All posts by មេគង្គ ប៉ុស្តិ៍

តុលាការ​សម្រេច​ដោះលែង​ថៅកែ​ហាង​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក វិញ​ហើយ​

​ភ្នំពេញ ៖ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​មន្ដ្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ បាន​បង្ហើប​ឲ្យ​ដឹងថា ថៅកែ​ហាង​កែ​សម្ផស្ស (​ឌែ​ម៉ូ​គ្លីនិក​) និង​អ្នកគ្រូ​ពេទ្យវះកាត់ ត្រូវបាន​ចៅក្រម​តុលាការក្រុង​ភ្នំពេញ សម្រេច​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​ជា បណ្តោះអាសន្ន​ហើយ​នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ នៅវេលា ម៉ោង​៧ និង ៣៥​នាទី​យប់ ។

​សូម​រំលឹក​ផងដែរ ថៅកែ​ហាង​កែ​សម្ផស្ស (​ឌែ​ម៉ូ​គ្លីនិក​) និង អ្នកគ្រូ​ពេទ្យវះកាត់ ត្រូវ​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុងភ្នំពេញ​លោក ម៉ុង មុ​នី្ន​សោភា សម្រេច​ចេញ​ដីកា បង្គាប់​ឲ្យ​ឃុំខ្លួន​ដាក់ ពន្ធនាគារ​PJ បណ្តោះអាសន្ន កាលពី រសៀល​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៩​។​

​ថៅកែ​ហាង​កែ​សម្ផស្ស​ឌែ​ម៉ូ​គ្លីនិក​មានឈ្មោះ​ហូ​វ ដា​ណេ និង គ្រូពេទ្យ​វះកាត់ ឈ្មោះ​ពៅ ស៊ី​ណាត ត្រូវបាន​លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង​អម តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​ពីបទ​៖
-​ប៉ះពាល់​ដល់​សិទ្ធ​ខាង​រូបភាព​នៃ​បុគ្គល​តាម​មាត្រា ៣០២​នៃ​ក្រមព្រហ្មទណ្ឌ​
-​កំហែង​យកតាម​មាត្រា ៣៦៣​និង​មាត្រា​៣៦៤​នៃ​ក្រមព្រហ្មទណ្ឌ​
-​ការគំរាមកំហែង​ហែកកេរ្តិ៍ តាម​មាត្រា ២៧២​និង​មាត្រា​២៧៣​នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់ពី​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់ខ្លួន​. និង​. បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​ចាត់ ការបន្ត​ទៅតាម​ច្បាប់​កាលពី​ព្រឹក​ថ្ងៃទី​០៤ មករា ឆ្នាំ​២០១៩ ៕​

ក្រុមហ៊ុន​មកពី​ឥណ្ឌា នឹង​ចាប់ផ្តើម​ចម្រាញ់​រ៉ែ​មាស នៅ​កម្ពុជា នៅ​ចុង​ឆ្នាំនេះ​

​ភ្នំពេញ ៖ លោក យស មុនី​រ៉ាត់ អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បានបញ្ជាក់​កាលពីដើម​សប្តាហ៍​នេះ​ថា ក្រុមហ៊ុន​រ៉ែ​មាស​មាន​មូលដ្ឋាន​នៅ​ប្រទេស ឥណ្ឌា Mesco Gold ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​កម្ពុជា គ្រោង ចាប់ផ្តើម​ការ​ចម្រាញ់​រ៉ែ​មាស​នៅ​កម្ពុជា​ជា​លើកដំបូង​នៅ​ចុង​ឆ្នាំនេះ ខណៈ​ក្រុមហ៊ុន​កំពុង​ដំឡើង​ផលិតកម្ម​ចម្រាញ់​រ៉ែ​មាស​នៅ​គម្រោង​រ៉ែ​មាស ភូមិ​ស៊ី​យ៉ា​រុង ក្នុង​ខេត្តរតនគិរី​។

​លោក យស មុនី​រ៉ាត់ Mesco Gold (Cambodia) បានទទួល​ការអនុញ្ញាត​ដើម្បី​ប្រតិបត្តិការ​អាជីវកម្ម រួមមាន​ការវាយតម្លៃ​លើ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម ដោយ​ក្រសួងបរិស្ថាន ទទួលបាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​រ៉ែ​ពាណិជ្ជកម្ម និង​ទទួលបាន​ការអនុម័ត​គម្រោង​វិនិយោគ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​

​លោក​បន្តថា ការវាយតម្លៃ​បរិស្ថាន និង​ផលប៉ះពាល់​សង្គម (ESIA) របស់​ក្រុមហ៊ុន Mesco គ្របដណ្ដប់​លើ​ផ្ទៃដី​សរុប ១២ គីឡូម៉ែត្រ​ក្រឡា ប៉ុន្តែ​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​គ្របដណ្ដប់​លើ​ការផលិត​លើ​ផ្ទៃដី ១​គីឡូម៉ែត្រ​ក្រឡា​ប៉ុណ្ណោះ​។​

​គួរ​ជម្រាប​ថា Mesco Gold (Cambodia) បាន​ទិញ​សិទ្ធិ​ដើម្បី​អភិវឌ្ឍ​អណ្ដូងរ៉ែ និង​រុករក​រ៉ែ​នៅ​ភូមិ​ស៊ី​យ៉ា​រុង​ពី​ក្រុមហ៊ុន​រុករក​រ៉ែ​របស់​ប្រទេស កាណាដា Angkor Gold Corp កាលពី​ឆ្នាំ ២០១៣ ក្នុង​កិច្ចព្រមព្រៀង​លក់​មានតម្លៃ ១,២ លាន​ដុល្លារ​។ ក្រុមហ៊ុន Angkor Gold Corp ប៉ាន់ប្រមាណ​ថា រ៉ែ​នៅក្រោម​ដី​នៅ​ក្នុងភូមិ​ស៊ី​យ៉ា​រុង ខេត្តរតនគិរី ទាញយក​រ៉ែ​មាស​រហូតដល់ ១០ ឆ្នាំ ដែល​អាច​ផលិត​មាស​បាន ១០ ០០០ អោ​សន៍​ក្នុង​មួយឆ្នាំ​៕

ក្រសួង​សេដ្ឋកិច្ច​លើកទឹកចិត្ត​ដល់​មន្ត្រីរាជការ ឲ្យ​គាំទ្រ និង​ប្រើប្រាស់​បណ្ណ ប​.​ស​.​ស​.

លោក ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​លើកទឹកចិត្ត​ដល់​បុគ្គលិក​មន្ត្រីរាជការ ឱ្យចូល រួម​គាំទ្រ និង​ប្រើប្រាស់ បណ្ណ​សមាជិក​បេឡា​ជាតិ​របប​សន្ដិសុខ​សង្ក​ម (​ប​.​ស​.​ស​) រាល់ពេល​ទៅ​ទទួល​សេវា​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ​ផ្សេងៗ នៅតាម​មន្ទីរពេទ្យ​រដ្ឋ ពី ព្រោះថា នេះ​ជា​អត្ថប្រយោជន៍ ដែល​មន្ត្រី​គ្រប់រូប​ត្រូវ​ទទួលបាន​។ លោក បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​ផ្សព្វផ្សាយ គោលនយោបាយ​អនុវត្ត​របប​សន្តិសុខ​សង្គម​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម កាល ពីថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៩​។​

​គួរ​ជម្រាប​ថា ការអនុវត្តន៍​របប​ថែទាំ​សុខភាព​សម្រាប់​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីត យុទ្ធជន ដែល​រដ្ឋាភិបាល ជា​អ្នកទទួលបន្ទុក​បង់​វិភាគទាន​ជំនួស គឺ​ចាប់​ផើម​តាំងពី​ឆ្នាំ​២០១៨ និង បន្ត​រហូតដល់​ឆ្នាំ​២០២០​។​បន្ថែម​ពីលើ​នេះ រាជរដ្ឋាភិបាល​បាន​បន្ត​យកចិត្តទុកដាក់ និង​តម្កល់​ឧ​ត្ត​ម ប្រយោជន៍​មន្ត្រី​សាធារណៈ ដោយ​សន្យា​ដាក់ឱ្យ​អនុវត្តន៍​បន្ថែម​មួយទៀត នូវ​របប​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រី​សាធារណៈ នៅ​ឆ្នាំ​២០១៩ នេះ​៕

រកឃើញ​ត្រី​បបែល​ក្រៀម និង​បន្លែ​មួយចំនួន​នៅក្នុង​ផ្សារ​ស្នួល មាន​សំណល់​គីមី​

​ខេត្តក្រចេះ ៖ នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តក្រចេះ និង​មន្ត្រី​មកពី មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត បាន​សហ​ការចុះ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ​នៅក្នុង​ផ្សារ​ស្នួល ស្រុក ស្នួល ខេត្តក្រចេះ​។​

​មន្ត្រី​ជំនាញ បាន​រកឃើញ​ភាពមិនប្រក្រតី​នៅលើ​ម្ហូបអាហារ មានដូចជា ៖ ត្រី​បបែល​ក្រៀម​ចំនួន ០,៥ គីឡូក្រាម ដែលមាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​បូរ៉ា​ក់​។ ម្ទេសដៃនាង មើម​ខ្ទឹមស ខ្ទឹមក្រហម និង​ស្លឹក​ខ្ទឹម ដែលមាន​ផ្ទុក​សារធាតុ​សំណល់​គីមីកសិកម្ម​។ បន្ទាប់មក មន្ត្រី​ជំនាញ​បានធ្វើ​កំណត់ ហេតុ​ដកហូត និង​យកមក​កម្ទេចចោល​ភ្លាមៗ ផងដែរ​។​

​ក្នុងឱកាស​នោះ មន្ត្រី​សាខា​កាំកុងត្រូល បានធ្វើ​ការណែនាំ​ដល់​អាជីវករ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល​ទំនិញ និង​សេវា​ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕

គ្រូពេទ្យ​កម្ពុជា នឹង​ទទួលបាន​ទីផ្សារការងា​រ​ក្នុង​កម្រិត​អន្តរជាតិ និង​ប្រាក់កម្រៃ​ខ្ពស់​នៅ​ជប៉ុន

​ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានលើកឡើង​ថា និស្សិត ដែល​កំពុង​សិក្សា​ផ្នែក​គិលានុបដ្ឋាក​តាម​គ្រឹះស្ថានសិក្សា​នានា នឹង​ទទួលបាន​ទីផ្សារការងា​រ​ក្នុង កម្រិត​អន្តរជាតិ ទទួលបាន​ប្រាក់កម្រៃ​ខ្ពស់ នាពេលខាងមុខ​។

​លោក អ៊ិត សំហេង រដ្ឋមន្ត្រី បញ្ជាក់ថា ក្រសួង​ការងារ​កំពុង​សហការ ជាមួយ​មន្ត្រី​ជំនាញ​នៃ​ប្រទេស ជប៉ុន ដើម្បី​ពិនិត្យ និង​រៀបចំ​ឱ្យមាន​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយគ្នា ក្នុង​គោលបំណង ដើម្បី​បង្កើន​ទីផ្សារការងារ និង​ឱកាស​ការងារ​ដល់​ប្រជាជន​កម្ពុជា​។ ដោយ​ជប៉ុន បានចាប់ផ្តើម រៀប ចំ​បង្កើតឱ្យមាន​គម្រោង​ថ្មី​សម្រាប់​បង្កើន​លំហូរ​នៃ​កម្លាំង​ពលកម្ម​ពី​ប្រទេស​ផ្សេងៗ​និង​សម្រាប់​អនុវត្ត នៅ​អំឡុង​ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម ជំនាញ​មួយ ចំនូ​ន​នៅ​ប្រទេស​ជប៉ុន​៕
​ ​

អាជ្ញាធរ​ថៃ ចុះ​ចាប់​ទំនិញ​របស់​អាជីវ​ករ​ខ្មែរ​នៅ​ច្រកព្រំដែន​ចាំ​យាម

​កោះកុង ៖ ក្រុម​ក្រសួងពាណិជ្ជកម្ម​ថៃ និង​ទាហានជើងគោក​ថៃ បាននាំគ្នា​ចុះមក​ធ្វើការ​ចាប់​ទំនិញ របស់​ក្រុម​អា​ជីករ​ខ្មែរ ដោយ​អះអាងថា លក់​ទី​និ​ញ​រំលោក​លើ​កម្មសិទ្ធិបញ្ញា ។ ហេតុការណ៍​នេះ​ធ្វើ ឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជាង​៨ នា​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ បាន​កើតឡើង​រហូតដល់​មាន​ទាំង​ការបិទ​ច្រកទ្វារព្រំដែន​ហាត​ឡិ​ក​(​ថៃ​) ស្រុក​ខ្លុង​យ៉ៃ ខេត្ត​ត្រាត ជាប់​ខេត្តកោះកុង ផងដែរ​។​

​លោក ង៉ុ​យ ជាង នាយប៉ុស្តិ៍​អន្តោរ​ប្រវេសន៍​ព្រំដែន​ចាំ​យាម ថ្លែង​ឲ្យ​ដឹងថា ពិត​ជាមាន​ករណីនេះ មែន តែ​ត្រូវបាន​លោក​មេឃុំ​ហាត​ឡិ​ក (​ថៃ​) បាន​អន្តរាគមន៍​រារាំង​មិន​ឲ្យ​ចាប់យក​ទំនិញ​ទាំង​នោះទេ និង​បាន​ឲ្យ​អាជីវករ​ខ្មែរ​វិល​ចូលមក​ខេ​ត​កោះកុង​វិញ បន្ទាប់មក ក្រុម​ទាហាន​ថៃ ក៏បាន​ធ្វើការ​បិទទ្វារ​ព្រំដែន​ជា​បណ្តោះអាសន្ន ដើម្បី​កុំអោយ​មានការ​ចលាចល​កើតឡើង ។​

​សូមជម្រាបថា ច្រកទ្វារ​ចាំ​យាម ខេត្តកោះកុង បាន​បើក​ដំណើរការ​ឡើងវិញ​ក្នុង​ថ្ងៃ​ដដែល បន្ទាប់ពី អាជ្ញាធរ​ព្រំដែន​នៃ​ភាគី​ទាំងពីរ​កម្ពុជា ថៃ បាន​ពិភាក្សាគ្នា​ចប់​រួចរាល់​៕

   

ព្រឹក​ថ្ងៃទី​២៥ នេះ សម្តេច​តេ​ជោ អញ្ជើញ​ជួប​កម្មករ និយោជិត​ជាង​១​ម៉ឺន​នាក់​នៅ​ខេត្តកំពត

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែមករា ឆ្នាំ​២០១៩ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ ទៅកាន់​ខេត្តកំពត ដើ​ម្ប​បន្ត​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី និយោជិត​ប្រមាណ ១១.៧៣៨​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន ១២​។​

​នេះ គឺជា​ជំនួប​លើក​ទី​២ ហើយ​សម្រាប់​ឆ្នាំ​២០១៩ ដែលជា​ពិធី​ជួប​សំណេះសំណាល រវាង​សម្តេច តេ​ជោ ហ៊ុន សែន និង​កម្មករ និយោជិត និង​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​រោងចក្រ POU CHEN Cambodia CO., LTD ស្ថិតនៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត កំពត​៕

ម៉ូតូ​ដឹក​សាំង​៤​ប៊ីដុង ដួល​ផ្ទុះ​ឆេះ​បុរស​ម្នាក់​ស្លាប់ និង​ឆេះ​រថយន្ត​លុច​ស៊ិ​ស​គ្រឿង​(Video)

​ភ្នំពេញ ៖ នេះ​ជាហេតុ​ការណ៍​មួយ​ដ៏​គួរអោយ​រន្ធត់ ប​ណ្តោ​ល​អោយ​បុរស​ជិះ​ម៉ូតូ​ដឹក​សាំង​ម្នាក់ ត្រូវ​ភ្លើង​ឆាបឆេះ​រហូតដល់​ស្លាប់ ខណៈ​កំពុង​ជិះ​ម៉ូតូ​ដឹក​សាំង ហើយ​បាន​ដួល​ម៉ូតូ ខ្ទាត​សាំង​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​។​

​ហេតុ​ការ​ណ៏​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៤០​នាទី​ព្រឹក ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំនុច​មុខ​ហាង​កាហ្វេ​អា​មេ​ហ្សូ​ន​ផ្លូវ​លេខ​៣៣៧​កែង​នឹង​ផ្លូវ​លេខ​៥២៨ សង្កាត់ បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរសរងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ​ដឹក​ប្រេងសាំង​ចំនួន​៤​កាន​បើកបរ​ក្នុង​ល្បឿន​លឿន​ពី​ទិសដៅ​ពី​កើ​តទៅ​លិច​លុះដល់​ចំណុចកើតហេតុ​បានគេច​ពី​រ៉ឺម៉ក​មួយគ្រឿង​ឆ្លងផ្លូវ​នៅខាងមុខ ហើយ​បាន​ដួល​បែក​ប៊ីដុង​សាំង ខ្ទាត​សាំង​ប៉ះ​បង្គោល​ភ្លើង និង​រថយន្ត​លុច​ស៊ិ​ស ដែល​ចត​នៅលើ​ច​ញ្ចើ​ម​ផ្លូវ​បង្ក​ឱ្យចេញ​ជា​អណ្តាតភ្លើង​យ៉ាង​ខ្មួលខ្មាញ់​ធ្វើឱ្យ​បុរស​ខាងលើ​ឈ្លក់ផ្សែង​ភ្លើង​ដួល​ឆេះ​ខ្លោច​ស្លាប់​ភ្លាមៗ​យ៉ាង​អ​ណោ​ច​អធម និង​រាលដាល​ឆេះ​រថយន្ត​លុច​ស៊ិ​ស​មួយគ្រឿង និង​ប្រអប់​បង្គោល​ភ្លើង​របស់ EDC ជាច្រើន​ប្រអប់​។​

​ភ្លាមៗ​នោ​ដែរ​ក៏មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៤​គ្រឿង ចេញ​អន្តរ​គម​ន៍​បាញ់​ពន្លត់​អស់​មួយគ្រឿង ដើម្បី​កុំឱ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​ប្រជា​រដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ ឱ្យ​រលត់ទៅវិញ​ជា​ស្ថាពរ នៅវេលា​ម៉ោង​១០​និង ០០​នាទី ព្រឹក​ថ្ងៃ​ដដែល​។​

​ចំណែក​សព​ត្រូវបាន​រថយន្ត​ដឹក​សព​ដឹក​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​ប្រគល់​ទៅឱ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


ផ្លូវក្រវាត់ក្រុងទី៣ ប្រវែងជាង៥៣គ.ម. នឹងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២១

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា ក្រោយពេលផ្លូវ ក្រវាត់ក្រុងទី៣សាងសង់រួចរាល់នៅកំលុងឆ្នាំ២០២១ នឹង លែងឱ្យរថយន្តកុងតឺន័រ ឬរថយន្ត ធំៗចូលរាជធានីភ្នំពេញទៀតហើយ។ លោកអភិបាលរាជធានីភ្នំពេញ លើកទឹកចិត្ត ឱ្យថៅកែរោងចក្រ សហ គ្រាសទាំងអស់ ពិចារណាយករោងចក្រ សហគ្រាស ឬឃ្លាំងរបស់ ខ្លួនទៅ ដាក់នៅតាមបណ្តោយក្រវាត់ក្រុងទី៣នេះវិញ ដើម្បីសម្រួលការដឹកជញ្ជូន ទំនិញ។

លោក ឃួង ស្រេង បានបញ្ជាក់ឱ្យដឹងកាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ថា ផ្លូវក្រវាត់ក្រុងទី៣ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ផ្លូវនេះ បម្រើប្រយោជន៍ធំបំផុត គឺបញ្ចៀសចរាចរណ៍ ក្នុង រាជធានីភ្នំពេញ និងជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការដឹកជញ្ជូនតភ្ជាប់ពីបណ្តាខេត្តនានាមករាជធានីភ្នំពេញ ហើយផ្លូវនេះត្រូវ ជាមួយគ្នានេះ លោកអភិបាលបាន លើក ឡើងថា ក្រោយពេលផ្លូវក្រវាត់ក្រុងទី៣ សាងសង់រួចរាល់នៅអំឡុងឆ្នាំ២០២១ នឹងលែងឱ្យរថយន្តកុងតឺន័រ ឬរថយន្តធំៗ ចូលរាជធានីភ្នំពេញទៀតហើយ។

លោក ឃួង ស្រេង លើកឡើងថា ផ្លូវនេះ មានទំហំទទឹង ២៧ម៉ែត្រ សម្រាប់ ទីប្រជុំជន ហើយសម្រាប់ក្រៅ ទីប្រជុំជន វិញមានទំហំទទឹងផ្លូវ ២៥ម៉ែត្រ។ ផ្លូវនេះនឹងមានដាក់អំពូលបំភ្លឺផ្លូវសម្រាប់ កំណាត់ផ្លូវក្នុងក្រុង និងដើម ឈើ លម្អសម្រាប់កំណាត់ផ្លូវក្រៅក្រុង។ ផ្លូវក្រវាត់ក្រុងទី៣ នឹងមានសាងសង់ ស្ពានអាកាសឆ្លងកាត់ចំនួន ០៤កន្លែង (ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ ២ និងលេខ២១) ប្រវែងសរុប ១០០០ម៉ែត្រ។
គួរជម្រាបថា ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) ស្ថិតនៅ ក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ។ ក្នុងនោះឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញជាង១៥គីឡូម៉ែត្រ និងឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ ដែលមាន ចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុង បញ្ចប់នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១។

ទន្ទឹមនឹងនោះ ក៏មានការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់០២កន្លែង នៅ កោះអន្លង់ចិន ដែលមានប្រវែងសរុប ៩៩៦ម៉ែត្រ ក្នុងនោះស្ពានទន្លេ បាសាក់ ខាងកើតប្រវែង ៦៣០ម៉ែត្រ និងស្ពានទន្លេបាសាក់ខាងលិច ប្រវែង៣៦៦ ម៉ែត្រ។ សាងសង់ស្ពានមធ្យម និងខ្លីចំនួន ០៦កន្លែង និងលូគ្រប់ប្រភេទ ១១៣កន្លែង។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវនេះចំណាយថវិកាសរុបប្រមាណ ២៧៣លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ហើយ រាជរដ្ឋាភិបាលកម្ពុជា ចូលរួមថវិកាបដិភាគសម្រាប់ ការដោះស្រាយ ផល ប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។ ផ្លូវដែល ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយខ្សែនេះ នឹងប្រើរយៈពេល សាង សង់ចំនួន ៤២ខែ គ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១៕ ប្រភព ៖ AKP

ឆ្នាំ​២០១៨ ការទិញ​អគ្គិសនី​ពី​ប្រទេសជិតខាង ថយចុះ​១៤,៥៥% បើ​ធៀប​ឆ្នាំ​២០១៤

​ភ្នំពេញ ៖ លើកឡើង​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ដែល​សម្រេចបាន​ក្នុង​អាណត្តិ​ទី​៥​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​លើក​ទិសដៅ​ការងារ​សម្រាប់​អាណត្តិ​ទី​៦ របស់​អាជ្ញាធរ​អគ្គិសនី កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៣ មករា​នេះ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា លោក យឹម វិសិដ្ឋ បាន​ឲ្យ​ដឹងថា បរិមាណ​អគ្គិសនី​ដែល​កម្ពុជា​នាំចូល​ពី​ប្រទេសជិតខាង​បាន​ថយចុះ​ពី ៤០,០៦% នៅ​ឆ្នាំ​២០១៤ មក​នៅត្រឹម​១៤,៥៥% នៅ​ឆ្នាំ​២០១៨ ហើយ​ថា នៅក្នុង​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​របស់​កម្ពុ​ជា ប​ច្ចុ​ប្បន្ន ប្រភព​អគ្គិសនី​ដែល​យើង​មាន និង​អាច​ប្រើប្រាស់​បាន​មាន​២​ប្រភេទ​គឺ ប្រភព អគ្គិសនី​ដែល​អភិវឌ្ឍ​ក្នុងស្រុក និង​ប្រភព​អគ្គិសនី​ដែល​ទិញ​ពី​ប្រទេសជិតខាង​។​

​លោក យឹម វិសិដ្ឋ បាន​បន្តថា ចំពោះ​ប្រភព​អគ្គិសនី​ដែល​បាន​អភិវឌ្ឍ​ក្នុងស្រុក សំរាប់​អាណត្តិ​ទី​៥ នៃ​រាជរដ្ឋាភិបាល​កន្លងមក​យើង​បានដាក់​ឲ្យ​ដំណើរការ​ប្រភព​អគ្គិសនី​ថ្មីៗ បន្ថែម​សរុប​ចំនួន ១០៩៩.២ មេ​ហ្កា​វ៉ា​ត់ ជាមួយនឹង​ការបញ្ឈប់​ដំណើរការ​ប្រភព​អគ្គិសនី​ប្រើ ប្រេង​ខ្មៅ​ចំនួន ៥២.៧ មេ​ហ្កា​វ៉ា​ត់ និង​លុបចោល​ការផលិត​អគ្គិសនី​ប្រើ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​តូចៗ តាម​តំបន់​នានា​ចំនួន ៣៦.២៣ មេ​ហ្កា​វ៉ា​ត់ ធ្វើ​ឲ្យ​អនុភាព​សរុប​នៃ​ប្រភព​អគ្គិសនី​ក្នុងស្រុក​បាន កើនឡើង​ពី ១០២៥.១៩ មេ​ហ្កា​វ៉ា​ត់ នៅ​ចុងឆ្នាំ​២០១៤ មក ២២០៧.៧៦ មេ​ហ្កា​វ៉ា​ត់ នៅ​ចុង ឆ្នាំ​២០១៨ គឺ​កើនឡើង ២.១៥​ដង​។ ដោយឡែក​បរិមាណ​ថាមពល​អគ្គិសនី​ដែល​កម្ពុជា​បាន ប្រើប្រាស់​ចេញពី​ប្រភព​អគ្គិសនី​ដែលមាន​ខាងលើ​បាន​កើនឡើង​ពី ៤៨៧៣.០៧ លាន​គីឡូ វ៉ា​ត់​ម៉ោង នៅ​ឆ្នាំ​២០១៤ មក ៨៥,៤៥% នៅ​ឆ្នាំ​២០១៨ ធ្វើ​ឲ្យ​បរិមាណ​អគ្គិសនី​ដែល​កម្ពុជា​នាំ ចូល​ពី​ប្រទេសជិតខាង​បាន​ថយចុះ​ពី ៤០,០៦% នៅ​ឆ្នាំ​២០១៤ មក​នៅត្រឹម ១៤,៥៥% នៅ ឆ្នាំ​២០១៨​។​

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម មានប្រសាសន៍ថា គោលដៅ​ទី​១ នៃ​ការអភិវឌ្ឍ​ប្រព័ន្ធ​សម្រាប់​កម្ពុជា គឺ​ការអភិវឌ្ឍ ប្រភព​អគ្គិសនី​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើ​យ៉ាង ណា​ឲ្យ​កម្ពុ​ជាមាន​ខ្សែ​បញ្ជូន​អគ្គិសនី​ធំៗ និង​អនុ​ស្ថានីយ​កាន់តែច្រើន​ត​ភ្ជាប់​ការផ្គត់ផ្គង់​អគ្គិ​ស នី​ទូទាំងប្រទេស និង​អាច​ប្រទាក់​គ្នា​កាន់តែ​រឹងមាំ ពង្រឹង​ស្ថិរភាព​ផ្គត់ផ្គង់​ឲ្យ​កាន់តែ​ខ្ពស់​ក្លាយជា ឆ្អឹងខ្នង​នៃ​ការផ្គត់ផ្គង់​ដែល​ប្រមូលផ្តុំ​ប្រភព​អគ្គិសនី​ដែល​បាន​អភិវឌ្ឍ​ទាំងអស់​បញ្ចូល​គ្នា រួច​ធ្វើ ការបែងចែក និង​បញ្ជូន​ល្បាយ​ប្រភព​អគ្គិ​នី​ទៅ​ឲ្យ​អនុ​ស្ថានីយ​តាម​បណ្តា​រាជធានី​/​ខេត្ត​នីមួយៗ ហើយ​ថា ជាមួយនឹង​ការអភិវឌ្ឍ​ប្រភព​អគ្គិសនី និង​ប្រព័ន្ធ​បណ្តាញ​ជាតិ​ខាងលើ យើង​ក៏ត្រូវ ធ្វើការ​អភិវឌ្ឍ​បណ្តាញ​បញ្ជូន​រង​ដើម្បី​បញ្ជូន​ប្រភព​អគ្គិសនី​ពី​អនុ​បណ្តាញ​ជាតិ​ទៅ​ឲ្យ​តំបន់ ចែកចាយ​នានា ដែលជា​អ្នក​ចែកចាយ​តាម​តំបន់​ចែកចាយ​នីមួយៗ​ទាំង​រដ្ឋ និង​ទាំង​ឯកជន ត្រូវមាន​កាតព្វកិច្ច​ធ្វើការ​អភិវឌ្ឍ​បណ្តាញ​ចែកចាយ​អគ្គិសនី​ឲ្យ​បាន​គ្រប់​ភូមិ​ក្នុង​តំបន់​ចែកចាយ របស់ខ្លួន ដើម្បី​អាច​ផ្គត់ផ្គង់​អគ្គិសនី​រាយ​ឲ្យ​គ្រប់​អ្នកប្រើប្រាស់​ក្នុង​តំបន់​របស់ខ្លួន ដើម្បី​ធានាថា គ្រប់​ភូមិ​ទាំងអស់​ក្នុងប្រទេស​កម្ពុ​ជាមាន​អគ្គិសនី​ប្រើប្រាស់​ត្រឹម​ឆ្នាំ​២០២០៕

រាជរដ្ឋាភិបាល បង្កើត​ក្រុង ស្រុក ខណ្ឌចំនួន​៦ថ្មី​ទៀត នៅ​រាជធានី​-​ខេត្ត​ចំនួន​៥

​ភ្នំពេញ ៖ បើតាម​សេចក្ដីសម្រេច​ក្រុង ស្រុក ខណ្ឌ ចំនួន​៦​ថ្មី​នោះ​រួមមាន​៖
*​ទី​១៖ ខណ្ឌ​បឹង​កេងកង (​រាជធានី​ភ្នំពេញ​)
*​ទី​២៖ ខណ្ឌ​កំបូល (​រាជធានី​ភ្នំពេញ​)
*​ទី​៣៖ ក្រុង​កោះរ៉ុង (​ខេត្ត​ព្រះសីហនុ​)
*​ទី​៤៖ ស្រុក​តាំងគោក (​ខេត្តកំពង់ធំ​)
*​ទី​៥៖ ស្រុក​តា​លោ​សែន​ជ័យ (​ខេត្តពោធិ៍សាត់​)
*​ទី​៦៖ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ (​ខេត្តស្ទឹងត្រែង​)​។​
​ជាមួយគ្នានេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ក៏បាន​ដាក់សំណើរ​ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ការ កំណត់​ចំនួន​គណៈ​អភិបាលក្រុង ស្រុក ខណ្ឌ ផងដែរ​។

​ក្រសួងមហាផ្ទៃ ស្នើសុំ​កំណត់ថា ក្នុង​មួយ​ក្រុង ស្រុក ខណ្ឌ​ថ្មី​នេះ មាន​ចំនួន​គណៈ​អភិបាល ៥​នាក់​៕

កម្ពុជា​ទិញ​សិទ្ធិ​សេវាកម្ម​ជួល​ពី​អាមេរិក​ដើម្បី​កាត់បន្ថយ​ដល់​ការចំណាយ​របស់​វិនិយោគិន​ក្នុងស្រុក​

​ភ្នំពេញ ៖ សេវាកម្ម​ជួល​រថយន្ត ជួល​គ្រឿងចក្រ​កសិកម្ម គ្រឿងចក្រ​ក្នុង​វិស័យ​សំណង់ ត្រូវបាន ក្រុមហ៊ុន​ក្នុងស្រុក​មួយ នាំចូល​ពី​សហរដ្ឋអាមេរិក ដើម្បី​សម្រួល​ដល់​វិនិយោគិន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដែល​កំពុងដំណើរការ​ក្នុងប្រទេស​កម្ពុជា​។

​លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា មានប្រសាសន៍​ក្នុង​កិច្ចសម្ភាសន៍​មួយ នៅ​ពិធី​ប្រកាស​ដំណើរការ​សេវាកម្ម​ជួល​នេះ​នៅ​កម្ពុជា ថា ដោយ​មើលឃើញថា សេវា​កម្មជួល​នៅក្នុង​ប្រទេស​កម្ពុជា ហាក់​មាន​កម្រិត​ទាប​នៅឡើយ ទើប​ក្រុមហ៊ុន អ អិ​ម អេ​ខេ​ម​បូ​ឌា បាន​នាំ​សិទ្ធិ​សេវាកម្ម​ជួល​របស់ Avis Budget មកកាន់​ប្រទេស​កម្ពុជា ដោយ​បន្ថែម​ការជួល​ទៅលើ​រថយន្ត​សម្រាប់​ធ្វើដំណើរ រថយន្ត​ដឹកទំនិញ​ធំ​ធុន​តូច និង​ធុន​ធំ ដូចជា​រថយន្ត​ដឹក​ប្រេង គ្រឿងចក្រ​កសិកម្ម គ្រឿងចក្រ​សម្រាប់​លើកដាក់​ទំនិញ​ក្នុង​ឃ្លាំង ក៏ដូចជា​គ្រឿងចក្រ ក្នុង​វិស័យ​សំណង់ និង​ឧបករណ៍​គ្រឿងចក្រ​ជាច្រើន​ទៀត ។

​លោក​បន្តថា ការបើក​សេវាកម្ម​ទាំងនេះ គឺ​ជួយ​ដល់​អ្នក​អភិវឌ្ឍន៍​ក្នុងប្រទេស ក្នុងការ​កាត់បន្ថយ​នូវ​ថ្លៃដើម​ផងដែរ ។ ជាក់ស្ដែង​គ្រឿងចក្រ​ក្នុង​វិស័យ​សំណង់​នីមួយៗ មានតម្លៃ​ខ្ពស់​ណាស់ ហើយ​បើសិនជា​គាត់​ត្រូវ​ការទិញ​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន នឹងធ្វើ​អោយ​គាត់​បន្ថែម​ការចំណាយ​ទៅលើ​ការវិនិយោគ​ក្នុង​គម្រោង ក៏ប៉ុន្តែ​បើសិនជា​គាត់​ជួល​គ្រឿងចក្រ​ទាំងនោះ​ទៅប្រើ​ប្រាស់​ពេល​គម្រោង​ចប់ អាច​យក​ត្រលប់​មកវិញ ដោយ​អស់​ថ្លៃដើម​តិចជាង​រប​ស់​ផ្ទាល់ខ្លួន ។
​លោក​បន្ថែមថា នៅក្នុង​ប្រទេស​កម្ពុជា សេវាកម្ម​បែបនេះ គឺ​នៅមានកម្រិត​នៅឡើយ ហើយក៏​កំពុង​ដើរ​ក្រោយ​ប្រទេស​រីកចម្រើន​លើ​ពិភពលោក​ផងដែរ ដូច្នេះ ការនាំ​ចូលមក​នេះ លោក​សង្ឃឹមថា នឹង​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ដំណើរ​ការសាងសង់​លើ​វិស័យ​សំណង់ អភិវឌ្ឍន៍ វិស័យ​កសិកម្ម និង​ជួយ​ដល់​ធុរជន​ដែល​កំពុង​ស្វែងរក​រថយន្ត​សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​ខ្លី​ផងដែរ ។

​លោក​បញ្ជាក់ថា តាមពិតទៅ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​បង្កើត​សេវា​កម្មជួល​នេះ តាំងពី​ឆ្នាំ ២០១៤ មកម្ល៉េះ ក៏ប៉ុន្តែ​កាលនោះ គឺមាន​ជួល​តែ​រថយន្ត​សម្រាប់​ដឹក​អ្នកដំណើរ​ប៉ុណ្ណោះ តែដោយសារ​តែ​មើល​ពី​សក្ដានុពល និង​ការរីកចម្រើន​លើ​វិស័យនេះ ទើប អ អិ​ម អេ នាំចូល​នូវ​សេវាកម្ម​ជួល​ថ្មី​នេះ មកកាន់​កម្ពុជា តែម្ដង​៕

SONY DSC

ពលរដ្ឋ​រកស៊ី​ចិញ្ចឹម​ត្រី​នៅ​បឹង​សំរោង ផ្ទុះ​ការតវ៉ា​បន្ទាប់ពី​អាជ្ញាធរ​ឲ្យ​រើចេញ​

​ភ្នំពេញ ៖ ប្រជាព​រដ្ឋ​ជិត ១០០​គ្រួសារ ក្នុងចំណោម​ជាង​៣០០​គ្រួសារ ដែល​រកស៊ី​ចិញ្ចឹម​ត្រី​នៅក្នុង​បឹង​សំរោង ដែល​ស្ថិតនៅ​ភូមិ ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ បាន​ផ្ទុះ​ការតវ៉ា​នៅ​ព្រឹក ថ្ងៃទី​២៣ ខែ មករា ឆ្នាំ ២០១៩ នេះ ដើម្បី​ទាមទារ​អោយ​អាជ្ញាធរ ទុកពេល​មួយឆ្នាំ ដើម្បី​ប្រមូល​ត្រី​សិន ទើប​ឯកភាព​រុះរើ​ចេញ បន្ទាប់ពី អាជ្ញាធរ ចេញ​សេចក្តី​ជួន​ដំណឹង​ឲ្យ​រុះរើ ក្រោមរូបភាព​ស្តា​របឹង ដោយ​ទុក​រយះពេល​តែ​១០​ថ្ងៃ​។

ប្រជាពលរដ្ឋ​ថា ពួកគាត់​ព្រមធ្វើ​កិច្ចសន្យា បើសិនជា​ដល់​ថ្ងៃ​កំណត់​មិន​ព្រម​រុះរើ​ទេ ពួកគាត់​សុខចិត្ត​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់ ហើយ​បើសិន​គ្មាន​ការដោះស្រាយ​នោះទេ ពួកគាត់​នឹង​លើកគ្នា​ទៅ​សាលា​រាជធានី​ភ្នំពេញ ។

​គួរ​បញ្ជាក់ថា រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ជូនដំណឹង​ដល់ ពលរដ្ឋ​ដែលជា​ម្ចាស់​ស៊ង​ចិញ្ចឹម​ត្រី និង​ស្រះ​ចិញ្ចឹម​ត្រី​ក្នុង​បឹង​សំរោង​ថា ដើម្បី​ការពារ​ផ្ទៃ​បឹង​សំរោង និង​ថែ​ក​រក្សា​មុខងារ​បឹង​ជា​អាង​ស្តុ​ប​ទឹក ដែលជា​ប្រព័ន្ធ​រំដោះ​ទឹក​ជន់​លិច​មួយ​ភាគពី​រាជធានី​ភ្នំពេញ និង​ពី​បណ្តា​ខេត្ត​នានា​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងធ្វើ​ការស្តា​របឹង​សំរោង​ឡើងវិញ ហើយ​តម្រូវអោយ ប្រជាពលរដ្ឋ​ជា​ម្ចាស់​ស៊ង និង​ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​ទាំងអស់​រុះរើ​ចេញ​៕

សមត្ថកិច្ច​រកឃើញ​ទីតាំង​ផលិត​ស្ក​ត្នោត​ក្លែងក្លាយ​នៅ​ក្រុង​ប៉ោយប៉ែត​

​ប៉ោយប៉ែត ៖ សមត្ថកិច្ច​ជំនាញ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្តបន្ទាយមាន ជ័យ បាន​រកឃើញ ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​មួយកន្លែង​កាល ពី​ ព្រឹក​ថ្ងៃទី​២៣ ខែមករា នេះ នៅ​ខាងកើត​ផ្សារ​សមាគម​ន៏​ចំងាយ​ប្រហែល ២០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​បេតុង ឋិត​ក្នុងភូមិ​ចាន់គិរី សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

លោក​វរសេនីយ៍ទោ រស់ អៀម នាយរង​ប្រឆាំង​បទល្មើស​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ប្រាប់ថា​: ម្ចាស់​ទីតាំង​ឈ្មោះ ផៃ សំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​សុខ ម៉ី អាយុ​អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ សមត្ថកិច្ច​បញ្ជាក់ថា ស្ក​ត្នោត​ក្លែងក្លាយ​ខាងលើ​ពេល​យើង​យកទៅ​បរិភោគ វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ដូចជា​ក្អួតចង្អោរ ឈឺ​ក្រះ​ពះ ពោះវៀន​/​ទឹកនោមផ្អែម​/​ឡើ​ជាតិ​អាស៊ីត​/​រលាក​ពោះវៀន​។​ល​។​ជាពិសេស​ក្មេងៗ​។​

​ម្ចាស់ផ្ទះ​ត្រូវ​សមត្ថកិច្ច​នាំទៅ​សាកសួរ​នៅ​ស្នងការ​ខេត្តបន្ទាយមានជ័យ និង​កសាង​សំណុំរឿង​បញ្ជូនបន្ត​។ ចំណែក​ផ្ទះ​ដែលជា​ទីតាំង​ផលិត​ស្ក​ត្នោត​ត្រូវបាន​សមត្ថកិច្ច​ចាក់សោ​បិទ​បណ្ដោះអាសន្ន​៕

អាជ្ញាធរខេត្ត​ព្រះវិហារ ចុះ​ពិនិត្យ​ការវាស់វែង​បែង​ចែង​ដីឡូត៍​ជូន​ពលរដ្ឋ​

​ព្រះវិហារ ៖ អភិបាលខេត្ត​ព្រះវិហារ​លោក អ៊ុន ចាន់​ដា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​រៀបចំ​ដី​សម្បទាន​គោលនយោបាយ​សង្គមកិច្ច​លំនៅឋាន និង​ដី​សម្បទាន​កសិកម្ម​ជូន​ប្រជាពលរដ្ឋ​។​

​ពួកគាត់​នៅក្នុង​តំបន់​អភិរក្ស​ប្រាសាទព្រះវិហារ​មកពី​ចំណុច​ស្វាយជ្រុំ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ដែល​ផ្លាស់​មក​រស់នៅ​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

​ជា​លទ្ធផល​នៃ​ការចុះពិនិត្យ​ជាក់ស្តែង​នៃ​ក្រុមការងារ​ខេត្ត ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖១.​ក្រុមការងារ​នឹង​ចុះ​កំណត់​ប្លង់ និង​បោះបង្គោល​ការរៀបចំ​បិទ​បញ្ជី​ក្បាល​ដីឡូត៍​លំនៅដ្ឋាន​នាពេល​ឆាប់ៗ​ដល់​ប្រជា ពលរដ្ឋ ដែល​មិនទាន់បាន​ទទួលបាន​ដី​កន្លងមក ស្ថិតនៅ​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត​។​

២.​ដី​សម្បទាន​កសិកម្ម​ដែល​ស្ថិតនៅ​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​ចំនួន​៥.០០០​ហិកតា​នឹងត្រូវ​បែងចែក​ជូន​ប្រជាពលរដ្ឋ​ក្នុង​១​គ្រួសារ​ចំនួន​២​ហិកតា​សម្រាប់​យកទៅ​បង្កបង្កើនផល​។​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ទីតាំង​ខាងលើនេះ ក៏មាន​ការចូលរួម​ពី​តំណាង​អាជ្ញាធរ​ព្រះវិហារ អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត អភិបាលស្រុក និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ជាច្រើនរូប​ផងដែរ​៕