All posts by មេគង្គ ប៉ុស្តិ៍

ថ្ងៃទី​១ ខែតុលា រកឃើញ​យានយន្ត​ល្មើសច្បាប់​ចំនួន ៤៤៣​គ្រឿង

​ភ្នំពេញ ៖ យុទ្ធនាការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ទូទាំងប្រទេស នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ នគរបាល ចរាចរណ៍ បាន​ត្រួតពិនិត្យ​យានយន្ដ​លើ​ចំនួន ២,៤០៦​គ្រឿង រកឃើញ​ល្មើសច្បាប់ ៤៤៣​គ្រឿង ក្នុងនោះ ម៉ូតូ​៥៦% អប់រំ​ម្ចាស់​ចំនួន ១៥០​គ្រឿង និង​ផាកពិន័យ ២៩៣​គ្រឿង​។​

​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ចំពោះ​ការត្រួតពិនិត្យ​មួកសុវត្ថិភាព និង​កញ្ចក់ នៅ​ថ្ងៃទី​១ ខែតុលា នេះដែរ ត្រួតពិនិត្យ​ជារួម​បាន​ចំនួន ២៨​គ្រឿង​, អប់រំ​ម្ចាស់​ចំនួន ១,៣២១​គ្រឿង និង​ផាកពិន័យ ចំនួន ២២៩​គ្រឿង​៕

នាយករដ្ឋមន្ត្រី​កម្ពុជា ថា «​ស្អប់​ចោរលួច​កាប់​ឈើ និង​បញ្ជា​ឲ្យ​បាញ់​ពីលើ​ឧទ្ធម្ភាគចក្រ​»

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​ខ្លាំងៗ​ថា «​ខ្ញុំ​ស្អប់​ខ្លាំងណាស់​ចំពោះ​ក្រុម​ចោរលួច​កាប់​ព្រៃឈើ​» ។ សម្តេច​ក៏បាន​ព្រមាន​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​ចាប់​ក្រុមចោរ​កាប់​ឈើ​ទាំងនោះ ហើយ​ជាថ្មី​ម្តងទៀត បាន​បញ្ជា​ឲ្យ​ឧទ្ធម្ភាគចក្រ​តាមដាន​ជន​ដែល​ចូល​លួច​កាប់​ព្រៃឈើ ហើយ​បាញ់​ពីលើ​ឧទ្ធម្ភាគចក្រ​តែម្តង​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​បែបនេះ ខណៈ​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង​នៅ​សហរដ្ឋអាមេរិក​នា​ថ្ងៃទី​៣០ ខែកញ្ញា គ្រា​ដែល​ស​ម្តេចទៅ​ចូលរួម​ប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ នាទី​ក្រុង​ញូវយ៉ក ចាប់តាំងពី ថ្ងៃ ទី​២៧ ដល់ទី​៣០ ខែកញ្ញា នេះ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា «​ខ្ញុំ​ទទួលស្គាល់​អាចោរ​លួច​កាប់​ព្រៃឈើ ខ្ញុំ​កំពុង​ឲ្យ​ឧទ្ធម្ភាគចក្រ​បាញ់​ពីលើ​ផង​ឥឡូវ​ហ្នឹង​។ ខ្ញុំ​ស្អប់​អាចោរ​លួច​កាប់​ឈើ ក៏ប៉ុន្តែ​ករណី​រាប់លាន​ហិកតា ដែល​ប្រជាពលរដ្ឋ​ទៅ​កាប់​ដើម្បី​ធ្វើស្រែ​ចម្ការ អាហ្នឹង​វា​ជាការ​បាត់បង់​ព្រៃឈើ​។ ដី​ហ្នឹង​អាណា​ជីក​យកទៅ​ណា វា​នៅ​ហ្នឹង រាប់ទាំង​ពួក​ប្រឆាំង​ផង​ហ្នឹង​»​។​

​ប៉ុន្តែ​អតីតមន្ត្រី​បក្សប្រឆាំង​លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​ថ្លែងថា វិធានការ​របស់​រដ្ឋា​ភិ​បាល​ពុំមាន​ប្រសិទ្ធភាព ដោយសារ​មន្ត្រី​មានអំណាច​មួយចំនួន​ការពារ​អ្នករកស៊ី​ឈើ​ធំៗ ហើយ​ចំណាត់ការ​ប៉ុន្មាន​ឆ្នាំមុន​ក៏​ដូចគ្នា​ដែរ ប្រើ​សុទ្ធតែ​កងកម្លាំងប្រដាប់អាវុធ​ទាំង​មន្ត្រី​កងរាជអាវុធហត្ថ និង​គណៈកម្មការ​ដើម្បី​ត្រួតពិនិត្យ និង​ចាត់វិធានការ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ពុំមាន​ការកាត់ទោស​អ្នករកស៊ី​ឈើ​ធំៗ​ណា​ម្នាក់​ឡើយ​៕

បង្ក្រាប​ការជួញដូរ​អាវុធ​នៅ​កម្ពុជា ចាប់​ខ្លូន​៨​នាក់ រឹបអូស​កាំភ្លើង ២៨​ដើម​

​ភ្នំពេញ ៖ មនុស្ស​ចំនួន​៨​នាក់ ត្រូវបាន​ប៉ូលិស​តាម​ចាប់ខ្លួន​នៅ​កន្លែង​ផ្សេងគ្នា​ជា​បន្តបន្ទាប់ និង​រឹបអូស​កាំភ្លើង​ប្រភេទ AK ស្វាយ​បត់​ចំនួន ២៨​ដើម ចំណែក​មេក្លោង​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​បន្តទៀត​។​

ប្រតិបត្តិការ​សម្ងាត់​នេះ ត្រូវបាន​អនុវត្ត​យូរ​មកហើយ ហើយ​ការបង្ក្រាប​ចុងក្រោយ​ចាប់តាំងពី​ថ្ងៃទី​២៨ ខែកញ្ញា មកនេះ ដោយ​ចាត់ទុកថា​ជា​ករណី​ជួញដូរ​អាវុធ​ខុសច្បាប់​ប្រឆាំង នឹង​រាជរដ្ឋាភិបាល កម្ពុជា​។ រីឯ​មេក្លោង និង​បក្ខពួក​មួយចំនួនទៀត សមត្ថកិច្ច​កំពុងតែ​ស្វែងរក​ចាប់ខ្លួន​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។

​នេះ​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ឃឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​នាយសេនាធិការ បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ នេះ​។​

​បើតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៨​នាក់ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ខេត្តកំពង់ស្ពឺ ខេត្តកំពត និង​ខេត្តពោធិ៍សាត់​។ អាវុធ​ដែល​ដកហូត គឺ​​ប្រភេទអាកា​ស្វាយ​បត់​ចំនួន ២៨​ដើម​។ ក្នុងនោះ ជនសង្ស័យ​បាន​កប់​លាក់ទុក​នៅក្នុង​ដី ស្ថិតនៅ​សង្កា​ត់ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ចំនួន​២៥​ដើម​, នៅ​ភូមិ​តេ​ជោ​ក្បាលដំរី ខេត្តកំពត រកឃើញ​កាំភ្លើង​ចំនួន​២​ដើម និង​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ រកឃើញ​កាំភ្លើង​ចំនួន​១​ដើម​៕

​អ្នក​លួច​ចូលទៅ​កាប់​ឈើ​ក្នុង​ដឺ​ថៃ ឆ្លើយ​ដាក់​មន្ត្រី​យោធា​ឈ្មោះ ប៉ុក សុផល

​ឧ​ត្ត​រ​មានជ័យ ៖ ពលករ​មួយ​នាក់​ក្នុងចំណោម​ខ្មែរ​មួយក្រុម ដែល​ចូលទៅ​ដី​ថៃ​ខុសច្បាប់​ត្រូវបាន​យោធា​ថៃ ស្ថិតនៅក្នុង​ស្រុក​កាប់​ជើង ខេត្ត​សុ​រិ​ន​ប្រ​ទេ​ថៃ ជាប់​ព្រំប្រទល់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ ចាប់ខ្លួន​ជាមួយ​វត្ថុតាង​ឈើ​ក្រញូង​មួយ​រទេះ​។ ករណីនេះ​កើតឡើង កាលពី​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ​២០១៨ កន្លងទៅ​។​

​ពលរដ្ឋ​ដែល​ត្រូវ​ថៃ​ចាប់ខ្លួនបាន មានឈ្មោះ រឿន សិលា ភេទ​ប្រុស​អាយុ ៣៥​ឆ្នាំ​រស់នៅ ភូមិ​អូ​ខ្លា​ឃុំ សង្កាត់​អូ​ស្មាច់ ក្រុង​សំរោង បាន​បង្ហើប​ថា ពួកគេ​មាន​មេខ្យល់​ចាំ​ប្រមូល​ទិញ​ឈើ ទើប​ចេះតែ​លួច​ចូលទៅ​កាប់​ម្យ៉ាង​មេខ្យល់​គេ​ជួយ​សម្រួល​ឲ្យ​ឆ្លងដែន​តាម​ច្រករបៀង​ព្រំដែន​ផង​។

បើទោះបីជាឈ្មោះ រឿន សិលា មិនបាន​និយាយ​ដល់​ឈ្មោះ​លោក ប៉ុក សុផល មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន៤០២ ក្តី ក៏​គេ​អាច​យល់បាន​ថា បើ​គ្មាន​ការឃុបឃិត​ពី​មេ​យោធា​ព្រំដែន​ទេ គឺ​គ្មាន​នរណាម្នាក់​អាច​ឆ្លងកាត់​ព្រំ​សិ​មា​បានឡើយ​។​

​សមត្ថកិច្ច​កម្ពុជា បានអោយដឹងថា នៅ​តំបន់​នេះ​មាន​ឈ្មួញ​ឈ្មោះ សាក់ និង​ឈ្មោះ ដុស ជា​មេ​ឈ្មួញ​ឧក្រិដ្ឋកម្ម​ឈើ​ឆ្លងដែន និង​កៀងគរ​ឲ្យ​ពលរដ្ឋ​ស៊ីឈ្នួល ឬ​អូសទាញ​ឲ្យ​លួច​ចូលទៅ​កាប់​ឈើ​ក្នុង​ទឹកដី​ថៃ ច្រើន​ឆ្នាំ​មកហើយ ចាប់ពី​បង្គោល​សិ​មា​លេខ​១៣ រហូត​នៅក្នុង​តំបន់​ទិស​ទី​៣ ទាំងមូល​តែម្ដង​។​

​ប្រភព​ដដែល​បន្តថា បទល្មើស​ព្រៃឈើ​ដែល​កើតឡើង​ជាច្រើន​ឆ្នាំ​មកនេះ គឺ​ដោយសារតែ​មានការ​ឃុបឃិត​គ្នា​ជាមួយ​កងកំលាំង​ឈរជើង​តាម​ព្រំដែន​ខាងលើ ជាពិសេស​នៅ​តំបន់​វរៈ​ការពារ​ព្រំដែន​៤០២ ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី ប៉ុក សុផល មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន ៤០២ របស់​យោធភូមិភាគ​ទី​៤​។​

​ជុំវិញ​ករណី​ខាងលើនេះ ភ្នាក់ងារ​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ មិនអាច​ស្វែងរក​សុំ​ការបំភ្លឺ​ពី​លោក​ឧត្ដមសេនីយ៍ត្រី ប៉ុក សុផល បាន​នៅ​ឡើ​ទេ​៕

លោក សម រង្ស៊ី ងាក​ទៅ​វាយប្រហារ​រឿង​ចំណីអាហារ​នៅ​កម្ពុជា​ផ្ទុក​ជាតិគីមី

​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​កាំកុងត្រូល​កម្ពុជា បាន​ច្រានចោល​ចំពោះ​ការលើកឡើង​របស់លោក សម រង្ស៊ី ដែល​ថ្លែង​តាម​ឃ្លី​ប​វីដេអូ មួយ​ថា ម្ហូបអាហារ និង​បន្លែបង្ការ​នៅក្នុង​ប្រទេស​កម្ពុជា មាន​ផ្ទុក​ទៅដោយ​សារធាតុ​គីមី ដែល​កំពុងតែ​បំផ្លាញ​បន្តិច​ម្តងៗ​ទៅដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​។​

​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៅ​ថ្ងៃទី ៣០ ខែកញ្ញា បា​ន្រ​កាស​ចាត់ទុក​ការលើកឡើង​របស់ លោក សម រង្ស៊ី ពី​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ គឺ​គ្រាន់តែ​ជាការ​កេងចំណេញ​ផ្នែក​នយោបាយ​ប៉ុណ្ណោះ បំពាន​ទាំងស្រុង​គ្មាន​ដឹង​ពី​ស្ថានភាព​ពិត និង​អ្វីដែល​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កម្ពុជា បាន និង​កំពុង​ធ្វើ ពិសេស​លើ​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ នេះឡើយ​។​

​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​អះអាងថា កម្ពុជា មាន​មន្ទីរពិសោធន៍​ម្ហូបអាហារ ដែលមាន​សមត្ថភាព​វិភាគ​រកឃើញ​សារធាតុ​គីមី មេរោគ​ចម្លង កត្ដា​គ្រោះថ្នាក់​ជា​រូបវន្ដ​ផ្សេងៗ​មិន​ចាញ់ ប្រទេស ជឿនលឿន​នៅលើ​ពិភពលោក​នោះឡើយ​៕

សំបុត្រ​ទស្សនា​ការប្រកួត​រវាង​កម្ពុជា និង​ទី​ម័​រ ចាប់ផ្ដើម​លក់​ព្រឹក​នេះ​

​ ភ្នំពេញ ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ នេះ បាន​ឲ្យ​ដឹងថា សំបុត្រ​ចូល​ទស្សនា​ការប្រកួតរ​វាង​ក្រុម​ជម្រើសជាតិ​កម្ពុជា ជាមួយ ទី​ម័​រ​ខាងកើត បានចាប់ផ្ដើម​លក់​ហើយ នៅ​ព្រឹក​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨ នេះ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង ៦​ល្ងាច ក្នុង ថ្ងៃ​ដដែល នៅ​បញ្ជរ​មុខ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​រាជធានី​ភ្នំពេញ ។

​ ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបញ្ជាក់​ពី​តម្លៃ​សំបុត្រ រួមមាន សំបុត្រ​សម្រាប់​កៅអី​ធម្មតា​ថ្លៃ ៥.០០០​រៀល និង​សម្រាប់​កៅអី​ពិសេស​មានតម្លៃ ១០.០០០​រៀល​។

​ ​សូមជម្រាបថា ការប្រកួត​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​បើកទ្វារ​ទទួលភ្ញៀវ ទី​ម័​រ​ខាង កើត នា​ថ្ងៃទី​១២ ខែតុលា នេះ មុន​ជួប​ក្រុម​ជម្រើស​របស់​សិង្ហ​បុរី នៅ​ថ្ងៃទី​១៦ ខែតុលា ក្នុងជំនួប​មិត្តភាព​ត្រៀម Suzuki Cup នាពេលខាងមុខ​៕

គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំ​ង្រ​ទេស​កាលពី​ម្សិលមិញ ស្លាប់​៧​នាក់ របួស​២៣​នាក់​

​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៨​លើក បណ្តាល​ឲ្យ​ស្លាប់ ៧​នាក់ របួសធ្ងន់​ស្រាល​ចំនួន ២៣​នាក់ ក្នុងនោះ​ស្រី​៨​នាក់ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​១៤​នាក់​។

​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្ហាញថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១០​គ្រឿង រថយន្ត​តូច ៣​គ្រឿង រថយន្ត​ធំ ៣​គ្រឿង​។​

​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ បាន​កើតឡើង​ចំនួន ២៥០​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៣១​នាក់ របួសធ្ងន់ ២៥១​នាក់ និង​របួសស្រាល ៨១​នាក់ ៕

រកឃើញ​យានយន្ត​ល្មើសច្បាប់​ទូទាំងប្រទេស​ថ្ងៃទី​៣០ ខែកញ្ញា ចំនួន​១.១១៩​គ្រឿង

​ភ្នំពេញ ៖ តាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា យុទ្ធនាការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ទូទាំងប្រទេស​ក្នុង​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ ២០១៨ នេះ កម្លាំង​នគរបាល​ចរាចរណ៍ បាន​ត្រួតពិនិត្យ​យានយន្ដ​ចំនួន ៤.០២៦​គ្រឿង រកឃើញ ល្មើស ច្បាប់ ១.១១៩​គ្រឿង ក្នុងនោះ​ម៉ូតូ​៩០% អប់រំ​១៤៩​គ្រឿង និង​ផាកពិន័យ ៩៧០​គ្រឿង​។​

​របាយការណ៍​បានបញ្ជាក់​ទៀតថា ចំពោះ​ការត្រួតពិនិត្យ​មួកសុវត្ថិភាព និង​កញ្ចក់ នៅ​ថ្ងៃ ទី ៣០ ខែ កញ្ញា​នេះ ត្រួតពិនិត្យ​រួម​បាន​ចំនួន ១.៦៨៩​គ្រឿង​, អប់រំ​ម្ចាស់​ចំនួន ១០៥​គ្រឿង និង​ផាក ពិន័យ ២៦៨​គ្រឿង​។

​ចំពោះ​លទ្ធផល នៃ​ការត្រួតពិនិត្យ​រយៈពេល​៣០​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣០ ខែកញ្ញា​នេះ ការត្រួតពិនិត្យ​យានយន្ត​បាន​ចំនួន ១០៤.៥៨០​គ្រឿង រកឃើញ​យានយន្ត​ល្មើស ២២.៨៣២ ក្នុងនោះ​ម៉ូតូ ៧៨% ធ្វើការ​អប់​ម្ចាស់​ចំនួន ៧.០៦៩ និង​ផាកពិន័យ ១៥.៧៦៣​គ្រឿង​៕

បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ នឹងមាន​ការ លើកលែង​ទោស​ទណ្ឌិត​ទ្រង់ទ្រាយ​ធំ

​ភ្នំពេញ ៖ មានប្រសាសន៍​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន ប្រកាស​ជាថ្មី​ថា រដ្ឋាភិបាល នឹង​ស្នើសុំ​ព្រះមហាក្សត្រ លើកលែងទោស​ទណ្ឌិត ជា​លក្ខណៈ​ទ្រង់ ទ្រាយ​ធំ នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នេះ​។​

​សម្តេច​តេ​ជោ បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក ។​សម្តេច​បញ្ជាក់ថា ឆ្នាំនេះ​ខ្ញុំ​ចង់​ឲ្យ​លើកលែងទោស​ដោយ​ទ្រង់ទ្រាយ​ធំ នៅពេល​ភ្ជុំបិណ្ឌ នៅពេល​បុណ្យ​ឯករាជ្យ និង​នៅពេល​ខួប​២០​ឆ្នាំ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​»​។

​ជាមួយនេះ សម្តេច​តេ​ជោ ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្រសួងយុត្តិធម៌ និង​ក្រសួងមហាផ្ទៃ កំពុង​ពិនិត្យមើល​ករណី​អ្នកទោស​ទាំងនេះហើយ ដើម្បី​លើកលែងទោស​ឲ្យ​ពួកគេ អាច​ចេញមក​កែប្រែ​ខ្លួន នៅក្រៅ​ពន្ធនាគារ​មុន​ការកំណត់​៕

អ្នក​ស្លាប់​កើន​ដល់​៤២០​នាក់ដោយ​គ្រោះ​រញ្ជួយ​ដី និង​រលក​យក្ស នៅ​ឥណ្ឌូនេស៊ី​

​ឥណ្ឌូនេស៊ី ៖ ចំនួន​មនុស្ស​ស្លាប់ ដោយសារតែ​ការវាយប្រហារ​ដោយ​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៥ រ៉ិ​ច​ទ័​រ បង្ក​ជា​រលក​យក្ស ស៊ូណាមិ​ក នៅលើ​កោះ Sulawesi របស់​ឥណ្ឌូណេស៊ី បាន​កើន​ដល់​៤២០​នាក់ និង​អ្នករបួស​ប្រមាណ ៥៤០​នាក់ ខណៈ​ក្រុម​ជួយសង្គ្រោះ​កំពុង​ខ្នះខ្នែង ដើម្បី​តាម​ស្វែង រក​ជន ដែល​អាច​នៅ​រស់រានមានជីវិត ព្រមទាំង​សាកសព​អ្នក​ដែល​ស្លាប់​នៅ តាម​គំនរ​អាគារ​បាក់ បែក​ក្នុង តំបន់​នានា ដែល​រង​ការវាយប្រហារ​។

​អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី បានប្រកាស​នៅ​រសៀល​ថ្ងៃ ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​ថា ប្រជាជន​ប្រមាណ ២,៤​លាន​នាក់ បាន​រង​ផលប៉ះពាល់​ដោយ សារ​គ្រោះធម្មជាតិ​ដ៏​អាក្រក់​នេះ​។ មនុស្ស​រាប់រយ​នាក់​ទៀត បាន​រងរបួស និង​យ៉ាង​តិចជាង​១៧​ម៉ឺន នាក់ បាន​បាត់បង់​ទីជម្រក​។​ចំណែក ទំហំ​នៃ​ការបំផ្លិចបំផ្លាញ​ដោយ គ្រោះ​រញ្ជួយ​ដី​នេះ មិនទាន់ កំណត់​ច្បាស់លាស់​នៅឡើយ​ទេ ខណៈ​ប្រព័ន្ធ​អគ្គិសនី និង​ការទំនាក់ទំនង​ត្រូវបាន​កាត់ផ្តាច់ ហើយ​ផ្លូវថ្នល់​ក៏ត្រូវ​ខូចខាត​ទៀត​នោះ ជាហេតុ​បង្ក​ផល​លំបាក​ខ្លាំង​ក្នុង​ការចូល​ជួយសង្គ្រោះ​៕

អាជ្ញាធរបិទ​លែងឲ្យ​រថយន្ត​ធុន​ធំ​ចូលក្នុង​ក្រុង​ភ្នំពេញនៅពេល​ថ្ងៃ​ទៀត​ហើយ

​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានលើកឡើង ​ថា ចាប់ពីពេលនេះ​តទៅ មិន​អនុ​ញ្ញា​ឲ្យ​ឡានធំ ចេញ​-​ចូល​រាជធានី​ភ្នំពេញ​ពេល​ថ្ងៃ​ទៀត​ទេ ហើយក៏​លែងឱ្យ​មានការ​កំណត់​ម៉ោង​នេះ ម៉ោង​នោះ​ចេញ ចូល​ក្រុង​ដូច​មុន​ទៀត​ដែរ និង​លុបបំបាត់​មិន​ឲ្យ​មាន​ប័ណ្ណ​អនុញ្ញាត​ចេញ​-​ចូល​រាជធានី​ប្រភេទ​A B និង C នោះ​ទៀតផង​។ លោកថ្លែងបែបនេះ នៅក្នុង​ពិធី​ជួប​សំណេះសំ​ណា​លជាមួយ​មន្ដ្រីរាជការចំណុះ​សាលាខណ្ឌ​ចំការមន និង​សង្កាត់ កាលពី​ថ្ងៃទី​២៨ ខែកញ្ញាឆ្នាំ២០១៨ ។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា កន្លងមកនេះ រថយន្ត​ចេញចូល​រាជធានី​ភ្នំពេញ បាន​តាម ចិត្ត អោយ​តែមាន​ប័ណ្ណ​អនុញ្ញាត​ចេញ​-​ចូល​ក្រុង ប្រភេទ​A B និង C ដែលជា​ហេតុ​បង្កឱ្យមាន​គ្រោះ ថ្នាក់ និង​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​យ៉ាងខ្លាំង​។ ឯ​.​ឧ​. បន្ដថា បញ្ហា​ប័ណ្ណ​អនុញ្ញាត ចេញ​-​ចូល​ក្រុង ប្រភេទ A, B និង C នេះ គេ​អាច កូ​ពី បាន​យ៉ាង​ស្រួល ដោយ​គ្មាន​សមត្ថកិច្ច​ណា​យកមក​ពិនិត្យ ថា​ពិត ឬ​មិន​ពិត​នោះ ដូច្នេះ​ចាប់ពីពេលនេះ​តទៅ​ឬថ​យន្ត​ធុន​ធំ នឹង​បិទ​មិន​ឲ្យ​ចេញ ចូល​ក្រុង ទៀតឡើយ​៕

​៦ខែដើមឆ្នាំនេះ មាន​អ្នកញៀន​ថ្នាំ​ជាង​៣​ពាន់​នាក់ ចូល​ទទួល​សេវា​ព្យាបាល​

​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ អ្នកញៀន​គ្រឿងញៀន​ចំនួន ៣.២៣១​នាក់ បានមក​ទទួល យក​សេវា​ព្យាបាល​នៅតាម​មូលដ្ឋាន​នានា​របស់​ក្រសួងសុខាភិបាល​។ ចំនួន​នេះ បាន​កើន ឡើង​១០២% បើ​ប្រៀប​នឹង​ឆមាស​ទី​១ ឆ្នាំ ២០១៧ ដែលមាន​ត្រឹម​១.៥៩៦​នាក់​ប៉ុណ្ណោះ​។

​ក្រសួងសុខាភិបាល បញ្ជាក់ថា ចំនួន​អ្នកញៀន​គ្រឿងញៀន​ដែល​មក​ទទួល​ការព្យាបាល​នៅ តាម​សេវា​សុខាភិបាល​នានា មាន​ចំនួន ៣.២៣១​នាក់ ក្នុងនោះ បុរស ៩៣% និង​ស្ត្រី ៧% ពួកគេ​ត្រូវបាន​បែង​ចែកជា​ពីរ គឺ​អ្នកញៀន​ប្រភេទ​អំ​ហ្វេ​តា​មីន ចំនួន ៣.១០៨​នាក់ និង​អ្នកញៀន​ប្រភេទ​ហេ​រូ​អ៊ី​ន ចំនួន ១២៣​។ ពួកគេ​ទាំងអស់នោះ បានទទួល​ការព្យាបាល​នៅតាម​មន្ទីរពេទ្យ​ជាតិ​, មន្ទីរពេទ្យបង្អែក​, មណ្ឌល​សុខភាព​, មណ្ឌល​ព្យាបាល និង​ស្ដារនីតិសម្បទា​ជាដើម​៕

 

គ​.​ជ​.​ប​.​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត​ថ្មីនៅ​ដើមខែ​តុលា​

​ ​គ​.​ជ​.​ប ជូនដំណឹង​ថា ប្រជាពលរដ្ឋ​អាច​ចាប់ផ្តើម​ទៅពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត នៅតាម សាលាឃុំ សង្កាត់​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​។​ក្នុងករណី ដែល​ពិនិត្យឃើញ​មាន​កំហុសឆ្គង​ណាមួយ​ពលរដ្ឋ​អាច​ស្នើសុំ​ឲ្យ​មានការ​កែតម្រូវ​ដោយ យោងតាម​ឯកសារ​សំអាង​ច្បាស់លាស់​។​

​គ​.​ជ​.​ប ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត ប្រញាប់​ទៅ​ចុះឈ្មោះ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៨ ខែតុលា ខាងមុខ នៅតាម​ឃុំ​សង្កាត់​ដែល​ខ្លួន​កំពុង​រស់នៅ​។​

​គួរ​បញ្ជាក់ថា នៅក្រោយ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​កន្លងទៅ គ​.​ជ​.​ប បាន លុបឈ្មោះ​ពលរដ្ឋ​ចំនួន ៩៥.៩២៨​នាក់​។ លោក សោម សូ​រី​ដា បញ្ជាក់ថា មូលហេតុ​ដែល គ​.​ជ​.​ប សម្រេច​លុបឈ្មោះ ដោយសារតែ​មួយចំនួន បានទទួល​មរណភាព មួយចំនួន​ត្រូវបាន​ដកហូត​នូវ​សិទ្ធិ​បោះឆ្នោត​ជា​បណ្តោះអាសន្ន ឬ​ផ្លាស់​ទីលំនៅ​៕

អ្នកទិញ​ឡាន​ប្រយ័ត្ន ! នៅ​តាខ្មៅ​មាន​ទីតាំង​កាត់ត​កែច្នៃ​ឡាន​ឡើង​ស៊េរី​ខ្ពស់​

ភ្នំពេញ ៖ សមត្ថកិច្ច​ចម្រុះ​ខេត្តកណ្តាល នៅ​ថ្ងៃទី​២៨ ខែកញ្ញា នេះ បាន​បើក​ប្រតិបត្តិ​ការចុះ​ត្រួ​តពិនិត្យ​ទីតាំង​កែច្នៃ​រថយន្ត​មួយកន្លែង ដែល​សង្ស័យថា លួច​កែច្នៃ​រថយន្ត​ស៊េរី​ទាបៗ កាត់ត​បាញ់ថ្នាំ​ឡើងទៅ​ជា​ស៊េរី​ខ្ពស់ ឫ​ជា​រថយន្ត​ដែលមាន​ប្រភព​ចេញ​មកពី​អំពើចោរកម្ម​។​

​ទីតាំង​នេះ ស្ថិតនៅតាម​ផ្លូវលំ ក្នុងភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ត្រូវបាន​កម្លាំងចម្រុះ​ចុះ​ឡោមព័ទ្ធ តាំងពី​យប់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​មកដល់​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា សមត្ថកិច្ច​បន្តធ្វើការ​ឡោមព័ទ្ធ​ត្រួ​ពិនិត្យ​នៅឡើយ និង​ឆែកឆេរ​រកឃើញ​មាន​រថយន្ចំនួនត​៩​គ្រឿង ដែល​កែច្នៃ​ខុសច្បាប់​។​

​យ៉ាងណាក៏ដោយ ​រហូតមកដល់ពេលនេះ សមត្ថកិច្ច​មិនទាន់​បញ្ចេញ​របាយការណ៍​ពិស្តារ​បែបណា​នៅឡើយ​ទេ​៕

ខឹង​រឿងផឹកស៊ី​បើក​ធុងបាស់​ឮៗ ​កាប់​បងថ្លៃ​ដាច់​ម្រាមដៃ​អស់​៣

 

​ភ្នំពេញ ៖ ទំនាស់​ហិង្សា​គ​ញ​រួ​សារ​មួយ ឈានដល់​ប្អូនថ្លៃ​លី​កាំបិតផ្គាក់​ទៅ​កាប់​បងថ្លៃ រងរបួស​ដាច់​ម្រាម​អស់​៣ ឯ​បងថ្លៃ​មិន​ប្រើ​ហិង្សា​សងសឹក​ទេ តែ​ប្តឹង​ទាមទារ​សំណង​ចំនួន ២.៥០០​ដុល្លា ហើយ​ដោយសារ​ប្អូនថ្លៃ​ជា​ជនដៃដល់​គ្មាន​លុយ​ឲ្យ បងថ្លៃ​ក៏​សម្រេច​ប្តឹង​ប៉ូលិស​ចាប់ខ្លួន​តែម្តង កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី យប់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ សិ​ដ្ឋ សុខ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទៅ​លំនៅ​ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។ ចំណែក​ជនបង្ក ត្រូវជា​ប្អូនថ្លៃ​ឈ្មោះ ប៊ិន ណា​រ៉ា ហៅ​អូន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ក្បែរ​គ្នា ក្នុងភូមិ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​តាម​សម្តី​ជនរងគ្រោះ ត្រូវជា​បងថ្លៃ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ខណៈដែល​ខ្លួន​រួមជាមួយ អ្នកជិតខាង បងប្អូន​មាន​គ្នា​៥​នាក់ អង្គុយ​ហូបចុក​តិចតួច​នៅមុខ​ផ្ទះ​របស់ខ្លួន ដោយមាន​ចាក់​ធុង បាស់​កំដរ​ផង​។ នៅពេលនោះ ប្អូនថ្លៃ​បាន​ដើរមក​ប្រាប់​ឲ្យ​បិទ​ធុងបាស​ដោយ​ស្រែកថា រក​ដេក​ពួន​មិនបាន តែ​មិនបាន​ប្រាប់​ឲ្យ​ស្រួល​ទេ គឺ​ប្រ​សំដី​ធំៗ ក៏​កើតជា​ទំនាស់​។ បន្ទាប់មក ប្អូនថ្លៃ​បាន​ដើរចូល​ក្នុងផ្ទះ ទាញយក​បាន​កាំបិតផ្គាក់​មួយ​ដើរ​ច​ញ​មកវិញ សំដៅ​មក​កាប់​ត្រូវ​ម្រាមដៃ​នោះ​តែម្តង បណ្តាល​ឲ្យ​រងរបួស​ដាច់​ម្រាមដៃ​ឆ្វេង​អស់​៣ ហូរឈាម​កក្លាក់ បង្ក​ឲ្យ​ភ្ញាក់​ផ្អើលឆោឡោ​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍ ឃាត់​ហៅ​នាំ​ភាគី ទាំង​២ មក​និយាយ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ​៣​។​

តាម​ប្រភពពី​សាច់ញាតិ​របស់​ភាគី​ទាំង​២ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ត្រូវជា​បងថ្លៃ​ដែលជា​ជនរងគ្រោះ​ទាមទារ​សំណង​ចំនួន​២.៥០០​ដុល្លារ ថ្លៃ​ព្យាបាល​ដាច់​ម្រាម​៣ តែ​ប្អូនថ្លៃ​គ្មាន​លុយ ទើប​ជនរងគ្រោះ​សម្រេច​ប្តឹង សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ដើម្បី​ចាត់ការ​តាមច្បាប់​តែម្តង​ បច្ចុប្បន្ន ជនដៃដល់ត្រូវបាន​សមត្ថ​កិច្ច​ឃាត់ខ្លួនកសាង​សំណុំរឿង បញ្ជូនទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ បន្ត​តាម​នីតិវិធី ៕