All posts by មេគង្គ ប៉ុស្តិ៍

នាយករដ្ឋមន្រ្តី ៖ បារម្ភពីមន្រ្តីរាជការខ្មែរស្ពឹកស្រពន់ ជាជាងការបារម្ភបាត់ EBA

ភ្នំពេញ ៖ ក្នុងឱកាសជួបសំណេះសំណាល ជាមួយសិស្សនិស្សិត និងពលរដ្ឋខ្មែរដែលកំពុងសិក្សានិង រស់នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា សម្តេចមិនបារម្ភការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពី សហភាពអឺរ៉ុបនោះទេ គឺបារម្ភពីភាពស្ពឹកស្រពន់ មន្រ្តីរាជការខ្មែរទៅវិញទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាមិនមែន បាត់បង់ទីផ្សារនៅ អឺរ៉ុប នោះទេ គ្រាន់តែបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ករណីបើ អឺរ៉ុបសម្រេចព្យួរ រឺដកប្រព័ន្ធពីកម្ពុជា។ ទំនិញរបស់កម្ពុជាពិសេសគឺអង្ករ នៅតែមានវត្តមាននៅទីផ្សារអឺរ៉ុបដដែល គ្រាន់តែក្រុមហ៊ុននាំ ចេញអង្ករចំណេញ តិចជាមុនប៉ុណ្ណោះ។

ប៉ុន្តែដើម្បីលើកកំពស់ផលចំណេញដល់អ្នកវិនិយោគ និងការនាំចេញ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការមុតស្រួច ដើម្បីកាត់បន្ថយថ្លៃដើម ឲ្យបាន កំរិត ខ្ពស់។ បើតាមសម្តេចតេជោ មុននឹងក្រោយប្រព័ន្ធ អនុគ្រោះពន្ធនេះ នឹងត្រូវដកពេល ដែល សេដ្ឋកិច្ចកម្ពុជាបានរឹងមាំ និងគ្រាដែលកម្ពុជាឆ្លងផុតពីប្រទេសមានការអភិវឌ្ឍតិចតូច និងមាន ចំណូលទាប។ ជាមួយគ្នា កម្ពុជា នឹងបន្តជម្រុញបញ្ចុះតម្លៃអគ្គិសនី ដើម្បីលើកទឹកចិត្ត និងទាក់ទាញសម្រាប់ វិនិយោគនៅកម្ពុជា។

បើតាមសម្តេចតេជោ មកដល់ពេលនេះការកាត់ផ្តាច់ចរន្តអគ្គិសនី លែងមាន ទៀតហើយ ដោយសារវារីអគ្គិសនីរបស់កម្ពុជា បានបញ្ចេញស្ទើរគ្រប់គ្រាន់ គឺជិត១០០មេហ្គាវ៉ាត់ ក្នុងមួយថ្ងៃ។ សម្តេចតេជោ បានស្នើឲ្យអគ្គិសនីកម្ពុជា ពន្លឿនការតម្លើសម៉ាស៊ីនភ្លើង ដែលជួលពី ហ្វាំងឡង់ និងអាឡឺម៉ង់ឲ្យបានមុនខែវិច្ឆិកា ដើម្បីធានាមិនឲ្យមានខ្វះខាត អគ្គិសនីប្រើប្រាស់។

តាមផែនការរបស់អាជ្ញាធរអគ្គិសនីនឹងធ្វើឲ្យគ្រប់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋ ទាំងអស់មានអគ្គិសនី ប្រើប្រាស់គ្រប់គ្នានៅត្រឹមឆ្នាំ២០២១។គិតមកដល់ពេលនេះ សម្រេចបានជាង៩០ភាគរយហើយ៕

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី អះអាងថា ប្រទេសណាក៏មានការសាងសង់ខ្លះដោយអត់ច្បាប់ដែរ

ភ្នំពេញ ៖ មិនថាតែកម្ពុជាទេ ប្រទេសដទៃទៀត ក៏មានសំណង់ខ្លះ បានសាងសង់ដោយអត់ច្បាប់ ដែរ តែទោះជាយ៉ាងណាក៏ដោយ ក៏កម្ពុជាបាន និងកំពុងទប់ស្កាត់នូវសំណង់អត់ច្បាប់ ទាំងឡាយ ឱ្យបានជា អតិបរិមា ដើម្បីឱ្យបា្រកដថា រាល់សំណង់ដែលបានសាងសង់រួច នឹងធានាបាននូវ គុណ ភាព។

នេះជាការគូសបញ្ជាក់របស់លោក ប៊ិន សម្បត្តិថារ័ត្ន អនុរដ្ឋលេខាធិការក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងសន្និសីទសារព័ត៍មាន ស្តីពីគោលការណ៍គ្រប់គ្រង បច្ចេកទេសសំណង់នៅកម្ពុជា ដែលរៀបចំឡើងដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តី ការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី៥ ខែកក្កដា ដោយអង្គភាព អ្នកនាំពាក្យបានគូសបញ្ជាក់ថា សន្និសីទ នេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ ដែលកំពុងផ្តោតការយកចិត្តទុកដាក់ លើ បញ្ហាសុវត្ថិភាពសំណង់ជាមួយនឹងចំណាត់ ការរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង និងកិច្ចថែរក្សា សុវត្ថិភាពក្នុងវិស័យសំណង់ជូនប្រជាពលរដ្ឋ ព្រមទាំងវិធានការជម្រុញឱ្យអ្នកសាងសង់ សំណង់ គោរពបទដ្ឋាន បរិស្ថាន ជាដើម ដោយសន្និសីទសារ ព័ត៌មានស្តីពីគោលការណ៍ គ្រប់គ្រងបច្ចេក ទេសសំណង់ នៅកម្ពុជានេះធ្វើឡើង នៅក្រោយពីមានហេតុ ការណ៍រលំបាក់អគារកម្ពស់ ៧ជាន់ នៅខេត្តព្រះសីហនុ ដែលបានបង្ករឱ្យមានអ្នកស្លាប់ និងរបួសជាង ៥០នាក់ កាលពី ខែមិថុនា កន្លង ទៅថ្មីៗនេះ។

លោក ប៊ិន សម្បត្តិថារ័ត្ន បានលើកឡើងថា សម្រាប់កម្ពុជាបច្ចុប្បន្នការសាងសង់អគារខ្ពស់ៗនិង បុរីកំពុងរីកដុះដាលដូចផ្សិត ដែលសំណង់ទាំងនេះគឺជាបាតុភូតថ្មីសម្រាប់កម្ពុជា ហើយថាក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់វិធានការតឹងរឹងចំពោះការសាងសង់ជារៀងរហូត មក មិនមែនតែនៅពេលនេះទេ ដោយក្រសួងបានកសាងនូវបទដ្ឋានគតិយុត្ត និងច្បាប់ជាច្រើន ដើម្បី បំរើដល់ការអនុវត្តនៃការគ្រប់គ្រងផ្នែកសំណង់ ក្នុងនោះវិធានការដែលចាំបាច់ គឺការពង្រឹង ការគ្រប់គ្រង តាមដាន និងត្រួតពិនិត្យទៅលើការសាងសង់ តាមរយៈការចេញលិខិតអនុញ្ញាត សាងសង់ លិខិតអនុញ្ញាតបើកការដ្ឋាន លិខិតបិទការដ្ឋានជាដើម ដោយគ្រប់ការងារសាងសង់ទាំង អស់ដាច់ខាតគឺត្រូវតែ មានលិខិតអនុញ្ញាតសាងសង់ ទើបអាចសាងសង់បាន។

ដូច្នេះទាំងម្ចាស់សំណង់ ទាំងអ្នកប្រកបអាជីវកម្មសាងសង់ អ្នកប្រកបអាជីវកម្មគូរប្លង់ ត្រូវតែធានា ច្បាស់ ក្នុងចិត្តថា គម្រោងសាងសង់របស់ខ្លួន ទទួលបានលិខិតអនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬក៏ពីអាជ្ញាធររាជធានី ខេត្ត ទើបអាចដំណើរការសាងសង់បាន ហើយ ក្នុងដំណាក់កាលនៃការសាងសង់មន្ត្រីជំនាញត្រូវតែចុះទៅពិនិត្យមើលការងារនៅការដ្ឋានសាងសង់ ទាំងការការងារនៅក្រោមដី ទាំងការងារនៅលើដី និង ទាំងការងារនៅតាមជាន់នីមួយៗ នៃអគារ ដោយគ្រឿងសំណង់ និងការងារចាក់បេតុងគ្រប់សន្លឹកទាំងអស់ ត្រូវតែមានអ្នកត្រួតពិនិត្យ។

ពាក់ព័ន្ធទៅនឹងការរលំបាក់អគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯក ឧត្តម ផៃ ស៊ីផាន មានប្រសាសន៍ថា យើងបានបង្កើតឱ្យ មានគណៈកម្មការមួយ ដើម្បីធ្វើការស៊ើប អង្កេតដើម្បីរកឱ្យឃើញពីមូលហេតុ និងអ្នកពាក់ព័ន្ធឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ ដោយរាជ រដ្ឋាភិបាលមិនបានការពារចំពោះអ្នកប្រព្រឹត្តិខុសនោះទេ៕

សិទ្ធិមនុស្ស UN ត្រៀមផ្តល់កិច្ចសហការផ្នែកបច្ចេកទេសលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៤ ខែកក្កដា បានជួបពិភាក្សាការងារជាមួយ លោក ជំទាវ មីឆែល បាឆេឡេត (Michelle Machelet) ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុក សិទ្ធិ មនុស្ស។សម្តេចតេជោ បានបញ្ជាក់ប្រាប់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សថា រាជរដ្ឋាភិ បាល ទទួលយកអនុសាសសន៍១៧៣ រីឯ២៥ទៀត រាជរដ្ឋាភិបាលកម្ពុជាគ្រាន់តែធ្វើការកត់សម្គាល់ តែ ប៉ុណ្ណោះ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រទេសកម្ពុជាបានធ្វើការងារ ចប់សព្វគ្រប់ ហើយជាមួយឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយក្នុងចំណោម ប្រទេសចំនួន៧៣ ដែលបានផ្តល់អនុសាសន៍ចំនួន១៩៨ ដល់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលទទួល យក១៧៣ រីឯ២៥ទៀត រាជរដ្ឋាភិបាលកម្ពុជាគ្រាន់តែធ្វើការកត់សម្គាល់តែប៉ុណ្ណោះ។

សម្តេចតេជោ បញ្ជាក់ថា កន្លងមកនេះមានការលាបពណ៌ដល់ប្រទេសកម្ពុជាដោយរូបភាពផ្សេងៗ ប៉ុន្តែអ្វីដែលកម្ពុជានៅតែធ្វើលើការងារអភិវឌ្ឍន៍ ការប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ ការការពារនិង លើកតម្កើងសិទ្ធិមនុស្ស។លោកជំទាវឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ទទួលស្គាល់ និងដឹងថាអ្វីដែលសម្ដេចតេជោ បានធ្វើ និងដឹកនាំប្រទេសកម្ពុជា បានរីកចម្រើនយ៉ាងខ្លាំង ជា ពិសេសសិទ្ធិផ្នែកសេដ្ឋកិច្ច សង្គម របស់ប្រជាពលរដ្ឋ។

លោកជំទាវបញ្ជាក់ឲ្យដឹងថា របាយការណ៍ នៅក្នុងការត្រួតពិនិត្យប្រចាំឆ្នាំនេះ នឹងចេញនៅថ្ងៃសុក្រនេះ ហើយលោកជំទាវបានលឺថា ប្រទេស កម្ពុជាបានទទួលយកនៃអនុសាសន៍ជាច្រើន ដែលបានលើកឡើងកន្លងទៅនេះ។ លោកជំទាវ បាន គូសបញ្ជាក់ថា ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ត្រៀមផ្តល់កិច្ចសហប្រតិបត្តិការ បច្ចេកទេស ដល់រាជរដ្ឋាភិបាល បើសិនមានតម្រូវការ។

លោកជំទាវមានប្រសាសន៍ថា ការិយាល័យឧត្តមស្នង ការ សិទ្ធិមនុស្សនឹងផ្តល់នូវអ្វីដែលកម្ពុជាត្រូវការ។ ការិយាល័យរបស់លោកជំទាវ ត្រៀមក្នុងការ ជួយដល់ប្រទេសកម្ពុជាជានិច្ច ជាពិសេសក្នុងការធ្វើរៀបចំ និងការពិនិត្យមើលឡើងវិញ នៅពាក់ កណ្ដាលអាណត្តិ នៃរបាយការណ៍នេះ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ឆ្នាំកន្លងទៅនេះយើងបាន ចុះកិច្ចព្រមព្រាងជា មួយគ្នាបន្ដអាណត្តិ នៃការិយាល័យសិទ្ធិមនុស្សនៅប្រទេសកម្ពុជា រយៈពេល២ឆ្នាំ។ សម្ដេចបានគូសបញ្ជាក់ថា ដើម្បីចៀសវាងការបារម្ភ យើងចុះហត្ថលេខាទៅលើកិច្ចព្រមព្រាងនេះ រៀងរាល់ពីរឆ្នាំម្ដង ដើម្បីកុំឲ្យមានកង្វល់។សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា នៅពេលណាគេ និយាយអំពីសិទ្ធិមនុស្សនៅប្រទេសកម្ពុជាកាន់តែច្រើនសម្ដេចតែងតែស្វាគមន៍អំពីតម្រូវការសិទ្ធិ មនុស្ស ជាមួយយើងតែម្ដង។ កន្លងមកនេះ សម្តេចបានធ្វើការងារជាច្រើន ដើម្បីជំរុញការអភិវឌ្ឍន៍ និងការពារលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។

ថ្មីៗនេះ សម្តេចបានធ្វើសកម្មភាព ដើម្បីជួយដល់ស្ត្រី ដែលមានក្តីក្តាំ ដោយបានបង្កើតក្រុមមេធាវី ត្រៀមជួយការពារក្តីជូនពួកគេដោយឥតគិតថ្លៃ។ សម្តេចតេជោបានបញ្ជាក់ថា សម្តេចបានបង្កើនថវិកាជាតិសម្រាប់ក្រសួងកិច្ចការនារីក៏ដូចជាក្រសួង យុត្តិធម៌សម្រាប់ធ្វើការងារជួយដល់សំណុំរឿងរបស់ស្ត្រី ដែលខ្វះមេធាវី៕

វត្ថុបុរាណ៨៥មុខត្រូវបានសប្បុរសជនជប៉ុនប្រគល់ជូនដល់សារមន្ទីរជាតិ

ភ្នំពេញ ៖ សារមន្ទីរជាតិ បានចុះហត្ថលេខាទទួលយកវត្ថុបុរាណតូចៗ ចំនួន៨៥មុខ ដែលជាសប្បុរស ជន ជនជាតិជប៉ុនបានប្រគល់ជូន កាលពីព្រឹកថ្ងៃទី៥ខែកក្កដា។ពិធីចុះហត្ថលេខាបានធ្វើ ឡើងរវាង លោកគង់វរ:ប្រធានសារមន្ទីរជាតិនិងលោកស្រីហ្វូមីកូតាកូវ៉ា(FoumikoTakowa) សប្បុរសជន ជប៉ុន បានស្មគ្រ័ចិត្តយកវត្ថុបុរាណដែលក្រុមគ្រួសារគាត់ខិតខំប្រមូលទិញបានជាច្រើនឆ្នាំមកហើយ។

លោកស្រីហ្វូមីកូតាកូវ៉ា (FoumikoTakowa) សប្បុរសជនជប៉ុន បានបង្ហាញអារម្មណ៍ត្រេកអរ ដែលបានឃើញវត្ថុបុរាណរបស់គាត់វិលមកកាន់កម្ពុជាវិញ តាមក្តីបំណងរបស់គាត់។ គាត់សង្ឃឹមថានេះជាកាយវិការផ្សព្វផ្សាយមួយទៅដល់ប្រជាជនកម្ពុជាបានដឹងនិងរួមគ្នាប្រមូលនិងការពារវត្ថុបុរាណកុំឲ្យបាត់បង់។ អំណោយវត្ថុបុរាណដែលត្រូវបានលោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា ដែលជាជនជាតិជប៉ុន សម្រេចប្រគល់ជូនកម្ពុជាវិញ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធស្វាមីរបស់លោកស្រី។

លោក ប្រាក់ សុវណ្ណរ៉ា រដ្ឋលេខាធិការក្រសួងវប្បធ៌មនិងវិចិត្រសិល្ប: បានបញ្ជាក់ថា ការទទួលយក អំណោយ ជាវត្ថុបុរាណពីសប្បុរសជន ពីជនជាតិជប៉ុននេះក្នុងគោលបំណងបានផ្សព្វផ្សាយទៅដល់ ប្រជាជនកម្ពុជា ទាំងអស់ថា វត្ថុបុរាណខ្មែរដែលបាត់បង់បានវិលត្រឡប់ មកដល់មាតុភូមិវិញហើយ ។ ក្រសួងវប្បធម៌ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានសម្ដែងការកោតសសើរ និងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា មានចិត្តសប្បុរសប្រគល់វត្ថុ បុរាណទាំងនេះ ជូនមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងថ្លែងអំណរគុណចំពោះលោក ម៉ាសាម៉ូតូ ហ្វូស៊ីណូ និងភរិយា ដែលបាសម្របសម្រួល និងដឹកនាំវត្ថុបុរាណនេះមកប្រទេស កម្ពុជា។

ក្រសួងវប្បធម៌ ក៏បានលើកទឹកចិត្តដល់បុគ្គលឯកជន សារមន្ទីរ, ក្រុមហ៊ុន ក៏ដូចជាស្ថាប័ននានា លើសាកលលោក ដែលកំពុងតាំងបង្ហាញ និងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សូមសហការជា មួយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាតាមរយៈស្ថានទូតកម្ពុជា នៅតាមប្រទេសនីមួយៗ ក្នុងការស្ម័គ្រចិត្តប្រគល់វត្ថុបុរាណទាំងនោះមកកម្ពុជាវិញ៕

វត្ថុបុរាណទាំង៨៥មុខ មានបដិមាព្រហ្មញ្ញសាសនា, ព្រះពុទ្ធសាសនា, គ្រឿងលំអ, ត្រាមានលំអរូប សត្វ ធ្វើពីសំរិទ្ធ, បំណែកតុបតែង, ខ្សែកធ្វើពីមាស, កុលាលភាជន៍ និងអកកំបោរធ្វើពីស្ពាន់ ដែល មានអាយុកាល ក្នុងសម័យបុរេប្រវត្តិសាស្រ្ដសម័យមុនអង្គរ, សម័យអង្គរ និងសម័យក្រោយអង្គរ ។

ក្នុងនាមក្រសួងវប្បធម៌និងវិចិត្រសិល្ប:មានក្តីរីករាយណាស់ដែលមានសប្បុរសជនបានផ្តល់វត្ថុបុរាណមកឲ្យសារមន្ទីរជាតិវិញ។នេះបង្ហាញពីក្រមសីលធម៌មួយល្អប្រពៃរបស់ជាជនជាតិជប៉ុន។យើងចង់ឲ្យយុវជនខ្មែរយល់ពីតម្លៃវត្ថុបុរាណរួមគ្នាជួយការពារកុំឲ្យបាត់បង់តទៅទៀត៕
សំ វណ្ណា

ក្រុមហ៊ុនរបស់ស្វីសចំនួន៦ ចាប់អារម្មណ៍វិនិយោគនៅកម្ពុជាលើវិស័យសុខាភិបាល និងថាមពល

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សា ការងារជាមួយតំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៦ កាលពីម្សិលម៉ិញនាទីក្រុងហ្សឺណែវ ប្រទេស ស្វីស។ តំណាងក្រុមហ៊ុនទាំង៦ បានបង្ហាញបំណងក្នុងការវិនិយោគលើវិស័យនានានៅកម្ពុជា ពិសេស លើវិស័យថាមពល សុខាភិបាល និងបច្ចេកវិទ្យា។

តំណាងក្រុមហ៊ុនអន្តរជាតិបានលើកឡើងពីការរីកចម្រើននៅក្នុងប្រទេសកម្ពុជា ពិសេសកំណើនសេដ្ឋកិច្ច ធ្វើអោយក្រុមហ៊ុនរបស់លោក មានការចាប់អារម្មណ៍ចង់មកធ្វើការវិនិយោគ ទៅ លើវិស័សុខាភិបាល ជាពិសេសមានបំណងចង់កសាងមន្ទីរពេទ្យថ្មី និងមជ្ឈមណ្ឌលថែទាំសុខភាព នៅក្នុងប្រទេសកម្ពុជា។ជាពិសេសទៅទៀត ពួកគាត់ក៏មានការចាប់អារម្មណ៍ទៅលើវិស័យថាមពល វិស័យបច្ចេកវិទ្យាផងដែរ។ តំណាងក្រុមហ៊ុន បានគូសបញ្ជាក់ថា គាត់បានរៀបចំគម្រោងរួចហើយ ទាក់ទងនឹងវិស័យសុខាភិបាល ដែលគាត់បានរៀបចំនូវគម្រោងវិនិយោគលើទឹកប្រាក់ប្រមាណ ជា ប្រមាណជា៤០លានដុល្លារ។ លើសពីនេះទៅទៀត គាត់មានបំណងចង់ចូលរួម ក្នុងការបណ្ដុះ បណ្ដាល និងកសាងសមត្ថភាពលើវិស័យសុខាភិបាល នេះផងដែរ។

សម្តេចបានគូស បញ្ជាក់ថាកន្លងទៅនេះ ប្រជាជនកម្ពុជាតែងតែទៅព្យាបាលនៅឯក្រៅប្រទេសដូចជា ប្រទេស វៀតណាម ប្រទេសថៃ និងប្រទេសសិង្ហបុរីជាដើម។ សម្តេចតេជោបានបញ្ជាក់បន្ថែមថា ប្រសិន បើមានអ្នកវិនិយោគទៅដាក់ទុនលើវិស័យសុខាភិបាលនៅឯប្រទេសកម្ពុជានោះ វាជារឿងល្អ ដោយ សារអាចផ្ដល់សេវាផ្នែកសុខាភិបាល នេះ ដល់ប្រជាពលរដ្ឋខ្មែរ និងអាចមានជំនឿទុកចិត្តពីប្រជា ពលរដ្ឋខ្មែរផងដែរ។

សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះដោយសារតែកម្ពុជា មានកំណើនភ្ញៀវទេសចរច្រើន ដូច្នេះវិស័យសុខាភិបាលដែលបង្កើតនៅប្រទេសកម្ពុជានោះ មិនត្រឹម តែសម្រាប់ព្យាបាលដល់ប្រជាពលរដ្ឋកម្ពុជា ប៉ុណ្ណោះទេ ក៏ប៉ុន្តែ អាចបំរើសេវាកម្ម ផ្នែកសុខា ភិបាលនៅដល់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជាផងដែរ។ សម្ដេចតេជោស្នើ ឲ្យក្រុម ហ៊ុនអ្នកវិនិយោគទាំងអស់ទៅសិក្សាក៏ដូចជាទៅទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការ ពិភា ក្សា ការងារជាក់ស្ដែង និងដើម្បីអាចធ្វើការវិនិយោគ ក្នុងប្រទេសកម្ពុជាតែម្ដង លើវិស័យដែល មាន បំណងចង់វិនិយោគនោះនោះ ជាពិសេសលើផ្នែកបណ្ដុះបណ្ដាលធនធានមនុស្ស សម្ដេចបានមាន ប្រសាសន៍ថាប្រសិនបើអាចចាប់ជាដៃគូជាមួយសាលារៀន ដែលមានស្រាប់នៅប្រទេស កម្ពុជា ទាំង សាលារដ្ឋនិងសាលាឯកជនគឺកាន់តែប្រសើរ៕

ម្ចាស់សំណង់កាន់តែព្រួយបារម្ភខ្លាំងករណីយកខ្សាច់សមុទ្រមកលាយខ្សាច់ទឹកសាបសម្រាប់សាងសង់

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ កំពុងមានការព្រួយបារម្ភ ចំពោះសំណង់រីក ដុះដាលដូចផ្សិត ទាំងសំណង់របស់ខ្មែរ និងសំណង់វិនិយោគរបស់ជនជាតិចិន នៅក្នុងក្រុងព្រះ សីហនុ ដោយសារតែមន្ត្រីជំនាញ មិនបានគិតគូរដិតដល់ពីលក្ខណៈបច្ចេកទេស ។

បច្ចុប្បន្ននៅក្រុង.ខេត្តព្រះសីហនុ មានក្រុមហ៊ុនខ្សាច់ជាច្រើនដែលកំពុងកាក់កបលើមុខរបរ លក់ ខ្សាច់ដោយសារវិស័យសំណង់ហក់ឡើងយ៉ាងគំហ៊ុកធ្វើឲ្យពួកគេជាម្ចាស់អាជីវកម្មទាំងនោះនាំគ្នាលេងល្បែងថ្ពិនភ្នែក យកខ្សាច់សមុទ្រ ឬខ្សាច់បូបពីព្រែក ដែលតភ្ជាប់ទៅសមុទ្រ ឬខ្សាច់ក្នុងស្ទឹង លាយដី យកមកលាយគ្នាជាមួយខ្សាច់ក្នុងស្រុក ដោយព្ឬើខ្សាច់មកពីកំពង់ស្ពឺ តិចតួច បណ្តាលឱ្យ គុណភាពបេតុងមិនមានលក្ខណត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស និងមិនរឹងមាំ។

ប្រជាពលរដ្ឋដែលធ្វើដំណើរតាមតិរៈវិថីសម្តេចហ៊ុនសែន បានសង្កេតឃើញ ក្រុមហ៊ុន ឡេង ជិន ដែលមានទីតាំងនៅជិតមណ្ឌល0៣ ( ទំនប់រកចាស់)សង្កាត់លេខ0១ ក្រុងព្រះសីហនុ ជាក្រុមហ៊ុនផ្គត់ផ្គងខ្សាច់ដ៍ធំមួយ បាននាំខ្សាច់តាមសាឡង់មកពីស្រែអំបិល និងកោះកុង និង ខ្សាច់ មកពីខេត្តកំពង់ស្ពឺ តិចតួច យកមកលាយចូលគ្នាធ្វើបាត់បង់គុណភាពសំណង់ អាចបង្ករហានិភ័យ ដល់ម្ចាស់សំណង់ដួលរលំបាក់រងគ្រោះថ្នាក់ដល់អាយុជីវិតទៅថ្ងៃមុខ។

ប្រភពដដែល បានបន្តឲ្យដឹងបន្ថែមថា បច្ចុប្បន្ននៅក្នុងសង្កាត់លេខ0៣ មានទីតាំងក្រុមហ៊ុន ខ្សា ច់ចំនួន៣កន្លែង កំពុងធ្វើសកម្មភាពដឹកខ្សាច់សមុទ្រ តាមសាឡង់ មកយកមកលាយ និងខ្សាច់ មក ពីកំពង់ស្ពឺ មានចំនួន០៣ទីតាំង ទី១/ក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទី២/ ខាងមុខផ្លូវចូលផែ ច្រកទី១ និងទី៣ /ជិតស្នាក់ការមណ្ឌល៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។ ក្រុម ហ៊ុនខ្សាច់ទាំង ៣ខាងលើនេះ មិនដែលមានមន្ត្រីជំនាញចុះមកពិនិត្យអំពីគុណភាពខ្សាច់ម្តងណាឡើយ គឺធ្វើតាម តម្រូវការទីផ្សាររោងចក្រក្រឡុកសីម៉ងតែបណ្ណោះ ពួកគាត់មិនបានគិតគូរពីគុណភាពបេតុង របស់ ពួកគាត់ទេ ព្រោះតម្រូវការបេតុងមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប្រសិនបើដឹកខ្សាច់ មាន គុណភាព យកមកផ្គត់ផ្គង់ តាមតម្រូវការឲ្យរោងចក្រក្រឡុកសីម៉ង់មិនទាន់ទេ គឺត្រូវបូមយកខ្សាច់ សមុទ្រ ឬព្រែកជាប់ដៃសមុទ្រ មកលាយទើបអាចយកមកផ្គត់ផ្គង់ អោយរោងចក្រ និងអតិថិជន បានទាន់ពេលវេលា ដោយមិនខ្វល់ពីគុណភាព ដែលជាការប្រឈមទៅ នឹងការរលំបាក់អាគារ និង គ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។

ដោយឡែក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍លើកឡើងឮ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសតែងតាំងផ្លាស់ប្តូរអភិ បាល ខេត្តព្រះសីហនុ ថា សំណង់មានគុណភាពបានល្អ ក៍ត្រូវកាតខ្សច់មានគុណភាពល្អដែរ តែបើ យកខ្សាច់សមុទ្រ ខ្សាច់ពីព្រែក តភ្ជាប់សមុទ្រទឹកសាប និងទឹកប្រៃ និងខ្សាច់លាយដី យកមកធ្វើ សំណង់ មិនអាចធានាគុណភាពសំណង់បានទេ ។ ដូច្នេះរាល់ការដ្ឋានសំណង់ត្រូវធានាខ្សាច់ មាន គុណភាពក្នុងការប្រើប្រាស់បានយូរ ។

គួររំលឹកឲ្យដឹងផងដែរថានៅរសៀលថ្ងៃទី0២ ខែកក្កដា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ បានដឹក នាំមន្ត្រីបច្ចេកទេស ចុះត្រួតពិនិត្យការដ្ឋានសំណង់ ធ្វើពីគ្រោងឆ្អឹងដែក ចំនួន ៣កន្លែង នៅភូមិ២ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ លោកអភិបាលខេត្ត បានឲ្យម្ចាស់ការដ្ឋាន សំណង់ទាំង0៣ទីតាំងផ្អាកសកម្មភាពសាងសង់ រង់ចាំក្រុមបច្ចេកទេសត្រួតពិនិត្យពីលក្ខណៈបច្ចេ កទេស សំណង់ ទើបអាចបន្តការសាងសង់បាន។
ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ អ្នកយកព័ត៌មាន មិនអាចស្វែងរកការ ពន្យល់ ពីមន្ត្រីជំនាញបាននៅឡើយទេ៕

ស្ត្រីវ័យក្មេងម្នាក់ត្រូវជាប់ទោស១៦៥ឆ្នាំដោយសារពាក់ព័ន្ធជាមួយប្តីជាចោរប្លន់

ភ្នំពេញ ៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ស្ត្រីដែលកំពុងជាប់ពន្ធនាគារ ហើយមានទោស១៦៥ឆ្នាំនោះ ជាមួយបទល្មើសពី៨ទៅ៩កន្លែង ឬសម្លាប់មនុស្ស៨ ឬ៩នាក់ ដោយស្ត្រីរូបនេះជាប់ពាក់ព័ន្ធនឹងប្តីជាចោរប្លន់ជាក្រុមដ៏សាហាវនៅភ្នំពេញ។

ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា ករណីស្ត្រីជាប់ទោសរហូតដល់ ១៦៥ឆ្នាំ ហើយកំពុងជាប់ពន្ធនាគារនៅម២ ថា ការជាប់ទោសរហូតដល់ជាង ១០០ឆ្នាំនេះ ដោយសារតែអ្នកទោសនោះ បានប្រព្រឹត្តិបទល្មើសពី៨ទៅ៩កន្លែង ឬសម្លាប់មនុស្ស៨ឬ៩នាក់។ ស្ត្រីរូបនេះ ជាប់ពាក់ព័ន្ធនឹងប្តីជាចោរប្លន់ជាក្រុមដ៏សាហាវ ដែលជាមុខសញ្ញាប្លន់យ៉ាងសាហាវជាក្រុម ហើយប្តីត្រូវបានគេបាញ់ស្លាប់ ចំណែកបក្ខពួកផ្សេងទៀត រួមទាំងនាងត្រូវចាប់បានយក មកអនុវត្តទោសរហូតមកដល់បច្ចុប្បន្ន។ លោកថា ប៉ុន្តែទោះបីជាយ៉ាងណានឹង ត្រូវអនុវត្តទោសណាដែល មានចំនួនច្រើនឆ្នាំដែលច្បាប់កំណត់ ចំពោះអំពើនៃបទល្មើសដែលបានប្រព្រឹត្តិប៉ុណ្ណោះ។

អ្នកទោសនេះមិនមែន ប្រព្រឹត្តបទល្មើសរយៈពេលឆាប់ទេ គឺអាចធ្វើសកម្មភាពច្រើនឆ្នាំ ហើយគេបូកបញ្ចូលគ្នា។ គេមិនអនុវត្តទោស១៦៥ឆ្នាំនោះទេ គឺចៅក្រមអនុវត្តទោស ណាដែលខ្ពស់ជាងគេ។ ស្រ្តីនោះអាចប្តឹងទៅសាលាឧទ្ធរណ៍ ឬសាលាកំពូលបន្តបាន នៅពេលប្រកាសជាស្ថាពរ អាចសម្រេចទោសពី២០ឆ្នាំ ឬ៣០ឆ្នាំនោះ គឺជាការសម្រេចរបស់ ចៅក្រមនៃសាលឧទ្ធរណ៍ ឬសាលាកំពូល ។

នៅពេលចាប់ខ្លួននាងមានគភ៌ ៣ខែមកហើយ ដូច្នេះពេលនេះនាងបាន ជាប់ពន្ធនាគារ៣ឆ្នាំហើយ។ តាមច្បាប់កូនដែលមានអាយុក្រោម៣ ឆ្នាំ កូនអាចនៅជាមួយម្តាយបាន លើកលែងតែម្តាយមិនឲ្យនៅជាមួយ ហើយបើកូនមានអាយុលើសពី៣ឆ្នាំ ច្បាប់មិនអនុញ្ញាតឲ្យកូននៅជាមួយនោះទេ” ។ រដ្ឋមន្ត្រីក៏បានឲ្យដឹងថា លោកក៏កំពុងតាមដានលើសំណុំរឿង ប៉ុន្តែអ្វីៗគឺជាការងាររបស់តុលាការ ព្រោះ តុលាការបានធ្វើទៅតាមច្បាប់ត្រឹមត្រូវ។

គួរបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមចំនួន៤ផ្តន្ទាទោសផ្សេងគ្នា បើបូករួមទាំងទោសក្នុងសំណុំរឿង នីមួយៗកើនឡើងដល់១៦៥ឆ្នាំ ក៏ប៉ុន្តែសាលក្រមនេះមិនទាន់ចប់នោះទេ គឺបានប្តឹងដល់សាលាឧទ្ធរណ៍ ។ អ្នកទោសស្ត្រីខាងលើនេះ មានសំណុំរឿងរហូតដល់ ៩បូកបញ្ចូលគ្នា ទើបគាត់មានទោសរហូងដល់១៦៥ឆ្នាំ។

កាលពីថ្ងៃទី២ កក្កដាកន្លងទៅ លោក កែវ រ៉េមី បានបញ្ជាក់នៅលើហ្វេសប៊ុកថា នាយិការអង្គការអភិវឌ្ឍកុមារកម្ពុជា លោកស្រី ឈូក សីហា យកទៅចិញ្ចឹមបី បាច់ថែរក្សា។ នៅថ្ងៃនេះ លោក កែវ រ៉េមី បានអរគុណ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯ.ឧ ជីវ កេង អនុប្រធានតុលាកំពូលដែលបានយកចិត្តទុកដាក់លើករណី ពេជ្រ សូណែតដើម្បីបង្កើនល្បឿនទាក់ទងបណ្តឹងឧទ្ធរណ៍។ កាលណាចូលជាស្ថាពរហើយ, តុលាការនឹងប្រើវិធានស្រូបទោស ដោយយកទោសធ្ងន់ជាងគេតែមួយយកមកអនុវត្តន៍ បើទោះជាគាត់ជាប់ទោសច្រើនរាប់សិបឆ្នាំច្រើនករណីយ៍យ៉ាងណាក៏ដោយ។ លោកថា «ខ្ញុំនឹងស្នើមេធាវីសម្តេចតេជោជួយទទួលរឿងក្តីនេះ»៕

គួរដឹងពីតម្លៃ និងការធ្វើដំណើរតាមរថភ្លើងពីភ្នំពេញ ទៅក្រុងបាងកក

បន្ទាយមានជ័យ ៖ អ្នកដែលមានបំណងទៅមកកម្ពុជា ថៃ អាចធ្វើដំណើរពីក្រុងភ្នំពេញ ទៅក្រុងបាងកក តាមរយៈរថភ្លើងផ្ទាល់តែម្ដងបានដោយងាយស្រួលហើយ បន្ទាប់ពីសេវារថភ្លើងប្រចាំថ្ងៃថ្មីរវាងក្រុងបាងកក និងស្ថានីយបានក្លងលឹក ក្នុងខេត្តស្រះកែវ ជាប់ព្រំដែនកម្ពុជា ចូលមក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកដំណើរការនៅថ្ងៃ ទី១ ខែកក្កដា ឆ្នាំ២០១៩។

តាមតារាងធ្វើដំណើររបស់ក្រុមហ៊ុនរ៉ូយ៉ាល់រ៉េលវេ ដែលបង្ហោះលើ Page Facebook បានឲ្យដឹងថា សេវារថភ្លើងនេះ ត្រូវបាបែកចែកជាពីរដំណាក់កាលសម្រាប់ការធ្វើដំណើរពីទីក្រុងភ្នំពេញ ទៅទីក្រុងបាងកក គឺ ទី១ ការជិះពីស្ថានីយរថភ្លើងក្រុងភ្នំពេញ ទៅកាន់ស្ថានីយរថភ្លើងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលចំណាយពេលប្រមាណជា ១២ ម៉ោង។ ចេញដំណើរពីភ្នំពេញម៉ោង ៧ ព្រឹក ទៅដល់ប៉ោយប៉ែត ម៉ោងប្រមាណ ៦ ៖៤០ ល្ងាច ដែលមានតម្លៃសំបុត្រ ៧ ដុល្លារ សន្លឹក។ នេះបើ ។

បើមានបំណងឆ្លងចូលទៅប្រទេសថៃ ត្រូវចុះពីរថភ្លើងប៉ោយប៉ែត ធ្វើដំណើរប្រមាណជាង ១គីឡូម៉ែត្រទៀត ទើបទៅដល់ស្ថានីយបានក្លងលឹក ក្នុងខេត្តស្រះកែវ រួចបន្តដំណើរពីស្ថានីយនេះ ទៅកាន់ស្ថានីយក្រុងបាងកក តែម្តង។

គួរជម្រាបដែរថា ការធ្វើដំណើរពីស្ថានីយបានក្លងលឹក ទៅដល់ក្រុងបាងកក មានចម្ងាយ ២៦០ គីឡូម៉ែត្រ ត្រូវប្រើពេលប្រមាណ ៥ ទៅ ៦ ម៉ោង តាមរថភ្លើងលេខ ២៨០ និង ២៧៦ តម្លៃសំបុត្រ ២៥ បាត (ប្រមាណ ៣.៣០០ រៀល ) សម្រាប់កូនក្មេង និង ៤៩ បាត (ប្រមាណ ៦.៦០០ រៀល) សម្រាប់មនុស្សចាស់។ រថភ្លើងចេញពីស្ថានីយបានក្លងលឹក នេះ មានចំនួនពីរជើង ដោយជើងទីមួយចេញនៅម៉ោង ៦ ៖ ៥៨នាទីព្រឹក និងជើងទីពីរចេញនៅម៉ោង១ ៖ ៥៣ នាទីថ្ងៃត្រង់។ ដូចនេះត្រូវសម្រាកនៅប៉ោយប៉ែតមួយយប់ ទើបអាចបន្តដំណើរទៅក្រុងបាងកក តាមរយៈខ្សែរថភ្លើងនេះបាន៕

ថៃ-ឡាវ បើកគម្រោងសាងសង់ផ្លូវ១២០គ.ម. ភ្ជាប់ពីក្រុងវៀងចន្ទរបស់ឡាវ ទៅភាគខាងជើងថៃ

ឡាវ ៖ ផ្លូវពីរគន្លងប្រវែងសរុបជាង ១២២គីឡូម៉ែត្រ ដែលតភ្ជាប់ប្រទេសឡាវ និងថៃ ត្រូវបានបើកគម្រោងសាងសង់ហើយដោយត្រូវចំណាយពេលសាងសង់ ៣៦ខែ ហើយនឹងបើកឱ្យដំណើរការជាសាធារណៈនៅក្នុងអំឡុងឆ្នាំ២០២២ ខាងមុខ។ គម្រោងនេះ នឹងចំណាយជាង ១,៨ពាន់លានបាត (ជាង ៥៨លានដុល្លារអាមេរិក) គាំទ្រដោយកម្ចីរបស់ទីភ្នាក់ងារ NEDA ប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់ Vientianetimes នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩។

គួរជម្រាបថា កាលពីចុងខែមិថុនាកន្លងទៅ រដ្ឋមន្ត្រីក្រសួងសាធារណការ ឡាវ និងថៃ បានចុះកិច្ចព្រមព្រៀងលើគម្រោងសាងសង់ផ្លូវជាតិលេខ១១ ដែលតភ្ជាប់ពីក្រុងវៀងចន្ទន៍ ឆ្លងកាត់ខេត្ត Xayaboury នៃប្រទេសឡាវ ទៅកាន់ភាគខាងជើងនៃប្រទេសថៃ។ ផ្លូវនេះ នឹងត្រូវសាងសង់ជា២គន្លង (១ទៅ១មក) ដោយក្នុង១គន្លងមានទំហំ ៣,៥ម៉ែត្រ និងមានស្ពានចំនួន១៩កន្លែង។ ផ្លូវនេះ នឹងអនុញ្ញាតឱ្យយានយន្តអាចបើកបរក្នុងល្បឿន ៨០គីឡូម៉ែត្រក្នុង១ម៉ោង (តំបន់ភ្នំ ៤០គីឡូម៉ែត្រក្នុង១ម៉ោង)៕

ឃុំចំនួន៤ របស់ស្រុកស្អាងខេត្តកណ្តាល ត្រូវកាត់ចូលក្នុងរដ្ឋបាលក្រុងតាខ្មៅ

ខេត្តកណ្តាល ៖ ឃុំចំនួន៤ របស់ស្រុកស្អាង ត្រូវបានកាត់ចូលក្រុងតាខ្មៅ ក្នុងនោះមានឃុំស្វាយរលំ ឃុំកោះអន្លង់ចិន ឃុំសិត្បូ ឃុំរការខ្ពស់ និងដីមួយផ្នែកនៃស្រុកកណ្តាលស្ទឹង ត្រូវបានធ្វើការប្រកាសកែសម្រួលព្រំប្រទល់រវាងរដ្ឋបាលក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។

លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលមានប្រសាសន៍ថា ការកែសម្រួលព្រំប្រទល់រវាងរដ្ឋបាល នៅពេលនេះធ្វើឡើងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលលេខ០៩អនក្របក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ស្តីពីការកែសម្រួលព្រំប្រទល់រវាងរដ្ឋបាលក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល ។

លោកបន្តថា សង្កាត់ទាំង៤ដែលធ្វើការកាត់បញ្ចូល ក្នុងក្រុងតាខ្មៅនៅពេលនេះ នឹងមានការអភិរឌ្ឍន៍ ដូចសង្កាត់ទាំង៦របស់ក្រុងតាខ្មៅ ដោយឯកឧត្តមបានត្រៀមថវិកាមួយចំនួនក្នុងការអភិវឌ្ឍន៍ ក្នុងនោះឯកឧត្តមបានផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា ការអភិវឌ្ឍន៍ ទឹក ភ្លើង ផ្លូវ និងមនុស្ស។

ហើយសង្កាត់ថ្មី ៤នេះ ត្រូវផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្លួនក្នុងរបៀបធ្វើការពីឃុំមកសង្កាត់។ ចំពោះស្រុកស្អាង ត្រូវបំពេញកិច្ចការដែលនៅសល់អោយហើយអស់ ហើយប្រសិនបើឯកសារនោះមានរយៈពេលយូរ ត្រូវធ្វើការផ្លាស់ប្ដូរ និងផ្ទេរទៅឲ្យក្រុងតាខ្មៅដើម្បីធ្វើការអនុវត្តបន្ត ពិសេសការងារផ្ដល់សេវាជូនប្រជាពលរដ្ឋ កុំអោយមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។

លោកក៍បានលើកឡើងពីបញ្ហាការយកសួនច្បារសាធារណៈ ទីកន្លែលំហែកាយហាត់ប្រាណ និងចិញ្ចើមផ្លូវធ្វើការប្រកបរបររកស៊ីផ្សេងៗ ដែលមានភាពអនាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ របៀបរៀបរយ បាត់បង់សោភ័ណ្ឌភាពទីក្រុង និងមានការ រិះគន់ពីប្រជាពលរដ្ឋ។
ឯកឧត្តមបានស្នើឲ្យសង្កាត់ទាំងអស់ត្រូវធ្វើការរៀបចំ នៅតាមចិញ្ចើមផ្លូវក៏ដូចជាទីធ្លាសាធារណៈសួនច្បារ ធ្វើការលក់ដូរឱ្យមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ដោយមិនត្រូវយកទីធ្លាសាធារណៈក៍ដូចជាសួនច្បារ និងសួនលំហែកាយហាត់ប្រាណធ្វើជាកន្លែងប្រកបរបររកស៊ីនោះឡើយ។

លោកក៍បានស្នើឲ្យអាជ្ញាធរក្រុងតាខ្មៅក៏ដូចជាមន្ទីរពាក់ព័ន្ធ ពិសេសគណៈកម្មការអភិវឌ្ឍន៍ក្រុងតាខ្មៅ ត្រូវធ្វើការសិក្សារកទីតាំង បង្កើតវិថីម្ហូបអាហារ ដើម្បីឱ្យប្រជាពលរដ្ឋប្រករបររកស៊ីនៅទីនោះ ដោយមានសណ្តាប់ធ្នាប់របៀបរៀបរយ ព្រោះទីក្រុងតាខ្មៅគឺជា សមាជិកនៃទីក្រុងទេសចរណ៍អាស៊ាន ហើយទីក្រុងតាខ្មៅត្រូវធ្វើខ្លួនដើម្បីប្រកួតប្រជែងនៅក្នុងទីក្រុងអាស៊ាន ដោយមិនមែនជាទីក្រុងមួយដែលមានភាពអាណាធិបតេយ្យ មិនមានសណ្ដាប់ធ្នាប់ របៀបរៀបរយនោះទេ ហើយទីក្រុងតាខ្មៅនេះដែរក៍មានការប្រកួតប្រជែងជាមួយទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អផងដែរ៕

នាយកប្រតិបត្តិនៃក្របខណ្ឌពង្រឹងសមាហរណកម្មពាណិជ្ជកម្ម សរសើរកម្ពុជា លើការរក្សាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ

ស្វីស ៖ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត រតនាកា អាឌីការី (Ratnakar Adhikari) នាយកប្រតិបត្តិនៃក្របខណ្ឌពង្រឹងសមាហរណកម្មពាណិជ្ជកម្ម។

លោកនាយកប្រតិបត្តិបានមានប្រសាសន៍ថា លោកមានការចាប់អារម្ម ណ៍អំពីកំណើនសេដ្ឋកិច្ចកម្ពុជា ដែលទទួលបានក្នុងរង្វង់៧%ក្នុងរយៈពេលជាង២ទសវត្សរ៍នេះ។

លោកនាយកប្រតិបត្តិ បានចូលរួមអបអរសាទរដល់កម្ពុជាដែលរក្សាបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួន ហើយនាយកប្រតិបត្តិចង់ដឹងអំពីបទពិសោធន៍របស់ប្រទេសកម្ពុជា។ លោកបានគូសបញ្ជាក់ថា សេដ្ឋកិច្ច៧%កន្លងមកនេះគឺលើសពីទិសដៅអភិវឌ្ឍន៍ចីរភាពដែលបានកំណត់កន្លងទៅនេះ ហើយជាពិសេសទៀត។ កន្លងមកនេះ នៅក្នុងក្របខណ្ឌដែលបានគាំទ្រប្រទេសកម្ពុជាគឺជាប្រទេសទី១ លើយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ដែលសម្ដេចតេជោបានប្រកាសនៅពេលសម្ដេចថ្លែងនូវសុន្ទរកថាក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយពាណិជ្ជកម្មសម្រាប់ឆ្នាំ២០១៩។

លោកនាយកប្រតិបត្តិបានមានប្រសាសន៍បន្តទៀតថា នេះជាលើកទី៤ហើយ នៃការសិក្សាយុទ្ធសាស្ត្រកាលពីឆ្នាំ២០០៦ ដែលយើងបានផ្ដល់នូវការឧបត្ថម្ភគាំទ្រគាំទ្ររហូតមក។

សម្តេចតេជោបានគួសបញ្ជាក់ថា កម្ពុជានៅមានសក្តានុពលជាច្រើនទៀតក្នុងក្រខណ្ឌអាស៊ានជាពិសេសក្នុងការជំរុញពាណិជ្ជកម្មផ្ទៃក្នុងរបស់អាស៊ាន ដោយសារបច្ចុប្បន្នសេដ្ឋកិច្ចសេរីរវាងអាស៊ាន និងបណ្ដាប្រទេសដែលជាដៃគូសន្ទនារបស់អាស៊ានក៏អាចធ្វើសមាហរណកម្មផងដែរ ហើយសម្ដេចក៏បានស្នើធ្វើយ៉ាងណាឲ្យបន្តជួយប្រទេសកម្ពុជាជាបន្តទៀតក្នុងការធ្វើសមាហរណកម្មពាណិជ្ជកម្មនេះ ហើយមិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាទេ ក៏ដូចជាប្រទេសដទៃទៀតផងដែរ៕

នំបញ្ចុក និងបង្អែមខ្មែរដាក់ទទួលភ្ញៀវសមាជិកអង្គការ WTO នៅក្រុងហ្ស៊ឺណែវ

ស្វីស ៖ អង្គការពាណិជ្ជកម្មពិភពលោកទទួលទានសាមគ្គីរួមគ្នា ក្នុងកម្មវិធីវប្បធម៌ និងសង្គមនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីយប់ថ្ងៃទី៣ ខែកក្កដា នេះ។

នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យជាប្រវត្តិសាស្រ្ត និងក្នុងនាមជាប្រទេសម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍សង្គម និងវប្បធម៌ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងថ្នាក់ដឹកនាំទាំងអស់នៃប្រទេសជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក អញ្ជើញពិសារនំបញ្ចុក និងបង្អែមប្រពៃណីជាតិខ្មែរ ដែលរៀបចំដោយអ្នកចុងភៅមកពី ប្រទេសកម្ពុជា និងប្រជាពលរដ្ឋនៅសហភាពអឺរ៉ុប។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងអ្នកចូលរួមទាំងអស់ បានភ្លក្សនូវរសជាតិនំបញ្ចុក និងបង្អែមប្រពៃណីជាតិខ្មែរ មានរសជាតិឆ្ងុយឆ្ងាញ់ ដែលជាមោទនភាពជាតិខ្មែរ ។
វត្តមាននៃការបង្ហាញនំបញ្ចុក និងបង្អែមខ្មែរនាពេលនេះ គឺកាន់តែធ្វើឲ្យ អន្តរជាតិកាន់តែស្គាល់នូវប្រពៃណី ទំនៀមទំលាប់របស់ខ្មែរ ពីរបៀបរបបនៃ ការរស់នៅ និងការអាហាររបស់កម្ពុជាផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងចំណាយពេលមួយថ្ងៃទៀត ដើម្បីស្នាក់នៅ និងជួបសំណេះសំណាលជាមួយពលរដ្ឋនៅស្វីស និងនៅប្រទេសអឺរ៉ុបផ្សេងទៀត ដើម្បីរិតចំណងសាមគ្គីភាពរវាងប្រជាពលរដ្ឋខ្មែរ នៅឯនាយសមុទ្រ ជាមួយថ្នាក់ដឹកនាំកំពូលរបស់ជាតិ៕

អេស្កាវ៉ាទ័រសម្អាតដីចំការកិនចំមីនតោន ផ្ទុះដាច់កង់មួយចំហៀង តៃកុងរួចផុតពីគ្រោះថ្នាក់

ឧត្តរមានជ័យ ៖ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទីល្ងាច ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចអូរហាសិប ស្ថិតក្នុងភូមិប្រាសាទក្រហមសែនជ័យ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ដែលបានអោយមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដោយសារតែអេស្កាវ៉ាទ័រ កាយដីព្រៃធ្វើចំការ ក៏ប៉ះចំគ្រាប់មីនតោន បណ្តាលអោយផ្ទុះដាច់កង់មួយចំហៀង តែមិនមានគ្រោះថ្នាក់ដល់តៃកុងនោះឡើយ។

តាមរបាយរណ៍របស់សមត្ថកិច្ចបានអោយដឹងថា ករណីផ្ទុះមីនតោនខាងលើ បណ្តាលមកពីអេស្កាវាទ័រ មួយគ្រឿង បើកបរដោយឈ្មោះ ទុយ តុលា ភេទ ប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិក្រសាំងថ្មី ឃុំជប់បូរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានបើកទៅកាយព្រៃសំអាតដីក្នុងចម្ការ ខណៈកំពុងកាយព្រៃស្រាប់តែបរទៅ កិនចំពីលើមីនតោនបណ្តាលឲ្យផ្ទុះតែម្ដង និងបានបង្កការខូចខាតអេស្កាវ៉ាទ័រ ដាច់ច្រវាក់ផ្នែកខាងឆ្វេង ចំណែកតៃកុងពុំមានរងរបួសនោះឡើយ។

គួរបញ្ជាក់ថា នេះជាករណីលើកទី២ហើយ ដែលមានហេតុការណ៍កើតឡើងផ្ទុះមីនតោន ជាប្រភេទគ្រាប់យុទ្ធភណ្ឌកប់ក្រោមដីនាសម័យសង្គ្រាម ដែលជាប់នៅក្បែរទីតាំងផ្ទុះមីតោនករណីទី១ កាលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចអូរហាសិប ស្ថិតក្នុងភូមិប្រាសាទក្រហម ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលបណ្តាលអោយគ្រឿងចក្រមួយគ្រឿង ប្រភេទអាប៊ុល រងការខូចខាតផងដែរ៕

ចិនគ្រោងធ្វើសមយុទ្ធយោធាមួយសប្តាហ៍នៅទីក្រុងហុងកុង ខណៈទីក្រុងនេះដុតរោលដោយបាតុកម្

ចិន ៖ រដ្ឋបាលក្រុងប៉េកាំង រៀបចំធ្វើសមយុទ្ធយោធារយៈពេលមួយសប្តាហ៍នៅក្នុងទីក្រុង ហុងកុង ស្របពេលទីក្រុងហុងកុង កំពុងជួបប្រទះរលកនៃបាតុកម្មប្រឆាំងរដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់កាសែតមួយដែលមានទំនាក់ទំនងជាមួយកងទ័ពនៅក្នុងប្រទេសចិន។

កងទ័ពរំដោះប្រជាជនចិន (PLA) បានរក្សាកម្លាំងនៅក្នុងទីក្រុងហុងកុងចាប់តាំងពីអតីតអាណានិគម អង់គ្លេសមួយនេះត្រូវបានប្រគល់ឲ្យទីក្រុងប៉េកាំងនៅឆ្នាំ១៩៩៧ ប៉ុន្តែកងទ័ពរបស់ខ្លួនមិនសូវជាបង្ហាញមុខទេហើយកម្រត្រូវបានគេឃើញ ស្លៀកពាក់ឯកសណ្ឋានជាសាធារណៈណាស់។

សមយុទ្ធយោធារបស់អង្គភាពនេះមិនបានទាក់ទាញការយកចិត្តទុកដាក់ច្រើន ទេកាលពីអតីតកាល។ប៉ុន្តែកាសែតដែលជាប់ពាក់ព័ន្ធនឹង PLA បានចេញផ្សាយរូបថតនៃសមយុទ្ធយោធារយៈពេលមួយសប្តាហ៍មួយកាលពីថ្ងៃ អង្គារពោលគឺមានរយៈពេលមួយថ្ងៃបន្ទាប់ពីក្រុមអ្នកតវ៉ាគាំទ្រ លទ្ធិប្រជាធិបតេយ្យបានសម្រុកចូលសភារបស់ទីក្រុងហុងកុងហើយបាន បន្សល់ទុកនូវសារប្រឆាំងចិននៅលើជញ្ជាំងដើម្បីជាការបង្ហាញកំហឹងមិន ធ្លាប់មានពីមុនមក។

ការប្រមូលផ្តុំគ្នាដ៏ធំសម្បើមបានបង្កចលាចលក្នុងទឹកដី ពាក់កណ្តាលស្វយ័តមួយនេះចាប់តាំងពីខែមុនមកដែលបង្កឡើងដោយការ ប្រឆាំងនឹងសេចក្តីព្រាងច្បាប់មួយដែលនឹងអនុញ្ញាតឲ្យមានការធ្វើ បត្យាប័នទៅចិនដីគោក។

កាសែត PLA Daily បាននិយាយនៅលើគណនី Weibo របស់ខ្លួនថា សមយុទ្ធរួមគ្នាកាលពីថ្ងៃពុធមុនដែលមានការចូលរួមពីកងកម្លាំងជើងគោក កងទ័ពជើងទឹកនិងកងទ័ពអាកាសគឺមានគោលបំណងពិនិត្យឡើងវិញនិងបង្កើន សមត្ថភាពប្រយុទ្ធរបស់អង្គភាពនេះក្នុងគ្រាមានអាសន្ន។

លោក Ni Lexiong នៃវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិក្រុងស៊ាងហៃបាននិយាយថា “គោលបំណងនៃសមយុទ្ធនេះគឺបង្ហាញយ៉ាងជាក់ស្តែង។ វាគឺដើម្បីព្រមានដល់ការប៉ុនប៉ងឯករាជ្យរបស់ហុងកុងនិងដើម្បី បង្អាក់ការជ្រៀតជ្រែកពីបរទេសនៅក្នុងកិច្ចការហុងកុង”។លោកអះអាងថា “ប្រសិនបើរឿងរ៉ាវកើតឡើងក្នុងកម្រិតកាន់តែខ្លាំងហើយប្រសិនបើ រដ្ឋាភិបាលក្រុងហុងកុងមិនអាចដោះស្រាយស្ថានភាពបានទេនោះ រដ្ឋាភិបាលកណ្តាលអាចនឹងប្រើទ័ព”៕

បាក់សំណង់ឃ្លាំងជនជាតិចិនមួយកន្លែងទៀតហើយ នៅក្រុងព្រះសីហនុ

ដោយ ៖ សហការី –

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី ៣ ខែកក្កដាឆ្នាំ ២០១៩ នេះ គឺមាន សំណង់ឃ្លាំងរបស់ជនជាតិចិន បានបាក់រលំរ​ាបដល់ ដីខណៈដែលមានព្យុះ និងភ្លៀង បានកើតឡើង នៅក្នុងក្រុងព្រះសីហនុ តែមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់ទេ។ នេះជាករណីទី២ បន្ទាប់ពីមានបាក់រលំ អគារដែល មានកម្ពស់ ៧ជាន់ បណ្ដាល ឱ្យមានមនុស្សស្លាប់ និងរបួសមជាង ៥០នាក់នៅក្នុង ក្រុងព្រះសីហនុ មិនទាន់បានប៉ុន្មានថ្ងៃផង។ 

យោងតាមសម្ដីរបស់ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក លោក ឃាង ភារម្យ នៅ ថ្ងៃ ទី៣ កក្កដា ថា ឃ្លាំងធ្វើពីដែក និងដំបូលប្រក់ស័ង្កសីមួយទៀត នៅក្នុងខេត្តព្រះសីហនុ បានបាក់ដួលរលំរាបដល់ដី ប៉ុន្តែ មិនបណ្ដាល អោយមានមនុស្សស្លាប់ ឬរងរបួសទេ។

លោក ឃាង ភារម្យ បានបន្តថា ហេតុការណ៍ ហេតុការណ៍បាក់រលំឃ្លាំងរបស់ ជនជាតិចិននេះ បានកើតឡើង នៅភូមិថ្មី ស្ថិតក្នុងសង្កាត់លេខ៣ ក្ក្រុង-ខេត្តព្រះសីហនុ។ ដោយលោកមិនបានបញ្ជាក់ពីមូលហេតុដែល បណ្ដាលអោយឃ្លាំងដែកនោះបាក់នៅឡើយទេ។ លោកគ្រាន់តែសង្ស័យថា ការបាក់រលំនេះគឺបណ្តាល មកពីមានភ្លៀងធ្លាក់ និនងមាខ្យល់ព្យុះបោកកន្ត្រាក់ខ្លាំង។

ទោះជាយ៉ាងនេះដីអ្នករស់នៅក្នុងខេត្តព្រះសីហនុទាំងអស់ សំណូមពរដ៏ទទូចសំណូមពរដ៏ទទូច ដល់រដ្ឋបាលខេត្ត ឲ្យបង្កើតក្រុមគណៈកម្មការចុះទៅត្រួតពិនិត្យ សំណង់ដែលគ្មានច្បាប់អនុញ្ញាត និង សាងសង់ ខុស បច្ចេកទេស សំណង់ របស់ជនជាតិ ចិនដែលកំពុងសាងសង់ យ៉ាងស្អេកស្កះ នៅ ក្នុងក្រុងព្រះសីហនុឡើងវិញ បង្ការក្រែង មានការបាក់រលំសង្កត់ទៅបណ្តាលអោយមានមនុស្សស្លាប់ និង របួសច្រើនដូចព្រឹត្តិការណ៍កាលពីប៉ុន្មានថ្ងៃមុននោះទៀត។

សូមបញ្ជាក់ផងដែរថា ការបាក់ឃ្លាំងធ្វើពីដែកដោយជនជាតិចជនជាតិ ចិន នេះ បានកើតមានឡើងជាលើក ទីពីរហើយ បន្ទាប់ពីអគារកម្ពស់ ៧ជាន់ ដែលសាងសង់ឡើងដោយ ជនជាតិ ចិន បានបាក់ដួលរលំរាបដល់ ដី កាលពី ថ្ងៃ ទី ២២ ខែ មិថុនា នៅ ក្នុង ក្រុង-ខេត្តព្រះសីហនុ ដែលបានបណ្ដាលអោយ មានមនុស្សចំនួន២៨នាក់ស្លាប់ និង២៦នាក់ផ្សេងទៀតរងរបួស៕