ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អះអាងថា ការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) របស់សហភាពអឺរ៉ុប មិនមានអ្វីចម្លែកនោះទេ ព្រោះកម្ពុជា ក៏នឹងត្រូវប្រឈមមុខចំពោះការដកប្រព័ន្ធអនុគ្រោះនេះ នាពេលដ៏ខ្លីខាងមុខដែរ ដោយសារតែកម្ពុជា មានកំណើនសេដ្ឋកិច្ចសរុបប្រចាំឆ្នាំរបស់ខ្លួន។
ការថ្លែងរបស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងនៅបន្ទាប់ពីសហភាពអឺរ៉ុប បានអះអានៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ នេះថា សហភាពអឺរ៉ុបនឹងចាប់ផ្តើមអនុវត្តដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា តែថា នៅបើកទ្វារចំហសម្រាប់ការសន្ទនាទាក់ទងនឹងការបន្តគោលនយោបាយអនុគ្រោះពន្ធដល់កម្ពុជាក្នុងការនាំទំនិញទៅកាន់ទីផ្សារប្រទេសលោកសេរី ដោយរួចពន្ធ។
សហភាពអឺរ៉ុប ក៏បានអះអាងដែរថា ខ្លួនបានជូនដំណឹងទៅរាជរដ្ឋាភិបាលកម្ពុជា រួចរាល់ហើយ អំពីចំណាត់ការឈានទៅរកការលុបចោលប្រព័ន្ធអនុគ្រោះពន្ធឈ្មោះ «អ្វីៗទាំងអស់លើកលែងតែអាវុធ» ហៅកាត់ថា EBA ។ សហភាពអឺរ៉ុបគូសបញ្ជាក់ថា ចំណាត់ការនេះ គឺដោយសារតែ ពុំមានការកែប្រែស្ថានភាពវិបត្តិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ក្នុងរយៈកាលកន្លងមកនេះ។
គួរជម្រាបថា បើផ្អែកតាមបទបទបញ្ញត្តិរបស់សភា និងក្រុមប្រឹក្សាអឺរ៉ុប ក្រោយស្នងការអឺរ៉ុប ជូនដំណឹងទៅប្រទេសទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ EBA អំពីការអនុវត្តនីតិវិធីលុបចោលប្រព័ន្ធអនុគ្រោះពន្ធនេះ ស្នងការអឺរ៉ុបនឹងបន្តធ្វើការតាមដាន និងវាយតម្លៃស្ថានភាពក្នុងប្រទេសទទួលអត្ថប្រយោជន៍រយៈពេល ៦ខែទៀត ចាប់ពីពេលជូនដំណឹងនេះ។ ក្នុងរយៈពេល ៦ខែបន្ទាប់ពីចប់រយៈពេលខាងដើមនេះ ស្នងការអឺរ៉ុប នឹងធ្វើសេចក្ដីសម្រេចចិត្ត ថាតើគួរបញ្ឈប់នីតិវិធីលុបចោលប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះអាសន្ននេះ ឬ ធ្វើការលុបចោលប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះអាសន្ន នេះតែម្ដង។
ទោះជាយ៉ាងនេះក្តី លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនមានគម្រោងដើម្បីចរចាសុំឲ្យសហភាពអឺរ៉ុបស្ដារឡើងវិញនូវវិធានការរបស់ពួកគេនោះទេ ។លោក ផៃ ស៊ីផាន លើកឡើងថា កម្ពុជាអាចរស់បានដោយគ្មានការពឹងផ្អែកលើសេដ្ឋកិច្ចពីប្រទេសដទៃឡើយ។ លោក ថា «ចំពោះកម្ពុជាអាចរស់ខ្លួនឯងបានដែរតើ ដោយឈរលើកម្លាំងសេដ្ឋកិច្ច ដូច្នេះការប្រើប្រាស់ពាក្យថា ដាក់ទណ្ឌកម្ម ការប្រើប្រាស់ពាក្យថា ផលប៉ះពាល់ដល់កម្ពុជា អានេះជាភាសាម៉ាក់ងាយដល់កម្ពុជា ពីព្រោះកម្ពុជា ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។ ផលិតផល សម្រាប់លក់លើទីផ្សារទូទាំងពិភពលោក មិនមែនសម្រាប់តែទីផ្សារអឺរ៉ុបទេ»៕

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ សន កែវ អ្នកនាំពាក្យពន្ធនាគារនៃអគ្គនាយកដ្ឋានពន្ធនាគារបានប្រាប់អ្នកកាសែតថា បើគ្មានការប្រែប្រួលទេ អគារវិនិយោគដោយក្រុមហ៊ុនក្នុងស្រុកមួយ មានកម្ពស់ ៣ជាន់ដែលកំពុងសាងសង់ក្នុងបរិវេណពន្ធនាគារព្រៃ ស អាចនឹងបញ្ចប់នៅចុងឆ្នាំ២០១៨ នេះ។ លោកថា អគារថ្មីនេះ សម្រាប់ដាក់ជនជាប់ឃុំដែលមានលទ្ធភាពបង់ប្រាក់ គឺមិនសម្រាប់ដាក់អ្នកជាប់ឃុំទូទៅនោះទេ។
សារព័ត៌មានក្នុងស្រុកធ្លាប់បានរាយការណ៍ថា សំណង់អគារពន្ធនាគារនេះ វិនិយោគដោយក្រុមហ៊ុនឈ្មោះ គន្ធរីខុន ហូលឌីង លើផ្ទៃដីជាង ១ហិកតា មានទំហំទឹកប្រាក់ជាង៤លាន ដុល្លារអាមេរិក ដោយបានចាប់បើកការដ្ឋានសាងសង់កាលពី ខែឧសភា ឆ្នាំមុន។
លោកឧត្ដមសេនីយ៍ សន កែវ បានបញ្ជាក់ថា កន្លែងនេះ សម្រាប់ដាក់អ្នកជាប់ឃុំណាដែលមានលទ្ធភាពបង់លុយ ដើម្បីបានទៅស្នាក់នៅកន្លែងនោះ។ ប៉ុន្តែការគ្រប់គ្រង គឺតាមស្តង់ដារពន្ធនាគារតែមួយ អត់មានស្តង់ដារ២ទេ។
បើទោះជាមានការពន្យល់យ៉ាងនេះក្តី ក៏មជ្ឈដ្ឋានមួយចំនួនបានយល់ថា ហាក់ដូចជាមាន ទម្រង់មួយដែលបែងចែកវណ្ណៈអ្នកទោសដូចគ្នា ឬលើកទឹកចិត្តឲ្យអ្នកមានលុយហ៊ានប្រព្រឹត្តអ្វីៗ ដោយមិនឲ្យខ្លាចមានទោសទណ្ឌ ព្រោះបើទោះបីជាជាប់ឃុំ ក៏នៅក្នុងបន្ទប់ដែលពោរពេញដោយ ផាសុកភាពដែរ៕
(ពិធីក្រុងពាលីសង់អគារឃុំឃាំងទំនើបក្នុងពន្ធនាគារព្រៃសនាពេលកន្លងមក)
ភ្នំពេញ ៖ ដូចការគ្រោងទុក នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានបើកកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសត្រីភាគី ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង នៅកម្ពុជា សម្រាប់ឆ្នាំ២០១៩ ដែលលទ្ធផលថ្ងៃនេះ ភាគីនិយោជក សម្រេចដាក់ តួរលេខ ចំនួន១៧៧ដុល្លារអាមេរិក ភាគីសហជីពតំណាងកម្មករ និយោជិត ដាក់ចេញតួរលេខ ចំនួន១៨២ដុល្លារអាមេរិក។
ការបោះឆ្នោតជ្រើសរើសយកតួរលេខនេះ បានធ្វើឡើង ក្រោមវត្តមាន លោក ហេង សួរ អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការប្រឹក្សាការងារ ។ បើតាមកត់សម្គាល់ កិច្ចប្រជុំនោះ មានសភាពតានតឹង រវាង សហជីព និងនិយោជក លើតួរលេខប្រាក់ឈ្នួលអប្បបរមានេះ ដោយឈានដល់សម្រេចបោះឆ្នោតជ្រើសរើសយកតួរលេខមួយ សម្រាប់បញ្ជូនដល់ថ្នាក់លើ ដើម្បីប្រជុំសម្រេចនៅរសៀលថ្ងៃទី០៥ខែតុលា ស្អែកនេះ។
ទាក់ទិននិងតួរលេខថ្មីនេះ លោក ជួន មុំថុល តំណាងសហជីព បានលើកឡើងថា តួរលេខថ្មីនេះ អាចនិយាយបានថា សមល្មម ដែលគ្រប់ភាគីទទួលយក ដើម្បីដាក់ជូនថ្នាក់លើសម្រេចជាផ្លូវការ នៅថ្ងៃ ស្អែក ក្រោមវត្តមាន ឯកឧត្តម បណ្ឌិត អ៊ិត សំហេង ។
ចំណែកលោក កាំង ម៉ូនិកា តំណាងនិយោជន បានលើកឡើងថា ការពិភាក្សាលើបញ្ហាប្រាក់ឈ្នួល គ្រប់ភាគីបានសម្រមសម្រួលគ្នា ហើយបានឈានមកដល់ចំណុចមួយដែលអាចកំណត់នូវតួរលេខមួយតាមបច្ចេកទេស រហូតឈានមកដល់ការបោះឆ្នោត កំណត់តួរលេខរបស់ភាពគី សហជីព និង និយោជក សម្រាប់ដាក់បញ្ជូន ទៅរាជរដ្ឋាភិបាលពិនិត្យ និង សម្រេច។ យ៉ាងណាភាគីនិយោជក ក៏បានធ្វើសំណើរ មួយចំនួនទៅរាជរដ្ឋាភិបាលផងដែរ។
ជាលទ្ធផលបោះឆ្នោតរបស់ក្រុមការងារបច្ចេកទេសត្រីភាគី បានបង្ហាញថា តួរលេខចំនួន១៨២ដុល្លារ (ភាគីសហជីព) ទទួលបាន១១សំឡេង, តួរលេខចំនួន១៧៧ដុល្លារ (ភាគីនិយោជក) ទទួលបាន៣១សំឡេង និងសន្លឹកឆ្នោតមិនបានការមានចំនួន៥ សំឡេង៕
ភ្នំពេញ ៖ អង្គការ ជេម៉ាស់ របស់ប្រទេសជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមផ្តល់ជំនួយឥត សំណងចំនួនជិត ៤២ម៉ឺនដុល្លារអាមេរិក ដល់មជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា ស៊ីម៉ាក់ សម្រាប់គម្រោងលើកកម្ពស់ ការអភិវឌ្ឍសហគមន៍ រួមជាមួយនឹងការបោសសំអាតមីន នៅក្នុង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ពិធីចុះហត្ថេលេខាលើកិច្ចសន្យាជំនួយឥតសំណងរបស់អង្គការក្រៅរដ្ឋា ភិបាលជប៉ុននេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី០៤ តុលា នៅបញ្ជាការដ្ឋា នស៊ីម៉ាក់ ដោយមានលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ និងលោក សាកុ ណាហ្គាតូហ្ស៊ី ប្រធានតំណាងអង្គការ JMAS។ លោក ហេង រតនា បានបញ្ជាក់ថា នេះជាគម្រោងទី២ដែលស៊ីម៉ាក់ ទទួលបានពីជេម៉ាស់ ដោយគម្រោងនេះនឹងចាប់ផ្តើមពីពេលនេះរហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ខាងមុខ គ្រោងរំដោះផ្ទៃដីដែលមានមីនប្រមាណ ៣០០ហិកតា ជាមួយនឹងការអភិវឌ្ឍផ្លូវមួយចំនួនទៀតនៅតំបន់នោះ។
លោក សាកុ ណាហ្គាតូហ្ស៊ី ប្រធានតំណាងអង្គការ JMAS បានបញ្ជាក់ថា សម្រាប់គោលដៅនៃគម្រោង JMAS គឺផ្តោតទៅលើការបោសសំអាតមីន និង កាកសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតាមបណ្តោយព្រំដែនថៃ ដែលជាតំបន់ស្មុកស្មាញ និងស្ថិតនៅក្នុងកម្រិតគំរាមកំហែងខ្ពស់ ដូច្នោះការបណ្តុះបណ្តាល កងអនុសេនាតូចរបស់ស៊ីម៉ាក់នូវបច្ចេកទេសចម្រុះក្នុងការបោសសំអាតមីនជាការចាំបាច់ ហើយត្រូវពន្លឿនការបោសសំអាត និងការប្រមូលយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ធ្វើឲ្យតំបន់នោះមានសុវត្ថិភាព។ លោកអះអាងថា ជេម៉ាស់ នឹងនៅតែបន្តផ្តល់ជំនួយ និងជួយគាំទ្រដល់ស៊ីម៉ាក់ ដល់កិច្ចដំណើរការរំដោះផ្ទៃដីដែលមានមីននៅកម្ពុជាផងដែរ៕
បាត់ដំបង ៖ ឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ពលករខ្មែរធ្វើការនៅថៃ បានវិលត្រឡប់មកស្រុក កំណើតតិចជាងកាលពីចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិដូង និងតាមច្រកផ្សេងៗនៅក្នុង ខេត្ត បាត់ដំបង។
លោក លាក់ រមនា អនុប្រធានប៉ុស្តិ៍ច្រកទ្វារអន្តរជាតិដូង បានឲ្យដឹងថា ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌឆ្នាំ២០១៨ នេះ មានប្រជាពលរដ្ឋខ្មែរឆ្លងកាត់ ច្រកទ្វារអន្តរជាតិដូង ក្នុងមួយថ្ងៃៗជាមធ្យម ប្រហែល ៣ពាន់ ទៅ ៤ពាន់នាក់។ លោកថា កាលពីជិតបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៨ មានពលករ ខ្មែរប្រមាណ ៥ពាន់ទៅ ៦ពាន់នាក់ ក្នុង១ថ្ងៃ បានចេញមកលេងស្រុកកំណើត។
ការធ្លាក់ចុះនេះ ដោយសារបញ្ហាមួយចំនួន មានទាំងបញ្ហារបស់ពលករផ្ទាល់ខ្លួនឯង និង បញ្ហារបស់អាជ្ញាធរថៃ ក្នុងការជួយសម្រួលបែបបទឯកសារ ដល់ពលករខ្មែរពេលចេញមកប្រទេស កម្ពុជាវិញ។ ការចេញ ចូល របស់ពលរដ្ឋខ្មែរតាមច្រកនេះ មិនមានបញ្ហាអ្វីនោះទេ ដោយខាង អាជ្ញាធរបានជួយសម្រប សម្រួលជូនពួកគាត់បានយ៉ាងរលូន៕

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានប្រកាសប្រឡងជ្រើសរើសទាហានថ្មី ៦៨០នាក់ ដើម្បីបំពេញកន្លែងខ្វះខាតក្នុងបំណងពង្រឹងកិច្ចការពារបូរណភាពទឹកដីសន្តិភាព និងសេចក្តីសុខរបស់ពលរដ្ឋ។
យោងតាមសេចក្តីប្រកាសចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ ភួង ស៊ីផាន អនុរដ្ឋលេខាធិការក្រសួងការពារជាតិនៅថ្ងៃទី២៦ ខែកញ្ញា បានបញ្ជាក់ពីការសម្រេចជ្រើសរើសវគ្គនាយទាហានសកម្មជំនាន់ទី២៣ នាយទាហានទ័ពជើងគោកជំនាន់ទី១១ នាយទាហានបន្តវេនជំនាន់ទី១២ និងនាយទាហានជំនាញបច្ចេកទេសយោធាផ្សេងទៀត។
សូមជម្រាបថា ការជ្រើសរើសទាហានថ្មីតាមរយៈការប្រឡងនេះ នឹងបើកទទួលពាក្យសុំប្រឡងចាប់ពីថ្ងៃទី១៦ ខែតុលា ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៨ នៅសាកលវិទ្យាល័យការពារជាតិនិងនៅយោធភូមិភាគទី១ ទី២ ទី៣ ទី៤ និងទី៥៕

ភ្នំពេញ ៖ សេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំនេះ នឹងមានកំណើនដល់ ៧,៣ %។ ការព្យាករនេះ បានធ្វើឡើង ក្នុងឱកាសក្រុមបេសកកម្មមាត្រា IV របស់ IMF បានចូលជួបសំណេះសំណាលរាយការណ៍ជូន ឯ.ឧ. ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ស្តីពីការវាយតម្លៃស្ថានសេដ្ឋកិច្ចនៅឆ្នាំ ២០១៨ និងទស្សនវិស័យក្នុងរយៈពេលមធ្យម នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។
IMF បានព្យាករថា ជាមួយនឹងការកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះទុនបម្រុង អន្ដរ ជាតិ ត្រូវបានរំពឹងថា បន្ដកើនឡើងដល់៩,៦ប៊ីលានដុល្លារ នៅចុងឆ្នាំ២០១៨ ដែលធានាការទូទាត់ ការនាំចូលនាឆ្នាំបន្ទាប់ បានប្រមាណ៥ខែ។ ចំណែកវិស័យធនាគារ មានវឌ្ឍនភាពល្អប្រសើរដោយ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសុខភាពល្អ ហើយកំណើនឥណទានរបស់គ្រឹះស្ថាន ធនាគារ ត្រូវបានរំពឹងថា កើនឡើងប្រមាណ១៩% ហើយឥណទានដែលផ្ដល់ដោយ វិស័យមីក្រូ ហិរញ្ញវត្ថុ កើនឡើង ៣៤%៕

ភ្នំពេញ ៖ រយៈពេល ២ថ្ងៃដំបូងនៃការចុះឈ្មោះបោះឆ្នោត គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ មានចំនួនអ្នកចុះ ឈ្មោះបោះឆ្នោតថ្មី ១០.២៦១នាក់ ដែលស្មើនឹងជាង ២% នៃចំនួនប្រជាពលរដ្ឋត្រូវចុះឈ្មោះថ្មីក្នុង ឆ្នាំនេះ។
លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប. បានស្នើឲ្យប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត រួសរាន់ទៅចុះឈ្មោះនៅតាមឃុំ សង្កាត់របស់ខ្លួន ព្រោះនៅសល់ពេលតែ ១៥ថ្ងៃទៀតទេ។
សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ បានចាប់ផ្ដើមកាលពីថ្ងៃទី១ ខែតុលា និងបញ្ចប់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ខាងមុខ។ តាមផែនការ ចំនួនប្រជាពលរដ្ឋ ដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី គឺមានជិត ៤៩ម៉ឺននាក់ ខណៈចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ គឺមានជាង ៨,៣លាននាក់៕

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានធ្វើការបញ្ជាក់ជាថ្មីតាមសេចក្តីជូនដំណឹងចុះថ្ងៃទី៣ ខែតុលា នេះ ថា ក្រសួងមិនបានកំណត់ថ្លៃលក់ប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងមានភារកិច្ចស្រង់តម្លៃឡើងចុះ នៃ ប្រេងឥន្ធនៈទៅតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសអន្តរក្រសួង ស្ដីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាតែប៉ុណ្ណោះ។
សេចក្តីជូនដំណឹង ក៏បានបញ្ជាក់ផងដែរថា តម្លៃប្រេងឥន្ធនៈ តម្លៃលើទីផ្សារអន្តរជាតិ បាន កើនឡើងទៅតាមបរិបទនយោបាយពិភពលោក ជាពិសេសការប្រឈមមុខរវាងប្រទេសលោកខាង លិច និងប្រទេសផលិតប្រេងធំៗ។ ប្រកាសនេះ បានជះឥទ្ធិពលដល់តម្លៃប្រេងឥន្ធនៈលក់រាយនៅ កម្ពុជា ដោយសារតែកម្ពុជា ក៏ជាប្រទេសនាំចូលប្រេងឥន្ធនៈពីទីផ្សារអន្តរជាតិ ដូចប្រទេសមួយ ចំនួនលើពិភពលោកដែរ៕
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ២១៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់ សម្រាប់សាធារណជនទាំងអស់ ដើម្បីសម្រួលដល់ការចំណាយក្នុងការធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្តមករាជធានីភ្នំពេញវិញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ នេះបើយោងតាមសេចក្ដីជូនដំណឹង ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨។
រថយន្តទាំង២១៥គ្រឿង ត្រូវបានបែងចែកជាពីផ្នែក គឺនៅភ្នំពេញ បានដាក់រថយន្តចំនួន ៩៥ គ្រឿង សម្រាប់ដំណើរការដូចធម្មតារយៈពេល៣ថ្ងៃ ពីថ្ងៃទី៨ ដល់ទី១០ ខែតុលា ឆ្នាំ២០១៨ និង ចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជួនប្រជាពលរដ្ឋទាំងអស់ ពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្តមករាជធានីភ្នំពេញវិញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ ១១ ខែតុលា ឆ្នាំ២០១៨ ដោយចេញដំណើរចាប់ពីម៉ោង ៥:៣០ នាទីព្រឹក៕
ភ្នំពេញ ៖ ក្លឹបអ្នកកាសែតកម្ពុជា បានជូនដំណឹងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ថា ក្លឹបអ្នកកាសែតកម្ពុជា ( ក.អ.ក ) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ( EUROCHAM ) នឹងរៀបចំបើកវេទិកាអ្នកសារព័ត៌មានមួយ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ នេះ នៅសណ្ឋាគារ សាន់វេ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមប្រធានបទ «ជំនួញ និងកិច្ចអភិវឌ្ឍន៍»។
លិខិតជូនដំណឹងដដែលបញ្ជាក់ថា ការរៀបចំវេទិកាអ្នកសារព័ត៌មានខាងលើនេះ ក្នុងគោលបំណងជួយដល់អ្នកសាព័ត៌មានបានស្វែងយល់ដឹងអំពីសកម្មភាព រួមទាំងអត្ថប្រយោជន៍សំខាន់ៗ នៃវិនិយោគិនមកពីប្រទេសជាសមាជិកសភាអឺរ៉ុប ដែលបានបោះទុនវិនិយោគនៅកម្ពុជា។
តាមរយៈវេទិកានេះដែរ អ្នកសាព័ត៌មាននឹងបានស្វែងយល់ដឹងថា តើមានវិនិយោគិនមកពីប្រទេសជាសមាជឹក សភាអឺរ៉ុប ចំនួនប៉ុន្មានដែលបោះទុន វិនិយោគនៅកម្ពុជា តើកម្ពុជាបានទទួលផលប្រយោជន៍សេដ្ធកិច្ច និងសង្គមអ្វីខ្លះ ពីប្រតិបត្តិការនៃក្រុមហ៊ុនអឺរ៉ុបទាំងនោះ?។
សូមបញ្ជាក់ថានៅក្នុងវេទិកាអ្នកសាព័ត៌មាននេះ ក៏មានការអញ្ជើញចូលរួមពី លោក George EDGAR ឯកអគ្គរដ្ឋទូត សហភាពអ៊ឺរ៉ុប ប្រចាំកម្ពុជា និងលោក Arnaud DARC ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជា រួមនិងអ្នកសារព័ត៌មានមួយចំនួនទៀតផងដែរ៕

ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្រា បានឲ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ សំរាមនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងប្រមាណ ១០% ក្នុងមួយឆ្នាំ ដោយសារកំណើនប្រជាជន ការផ្លាស់ប្តូររបៀបនៃការរស់នៅ និងការវេចខ្ចប់ទំនិញប្រើប្រាស់ប្រចាំថ្ងៃ ហើយការយល់ដឹងពីការញែកសំរាមតាមប្រភេទសំរាមស្របតាមគោលការណ៍បច្ចេកទេសនៅមានកម្រិតនៅឡើយ។
លោកថា តាមការប៉ាន់ប្រមាណ នៅទូទាំងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៧ កន្លងទៅ បរិមាណសំរាម សំណល់រឹងទីប្រជុំជន ដែលបានបង្កើតគឺប្រហែលជាង ៣លាន ៦សែន ៥ម៉ឺនតោន ឬប្រមាណជាង១ម៉ឺនតោនក្នុងមួយថ្ងៃ ដែលនៅក្នុងនោះ នៅរាជធានីភ្នំពេញមានប្រមាណជិត ៣ពាន់តោនក្នុងមួយថ្ងៃ នៅក្រុងសៀមរាម សំរាមដែលត្រូវបានបង្កើតឡើ ងមាន ប្រមាណជិត ៣៥០ទៅ៤០០ តោននៅក្នុងមួយថ្ងៃ និងនៅក្រុងព្រះសីហនុ មានប្រមាណពី ៦០០ ទៅ ៦៥០ តោន នៅក្នុងមួយថ្ងៃ៕

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងដល់សាធារណជន ដែលរស់នៅ និងធ្វើ ដំណើរតាមបណ្តាយផ្លូវ ដួងងៀប ចាប់ពីផ្លូវលេខ២០០៤ ដល់ផ្លូវចោមចៅ(វេងស្រេង) ត្រូវផ្អាកធ្វើចរាចរណ៍លើផ្លូវនេះ រយៈពេល១ខែ ចាប់ពីពេលនេះតទៅ ដើម្បីរៀបចំដាក់ប្រព័ន្ធលូសម្រាប់រំដោះទឹកភ្លៀងក្នុងរដូវវស្សាកំឲ្យជន់លិច។
គួរបញ្ជាក់ថា សាលារាជធានីភ្នំពេញ នឹងដាក់លូប្រអប់មេ កាត់ទទឹងលើផ្លូវ ដួងងៀប ទំហំមុខកាត់២,៥ម៉ែត្រ x ២,៥ម៉ែត្រ ចំនួន៣ជួរ ដោយភ្ជាប់ជាមួយប្រឡាយបារាំង ដើម្បីរំដោះទឹកចេញ ពីតំបន់ខាងកើត និងត្បូង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពិសេសតំបន់ សឡា ផ្លូវ២០០៤។
អាជ្ញាធរ ក៏បានអំពាវនាវដល់អ្នកដំណើរលើផ្លូវនេះ ត្រូវធ្វើចរាចរណ៍វាងទៅតាមផ្លូវផ្សេង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងជួបបញ្ហាផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជា ការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានផ្តល់ប្រាក់លើកទឹកចិត្តចំនួន ៥ម៉ឺនដុល្លារ ដល់កងកម្លាំងនគរបាលដែលបានបង្ក្រាបក្រុមប្រដាប់អាវុធអនាធិបតេយ្យ កាលពីចុងខែកញ្ញា កន្លង ទៅនេះ។
គូរបញ្ជាក់ថា ប្រតិបត្តិការនោះ ឃាត់ខ្លួនមនុស្ស៩នាក់ រឹបអូសអាវុធវែងប្រភេទAK ចំនួន ៣០ដើម, អាវុធខ្លី១ដើម, និងឧបករណ៍សម្ភារៈ រួមទាំងធាតុផ្សំគ្រឿងផ្ទុះមួយចំនួនទៀត ។ ជនទាំង៩ នាក់នេះ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នៅទីកន្លែងផ្សេងពីគ្នា គឺនៅរាជធានីភ្នំពេញ ខេត្តកំពត ខេត្តពោធិ៍សាត់ និងខេត្តព្រះវិហារ។
តាមរបាយការណ៍របស់ប៉ូលិស បញ្ជាក់ថា ក្រុមនេះ ស្ថិតនៅក្នុង«ចលនាក្បាលខ្លា » មានសម្ព័ន្ធភាពជាមួយ «ចលនារណសិរ្យរំដោះជាតិ»របស់លោក សម សេរី នៅក្រៅប្រទេស៕
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍