ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានប្រកាសឈប់ឆ្លងឆ្លើយសម្តី ជាមួយលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ នៅក្រៅប្រទេស ដោយសម្តេចយល់ឃើញថា ការតបត នាពេលកន្លង មក ហាក់ផ្តល់តម្លៃដល់លោក សម រង្ស៊ី។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះ នៅឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៨។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា លោក សម រង្ស៊ី កន្លងមក តែងតែព្យាយាមបង្ហោះសារក្នុង Facebook និងប្រើប្រាស់គ្រប់វិធីទាំងអស់ ដើម្បីឲ្យលោកតបត ខណៈដែលលោកដឹងច្បាស់ថា លោក សម រង្ស៊ី លែងជាមនុស្សដែលគេយកចិត្តទុកដាក់ ដូច្នេះមានតែរកវិធីឆ្កិះសម្តេចឲ្យនិយាយជេរ ត្រឡប់ទៅវិញ ប៉ុណ្ណោះ៕
ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដោយសង្ឃឹមថា ភ្ញៀវទេសចរបរទេសអាចកើនឡើងដល់ ៦លាននាក់ ហើយក្នុងជំនួបជាមួយក្រុមហ៊ុនបារាំង ដែលកំពុងគ្រប់គ្រងព្រលានយន្ត ហោះ អន្តរជាតិភ្នំពេញ បានបង្ហាញពីការនឹកស្មានមិនដល់ ចំពោះកំណើនភ្ញៀវទេសចរមកកម្ពុជា យ៉ាងច្រើនបែបនេះ និងបានគាំទ្រដល់ការបង្កើតព្រលានយន្តហោះថ្មី នៅភ្នំពេញ និងខេត្តសៀមរាប របស់រាជរដ្ឋាភិបាលផងដែរ។
តាមរបាយការណ៍ប្រចាំឆ្នាំ២០១៧ របស់ក្រសួងទេសចរណ៍ បង្ហាញថា ទេសចរអន្តរជាតិសរុបមានចំនួនជាង ៥,៦លាននាក់ បានមកទស្សនាកម្ពុជា កើនឡើង ១១,៨ភាគរយ បើធៀបនឹង ឆ្នាំ ២០១៦។ ក្នុងនោះ ទេសចរចិន ឈរនៅលំដាប់ឈានមុខគេមានរហូតដល់ជាង ១,២ លាននាក់ កើនឡើង ៤៥,៩ ភាគរយធៀបនឹងឆ្នាំ២០១៦ ដែលមានតែជាង ៨៣ ម៉ឺននាក់ប៉ុណ្ណោះ។ បន្ទាប់ ទៀត ទេសចរវៀតណាម ជាង ៨៣ម៉ឺននាក់ ចំណែកទេសចរមកពីប្រទេសឡាវ មានជាង ៥០ម៉ឺននាក់៕
ភ្នំពេញ ៖ តាមរយៈចំណារមួយនាពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាព តាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធរៀបចំកិច្ចប្រជុំដោះស្រាយ ចំពោះបញ្ហាតឹងណែនចង្អៀត នៅ ក្នុងពន្ធនាគារ បន្ទាប់ពីចំនួនទណ្ឌិត នៅទូទាំងប្រទេស មានកំណើនកាន់តែច្រើនឡើង។
តាមសំណើរបស់សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ដែល ជម្រាបជូនសម្តេចតេជោ បានង្ហាញថា៖មកទល់ពេលនេះ ស្ថានភាពក្នុងពន្ធនាគារ មានភាពចង្អៀត ណែន ស្ទើរគ្រប់ពន្ធនាគារទូទាំងប្រទេស ជាក់ស្តែងគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ជនជាប់ឃុំសរុប ៣១.០០៨នាក់ ក្នុងនោះ ជនដែលស្ថិតនៅក្នុងនីតិវិធីតុលាការ មានរហូតដល់២២.២៩៥នាក់ ហើយលើសពីនេះ ជនជាប់ឃុំមួយចំនួន ពុំទាន់មានសាលក្រម ឬសាលដីកាស្ថាពរទេ ទោះបីតុលាការបានជំនុំជម្រះចប់សព្វគ្រប់ហើយក្តី៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការ នៅ សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យ នេប៉ាល់ ចាប់ពីថ្ងៃទី២៩ ដល់ទី៣០ ខែវិច្ឆិកា និងកិច្ចប្រជុំ កំពូលអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០១៨ នៅទីក្រុង កដ្ឋមណ្ឌូ ប្រទេសនេប៉ាល់ ពីថ្ងៃ ទី៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ តបតាមការអញ្ជើញ របស់លោក នាយករដ្ឋមន្ត្រី នេប៉ាល់។
ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០១៨ នៅ នេប៉ាល់ សម្តេចតេជោ នឹង អញ្ជើញថ្លែងសុន្ទរកថា ស្របតាមមូលបទនៃ កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក២០១៨-នេប៉ាល់ “ការ ដោះស្រាយបញ្ហាប្រឈមសំខាន់ៗ នៃយុគសម័យរបស់យើងៈ ការពឹងអាស្រ័យគ្នា វិបុលភាពទៅ វិញទៅមក និងតម្លៃជាសាកល” ។
ឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នឹងជួបសម្តែងការគួរសមជាមួយ លោក ស្រី ប៊ីធយ៉ា ដេវី បានដាវី ប្រធានាធិបតីនេប៉ាល់ និងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើ ឯកសារនៃកិច្ច សហប្រតិបត្តិការទ្វេភាគីមួយចំនួនផងដែរ៕
ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសបានកើតឡើងចំនួន១១លើក បណ្តាលឲ្យស្លាប់ ៦នាក់ របួសធ្ងន់ស្រាល ២២នាក់ (ស្រី៩នាក់)។
តាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បង្កឲ្យខូចខាតយានយន្តសរុប ២១ គ្រឿង ក្នុងនោះមានម៉ូតូ ១២គ្រឿង រថយន្តតូច ៤គ្រឿង រថយន្តធំ ៤គ្រឿង យានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីល្បឿន៤លើក , បើក បរប្រជែង, មិនប្រកាន់ស្តាំ និងបើកបរក្នុងស្ថានភាពស្រវឹង។
សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល២៧ថ្ងៃ គិតត្រឹមថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៨ កើតឡើងចំនួន ២៦៣ លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១៣១នាក់ របួសសរុប ៤០៨នាក់ ក្នុនោះរបួសធ្ងន់ ២៤៤នាក់ របួសស្រាល ១៦៤នាក់៕
ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១៧,៩១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១២ នៅក្នុងខេត្តកណ្តាល។ ពិធីសំណេះសំណាលនេះ បានរៀបចំនៅភូមិ ក្រាំង ស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមចុះជួបសំណេះសំណាល ដោយផ្ទាល់ជាមួយ កម្មករ កម្មការិនី តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ។ រយៈពេលជាងមួយឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបជាមួយកម្មករ កម្មការិនី ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម សរុប ចំនួន ៥៩លើក មានអ្នកចូលរួមសរុប ៨៤១.៩៤៦នាក់។ សម្រាប់ខេត្តកណ្តាលវិញ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលចំនួន៨លើករួចមកហើយ គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ៕
ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានឲ្យដឹងកាលពីម្សិលមិញថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំកិច្ចពិភាក្សាមួយជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីជជែកពិភាក្សាអំពីការធ្វើវិសោនកម្មច្បាប់ស្តីពីព្រៃឈើ ដើម្បីការពារធនធានធម្មជាតិព្រៃឈើ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។
ការគ្រោងជួបគ្នារវាងរដ្ឋមន្ត្រីទាំង ៣ក្រសួងនេះ គឺបន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង បានដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ស្ដីពីលទ្ធផលនៃការសិក្សាស្រាវជ្រាវធ្វើវិសោធនកម្មច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងច្បាប់ស្ដីពីជលផល កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងមហាផ្ទៃ។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា «ច្បាប់ស្តីពីព្រៃឈើ ច្បាប់ធនធានធម្មជាតិ និងច្បាប់ស្ដីពីជលផល បានធ្វើយូរហើយ គឺពីរបីឆ្នាំហើយ ដែលតួនាទីសម្តេចក្រឡាហោម ស ខេង ត្រូវបានប្រគល់ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលដែលសម្តេចតេជោធ្វើជាអធិបតីក្នុងទិវាមច្ឆជាតិ នៅខេត្តស្វាយរៀងកាលពីឆ្នាំ២០១១ ដោយប្រគល់ជូនសម្តេច ស ខេង ក្នុងនាមជាប្រធានគណៈកម្មាការជាតិសម្រាប់អនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីដឹកនាំការកែច្បាប់ហ្នឹង។ តែដោយសារវាមានភាពសាំញាំ យើងបានសិក្សាជាបន្តបន្ទាប់មក»៕

»
ភ្នំពេញ ៖ លោក សុង សារ៉ន ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ដែលជាសហព័ន្ធទើប ចាប់ កំណើត ថ្មីនៅកម្ពុជា នាដើមខែវិច្ឆិកា នេះ បានអះអាងថា ការកកើតសហព័ន្ធម្រេចនេះ មិនត្រឹមតែ ផ្ដល់ប្រយោជន៍ដល់ប្រជាកសិករប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជួយដល់បង្កើតទីផ្សារម្រេចទៀតផង។
លោកបញ្ជាក់ថា សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា នឹងជំរុញមិនឲ្យផលិតផលម្រេចកម្ពុជា ពឹង ផ្អែកទាំងស្រុងលើទីផ្សារវៀតណាមទៀតឡើយ ព្រោះមានជម្រើសទីផ្សារមានច្រើនដូចជា សហ គមន៍អឺរ៉ុប ឌូបៃ អារ៉ាប់ និងទីផ្សារសហរដ្ឋអាមេរិកជាដើម។
ទីផ្សារទាំងនេះ មានតួនាទីសំខាន់ ណាស់ ក្នុងចលនាទទួលទានម្រេចលើពិភពលោក ដោយក្ដោបបានជាង ៨០ភាគរយ លើទីផ្សារ សរុបនៃការនាំចេញម្រេចពីកម្ពុជា។ យា់ងណាក៏ដោយ លោកបានលើកឡើងថា ទីផ្សារដែលកំពុង លេចធ្លោរមួយទៀតនោះ គឺទីផ្សាររបស់ប្រទេសចិន ហើយជាទីផ្សារថ្មី ដែលកំពុងកើនឡើងខ្លាំង៕

ភ្នំពេញ ៖ ការនាំចេញជ័រកៅស៊ូរបស់កម្ពុជា គិតត្រឹមរយៈពេល១០ខែ ក្នុងឆ្នាំ២០១៨ នេះ បានជាង ១៦ម៉ឺនតោន ទទួលបានចំណូលចំនួន ២១៨លានដុល្លារ។ ចំនួននេះកើនឡើង ២៣% បើធៀបនឹងរយៈ ពេលដូចគ្នានៅឆ្នាំ២០១៧។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា នេះ។
កន្លងមក កៅស៊ូរបស់កម្ពុជាបាននាំចេញស្ទើរទាំងស្រុងទៅកាន់ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន និងកូរ៉េខាងត្បូង ហើយក្នុងរយៈពេល១០ខែនេះ តម្លៃកៅស៊ូបានធ្លាក់ចុះ ក្នុងកម្រិត ១.៣៥៥ដុល្លារអាមេរិក ក្នុង១តោន គឺធ្លាក់ចុះប្រមាណ១៨%។
សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូ ចំនួនជិត ៤៣ម៉ឺនហិកតា លើផ្ទៃដីដែលចៀរជ័របានមាន២០ម៉ឺនហិកតា និងផ្ទៃដីស្ថិតក្នុងដំណាក់ការថែទាំ ជាង២២ម៉ឺនហិកតា៕
កោះកុង ៖ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី២៥ ខែវិច្ឆិកា នេះ បានបើកកិច្ចប្រជុំជាថ្មីម្តងទៀត ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី ៧ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៤ ដល់១៦ ខែវិច្ចិកា ឆ្នាំ២០១៨ ខាងមុខ។
សម្រាប់ការធ្វើដំណើរទៅមក ខេត្តកោះកុង-ខេត្តត្រាត ក្នុងឱកាសកម្ពុជារៀបចំពិធីបុណ្យសមុទ្រនៅខេត្តកោះកុង លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បាន ស្នើឱ្យក្រុមការងារខាងភាគីកម្ពុជា ទំនាក់ ទំនងជាមួយភាគីថៃ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ អាចបើកបររថយន្តពីកម្ពុជា ឆ្លងទៅខេត្តត្រាត ឬពីត្រាត មកកោះកុង ឱ្យមានភាពងាយស្រួលជាងថ្ងៃធម្មតា និងគួរស្នើសុំឱ្យមានការបើកអនុញ្ញាត ឆ្លងចេញចូល ២៤ម៉ោង ក្នុងរយៈពេលបុណ្យ៣ថ្ងៃ ដូចកាលបុណ្យសមុទ្រលើកមុនដែរ៕

សៀមរាប ៖ មន្ត្រីសមត្ថកិច្ចជំនាញខេត្តសៀមរាប បានចុះពិនិត្យម្ហូបអាហារ បន្លែ ត្រីសាច់ ចំនួន១៦មុខ ដោយ បានរកឃើញមានសារធាតុគីមី Formaline ហាមឃាត់មួយប្រភេទនៅក្នុង មឹកស្រស់ ប្រមាណជិត ៤គ.ក្រ ដែលបងប្អូន អាជីវករដាក់លក់នៅក្នុងផ្សារដើមក្រឡាញ់ ឃុំគោកចក នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
មន្ដ្រីកាំកុងត្រូលបានធ្វើការវិភាគបឋមដោយប្រើតេស្ដឃីត ទៅលើម្ហូបអាហារចំនួន១៦ គំរូ ដូចជា៖ សណ្តែកបណ្តុះ សរសៃមីលឿង មីលឿងសំប៉ែត លត គុយទាវសរសៃ (ធំ-តូច) គុយទាវ (ភ្នំពេញ, បាត់ដំបង) ប្រហិតសាច់គោ ជ្រក់ស្ពៃ ខ្ញីហាន់ មឹក ៣គំរូ បង្គា ២គំរូ។
ចំពោះ មឹកស្រស់ចំនួន៣,៥គីឡូក្រាម ដែលមានផ្ទុកសារធាតុគីមីនេះ ត្រូវបានមន្ត្រីកាំកុងត្រូល ដក ហូតយកទៅកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារ ពិសេស សូមកុំផលិត ឬយកទំនិញគ្មានគុណភាព ឬមានសារធាតុគីមី ហាមឃាត់មកដាក់លក់បន្ត ទៀត៕


ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៣លើក បណ្តាលឲ្យស្លាប់ ៥នាក់ របួសធ្ងន់ស្រាល ២៣នាក់។
តាមរបាយការពីនាយកដ្ឋានចរាចរណ៍នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា ក្នុងករណីគ្រោះ ថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បង្កឲ្យមានការខូចខាតយានយន្តសរុប ២៤ គ្រឿង ក្នុងនោះមានម៉ូតូ ១២គ្រឿង រថយន្តតូច ៧គ្រឿង រថយន្តធំ ២គ្រឿង យានផ្សេងៗ៥គ្រឿង ហើយមូលហេតុនៃគ្រោះ ថ្នាក់នេះ គឺបណ្តាលមកពីល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ ជាដើម។
គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល ២៦ថ្ងៃ គិតត្រឹមថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០១៨ កើតឡើងចំនួន ២៥២លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១២៥នាក់ និងរបួសសរុប ៣៨៦នាក់ ក្នុងនោះរបួសធ្ងន់ ២២៩នាក់ របួសស្រាល ១៥៧នាក់៕
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍