All posts by មេគង្គ ប៉ុស្តិ៍

នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចជាថ្មីឲ្យសាងសង់ផ្លូវ និងស្ពាន ​ភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឡើងវិញអនុញ្ញាតឲ្យសាងសង់ផ្លូវ និងស្ពានប្រវែងជាង ៥៧ គីឡូម៉ែត្រ រួមទាំងស្ពានចំនួនឆ្លងដៃទន្លេ ៣កន្លែង ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ សម្តេចតេជោ បានអះអាងថា គម្រោងសាងសង់នេះ នឹងមិនប៉ះពាល់ដល់ចរន្តត្រីនោះឡើយ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបុណ្យទន្លេលើកទី ៥ នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៦ ខែមីនា។

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងសាងសង់ផ្លូវប្រវែងជាង ៥៧ គីឡូម៉ែត្រ ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ ក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ។ ជាមួយគ្នានេះដែរ ក៏នឹងមានការសាងសង់ស្ពានឆ្លងកាត់ដៃទន្លេចំនួន៣ ដែលដូចជា ទន្លេផ្សារក្រោម ,ទន្លេជល់មុខ និងទន្លេកំពង់ហាវ ពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅខេត្តកំពង់ធំ ដែលមានប្រវែងរហូតដល់ទៅ ៣.៩០០ម៉ែត្រ ដែលនឹងក្លាយជាស្ពានវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «…..សង្ឃឹមថា ពលរដ្ឋយើងនឹងទទួលបានផលប្រយោជន៍ពីគម្រោងមួយនេះ ដែលយើងបានសិក្សាជាក់លាក់រួចមកហើយថា មិនមានផលប៉ះពាល់ណាមួយបំផ្លាញទៅដល់ធនធានធម្មជាតិ ឬក៏បង្វែរចរន្តទឹក ដែលធ្វើឲ្យស្ទះនូវចរាចរណ៍ផ្លូវទឹក និងការបំលាស់ទីរបស់ត្រីនោះទេ….»។
គួររំលឹកថា គម្រោងនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យផ្អាកម្ដងរួចមកហើយ កាលពីខែមិថុនា ឆ្នាំមុន អំឡុងពេលដែលសម្តេចអញ្ជើញសម្ពោធកំណាត់ផ្លូវជាតិលេខ ៦ ស្ថិតក្នុងខេត្តកំពង់ធំ៕

លោក រៀល ខេមរិន្ត្រ អតីតមន្ត្រីបក្សប្រឆាំងគ្រោងបង្កើតគណបក្សថ្មី

ភ្នំពេញ ៖ លោក រៀល ខេមរិន្ត្រ អតីតអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនៅក្រសួងមហាផ្ទៃ រួចហើយ កាលពីថ្ងៃទី១៣ ខែមីនា ក្នុងសប្តាហ៍មុននេះ។ សំណើរបស់លោក រៀល ខេមរិន្ត្រ ក៏ត្រូវបានក្រសួងមហាផ្ទៃ បញ្ជូនទៅកាន់រដ្ឋាភិបាលកម្ពុជា កាលនៅព្រឹកថ្ងៃទី១៦ ខែមីនា រួចហើយដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា លោកខៀវ សុភ័គ។

លោក រៀល ខេមរិន្ត្រ ស្ថិតក្នុងចំណោមអតីតមន្ត្រីបក្សប្រឆាំង ត្រូវបានព្រះមហាក្សត្រផ្តល់នីតិសម្បទាឱ្យធ្វើនយោបាយឡើងវិញ ។ គិតត្រឹមពេលនេះ លោកនឹងក្លាយជាអ្នកប្រឆាំងទីបួន ហើយដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ មន្ត្រីទីមួយ គឺលោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់ ទីពីរ លោក គង់ ប៉ូរា អតីតអ្នកតំណាងរាស្ត្រ និងទីបី លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ដែលជាអតីតសមាជិកគណៈកម្មាធិការនាយករបស់អតីតគណបក្សសង្គ្រោះជាតិ។

ក្នងលិខិតចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ អតីតសមាជិកគណកម្មាធិការនាយក និងជាអតីតតំណាងរាស្ដ្រមណ្ឌលស្វាយរៀងរបស់អតីតគណបក្សសង្គ្រោះជាតិ លោក រៀល ខេមរិន្រ្ទ បានដាក់លិខិតមួយទៅរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយអះអាងក្នុងលិខិតនោះថា លោកស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ មុនកាលកំណត់របស់សាលដីកាតុលាការកំពូល។
ក្នុងលិខិតដដែលនេះ លោក រៀល ខេមរិន្រ្ទ បញ្ជាក់ទៀតថា លោកមានបំណងបង្កើតគណបក្សនយោបាយថ្មី ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតសម្រាប់អាណត្តិក្រោយផងដែរ។

គួរកត់សម្គាល់ថា ការដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់លោក រៀល ខេមរិន្ត្រ នេះ ធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានបិទលែងទទួលយកសំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់មន្ត្រីអតីតបក្សប្រឆាំង៕

តុលាការបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី និងមនុស្ស៧នាក់ទៀត

ភ្នំពេញ ៖ លោក សម រង្ស៊ី និងអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងចំនួន ៧នាក់ ផ្សេងទៀត ត្រូវបានតុលាការរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ដោយចោទថា ជាប់ពាក់ព័ន្ធ រួមគំនិតក្បត់ជាតិ និងញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលបានប្រព្រឹត្តទៅនៅកម្ពុជា និងទីកន្លែងផ្សេងទៀត ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា៤៥៣ មាត្រា៤៩៤ និង៤៩៥នៃក្រមព្រហ្មទណ្ឌ។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងនាំខ្លួនដែលចេញដោយចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ លោកកូយ សៅ ចុះនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ទើបត្រូវបានបង្ហាញជាសាធារណ នៅថ្ងៃទី១៧ មីនា នេះបានបង្ហាញថា មនុស្សជំនិតទាំង ៧រូប របស់លោក សម រង្ស៊ី រួមមាន លោក អេង ឆៃអ៊ាង , លោក ហូរ វ៉ាន់ , លោក អ៊ូ ច័ន្ទឫទ្ធិ , លោក ម៉ែន សុថាវរិន្ទ្រ , លោក ឡុង រី , លោក តុប វ៉ាន់ចាន់ និងលោកស្រី មូរ សុខហួរ៕

ជំងឺប៉េស្ដជ្រូកអាហ្វ្រិកនៅវៀតណាម រាលដាលដល់ខេត្តជាប់ព្រំដែនកម្ពុជា

ភ្នំពេញ ៖ លោក តាន់ ផាន់ណារ៉ា មន្ត្រីជំនាញខាងសុខភាពសត្វនៃក្រសួងកសិកម្ម បានបញ្ជាក់ថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិក បានរាលដាលមកដល់ខេត្តព្រំដែនរបស់ប្រទេសវៀតណាម ដែលជាប់គ្នាជាមួយខេត្ត រតនគិរី និងខេត្តក្រចេះ របស់ប្រទេសកម្ពុជាហើយ តែលោកថា អាជ្ញាធរគ្រប់ខេត្ត បានពង្រឹងការ ទប់ស្កាត់បានយ៉ាងល្អប្រសើរ។

លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានលើកឡើងបែបនេះ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់មួយ នៅថ្ងៃទី១៥ ខែមីនា នេះដោយបញ្ជាក់ថា តាមព័ត៌មានមិនផ្លូវការដែលលោកទទួលបានពីខាងក្រុមហ៊ុនលក់ចំណីសត្វ និងសមាគមចិញ្ចឹមសត្វជាដើម គឺបញ្ជាក់ថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិក ដែលរាលដាលនៅក្នុងប្រទេសវៀតណាម កំពុងតែខិតជិតមកដល់ប្រទេសកម្ពុជាហើយ ។ លោក តាន់ ផាន់ណារ៉ា ក៏បានអំពាវនាវឱ្យមន្ទីរខេត្ត រតនគីរី និងក្រចេះ ត្រូវបង្កើនការតាមដាននិងប្រុងប្រយ័ត្ននៅពេលណាមានសត្វជ្រូកឈឺ។

លោក តាន់ ផាន់ណារ៉ា និយាយថា «ដោយសារកាលពីពេលថ្មីៗនេះ ខ្ញុំទទួលបានព័ត៌មានថា នៅបណ្ដារខេត្តទល់ដែនជាប់ប្រទេសកម្ពុជាដែលជាប់នឹងខេត្ត ក្រចេះ និងរតនគីរី គឺមានបញ្ហានេះ (ជំងឺប៉េស្តជ្រូកអាហ្វ្រិក) ហើយពីពេលនេះទៅ ខ្ញុំក៏សូមសំណមពរលោក-លោកស្រីដែលជាប្រធានការិយាល័យដែរថា ប្រសិនបើមានសត្វឈឺក្នុងករណីមួយណាក៏ដោយ ត្រូវតែប្រុងប្រយ័ត្នខ្ពស់»។

  • ទោះជាយ៉ាងនេះក្តី លោក តាន់ ផាន់ណារ៉ា បានអះអាងថា មានបទល្មើសដឹកជ្រូកចូលខុសច្បាប់ជាច្រើនពីប្រទេសវៀតណាម ត្រូវបានខាងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វសហការជាមួយអាជ្ញាធរគ្រប់ខេត្ត បានទប់ស្កាត់បទល្មើសទាំងនោះបានយ៉ាងល្អប្រសើរ ហើយរាល់ការវិភាគកន្លងមកក៏បង្ហាញថា កម្ពុជាពុំមានករណីផ្ទុះឡើងជំងឺប៉េស្ដជ្រូកអាហ្វ្រិក នោះទេ៕

ប្រធានាធិបតីកូរ៉េខាងត្បូង ចូលគាល់ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែមិនា ឆ្នាំ២០១៩ នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាតឯកឧត្ដម MOON JAE-IN ប្រធានាធិបតី នៃសាធារណៈរដ្ឋកូរ៉េ និងលោកជំទាវ ព្រមទាំងគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ មកកាន់ព្រះណាចក្រកម្ពុជា តបតាមសេចក្តីអញ្ជើញរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រះទីនាំងទេវាវិនិច្ឆ័យ នៃព្រះបរមរាជវាំង។

បន្ទាប់ពីបញ្ចប់ការចូលគាល់ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង នៅវេលាម៉ោង ១០៖០០ ព្រឹក ក្នុង ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ិន (Moon Jae-in) និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញបំពាក់កម្រងផ្កានៅវិមានឯករាជ្យ ហើយបន្តគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ផងដែរ។

សូមជម្រាបថា លោកប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េខាងត្បូង បានអញ្ជើញមកដល់ប្រទេស កម្ពុជា នៅរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូង រយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។

អំឡុងពេលមកដល់ប្រទេសកម្ពុជា នៅថ្ងៃដំបូង លោកបានជួបសំណេះសំណាលជាមួយនឹង វិនិ យោគិន និងប្រជាពលរដ្ឋកូរ៉េ ក្នុងសហគមន៍កូរ៉េនៅកម្ពុជា ព្រមទាំងបានជួបទទួលទាន អាហាររួម គ្នាជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បន្ទាប់ពីបំពាក់កម្រងផ្កានៅវិមានឯករាជ្យ និងអញ្ជើញ គោរព វិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ លោកប្រធានាធិបតី នឹងឆ្ពោះទៅកាន់វិមានសន្តិភាព ដើម្បី មានជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

អំឡុងជំនួបទ្វេភាគីនោះ លោកប្រធានាធិបតី មូន ចេអ៉ិន និងសម្តេចតេជោ ហ៊ុន សែន បានពិភាក្សា អំពីការជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ហើយ ក៏ផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម ផងដែរ។ បន្ទាប់ពីបញ្ចប់ជំនួប ថ្នាក់ដឹកនាំទាំងពីរ បានអញ្ជើញធ្វើជាសាក្សីក្នុង ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន និងធ្វើសេចកី្តប្រកាសព័ត៌មានរួមគ្នា។

បើតាមកម្មវិធី លោកប្រធានាធិបតី មូន ចេអ៉ិន និងសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង អញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីលើកទឹកចិត្តឲ្យមានការ វិនិយោគ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែច្រើនឡើង រវាងប្រទេសទាំងពីរ។

ទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជា របស់លោកប្រធានាធិបតី មូន ចេអ៊ីន គឺជាព្រឹតិ្តការណ៍ ដ៏ សំខាន់ ក្នុងទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលនឹងពង្រឹងមិត្តភាព ហើយនឹងធ្វើឲ្យ កិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានវិសាលភាពទូលំទូលាយ និងស៊ីជម្រៅ៕

ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវ បានអញ្ជើញទស្សនាប្រាសាទអង្គរវត្ត

សៀមរាប ៖ នៅមុនពេលបញ្ចប់ដំណើទស្សនកិច្ចផ្លុវរដ្ឋនៅកម្ពុជា លោក Moon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវ បានអញ្ជើញទៅខេត្តសៀមរាប នៅវេលាម៉ោងប្រមាណជាង១០ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នេះ ដើម្បីទស្សនាប្រាសាទព្រះពិធូរ ស្ថិតនៅក្នុងទឹកដីប្រាសាទអង្គរធំ ដែលប្រាសាទនេះកំពុង ស្ថិតនៅក្នុងការជួសជុលរបស់ទីភ្នាក់ងារសហប្រតិបត្តិការកម្ពុជា-កូរ៉េ ។ បន្ទាប់ពីទស្សនាប្រាសាទ ព្រះពិធូររួច លោកប្រធានាធិបតីកូរ៉េ ទៅទស្សនាប្រាសាទអង្គរវត្ត រួចទើបត្រឡប់មកកាន់រាជធានីភ្នំពេញ ដើម្បីធ្វើមាតុភូមិនិវត្តិទៅកាន់ទីក្រុងសេអ៊ូល វិញ។

សូមបញ្ជាក់ថា លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៤ ខែមីនា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ។ ក្នុងអំឡុងនៃដំណើរទស្សនកិច្ចនេះ លោក មូន បានចូលគាល់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ លោក មូន ចេអ៊ីន ក៏បានជួបជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ធ្វើវេទិកាធុរកិច្ចជាមួយគ្នា និងបានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្សលេខាលើឯកសារនៃកិច្ចព្រមព្រៀងសំខាន់ៗចំនួន៥ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចរបស់លោក មូន ត្រូវបានបញ្ចប់ដោយលទ្ធល្អប្រសើរ និងបានចាកចេញពីកម្ពុជានៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នេះ៕

ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពទីក្រុងប៉េកាំង ប្រទេសចិន

ភ្នំពេញ ៖ នៅថ្ងៃទីអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ នេះ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នឹងយាងទៅពិនិត្យព្រះរាជសុខភាព នៅមន្ទីរពេទ្យ នាទីក្រុងប៉េកាំង ប្រទេសចិន។

បើតាមកម្មវិធី ក្នុងការយាងទៅពិនិត្យព្រះរាជសុខភាពនៅថ្ងៃអាទិត្យ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចហេង សំរិន ប្រធានរដ្ឋ សភា ត្រូវបានរំពឹងថា នឹងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គ ផងដែរ។

ចំណែកកិច្ចការរបស់ប្រមុខរដ្ឋកម្ពុជាស្តីទី នឹងធ្លាក់ទៅលើសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ខណៈដែលព្រះមហាក្សត្រ អវត្តមាននៅក្នុងប្រទេស៕

សម្តេចតេជោ អំពាវនាវឲ្យប្រើប្រាស់ទឹក និងអគ្គិសនីដោយសន្សំសំចៃ ក្នុងរដូវប្រាំងនេះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអំពាវនាវដល់មជ្ឈដ្ឋានទូទាំងប្រទេសប្រើប្រាស់ទឹក និងអគ្គិសនីដោយសន្សំសំចៃ ដោយសារពេលនេះ កម្ពុជាកំពុងខ្វះទឹកប្រើប្រាស់ និងខ្វះថាមពលអគ្គិសនីប្រមាណ ៤០០មេហ្គាវ៉ាត់ ក្នុងរដូវប្រាំងឆ្នាំនេះ។ សម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាទាំងនេះយ៉ាងយកចិត្តទុកដាក់។

នៅក្នុងឳកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកព្រឹត្តិការណ៌បុណ្យទន្លេលើកទី៥ ដែលរៀបចំធ្វើនៅក្នុងខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានទស្សនាតាមស្តង់ពិព័រណ៌សមិទ្ធផលនៃក្រសួង មន្ទីរ ស្ថាប័ន រួមនិង វិស័យឯកជននានា ដែលបង្ហាញពីសកម្មភាពនិងសក្តានុពលនៅក្នុងតំបន់ជាប់ដងទន្លេសាបមួយនេះ។

ជាចំនុចសំខាន់ដែល សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងទាក់ទងនឹងសក្តានុពល និង ស្ថានភាពនៃទឹកទន្លេនោះ សម្តេចក៏បានលើកឡើងដែរថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងខ្វះទឹកប្រើប្រាស់ក្នុងរដូវប្រាំងឆ្នាំនេះ ដែលអាចអូសបន្លាយដល់ខែមិថុនា ដោយសាររងឥទ្ធិពលនៃបាតុភូតធម្មជាតិ ពីក្នុងតំបន់។ បញ្ហាមិនមានប្រភពទឹកគ្រប់គ្រាន់នៅតាមទន្លេទៀតសោត ក៏ជាកត្តាធ្វើអោយ ប្រភពផលិតថាមពលពីវារីអគ្គិសនី ត្រូវថយចុះផងដែរ ដូចនេះទើបធ្វើអោយកម្ពុជា ជួបបញ្ហាខ្វះអគ្គិសនី ដល់ទៅប្រមាណ៤រយមេហ្គាវ៉ាត់ នាពេលនេះ។

ដូចនេះ អ្វីដែលសម្តេចតេជោ អំពាវនាវដល់ប្រជាជនទាំងក្នុងក្រុង និងទីជនបទ ទូទាំងប្រទេស គឺសូមប្រើប្រាស់ទឹក និង អគ្គិសនី ដោយសន្សំសំចៃ។ ដូចគ្នានេះ សម្តេចក៏សូមអោយមានការអធ្យាស្រ័យ ចំពោះបញ្ហាដាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួន ដោយក្នុងនោះ
សម្តេចក៏ស្នើដល់បណ្តាក្រុមហ៊ុនឯកជន និង សណ្ឋាគារជាដើម សូមប្រើប្រាស់ម៉ាស៊ីនភ្លើងជំនួស នៅពេលចាំបាច់។ ទោះជាយ៉ាងណា សម្តេចតេជោ ក៏ថ្លែងបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកំពុងរកដំណោះស្រាយចំពោះបញ្ហាទាំងនេះ ដោយពេលនេះកំពុងរង់ចាំការមកដល់នៃនាវារបស់សាធារណៈរដ្ឋតួរគី ដែលដឹកម៉ាស៊ីនភ្លើងសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលកម្ពុជាកំពុងជួបបញ្ហានេះ។

ចំពោះខេត្តកំពង់ឆ្នាំងដែលជាប់នឹងទន្លេសាប សម្តេចតេជោ បានផ្តល់អនុសាសន៌ថា ត្រូវតែធ្វើយ៉ាងណាកុំអោយខេត្តនេះ ត្រឹមតែជាតំបន់ អ្នកទេសចរឆ្លងកាត់ហួសទៅហួសមក មានន័យថា ខេត្តនេះត្រូវតែអភិវឌ្ឍតំបន់ទេសចរណ៌ និង បង្កើតអ្វីដែលទាក់ទាញអ្នកទេសចរមកទស្សនា និង កំសាន្តផងដែរ។

សម្តេចតេជោ ក៏បានប្រកាសថា រាជរដ្ឋាភិបាលសម្រេចហើយថា នឹងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប តភ្ជាប់រវាងខេត្តកំពង់ធំ និង ខេត្តកំពង់ឆ្នាំង ដែលមានប្រវែង ៣.៩០០ម៉ែត្រ បូករួមទាំងផ្លូវកៅស៊ូទៀត គឺប្រវែងជាង ៥៧គីឡូម៉ែត្រ។

យោងតាមរបាយការណ៌របស់អភិបាលខេត្តកំពង់ឆ្នាំង ខេត្តនេះមានទន្លេសាប ហូរកាត់ស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ ស្រុកជុលគីរី ស្រុកកំពង់លែង ស្រុកបរិបូណ៌ និង ក្រុងកំពង់ឆ្នាំង ដែលមានប្រវែងសរុប១១០គីឡូម៉ែត្រ។

គួរជម្រាបថា ខេត្តកំពង់ឆ្នាំង មានរមណីយដ្ឋានទេសចរណ៍ចំនួន ២៣កន្លែង ដោយតាមរយៈការជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យទន្លេ ឆ្នាំ២០១៩ នេះ ខេត្តកំពង់ឆ្នាំង រំពឹងថា នឹងជំរុញអោយខេត្តនេះ ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប្រកបដោយទំនុកចិត្ត៕

អាជ្ញាធរខេត្តកំពង់ចាម សម្ពោធបើកឲ្យប្រើប្រាស់សមិទ្ធផលនានាក្នុងវិទ្យាល័យហ៊ុនសែន ព្រៃទទឹង

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៨:៣០ លោកឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ឯម កុសល និងសហការី បានអញ្ជើញចូលរួមពិធីកាត់ខ្សែបូរ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការបណ្ណាល័យ១ខ្នង ខ្លោងទ្វារ ស្រះទឹក និងរបងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការការកងទ័ពជើងគោក ដោយមានការអញ្ជើញអមដំណើរពីប្រតិភូថ្នាក់ជាតិ លោកអភិបាលនៃគណៈអភិបាលខេត្ត លោក លោកជំទាវ អភិបាលរងខេត្ត អញ្ជើញចូលរួមជាអធិបតីក្នុងពិធីកាត់ខ្សែបូ និង សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការបណ្ណាល័យ ១ខ្នង ខ្លោងទ្វារ ស្រះទឹក និង របងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ។

ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីលោក លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការ បញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី(ថ្នាក់ខេត្ត) លោកអភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ លោក លោកស្រីអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក ប្រធាន អនុប្រធានការិយាល័យចំណុះ និងជុំវិញស្រុក មេបញ្ជាការ បញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី (ថ្នាក់ស្រុក) អាជ្ញាធរមូលដ្ឋានឃុំ និងមានការចូលរួមពី លោកគ្រូអ្នកគ្រូចូលនិវត្តន៍ អតីតសិស្សវិទ្យាល័យ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សិស្សកាយរិទ្ធិ+កាកបាទក្រហម យាយជីតាជី និង ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ប្រមាណជាង ៣.០០០ នាក់។

នាឱកាសនេះដែរ គណៈអធិបតីបានមានមតិសំណេះសំណាល និងបានផ្តល់កិត្តិយសផ្តល់នូវបណ្ណថ្លែងអំណរគុណ ជូនដល់អតីតសិស្សវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង និងសប្បុរសជនដែលបានចូលរួមចំណែក ក្នុងការស្ថាបនាសមិទ្ធផលនានាក្នុងវិទ្យាល័យ៕ ដោយ​ ៖​ សុផល

ផ្ទះ សាលារៀនជាច្រើននៅស្រុកថ្មពួក បានរងការដួលរលំខណ:មានភ្លៀងកក់ខែ

បន្ទាយមានជ័យ ៖ យ៉ាងហោចផ្ទះយ៉ាងតិច១២ខ្នង និងសាលារៀន០២ខ្នង នៅក្នុងស្រុកថ្មពួក នៃខេត្តបន្ទាយមានជ័យ បានរងនូវការខូចខាតដោយខ្យល់កន្ត្រាក់ ខណ:ដែលមានភ្លៀងកក់ខែកាលពីព្រលប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។

លោក ឌៀប ឈួន អភិបាលស្រុកថ្មពួកបានអោយដឹងតាមទូរសព្ទ័នាព្រឹកថ្ងៃទី១៦ ខែមិនាឆ្នាំ២០១៩ នេះថា ភ្លៀងកក់ខែ បានបង្អុររាយប៉ាយពាសពេញទូទាំងស្រុកថ្មពួកដោយក្នុងនោះមានលាយឡំជាមួយនិងខ្យល់កន្ត្រាក់ផងដែរ។ ហេីយមានឃុំចំនួនបីបានរងនូវឥទ្ធិពលនៃខ្យល់កន្ត្រាក់នេះនឹងធ្វេីអោយផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋជាច្រេីនខ្នងរងការខូចខាតធ្ងន់-ស្រាល ព្រមទាំង សាលារៀនផងដែរ។

លោក ឌៀប ឈួន បានបញ្ជាក់អោយដឹងទៀតថា ផ្ទះនិងសាលារៀនដែលរងគ្រោះដោយខ្យល់កន្ត្រាក់ទាំងបីឃុំមាន ភូមិតាយឹងក្នុង ឃុំគំរូខូចខាតផ្ទះបីខ្នង ឃុំគោករមៀត ភូមិគោកព្រិចផ្ទះពីរខ្នង ភូមិស្រែល្អផ្ទះ០៥ខ្នងសាលារៀនបឋមសិក្សាស្រែល្អមួយខ្នង ឃុំថ្មពួក សាលារៀនអន្លង់ត្រាចមួយខ្នង។

នៅក្នុងចំណោមផ្ទះដែលរងផលប៉ះពាល់ទាំង១២ខ្នង មាន៨ខ្នង រងការខូចខាតធ្ងន់ធ្ងរ ខ្លះដួលរលំ ចំណែក៤ខ្នងផ្សេងទៀតគ្រាន់តែរបើកដំបូលតិចតួច។ ចំពោះសាលារៀនទាំងពីរខ្នង គឺរងការខូចខាតធ្ងន់ធ្ងរ។

សូមបញ្ជាក់ផងដែរថាក្រោយមានឧបទ្ទវហតុគ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះមិនបានបង្ករអោយមានមនុស្សសត្វ រងគ្រោះថ្នាក់នោះទេ តែគេបានឃើញកម្លាំងអន្តរាគមន៍របស់វរសេនាតូច៥១៤នៃកងពលតូចថ្មើរជើងលេខ៥១ ចំនួន ៧៥នាក់ អធិដ្ឋាននគរបាលស្រុកថ្មពួកចំនួន៥០នាក់បានចេញប្រតិបត្តិការជួយជួសជុល និងរុះរើរង់ចាំកសាងថ្មី៕

ភរិយាលោក គង់ ប៊ុនឈឿន ត្រឡប់មកកម្ពុជាដើម្បីជជែករឿងអ្នកលួចចម្លងស្នាដៃនិពន្ធ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា នេះ អ្នកស្រី តាត គីមលន ដែលជាភរិយារបស់អ្នកនិពន្ធជើងចាស់ដ៏ល្បីឈ្មោះលោក គង់ ប៊ុនឈឿន បានមកដល់ប្រទេសកម្ពុជាហើយ ដោយអ្នកស្រីបានអះអាថា នឹងរៀបចំកសាងសំណុំរឿងករណី ការកាឡៃបទចម្រៀងបំពានទៅលើស្នាដៃនិពន្ធបទចម្រៀងដែលជាមរតកដើមរបស់ស្វាមីអ្នកស្រី។

ភរិយាលោក គង់ ប៊ុនឈឿន បានធ្វើដំណើរពីប្រទេស ណកវ៉េ មកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នេះ វេលាម៉ោង ៩ ព្រឹក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ក្នុងដំណើរវិលមកកាន់ប្រទេសកម្ពុជាលើកនេះ អ្នកស្រី តាត គីមលន បានមានប្រសាសន៍ថា ដំបូងឡើយ គឺអ្នកស្រី គ្រាន់តែចង់មកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើខួបគំរប់ ៣ឆ្នាំនៃមរណភាពដល់ស្វាមីរបស់អ្នក ស្រីតែប៉ុណ្ណោះ។ តែ ដោយសារមានបញ្ហាការលួចចម្លងនូវស្នាដៃរបស់ស្វាមីអ្នកស្រីបែបនេះ ទើបលោក ស្រីធ្វើការសម្រចចិត្តស្វែងររកយុត្តិធម៌ជូនដល់ស្វាមីអ្នកស្រីតែម្ដង។

ទាក់ទងនឹងបញ្ហាសំណងជាលុយកាក អ្នកស្រីបញ្ជាក់ថា វាមិនសំខាន់ស្មើនឹងសំណងទឹកចិត្ត និងស្នាដៃរបស់អ្នកនិពន្ធ ដែលគេបានលួចចម្លង ឬយកទៅកាឡៃនោះទេ អ្នកស្រីថា មានការឈឺចាប់នៅពេលដែលឃើញបញ្ហានេះកើតឡើងជារឿយៗ។

បើតាមការបញ្ជាក់របស់អ្នកស្រី តាត គីមលន ប្រហែលជាសប្តាហ៍ក្រោយអ្នស្រីនឹងត្រៀមជួបជា មួយថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងខាងផលិតកម្មដែលលួចចម្លងស្នាដៃ ដើម្បី ដោះស្រាយនៅបញ្ហាដែលកកើតមានឡើង។

សូមបញ្ចក់ថា កន្លងមកអ្នកនិពន្ធដែលលួចចម្លងស្នាដៃភ្លេងរបស់លោក គង្គ ប៊ុនឈឿន បទ« នឹកភូមិភ្នំធំ» បានធ្វើការសុំទោសជាសាធារណៈចំពោះកំហុសរបស់ខ្លួន ប៉ុន្តែទោះបីជាយ៉ាងណា ភរិយាកវី គង្គ ប៊ុនឈឿន នៅតែប្រកាន់គោលចំហររកដំណោះស្រាយ ព្រោះថា អ្នកស្រីបារម្មណ៍ពីការបាត់បង់ នូវស្នាដៃដើមរបស់អ្នកនិពន្ធជំនាន់មុន ពិសេសរបស់ស្វាមីអ្នកស្រី។ ក្នុងនោះ លោកស្រី ក៏បានផ្ដាំផ្ញើទៅកាន់យុវ័យទាំងអស់ ឲ្យយល់ដឹងកាន់តែច្បាស់ពីស្នាដៃរបស់ខ្លួន ដើម្បីបម្រើដល់សង្គមជាតិទាំងមូល។

សូមរំឭកថា កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន កើតនៅថ្ងៃ ១៨ ខែតុលា ឆ្នាំ ១៩៣៩ នៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុក បាត់ដំបង ខេត្តបាត់ដំបង ។ ឪពុកឈ្មោះ គង្គ ឈិន(ស្រុកកំណើតនៅ ខេត្តតាកែវ) ម្តាយឈ្មោះ ម៉រ ភឹង(បាត់ដំបង) ។ លោកបានចូលប្រឡូកក្នុងវិស័យតែងនិពន្ឋ ចាប់តាំងពីកំឡុងឆ្នាំ ១៩៥៥ មក រហូតបានប្រលងជាប់លេខមួយ ជាលើកដំបូង នៅក្នុង ឱកាសមហោស្រពអក្សរសិល្ប៍មួយ នៅក្នុងខេត្តបាត់ដំបងក្នុងឆ្នាំ១៩៥៧ ក្នុងស្នាដៃឈ្មោះ ” ស្នេហាលុះអវសាន”។

លោកជាអ្នសរសេរកាសែត អ្នកនិពន្ឋ ប្រលោមលោកពាក្យរាយ ប្រលោមលោកពាក្យកាព្យ កំណាព្យ ចម្រៀង សេណារីយ៉ូភាពយន្ត ជាអ្នកដឹកនាំសម្តែង ជាអ្នកនិពន្ឋបទភ្លេង ដ៏ល្បីឈ្មោះម្នាក់។ ក្រៅពីនេះ លោកក៏ជាអ្នកគូរ គំនូរអប់រំផងដែរ។

នៅឆ្នាំ ២០០០ លោកជាអ្នកនិពន្ឋជនជាតិខ្មែរ ទី ២ បន្ទាប់ពី លោក ពេជ្រ ទុំក្រវិល ដែលបានទទួលជ័យលាភី ស្នាដៃតែងនិពន្ឋក្របខណ្ឌអាស៊ាន ។

ព្រឹទ្ធាចារ្យ និងជាអ្នកនិពន្ធជើងចាស់មួយរូប បានផ្តល់ការពិចារណាពាក់ព័ន្ធនឹងការចម្លងស្នាដៃនិពន្ធនេះថា កន្លងមក មិនត្រឹមតែស្នាដៃនិពន្ធបទចម្រៀងទេ សូម្បីស្នាដៃនិពន្ធបែបប្រលោមលោក អក្សរសិល្ប៍គ្រប់ទម្រង់ និងរឿងរ៉ាវឯកសារសំខាន់ៗជាច្រើនទៀតរបស់អ្នកនិពន្ធជំនាន់មុន ក៏ត្រូវបានមនុស្សខ្លះក្នុងជំនាន់នេះ បានឆ្លៀតឱកាសកេងចំណេញធ្វើមានធ្វើបានជាប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានការខ្មាស់អៀនដែរ ហើយក៏គ្មានស្ថាប័នណាមួយចាប់អារម្មណ៍ក្នុងរឿងនេះទ​។

លោកព្រឹទ្ធាចារ្យរូបនេះ បានក្រើនរំលឹកថា យុវវ័យជំនាន់នេះ គួរបង្កើតនូវអ្វីៗដែលជាស្នាដៃរបស់ខ្លួន សម្រាប់ជាគំរូដល់យុវវ័យជំនាន់ក្រោយ ហើយសង្គមទាំងមូលក៏ល្មមដល់ពេលបញ្ឈប់ការគាំទ្រ និងធ្វើការរិះគន់រាល់ការលួចចម្លងស្នាដៃនិពន្ធគ្រប់ទម្រង់ ឬអាចចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីចាំបាច់៕

កូរ៉េខាងត្បូង ផ្តល់ឥណទានជាង៧០០លានដុល្លារ រយៈពេល៥ឆ្នាំដល់កម្ពុជា

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន និង ឯ.ឧ ម៉ូន ចេអ៊ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានអញ្ជើញរួមគ្នាក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ នៅវិមានសន្តិភាព។ សាធារណរដ្ឋកូរ៉េ បានផ្តល់ឥណទានសម្បទានចំនួនជាង ៧០០លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំ សម្រាប់កម្ពុជា អនុវត្តលើគម្រោងអប់រំ អភិវឌ្ឍជនបទ ហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងន័យនេះ សម្តេចតេជោ បានអំពាវនាវវិនិយោគិនកូរ៉េ មកបណ្តាក់ទុកវិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត។

ហិរញ្ញប្បទានសម្បទានចំនួនជាង ៧០០លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ឆ្នាំ២០១៩-២០២៣ នឹងត្រូវផ្តល់ដល់កម្ពុជា ដោយផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធវិស័យធនធានទឹក និងសុខមាលភាពសាធារណៈ វិស័យអប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្ស និងវិស័យអភិវឌ្ឍន៍ជនបទ មានជាអាទិ៍គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអាកាសចរស៊ីវិល គម្រោងស្ដារផ្លូវជាតិលេខ២ និងផ្លូវជាតិ លេខ២២។ នេះបើតាម លោក ម៉ូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណៈរដ្ឋកូរ៉េ បញ្ជាក់នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់វិស័យឯកជន និងអ្នកវិនិយោគកូរ៉េ ដែលមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា និងទាញយកប្រយោជន៍ជាអតិបរមា ពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ។ ការអំពាវនាវរបស់សម្តេចតេជោនាពេលនេះ នៅគ្រាដែលទំហំពាណិជ្ជកម្ម និងទំហំវិនិយោគរបស់កូរ៉េនៅកម្ពុជាកាន់តែមានសន្ទុះ ខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ហេតុដែលវិនិយោគគួរបោះទុនវិនិយោគនៅ កម្ពុជា ក៏ព្រោះតែកម្ពុជា ជាប្រទេសបើកចំហរជាងគេក្នុងតំបន់ ដែលផ្តល់ កម្ពុជា ជាប្រទេសបើកចំហជាងគេក្នុងតំបន់ដែលផ្ដល់ឲ្យអ្នកវិនិយោគបរទេស រួមទាំងអ្នកវិនិយោគកូរ៉េអាចវិនិយោគលើគ្រប់វិស័យ ដូចគ្នាជាមួយអ្នកវិនិយោគក្នុងស្រុក។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ។

គួរកត់សំគាល់ថា កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានចុះកិច្ចព្រមព្រៀងទ្វេភាគី ស្ដីពីការជំរុញ និងការការពារវិនិយោគនៅឆ្នាំ១៩៩៧។ កម្ពុជា-កូរ៉េ ក៏ទើបនឹងចុះកិច្ចព្រមព្រៀងមួយចំនួន ទើបតែត្រូវបានចុះហត្ថលេខា ក្នុងនោះមានអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីសហប្រតិបត្តិការសម្របសម្រួលវិនិយោគ ដែលនឹងផ្ដល់ភាពងាយស្រួលនិងលទ្ធភាពកាន់តែខ្ពស់ ដល់ធុរជន និងអ្នកវិនិយោគកូរ៉េ ក្នុងការមកបណ្តាក់ទុនវិនិយោគបន្ថែម និងធ្វើឲ្យប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាកាន់តែរីកលូតលាស់។

លោក ប្រធានាធិបតីកូរ៉េ ម៉ូន ចេអ៊ីន បានបញ្ជាក់ថា ប្រជាជនកូរ៉េមានការភ្ញាក់ផ្អើល និងរីករាយជាខ្លាំងចំពោះប្រាសាទអង្គរវត្តរបស់កម្ពុជា គ្រាដែលប្រជាជនកូរ៉េជាង៤សែននាក់ បានមកទេសចរណ៏នៅកម្ពុជា ជារៀងរាល់ឆ្នាំ។ ឯ.ឧ បញ្ជាក់ថា កម្ពុជាក្លាយជាប្រទេសទីពីរ ដែលកូរ៉េបានធ្វើវិនិយោគទុនធំជាងគេដោយមានក្រុមហ៊ុនប្រហែលជាង៣០០នៅព្រះរាជាណាចក្រកម្ពុជា។ លោក បានកត់សម្គាល់នូវចំនុចសំខាន់បីនៃកិច្ចសហប្រតិបត្តិការកម្ពុជាកូរ៉េ ទីមួយគឺការពង្រឹងនូវកិច្ចសហប្រតិបត្តិការកសាងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនិងថាមពលអគ្គិសនី ដូចជាការបង្កើតនូវថាមពលកកើតឡើងវិញជាដើមនៅថ្ងៃ អនាគត។ សម្រាប់កូរ៉េ ព្រះរាជាណាចក្រកម្ពុជា គឺជាទីផ្សារដែលមានហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុតមួយនៅតំបន់អាស៊ីក្នុងរយៈពេលចុងក្រោយនេះ ហើយកូរ៉េក៏បានពង្រីកទុនវិនិយោគរបស់ខ្លួនកាន់តែច្រើនផងដែរ។

គួរបញ្ជាក់ដែរថា ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ គិតពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ២០១៨ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦៣២លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានឥតសំណង មានប្រមាណ ៣០០លានដុល្លារអាមេរិក។ គិតចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០១៨ កន្លងមកនេះ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង បានកើនឡើងពី ៦០២,៦៨២ លានដុល្លារ ដល់ ៧៤៦,៣៨៥លានដុល្លារ។ ក្រៅពីនេះ ទំហំវិនិយោគរបស់កូរ៉េខាងត្បូង នៅកម្ពុជា មានចំនួន ២១៤គម្រោងជាមួយទំហំទឹកប្រាក់ប្រមាណ ៤.៤៧ពាន់លានដុល្លារ គិតចាប់ពីឆ្នាំ១៩៩៦ ដល់ខែមករាឆ្នាំ២០១៩៕

គ្រូពេទ្យឯកទេសដាស់តឿនពីការព្យាបាលជំងឺក្រួសក្នុងតម្រងនោមឲ្យបានត្រឹមត្រូវ

សុខភាព ៖ ជំងឺគ្រួសក្នុងតម្រងនោម ក៏អាចសម្លាប់ជីវិតបានផងដែរ ប្រសិនបើអ្នកជំងឺមិនមានការ ព្យាបាលឱ្យជាសះ។ យ៉ាងដូច្នេះហើយទើបក្រុមវេជ្ជបណ្ឌិតផ្នែកឯកទេសខាងជំងឺនេះ បានដាស់តឿនពលរដ្ឋ ដែលបានដឹងថា ខ្លួនមានកើតជំងឺគ្រួសក្នុងតម្រងនោមនេះត្រូវទៅធ្វើការព្យាបាលឱ្យបានត្រឹមត្រូវ និង ទាន់ពេលវេលា។

ថ្លែងក្នុងសន្និសីទសារព័ត៍មានស្តីពីការបើកឱ្យដំណើរការមន្ទីរសម្រាកព្យាបាល អ៊ិនដ្រា ក្នុងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ ក្រុមវេជ្ជបណ្ឌិតរួមមាន លោក វេជ្ជបណ្ឌិត ចាន់ ប៊ុនថន លោកវេជ្ជបណ្ឌិត យី គក់ និង លោកវេជ្ជបណ្ឌិត លី គឹមហ៊ួរ សុទ្ធតែបានគូសបញ្ជាក់ថា ជំងឺគ្រួសក្នុងតម្រងនោម ដែលកើតឡើងដោយសារការទទួល ទានទឹកដែលមានជាតិកំបោរច្រើន គួបផ្សំនិងចំណីអាហារមួយចំនួនទៀតផងនោះ គួរណាស់ អ្នកជម្ងឺត្រូវទៅរកការព្យាបាលឱ្យបានត្រឹមត្រូវ និង ទាន់ពេលវេលា បើមិនដូច្នោះទេ កាលណា ទុកយូរៗទៅវាក៏អាចគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។

ជាមួយគ្នានេះ ក្រុមវេជ្ជបណ្ឌិតខាងលើបានអះអាងពីសមត្ថភាពរបស់វេជ្ជបណ្ឌិត និង គ្រូពេទ្យក្នុងស្រុក រួមនឹងការធ្វើទំនើបកម្មនៅតាមមន្ទីរពេទ្យ មន្ទីរសម្រាកព្យាបាលនានា ទាំងរដ្ឋ ទាំងឯកជនក្នុងប្រទេសកម្ពុជា តាមរយៈការបំពាក់គ្រឿងបរិក្ខាពេទ្យល្អៗ ទំនើបទាន់ សម័យ គឺដើម្បីឆ្លើយតបទៅនឹងការពិនិត្យ និង ព្យាបាលជម្ងឺជូនពលរដ្ឋឱ្យកាន់តែមាន ប្រសិទ្ធភាពទ្វេឡើង ក្នុងន័យចង់កាត់បន្ថយការធ្វើដំណើរទៅពិនិត្យ និង ព្យាបាលនៅក្រៅ ប្រទេស ដែលអាចជាការចំណាយប្រាក់កាសច្រើនជាងការព្យាបាលនៅក្នុងស្រុក។

បន្ថែមពីលើនេះ វេជ្ជបណ្ឌិតទាំងបីរូបខាងលើក៏បានលើកឡើងអំពីកត្តាក្រមសីលធម៌ វិជ្ជាជីវៈរបស់គ្រូពេទ្យ រួមទាំងតម្លៃ និង លទ្ធផលនៃការព្យាបាលផងដែរថា វាមានសារៈ សំខាន់ខ្លាំងណាស់ក្នុងការទាក់ទាញពលរដ្ឋកម្ពុជា ឱ្យងាកមករកការព្យាបាលនៅក្នុងស្រុក ហើយបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ប៊ុនថា ប្រធានមន្ទីរសម្រាកព្យាបាល អ៊ិនដ្រា ថាលោកបានគិតគូខ្ពស់ណាស់អំពីបញ្ហាទាំងនេះ ហើយអ្វីដែលគួរកត់សម្គាល់ជាង នេះទៅទៀតនោះ មន្ទីរសម្រាកព្យាបាល អ៊ិនដ្រា បានដាក់ចេញនូវគោលការណ៍មួយក្នុងការ ជួយសម្រាលការចំណាយចំពោះពលរដ្ឋជាអ្នកជម្ងឺដែលមានជីវភាពខ្វះខាតផងដែរ ដើម្បីជា ការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ កម្ពុជា៕

ប្រមុខរាជរដ្ឋាភិបាល ជំរុញឲ្យលើកកម្ពស់លក្ខខណ្ឌការងារល្អថែមទៀត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានប្តេជ្ញាបន្ត លើកកម្ពស់លក្ខខណ្ឌការងារនៅកម្ពុជា ឱ្យមានលក្ខណៈកាន់តែល្អប្រសើរថែមទៀត ដើម្បីការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមរមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍវិស័យការងារប្រកបដោយចីរភាព។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិ ស្តីពី សេចក្តីព្រាងប្រកាស ស្តីពី ក្រុមប្រឹក្សាចរចា នៃសហជីព និងនិយោជក លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា យន្តការត្រីភាគី និង កិច្ចសន្ទនាសង្គម គឺជាមូលដ្ឋានគ្រឹះ ក្នុងការធានាបានភាពសុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាលតែងតែអនុវត្តប្រកបដោយប្រសិទ្ធភាព។

ក្នុងស្មារតីនេះ ដើម្បីធានាការអនុវត្តច្បាប់ ស្តីពី សហជីពប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលអាចឆ្លើយតប នឹងតម្រូវការជាក់ស្តែងរបស់កម្មករនិយោជិត និងនិយោជកក្នុងការលើកកម្ពស់ សេរីភាព អង្គការវិជ្ជាជីវៈ ជាពិសេសការចរចាជា សមូហភាព ដើម្បីចុះអនុសញ្ញារួម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសេចក្តីព្រាងប្រកាស ស្តីពី ក្រុមប្រឹក្សាចរចានៃសហជីព និងនិយោជកស្របតាម មាត្រា៧២ នៃច្បាប់ស្តីពីសហជីព ដែលជាកម្មវត្ថុ នៃសិក្ខាសាលាថ្ងៃនេះ។

លោកបានស្នើសុំភាគីពាក់ព័ន្ធទាំងអស់ចូលរួមពិភាក្សា និងផ្តល់មតិយោបល់ឱ្យបានផុស ផុល ដើម្បីជាធាតុចូលបន្ថែមទៀត ហើយនឹងនៅតែបន្តសហការជាមួយក្រសួង សំដៅធ្វើយ៉ាងណាឱ្យសេចក្តីព្រាងប្រកាសនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។

លោក បណ្ឌិត រដ្ឋមន្រ្តីបញ្ជាក់ថា ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថា្នក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្តេជ្ញាបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើកកម្ពស់លក្ខខណ្ឌការងារ នៅកម្ពុជា ឱ្យមានលក្ខណៈកាន់តែល្អប្រសើរ សំដៅលើកកម្ពស់ភាពសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ៕

ផ្លូវជាតិលេខ៧១C តភ្ជាប់ពីខេត្តកំពង់ចាម ទៅខេត្តត្បូងឃ្មុំ នឹងបើកការដ្ឋានសាងសង់នៅឆ្នាំនេះ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ផ្លូវជាតិលេខ៧១C ដែលមានប្រវែងជាង១០០គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពង់ចាម និងខេត្ត ត្បូងឃ្មុំ គ្រោងនឹងបើកការដ្ឋានសាងសង់ នៅក្នុងឆ្នាំ២០១៩ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់នេះ។

ថ្លែងប្រាប់ក្រុម អ្នកសារព័ត៌មាន ក្នុងឱកាសដឹកនាំគណៈប្រតិភូចុះ ពិនិត្យស្ថានភាព និងសិក្សាលទ្ធភាព ក្នុងការសាងសង់ ពង្រីក និងលើកកម្ពស់ គុណភាពផ្លូវជាតិ លេខ៧១សេ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ផ្លូវនេះមានប្រវែងសរុបចំនួន ១១៤,៦២ គីឡូម៉ែត្រ បែកចេញពី ផ្លូវជាតិលេខ ៧១ ត្រង់ចំណុចផ្សារ ចំការលើ ស្រុកចំការលើ ខេត្តកំពង់ចាម ឆ្លងស្ពានស្ទឹងត្រង់ ទៅកាន់ភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ។

លោកបន្តថា គម្រោងសាងសង់ផ្លូវនេះ ត្រូវបានសិក្សា ដោយក្រុមហ៊ុនសៀងហៃ ហើយ បច្ចុប្បន្នក្រុមហ៊ុននេះ កំពុងសិក្សាបន្ថែម ត្រង់ចំណុច ដែលទទួលរងដោយគ្រោះទឹកជំនន់ ដើម្បីរកដំណោះស្រាយ សមស្របសំដៅធានា ឱ្យបានគុណភាពខ្ពស់។

លោក ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ឆ្នាំនេះ អាចនឹងមានគម្រោង២ ដែលបើកការដ្ឋាន គឺគម្រោងផ្លូវ៧១Cនេះ និងគម្រោងផ្លូវលេខ១០ ពីសំឡូត ចុះទៅវាលវែង និងឆ្ពោះទៅកោះកុង ហើយកិច្ចព្រមព្រៀងសាងសង់គម្រោងទាំង២នេះ បានចុះហត្ថលេខារួចហើយ នៅឡើយតែប្រាក់កម្ចីធ្វើផ្លូវទាំង២នេះ នៅមិនទាន់បានចុះហត្ថលេខានោះទេ៕