All posts by មេគង្គ ប៉ុស្តិ៍

ស្រ្តីសិចស៊ីលក់ឡេ ប្រកាសដកពាក្យបណ្តឹងករណីសង្សារវាយតប់ ព្រោះខ្លាចបាត់…..

​ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ ស្ត្រីលក់ឡេដ៏សិចស៊ីម្នាក់ ឈ្មោះ ថៃ ស្រីនាង បានប្រកាសបញ្ចប់ការប្តឹងផ្តល់លើបុរសម្នាក់ដែលជាសង្សាររបស់ខ្លួន និងបានសុំទោសជាសាធារណៈដល់មជ្ឈដ្ឋានទូទៅ រួមទាំងសមត្ថកិច្ចផងដែរ ករណីដែលខ្លួនបានបង្ហោះរូបភាពមិនគប្បីធ្ចើឥ្យមានការភ្ញាក់ផ្អើល និងប៉ះពាល់ដល់សេចក្តីថ្នូរ។ ​ការដកពាក្បបណ្តឹងនេះ ​ ត្រូវបាននាងអះអាង ថា កុំឲ្យបាត់បង់ការងាររបស់បុរសជាសង្សារ និងប៉ះពាល់កិត្តិយស្ត។

ស្ត្រីលក់ឡេដ៏សិចស៊ីម្នាក់ ឈ្មោះ ថៃ ស្រីនាង បានសរសេរក្នុងផេកហ្វេសប៊ុកថា “នាងខ្ញុំ សុំអភ័យទោសផង សម្រាប់រឿងរ៉ាវ កាលពីថ្ងៃ 08 07 2019 ដោយខ្ញុំខឹងច្រឡោតពេក បានផុសរូប ក្នុងបណ្តាញសង្គម fb តែពេលនេះខ្ញុំបានសម្រេចដកពាក្យបណ្តឹងវិញហើយ ព្រោះគាត់បានសុំទោស និងសន្យាថា ឈប់ឲ្យមាន រឿងបែបនេះទៀតហេីយ ម្យ៉ាងទៀត ខ្ញុំមិនចង់ឲ្យគាត់បាត់បង់ កិត្តិយស និងការងារទេ គាត់ជាមនុស្សល្អគ្រប់យ៉ាង គ្រាន់តែចរឹក ឆេវឆាវ និងប្រច័ណ្ឌ ខុសរឿងតែប៉ុណ្ណោះ សង្ឃឹមថាបងប្អូនក្នុង fb និងថ្នាក់ដឹកនាំ អធ្យាស្រ័យ និងអភ័យទោស ឲ្យគាត់ ព្រមទាំងនាងខ្ញុំផង ខ្ញុំទាំងពីរ បានស្រឡាញ់គ្នា ពិតប្រាកដមែន មិនអាចបែកគ្នាបានទេ សូមបងប្អូន យល់អារម្មណ៍ ពួកខ្ញុំផងចុះ៕

ថៃ ស្រីនាង បានសរសេរលើ page facebook ថ្ងៃទី ១០ ខែកក្កដា នេះ ថា នាងសុំបញ្ចប់រឿងត្រឹមនេះ ហើយសុំដកពាក្យបណ្ដឹងវិញ ក៏ព្រោះមិនចង់ឱ្យប្រុសស្នេហ៍របស់នាង បាត់បង់មុខតំណែងការងារ និងកិត្តិយស ដែលបច្ចុប្បន្ន លោកទឹម សាវុធ មានមុខងារ ជាអនុប្រធានមន្ទីរកសិកម្ម រាជធានីភ្នំពេញ។ ថៃ ស្រីនាង បានបញ្ជាក់ ថា ពួកយើងទាំងពីរនាក់ស្រឡាញ់គ្នាខ្លាំងណាស់ ប៉ុន្តែដោយសារតែភ្លើងប្រច័ណ្ឌខ្លាំងពេក ទើបបានបង្កឲ្យមានរឿងនេះកើតឡើង៕

បើករថយន្តឆ្លងផ្លូវដែកត្រូវរថភ្លើងបុកខ្ទេចមួយចំហៀូង

 

ភ្នំពេញ ៖ នារីរូបស្រស់២នាក់ រួមដំណើរជាមួយនិងបុរសម្នាក់ បើករថយន្តឡិចសុីសមួយគ្រឿងឆ្លងផ្លូវរថភ្លើងមិនប្រយ័ត្ន ត្រូវរថភ្លើងបុកចំពីចហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចមួយចំហៀង តែមិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវដែកផ្សារដីហុយ (តាមផ្លូវហាន់ណូយ) ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ មានរថភ្លើងមួយគ្រឿង បំណងបើកឆ្លងកាត់ផ្លូវហាន់ណូយ ដោយមានអ្នកប្រចាំការជួយឲ្យសញ្ញាសម្រាប់រថភ្លើងឆ្លងកាត់ តែមិនបានទាញប៉ារ៉ាស់ទំលាក់នោះទេ ដល់ពេលរថភ្លើងឆ្លងកាត់ ក៏មានរថយន្តម៉ាក ឡិចសុីស RX300 ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2T-4519 បើកបរដោយបុរសម្នាក់ជាជនជាតិចិនមានសភាពស្រវឹង ព្រមទាំងមាននារីជនជាតិខ្មែរ២នាក់រួមដំណើរជាមួយ បានឆ្លងកាត់មិនប្រយ័ត្ន ក៏ត្រូវរថភ្លើងបុកចំពីចហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទៀតចេញពីផ្លូវរថភ្លើងប្រហែល១០ម៉ែត្រ រងការខូចខាតមួយចំហៀងយ៉ាងដំណំ ចំណែករថភ្លើងមិនខូចខាតនោះទេ តែសំណាងល្អមួយ ក្នុងហេតុការណ៍នេះមិនមានអ្នកណាម្នាក់រងរបួសនោះឡើយ។

ក្រោយកើតហេតុ ភាគីខាងរថយន្តដែលរងការខូចខាតសុំយករថយន្តរបស់ខ្លួនយកទៅជួសជុលដោយខ្លួនឯង តែភាគីខាងរថភ្លើងមិនយល់ព្រម ព្រោះគិតថាខ្លួនឯងត្រូវ ក៏សុំឲ្យសមត្ថកិច្ចជំនាញធ្វើការវាស់យករថយន្តឡិចសុីសទៅរក្សាទុកការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕

រដ្ឋបាលរាជធានី ប្រកាសចាត់ការលើការសង់រោងបុណ្យ រោងការលើផ្លូវសាធារណៈ

ភ្នំពេញ ៖ ជាថ្ងៃដែលរដ្ឋបាលសាលារាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នេះ បានប្រកាសបិទបញ្ចប់លែងឱ្យមានការសង់រោងបុណ្យ រោងការ និងរោងពិធីផ្សេងៗនៅលើដងផ្លូវសាធារណៈ ក្នុងទីក្រុងភ្នំពេញពេញទៀតហើយ ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជាធាណីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានថា នៅថ្ងៃទី( ខែកក្កដា នេះ សាលារាជធានីភ្នំពេញនេងចាប់ផ្តើមអនុវត្តន័នូវវិធានការតឹងរឹងចំពោះការសង់រោងបុណ្យ រោងការ ឫកម្មវិធីផ្សេងៗ នៅតាមទីសាធារណៈទៀតហើយ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ មិនទាន់ទទួលបានព័ត៌មានអំពីការសង់រោងបុណ្យ រោងការ រំលោភលើចំណីផ្លូវសាធារណៈ ក្នុងក្រុងភ្នំពេញដោយគ្មានច្បាប់នៅឡើយទេ។ ប៉ុន្តែបើឃើញមានការសង់បែបនេះមែន លោកឱ្យរាយការណ៍ទៅអាជ្ញាធរខណ្ឌនៅទីនោះ ដើម្បីឱ្យចុះទៅរុះរើការសង់រោងទាំងនោះភ្លាម មិនទុកឲ្យបង្កបញ្ហារាំងស្ទះចរាចរណ៍ និងថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋនោះឡើយ៕

ចាប់ឧកញ៉ាជួញដូរឈើ ស៊ឹង សំអុល និងគ្នីគ្នា៣នាក់ រឹបអូសរថយន្ដចម្រុះជាង៤០គ្រឿង

មណ្ឌលគិរី ៖ សមត្ថកិច្ចនៃកងរាជអាវុធហត្ថ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ បានបើកប្រតិបត្តិការនៅតំបន់មួយចំនួនក្នុងខេត្តមណ្ឌលគិរី ក្នុងរូបភាពទ្រង់ទ្រាយធំ ដោយចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង៤០គ្រឿង ផងដែរ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រាប់ថា លទ្ធផលក្នុងប្រតិបត្តិការទ្រង់ទ្រាយធំនេះ កម្លាំងអាវុធហត្ថបានចាប់ខ្លួនមនុស្ស៤នាក់ ដែលមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ និងអ្នកបើករថយន្ត ព្រមទាំងរថយន្ដជាង៤០គ្រឿង។

លោក ថា រថយន្ដល្មើសផ្សេងទៀត ត្រូវបានឈ្មូញយកទៅលាក់ទុកនៅក្នុងព្រៃ ហើយនៅពេលនេះកម្លាំងជំនាញ កំពុងរុករកយ៉ាងក្ដៅគគុក។ លោកឧត្តមសេនីយ៍ អេង ហ៊ី បានបញ្ជាក់ទៀតថា រថយន្ដដែលសមត្ថកិច្ចរកឃើញនៅក្នុងព្រៃនឹងបំផ្លាញចោលនៅទីនោះតែម្ដង។
អ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវឲ្យក្រុមឈ្មួញដែលពាក់ព័ន្ធបទល្មើសព្រៃឈើនេះ ត្រូវដកខ្លួនចេញជាបន្ទាន់ បើមិនដូច្នោះទេ នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ជាក់ជាមិនខានឡើយ៕

កម្ពុជាចង់បង្កើតការងារ និងបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច តាមរយៈការវិនិយោគពីអាមេរិក

 ​ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានដឹកនាំដោយលោក Alexander Feldman និងលោក Michael W. Wichalak មានប្រសាសន៍ថា កម្ពុជាចង់បានការវិនិយោគច្រើនថែមទៀតពីអាមេរិក ដើម្បីជួយធ្វើ ពិពិធកម្មបង្កើតការងារ និងបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចកម្ពុជា ខណៈលោក Alexander Feldman មាន ប្រសាសន៍ថា ដំណើរទស្សនកិច្ចធុរកិច្ចនៅកម្ពុជានាពេលនេះ មានការចូលរួមពីក្រុមហ៊ុនធំៗ អាមេរិកចំនួន ១៥ និងមានគោលបំណងស្វែងយល់នូវឱកាសវិនិយោគ ក៏ដូចជាដើម្បីធ្វើការពិភាក្សាលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹង ការវិនិយោគ និងធុរកិច្ចរបស់ក្រុមហ៊ុនអាមេរិកនៅកម្ពុជា។

លោក វង្សី វិស្សុត បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ានទាំងអស់ ហើយថាឯកឧត្តមមានសេចក្តីសោមនស្សរីករាយ ក្នុងការពិភាក្សាលើបញ្ហានានា ដែលជាសំណូមពរ ឬបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនអាមេរិកដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា ក៏ដូចជាដើម្បី ទាក់ទាញការវិនិយោគថ្មីពីអាមរិកបន្ថែមទៀត ក្នុងគោលដៅពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរឱ្យដល់កម្រិតមួយថ្មីទៀត ដើម្បីផលប្រយោជន៍ទាំងសងខាងក្នុងរយៈពេលវែង។ ឯកឧត្តម បាន គូសបញ្ជាក់ថា កម្ពុជាចង់បានការវិនិយោគបន្ថែមកាន់តែច្រើនពីអាមេរិក ដើម្បីធ្វើពិពិធកម្ម, បង្កើតការងារ និងបង្កើនតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាដើម្បីតភ្ជាប់កម្ពុជាទៅកាន់ខ្សែសង្វាក់ផលិតកម្មនៅតំបន់ និងពិភពលោក ជាពិសេសការផ្ទេរនូវចំណេះដឹង, បច្ចេកវិទ្យា, នានុវត្តន៍ និងសហគ្រិនភាពជាដើម។

លោកបានបន្តថា សេដ្ឋកិច្ចប្រទេសកម្ពុជាបាន និងកំពុងបន្តរីកចំរើនទៅមុខយ៉ាងលឿន។ ក៏ប៉ុន្តែ និន្នាការ និងភាពមិនប្រាកដប្រជាមួយចំនួនក្នុងពិភពលោក និងតំបន់បាននាំមកនូវទាំងកាលានុវត្តភាព ទាំង ហានិភ័យនិងបញ្ហាប្រឈមមកជាមួយគ្នាផងដែរ៕

ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំអនុម័តសេចក្តីព្រាងស្តីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ នៅថ្ងៃទី១១ កក្កដា

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៨ ខែកក្កដានេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ បន្ទាប់ពីពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៩ បន្តសម័យប្រជុំព្រឹទ្ធសភានីតិកាលទី៤។

លោក ម៉ម ប៊ុននាង ព្រឹទ្ធសមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ឲ្យដឹងថា របៀបវារៈប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅថ្ងៃនេះរួមមាន ៖

១-ពិភាក្សា និងពិនិត្យលើសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រម លើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យ ក្រុមហ៊ុន អេសភីអេចភី (ខេមបូឌា) ឯ.ក។

២-ពិភាក្សា និងពិនិត្យលើសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រម លើការធានាការទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ស្នេថេក រីញូវេប៊ល ឯ.ក ។

៣-ពិភាក្សា និងពិនិត្យលើសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រម លើការធានាការទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនស្នេថេក ខូ អិល ធីឌី។

៤-ពិភាក្សា និងពិនិត្យលើសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រម ឲ្យព្រះរា ជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត និង ៥-ពិភាក្សា និងពិនិត្យលើសេចក្តីព្រាង ស្តីពីការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩- ២០២៣៕

ក្នុងខែមិថុនា មូលនិធិគន្ធបុប្ផា ទទួលបានថវិកា១៦៩លានរៀល និងជិត១០ម៉ឺនដុល្លារ

​ដោយ ៖ ផានូរ៉ាត

ភ្នំពេញ ៖ ក្នុងខែមិថុនា ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការ បង្កើតឡើង ដើម្បីកៀរគរអំណោយឧបត្ថម្ភធន និងវិភាគទានពីប្រភពស្របច្បាប់នានា សំដៅធានានូវចីរភាព នៃ ប្រភពចំណូល សម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ ចំពោះមន្ទីរពេទ្យគន្ធបុប្ផា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាស្ថាបនិក និងជាប្រធានកិត្តិយស បានទទួលថវិកាបរិច្ចាគពីសប្បុរសជននានា នូវទឹកប្រាក់សរុបចំនួន ១៦៩,២១៣,៣០០រៀល និង៩៨,៩៨៦ដុល្លារអាមេរិក។

បន្ថែមពីនេះ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏ទើបទទួលបានថវិកាបរិច្ចាគចំនួន ៩១៣,០៨៦ ដុល្លារ អាមេរិក ដែលជាទឹកប្រាក់កាត់ទុកពីថ្លៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងត្រីមាសទី២ ឆ្នាំ២០១៩ ពីគ្រឹះស្ថានអង្គរ ហើយមូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំផ្ទេរនូវថវិកានេះ ជូនទៅមន្ទីរ ពេទ្យគន្ធបុប្ផា ដើម្បីយកទៅប្រើប្រាស់ ក្នុងការពិនិត្យ និងព្យាបាលជំងឺដោយមិនគិតថ្លៃ។

តាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្នុងឆមាសទី០១ ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាពីរាជរដ្ឋាភិបាល, កាកបាទក្រហមកម្ពុជា, គ្រឹះស្ថានអង្គរ, សមាជិក និងសប្បុរស ជននានាចំនួន ៧,៤៧៤រូបនូវទឹកប្រាក់ចំនួន ៧០២,២៤២,២៧៦រៀល និង ២,៤៣០,២២៧ ដុល្លារ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បាន ថ្លែងអំណរគុណដល់សប្បុរសជន ទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវកិច្ច ដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារកនៅកម្ពុជា ផងដែរ៕

ក្រសួងពាណិជ្ជកម្មពន្យល់ពីយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មជំនាន់ទី ៤

​ដោយ ៖ ផានូរ៉ាត

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្របខណ្ឌពង្រឹងសមាហរណកម្ម (EIF) និងអង្គការពាណិជ្ជកម្ម ពិភពលោក (WTO) បានរៀបចំកម្មវិធីមួយ នៅក្នុងកម្មវិធីនៃកិច្ចប្រជុំ ការត្រួតពិនិត្យឡើងវិញ ជា សកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយពីយុទ្ធសាស្ត្រ សមាហរណកម្ម ពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការនាំចេញរបស់កម្ពុជា បានកើនឡើងជាលំដាប់ តាមរយៈការកើនឡើងនូវតម្រូវការ និងការពង្រឹងទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ តាមតួលេខរបស់ធនាគារពិភពលោក ការនាំចេញសម្លៀកបំពាក់ និងស្បែក ជើង ដែលមានចំណែកលើសពីរភាគបីនៃការនាំចេញទំនិញទាំងអស់របស់កម្ពុជា បានកើនឡើង ចំនួន ១៧,៦% នៅឆ្នាំ២០១៨ លើសពីកំណើន ៨,៣% ដែលទទួលបានក្នុងឆ្នាំ២០១៧ ។

សម្រាប់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី កម្ពុជានៅតែបន្តការតាំងចិត្តយ៉ាងមុតមាំលើគោលការណ៍ និង តម្លៃដែលទ្រទ្រង់ដោយអង្គការពាណិជ្ជកម្មពិភពលោក ជាមួយនឹងសកម្មភាពមួយចំនួន ដូចជាបាន បញ្ចប់ដោយជោគជ័យនូវការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា លើកទី២ ដែលជាកាតព្វកិច្ចរបស់កម្ពុជា ។ កម្ពុជាបានរៀបចំ និងវិនិយោគលើការរៀបចំស្ថានបេសកកម្ម អចិន្រ្តៃយ៍របស់កម្ពុជា នៅអង្គការពាណិជ្ជកម្មពិភពលោក ហើយក៏ក្លាយជាអ្នកសម្របសម្រួលក្រុម ប្រទេសអភិវឌ្ឍន៍ តិចតួច និងត្រូវបានជ្រើសរើស ជាសមាជិកក្រុមប្រឹក្សាភិបាល របស់ក្របខណ្ឌ ពង្រឹង សមាហរណកម្ម (EIF) ក្នុងតំណែងជាតំណាងរបស់ប្រទេសអភិវឌ្ឍន៍តិចតួចនៅអាស៊ី ។

លោកបន្ថែមថា ចំពោះយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ កម្ពុជា នៅតែជាប្រទេសទទួលផលនាំមុខគេ ក្នុងការអនុវត្តកម្មវិធី EIF ។ ការធ្វើបច្ចុប្បន្នភាពលើកទីបីនេះ ត្រូវបានរៀបចំជួនពេលជាមួយនឹងការដាក់ឲ្យប្រើប្រាស់នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់អាណត្តិទី៦នៃរាជរដ្ឋា បាល ៕

ក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ម្នាក់ត្រូវបាន ACU ឃាត់ខ្លួនពាក់ព័ណ្ធអំពើពុករលួយ

​ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានឱ្យដឹងនៅយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ថា អង្គភាពប្រឆាំងអំពើពុករលួយ បាននាំខ្លួនក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ម្នាក់ យកទៅសួរនាំពាក់ព័ន្ធនឹងអំពើពុករលួយ។

លោកបញ្ជាក់ថា ក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ ដែលត្រូវនាំខ្លួននេះ ឈ្មោះ ទេព ធីរិទ្ធ អាយុ៤៦ឆ្នាំ ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោកបន្តថា អង្គភាពប្រឆាំងអំពើពុករលួយបានស៊ើបអង្កេតយ៉ាងដិតដល់រហូតឈានដល់ ការចាប់ខ្លួនក្រឡាបញ្ជីម្នាក់នៃសាលាឧទ្ធរណ៍ពាក់ព័ន្ធនឹងករណី អំពើពុករលួយដោយនាំខ្លួនមកកាន់អង្គភាពប្រឆាំងអំពើពុករលួយដើម្បី សួរនាំចាត់វិធានការ។ ប៉ុន្តែទោះយ៉ាងណាអង្គភាពប្រឆាំងអំពើពុករលួយមិនបានបញ្ជាក់ថា ក្រឡាបញ្ជីរូបនោះពាក់ព័ន្ធអំពើពុករលួយក្នុងសំណុំរឿងអ្វីខ្លះនោះទេ៕

ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ទើរគ្រប់កន្លែងនៅខេត្តព្រះសីហនុ រងការខូចខាតយ៉ាងគំហុក

​ដោយ ៖ សុត្ថារ៉ា

ខេត្តព្រះសីហនុ ៖ ស្របពេលដែលខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងគំហុក ក្នុងរយៈពេលជាង ២ឆ្នាំចុងក្រោយនេះ បញ្ហាផ្លូវក្នុងក្រុងស្ទើរគ្រប់កន្លែង ក៏កំពុងតែខូចខាតយ៉ាងដំណំ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន មានការរអ៊ូរទាំ និងរិះគន់ធ្ងន់ៗ តាមបណ្តាញសង្គមផងដែរ។

សកម្មភាពចុះត្រួតពិនិត្យផ្លូវថ្នងដែលកំពុងរងការខូចខាតយ៉ាងដំណំនេះត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៦ ខែកក្កដាឆ្នាំ ២០១៩ ដែលបានដឹកនាំដោយ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកអីុសុខឡេង អភិបាលក្រុងព្រះសីហនុ និងលោក ណុបហេង ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តព្រះសីហនុ រួមទាំងមន្ត្រីជំនាញ ពាក់ព័ន្ធនៃមន្ទីរនានានៅក្នុងខេត្ត ទាំងអស់ផងដែរ។

ទន្ទឹមនេះអាជ្ញាធរក្រុង-ខេត្តព្រះសីហនុ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ក៏កំពុងតែមានក្តីកង្វល់យ៉ាងខ្លាំង និងបានជួបប្រជុំពិភាក្សាគ្នារកដំណោះស្រាយជាបន្តបន្ទាប់។ដោយសារទំហំ នៃការខូចខាតផ្លូវ នានានៅក្នុងក្រុងព្រះសីហនុ យើងត្រូវ ការចំណាយថវិកាជួសជុល ក៏មានទំហំធំសម្បើម ខណៈខ្ទង់ថវិកាក្នុ្ងងការជួសជុលឡើងវិញនៅមានកម្រិត។ ជារៀងរាល់ថ្ងៃ បើទោះជាមានភ្លៀងធ្លាក់មិនឈប់ឈរ ក៏ក្រុមការងារបានធ្វើសកម្មភាពជួលជុលទាំងហាលភ្លៀងហាលខ្យល់ ទោះណាជាមិនអាចបំពេញចិត្តអ្នកប្រើប្រាស់ផ្លូវថ្នល់បានជាទីគាប់ចិត្តក្តី។

ទាក់ទងនឹងបញ្ហានេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងថា ចំពោះមុខនេះលោកបានជម្រុញឲ្យមន្ទីរសាធារណការ ជួសជុលផ្លូវដែលកំពុងរងការខូចខាតទាំងនោះជាបន្ទាន់ ដើម្បីឲ្យពលរដ្ឋអាចធ្វើចរាចរណ៍បាន។
នៅពេលរាំងភ្លៀងនឹងរៀបចំជួសជុលឡើងវិញទៀត ព្រោះពេលនេះភ្លៀងសើមជោគជាំពេកមិនអាចធ្វើកើត សូមឲ្យសាធារណជនមានការយោគយល់។

ជាមួយនេះ លោកអភិបាលខេត្ត ក៏បានទទួលស្គាល់ចំពោះការរិះគន់ដើម្បីស្ថាបនារបស់ពលរដ្ឋ តែក្នុងនោះមានបុគ្គលខ្លះ បានរិះគន់ដោយមានចរិតវាយប្រហារតាមមនោគតិទុច្ចរិត ទាំងមិនបានយល់ច្បាស់អំពីស្ថានភាពជាក់ស្តែងនៅខេត្តព្រះសីហនុ គ្រានេះមានភ្លៀងធ្លាក់ខ្លាំងស្ទើររាល់ថ្ងៃ ហើយអ្នកបច្ចេកទេស មិនអាចធ្វើការជួសជុលឲ្យមានគុណភាពបានទេ។
លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ បានបញ្ជក់ថា មូលហេតុនាំឲ្យផ្លូវខូចស្ទើរគ្រប់កន្លែងបែបនេះណ្តាលមកពីមូលហេតុ៖

ទី១៖ ផ្លូវចាស់មានអាយុកាលជាង១០ឆ្នាំទៅហើយ វាដល់អាយុកាលត្រូវធ្វើឡើងវិញទាំងអស់
ទី២៖ ឆ្នាំនេះមានភ្លៀងធ្លាក់ឥតឈប់ធ្វើឲ្យផ្លូវកាន់តែពុកផុយដូចក្រណាត់ចាស់អញ្ចឹង
ទី៣៖ ខេត្តព្រះសីហនុមានការអភិវឌ្ឍគំហុកពេក ការដឹកជញ្ជូនក៏កើនគំហុកទាំងយប់ទាំងថ្ងៃ ទាំងដឹកគ្រឿងសំណង់ ដឹកដី ដឹកបេតុង ជាដើម ហើយដឹកធ្ងន់ទៀតផង។

លោក ណុប ហេង បន្ថែមថា តាមការប៉ាន់ប្រមាណផ្លូវក្នុងក្រុងព្រះសីហនុ ដើម្បីធ្វើឲ្យល្អឡើងវិញត្រូវការថវិកាច្រើនណាស់ រហូតខ្ទង់លានដុល្លារ។ ចំពោះថវិការបស់ខេត្តនៅមានកម្រិត មិនអាចធានាការជួសជុលបានទាំងអស់ឡើយ។ ដើម្បីដោះស្រាយបញ្ហានេះបាន លោក ណុប ហេង យល់ឃើញថា មានតែថ្នាក់ជាតិ គឺរាជរដ្ឋាភិបាលប៉ុណ្ណោះទើបអាចដោះបាន។តែសព្វថ្ងៃនេះ មន្ទីរក៏បានធ្វើការជួសជុលជាលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ។

ការធ្វើរាល់ថ្ងៃទាំងហាលភ្លៀងបែបនេះ មិនអាចធានាគុណភាពប្រើប្រាស់បានយូរអង្វែងឡើយ គ្រាន់តែដោះបញ្ហាចំពោះមុខប៉ុណ្ណោះ។ ទោះជាបែបនេះក្តី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញជំហរថា នឹងខិតខំដោះស្រាយ ស្តារ និង កែលម្អរ ផ្លូវថ្នល់ និង ប្រព័ន្ធលូ រំដោះទឹកភ្លៀងនានានៅក្នុងក្រុងព្រះសីហនុខេត្តព្រះសីហនុ ឲ្យបានប្រសើរឡើងវិញនៅពេលខាងមុខនេះ៕

វិស័យសំណង់ ​និងអចលនទ្រព្យនៅកម្ពុជា កើនឡើងយ៉ាងគំហុក

ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ នេះ មានគម្រោងវិនិយោគលើវិស័យសំណង់ចំនួន ៤៥ពាន់ ២៦៥គម្រោង ក្នុងនោះ ទុនវិនិយោគមានប្រមាណ ៤៤ពាន់ ៥៧៦លានដុល្លារអាមេរិក។ ដោយឡែក ក្នុងអំឡុងឆ្នាំ២០០៨ ទុនវិនិយោគមានចំនួន ៥ពាន់ ២៥៨លានដុល្លារអាមេរិក និង បានផ្តល់ការងារដល់ពលរដ្ឋកម្ពុជាប្រមាណជា ២០ម៉ឺននាក់។ នេះជាការលើកឡើងរបស់ ​លោក  ប៊ិន សម្បត្តិថារ័ត្ន អនុរដ្ឋលេខាធិការក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងសន្និ សីទ សារព័ត៍មានស្តី ពីគោលការណ៍គ្រប់គ្រងបច្ចេកទេសសំណង់នៅកម្ពុជា ដែលរៀបចំឡើង ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃសុក្រ ទី៥ ខែកក្កដា កន្លងទៅនេះ។

លោក ប៊ិន សម្បត្តិថារ័ត្ន បានបន្ថែមថា មកទល់ពេលនេះ យើងសង្កេតឃើញថា គម្រោង អគារ ខ្ពស់ដែលមានចាប់ពី ៥ជាន់ឡើងទៅ មានចំនួន ១៣២៩អគារ ហើយចំពោះបុរីលំនៅដ្ឋាន ឬក៏ជា បណ្តុំនៃលំនៅដ្ឋានដែលមានលក្ខណៈជាបុរីមានទីតាំងសរុបចំនួន ២៥៨ទីតាំង។

លោកអនុរដ្ឋលេខាធិការបានលើកឡើងថា ទំហំទីក្រុងកាន់តែរីកធំ ទីក្រុងកំរិត២ កំរិត៣ កាន់តែ រីកលូតលាស់ រួមជា មួយនឹងទីក្រុងដែលស្ថិតនៅតាមបណ្តាព្រំដែនប្រទេសជិតខាងដូចជា ទីក្រុង ប៉ោយប៉ែត ទីក្រុងបាវិត ជាដើម ដែលជាមួយគ្នានេះក៏ទាមទារឱ្យមានការកសាង នូវហេដ្ឋារចនា សម្ព័ន្ធមាន ផ្លូវថ្នល់ ស្ពាន និង សេវាកម្មក្នុងទីក្រុងទាំងនោះជាច្រើនផងដែរ ដែលសមិទ្ធផលទាំង អស់នេះគឺកើតចេញពីកត្តានៃសុខ សន្តិភាព ស្ថិរភាពនយោបាយពេញលេញ ដែលបានមកពីការ ដឹក នាំប្រកបដោយភាពឆ្លាតវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី មានន័យថា សុខសន្តិភាព និង ស្ថិរភាពគឺជាគ្រឹះដ៏រឹងមាំនៃសំណង់ និង នគរូបនីយកម្ម បើគ្មានសុខសន្តិភាព គ្មានស្ថិរភាព គឺគ្មាន អគារ ណាមួយអាចឈរជើងជាប់បានទេ កុំឡើយវាមានគ្រឹះជម្រៅណាក៏ដោយ ជាឧទាហរណ៍ ចម្បាំង នៅមជ្ឈឹមបូព៌ា អគារប្រណីតៗបានក្លាយ ជាគំនរផេះផង់ដោយសារតែសង្គ្រាមគឺជាតឹកតាង ស្រាប់៕

៦ខែដើមឆ្នាំនេះកម្ពុជានាំចេញអង្ករជាង ២៨ម៉ឺនតោន កើនឡើង៣,៧០ភាគរយ

ដោយ ៖ ផានូរ៉ាត

ភ្នំពេញ ៖ នៅឆមាសទី១ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ២៨១,៥៣៨តោន កើនឡើង៣.៧០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ មានចំនួន ២៧១,៥៣៧តោន។ នេះបើយោងតាមរបាយការណ៍ផ្លូវការ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ។

របាយការណ៍បញ្ជាក់ថា ប្រទេសចិននៅតែនាំមុខគេ ក្នុងការទិញអង្ករពីកម្ពុជា ដោយនៅរយៈពេល៦ខែ ឆ្នាំនេះមានចំនួនជាង១១ម៉ឺន តោន ស្មើនឹង៤០ភាគរយនៃចំនួនសរុប តាមពីក្រោយដោយប្រទេសបារាំងជិត៤ម៉ឺនតោន និងប្រទេស Gabon ចំនួន១.៦ម៉ឺនតោន។
ដោយឡែកសម្រាប់ប្រភេទអង្ករដែលកម្ពុជានាំចេញច្រើនជាងគេ គឺអង្ករក្រអូបចំនួនជិត២៤ម៉ឺនតោន ស្មើនឹង៨៤ភាគរយ ក្រៅពីនោះគឺអង្ករស។

អង្ករកម្ពុជាបានលក់ទៅក្នុងទីផ្សារប្រមាណ៥០ប្រទេសនៅលើពិភពលោក។ ដោយឡែកក្រុមហ៊ុននាំចេញអង្ករមានចំនួន៧៥ក្រុមហ៊ុន។ នៅឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករបានជាង៦០ម៉ឺនតោន៕

កម្ពុជា ពន្យល់ពីច្បាប់ដល់សមាជិកសភាសហភាពអឺរ៉ុបដែលចង់ហែលោក សម រង្សី ចូលកម្ពុជា

​ដោយ ៖ សុត្ថារ៉ូ
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់ថា« វាជារឿងគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងដែល “សមាជិកសភាសហភាពអឺរ៉ុប” មួយចំនួនតូច តាមរយៈសេចក្តីរាយការណ៍ បានឲ្យដឹងបំណងរបស់ពួកគេ ក្នុងការហែហមទណ្ឌិតរត់គេចខ្លួន សម រង្សី ដែល ប្រកាសដដែលៗ ពីការវិលត្រឡប់របស់ខ្លួន មកកម្ពុជាវិញ ក្នុងកាលបរិច្ឆេទមួយមិនច្បាស់លាស់»។

បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកថា បើប្រសិនជាមានការអនុវត្តបែបនេះ ពីសំណាក់សមាជិក សភាសហភាពអឺរ៉ុបមួយចំនួនតូចអស់ទាំងនោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមសម្តែងនូវការខកចិត្តយ៉ាងខ្លាំង និងចាត់ទុកទង្វើអស់ទាំងនេះ ជាទង្វើគ្មានលក្ខណៈកាទូត មិនគោរពអធិបតេយ្យភាព និងនីតិរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរំលឹក សមាជិកសភាសហភាពអឺរ៉ុបអស់ទាំងនោះ ពីមាត្រា៤១ នៃសន្ធិសញ្ញាទីក្រុងវីយ៉ែន ឆ្នាំ១៩៦១ ស្ដីពីទំនាក់ទំនងការទូត ដែលតម្រូវឲ្យបុគ្គលទាំងអស់ ដែលទទួលបានបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ ត្រូវគោរពច្បាប់ និងបទប្បញ្ញត្តិរបស់រដ្ឋម្ចាស់ផ្ទះ។ បុគ្គលទាំងនោះ ក៏មានកាតព្វកិច្ចមិនត្រូវជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រ ដ្ឋម្ចាស់ផ្ទះផងដែរ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរំលឹកឡើងវិញថា ទណ្ឌិត សម រង្ស៊ី ត្រូវបានទទួលការចោទប្រកាន់ និងកាត់ទោសឲ្យជាប់ពន្ធនាគារជាច្រើនករណី ដែលមានជាអាទិ៍ អំពើក្បត់ជាតិ បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ បទប្រមាថចំពោះ អង្គព្រះមហាក្សត្រ នរោត្តម សីហមុនី បទញុះញុងមិនឲ្យយោធិនស្ដាប់បញ្ជា ។ល។

ជាមួយនឹងការស្វាគមន៍ដល់ភ្ញៀវបរទេសគ្រប់រូបទាំងអស់ ដែលគោរពច្បាប់ មានបំណងល្អ និងស្មោះត្រង់ក្នុងការលើកកម្ពស់ចំណងមិត្តភាព ទំនាក់ទំនងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ប្រយោជន៍ទៅវិញទៅមក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំាបាច់ត្រូវក្រើនរំលឹកដល់សមាជិកសភាសហភាពអឺរ៉ុបមួយចំនួនតូចអ ស់ទាំងនោះ ពីច្បាប់ស្ដីពីអន្តោប្រវេសន៍កម្ពុជា ឆ្នាំ១៩៩៤ដែលចែងអំពីកាតព្វកិច្ចដែលត្រូវបំពេញមុនចូលប្រទេសកម្ពុជា ការអនុញ្ញាតឲ្យចូលត្រូវគិតគូរពីសន្តិសុខជាតិ និងផលវិបាកចំពោះការចូលដោយលបលាក់ បន្លំ ឬដោយមធ្យោបាយខុសច្បាប់ផ្សេងទៀត ដែលផ្ទុយនឹងច្បាប់ជាធរមានរបស់កម្ពុជា។

សេចក្តីប្រកសដដែលបានលើកឡើងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើយ៉ាងទទូចដល់អ្នក នយោបាយបរទេសខាងលើអស់ទាំងនោះ ពិចារណាឡើងវិញពីការសម្រេចចិត្តដោយខ្វះព័ត៌មានច្បាស់លាស់ និងត្រូវបញ្ឈប់ជាបន្ទាន់ នូវទង្វើដែលបង្កប់ដោយឧបាយកល នយោបាយ និងគ្មានលក្ខណៈកាទូត។ ម្យ៉ាងវិញទៀត ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមអះអាងសារជាថ្មី នូវការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការលើកកម្ពស់នីតិរដ្ឋ និងក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដែលប្រជាជនកម្ពុជាកំពុងទទួលបានសព្វថ្ងៃនេះ៕

លោក សម រង្ស៉ី រងបណ្តឹងចោទបទញុះញង់ និងទារសំណង១លានដុល្លារពីសម្តេច ស ខេង

​ដោយ ៖ សហការី

ភ្នំពេញ ៖ ក្រុមមេធាវីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ សួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹងមួយទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងខ្មែរ នៅក្រៅប្រទេស អំពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយទាមទារសំណង ១លានដុល្លារ។

បើយោងតាមពាក្យបណ្តឹងរបស់សម្តេចក្រឡាហោម ស ខេង បានទាមទារឱ្យតុលាការ ចាត់ការលោកសម រង្ស៉ី ទៅតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត និងទាមទារសំណងជំងឺចិត្តចំនួន ៤ពាន់លានរៀល ប្រហាក់ប្រហែលនឹង១លានដុល្លារអាមេរិក ចំពោះការញុះញង់របស់ លោក សម រង្ស៉ី។ ពាក្យបណ្តឹងនេះ ធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី បានបង្ហោះសារលាបពណ៌ បំភ្លៃការពិត អំពីរឿងមរណភាពរបស់ ឯ.ឧ ហុក ឡង់ឌី។

លោក សម រង្ស៉ី បានមួលបង្កាច់ថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកសម្លាប់លោក ហុក ឡង់ឌី ហើយភូតទៀតថាពេលនេះ លោកឌី វិជ្ជា ដែលជាកូនប្រុសរបស់ លោក សម រង្ស៉ី កំពុងរៀបចំផែនការសងសឹក ដោយមានការគាំទ្រពីសម្តេចក្រឡាហោម ស ខេង។

ក្នុងលិខិតពាក្យបណ្តឹងរបស់ក្រុមមេធាវីសម្តេចក្រឡាហោម ស ខេង បានចាត់ទុកថា «ការប្រឌិតព័ត៌មានទម្លាក់កំហុស និងមួលបង្កាច់របស់ឈ្មោះ សម រង្ស៊ី ខាងលើនេះ ដើម្បីឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមានការសង្ស័យគ្នា និងបែកបាក់សាមគ្គីផ្ទៃក្នុង ដែលអាចធ្វើឲ្យមានវិវាទផ្ទៃក្នុងរបស់រាជរដ្ឋាភិបាល»។ ទង្វើទាំងនេះបញ្ជាក់យ៉ាងច្បាស់ថា ឈ្មោះ សម រង្សី មានចេតនាទុច្ចរិតក្នុងការញុះញង់ បំផុសបំផុលធ្វើឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល ក៏ដូចជាជួរថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យមានចលាចល និងភាពវឹកវរយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម បំផ្លិចបំផ្លាញដល់ស្ថេរភាពនយោបាយ និងសន្តិភាពរបស់ជាតិទាំងមូល»។

លោក គុជ គឹមឡុង អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា តំណាងអយ្យការបានទទួលនូវពាក្យបណ្តឹងនេះរួចហើយតាំងពីថ្ងៃទី០២ ខែកក្កដា ហើយពេលនេះ តំណាងអយ្យការកំពុងចាត់ការទៅតាមនីតិវិធីច្បាប់៕

អាជ្ញាធរជំរុញបញ្ចប់ការសាងសង់ច្រាំងទន្លេ និងសួនច្បារថ្មីក្រុងកំពង់ចាម នៅមុនទឹកទន្លេឡើងខ្លាំង

ដោយ ៖ សហការី

ខេត្តកំពង់ចាម ៖ ទឹកទន្លេមេគង្គបានចាប់ផ្តើមហក់ឡើងបន្តិចម្តងៗ ក្រុមកម្មករវិញ កំពុងតែមមាញឹកនាំគ្នាសាងសង់ច្រាំងទន្លេមានប្រវែង១៧០ម៉ែត្រ ត្រង់មុខសណ្ឋាគារមេគង្គ រហូតដល់កំពង់ដរ រង់ចាំ ស្ថិត នៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលគ្រោង និងចំណាយថវិការប្រមាណ១,៦លានដុល្លារ ។

លោក អ៊ុ វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប្រាប់ឲ្យដឹងថាៈនៅក្នុងរដូវវស្សាឆ្នាំ២០១៨កន្លងទៅច្រាំងទន្លេ ត្រង់មុខសណ្ឋាគារមេគង្គ បានបាក់ស្រុត ដោយសារតែនៅក្នុងដី មិនមានប្រព័ន្ធរំដោះទឹក ហើយមកដល់រដូវប្រាំងក្នុងឆ្នាំ២០១៩ ក្រុមបច្ចេកទេសរបស់ក្រសួងធនធនទឹក បានចុះមកសិក្សា និងបានដាក់កម្លាំងចុះសាងសង់ថ្មីឡើងវិញ ។

លោកប្រធានមន្ទីរធនធានទឹកខេត្តប្រាប់បន្តថា មកដល់ល្ងាចថ្ងៃទី០៥ កក្កដា ២០១៩ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តអមដំណើរដោយសហការីជាច្រើននាក់បាន អញ្ចើញចុះមក ពិនិត្យ ការសាងសង់ច្រាំងទន្លេ ដែលសំរេចបានប្រមាណ៤០ភាគរយ ហើយបានជម្រុញឲ្យជាងខិតខំ ធ្វើយ៉ាងណាឲ្យបានឆាប់រួចមុនទឹកទន្លេឡើងមកដល់។ ខឿនជើងទេរ នៅខាងក្រោម ប្របនឹងទឹកទន្លេ នោះ ត្រូវបានចាក់រួចរាល់ ដោយមានសរសបេតុងចាក់ចូលទៅក្នុងដីជំរៅ ១២ម៉ែត្រ និងបន្តបន្ទាប់ រហូតដល់ទៅ ២០ម៉ែត្រមានរហូតដល់ទៅ៣ថ្នាក់ ។ បើគិតពីខែកក្កដា ដូចគ្នា នឹងឆ្នាំកន្លងទៅ ទឹក ទន្លេបានហក់ឡើងយឺត ដោយសារតែនៅផ្នែកខាងលើមានវ់ារីអគ្គីសនីរួមផ្សំផង។

ទោះបីជាបែបនេះក្តី ក្រុមជាងនិងអ្នកបច្ចេកទេសរបស់ក្រសួងធនធានទឹកបានប្តេជ្ញាខិតខំធ្វើយ៉ាងណាប្រឹងប្រែងការងារនេះ ឲ្យរួចរាល់មុនទឹកឡើងមកប្រៀបច្រាំងនាពេលដ៏ខ្លីខាងមុខ ។ លោកថា ការធ្វើនេះ មានការយកចិត្ត ទុកដាក់ណាស់ ដោយបានធ្វើអាងចំរោះទឹកក្នុងដីដើម្បីឲ្យទឹកហូរចាក់ចូលទៅក្នុងទន្លេ តាមបំពង់ទុយ យោរ ធំមួយ ដែលប្រើថវិកាសរុបប្រមាណ១,៦លានដុល្លារ ។

លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម បានប្រាប់ឲ្យដឹងដែរថា បន្ទាប់ពីបានអញ្ចើញពិនិត្យមើលការ សាងសង់ច្រាំងទន្លេមេគង្គរួចមក ក៏បន្តមកពិនិត្យមើលសួនច្បារថ្មីមាត់ទន្លេ ចាប់ពីត្រង់ចំនុចក្រោម ស្ពានគីហ្ស៊ុណា ដល់កំពង់សាឡាងចាស់ ដែលរហូតមកដល់ពេលនេះ សាងសង់បានប្រមាណជិត៧០ ភាគរយហើយ សួនច្បារថ្មីនេះ មានកន្លែងហាត់ប្រាណ ស្រូបយកខ្យល់អាកាសបរិសុទ្ធ សម្រាប់បង ប្អូន ប្រជាពលរដ្ឋទូទៅ៕