All posts by មេគង្គ ប៉ុស្តិ៍

ខេត្តមួយរបស់ចិន នឹងបង្កើនទំហំវិនយោគនៅកម្ពុជាច្រើនជាង១៩០លានដុល្លារ

ភ្នំពេញ ៖ ខេត្តលីវនីង ដែលបច្ចុប្បន្ន មានទំហំពាណិជ្ជកម្ម ជាមួយកម្ពុជា ប្រមាណ១៩០លានដុល្លារហើយនោះ កំពុងផ្សព្វផ្សាយនិងទាក់ទាញអ្នកវិនិយោគផ្នែកកសិកម្មនៃខេត្តនេះ អោយមកបោះទុននៅកម្ពុជាបន្ថែមទៀត។

នៅក្នុងទិសដៅទាក់ទាញអ្នកវិនិយោគផ្នែកកសិកម្មនៃខេត្តលាវនីញ ប្រទេសចិន អោយចូលមកបណ្តាក់ទុន និងចាប់ដៃគូជាមួយពាណិជ្ជករនៅកម្ពុជា កាលពីពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ អាជ្ញាធរនៃខេត្តលាវនីញ បានរួមសហការជាមួយ ក្រុមហ៊ុន Sunwah Group រៀបចំវេទិកាផ្សព្វផ្សាយអំពីសក្តានុពលពាណិជ្ជកម្មនៅកម្ពុជា ទៅកាន់ ប្រតិភូវិនិយោគិនផ្នែកកសិកម្ម ដែលកម្មវិធីនេះក៏មានវត្តមាន ចូលរួមពីសំណាក់ លោក ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា! អាជ្ញាធរខេត្តលាវនីញ រួមនិង មន្ត្រីជាន់ខ្ពស់របស់កម្ពុជា ទៀតផង។

តាមរយៈបទបង្ហាញរបស់ប្រធានមន្ទីរពាណិជ្ជកម្មនៃខេត្តលាវនីញ បញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០១៨ មានក្រុមហ៊ុនចំនួន២២ របស់ខេត្តលាវនីញ វិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលមានទំហំទឹកប្រាក់ប្រមាណ១៩០លានដុល្លារអាមេរិក ក្នុងនោះមានការវិនិយោគទៅលើ ផ្នែកសង្វាក់ផលិតកម្ម! សេវាកម្ម! រុក្ខាប្រមាញ់ និង នេសាទនិង សាច់សត្វ ជាដើម។

ចំណែកការនាំចេញពីខេត្តលាវនីញ មកកាន់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៨កន្លងទៅ មានជាង២៣៦លានយន់ រឺស្មើនឹងជាង ៣៥លានដុល្លារអាមេរិក ដែលទំនិញទាំងនោះ មានដូចជា ប្រេងឥន្ធនៈ ផលិតផលផ្នែកមេកានិក និង គ្រឿងម៉ាស៊ីនកសិកម្ម ជាដើម។ រីឯកម្ពុជា ក៏បាននាំចេញទំនិញទៅកាន់ខេត្តលាវនីញដែរ មានដូចជា ស្ករអំពៅ កៅស៊ូ ជាដើម ដែលមានទឹកប្រាក់ប្រមាណ៩៧លានយន់ រឺស្មើនឹងជិត១៤លាន៥សែនដុល្លារអាមេរិក។

បើតាមការលើកឡើងរបស់តំណាងប្រតិភូវិនិយោគិននៃខេត្តលាវនីញ ក៏បានសំលឹងឃើញ ផងដែរពីសក្តានុពលពាណិជ្ជកម្ម រវាងតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តលាវនីញ និង ក្នុងខេត្តព្រះសីហនុ ជាពិសេសលើវិស័យកសិកម្ម។

ដូចនេះតាមរយៈគោលនយោបាយអនុគ្រោះនានាក្នុងតំបន់អាស៊ានទៀតនោះ ភាគីទាំងពីរជឿជាក់ថា កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម នឹងនាំមកនូវប្រយោជន៌ទ្វេភាគី ស្របតាមគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ។

គួរកតសំគាល់ដែរថា តាមរយៈវេទិកាផ្សព្វផ្សាយនេះ គណៈប្រតិភូវិនិយោគិននៃខេត្តលាវនីញ មានចំណាប់អារម្មណ៍ចង់ពង្រីកឱកាសអាជីវកម្មខាងផ្នែកកសិកម្ម ក្នុងប្រទេសកម្ពុជា ដោយសារ មើលឃើញថាវិនិយោគខាងវិស័យកសិកម្មនៅកម្ពុជា មានជំហររឹងមាំក្នុងការបង្កើតសម្ព័ន្ធភាពអាជីវកម្មដ៏រឹងមាំ។

ងវិញទៀត កម្ពុជា និងខេត្តលាវនិញ ក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់កំណើនពាណិជ្ជកម្មជាមួយគ្នាបន្ថែមទៀតដែរ ទាំងក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យដទៃទៀត។ ជាក់ស្តែង តាមរយៈការវិនិយោគរបស់ក្រុមហ៊ុន Sunwah Group ដែលបានចាប់ផ្តើមអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៤ លើដំណើរការរោងចក្រកែច្នៃបង្គា នៅខេត្តព្រះសីហនុ។

រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុននេះ ក៏បានពង្រីកអាជីវកម្មរបស់ខ្លួន លើវិស័យជាច្រើន នៅកម្ពុជា ដូចជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ លំនៅដ្ឋាន Victory City មានទីតាំងស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលមានទំហំ ១៥ម៉ឺនម៉ែត្រក្រឡា ក្នុងទុនវិនិយោគ ៥០ លានដុល្លារអាមេរិក។

ដោយឡែកគម្រោងអគារខុនដូរ និងពាណិជ្ជកម្ម គឺ Sunwah Pearl ភ្នំពេញ មានកម្ពស់រហូតដល់ ៦០ជាន់ មានទីតាំងនៅក្បែរមហោស្រពចតុមុខ និងព្រះបរមរាជវាំង នឹងលេចរូបរាងនាពេលខាងមុខ ៕

អភិបាលរាជធានី ស្នើ ADB ជួយកសាងផ្លូវជាង ១០គ.ម និងដោះស្រាយបញ្ហាសំរាមនៅភ្នំពេញ

ភ្នំពេញ ៖ ក្នុងឱកាសជួបពិភាក្សា ការងារជាមួយលោកស្រី សាន់នីយ៉ា ឌូរ៉ានី ចាមែល នាយកតំបន់របស់ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើឲ្យ ADB ជួយស្ថាបនាផ្លូវអមផ្លូវរថភ្លើងជាង១០គីឡូ ម៉ែត្រ ចាប់ពីក្រោយសាសាលាតិចណូ ដល់មហាវិថីវិមាន ឈ្នះ ឈ្នះ (អូឌឹម) និង ឲ្យជួយជ្រោម ជ្រែង ដល់ការដោះស្រាយបញ្ហាសំរាម ដែលនៅតែជាបញ្ហាប្រឈមនៅឡើយ ។

ក្នុងជំនួបនេះ លោក ឃួង ស្រេង បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឲ្យរាជធានីភ្នំពេញ មានការរីកចម្រើនយ៉ាងខ្លាំង ។ ទន្ទឹមនឹងការរីកចម្រើននេះ រាជធានីភ្នំពេញក៏បានប្រឈម នឹងបញ្ហាមួយចំនួន ដូចជាបញ្ហាការកកស្ទះចរាចរណ៍ និងបញ្ហាសំរាមជាដើម ។

ដើម្បីដោះស្រាយ នូវបញ្ហាប្រឈម ទៅលើការកកស្ទះចរាចរណ៍នេះ អភិបាលរាជធានី បានស្នើសុំឲ្យADB ជួយស្ថាបនាផ្លូវអមផ្លូវរថភ្លើង ចាប់ពីក្រោយសាលាតិចណូ រហូតដល់ផ្លូវវិមានឈ្នះឈ្នះ (ផ្លូវអូដឹម) ដែលមានប្រវែងជាង១០ គីឡូម៉ែត្រ ។ ខណៈផ្លូវនេះ ពិតជាមានសារសំខាន់ ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ លើបណ្តោយផ្លូវរុស្ស៊ី និងស្របពេលដែល រាជរដ្ឋាភិបាល គ្រោងនឹងបើកផ្លូវថ្មីមួយទៀត ចាប់ពីមហាវិថីឈ្នះ ឈ្នះ (អូឌឹបកប់ស្រូវ) រហូតទៅដល់ក្រុងព្រះសីហនុ ដែលជាប្រភេទផ្លូវ BOT ។

ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាសំរាម ឯកឧត្តម អភិបាលរាជធានី ក៏បានស្នើសុំឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ADB ជួយជ្រោមជ្រែងផងដែរ ខណៈដំណោះស្រាយ លើបញ្ហាសំរាម នៅតែជាបញ្ហាប្រឈមនៅឡើយ ។

ឆ្លើយតបនឹងសំណើរខាងលើ លោកស្រី សាន់នីយ៉ា ឌូរ៉ានី ចាមែល បានទទួលយកការស្នើសុំពីរដ្ឋបាលរាជធានីភ្នំពេញ ដោយរងចាំឲ្យក្រុមការងារធ្វើការសិក្សា លើបញ្ហាកកស្ទះចរាចរណ៍ ដើម្បីរកវិធានការ ដោះស្រាយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកស្រីបានបញ្ជាក់ថា ការដោះស្រាយជួយជ្រោមជ្រែង ទៅលើរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើឡើងជាកញ្ចប់ធំមួយ ដោយមិនអាចធ្វើឡើង ដាច់ដោយដុំនោះទេ ហើយការងារជាច្រើនខាង ADB ក៏បានជួបពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុហើយដែរ ។

ក្នុងជំនួបពិភាក្សាការងារនោះដែរ លោកស្រីបានកោតសរសើរ ចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញ ក្នុងអំឡុងពេលចុងក្រោយនេះ ដោយមានកំណើនយានយន្ត កំណើនមនុស្ស និងកំណើនអចនទ្រព្យផងដែរ។

ជំនួបនេះធ្វើឡើង ដើម្បីពិភាក្សា និងស្នើសុំព័ត៌មាន ពាក់ព័ន្ធគម្រោងនៃការអភិវឌ្ឍសំខាន់ៗ ក្នុងរាជធានីភ្នំពេញពីឆ្នាំ២០២០-២០២២ សំរាប់ត្រៀមរៀបចំខ្លឹមសារ សេចក្តីព្រៀងក្នុងបេសកកម្ម កម្មវិធីសំរាប់ប្រទេសជំនួយ ពីធនាគារអភិវឌ្ឍន៍អាស៊ី ។

គួរបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ កំពុងអនុវត្តគម្រោងជំនួយបច្ចេកទេស និងការផ្លាស់ប្តូរព័ត៌មាន ស្ថានភាពគមនាគមន៍ក្នុងទីក្រុង ជាមួយADB ក្នុងចំនួនទឹកប្រាក់ប្រមាណ ១លាន៥រយ៤៥ពាន់ដុល្លារ ។ មូលនិធិជប៉ុនសំរាប់កាត់បន្ថយភាពក្រីក្រ នឹងផ្តល់ចំនួន១លាន ៥រយពាន់ដុល្លារ ចាប់អនុវត្តពីថ្ងៃទី៦ មេសា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១៕

សីតុណ្ហភាពនៅកម្ពុជា នឹងក្តៅហួតហែងដល់៤២អង្សា អូសបន្លាយពីខែមេសា ដល់ឧសភា

ភ្នំពេញ ៖ នៅទូទាំងប្រទេស សីតុណ្ហភាពអតិបរមាមធ្យមនឹងស្ថិតក្នុងរង្វន់ពី ៣៦ ដល់៣៨ អង្សារសេ។ ប៉ុន្តែនៅក្នុងខែមេសា និងខែឧសភា ធាតុអាកាសនឹងមានសភាពក្តៅហួតហែងខ្លាំង ហើយនៅពេលខ្លះ សីតុណ្ហភាពអតិបរមា នឹងហក់ឡើងដល់ ៤០-៤២អង្សារសេ ពិសេសនៅតំបន់ទំនាបកណ្តាលភាគពាយព្យ និងតំបន់ខ្ពង់រាបភាគខាងជើង។ នេះបើតាមសេចក្តី ជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។

អាកាសធាតុក្តៅហួតហែងដោយសារបាតុភូតអែលនីណូនេះ នឹងអូសបន្លាយរហូតដល់ដើមខែមិថុនា ។ រីឯស្ថានភាពទឹកភ្លៀងរដូវវស្សាដែលមកដល់យឺតពេលនោះមានបរិមាណតិចជាងមធ្យមភាគច្រើនឆ្នាំ ។ នេះបើយោងតាមការព្យាករអាកាសធាតុលើកទី២ សម្រាប់រដូវប្រាំងនិងដើមឆ្នាំរដូវវស្សាឆ្នាំ២០១៩ របស់ក្រសួងធនធានទឹកនិងឧតុនិយម។

ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី១២ខែមីនានេះ បានជូនដំណឹងស្តីពីការការព្យាករអាកាសធាតុលើកទី២ សម្រាប់រដូវប្រាំង និង ដើមឆ្នាំរដូវវស្សាឆ្នាំ២០១៩ថា បន្ទាប់ពីបានធ្វើការសង្កេតតាមដានទៅលើស្ថានភាពសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចមហាសមុទ្រឥណ្ឌានិងកម្រិតសីតុណ្ហភាពនៅលើសមុទ្រចិនខាងត្បូងរួចមកឃើញថាបាតុភូតអែលនីណូ El Nino នៅតែបន្តមានឥទ្ធិពលគ្របដណ្តប់លើផ្នែកជាច្រើននៃពិភពលោក និង តំបន់។ដោយឡែកចំពោះកម្ពុជានៅក្នុងរដូវប្រាំងនិងដើមរដូវវស្សាឆ្នាំ២០១៩នេះនឹងបន្តទទួលរងឥទ្ធិពលបាតុភូតនេះក្នុងកម្រិត៦០ភាគរយ និង ៤០ភាគទៀតទទួលរងឥទ្ធិពលអន្តរកាលពីបាតុភូត(អែលនីណូEl NinoនិងឡានីណាLa Nina)​៕

សម្តេចតេជោ ៖ តុលាការក៏មានបញ្ហាដែរ បើកាត់ក្តីមិនបានត្រឹមត្រូវ

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារជំរុញឲ្យកម្លាំងសមត្ថកិច្ចបន្តបង្រ្កាបបទល្មើសគ្រឿងញៀន ដោយមិនត្រូវខ្លាចអ្នកណាទាំងអស់ ទោះបីជាអ្នកនោះ មានអំណាចធំប៉ុនណាក៏ដោយ។ ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានស្នើទៅតុលាការផងដែរ ឲ្យកាត់ក្តីសំណុំរឿងបទល្មើសគ្រឿងញៀន ឲ្យបានត្រឹមត្រូវ បើពុំដូច្នេះទេ តុលាការក៏អាចមានបញ្ហាផងដែរ។

ប្រមុខរដ្ឋាភិបាល បានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២0១៨នៃក្រសួងសុខាភិបាល នៅរសលថ្ងៃទី១២ ខែមីនា ឆ្នាំ២0១៩នេះ។

យ៉ាងណាក៏ដោយ ការថ្លែងរបស់សម្តេចតេជោ ត្រូវបានកត់សម្គាល់ថា មិនមែនជាការលូកដៃ ឬជាការព្រមានប្រព័ន្ធតុលាការនោះឡើយ តែទំនងជាចង់តុលាការកាត់ក្តីឲ្យបានត្រឹមត្រូវលើបទល្មើសគ្រឿងញៀនដែលបញ្ហាប្រឈមរបស់សង្គមជាតិទាំងមូល៕

ប្រទេសចំនួន៨ ផ្អាកប្រើប្រាស់យន្តហោះ Boeing 737 MAX របស់ក្រុមហ៊ុនអាមេរិក

បរទេស ៖ បន្ទាប់ពីមានករណីធ្លាក់យន្តហោះដឹកអ្នកដំណើរនៅប្រទេស អេត្យូពី បណ្តាលឲ្យមនុស្សចំនួន១៥៧នាក់បានស្លាប់ ធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍លើពិភពលោកចាប់ផ្តើមព្រួយបារម្ភ ដែលគិតមកត្រឹមថ្ងៃទី១២ ខែមីនា នេះ ប្រទេសចំនួន ៨ហើយ បានសម្រេចផ្អាកប្រើប្រាស់យន្តហោះប្រភេទ Boeing 737 MAX ដែលផលិតឡើងដោយក្រុមហ៊ុនយក្សរបស់អាមេរិក។

យន្តហោះរបស់ក្រុមហ៊ុន Ethiopian Airlines ដែលបានធ្លាក់នោះ គឺជាយន្តហោះប្រភេទដូចគ្នាទៅនឹងយន្តហោះរបស់ក្រុមហ៊ុន Lion Air របស់ឥណ្ឌូណេស៊ី ដែលបានធ្លាក់ក្នុងខែតុលាឆ្នាំ២០១៨។ ក្នុងហេតុការណ៍នេះ អ្នកដំណើរនិងអ្នកបម្រើលើយន្តហោះចំនួន ១៨៩នាក់ បានបាត់បង់ជីវិត។ អ្នកខ្លះយល់ឃើញថា ហេតុការណ៍គ្រោះថ្នាក់នេះ មានភាពស្រដៀងគ្នាខ្លាំង។

គួរជម្រាបថា បច្ចុប្បន្ននេះ យន្តហោះប្រភេទ Boeing 737 MAX ប្រមាណ ៣៥០គ្រឿង កំពុងប្រតិបត្តិការនៅជុំវិញពិភពលោក៕

ឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកម្សាន្ត ROCK ​ត្រូវឃុំខ្លួនបណ្តោះអាសន្ននៅ PJ

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង បានចេញដីកាបង្គាប់ឲ្យនាំខ្លួនឧកញ៉ា គិត ធាង ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ PJ ជា បណ្តោះអាសន្ន នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះរង់ចាំជំនុំជម្រះជាក្រោយតាមនីតិវិធី។

មន្ត្រីតុលាការ បានឲ្យដឹងថា ឧកញ៉ា គិត ធាង ត្រូវបានជាប់ចោទពីបទ «ចាត់ចែង សម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន និងបទសមគំនិត» ដែលប្រព្រឹត្តនៅមណ្ឌលកម្សាន្ត ROCK ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ តាមមាត្រា៤២ និង៤៤ នៃច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។

សូមរំលឹកថា ឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកម្សាន្ត Rock ត្រូវបានសមត្ថកិច្ចនាំខ្លួនពីលំនៅដ្ឋានរបស់លោកនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទៅតាមដីការបស់តុលាការ ហើយនៅព្រឹកថ្ងៃទី១២ ខែមីនា នេះ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានី ចេញដីកាបង្គាប់ឲ្យឃុំខ្លួនតែម្តង។

គួរបញ្ជាក់ថា មាត្រា៤៤ កថាខណ្ឌទី២ ច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀនឆ្នាំចែងថា អំពើជួលទីកន្លែង ផ្តល់ទីកន្លែង ឬ អំពើផ្សេងទៀត បង្កលក្ខណៈងាយស្រួល ដល់ការប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន គឺជាបទសម្រួល ឲ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ២០លានរៀល ៕

សម្តេចតេជោ ៖ ត្រូវលើកកម្ពស់សេវាសុខាភិបាល ដើម្បីកាត់បន្ថយការទៅព្យាបាលនៅបរទេស

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ដើម្បីកាត់បន្ថយពលរដ្ឋទៅព្យាបាលជំងឺនៅក្រៅប្រទេស ភាគីពាក់ព័ន្ធត្រូវរួមគ្នា លើកកម្ពស់សេវាសុខាភិបាល។

សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់បិទ សន្និបាតបូកសរុបការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នេះ។

សម្តេចបន្តថា សូមឲ្យភាគីពាកព័ន្ធអនុវត្តចំណុចមួយចំនួន ដូចជា ត្រូវលើកម្ពស់សេខវាសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធជាដើម ត្រូវឲ្យប្រព័ន្ធសុខាភិបាលកម្ពុជាមានប្រសិទ្ធភាព គុណធម៌ ដែលការធ្វើបែបនេះ នឹងកាត់បន្ថយការចេញទៅព្យាបាលនៅក្រៅប្រទេស ព្រោះការទៅព្យាបាលនេះ បានចំណាយថវិកា និងពេលវេលាច្រើន៕

កម្ពុជា ស្នើភាគីឡាវ ការពារតាមផ្លូវច្បាប់ចំពោះអ្នកវិនិយោគកម្ពុជា ដែលកំពុងនៅឡាវ

ភ្នំពេញ ៖ តាមរយៈជំនួបសវនាការជាមួយ លោក សាយថុង កែវឌួងឌី ប្រធានគណៈកម្មការ នីតិកម្ម នៃរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៩នេះ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជា បានស្នើឱ្យភាគីឡាវការពារតាមផ្លូវច្បាប់ចំពោះអ្នកវិនិយោគកម្ពុជា ដែលកំពុង រកទទួលទាននៅប្រទេសឡាវ ព្រមទាំងបានគូសបញ្ជាក់អំពីទំនាក់ទំនងរវាងរដ្ឋសភាប្រទេស ទាំងពីរ ដែលបានសហការគ្នាយ៉ាងល្អទាំងក្នុងក្របខ័ណ្ឌពហុភាគី និងទ្វេភាគី។

ក្នុងជំនួបនេះ អនុប្រធានទី១ រដ្ឋសភាកម្ពុជា បានជម្រាបជូនប្រធានគណៈកម្មការ នីតិកម្ម នៃរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថា រដ្ឋសភាកម្ពុជាបច្ចុប្បន្នគឺ ស្ថិតក្នុងនីតិកាលទី៦ ដែលមានរយៈពេល ៥ឆ្នាំ ពីឆ្នាំ២០១៨ ដល់២០២៣។ រដ្ឋសភានីតិកាល ទី៦នេះកើតចេញពីការបោះឆ្នោតសកលកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ដែលមានសមាជិកសរុបចំនួន ១២៥រូប ក្នុងនោះមានស្ត្រីចំនួន ២៥រូប។ លោកបណ្ឌិត ងួន ញ៉ិល ថាគិតចាប់តាំងពីអាណត្តិទី១ រហូតដល់អាណត្តិទី៦នេះ រដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជាអនុម័តច្បាប់បានចំនួន ៥២៣ច្បាប់ ដើម្បីបំរើផលប្រយោជន៍ប្រទេសជាតិ និងប្រជា ជន។

ក្នុងជំនួបនេះ ប្រធានគណៈកម្មការនីតិកម្ម នៃរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ឯកឧត្តម សាយថុង កែវឌួងឌី បានជម្រាបជូនលោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភាកម្ពុជាថា ដំណើរមកកាន់កម្ពុជារបស់លោក និងគណៈប្រតិភូនា ពេលនេះគឺដើម្បីមកសិក្សាស្វែងយល់ និងរៀនសូត្រពីគណៈកម្មការនីតិកម្ម និងយុត្តិធម៌រដ្ឋ សភាកម្ពុជាអំពីកិច្ចការច្បាប់។ ជាមួយគ្នានេះឯកឧត្តមបានសម្តែងនូវការកោតសរសើរចំពោះ ដំណើរការរដ្ឋសភាកម្ពុជា និងបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីរវាងព្រះ រាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅលើគ្រប់វិស័យ ហើយដែលទំនាក់ទំនងនេះបានរីកធំធាត់ជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ដែលទំនាក់ទំនង រវាងកម្ពុជា ឡាវ មានជាយូរយាណាស់មកហើយ៕

ឃុំខ្លួនបុរសគ្រូទាយម្នាក់ ​ពីបទចាប់រំលោភពេលពឹងឲ្យជួយរៀបពិធីលើករាសី

កំពង់ចាម ៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នេះ មានការឃាត់ខ្លួនគ្រូទាយបោកប្រាស់ម្នាក់ដែល ធ្វើឡើងដោយកម្លាំងមន្ទីរយុត្តិធម៌ កងរាជ អាវុធហត្ថខេត្ត ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី សែម ឃាង ប្រធានមន្ទីរយុត្តិធម៌ ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅបន្ទប់ជួលរបស់ស្ត្រីរងគ្រោះ ថាមានករណីចាប់រំលោភសេពសន្ថវៈ។ ​ជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្ត រង់ចាំបន្តនីតិវិធីតាមផ្លូវតុលាការនាពេលខាងមុខ។

កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានចុះទៅដល់កន្លែងកើត ហេតុនៅម៉ោង ៩ និង៣០នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលនៅភូមិអំពិលលើ ឃុំអំពឹល ស្រុកកំពង់សៀម បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ជុំ ជឿន អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្បាលហុងចាស់ ឃុំល្វាលើ ស្រុកចំការលើ ដែលបន្លំធ្វើជាគ្រូទាយ និងលើករាសី ហើយបានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះ អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិ ឃុំខាងលើ (មិនបានសម្រេច ដោយជនរងគ្រោះបានស្រែកឲ្យគេជួយ)។

.កម្លាំងអាវុធហត្ថដកហូតបាន ស្រោមអនាម័យចំនួន២, ចានធូបទៀនយ័នចំនួនមួយសម្រាប់, ខោអាវជនសង្ស័យ០១កំផ្លេរ (ជនបង្កបានដោះចេញពីខ្លួន រួចហើយធ្វើសកម្មភាព) ស្រាបៀរចំនួន០២កំប៉ុង, ទូរស័ព្ទចំនួន០៣គ្រឿង, ម៉ូតូ១គ្រឿង ម៉ាកC125 ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ1AY-1987។

.កម្លាំងជំនាញបានបញ្ជូនជនសង្ស័យទៅតុលាការហើយ លោក សៅ សុភ័ក្រ ព្រះរាជអាជ្ញារង បានចោទពីបទប៉ុនប៉ងរំលោភសេពសន្ថវ: តាមមាត្រា២៧ និងមាត្រា២៣៩ ហើយលោក ស៊ុយ សុភា ចៅក្រមស៊ើបសួរបានចោទពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ និងចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ២៦៧ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។ បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅ ដាក់នៅពន្ធនាគារខេត្តកំពង់ចាម ៕ ដោយ ៖ សុផល

អាជ្ញាធរខេត្តកំពង់ចាមបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំចាស់ និងកំណត់ទិសដៅឆ្នាំ២០១៩

​ខេត្តកំពង់ចាម ៖ ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសំរាប់អនុវត្តឆ្នាំ ២០១៩ របស់រដ្ឋបាលខេត្តក្រោមធិបតីភាពលោក ខ្លួន ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលអភិបាលរង ក្រុង ស្រុក ប្រធានអនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត និងមេឃុំទាំងទូទាំងខេត្ត ព្រមទាំង រដ្ឋបាលប៉ុស្តិ៍ទូទាំងខេត្ត ប្រមាណ ៥៥០នាក់។ កម្មវិធីនេះបានប្រព្រឹត្តឡើងនៅព្រឹកថ្ងៃចន្ទ ទី ១១ ខែមីនា ឆ្នាំ២០១៩ ។

មានប្រសាសន៍បើកអង្គសន្និបាតនាឱកាសនោះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ការប្រារព្ធបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅ អនុវត្តបន្តឆ្នាំ២០១៩ របស់រដ្ឋបាលសាលាខេត្តកំពង់ចាម នាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវឲ្យឃើញពីស្នាដៃ លទ្ធផលការងារគ្រប់បណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្ត សម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការអនុវត្តកម្មវិធីនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ នៃអាណត្តិទី៦ ។

លោកបានបន្ថែមទៀតថា ដើមី្បអោយដំណើរការរបស់អង្គសន្និបាតមានភាពផុសផុល លោក បានបែងចែកអោយមានការពិភាក្សាជាក្រុម ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនព្រមទាំង ប្រកបដោយចក្ខុវិស័យ និងទទួលខុសត្រូវខ្ពស់ ហើយក៏ជាគន្លឹះក្នុងការអនុវត្តសិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាព រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការឈានរៀបចំនូវផែនការយុទ្ធសាស្ត្រថ្មី សម្រាប់អនុវត្តន៍ឲ្យបានជោគជ័យនាឆ្នាំខាងមុខ ។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អស់លោក លោកស្រី ជាសមាជិកអង្គសន្និបាតទាំងមូល ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា និងការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាដើម ៕ ដោយ ៖ សុផល

ឧកញ៉ា គិត ធាង ត្រូវបានឃាត់ខ្លួនសាកសួរករណីគ្រឿងញៀននៅក្លឹបកម្សាន្តរ៉ុក

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកម្សាន្ត រ៉ុក តាមដីការបស់តុលាការ ពីលំនៅដ្ឋានរបស់លោកនៅខណ្ឌទួលគោក ពាក់់ព័ន្ធករណីគ្រឿងញៀន។ ការចុះនាំខ្លួននេះ  ត្រូវគេមើលឃើញថា បានធ្វើឡើងយ៉ាងប្រញាប់ប្រញាល់ បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់បញ្ជាយ៉ាងម៉ឺងមាត់ ឲ្យសមត្ថកិច្ចវែកមុខមេខ្លោងនៅក្រោយករណីគ្រឿងញៀននៅក្លឹបកម្សាន្ត រ៉ុក។

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃនេះថា លោកឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកម្សាន្ត រ៉ុក ត្រូវបានកម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាននាំខ្លួននៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ តាមដីការបស់តុលាការរាជធានី ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធរឿងគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក»។ លោកថា ឥឡូវនេះ លោកឧកញ៉ា គិត ធាង កំពុងត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅឡើយ ហើយរឿងយ៉ាណាទៀតនោះ មិនទាន់បញ្ជាក់ប្រាប់បានក្នុងពេលនេះទេ។

​លោក ឧកញ៉ា គិត ធាង ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​ពី​ផ្ទះ​នៅ​ជិត​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស ស្ថិតក្នុង​សង្កាត់​បឹងកក់​ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ យកទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ បើតាមព័ត៌មានក្រៅផ្លូវការ បានឲ្យដឹងថា ស្អែកនេះ លោកឧកញ៉ា គិត ធាង នឹងត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការដើម្បីបន្តការសាកសួរតាមនីតិវិធី។

គួររំលឹកថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីជាង៣០០នាក់ ក្នុងការឆ្មក់ចូលឆែកឆេរទីតាំងមជ្ឈមណ្ឌលក្លឹបកម្សាន្តរ៉ុក ដែលមានទីតាំងស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពេលស៊ើបសួរមនុស្សទាំងជាង៣០០នាក់នោះរួចមក មានមនុស្សប្រមាណ១០នាក់ប៉ុណ្ណោះដែលត្រូវបានបញ្ជូនសមណុំរឿងទៅតុលការ ក្រៅពីនោះ ត្រូវបានចុះកិច្ចសន្យាអប់រំ និងបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

នៅក្រោយពីមានការបង្ក្រាបគ្រឿងញៀននៅក្នុងក្លឹបរ៉ុក នេះ បានពីរថ្ងៃ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់លោកឧកញ៉ា គិត ធាង ម្ចាស់អាជីវកម្មរ៉ុក អិធើធិនមេន សេនធឺ ស្តីពីការបិទអាជីវកម្មរ៉ុក ដោយអះអាងថា ម្ចាស់ក្លឹបកម្សាន្តរ៉ុក បានអនុវត្តន៍ផ្ទុយពីកិច្ចសន្យាជាមួយសាលារាជធានីភ្នំពេញ ហើយនៅរសៀលថ្ងសទី១១ ខែមីនា នេះ លោកឧកញ៉ា គិត ធាង ដែលជាម្ចាស់ក្លឹប ក៏ត្រូវបានសមត្ថកិច្ចឃាត់នាំខ្លួនទៅសាកសួរពាក់ព័ន្អនឹងករណីខាងលើតែម្តង៕

សម្តេចតជោ អះអាងថា ករណីរំលោភផ្លូវភេទមិនចាំបាច់ឲ្យមានទោសប្រហារជីវិតទេ

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងលុបចោលការ​ពិចារណាដែលថា គួរមានការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញឲ្យមានទោសប្រហារជីវិតឡើងវិញនោះ ជំនួសមកវិញដោយប្រកាន់យកវិធានពីរសំខាន់ គឺការអប់រំផ្សព្វផ្សាយ និងការដាក់ទោសទណ្ឌឲ្យបានធ្ងន់ធ្ងរ ចំពោះការរំលោភផ្លូវភេទ តែដាក់ទោសត្រឹមអស់មួយជីវិតវាគ្រប់គ្រាន់ហើយសម្រាប់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅព្រឹកថ្ងៃទី១១ មីនា នេះថា កម្ពុជា មិនចាំបាច់ត្រូវកែរដ្ឋធម្មនុញ្ញ ដើម្បីឲ្យមានទោសប្រហារជីវិតនោះទេ ព្រោះបើការប្រហារជីវិតដោយភាន់ច្រឡំណាមួយកើតឡើង នោះ គឺជាគ្រោះថ្នាក់មួយធំទៅវិញទេសម្រាប់ជនដែលគ្មានកំហុស។ សម្តេចតេជោ បញ្ជាក់ដូច្នោះនៅក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យា ល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួនជាង៣០០០នាក់។

ទាក់ទិននឹងបញ្ហានេះដែរ សម្តេចតេជោបានឯកភាពចំពោះការវិភាគរបស់លោក បណ្ឌិត សុខ ទូច លោក អ៊ូ វីរៈ និងលោកមេធាវី សុក សំអឿន ដែលថា វិសោធនកម្មរដ្ឋធម្មនុញ្ញឲ្យមានទោសប្រហារជីវិត នឹង ធ្វើឲ្យគ្រោះថ្នាក់ធំ បើសិនមានការប្រហារជីវិតខុស។ សម្រាប់កម្ពុជាស្ថានភាពមួយនេះ មិនស្របទៅនឹងបរិបទកម្ពុជា ដែលបានដើរមកដល់ដំណាក់កាលថ្មីនោះទេ។

សូមបញ្ជាក់ថា ក្នុងឱកាសអញ្ជើញចុះទៅជួបសំណេះសំណាល ជាមួយគ្រូៗ យុវនារី និងកុមារី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ដែលស្ថិតនៅ ភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យទី១០ ខែមីនា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានចាត់ទុកថា អ្នកប្រព្រឹត្តអំពើរំលោភបំពានផ្លូវភេទទាំងនេះ គឺជាមនុស្សតិរិច្ឆាន ដែលមិនត្រូវលើកលែងទោសអោយនោះឡើយ។ សម្តេចតេជោថែមទាំងពិចារណាធ្វើវិសោធនកម្មច្បាប់ អោយមានទោសប្រហារជិវិត ចំពោះជនល្មើសដែលរំលោភទៅលើកូន ចៅ ក្មួយ ជាសាច់ញាតិ ក្រុមគ្រួសារ។

គួររំឭកថា កម្ពុជាបានលុបចោលទោសប្រហារជីវិតតាំងពីជំនាន់អតីតរដ្ឋកម្ពុជា គឺនៅពេលដែលកម្ពុជាបានធ្វើការកែរដ្ឋធម្មនុញ្ញពីសាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅជារដ្ឋកម្ពុជា ដោយបានលុបចោលទោសប្រហារជីវិតតាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ន៕

ព្រៃទួលប្រាសាទបុរាណជិត៥ហិកតានៅស្រុកម៉ាឡៃ កំពុងរងការទន្ទ្រាន

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនតូចកាប់ឆ្ការព្រៃនៅលើទួលប្រាសាទ ក៏ដូចជាទួលនៅជុំវិញប្រាង្គប្រាសាទទំហំប្រហែលជិត ៥ហិកតា ត្រង់ចំណុច៦៧១ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ រួចមក ប្រធានការិយាល័យវិចិត្រសិល្បៈ និងវប្បធម៏ស្រុកម៉ាឡៃ មានសម្តែងនូវការសោកស្ដាយ និងអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ច ជួយចាត់វិធានការលើជនដែលកាប់ឆ្ការព្រៃទន្ទ្រានយកដីទួលប្រាសាទបុរាណជារបស់រដ្ឋធ្វើជារបស់ខ្លួន។

លោក ឆន សុខន ប្រធានការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុកម៉ាឡៃបានបញ្ជាក់ថា ចំពោះប្រាសាទបុរាណ គឺជាបិតិកភ័ណ្ឌជាតិរបស់យើង ដូច្នេះតួនាទីរបស់លោកត្រូវតែរក្សា និងគ្រប់គ្រងនៅចំណុចទួលប្រាសាទក្នុង ក៏ដូចជាទួលប្រាសាទក្នុងស្រុកម៉ាឡៃ ដើម្បីរក្សាទុកព្រោះជាកេរ្ត៏មរតវប្បធម៏ជាតិរបស់ខ្មែរយើង។

លោកសំណូមពរទៅដល់អាជ្ញាធរ និងសមត្ថកិច្ចដែលឈជើងក្នុងស្រុកម៉ាឡៃ សូមសហការជាមួយរួបលោកដើម្បីទប់ស្កាត់នូវការកាប់បំផ្លាញព្រៃទួលប្រាសាទនេះ ជាពិសេសយោងតាមចរាចរណ៏របស់រាជរដ្ឋភិបាល គឺនៅលើទួលប្រាសាទ មិនត្រូវឲ្យពលរដ្ឋណាម្នាក់កាប់ឆ្ការព្រៃបំភ្លិចបំផ្លាញននោះទេ។

លោកបន្តថា បើពុំមានការជួសជុលនោះទេ សូមរក្សាភាពដើម ជាពិសេសគឺមិនឲ្យបងប្អូនកាប់ឆ្កា ឬឈូសឆាយទេ ដោយវាអាចបាត់បង់នៅបិតិកភ័ណ្ឌទាំងអស់ ហើយម្យ៉ាងទៀតយើងជីកកកាយតទៅទៀត វាអាចមានវត្ថុបុរាណនៅក្នុងច្បាប់មិនអនុញ្ញាតឲ្យឈួសឆាយឬកកូកាយឡើយ៕

នាយករដ្ឋមន្ត្រី បញ្ជាឲ្យចាប់មេខ្លោងគ្រឿងញៀនៅក្លឹបកម្សាន្ត រ៉ុក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យសមត្ថកិច្ចបន្តស្រាវជ្រាវដើម្បីឈានទៅចាប់ខ្លួន និងកម្ទេចចោលទាំងស្រុងសកម្មភាពពួកជួញដូរគ្រឿងញៀន របស់មេខ្លោងនៅក្នុងក្លឹបកម្សាន្តរ៉ុក ។

ថ្លែងយ៉ាងដូច្នេះ ខណៈសម្តេចតេជោ បានថ្លែងបែបនេះ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

សម្តេចតេជោ ថ្លែងដូច្នេះថា « ខ្ញុំបានធ្វើដំណើរឆ្លងកាត់សាលានេះស្ទើររាល់ថ្ងៃ គឺវានៅក្បែរវិទ្យាល័យបឹងត្របែក តែមិននឹកស្មានថាមានអាក្លិបចង្រៃមួយនៅក្បែរនោះ ដែលទើបតែរកឃើញថ្មីៗ ហេតុអីបានជាវាក្លាយទៅជាកន្លែងបំផ្លាញក្តីសុខរបស់ប្រជាជនយើង ។ ខ្ញុំសូមសម្ដែងការរីករាយណាស់ដែលសមត្ថកិច្ចយើងបានបង្ក្រាបបានទាន់ពេលវេលា តែគួរតែត្រូវបានធ្វើមុននេះ ។ វានៅក្បែរនឹងសាលារៀន វាបែរជាមានកន្លែងគ្រឿងញៀនដ៏ធំមួយ ។

សង្ឃឹមថា ក្រសួងមហាផ្ទៃនឹងចាត់វិធានការលើបញ្ហានេះបន្តទៅទៀត បូកជាមួយនឹងដំណើរការក្តីរបស់តុលាការ ដែលត្រូវបន្តដាក់ទោសឲ្យធ្ងន់ធ្ងរ និងកុំឲ្យអំពើពាលាអាវាសែនេះ វិលត្រឡប់មកវិញ ហើយដាក់ទោសទណ្ឌធ្ងន់ធ្ងរ ស្វែងរកមេខ្លោងឲ្យឃើញ ថាតើអ្នកណានៅពីក្រោយនៃអំពើរត់ពន្ធគ្រឿងញៀន ជួញដូរគ្រឿងញៀននេះ ហើយត្រូវតែបំផ្លាញឲ្យដល់ឫសគល់អ្នកដែលពាក់ព័ន្ធនឹងសំណុំរឿងមួយនេះ……» ៕

ទីតាំងជល់មាន់ដែលធ្លាប់ធ្វើឲ្យមនុស្សស្លាប់ បើកឡើងវិញហើយ

ភ្នំពេញ ៖ ទីតាំងសង្វៀនជល់មាន់មួយកន្លែងដែលធ្លាប់ធ្វើឲ្យមនុស្សស្លាប់ ​ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បានបើកឲ្យលេងជាផ្លូវការវិញហើយ បន្ទាប់ពីបិទអសមួយរយៈខ្លី។

សូមរំលឹកថា កាលពីពេលថ្មីៗនេះ ទីតាំងសង្វៀនជល់មាន់មួយកន្លែងដែលធ្លាប់ធ្វើឲ្យមនុស្សស្លាប់ ខណៈសមត្ថកិច្ចផ្ទុះអាវុធពេលចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែងនៅខាងក្រោយផ្សារ កាណាស៊ីធី ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រហូតមានការផ្ទុះអាវុធដែលបង្កឲ្យ កម្មកររោងចក្រម្នាក់ស្លាប់បាត់បង់ជីវិត។តែពេលនេះប្រជាពលរដ្ឋបានផ្តល់ព័ត៌មាន ថា ពួកអ្នកដែរញៀនលេងល្បែងបញ្ជល់មាន់បានបើកទីតាំងលេងល្បែងយ៉ាងរលូននៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពដដែលបានបន្តថា ទីតាំសង្វៀនជល់មាន់ខាងលើនេះ បើកលេងយ៉ាងសប្បាយដោយមានការផ្នាល់ចាក់ក្នុងមួយគូៗរាប់លានរៀល អ្នកខ្លះចាញ់អស់លុយរហូតដាក់បញ្ចាំម៉ូតូ ឡាន ដែលអាចឈានទៅដល់កើតមានអំពើហិង្សាក្នុងគ្រួសារទៀតផង។

ប្រភពដដែលបានប្រាប់ថា ទីតាំងខាងលើនេះ មិនមានអ្នកបង្ក្រាបទេ ដោយសារម្ចាស់ទីតាំងបានបង់លុយដាក់ខែដល់លោក ឯម ភារី មេប៉ុស្តិ៍ស្ទឹងមានជ័យ៣ រួចរាល់ហើយ។

ប្រជាពលរដ្ឋដែររស់នៅក្បែទីតាំងខាងលើ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសន្តិសុខសង្គម ព្រោះថាមួយថ្ងៃៗមានមនុស្សចេញចូលប្លែកមុខរហូត ហើយពេលខ្លះមានសំលេងស្រែកកញ្ជៀវលាន់ឮខ្លាំងៗដែររំខានការរស់នៅរបស់ពួកគាត់ ដោយគ្មានញញើតពីការបង្ក្រាបសោះឡើយ។

លោក ឯម ភារី មេប៉ុស្តិ៍ស្ទឹងមានជ័យ៣ មិនអាចទាក់ទងសុំការពន្យល់ពីករណីទីតាំងសង្វៀនជល់មាន់ដែលធ្លាប់បង្កឲ្យមានមនុស្សស្លាប់កាលពីគ្រាមុន ស្រាប់តែឃើញបើកឡើងវិញនៅគ្រានេះ នោះទេ៕