាំទ្រលែងបានជាមួយទម្ងន់ដ៏ធ្ងន់ ពិសេ ស ការ បេីកបរមិនជួសជុលតែម្ដង ពីសំ ណាក់ ថៅ កែ។

តាមការបញ្ជាក់ ពីលោកឧត្ដមសេនីយ៍ត្រី តាប់ លន ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ នៃ ស្នងការដ្ឋាន នគរបាល ខេត្ត បានអោយដឹងថា នៅ ពេលខាងមុខនេះ កំលាំងនគរបាល ចរាចរណ៍ ទូទាំងខេត្ត បានចេញប្រតិបត្ដិការពង្រឹង ការអនុវត្ត ច្បាប់ ចរាចរណ៍ ផ្លូវគោក ដែលមានគណៈកម្មាការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ចូលរួមពី ស្ថា ប័ន មន្ទី រ សាធារ ណការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ។

បច្ចុប្បន្ន រថយន្ត មួយ គ្រឿង នេះ កំលាំង ន គរបាល បានឃាត់ និង យករថយន្ដ មករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីសុំគោ លការ ណ៍ បញ្ឈប់មិនអនុញ្ញាតិឲ្យប្រើប្រាស់ត ទៅ ទៀត ៕

លោក សំ សាមាន មេបញ្ជាការ​មូលដ្ឋានប៉េអឹមស្រុកកំពង់សីលា ទទួលមរណភាពហើយ

ដោយ ៖ សុផល

ខេត្តព្រះសីហនុ ៖ លោក សំ សាមាន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា បានទទួលមរណភាពហើយ កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ម្សិលមិញនេះ ដោយសារជំងឺគាំងបេះដូង។

នៅក្នុងលិខិតអញ្ជើញចូលរួមកម្មវិធីបុណ្យសព បានលើកឡើងថា តាងនាមយើងខ្ញុំជាភរិយា បុត្រាបុត្រី ជីតាជីដូន ឪពុកម្ដាយឪពុកក្មេកម្ដាយក្មេក ជាបងជាប្អូន ជាក្មួយមានទុក្ខជាទម្ងន់ដោយលោកវរៈសេនីយត្រី សំ សាមាន មេបញ្ជាការមូលដ្ឋាននៃកងរាជអាវុធហត្ថស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានទទួលមរណភាព ដោយសារជំងឺគាំងបេះដូង ក្នុងពេលកំពុងចុះបំពេញភារកិច្ចការងារ នៅក្នុងស្រុកកំពង់សីលា កាលពីថ្ងៃរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។

សពរបស់លោកវរៈសេនីយត្រី សំ សាមាន កំកំពុងត្រូវបានតំកល់នៅក្នុង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ដំណឹងនេះចាត់ទុកជាការ និមន្ត យាង គោរពអញ្ជើញ បងប្អូន មិត្តភក្ដិ សាច់ញាតិជិតឆ្ងាយនៃសព ដើម្បីចូលរួមពិធីរំលែកទុក្ខ ដែលប្រព្រឹត្តិទៅ នៅ ក្នុងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា ភូមិច័ន្ទស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ៕

អតិតភរិយាបុរសជាសង្សារស្ត្រីសិចស៊ីលក់ឡេ ចេញមុខបកស្រាយ

ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ បន្ទាប់ពីមានព្រឹត្តិការណ៍បុរសម្នាក់ឈ្មោះ ទឹម សាវុធ វាយសង្សារជាស្ត្រីសិចស៊ីលក់ឡេ ផ្អើលពេញបណ្តាញហ្វេសប៊ុក និងដល់សមត្ថកិច្ចរួចមក ប្រព័ន្ធឃោសនាជាច្រើនបានផ្សព្វផ្សាយនូវព័ត៌មាននោះទៅតាមអ្វីដែលទទួលបានផ្សេងៗគ្នា ហើយការផ្សាយខ្លះបានរាលដាលទៅដល់ស្ត្រីជាប្រពន្ធដើម ធ្វើឲ្យស្ត្រីប្រពន្ធដើមទ្រាំមិនបាន ក៏ចេញមុខបកស្រាយ ដោយស្នើធ្វើយ៉ាងណាកុំឲ្យរឿងនោះប៉ះពាល់ដល់កិត្តិយសរបស់គាត់។ មិនតែប៉ុណ្ណោះ ក៏បានលាតត្រដាងប្រវត្តិជូរចត់ក្នុងពេលដែលគាត់បានរស់នៅជាមួយលោក ទឹម សាវុធ នោះផងដែរ។

ម្ចាស់សំណេរនៅលើទំព័រហ្វេសប៊ុកមួយដែលអះអាងថា ជាអតីតភរិយារបស់លោក ទឹម សាវុធ បានរៀបរាប់ពីជីវិតស្នេហាពេញច្បាប់ជាមួយលោក ទឹម សាវុធ ដោយបានរួមរស់នៅជាមួយគ្នាជាង ១៣ឆ្នាំ ដោយបានចាត់ទុកថា ប្តីនេះជាមនុស្សចោលម្សៀត មិនសូវគិតគូរពីសុខទុក្ខគ្រួសារទេ តែយ៉ាងណាក៏ដោយ មិនបានប៉ះពាល់ ឬធ្លាប់វាយដុំរូបគាត់ដូចស្ត្រីលក់ឡេ ថៃ ស្រីនាង អ្នកលក់ឡេ តានអនឡាញ ធ្វើឲ្យកក្រើកពេញសង្គមហ្វេសប៊ុកនោះឡើយ។

(រូបភាពអតីតកាលរវាងលោក ទឹម សាវុធ និងអតីតភរិយា ជាមួយនិងកូន)

ក្នុងសំណេរនោះបានរៀបរាប់ថា «….ខ្ញុំសុំស្រាយបំភ្លឺរឿងខ្លះ ប៉ុន្មានថ្ងៃនេះមានសារពត៌រមាន រឿង ទឹម សាវុធ វាយតប់ស្រីស្នេហ៍លក់ឡេ ថៃ ស្រីនាង ខ្ញុំឃើញសារព័ត៌មានខ្លះសរសេរខុស អត់សូវដឹងរឿងខ្ញុំផង សរសេរដូចច្បាស់ណាស់ ខ្ញុំសុំកុំសរសេរអីអោយប៉ះពាល់ក្រុមគ្រួសារខ្ញុំ ជាពិសេសខ្ញុំនឹងឱពុកខ្ញុំ ដែលគាត់ជាអតីតចៅហ្វាយខេត្តកំពុងឆ្នាំង ខ្ញុំបានរៀបការជាមួយទឹមសាវុធនេះនៅឆ្នាំ2004 គាត់នេះជាអនុបណ្ឌិតផ្នែកជលផលមកពីដាណឺម៉ាក ទឹមសាវុធនេះជាអតីតប្រធានជលផលខេត្តកំពត នឹងន្ទាប់ដូរទៅសៀមរាប ខ្ញុំនឹងគាត់បានកូនស្រីម្នាក់ ហើយសារពត៍មានខ្លះបានសរេសរថាគាត់នេះវាយដំច្រំធាក់សូមប្បីប្រពន្ធដេីមកូនចៅហ្វាយខេត្តរាប់មិនអស់ ខ្ញុំចង់បកស្រាយថាគាត់នេះមានហេតុផលអីមកធ្វើបាបខ្ញុំជាប្រពន្ធដែលជួយទំនុបបំរុងគាត់រាប់រងបញ្ហខ្លះជំនួសប្តី ជួយបុណ្បសាក់ប្តី ទឹមសាវុធនេះរស់នៅមួយខ្ញុំមិនហ៊ានជាមួយគ្រួសារខ្ញុំទេ ខ្ញុំរៀបការជាមួយគាត់នឹង13ឆ្នាំ បើវាយទាត់ខ្ញុំដូចបាវខ្សាច់នោះតើខ្ញុំទ្រាំបានទេ មួយប្រពន្ធមួយស្រី បើផ្ទះខ្ញុំមានឱពុកម្តាយ បងប្អូននឹងអង្គរក្សយាមផ្ទះ ពេលដែលសាវុធនេះទៅធ្វើការនៅខេត្តខ្ញុំមិនដែលបានទៅរស់នៅខេត្តតាមទេ បុគ្គលនេះមិនចេះនិយាយពិរោះទេ ខ្ញុំមិនសូវដែលមានជំលួសជាមួយប្តីនេះទេដោយខ្ញុំពេលខឹងខ្ញុំអត់ដែលនិយាយរកទេ ចឹងមិនសូវមានហឹង្សាមួយបុគ្គលនេះទេ ពេលមួយដែលមានការយល់ច្រលំបុគ្គលទឹមសាវុធនេះដេីរលេងយប់ហួសម៉ោងខ្ញុំមិនចូលចិត្តបញ្ជៀអង្គរក្សអេាយបិទទ្វារផ្ទះមិនអេាយចូល សាវុធនេះបានប្រេីហិង្សារវាយឡានប្អូនខ្ញុំដែលនៅក្រៅរបង ក៍មានគេបង្វែរថាសាវុធនេះប្រេីហិង្សារលើខ្ញុំ ពេលនឹងក្នុងនាមខ្ញុំជាកូនអ្នកមានពូជអំបូរដែរតេីខ្ញុំអាចអេាយសាវុធនឹងវាធ្វេីបាបខ្ញុំទេ ខ្ញុំរស់នៅ13ឆ្នាំខ្ញុំគ្រាន់ជាមនុស្សដែលរស់នៅមួយប្តីនេះដើយលំបាកក្នុងចិត្ត ហេីយមិនសូវនិយាយរកទេនិយាយតែពេលមានការត្រូវនិយាយទេ ខ្ញុំរស់នៅមួយគាត់នឹងដើយមិនចុះសំរុង ចរិកគេជាមនុស្សដែលមិនខ្វល់ពីប្រពន្ធកូន ដេាយចូលចិត្តដើលេងច្រើនខ្ញុំក៍ទ្រាំមិនបាន ក៍សុំលែងលះដាច់ស្រាច់ ចឹងសុំសារពត៌មានសរសេរតែបុគ្គលបានហើយកុំកិត្តិយសគ្រួសារខ្ញុំទៅពាក់ពាន្ធ័អី…។

សូមរំលឹកថា ស្ត្រីលក់ឡេ ឈ្មោះ ថៃ ស្រីនាង បានសរសេរលើ page facebook ថ្ងៃទី ១០ ខែកក្កដា នេះ ថា នាងសុំបញ្ចប់រឿងត្រឹមនេះ ហើយសុំដកពាក្យបណ្ដឹងវិញ ក៏ព្រោះមិនចង់ឱ្យប្រុសស្នេហ៍របស់នាង បាត់បង់មុខតំណែងការងារ និងកិត្តិយស ដែលបច្ចុប្បន្ន លោក ទឹម សាវុធ មានមុខងារ ជាអនុប្រធានមន្ទីរកសិកម្ម រាជធានីភ្នំពេញ។ ថៃ ស្រីនាង បានបញ្ជាក់ ថា ពួកយើងទាំងពីរនាក់ស្រឡាញ់គ្នាខ្លាំងណាស់ ប៉ុន្តែដោយសារតែភ្លើងប្រច័ណ្ឌខ្លាំងពេក ទើបបានបង្កឲ្យមានរឿងនេះកើតឡើង។

ជាមួយគ្នានោះដែរ មជ្ឈដ្ឋានជាច្រើនបានកោតសរសើរដល់មន្ត្រីសមត្ថកិច្ចដែលបានខិតខំស្ទុះស្ទារជួយដល់ស្ត្រីសិចស៊ីលក់ឡេដែលរងគ្រោះដោយអំពើហិង្សា រហូតកាន់លិខិតប្តឹងផ្តល់ទៅឲ្យស្ត្រីរងគ្រោះផ្តិតមេដៃដល់បន្ទប់ដេក ដែលនេះគឺជាការយកចិត្តទុកដាក់ដ៏កម្រមួយរបស់សមត្ថកិច្ច បើប្រៀបធៀបនឹងហេតុការណ៍ដែលកើតមានស្រដៀងគ្នានេះនាពេលកន្លងមក៕

 

 

អភិបាលថ្មីរបស់ខេត្តកំពង់ចាម ជំរុញជួយសង្គ្រោះដំណាំស្រូវនៅស្រុកជើងព្រៃ

​ដោយ ៖ សុផល

ខេត្តកំពង់ចាម ៖ បន្ទាប់ពីអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចុះពិនិត្យស្ថានភាពបង្កបង្កើនផល របស់ បងប្អូនប្រជាពលរដ្ធ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ និងបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដើម្បីជួយសង្រ្គោះស្រូវដែលកំពុងខ្វះខាតទឹក រហូតមកដល់ពេលនេះក្រុមការងាររបស់មន្ទីរធនធានទឹក បានធ្វើការស្តារប្រឡាយមេ ប្រវែង៧៥០ម៉ែត្រ និងកែរសម្រួលសម្រុតលូ០១កន្លែង ដើម្បីបង្កលក្ខណៈងាយស្រូលជូនប្រជាកសិករ ក្នុង ការយកទឹកប្រើប្រាស់ បង្កបង្កើនផលដំណាំស្រូវ ។

គួររំលឹកផងដែរថា បន្ទាប់ពីទទួលបានសេចក្តីទុកចិត្តពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក អ៊ុន ចាន់ដា ក្នុងនាមជាអភិបាលខេត្តថ្មី នៃគណៈ អភិបាល ខេត្តកំពង់ចាម ក្នុងថ្ងៃដំបូងនាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ បានដឹកនាំមន្ត្រីជំនាញ ពាក់ព័ន្ធចុះពិនិត្យស្ថានភាពខ្វះខាតទឹកធ្វើស្រែរបស់ប្រជាកសិករ ក្នុងភូមិកុមារ ភូមិ ដូនតោ និងភូមិសណ្ដែក ស្ថិតក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ព្រមទាំងបានដាក់ម៉ាស៊ីនបូមទឹកជួយសង្គ្រោះស្រូវ ប្រជាកសិករ ១២៥ហិកតា ក្នុងចំណោម៥២០ហិកតា ចំពោះស្រូវដែលនៅសេសសល់ នឹងត្រូវជួយសង្គ្រោះ បន្តទៀតទោះបីជាតំបន់នោះ មានភ្លៀងធ្លាក់តិច ឬច្រើនក្តី ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដោយសារតែមួយរយះពេលកន្លងមក នៅតំបន់ខាងលើនេះ ជួបបញ្ហាគ្រោះរាំងស្ងួត ដែលបានធ្វើឲ្យស្រែរបស់ប្រជាពលរដ្ឋ ចំនួន៣ភូមិគឺប្រឈមទៅនឹងការខ្វះខាតទឹកប្រើប្រាស់។ ដោយមើលឃើញការជួប ភាព លំបាកបែបនេះ និងមានការសម្របសម្រួលពីអជ្ញាធរឃុំគឺបានខិតខំដាក់ម៉ាស៊ីនដើម្បីធ្វើការបូមទឹក។

ជាមួយគ្នានេះរដ្ឋបាលខេត្តកំពង់ចាម ក៏បានប្រើប្រាស់ម៉ាស៊ីនបូមទឹកបន្ថែមទៀតរបស់មន្ទីរធនធានទឹក ដើម្បីបូមទឹកចូល ក្នុង ប្រឡាយនានា ដើម្បីអាចឲ្យប្រជាពលរដ្ឋ អាចបូបបន្តចូលទៅក្នុងស្រែរបស់គាត់បាន ៕

ជំងឺគ្រុនឈាម នៅដើមឆ្នាំនេះសាហាវជាងឆ្នាំមុន សម្លាប់មនុស្ស ២៥នាក់

ភ្នំពេញ ៖ គ្រុនឈាមបានកើនឡើងប្រមាណ ៥ដងបើធៀបនឹងឆ្នាំមុន និងបានសម្លាប់ជិវិតមនុស្សចំនួន២៥នាក់ ជំងឺ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលបានលើកឡើងដោយគិតមកត្រឹមដើមខែ៧ នៃឆ្នាំ២០១៩។

ក្រសួងសុខាភិបាលបានលើកឡើងថ្ងៃទី១០ ខែកក្កដា នេះ ថា ជំងឺគ្រុនឈាម នៅកម្ពុជា បានផ្ទុះឡើងខ្លាំងកាលពីដើមខែឧសភា កន្លងទៅ ដោយរាយប៉ាយនៅតាមភូមិសាស្ត្រមួយចំនួនក្នុង រាជធានី ខេត្ត នានា ដែលការរាយការណ៍ពីការផ្ទុះជំងឺនេះ ចំនួន១ម៉ឺន៥ពាន់ករណី។
ក្រសួងក៏បានឲ្យដឹងបន្ថែមផងដែរថា ក្រោយការធ្វើអន្តរាគមន៍ដាក់ថ្នាំសម្លាប់ដង្កូវទឹកនៅតាមភូមិ សាស្ត្រខេត្តរាជធានីដែលមានជំងឺនេះកើតឡើង ឃើញថាខេត្តចំនួន១១ មានការមានការថយចុះជំងឺនេះ ខណៈខេត្តក្រចេះ កំពត ព្រៃវែង និងកែប មិនមានជំងឺនេះផ្ទុះឡើងឡើយ។

ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺគ្រុនឈាមនេះ ក្រសួងសុខាភិបាល អះអាងថា ខ្លួនបានត្រៀមថ្នាំសម្រាប់សម្លាប់ដង្កូវទឹក ១៨៤ តោន សម្រាប់ចែកឱ្យប្រជាពលរដ្ឋ ខណៈជំងឺបានផ្ទុះឡើងក្នុងទ្រង់ទ្រាយធំនៅឆ្នាំនេះ៕

រដ្ឋមន្រ្តីការទូត ផ្តល់អនុសាសន៍ដល់និស្សិតកម្ពុជាដែលជាប់អាហារូបករណ៍សិក្សានៅជប៉ុន ឆ្នាំ២០១៩

ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ ២០១៩ បានអនុញ្ញាតឲ្យនិស្សិតកម្ពុជាចំនួន២៤នាក់ ដែលបានប្រឡងជាប់អាហារូបករណ៍ក្រោមគម្រោង JDS របស់រដ្ឋាភិបាលជប៉ុន ហើយត្រូវបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។

លោក ឧបនាយករដ្ឋមន្ត្រី បានសាទរចំពោះនិស្សិតទាំង២៤នាក់ ដែលប្រឡងជាប់អាហារូបករណ៍ ដើម្បីសិក្សានៅប្រទេសជប៉ុន ក្នុងឆ្នាំ២០១៩នេះ។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានចែករំលែកដល់និស្សិតអាហារូបករណ៍ នូវចំណេះដឹង និងព័ត៌មានមួយចំនួន ទាក់ទងនឹងប្រជាជន និងប្រទេសជប៉ុន ដែលធ្លាប់រងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាមពីអតីតកាល ហើយអាចអភិវឌ្ឍក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី៣លើពិភពលោកនាពេលបច្ចុប្បន្ន ក៏ព្រោះតែមានការរួមចំណែកយ៉ាងធំធេងពីធនធានមនុស្ស។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ន ប្រទេសជប៉ុន ក្រោមកម្មវិធី JICA Japanese Scholarship JDS បានទទួលនិស្សិត ក៏ដូចជាមន្ត្រីរាជការពីក្រសួង/ស្ថាប័នរដ្ឋ ចំនួន៤៤០នាក់ ដើម្បីទៅបំពេញការសិក្សានៅប្រទេសជប៉ុន។ ក្នុងឆ្នាំ២០១៨កន្លងមក ជប៉ុនបានតំឡើងចំនួនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ដល់ទៅ២៦នាក់ ក្នុងមួយឆ្នាំ ដោយ ២៤កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) និង២កន្លែង សម្រាប់ថ្នាក់បណ្ឌិត។

ដោយឡែក និស្សិតកម្ពុជាទាំងអស់ ដែលបានចេញទៅសិក្សានៅប្រទេសជប៉ុនចាប់តាំងពីឆ្នាំ២០០១ មកដល់សព្វថ្ងៃ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញចំនួន ៣៦៨នាក់ហើយ (ស្រ្តី ៧២នាក់) ដោយ៧២នាក់ទៀត កំពុងបន្តការសិក្សានៅប្រទេសជប៉ុននៅឡើយ។ សម្រាប់ឆ្នាំ២០១៩នេះ និស្សិតដែលទទួលបានអាហារូបករណ៍ JDS មានចំនួន ២៦នាក់ (២៤នាក់ថ្នាក់ Master និង ២នាក់ថ្នាក់បណ្ឌិត) ហើយក្នុងចំណោមនិស្សិតទាំង២៤នាក់ នៅក្នុងជំនួបសំណេះសំណាលនាព្រឹកនេះ ក៏មានមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចំនួន ១នាក់ផងដែរ៕

៣ខែចុងក្រោយនេះ សមត្ថកិច្ចបានចាប់ការនាំចូលលុយគ្មានប្រភពច្បាស់លាស់ជាង១០លានដុល្លារ

ភ្នំពេញ ៖ ជាលើកទី៣ ហើយដែលមន្រ្តីគយ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ បានចាប់ខ្លួនជនជាតិចិន៣នាក់ ដោយសារនាំលុយចូលចំនួន៩០ម៉ឺនដុល្លារ ដោយគ្មានប្រភពច្បាស់លាស់ បន្ទាប់ពីចាប់ខ្លួនជនជាតិកូរ៉េ២នាក់ ជាមួយនឹងប្រាក់ជាង២លានដុល្លារនៅព្រលានយន្តហោះខេត្តសៀមរាបកាល ពីថ្ងៃទី៧ ខែកក្កដា កន្លងទៅ និងចាប់ខ្លួនជនជាតិចិន ៣នាក់ផ្សេងទៀត រួមនិងលុយ ៣,៥លានដុល្លារ នៅព្រលានយន្តហោះភ្នំពេញ។

នេះជាករណីរឹបអូសសាច់ប្រាក់នាំចូលខុសច្បាប់ផ្ទួនៗគ្នា ជាតុល្យការធ្វើឲ្យចំនួន ទឹកប្រាក់ដែលរឹបអូសបានកើនឡើងដល់ជាង១០លានដុល្លារអាមេរិក ក្នុងការបង្រ្កាបការនាំចូលលុយខុសច្បាប់ក្នុងរយៈពេល៣ខែចុងក្រោយនេះ។

ជនជាតិចិន៣នាក់ ដែលសមត្ថកិច្ចកម្ពុជាចាប់ខ្លួនដោយដកហូតបានលុយ ៩០ ម៉ឺនដុល្លារ នៅល្ងាចថ្ងៃទី០៩កក្កដាគឺមានឈ្មោះ Huang Canming អាយុ២៧ឆ្នាំ ឈ្មោះ Yang Yongwei អាយុ២៦ឆ្នាំ។ អ្នកទាំងពីរធ្វើដំណើរចេញពីទីក្រុងហុងកុង ប្រទេសចិន មកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ខណៈឈ្មោះ Zizheng Zheng អាយុ៣២ឆ្នាំ ជាអ្នកមកចាំទទួលនៅភ្នំពេញ។

ប្រាក់ដែលជន សង្ស័យ ដាក់ក្នុងកាបូបយួរដៃចំនួន៣ គឺមានចំនួន ៩០ម៉ឺនដុល្លារ ដោយមន្ដ្រីគយ និងរដ្ឋាករ បញ្ជាក់ថា ជាប្រាក់ដែលមិនមានប្រភពច្បាស់លាស់ ដូចគ្នាទៅចម្លើយរបស់ជនដែលត្រូវបានចាប់ខ្លួនកាលពីលើកមុនៗដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី០៧ ខែកក្កដា សមត្ថកិច្ចកម្ពុជានៅព្រលានយន្ដហោះខេត្តសៀមរាប ក៏បានចាប់ខ្លួនជនជាតិកូរ៉េ២នាក់ ជាមួយទឹកប្រាក់ជាង២លានដុល្លារ មកពីទីក្រុងហុងកុងផងដែរ៕

ការលក់ដូរ ការចត​យានយន្តគ្មានសណ្តាប់ធ្នាប់នៅម្តុំផ្សារអូរឡាំពិក នៅតែជាបញ្ហា

ភ្នំពេញ ៖ បើក្រឡេកទៅមើលជុំវិញផ្សារអូរឡាំពិក ស្ថិតនៅក្នុង ខណ្ឌចំការមន រាជធានីភ្នំពេញ នឹងបានឃើញកត្តាទាំងអស់នេះហាក់ដូចជាមានភាពធូររលុងនូវឡើយដែលបណ្តែតបណ្តោយឲ្យអាជីវករមួយចំនួនលក់ និងអ្នករត់តាក់ស៊ីឈប់ចត គ្មានសណ្តាប់ធ្នាប់យ៉ាងរំភើយ ។ប្រជាពលរដ្ឋបានលួចប្រាប់ថានេះប្រហែលជា អាជ្ញាធរផ្សារ ក៏ដូចជាអាជ្ញាធរមូលដ្ឋានបើកដៃហើយមើលទៅ។

ការលក់ដូរ ឈប់ចត គ្មានសណ្តាប់ធ្នាប់បែបនេះបង្កឲ្យកកស្ទះចរាចរណ៏ បាត់បង់សណ្តាប់ធ្នាប់សង្គម និងសោភ័ណភាពទីក្រុងជាដើម ហេតុដូចនេះហើយមហាជន សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់សូមចុះណែនាំរឹតបណ្តឹងបន្ថែមដល់ពួកគាត់កុំឲ្យធ្វើទង្វើបែបអាណាធិតេយ្យដូច្នេះទៀតព្រោះថាចិញ្ចើមផ្លូវគឺជាផ្លូវសាធារណ:មិនមែនសំរាប់បុគ្គលមួយចំនួនតូចបែបនេះទេ៕

ទាក់ទិនទៅនឹងបញ្ហាខាងលើនេះក្រុមការងារបានព្យាយាមទូរស័ព្ទទៅខាងគណ:កម្មាធិការផ្សារ ក៏ដូចជាអាជ្ញាធរមូលដ្ឋានដើម្បីសុំការបំភ្លឺ តែមិនអាចទាក់ទងបាន៕