All posts by មេគង្គ ប៉ុស្តិ៍

ប្រធានាធិបតីកូរ៉េខាងត្បូង ផ្តើមទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ នៅកម្ពុជា

ភ្នំពេញ ៖ លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវ បានចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នេះ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ លោក និងលោកជំទាវ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី១៤ ខែមីនា នេះ។

នេះគឺជាដំណើរទស្សនកិច្ចជាលើកទី១ របស់លោក មួន ចេអ៊ីន មកកាន់កម្ពុជា និងជាប្រធានាធិបតីកូរ៉េខាងត្បូងទី៣ ដែលបានអញ្ជើញមកទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា។ អញ្ជើញទទួលដំណើរមកដល់របស់ប្រធានាធិបតីកូរ៉េ មានវត្តមាន សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីព្រះបរមរាជវាំង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ មុនមកដល់កម្ពុជា លោក មួន ចេអ៊ីន (Moon Jae-in) និងលោកជំទាវ របស់លោក គឺលោកស្រី គីម យ៉ុងស៊ុក (Kim Jung-sook) ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចំនួនពីរនៅតំបន់អាស៊ាន គឺប្រទេសប្រុយណេនិងម៉ាឡេស៊ី។

ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា លោក មួន ចេអ៊ីន នឹងចូលគាល់ព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំងនៅថ្ងៃស្អែក។ បន្ទាប់មក លោក ប្រធានាធិបតីកូរ៉េ នឹងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅឯវិមានសន្តិភាព។ ភាគីទាំងពីរ នឹងពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា និងការផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាក្តីកង្វល់និងផលប្រយោជន៍រួម។ ថ្នាក់ដឹកនាំទាំងពីរ ក៏នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនផង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជានឹងស្នើទៅប្រធានាធិបតីកូរ៉េ ឲ្យជួយទិញផលិតផល កសិផលរបស់កម្ពុជា នៅក្នុងជំនួបនៅថ្ងៃស្អែកនេះ។ ចំពោះគម្រោងក្នុងការ លើកកំពស់ផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង កូរ៉េបានសន្យាផ្តល់ជំនួយ ដល់កម្ពុជា ដើម្បីធ្វើការស្តារ និងលើកកំពស់ឡើងវិញ។

តាមការគ្រោងទុក លោក មួន ចេអ៊ីន និងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េខាងត្បូង ដើម្បីលើកទឹកចិត្តឲ្យមានការវិនិយោគ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម កាន់តែច្រើនឡើងថែមទៀត។

គិតចាប់ពីឆ្នាំ ២០១៦ដល់ឆ្នាំ២០១៨កន្លងមកនេះ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង បានកើនឡើងពី៦០២,៦៨២ លានដុល្លារ ដល់៧៤៦,៣៨៥លានដុល្លារ។ ក្រៅពីនេះ ទំហំវិនិយោគរបស់កូរ៉េខាងត្បូងនៅកម្ពុជាមានចំនួន២១៤គម្រោងជាមួយទំហំទឹកប្រាក់ប្រមាណ ៤.៤៧ពាន់លានដុល្លារ គិតចាប់ពីឆ្នាំ១៩៩៦ ដល់ខែមករាឆ្នាំ២០១៩។

សូមបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចលើកទី១ របស់ លោក មួន ចេអ៊ីន មកកាន់កម្ពុជា និងជាប្រធានាធិបតីកូរ៉េខាងត្បូងទី៣ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា បន្ទាប់ពីលោក រ៉ូ មូយុន (Roh Moo-hyun) ដែលបានមកទស្សនកិច្ចនៅកម្ពុជា កាលពីខែវិច្ឆិកាឆ្នាំ២០០៦និងលោក លី ម្បុងបាក់ (Lee Myung-bak) ដែលបានធ្វើទស្សនកិច្ចមកកម្ពុជានៅខែតុលាឆ្នាំ២០០៩៕

កម្ពុជា ​ស្នើវៀតណាម សហការពង្រឹកធនធានមនុស្សផ្នែក ICT

ភ្នំពេញ ៖ នៅវិមានសន្តិភាពនៅរសៀលថ្ងៃទី១៤ មីនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Nguyen Manh Hung រដ្ឋមន្ត្រីព័ត៌មាន និងទូរគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចតេជោ ហ៊ុន សែនស្នើឲ្យរដ្ឋមន្ត្រីគមនាគមន៏កម្ពុជា វៀតណាមសហការគគ្នា ក្នុងការពង្រឹកធនធានមនុស្សផ្នែកបច្ចេកវិទ្យា ICT។

នៅក្នុងជំនួបជាមួយ រដ្ឋមន្ត្រីព័ត៌មាន និងទូរគមនាគមន៍ លោក Nguyen Manh Hung សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យក្រសួងទាំងពីរធ្វើយ៉ាងណាចែករំលែកបច្ចេកវិទ្យា និងព័ត៌មានគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍធនធានមនុស្ស ព្រោះថានេះជាកត្តាសំខាន់ដែលអាចជួយកម្ពុជាក្នុងការការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាICT។ លោក Nguyen បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា នឹងផ្ដល់អាហារូបករណ៍ដល់កម្ពុជាចំនួន ៤រូបសម្រាប់សិក្សាលើប្រព័ន្ធអេឡិចត្រូនិចICT។ ជាការកត់សំគាល់ វិស័យទូរគមនាគមន៍ប្រទេសវៀតណាម បានបង្កើតនូវបច្ចេកវិទ្យា ការពារសន្តិសុខ តាមបណ្ដាញព័ត៌មាន ដែលអាចតាមដាន ពួកHacker អាចធ្វើការវិភាគទិន្នន័យ និងអាចស្វែងរក និងទប់ស្កាត់ការប្រព្រឹត្តឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។ នេះបើតាមលោក Nguyen Manh Hung។

លោករដ្ឋមន្ត្រីព័ត៌មាន និងទូរគមនាគមន៍វៀតណាមក៏បានជួបពិភាក្សាការងាត ជាមួយ ឯ.ឧ ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍កម្ពុជាដោយផ្តោតលើបញ្ហា E-Goverment និងប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច(Ecommerce) ក៏ដូចជាទីក្រុងឆ្លាតវៃ។ ភាគីទាំងពីរ បានយល់ស្រប ជាមួយគ្នាក្នុងការពិនិត្យ និងប្រើប្រាស់ប្រព័ន្ធ 5G ក៏ដូចជាប្រព័ន្ធបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច និងការរៀបចំឲ្យមាន Data Centers និងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរព័ត៌មានក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរចំពោះវឌ្ឍនភាពរបស់ប្រទេសវៀតណាម ជាពិសេសលើវិស័យប្រព័ន្ធបច្ចេកវិទ្យា ការពារសន្តិសុខនេះ ហើយក៏បានស្វាគមន៍នូវអ្វីដែលបានពិភាក្សា និងការព្រមព្រៀងគ្នាជាមួយ ឯ.ឧ ត្រាំអ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍កម្ពុជា៕

ផ្ទះឈើពីរខ្នងត្រូវអគ្គិភ័យឆាបឆេះខ្ទេចអស់គ្មានសល់ នៅឃុំរកាគយ ស្រុកកងមាស

​ខេត្តកំពង់ចាម ៖ អគ្គិភ័យដ៏កំណាចមួយ បានឆាបឆេះផ្ទះឈើរបស់ប្រជាពលរដ្ឋអស់ចំនួន២ខ្នង ប្រក់ក្បឿង ខ្ទេចស្ទើរគ្មានសល់ ដែលបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ប៉ុន្តែមិនបណ្តាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់ទេ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ភូមិថ្មី ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំង អន្តរាគមន៍ចុះជួយ បាញ់ទឹកពន្លត់ដោយប្រើប្រាស់រថយន្តអស់បីគ្រឿង និងប្រើទឹកបួនរថយន្តផងដែរ។

គូរបញ្ជាក់ផងដែរថា អគ្គិភ័យនេះបានឆាប់ឆេះផ្ទះសម្បែងពលរដ្ឋចំនួន២ខ្នង ខូចខាតសម្ភារៈទ្រព្យសម្បត្តិអស់មួយចំនួន និងសត្វគោចំនួន២ក្បាលត្រូវអគ្គិភ័យឆេះងាប់ក្នុងភ្លក់ភ្លើង។

លោក គួច ចំរើន បានស្នើឲ្យកងកម្លាំងសមត្ថកិច្ចបន្តខិតខំជួយដោះស្រាយរាល់ទុកលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងព្យាយាមផ្សព្វផ្សាយលើបញ្ហាអគ្គិភ័យ គឺធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋជួយរក្សាទឹក និងមានឧបករណ៍ពន្លត់អគ្គិភ័យប្រចាំផ្ទះរៀងៗ ដើម្បីជួយទប់ស្កាត់បន្ទាន់។

លោកបានជំរុញឲ្យកងកម្លាំងពន្លត់អគ្គិភ័យ បន្តត្រៀមបច្ចេកទេសទឹក ដើម្បីជួយសង្គ្រោះ និងទប់ស្កាត់លើបញ្ហាអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ៕ ដោយ ៖ សុផល

បុរសជនជាតិអាមេរិកកាំងម្នាក់លោតសម្លាប់ខ្លួនពីជាន់ទី៣ នៃសណ្ឋាគារអាម៉ារី

ភ្នំពេញ ៖ បុរសជាជនជាតិអាមេរិកាំងម្នាក់បានស្លាប់បាត់បង់ជីវិតពេទ្យដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈលោតពីសណ្ឋាគារយីហោ អាម៉ារី ស្ថិតតាមបណ្តោយផ្លូវ ១៣៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនាល្ងាចថ្ងៃទី១៤ ខែ មីនា ឆ្នាំ ២០១៩ ។

បើតាមសម្តីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើបានអោយដឹងថាដំបូងឡើយបុរសជនជាតិបរទេសរូបនោះបានឡើងទៅជាន់ទី៣ ហើយដោយមិនដឹងថារូបគេមានបញ្ហាអ្វីទេ បានជាលោតពីសណ្ឋាគារធ្លាក់មកទើរនៅលើដំបូលរថយន្តហាយឡែនឌ័រមួយគ្រឿងដែលចតនៅខាងមុខសណ្ឋាគារបណ្តាលអោយរងរបួសធ្ងន់ធ្ងរ ហើយភ្លាមៗប្រជាពលរដ្ឋបានហៅរថយន្តសាម៉ិយមកជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែលប៉ុន្តែះអកុសលបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។

ក្រោយមានករណីនេះសមត្ថកិច្ចមូលដ្ឋានក៏ដូចសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកើតហេតុនឹងពិនិត្យទៅលើសពរបស់ជនជាតិបរទេសខាងលើដើម្បីស្វែងរកមូលហេតុពិតប្រាកដ។ សមត្ថកិច្ចបន្តថា ចំពោះករណីនេះបើតាមការស្រង់សម្តីពីប្រជាពលរដ្ឋក្បែរគឺជនជាតិអាមេរិកកាំងនេះពិតជាបានលោតពីសណ្ឋាគារធ្វើអត្តឃាតខ្លួនឯងប្រាកដមែន ប៉ុន្តែចំពោះមូលហេតុនៃការធ្វើអត្តឃាតនេះនៅមិនទាន់នៅឡើយទេ ដោយជំហានដំបូងសង្ស័យថាបុរសជនជាតិបរទេសនោះទំនងមានវិបត្តិផ្លូវចិត្តនឹងសតិមិនសូវល្អទើបឈានដល់ការគិតខ្លីលោតសម្លាប់ខ្លួនបែបនេះ តែទោះបីជាយ៉ាងណាសមត្ថកិច្ចក៏កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ចំពោះករណីនេះ៕

តុលាការកំពុងចាត់ការក្រុមប្លន់ប្រដាប់អាវុធ៥នាក់ ដែលដើរប្លន់តាមផ្លូវ និងតាមផ្ទះ

ភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់អាវុធប្រុសស្រីចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញកសាងសំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៤ខែមីនា ឆ្នាំ២០១៩ ដើម្បីចាត់ការតាមច្បាប់។

ជនសង្ស័យទាំងនោះ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី១០ រហូតរហូតដល់ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាពប្លន់ យកប្រាក់និងសម្ភារៈ កាលពីវេលាម៉ោង៦ និង ៣០នាទីយប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៨សេ ផ្លូវ លេខ ២៧០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

តាមនគរបាលបានអោយដឹងថាជនសង្ស័យ ដែល ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ,១/ឈ្មោះ លន់ ស៊ីវថេង ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ស្នាក់នៅ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ, ២/ឈ្មោះ ផេង យុទ្ធនា ហៅ ហ៊ីង(មានដីកាចាប់ខ្លួន) ភេទ ប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅផ្ទះជួលលេខ ៩ ផ្លូវលេខ ៧៩បេតុង ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ , ៣/ឈ្មោះ ស៊ន់ សេរីវិចិត្រ ភេទ ប្រុស អាយុ៣៥ ឆ្នាំ ទីលំនៅបច្ចប្បន្នៈ ផ្ទះលេខ២០អឺ០ ផ្លូវ២៩០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន,៤/ឈ្មោះ គង់ សុវណ្ណ ហៅ តៃ(មានដីកាចាប់ខ្លួន) ភេទ ប្រុសអាយុ ២៨ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចុប្បន្នៈ ផ្ទះជួល ផ្លូវ២៦បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យនិង៥/ឈ្មោះ ហៀង ស្រីដែត ហៅ ណែត ភេទស្រី អាយុ ២៦ ឆ្នាំ មុខរបរ បុគ្គលិកហូមកាហ្វេ ផ្សារសុវណ្ណា ទីលំនៅបច្ចប្បន្ន ផ្ទះជួលលេខ ៩ ផ្លូវ៧៩បេតេ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

លោកវរះសេនីយ៍ឯកអេង សោភា ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានអោយដឹងថា ជនសង្ស័យជាមុខសញ្ញា ក្រុមចោរប្លន់ ប្រដាប់អាវុធ ដែលបានធ្វើសកម្មភាពប្លន់ ចំនួន ២ករណី ដែលករណីទី១ ធ្វើសកម្មភាពប្លន់យកម៉ូតូម៉ាក Zoomer X ពណ៌ ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1AA-2166 មួយគ្រឿងកាលពីថ្ងៃទី០៣ខែមិនា ឆ្នាំ២០១៩នៅចំនុចផ្លូវបេតុង មុខសាលារៀនចំរើនផល សង្កាត់បឹងទំពុនទី១ខណ្ឌមានជ័យនិងករណីទី២ប្លន់លុយ ទូរសព្ទ័ដៃ និងខ្សែ កាលពីវេលាម៉ោងប្រមាណ៦និង៣០នាទីយប់ថ្ងៃទី០៦មិនា២០១៩ នៅចំណុច ផ្ទះលេខ៨សេ ផ្លូវលេខ២៧០ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

លោកនាយការិយាល័យ បានអោយដឹងទៀតថា បន្ទាប់ពីមានករណីប្លន់សមត្ថកិច្ចរបស់លោក ក៍បានសហការណ៍ជាមួយនគរបាលខណ្ឌមានជ័យនិង អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក នគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និង ស្នងការដ្ឋាននគរបាលខេត្តកំពតព្រមទាំងមានការសម្របសម្រួលពីលោកងិន ពេជព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញក៍ឈានទៅឃាត់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់។

នៅក្នុងការឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាង អាវុធខ្លីមួយដើមម៉ាកកា-៥៩,ម៉ូតូចំនួន០២គ្រឿងម៉ាក HondaBeat ពណ៌ខៀវលាយស(ម៉ូតូធ្វើសកម្មភាព) និងម៉ូតូម៉ាក Zoomer X ជាម៉ូតូជនរងគ្រោះរួចកសាងសំនុំរឿងចាត់ការតាមច្បាប់នៅពេលនេះ៕

ប្រធានសភាកម្ពុជា ទទួលការអញ្ជើញចូលរួមកិច្ចប្រជុំសភាប្រទេសអាស៊ី-អឺរ៉ុប នៅកាហ្សាក់ស្ថាន

ភ្នំពេញ ៖ ប្រធានរដ្ឋសភាកម្ពុជា ទទួលជួបជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋកាហ្សាក់ស្ថាន សម្តេចអគ្គមហាពាញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឱ្យឯកឧត្តម បេកេតហ្សាន ហ្សូម៉ាខាណូវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំនៅព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែង ការគួរសម ដោយក្នុងជំនួបសវនាកានេះ សម្តេចប្រធានរដ្ឋាភាកម្ពុជាមានប្រសាសន៍គូស បញ្ជាក់ថា កាហ្សាក់ស្ថាន និងកម្ពុជា មានទំនាក់ទំនងការទូតជាមួយគ្នាជាង ៦ទសវត្សរ៍មក ហើយ ហើយទំនាក់ទំនងដ៏យូរលង់នេះត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ។

សម្តេចប្រធានបានបន្តថា បេសកកម្មរបស់ឯកឧត្តម ដែលជាឯកអគ្គរដ្ឋទូតរបស់ កាហ្សាក់ស្ថានប្រចាំកម្ពុជានាពេលនេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសទាំងពីរ កម្ពុជា-កាហ្សាក់ស្ថាន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ទាំងក្នុង ក្របខណ្ឌសភា និងរដ្ឋាភិបាល ឲ្យកាន់តែរស់រវើកថែមទៀត។ ក្នុងនាមរដ្ឋសភា សម្តេចពញា ចក្រី ហេង សំរិន បានសម្តែងការពេញចិត្ត និងគាំទ្រចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការដ៏ល្អនេះ ហើយប្រាថ្នាចង់ឃើញនូវការវិវឌ្ឍថ្មីៗថែមទៀត។

សម្តេចលើកឡើងថា ដោយ ឡែកសភាកម្ពុជា និងសភាកាហ្សាក់ស្ថាន ក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាហូហែរ តាមរយៈការចូលរួមវេទិកាសភាអន្តរជាតិផេ្សងៗ ដែលសភាប្រទេសទាំងពីរជាសមាជិក ជាមួយគ្នា មានជាអាទិ៍ៈ អាយភីយូ អេភីអេ និង អាសឹប ជាដើម ហើយក្នុងនាមរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា សម្តេចសង្កេតឃើញថា កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៃប្រទេសយើងទំាងពីរ កម្ពុជា-កាហ្សាក់ស្ថាន ហាក់នៅមានកម្រិត នៅឡើយ។ ដូចនេះ សម្តេចស្នើឯកឧត្តមទូតឱ្យជួយជម្រុញពង្រីកកិច្ចសហប្រតិបត្តិការលើ វិស័យទំាងនេះឲ្យកាន់តែរីកចម្រើនថែមទៀត និងសូមជួយផ្សព្វផ្សាយលើកទឹកចិត្តឲ្យអ្នក វិនិយោគ និងប្រជាជនកាហ្សាក់ស្ថានមកពិនិត្យឱកាសវិនិយោគ និងធ្វើទេសចរណ៍កំសាន្ត នៅកម្ពុជា ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសយើងទំាងពីរ ឲ្យ កាន់តែជិតស្និទ្ធ។

សូមជម្រាបជូនថា ក្នុងជំនួបនេះ ឯកឧត្តម បេកេតហ្សាន ហ្សូម៉ាខាណូវ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បាននាំយកលិខិតអញ្ជើញ ដែលមានចុះហត្ថលេខាដោយប្រធានរដ្ឋសភាម៉ាជីលីស កាហ្សាក់ស្ថាន សភាឌូម៉ារុស្ស៊ី និង សភាកូរ៉េ អញ្ជើញសម្តេចប្រធានរដ្ឋសភាកម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំកំរិតប្រធានសភា ប្រទេស អាស៊ី-អឺរ៉ុប លើកទី៤ នៅកាហ្សាក់ស្ថាន នាពេលខាងមុខផងដែរ ហើយជាការឆ្លើយតបសម្តេចពញាចក្រី ហេង សំរិន ថា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ៕

នាយករដ្ឋមន្ត្រី ឲ្យក្រុមហ៊ុនលីយ៉ុងផាត់ តបណ្តាញទឹកពីថៃ មកផ្គត់ផ្គង់ខេត្តកោះកុង

កោះកុង ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន លី យ៉ុងផាត់ ទទួលការសាងសង់កន្លែងស្តុកទឹក តបណ្តាញទឹកក្នុងរយៈពេលវែង ដើម្បីយកទឹកពីខេត្តត្រាត ប្រទេសថៃ មកផ្គត់ផ្គង់ប្រជាពលរដ្ឋខេត្តកោះកុង ខណៈក្នងខេត្តនេះ ប្រឈមនឹងការខ្វះខាតទឹកស្ទើររៀងរាល់ឆ្នាំ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៅដល់ក្រុមហ៊ុន និងអាជ្ញាធរខេត្ត ធ្វើយ៉ាងណាត្រូវខិតខំរៀបចំតបណ្តាញទឹកសាប ឱ្យបានទាន់ពេលដើម្បីកុំឱ្យពលរដ្ឋក្នុងខេត្តកោះកុង អត់ទឹកប្រើប្រាស់ នារដូវប្រាំង៕

ចាប់រឹបអូសគ្រឿងសមុទ្រផ្ទុកសារជាតិគីមីដែលនាំចូលពីវៀតណាមជាង ៧តោន

ខេត្តកំពត ៖ សមត្ថកិច្ចចម្រុះ បានចាប់ឃាត់រថយន្តចំនួន៣គ្រឿង ដែលដឹកបង្គា និងគ្រឿងសមុទ្រ នៅត្រង់ចំណុចគីឡូម៉ែត្រលេខ១៥ ផ្លូវជាតិលេខ៣ ។ ក្រោយត្រួតពិនិត្យ កម្លាំងសមត្ថកិច្ចចម្រុះបានឆែកឆេរជាក់ស្តែងរកឃើញបង្គាមានចាក់សារធាតុម្យ៉ាង ខាប់ដូចចាហួយចូលក្បាលបង្គា និងគ្រឿងសមុទ្រទាំងនោះ។

កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល បានបង្ក្រាបករណីនាំចូលបង្គា និងគ្រឿងសមុទ្រមានសារជាតិគីមីចំនួន ៣៧៦កេស ស្មើនឹងប្រមាណ ៧.៥២០ គីឡូក្រាម នាំចូលពីប្រទេសវៀតណាម កាលពីថ្ងៃទី១៣ ខែមីនា ។

ចំណែករថយន្តទាំង៣នោះ រួមមាន រថយន្តម៉ាក HYUNDIA ស្លាកលេខ 3A-0869 មួយគ្រឿង, ម៉ាកសាំងយ៉ុងកែច្នៃ 2A-0342 មួយគ្រឿង និងម៉ាក HYUNDIA គ្មានស្លាកលេខមួយគ្រឿង ។ ដោយឡែក អ្នកបើកបររថយន្តចំនួន៣នាក់ ត្រូវបាននាំខ្លួនសាកសួរបំភ្លឺនៅនាយកដ្ឋាន ដើម្បីស្វែងរកម្ចាស់បន្តចាត់ការតាមផ្លូវច្បាប់ ៕

សម្តេចតេជោ ចង់កែរដ្ឋធម្មនុញ្ញ«កុំឲ្យគណៈរដ្ឋមន្ត្រីរលាយ ពេលអត់នាយករដ្ឋមន្ត្រី»

ភ្នំពេញ ៖ សម្តេចតេជោ បានថ្លែងថា សម្តេចកំពុងតែគិតគូរកែ ឬមិនកែរដ្ឋធម្មនុញ្ញ ដោយអះអាងថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាចែងថា«នៅពេលដែលតំណែងនាយករដ្ឋមន្ត្រី នៅទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញ មានន័យម៉េច? មានន័យថា បើនាយករដ្ឋមន្ត្រីស្លាប់ គឺរដ្ឋាភិបាលរលាយតែម្តង អត់មាននរណាធ្វើនាយករដ្ឋមន្ត្រីស្តីទីបានទេ …..»។

សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺន ៦ពាន់នាក់ នៅខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែមីនា ម្សិលមិញនេះ។

នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រដ្ឋធម្មនុញ្ញកម្ពុជា ដែលបានកំណត់ថា បើអត់ពីនាយករដ្ឋមន្ត្រីទៅ គឺគណៈរដ្ឋមន្ត្រីក៏ត្រូវតែរលាយដោយស្វ័យប្រវត្តិ ពោលគឺសូម្បីតែនាយករដ្ឋមន្ត្រីស្តីទី ក៏មិនមានដែរ ដោយសារតែគ្មាននរណាអាចតែងតាំងនាយករដ្ឋមន្ត្រីស្តីទីបាន។ បើសិនជាតំណែងនាយករដ្ឋមន្ត្រី នៅទំនេរម្តងម្កាល គឺអាចចាត់តាំងនាយករដ្ឋមន្ត្រីស្តីទី ដែលលោកគឺជាអ្នកតែងតាំង គឺមុនពេលលោកទៅក្រៅប្រទេស ប៉ុន្តែបើសិនលោកស្លាប់ គឺអត់មាននរណាតែងតាំងនាយករដ្ឋមន្ត្រីស្តីទីទេ ដូច្នេះ រដ្ឋាភិបាលនឹងរលាយ ជាស្វ័យប្រវត្តិ។

បើយោងមាត្រា១២៥នៃរដ្ឋធម្មនុញ្ញ បានចែងថា៖«បើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរនោះ ត្រូវតែងតាំងគណៈរដ្ឋមន្ត្រីមួយជាថ្មី ក្នុងលក្ខខណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ។ បើការទំនេរនេះជាការទំនេរមួយកាលមួយគ្រាទេ ត្រូវចាត់តាំងនាយករដ្ឋមន្ត្រីស្ដីទីជាបណ្ដោះអាសន្ន»។

ទោះជាយ៉ាងនេះក្តី សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា មិនបានបញ្ជាក់ច្បាស់ទេថា ចង់កែ ឬបន្ថែមថយខ្លឹមសារយ៉ាងដូចម្តេចក្នុងមាត្រា​ណាមួយនោះទេ៕

សម្តេច ហ៊ុន សែន ប្តឹង សម រង្ស៊ី ទារជំងឺចិត្ត២លានដុល្លាររឿងប្រមាថតាមហ្វេសប៊ុក

ខេត្តកោះកុង ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងធ្វើការប្តឹងទៅពួកអ្នកដែលបានជេរប្រមាថសម្តេចតាមហ្វេសប៊ុក ដោយទារជាទឹកប្រាក់សំណងចំនួន២លានដុល្លារ ហើយលុយដែលឈ្នះក្តីនេះ នឹងយកទៅជួយដល់កុមារកំព្រា។

សម្តេចបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពីធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រ នៅខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យមេធាវីត្រៀមប្ដឹងអ្នកជេរប្រមាថខ្លួននៅក្រៅប្រទេស ដែលគេដឹងថា សំដៅលើលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។

សម្តេចតេជោបានបញ្ជាក់ថា« ខ្ញុំកំពុងតែឱ្យមេធាវីរបស់ខ្ញុំសិក្សាហើយអំពីផ្លូវច្បាប់ដើម្បីប្តឹងពួកអាជេរប្រមាថខ្ញុំតាមហ្វេសបុក។ ដើម្បីឱ្យពួកដែលកំពុងនៅក្រៅប្រទេសបានដឹង ព្រោះថាពួកវាមានទ្រព្យសម្បត្តិនៅក្នុងប្រទេស ។ សម្តេចបន្តថា ប្រសិនសម្តេចឈ្នះក្តី សម្តេចទារ ២ លានដុល្លារ បើមិនមានលុយឱ្យទេ លក់ឡាយឡុងទ្រព្យសម្បត្តិអ្នកឯងយកលុយជួយដល់កុមារកំព្រា »…។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ បានប្រើប្រាស់ពាក្យសម្តីបែបឌឺដង លាយនឹងការប្រមាថមកលើរូបសម្តេចឥតសាកស្រាន្ត ដែលជារឿងមួយមិនអាចទទួលយកបានឡើយ។ សម្រាប់សម្ដេច ហ៊ុន សែន ការប្រើប្រាស់ពាក្យសម្តីបែបប្រមាថលើហ្វេសប៊ុករបស់(សម រង្ស៊ី)នេះ មិនមែនជាទស្សននយោបាយបង្រួបបង្រួមជាតិទេ ប៉ុន្តែវាជាពាក្យសម្តីនយោបាយបែបអុចអាល និងបញ្ឆេះកំហឹងជាតិប៉ុណ្ណោះ។

ថ្លែងចំពោះមុខកម្មកកម្មការិនីរោងចក្រ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្ងន់ៗថា « ជូនសារទៅប្រាប់មុន (សម រង្ស៊ី) និងថ្នាក់ខេត្តឲ្យមើលថា ទ្រព្យសម្បត្តិវា (សម រង្ស៊ី) នៅកន្លែងណា។ ឲ្យតែតុលាការកាត់ក្តីរួចហើយ អញរឹបយក រួចហើយបានទ្រព្យហ្នឹង អញយកទៅចែកកុមារកំព្រា កុំឲ្យវាប្រហើន អាងរត់ទៅនៅក្រៅស្រុកបាន»។

គួររំឮកថា កន្លងមក លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ ក៏ធ្លាប់ចាញ់
ក្តីសម្តេចតេជោ ម្តងរួចមកហើយ ពាក់ព័ន្ធនឹងការចោទប្រកាន់សម្ដេច នៅពីក្រោយការសម្លាប់លោក កែម ឡី អ្នកវិភាគល្បីឈ្មោះមួយរូបនៅកម្ពុជា ដែលកាលណោះ សម្តេចតេជោទារសំណងជំងឺចិត្តតែ ១០០រៀលប៉ុណ្ណោះ។ លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេសកំពុងជាប់រឿងក្តីក្តាំនៅក្នុងស្រុក មិនក្រោម ១០ពាក្យបណ្ដឹងនោះឡើយ៕

ទំនាស់ក្នុងវង់ផឹកស៊ី ទាញដាវសាំមូរ៉ៃកាប់ដាច់ប្រអប់ដៃបុរសម្នាក់

ភ្នំពេញ ៖ វាពិតជាសាហាវ និងរន្ធត់ខ្លាំងណាស់ ដោយបុរសម្នាក់ត្រូវគូរទំនាស់ កាប់ប្រហាដោយកាំបិតសាំម៉ូរ៉ៃ បណ្តសលឱ្យដាច់ប្រអប់ដៃធ្លាក់មកដី បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បើតាមមន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១១យប់ មានករណីប្រើអំពើហឹង្សាដោយប្រើកាំបិតសាំមូរ៉ៃកាប់គ្នា បណ្តាលអោយរបួសដាច់កដៃស្តាំ នៅចំនុច ផ្លូវ៨០ ភូមិ២១ សង្កាត់ស្រះចក រាជធានីភ្នំពេញ។

នគរបាលបញ្ជាក់ថា អត្តសញ្ញាណជនសង្ស័យត្រូវបានស្គាល់ថា
ឈ្មោះ មាស សុភា អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជូល ផ្លូវ ៧០ ភូមិ២១ សង្កាត់ស្រះចក ខណដូនពេញ រាជធានីភ្នំពេញ គេចខ្លួនបាត់ ។

ចំណែកជនរងគ្រោះ មានឈ្មោះ យស់ គន្ធារ: ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នគរបាលបញ្ជាក់ថា មូលហេតុមកពីទំនាស់គ្នាមកពី រឿងផឹកសីុ ប្រើប្រាស់ ដាវសាំម៉ូរៃរៀៗងខ្លួន។

បច្ចុប្បន្ន ជនរងគ្រោះនៅសង្រ្គោះបន្ទាន់នៅពេទ្យកាល់មែត របួសដាច់ប្រអប់ដៃខាងស្តាំ ត្រឹមកដៃ។
អធិការដ្ឋាននគរបាលខណ្ឌដូនពេញ នឹង ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ ជុំរុញបន្តការស្រាវជ្រាវចាប់ជនបង្កមកអនុវត្តន៍តាមផ្លូវច្បាប់៕ ដោយ ៖ សុផល

ស្កាត់ពីខេត្តកំពង់ស្ពឺ មកឆក់ទូរស័ព្ទនៅភ្នំពេញ ត្រូវពលរដ្ឋដេញចាប់ប្រគល់ឲ្យប៉ូលិស

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិកាកាបទី២ឃាត់ខ្លួនបានក្រោយពេលធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃមួយគ្រឿងពីក្មេងប្រុសស្រី២នាក់បណ្តាលឱ្យដួលម៉ូតូរងរបួសទាំង២នាក់់បងប្អូន។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុងភូមិចំកាឪឡឹកសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ។

បើយោងតាមសម្តីរបស់ក្មេងប្រុសស្រីរងគ្រោះខាងលើ បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុពួកគេជិះម៉ូតូឌុបគ្នាចេញពីផ្ទះបំរុងទៅសាលារៀនលុះដល់ចំនុចផ្លូវជាតិលេខ៤មុខផ្សារជម្ពូវន្ត័សង្កាត់ចោមចៅ៣ ក៍លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាមកធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីក្មេងស្រីដែលកំពុងជិះម៉ូតូបណ្តាលឱ្យដួលម៉ូតូរងរបួសរលាត់ដៃជើង។

ក្រោយពេលជនសង្ស័យធ្វើសកម្មភាពឆក់បានសម្រេចហើយពួកគេបានព្យាយាមជិះម៉ូតូរត់គេខ្លួនត្រូវបានប្រជាពលរដ្ឋបានឃើញហេតុការណ៍នោះនាំគ្នាជិះម៉ូតូដេញស្រែកផ្អើលឆោឡោដល់កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាបទី២ ដែលកំពុងល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន បានធ្វើការឡោមពទ្ធ័ឃាត់ខ្លួនបានទាំង២នាក់ ហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាស្វាគមន៍បែកមុខទើបសមត្ថកិច្ចដឹកបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាបទី២ ដើម្បីធ្វើការសាកសួបន្ត និងធ្វើការឆែកឆេរក្នងកែបម៉ូតូរបស់ជនសង្ស័យ បានរកឃើញកាំបិតមួយដើមដែលពួកគេលាក់ទុកនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកគេទាំង២នាក់បានជិះម៉ូតូមកពីខេត្តកំពង់ស្ពឺ មករកឆក់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅពេលឱកាសល្អ តែសំណាងអាក្រក់ត្រូវបានសមត្ថកិច្ចចាប់បាន។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើទី១ ឌីន សំអូន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២៖ឈ្មោះ ខុន សៀងហួត អាយុ១៩ឆ្នាំ មុខរបរជាងសាក់រូប ស្នាក់នៅខេត្តកំពង់ស្ពឺ ជាមួយគ្នា។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

សាលក្រមសំណុំរឿងឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ នឹងប្រកាសនៅថ្ងៃទី២៦ ខែមីនា

ភ្នំពេញ ៖ សំណុំរឿងឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ ដែលបានអូសបន្លាយតាំងពីឆ្នាំ២០១៤ មកនោះ នឹងត្រូវបានតុលាការរាជធានី រៀបចំប្រកាសនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ខាងមុខ។

តាមប្រភពព័ត៌មាន ពីតុលាការបានឲ្យដឹងថា បន្ទាប់ពីបើកសវនាការជាសាធារណៈអស់ជាច្រើនលើក ដោយមិនដែលមានវត្តមានជនជាប់ចោទឈ្មោះ ថោង សារ៉ាត់ ចូលឆ្លើយនោះឡើយ។ លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកំណត់ពេលប្រកាសសាលក្រមសំណុំរឿង ឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ ដែលមានជនជាប់ចោទចំនួន ៤នាក់ រួមមានឈ្មោះ ថោង សារ៉ាត់ ថៅកែក្រុមហ៊ុន ៩៩៩ និងអង្គរក្សឈ្មោះ សៀង វាសនា ,ឈ្មោះ កូយ ចាន់ថុល ,ឈ្មោះ មាស សម្បត្តិ និងឈ្មោះ ឈុន ចិត្រា ដែលត្រូវតុលាការចោទថា ក្រុមឃាតករសម្លាប់ជនរងគ្រោះ។

គួររំលឹកថា ជនរងគ្រោះលោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនស៊ីម៉ង់ត៍ត្បូងពេជ្រ ត្រូវឃាតករបាញ់សម្លាប់ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅនៅមុខហាងលក់ផ្លែឈើយីហោ ឡោតិចសេង ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

បន្ទាប់ពីបើកការស្រាវជ្រាវ និងស៊ើបអង្កេតសមត្ថកិច្ចបានឃាត់ខ្លួនជនជាច់ចោទឈ្មោះ ថោង សារ៉ាត់ និងអង្គរក្សចំនួន ៥នាក់ បញ្ជូនទៅតុលាការ ប៉ុន្តែក្រោយមកអង្គរក្សម្នាក់ឈ្មោះ លី សៅ ដែលនគរបាលអះអាងថា ជាជនដៃដល់បានស្លាប់នៅក្នុងពន្ធនាគារ ប៉ុន្តែយ៉ាងណាក៏ដោយ នៅគ្រប់សវនាការកន្លងមក ទាំងជនជាប់ចោទ និងសាក្សីដោះបន្ទុក សុទ្ធតែអះអាងថា ជនជាប់ចោទ មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះឡើយ៕

ជំរឿនប្រជាជននៅភ្នំពេញយឺតយ៉ាវ ខណៈតាមបណ្តាខេត្ត​ខ្លះបានបញ្ចប់

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងផែនការ បានបញ្ជាក់ថា ការងារធ្វើជំរឿននៅតាមរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី១៣ ខែមីនា ដែលជាថ្ងៃចុងក្រោយ បានបិទបញ្ចប់បណ្តើរៗហើយ ខណៈនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ អាចមានការយឺតយ៉ាវខ្លះៗ ដោយសារកំណើនប្រជាជនច្រើន។

បើតាមអ្នកនាំពាក្យដដែល នៅតាមបណ្តាខេត្តមួយចំនួន មន្ត្រីជំរឿនបានបញ្ចប់ការងារនេះបណ្តើរៗហើយ លើកលែងតែរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលទំនងជាចប់យឺតជាងគេ ដោយសារកំណើនប្រជាជនច្រើន។ លោក ណុប កនណាវុឌ្ឍ បញ្ជាក់ដូច្នេះ៖«ការធ្វើជំរឿននៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ យើងបានបញ្ជូនមន្ត្រីជំរឿនបន្ថែមទៀត ដើម្បីឲ្យកិច្ចការការងារមួយនេះប្រព្រឹត្តទៅយ៉ាងរលូន និងឲ្យបានឆាប់»។

បើតាមលោក លោក ណុប កនណាវុឌ្ឍ រយៈពេលធ្វើជំរឿនរយៈពេល១០ថ្ងៃមកនេះ មន្ត្រីជំរឿនបានប្រទះនឹងបញ្ហាមួយចំនួនដូចជាគ្រោះថ្នាក់ចរាចរណ៍, សត្វឆ្កែខាំ ពេលចុះទៅប្រមូលព័ត៌មានផ្ទាល់ដល់ផ្ទះប្រជាពលរដ្ឋនៅ និងការរារាំងមន្ត្រីជំរឿនមិនឲ្យធ្វើកិច្ចការនេះជាដើម។ ទោះជាយ៉ាងនេះក្តីអ្នកនាំពាក្យក្រសួងផែនការ អះអាងថា ការធ្វើជំនរឿនប្រជាជនលើកទី៣នេះ នឹងបញ្ចប់ទៅដោយរលូនល្អ។

គួរបញ្ជាក់ថា ការងារជំរឿនប្រជាជនកម្ពុជា បានធ្វើរួច២ដងហើយគឺនៅឆ្នាំ១៩៩៨ និងឆ្នាំ២០០៨។ ជំរឿននៅឆ្នាំ១៩៩៨ មានប្រជាជនចំនួន១១.៤៣៧.៦៥៦នាក់ ហើយឡើងដល់ ១៣.៣៩៥.៦៨២នាក់ នៅឆ្នាំ២០០៨។ ការធ្វើជំរឿនលើកទី៣ ឆ្នាំ២០១៩នេះ បានចាប់ផ្តើមពីថ្ងៃទី៣ ដល់ថ្ងៃទី១៣ ខែមីនា ដោយគ្រោងចំណាយថវិការដ្ឋជាង ៨លានដុល្លារ៕

ប្រទេសសមាជិកមហាអនុតំបន់មេគង្គ បានឯកភាពសម្រួលតម្លៃដឹកជញ្ជូនឆ្លងកាត់ព្រំដែន

ភ្នំពេញ ៖ ប្រទេសជាសមាជិក នៃមហាអនុតំបន់មេគង្គ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៅលើទឹកដីអង្គរ នៃសៀមរាប នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការរួម រវាង រង្វង់រដ្ឋាភិបាលកម្ពុជា ចិន ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីសម្របសម្រួលលើតម្លៃក្នុងការដឹកជញ្ជូនទំនិញ និងពលរដ្ឋ ឆ្លងកាត់ព្រំដែន ដោយមានការចូលរួមពីធនាគារអភិវឌ្ឍន៍អាស៊ី , អង្គការ GIZ និង អង្គការ DEFAT។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹងនៅក្រោយ កិច្ចប្រជុំនោះថា ការជួបគ្នានេះ បានបង្កើននូវប្រសិទ្ធភាព នៃការធ្វើឲ្យប្រសើរឡើង នូវការតភ្ជាប់ផ្ទៃក្នុង និង រវាងបណ្តាប្រទេស ក្នុងក្របខណ្ឌវិនិយោគតំបន់ (GMS) ជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ បង្កើនការប្រកួតប្រជែង និងធ្វើឲ្យប្រសើរឡើងកម្រិតជីវភាពរស់នៅតាមរយៈការកាត់បន្ថយតម្លៃដឹកជញ្ជូន ។

លោក រដ្ឋមន្រ្តីបានបន្តថា សមាជិកគណៈកម្មការរួម នឹងបន្តធ្វើការងារឆ្ពោះ ទៅរកការសម្រួលបន្ថែមទៀត លើការដឹកជញ្ជូន និងពាណិជ្ជកម្ម ទូទាំងអនុតំបន់ ក្នុងគោលដៅស្របគ្នាជាមួយផែនការសហគមសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ និងតម្រូវការខាង វិនិយោគ ដែលមានការបញ្ជាក់ នៅក្នុងក្របខណ្ឌវិនិយោគតំបន់ GMS ផងដែរ។

ការអនុវត្តកិច្ចព្រមព្រៀង GMS ដឹកជញ្ជូនឆ្លងកាត់ព្រំដែន (CBTA ) សមាជិកគណៈកម្មការរួម ក្នុងការអនុវត្តកិច្ចព្រមព្រៀង GMS ដឹកជញ្ជូនឆ្លងកាត់ព្រំដែន CBTA នៅកម្ពុជា ស.ស.ប.ឡាវ ចិន ថៃ និងវៀតណាម។ បណ្តាប្រទេស GMS មួយចំនួន បានចេញលិខិតអនុញ្ញាតសម្រាប់ “ការប្រមូលផលដំបូង“ និងសៀវភៅការនាំចូលបណ្តោះអាសន្ន យានយន្ត (TAD) ជូនទៅប្រតិបត្តិករ ដឹកជញ្ជូនអន្តរជាតិ នៅប្រទេសរបស់ខ្លួន ។ ប្រទេសខ្លះចាប់ផ្តើមប្រតិបត្តិការដឹកជញ្ជូន“ការប្រមូលផលដំបូង“ ឆ្លងកាត់ព្រំដែន។ បណ្តាប្រទេសមួយចំនួនទៀត កំពុងរៀបចំចេញឯកសារ។

ជាមួយគ្នានោះ ក្នុងការអនុវត្តកិច្ចព្រមព្រៀង GMS ដឹកជញ្ជូនឆ្លងកាត់ព្រំដែន CBTA បានឯកភាពបន្ថែមថា សុពលភាពនៃអនុស្សរណៈ នៃការយោគយល់ ស្តីពី “ការប្រមូលផលដំបូង“ ក្នុងការអនុវត្តកិច្ចព្រមព្រៀង GMS ដឹកជញ្ជូនឆ្លងកាត់ព្រំដែន នេះ ត្រូវបានពន្យាពេល សម្រាប់ រយៈពេល២ឆ្នាំបន្ថែម ចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ។

ប្រទេស GMS ដែលជាហត្ថលេខីនៃ អនុស្សរណៈ MOU ឥឡូវនេះ អាចចេញបន្ត ឬពន្យាសុពលភាពឲ្យលិខិតអនុញ្ញាតសម្រាប់ការប្រមូលផលដំបូង និងសៀវភៅការនាំចូលបណ្តោះអាសន្នយាយន្ត (TAD) ដែលបានចេញពីពេលមុន រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឬនៅរហូតដល់កិច្ចព្រមព្រៀងGMSដឹកជញ្ជូនឆ្លងកាត់ព្រំដែនCBTA កែសម្រួល ។

ប្រទេសមីយ៉ាន់ម៉ា នឹងចូលរួមអនុវត្តកិច្ចព្រមព្រៀង GMS ដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្នុងអំឡុងនៃរយៈពេលអនុគ្រោះមួយ ដែលពន្យារហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។

សូមបញ្ជាក់ផងដែរថា នៅក្រោយកិច្ចប្រជុំរួចមក ប្រទេសមីយ៉ាន់ម៉ា និង ប្រទេសថៃ ក៏បានចុះហត្ថលេខា ជាមួយគ្នា ក្នុងការអនុវត្ត កិច្ចព្រមព្រៀង GMS ឆ្លងកាត់ព្រំដែនផងដែរ៕