All posts by មេគង្គ ប៉ុស្តិ៍

រាជរដ្ឋាភិបាលប្រកាសធ្វើកំណែទម្រង់សេដ្ឋកិច្ចស្របតាមមតិរបស់សេដ្ឋវិទូ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជានឹងប្រកាសចេញនូវកំណែទម្រង់សេដ្ឋកិច្ចដែលមានចក្ខុវិស័យយូរអង្វែង ដើម្បីឈានឆ្ពោះទៅរកដង្ហើមដកចេញចូល និងរស់ដោយខ្លួនឯង ដោយគ្មានការកៀបសង្កត់ពីបរទេស។ កំណែ ទម្រង់ នេះនឹ ងមិនរងផលប៉ះពាល់ដោយកត្តាខាងក្រៅនោះទេ។ ប៉ុន្តែនឹងផ្តល់នូវភាពអនុគ្រោះ និងផលប្រយោជន៍កាន់តែច្រើន ដើម្បីលើកទឹកចិត្តដល់វិស័យឯកជន ដែលជាឱកាសដ៏ល្អ សម្រាប់វិនិយោគគិន និងពាណិជ្ជករទាំងក្នុងស្រុក និងមកពីបរទេស ។

នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា ។

តាមប្រភពដដែលថា កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ជាបណ្តើរៗមួយចំនួនហើយ ដើម្បីសម្រួលអោយការនាំទំនិញចូលមកកម្ពុជាមានល្បឿនលឿន មិនចំណាយលើតុ ក្រោមតុច្រើន ដូចជាការរំលាយចោលអង្គភាពកាំសាប, ដកចេញកាំកុងត្រូល, និងមិនចាំបាច់តម្រូវអោយស្កែន (Scan) ទំនិញនាំចូល ។ ប៉ុន្តែក្នុងករណីដែលយើងសង្ស័យថាមានគ្រឿងញៀន គឺអាចស្កែនបាន ប៉ុន្តែត្រូវធ្វើអោយបានលឿន និងឆាប់រហ័សបំផុត ដើម្បីកុំអោយខកពេលវេលា និងខាតបង់ប្រាក់កាសក្រុមហ៊ុនច្រើន ។ ចំពោះការនាំចេញវិញ បើស្កែន គឺធ្វើចំពោះប្រទេសណាដែលគេតម្រូវអោយស្កែនតែប៉ុណ្ណោះ ។

ការប្រកាសធ្វើកំណែទម្រង់របស់រដ្ឋាភិបាលបែបនេះ អាចនិយាយបានថា គឺស្របទៅនឹងអ្វីដែលសេដ្ឋវិទូមួយចំនួន បានលើកឡើងនៅពេលកន្លងមក ជាក់ស្ដែង លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានលើកឡើងថា កម្ពុជា គួរតែធ្វើពិពិធកម្មសេដ្ឋកិច្ចយូរហើយ ពីព្រោះកម្ពុជាមិនត្រូវពឹងលើ ដង្ហើមគេតែមួយនោះទេ គឺត្រូវស្វែងរកទីផ្សារថ្មីៗដើម្បីនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីនោះ ។ ទន្ទឹមនឹងនោះដែរ កម្ពុជា ក៏មិនគួរនៅតែពឺងលើវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ដែលមានតម្លៃទាបៗនោះទេ គួរតែងាកទៅរកការផលិតនូវផលិតផលណាដែលមានតម្លៃខ្ពស់សម្រាប់នាំបានតម្លៃខ្ពស់វិញ ក៏ប៉ុន្តែមានន័យថាលុបបំបាត់វិស័យកាត់ដេរសម្លៀកបំពាក់នោះទេ ។

លោកបន្តថា សេដ្ឋកិច្ចកម្ពុជាបានរីកចម្រើនគួរអោយកត់សម្គាល់ហើយ ក៏ប៉ុន្តែដោយសារតែយើងរីករាយជាមួយនឹងកំណើនសេដ្ឋកិច្ចពេក ទើបយើងមិនបានគិតពីអ្វីដែលនឹងកើតឡើងនៅពេលអនាគត ដូច្នេះចាប់ពីពេលនេះទៅ គឺត្រូវតែធ្វើពិពិធកម្មកែទម្រង់ ដើម្បីរក្សាស្ថេរភាពកំណើនសេដ្ឋកិច្ច អោយនៅតែរឹងមាំដដែល ហើយបើទោះបីជាអឺរ៉ុបដក EBA ក៏កម្ពុជាមិនស្លាប់នោះដែរ ក៏ប៉ុន្តែបើសិនជាកម្ពុជាពឹងតែលើការនាំចេញ ក្រោមប្រព័ន្ធអនុគ្រោះពន្ធ នៅពេលដែលគេព្រមានដកនោះ វានឹងមានបញ្ហាមកលើសេដ្ឋកិច្ចរបស់ខ្លួន ។

លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំកម្ពុជា ក៏បានធ្លាប់បានលើកឡើងផងដែរថា កម្ពុជាគួរតែងាកទៅផលិតរបស់ណាដែលមានតម្លៃខ្ពស់ ដូចជាគ្រឿងអេឡិចត្រូនិក និងគ្រឿងអគ្គិសនីជាដើម ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងទទួលបានមកវិញនូវទឹកប្រាក់ច្រើន ជាងការផលិតសម្ភារៈដែលមានតម្លៃទាប ។ ការធ្វើបែបនេះ ក៏ជាការឆ្លើយតបនឹងទៅ កំណើនប្រាក់បៀវត្សរ៍របស់កម្មករ និយោជិត កម្ពុជា ដែលបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ ហើយវាក៏នឹងជំរុញកំណើនសេដ្ឋកិច្ចអោយកាន់តែរីកចម្រើន ព្រមទាំងអាចសម្រេចបាននូវផែនការ ដែលរដ្ឋាភិបាលកំណត់ថា នឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ខាងមុខ ៕

អតីតមេបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា សម្រេចបង្កើតបក្សនយោបាយថ្មី

ភ្នំពេញ ៖ លោក សួន សេរីរដ្ឋា សរសេរនៅលើបណ្តាញ Facebook របស់លោកថា គណៈស្ថាបនិកគណបក្ស និងក្រុមប្រឹក្សានយោបាយ បានសម្រេចយក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ជាថ្ងៃកំណើតបង្កើតគណបក្ស និងបានរើសយកឈ្មោះ ចំនួន២ ដើម្បីដាក់ជូនក្រសួងមហាផ្ទៃសម្រេច គឺទី១ គណបក្សខ្មែរកែទម្រង់ (គ.ខ.ក) Khmer Reform Party (K.R.P) និងទី២ គណបក្សផ្តល់អំណាចពលរដ្ឋ (គ.ផ.អ.ព) People Empowerment Party (P.E.P)។ ឯបាវចនាគឺ ជាតិ ទឹកដី សេរីភាព។

សូមរំលឹកថា មុននឹងឈានដល់ការសម្រេចចិត្តបង្កើគណបក្សនយោបាយថ្មីពេលនេះ លោក សួន សេរីរដ្ឋា ធ្លាប់បានប្តឹងទាមទារគណបក្សអំណាចខ្មែររបស់លោក ពីលោក សួង សុភ័ណ្ឌ មកវិញដែរ នៅក្រោយពេលដែលលោកចេញពីពន្ធនាគារវិញ តែមិនបានជោគជ័យ ហើយមកដល់ពេលនេះ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ បានសម្រេចបង្កើតគណបក្សថ្មីមួយទៀត បន្ទាប់ពីគណបក្សអំណាចខ្មែររបស់លោក ត្រូវធ្លាក់ក្នុងកណ្តាប់ដៃលោកសួង សុភ័ណ្ឌ អំឡុងពេលលោកជាប់ក្នុងពន្ធនាគារ កន្លងមក។

ទោះជាយ៉ាងនេះក្តី មកដល់ពេលនេះ ក្រសួងមហាផ្ទៃ នៅមិនទាន់សម្រេចបែបណា លើការបង្កើតគណបក្សថ្មីរបស់លោកសួន សេរីរដ្ឋា នេះនៅឡើយទេ៕

តំណាងសហភាពអឺរ៉ុបមកដល់កម្ពុជាហើយ ដើម្បីពិភាក្សាពីរឿង EBA

ភ្នំពេញ ៖ លោកស្រី Poala Pampaloni នាយករងផ្នែកគ្រប់គ្រងប្រចាំ ការតំបន់អាស៊ីប៉ាស៊ីហ្វិច និងជាប្រធានគណៈប្រតិភូសហគមន៍អឺរ៉ុប បានថ្លែងបញ្ជាក់ថា គណៈប្រតិភូសហភាពអឺរ៉ុប មកកម្ពុជានៅពេលនេះគឺមិនមែនមកដក EBA ពីកម្ពុជានោះទេ ប៉ុន្តែដើម្បីសន្ទនាស្វែងរកចំណុចរួមនៃការដំណោះស្រាយ និងបង្កើនកិច្ចសហប្រតិបត្តិការ និងដើម្បីបម្រើផលប្រយោជន៍រួមរវាងភាគីទាំងពីរសហភាពអ៉ឺរ៉ុប និងកម្ពុជា។

នៅព្រឹកថ្ងៃទី២០ ខែមីនា នេះ គណៈប្រតិភូសហភាពអឺរ៉ុប ចាប់ផ្តើមជួបសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមុនគេ ហើយនៅរសៀលថ្ងៃដដែលនេះ គណៈប្រតិភូសហភាពអឺរ៉ុប នឹងបន្តទៅជួបលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស។

ខណៈគណៈប្រតិភូសហភាពអឺរ៉ុប មកដល់កម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានវាយខ្នោះក្រុមអ្នកប្រឆាំង ដែលកំពុងដើរប្រមូលកម្លាំងនៅតាមមូលដ្ឋាន ដើម្បីត្រៀមទទួលលោក សម រង្ស៊ី។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីនៅខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«តិចថាខ្លាច គេមកពិនិត្យ EBA លោក ហ៊ុន សែន និយាយអ៊ីចឹង…ទេ អារឿងខុសច្បាប់ អត់មាន EBA មិន EBA ទេ ថារឿងខុសច្បាប់ហើយ គឺដាក់ហើយ កុំខ្វល់ពេក»។

លោកស្រី PoalaPampaloni បានលើកឡើងថា គណៈប្រតិភូសហគមន៍អឺរ៉ុបមកកម្ពុជានេះ គឺដើម្បីបង្កើននូវការជួបសន្ទនារវាងដៃគូទាំងពីរដោយត្រង់ទៅត្រង់មក លើបញ្ហាដែលបានលើកឡើងខាងលើនេះ។ លោកស្រីបានបន្តថា សហគមន៍អឺរ៉ុបចង់បង្កើនភាពជាដៃគូឱ្យកាន់តែខ្លាំងក្លាជាមួយកម្ពុជានិងបន្តនូវអ្វីដែលសហគមន៍អឺរ៉ុបបានជួយដល់កម្ពុជា៕ 

​(ជំនួបរវាងសម្តេច ស ខេង និង គណៈប្រតិភូសហភាពអឺរ៉ុប នៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២០ មីនា)

 

 

ឈ្មួញសម្រុកនាំចូលជ្រូកថៃទ្វេដង ជំនួសការនាំចូលពីវៀតណាម( Video)

ប៉ោយប៉ែត ៖ មន្ត្រីជំនាញបានទប់ស្កាត់ជ្រូកនាំចូលពីប្រទេសវៀតណាមស្របពេលដែលជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងនៅប្រទេសមួយចំនួនលើពិភពលោក ដូចជាប្រទេសចិន និងវៀតណាម ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរនៃខេត្តជាប់ព្រំដែនភាគខាងកើត បានចេញសារាចរណែនាំនិងទប់ស្កាត់ការនាំចូលជ្រូកដែលគ្មានច្បាប់អនុញ្ញាត និងខ្វះការត្រួតពិនិត្យពីជំនាញឲ្យបានត្រឹមត្រូវ ប៉ុន្តែគេបានកត់សម្គាល់ថា ការនាំចូលជ្រូកពីប្រទេសថៃ មានការកើនឡើងខ្ពស់សម្រាប់ផ្កត់ផ្គង់ក្នុងស្រុក ជំនួសការនាំចូលពីប្រទេសវៀតណាម។

នៅក្នុងការនាំជ្រូកពីថៃ តាមច្រកតំបន់ចំនួន2ក្នុងខេត្តបន្ទាយមានជ័យ រួមមានច្រកតំបន់បឹងត្រកួន និងច្រកតំបន់ស្រុកម៉ាឡៃ មានចំនួន ២ក្រុមហ៊ុន នេះតាមការប្រាប់ពីមន្ត្រីជម្នាញនៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នេះ មានចំនួន 770ក្បាល។ លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាលខេត្ត ប្រាប់តាមទូរស័ព្ទថាការនាំចូលជ្រូកពីថៃមាន2ក្រុមហ៊ុន គឺក្រុមហ៊ុនចន្ធូ មានជ័យ នាំចូលជ្រូកតាមច្រកតំបន់ម៉ាឡៃ និងក្រុមហ៊ុនអង្គរសុខសារិទ្ធ នាំចូលជ្រូកតាមច្រកតំបន់បឹងត្រកួន។លោកថា កន្លងមកកានាំចូលជ្រូកពីថៃ មានចំនួនតិច ទើបតែពេលនេះទេ ការនាំចូលជ្រូកមានការកើនឡើងទ្វេដង។

លោកថា មន្ត្រីជំនាញរបស់លោកបានពិនិត្យមើលលើសុខភាពសត្វយ៉ាងត្រឹមត្រូវ ម្យ៉ាងក្រុមហ៊ុននាំចូលមានវិញ្ញាបនបត្រនាំចូល និងលក្ខខណ្ឌនាំចូលគ្រប់គ្រាន់។

លោក ហ៊ុយ ទូច បញ្ជាក់ថាកានាំចូលជ្រូកពីថៃសម្រាប់ថ្ងៃទី២០ នេះ មានចំនួនសរុប ៧៧០ក្បាល គឺជ្រូករបស់ក្រុមហ៊ុនចន្ធូមានជ័យនាំចូលតាមច្រកតំបន់ម៉ាឡៃមានចំនួន៣៧០ក្បាល និង៤០០ក្បាល ជារបស់ក្រុមហ៊ុនអង្គរសុខសារិទ្ធ នាំចូលតាមច្រកតំបន់បឹងត្រកួន។ ទោះបែបណាអ្នកសារព័ត៌មានរកការបំភ្លឺពីម្ចាស់ក្រុមហ៊ុនអង្គរសុខសារិទ្ធ ណាម្នាក់បំភ្លឺឡើយ ញមានតែមន្ត្រីជំនាញម្នាក់នៅត្រួតពិនិត្យតែប៉ុណ្ណោះកំពុងធ្វើកំណត់ហេតុ៕

សម្តេចហ៊ុន សែន ៖ កម្ពុជាខ្វះខាតអគ្គិសនីប្រើប្រាស់ តែមិនដំឡើងថ្លៃទេ

ភ្នំពេញ ៖ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅស្រុកក្រគរ ខេត្តពោធិ៏សាត់នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបញ្ជាក់ជូនប្រជាពលរដ្ឋ ទូទាំងប្រទេសថា ត្បិតកម្ពុជាកំពុងមានខ្វះខាតអគ្គិសនីប្រើប្រាស់ក្តី ប៉ុន្តែតម្លៃ អគ្គិសនីនឹងមិនត្រូវតម្លើងថ្លៃនោះទេ។ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា និងក្រុមបច្ចេកទេស នឹងធ្វើដំណើរទៅតួរគីដើម្បីចរចារទិញអគ្គិសនី ដោយប្រើនាវាផ្ទុកអគ្គិសនី ប្រមាណ២០០មេហ្គាវ៉ាត់ ដើម្បីផ្គត់ផ្គង់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈថា ការផ្គត់ផ្គង់អគ្គិសនី នឹងមិនត្រូវបង់ថ្លៃបន្ថែមនោះទេ បើទោះបីជា កម្ពុជាខ្វះខាតអគ្គិសនីប្រើប្រាស់យ៉ាងណាក្តី។ បើតាមសម្តេចតេជោ មន្ត្រីអគ្គិសនីកម្ពុជា នឹងចេញទៅប្រទេសតួរគីក្នុងពេលឆាប់ៗខាងមុខ ដើម្បីចរចារទិញអគ្គិសនីតាមរយៈការបញ្ជូននាវាផលិតអគ្គិសនីពីតួរគីចំនួនពីរគ្រឿងមកកម្ពុ ជា ដើម្បីបំពេញសេចក្តីត្រូវការអគ្គិសនីនៅកម្ពុជា។ សម្តេចតេជោ បានប្រាប់ ប្រជាពលរដ្ឋកុំឲ្យបារម្ភពីតម្លើងថ្លៃអគ្គិសនី គ្រាដែលកម្ពុជាបានដាក់ចេញ ផែនការក្នុងការបញ្ចុះតម្លៃអគ្គិសនីសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេសរួច ទៅហើយនោះ។ តម្រូវការអគ្គិសនីនៅកម្ពុជាកាន់តែកើនឡើងខ្ពស់ គ្រាដែល ការវិនិយោគលើវិស័យសំណង់បានកើនឡើងដល់ជាង៧០០ភាគរយក្នុងរយៈ ពេលចុងក្រោយនេះ ស្របពេលដែលការប្រែប្រួលអាកាសធាតុបានធ្វើឲ្យវារី អគ្គិសនីនៅខេត្តកោះកុង កំពង់ស្ពឺ និងកំពត មិនអាចផលិតថាមពលអគ្គិសនី បានគ្រប់គ្រាន់។

លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា នឹងក្រុមគណៈកម្មការចម្រុះ នឹងធ្វើដំណើរទៅតួកគី ដើម្បីចរចាទិញ អគ្គិសនី២០០មេហ្គាវ៉ាត់ តាមរយៈការបញ្ជូននាវាផលិតអគ្គិសនីពីតួកគីមកកម្ពុជា។ តែទោះយ៉ាងណា ​លោក កែវ រតនៈបានពន្យល់ថា ក្រោយការចរចារបាន ជោគជ័យ ក៏ត្រូវការពេលយ៉ាងហោចណាស់ចំនួនពីរខែដែរ ដើម្បីធ្វើការចល័ត កប៉ាល់នោះពីមកកម្ពុជា។ បើតាម លោក កែវ រតនៈ បើការចរចារជាមួយតួកគី បានជោគជ័យនោះ តួកគីនឹងបញ្ជូនកប៉ាល់ចំនួនពីរគ្រឿងមកកម្ពុជា ដោយ មួយគ្រឿងដាក់នៅរាជធានីភ្នំពេញ និងមួយគ្រឿងទៀត នឹងដាក់នៅខេត្តព្រះ សីហនុ ដោយផលិតអគ្គិសនីប្រមាណ២០០មេហ្គាវ៉ាត់។

គួរបញ្ជាក់ដែរ ប្រឈមទៅនឹងការខ្វះខាត អគ្គិសនីប្រើប្រាស់នេះ ជាវិធានការ បន្ទាន់រាជរដ្ឋាភិបាលបានធ្វើការស្នើសុំទៅរដ្ឋាភិបាលវៀតណាម រដ្ឋាភិបាល ថៃ និងឡាវ បន្ថែមការផ្គត់ផ្គត់អគ្គិសនីដល់កម្ពុជា។ ជាលទ្ធផលប្រទេសថៃបានជួយបង្កើនការផ្គត់ផ្គង់បន្ថែម ៨០ MW ប្រទេសឡាវបន្ថែម ១០MW និងប្រទេសវៀតណាមបានជួយរក្សាការផ្គត់ផ្គង់អគ្គិសនីឲ្យនៅដដែល ទោះបីជាភាគខាងត្បូងរបស់ប្រទេសវៀតណាមកំពុងជួបបញ្ហាខ្វះខាតអគ្គិសនីដូចគ្នាក្តី។ នេះបើតាមសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជាចុះថ្ងៃទី១៨ ខែមីនាកន្លងទៅនេះ។ ទោះបីយ៉ាងនេះក៏ដោយ កម្ពុជានៅមានកង្វះថាមពលប្រមាណ១៣ភាគរយ ដែលតម្រូវឲ្យអគ្គិសនីកម្ពុជាធ្វើការកាត់បន្ថយការផ្គត់ផ្គង់ខ្លះរហូតដល់រដូវវស្សាមកដល់។ វិធានការកាត់បន្ថយការផ្គត់ផ្គង់នេះ ធ្វើនៅពេលថ្ងៃតាមកន្លែងឆ្លាស់គ្នា ដើម្បីរក្សាការផ្គត់ផ្គង់នៅពេលយប់ ដែលជាពេលប្រជាពលរដ្ឋត្រូវការប្រើប្រាស់ចាំបាច់។

ជាមួយគ្នានោះក៏បានគិតគូរឲ្យអស់លទ្ធភាពផ្ដុំគ្នាជាមួយការជួយដំណើរការម៉ាស៊ីនភ្លើងផ្ទាល់ខ្លួននៅក្នុងការផ្គត់ផ្គង់ពេលថ្ងៃសម្រាប់ដំណើរការផ្នែកឧស្សាហកម្មការ ការកិនស្រូវអង្ករសម្រាប់នាំចេញ មន្ទីរពេទ្យ រដ្ឋាករទឹកស្ថានទូតនិងស្ថាប័នរាជរដ្ឋាភិបាល។

ក្នុងរយៈពេលដែលមានការលំបាក ៧២ថ្ងៃរហូតដល់ចុងខែឧសភាដោយឡែកថ្ងៃបុណ្យជាតិរួមនិងថ្ងៃអាទិត្យដែលជាថ្ងៃសម្រាកសរុប២៣ថ្ងៃអគ្គិសនីកម្ពុជានឹងរក្សាការផ្គត់ផ្គង់ឲ្យមានជាធម្មតា។ បើតាម អគ្គិសនីកម្ពុជាបើសិនមានភ្លៀងធ្លាក់មកមុនចុងខែឧសភា ការផ្គត់ផ្គង់និងមានជាប្រក្រតីឡើងវិញ៕

ប្រធានបក្សកាន់អំណាច ច្រានចោលការប្រើលុយដើម្បីទិញអតីតមន្ត្រីប្រឆាំង

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសអះអាងថា គ្មានភាពចាំបាច់អ្វី ដែលត្រូវប្រើលុយ ទៅទិញទឹកចិត្តឲ្យក្រុមអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ឲ្យចូលសុំសិទ្ធិធ្វើ នយោបាយនោះទេ ព្រោះនោះជាសិទ្ធិរបស់បុគ្គល។
សម្តេចតេជោ បានថ្លែងបែបនេះ ខណៈសម្តេចចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅស្រុកក្រគរ ខេត្តពោធិ៏សាត់ នាព្រឹកថ្ងៃទី២០ ខែមីនា នេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងចាត់ទុកការចោទប្រកាន់នៃការប្រើលុយដើម្បីទិញទឹកចិត្ត មន្ត្រីអតីតគណបក្សប្រឆាំងទៅសុំសិទ្ធិនយោបាយ ថាជារឿងមើលងាយ និងប្រមាថចំពោះអតីតមន្ត្រីគណបក្សប្រឆាំងទាំងដូចទៅនឹងសត្វធាតុ។ ការប្រកាសទាត់ចោលការចោទប្រកាន់នេះគឺនៅគ្រាដែល មានមន្ត្រីបក្សប្រឆាំងមួយរូបនៅទីក្រុងម៉ុងត្រេអាល់ ប្រទេសកាណាដា បានបង្ហោះប្រឌិតថា សម្តេចតេជោ បានប្រើលុយពី១០ទៅ២០ម៉ឺនដុល្លារ ដើម្បីទិញទឹកចិត្តអតីត មន្ត្រីគណបក្សសង្គ្រោះជាតិជាថ្នូរឲ្យទៅនឹងការដាក់ស្នើពាក្យសុំសិទ្ធិធ្វើនយោ បាយឡើងវិញ។ អតីតមន្ត្រីគណបក្សមិនគួរចាត់ទុកសមាជិក សហការីរបស់ខ្លួន ដែលដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញដូចជាទំនិញ ដែលត្រូវគេ ទិញដូរនោះទេ។ សម្តេចតេជោ បានអះអាងថា គណបក្សប្រជាជនកម្ពុជា គ្មានភាពចាំបាច់អ្វីត្រូវទិញទឹកចិត្តមន្ត្រីគណបក្សប្រឆាំងនោះទេ រាល់ការសុំសិទ្ធិដើម្បីបាននីតិសម្បទានយោបាយឡើងវិញគឺជាសិទ្ធិរបស់ពួកគេ។ បើតាមសម្តេចនឹងនៅតែពិនិត្យ ថាអ្នកណាដែលគួរផ្តល់ និងអ្នកណាដែលមិនគួរផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញ មុនដាក់ថ្វាយព្រះមហាក្សត្រ។

ទន្ទឹមជាមួយនឹងការប្រកាសច្រានចោលការចោទប្រកាន់នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះអតីតមន្ត្រីគណបក្ស ប្រឆាំងមួយចំនួនដែលកំពុងបង្កើតគណៈកម្មការចំពោះកិច្ចនៅតាមឃុំ សង្កាត់ និងចុះជួបឃោសនាជាមួយប្រជាពលរដ្ឋ។ ការធ្វើសកម្មភាពនយោបាយ ដោយមិនទាន់បានទទួលនីតិសម្បទាធ្វើនយោបាយឡើងវិញ ជារឿងខុស ច្បាប់ ដែលរដ្ឋអំណាចត្រូវចាប់ខ្លួនក្នុងករណី នៅតែបន្តធ្វើសកម្មភាព។

កាលពីថ្ងៃទី១៩ ខែមីនា ម្សិលម៉ិញ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យ ដោយផ្តល់នីតិសម្បទានយោបាយដល់ អតីតតំណាងរាស្រ្ត និងថ្នាក់ដឹកនាំអតីតបក្សប្រឆាំងចំនួន៥រូបផ្សេងទៀត បន្ទាប់ពីពួកគាត់បានដាក់សំណើទៅកាន់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន៩រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ។ អតីតថ្នាក់ដឹកនាំ អតីតCNRP ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនោះ រួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា។ ក្រៅអ្នកទាំងពីអ្នកទាំង៩រូបនេះ គឺនៅមានអតីតតំ ណាងរាស្ត្រ និងថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិចំនួនជាង២០នាក់ ផ្សេងទៀត នឹងបន្តដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ៕

បង្ក្រាបគោយន្តដឹកឈើថៅកែ ម៉ុន ប្រចាំក្នុងស្រុកឱរ៉ាល់ និងស្រុកថ្ពង

ខេត្តកំពង់ស្ពឺ ៖ គោយន្តដឹកឈើមួយគ្រឿង ត្រូវបានខាងមន្ត្រីជំនាញបរិស្ថានចំណុច ស្រែកិន ធ្វេីការបង្ក្រាប ខណៈម្ចាស់គោយន្តបេីកយកមកលាក់ទុកខាងក្រោយផ្ទះ ប្រជាពលរដ្ឋ ដែលគេស្គាល់ច្បាស់ថាម្ចាស់មានឈ្មោះ ម៉ុន អាយុជាង៤០ឆ្នាំ កាលពីព្រឹកថ្ងៃទី១៩ខែមីនាឆ្នាំ២០១៩នៅចំណុចក្នុងភូមិទួលធ្នង់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ការចុះបង្ក្រាបគោយន្តដឹកឈើគ្រឿង ខាងលេីនេះ ដោយមានការ រាយការណ៍ពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានអំពី សកម្មភាពការដឹកជញ្ជូនឈេី បែបអាណាធិបតេយ្យ របស់មេឈ្មួញម្នាក់ ត្រូវបានគេ ស្គាល់ឈ្មោះថា លោក ម៉ុន អាយុជាង៤០ឆ្នាំ ដែលជាមេឈ្មួញជេីងខ្លាំងល្បីល្បាញ ប្រចាំស្រុកឱរ៉ាល់និងស្រុកថ្ពងមិនខ្លាចញញើតសមត្ថកិច្ចនុងជំនាញណាឡើយដឹកឈើទាំងថ្ងៃតែម្តង។

ប្រភពពីប្រជាពលរដ្ឋបន្តថាដោយរយៈពេលកន្លងមកមេឈ្មួញរូបនេះ តែងតែលួចដឹកជញ្ជូនផលអនុផលព្រៃឈេី(ឈើគ្រឿងផ្ទះ) យ៉ាងសកម្ម ក្នុងទឹកដីស្រុកឱរ៉ាល់ ហេីយកម្លាំងជំនាញបរិស្ថានយេីងបានធ្វេីការតាមបង្ក្រាបជាច្រេីនដងដែលប៉ុន្តែមេឈ្មួញរូបនេះហាក់បីដូចជា ដឹងខ្លួនមុនរហូត បានរត់គេចចូលក្នុងចំការអំពៅជាញឹកញាប់ៗណាស់។ប៉ុន្តែសំណាងមិនល្អ ព្រះមិនជួយទើប រហូតមកដល់ថ្ងៃនេះត្រូវអស់ល័ក្ខ ហេីយត្រូវបានខាងមន្ត្រីជំនាញបរិស្ថានតំបន់ ស្រែកិនធ្វេីការបង្ក្រាបបានតែម្តងប៉ុន្តែតៃកុងរត់គេចខ្លួនបាត់បន្សល់ទុកតែគោយន្តប៉ុណ្ណោះ។

កិច្ចប្រត្តិបត្តការខាងលេីនេះ ក្រោមការដឹកនាំ កម្លាំងដោយលោក វណ្ណ ធឿន ប្រធានក្រុមល្បាតចំណុចស្រែកិន និងមានការសហការចូលរួម ពីជំនាញផងដែរ។គោយន្តដឹកឈើដែលបង្ក្រាបបាននេះគេដឹងថាមេឈ្មួញបានដឹកចេញពីខេត្តពោធិសាត់ ឆ្លងកាត់តាមអូរត្រាវ ស្រែកិនទើបបង្ក្រាបបាន។

ក្រោយពីការបង្ក្រាបគោយន្តរបស់មេឈ្មួញខាងលេីរួចមកកម្លាំងជំនាញបរិស្ថានបានធ្វេីការបេីកយកមករក្សាទុក នៅទីស្នាក់ការបរិស្ថានស្រែកិន ដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់ស្តីអំពីរដ្ឋបាលព្រៃឈេី។

សូមបញ្ចាក់ផងដែរថា៖រយៈពេលកន្លងមកកម្លាំងជំនាញបរិស្ថានតំបន់ស្រែកិន បានធ្វេីការបង្ក្រាបជាច្រេីនលើកច្រើនដង មកហេីយទៅលេីក្រុមឈ្មួញដឹកបទល្មើសទាំងនេះ តែក្រុមឈ្មួញទាំងនេះនៅតែមកលបលួចដឹកជញ្ជូនដដែល។ទោះជាយ៉ាងណាក៏ដោយ កម្លាំងជំនាញបរិស្ថាននឹង បន្តការតាមបង្ក្រាបជានិច្ចមកលើមេឈ្មួញទាំងនេះ ដើម្បីការពារព្រៃឈើអោយបានគង់វង្សនោះ៕

​គ ជ ប ប្រកាសលំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ ជ ប នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញ នេះ បានរៀបចំការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ នៅទីស្នាក់ការលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ។

លទ្ធផល នៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត សម្រាប់តែរាជធានីភ្នំពេញ គឺ ៖
-គណបក្សយុវជនកម្ពុជា លេខរៀងទី១
-គណបក្សសញ្ជាតិកម្ពុជា លេខរៀងទី២
-គណបក្សឆន្ទៈខ្មែរ លេខរៀងទី៣
-គណបក្សប្រជាជនកម្ពុជា លេខរៀងទី៤
-គណបក្ស ហ៊្វុនស៊ិនប៉ិច លេខរៀងទី៥
សូមជម្រាបថា អ្នកបោះឆ្នោត និងឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែង ដែលមានសមាជិកសរុបចំនួន ១១ ៥៧២ នាក់ នៅទូទាំងប្រទេស ដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ៕

មន្រ្តីរាជការគ្រប់ផ្នែក នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែមីនា ដោ​យសម្រេចផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ចំនួន៥ម៉ឺនរៀលក្នុងម្នាក់ជូនដល់មន្រ្តីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្រ្តីនគរបាលជាតិកម្ពុជា មន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ យោធិននៃកងយោធពលខេមរភូមិន្ទ មន្រ្តីរាជការនៃអាជ្ញាធរសវនកម្មជាតិ មន្រ្តីរាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមន្រ្តីខុទ្ទកាល័យ។
សូមអានខ្លឹមសារអនុក្រឹត្យដូចខាងក្រោម ៖

រាជរដ្ឋាភិបាលនឹងដំឡើងប្រាក់ឧបត្ថម្ភក្រុមប្រឹក្សា មន្រ្តីភូមិ និងការិយាល័យប្រជាពលរដ្ឋ ឆ្នាំ២០១៩

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចេញអនុក្រឹត្យកែប្រែ និងដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែ ចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្រ្តីភូមិ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

យោងតាមអនុក្រឹត្យខាងលើនេះ បានបង្ហាញថា ប្រាក់ឧបត្ថម្ភខាងលើនេះ ត្រូវបើកជូនចាប់ ពី ថ្ងៃ ទី១  ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។
សូមអានខ្លឹមសារ នៅក្នុងអនុក្រឹត្យខាងក្រោមនេះ ៖

អគ្គីភ័យឆាបឆេះផ្ទះបួនខ្នង និងបណ្ដាលឲ្យក្មេងស្រីពីរនាក់ស្លាប់

មណ្ឌលគិរី ៖ មានហេតុការណ៍អគី្គភ័យមួយបានកើតឡើងបណ្ដាលឲ្យក្មេងស្រីវ័យជំទង់ពីរនាក់បានស្លាប់ និងបានឆាបឆេះរាលដាលលំនៅដ្ឋាន៤ខ្នងទាំងស្រុង ដោយឧបទ្ទវហេតុនេះ ផ្ដើមចេញពីផ្ទះលក់សាំងមួយកន្លែង ។ ហេតុការណ៍នេះ បានកើតឡើងនិងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ៥ល្ងាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ហើយអគ្គីភ័យបានអូសបន្លាយឆាបឆេះប្រហែលជាង៣ម៉ោង គឺរហូតដល់ម៉ោងប្រហែល៨យប់ ទើបសមត្ថកិច្ចអាចប្រើប្រាស់ឡានទឹកបាញ់ពន្លត់អគ្គីភ័យនេះបាន ។

ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ឡោ សុខា បានប្រាប់នៅកន្លែងកើតហេតុថា មូលហេតុដែលបណ្ដាលឲ្យអគ្គីភ័យនេះបង្កជាអណ្ដាតភ្លើងបាន ព្រោះការធ្វេសប្រហែសរបស់អ្នកបើកឡានដឹកប្រេង ដែលបង្ហូរប្រេងចេញពីស៊ីទែនមកមិនប្រយត្ន ធ្វើឲ្យប្រេងទាំងនោះខ្ទាតចេញទៅប៉ះជាមួយចង្ក្រានភ្លើងនៅផ្ទះបាយ បង្កជាការឆាបឆេះតែម្ដង។ លោកបន្តថា ហេតុការណ៍នេះបណ្ឌាលឲ្យមនុស្សស្រីពីរនាក់ស្លាប់ និងរបួសម្នាក់ ចំណែករថយន្តដឹកប្រេងសមត្ថកិច្ចឃាត់បានហើយ ប៉ុន្តែតៃកុងរថយន្តបានរត់គេចខ្លួន ។ ក្នុងករណីនេះដែរ កម្លាំងនគរបាលបានប្រើរថយន្តពន្លត់អគ្គីភ័យ៤គ្រឿង និងប្រើទឹកជាង២០ឡានទើបអាចពន្លត់អគ្គីភ័យនេះបានទាំងស្រុង ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងដែរថា ក្រោយអគ្គីភ័យនេះបានកើតឡើង ភ្លាមៗនោះគេឃើញម្ចាស់ផ្ទះលក់ប្រេងបានរត់ចេញពីអណ្ដាតភ្លើងមកពីរនាក់ និងជាប់ក្មេងស្រីវ័យជំទង់ពីរនាក់ក្នុងផ្ទះ ដែលត្រូវជាកូនស្រីម្ចាស់ផ្ទះ០១នាក់ ក្មួយស្រី០១នាក់ ហើយពួកគេបានរត់ទៅពួនក្នុងបន្ទប់ទឹក រំពេចនោះប្រជាពលរដ្ឋព្យាយាមជួយសង្គ្រោះជនរងគ្រោះទាំងពីរនាក់ ប្រើមធ្យោបាយវាយទម្លុះជញ្ជាំងបន្ទប់ទឹកនោះតែម្ដង តែជាអកុសល្យគឺវាយច្រលំបន្ទប់ មិនចំបន្ទប់ទឹក ក៏បណ្ដាលឲ្យពួកគេមិនអាចទ្រាំបានដាច់ខ្យល់ស្លាប់ក្នុងបន្ទប់ទឹកនោះយ៉ាងអាណោចអធ័ម ។

ជនរងគ្រោះទាំងពីរនាក់ ដែលបានស្លាប់ក្នុងហេតុការណ៍អគ្គីភ័យនេះ ទី១ឈ្មោះ ហ៊ាង សម្ផស្ស ភេទស្រី អាយុ១៧ឆ្នាំ ទី២ ឈ្មោះ ហ៊ាង ស្រីលីន ភេទស្រី អាយុ១៤ឆ្នាំ ។

គិតមកដល់ព្រឹកថ្ងៃទី១៩ ខែមីនា នេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីទំហំនៃការខូចខាតនៅឡើយទេ៕ ដោយ ៖  ភិរ៉ាន

ម្ចាស់កាសែត ឌឹខេមបូឌាដេលី លោក Bernard Krisher ទទួលមរណភាពហើយ

ភ្នំពេញ ៖ ស្ថាបនិកកាសែត The Cambodia Daily លោក Bernard Krisher បានទទួលមរណភាពក្នុងវ័យ៨៧ឆ្នាំ នៅមន្ទីរពេទ្យមួយក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ដោយសារលោកមានជំងឺបេះដូង។

ក្នុងអត្ថបទអនឡាញរបស់ខ្លួនចុះផ្សាយនៅថ្ងៃនេះ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី បានរៀបរាប់ថា លោក Bernard Krisher ដែលមានតួនាទីជាប្រធានអង្គការជំនួយពិភពលោកសម្រាប់កម្ពុជា (World Assistance for Cambodia)ផងនោះ បានទទួលមរណភាពដោយសារជំងឺគាំងបេះដូង កាលពីថ្ងៃទី៥ ខែមីនា ក្នុងវ័យ ៨៧ឆ្នាំ នៅឯមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

សារពត័ត៌មានដដែលនេះ បានចុះផ្សាយបន្តថា មរណភាពរបស់ស្ថាប័នសារព័ត៌មានមួយនេះ ត្រូវបានក្រុមគ្រួសារទម្លាយឲ្យដឹងជាសាធារណៈ ក្រោយពីការរៀបចំពិធីបញ្ចុះសពលក្ខណៈឯកជនមួយធ្វើឡើងនៅទីក្រុងញូវយ៉ក។

ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហោះលើទំព័រហ្វេសប៊ុកបង្ហាញពីការសោកស្តាយចំពោះមរណភាពរបស់លោក Krisher ជនជាតិអាមេរិក ដែលមានកំណើតនៅក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។ ស្ថានទូតអាមេរិក បានសរសេរយ៉ាងដូច្នេះថា៖«លោក Krisher មិនត្រឹមតែបានធ្វើឲ្យប្រជាជនកម្ពុជារាប់លាននាក់ទទួលបានព័ត៌មានតែប៉ុណ្ណោះទេ តែលោកថែមទាំងបានចំណាយពេលវេលារបស់លោករាប់ទសវត្សរ៍ ដើម្បីធ្វើការងារមនុស្សធម៌នៅកម្ពុជា»។

លោក Bernard Krisher មុននឹងភៀសខ្លួនទៅនៅអាមេរិកនៅវ័យកុមារនៅឡើយនៅក្នុងឆ្នាំ១៩៣៧នោះ លោក Bernard Krisher ក៏ជាអតីតនាយកការិយាល័យព័ត៌មាន Newsweek ប្រចាំនៅទីក្រុងតូក្យូ ព្រមទាំងសារព័ត៌មានអន្តរជាតិដទៃទៀតផងដែរមុននឹងលោកបង្កើតកាសែត ឌឺ ខេមបូឌា ដេលី ជាភាសាអង់គ្លេស The Cambodia Daily នៅក្នុងឆ្នាំ១៩៩៣។ប៉ុន្តែ កាសែតភាសាអង់គ្លេសមួយនេះ បានបិទការបោះពុម្ពផ្សាយរបស់ខ្លួនទាំងស្រុងកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ក្រោយពីត្រូវរដ្ឋាភិបាលចោទថា បានជំពាក់ពន្ធជាង ៦លានដុល្លារអាមេរិកនៅក្នុងររយៈប្រហែល ១០ឆ្នាំ។

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ស្ថានទូតបានរៀបចំបន្ទប់មួយដាក់ឈ្មោះលោក Bernard Krisher សម្រាប់ជាកិត្តិយសរបស់លោកផ្ទាល់៕

(លោក Bernard Krisher ស្ថាបនិកកាសែត The Cambodia Daily ទទួលមរណភាពក្នុងអាយុ​៨៧ឆ្នាំ។ ប្រភពរូបថត The Cambodia Daily)

លោក សោ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភា CNRP រងបណ្តឹងប្រមាថសម្តេចតេជោ

ភ្នំពេញ ៖ លោក សោ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភាគណបក្សសង្គ្រោះជាតិ កំពុងរងបណ្តឹងពីបទប្រមាថសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោក គី តិច មេធាវីរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ពាក្យប្តឹងអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងម្នាក់ទៀត គឺលោក សោ ចាត់ដេត ពីបទជេរប្រមាថ និងបទញុះញង់។

បើតាមពាក្យបណ្តឹងរបស់លោក គី តិច បានឲ្យដឹងថា អង្គហេតុដែលនាំឲ្យមានបណ្តឹងនេះ គឺដោយសារលោក សោ ចាត់ដេត បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកនាពេលកន្លងមក ។ លោក គី តិច ចាត់ទុកសារទាំងនោះថា មានលក្ខណៈប្រមាថសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក សោ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភាគណបក្សសង្គ្រោះជាតិ មិនអាចទា់ទងសុំការពន្យល់ឆ្ល;យតបទៅនឹងបណ្តឹងនោះបានទេ៕ 

(លោក សោ ចាន់ដេត ចូលរួមបាតុកម្មជាមួយពលរដ្ឋខ្មែរនៅកាណាដា ។ រូបភាព៖ ហ្វេសប៊ុកលោក សោ ចាន់ដេត )

 

ឆ្លងចរន្តអគ្គីសនីឆាបឆេះផ្ទះអស់ ៣១ខ្នង នៅខណ្ឌមានជ័យ

ភ្នំពេញ ៖ ឆេះផ្ទះឈើប្រក់សង្ក័សីអស់ ៣១ខ្នងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៧ ខែមីនាឆ្នាំ២០១៩ ស្ថិតនៅចំនុចផ្លូវលំ ភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៍មានពីសមត្ថកិច្ចបានឱ្យដឹងថា អគ្គីភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៣១ខ្នង ខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ខណៈដែលម្ចាស់ផ្ទះ បានចាក់សោរផ្ទះ ហើយចេញទៅខាងក្រៅ បណ្តាលឱ្យទុសេរខ្សែរភ្លើង បង្កចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅរីករាលដាលដល់ផ្ទះក្បែរៗជាប់គ្នាអស់ជាច្រើនខ្នង។

ហេតុការណ៍នេះក៏មានរថយន្តពន្លត់អគ្គីភ័យចំនួន១៨គ្រឿង របស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន ១៤គ្រឿង រថយន្តអាវុធហត្ថរាជធានីចំនួន៣គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន១គ្រឿង ចេញទៅជួយបាញ់ទឹកដើម្បីទប់ស្កាត់កុំឱ្យរាលដាលបន្តទៅផ្ទះប្រជាពលរដ្ឋដែលនៅក្បែរៗនោះទៀត តែដោយសារតែផ្លូវតូចចង្អៀតទើបធ្វើឱ្យក្រុមពន្លត់អគ្គីភ័យពិបាកចូលទៅបាញ់ទឹកពន្លត់រហូតឈានដល់ខូចខាតផ្ទះប្រជាពលអស់ ៣១ខ្នងទាំងស្រុង និងខូចខាតសម្ភារៈអស់មួយចំនួន តែសំណាងល្អដែរ ដោយគ្មានបណ្តាលពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ទេ៕

កម្ពុជា នឹងមានភ្លៀងកក់ខែ លាយឡំដោយខ្យល់កន្រ្តាក់ ពីថ្ងៃទី២១ ដល់ទី២៤ ខែមីនា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ចាប់ពីថ្ងៃទី២១ ដល់ ២៤ ខែមីនា ឆ្នាំ២០១៩ រាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ តាកែវ កំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ នឹងមានភ្លៀងកក់ខែលាយឡំជាមួយរន្ទះ និងខ្យល់កន្រ្តាក់។

តាមសេចក្តីជូនដំណឹងដដែលបានឲ្យដឹងថា បណ្តាខេត្តដទៃទៀតដូចជា សៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យនិងខេត្តព្រះវិហារ ក៏នឹងមានភ្លៀងកក់ខែលាយឡំជាមួយរន្ទះ និងខ្យល់កន្រ្តាក់ផងដែរ ចាប់ពីថ្ងៃទី២៣ ដល់ ២៤ ខែមីនា ឆ្នាំ២០១៩។

ការជូនដំណឹងខាងលើនេះ បន្ទាប់ពីក្រសួងបានតាមដានស្ថានភាពអាកាសធាតុរួចមក ឃើញថា៖ សម្ពាធទាបនៅលើផ្ទៃដី បន្តគ្របដណ្តប់លើកម្ពុជា។ ទន្ទឹមនឹងនេះ កម្ពុជា ក៏ចាប់ផ្តើមទទួលឥទ្ធិពលពីខ្យល់ដែលបក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ផងដែរ។

ស្ថានភាពអាកាសធាតុបែបនេះ ក៏បានធ្វើឱ្យកម្រិតសីតុណ្ហភាពចាប់ពីថ្ងៃទី២១ ដល់ ២៤ ខែមីនា៖
-បណ្តាខេត្តនៅភាគខាងកើត ខាងត្បូង និងតំបន់មាត់សមុទ្រ៖
+សីតុណ្ហភាពអប្បបរមា ស្ថិតក្នុងរង្វង់ពី ២៥ ដល់ ២៧អង្សារសេ និងអតិបរមា ពី ៣០ ដល់ ៣២អង្សារសេ។

-បណ្តារាជធានី-ខេត្តដទៃទៀត៖
+សីតុណ្ហភាពអប្បបរមា ស្ថិតក្នុងរង្វង់ពី ២៥ ដល់ ២៧អង្សារសេ និងអតិបរមា ពី ៣២ ដល់ ៣៥អង្សារសេ។
ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចនឹងកើតមានជាយថាហេតុ នៅពេលមេឃរកកលភ្លៀង៕