All posts by មេគង្គ ប៉ុស្តិ៍

រឿង​ចម្លែក​! លោក​អធិការរង​នគរបាល​ម្នាក់​កាន់​ក្រដាស​មួយ​សន្លឹក​ដើរ​អួត​តាម​តុ​កាហ្វេ​

​ខេត្តកំពង់ស្ពឺ ៖ កាលពី​រសៀល​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ កន្លងទៅ មានការ​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​បន្ទាប់ពី​គេ​ឃើញ​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​ន​របាល​មួយរូប បាន​កាន់​លិខិត​មួយ​សន្លឹក ដើរ​អួត ប្រាប់​គេឯង​តាម​តុ​កាហ្វេ​ថា មិនយូរ​នោះទេ ខ្លួន​ត្រូវ​ប្រកាស​ចូលកាន់​ដំណែង​ជា​អធិការ​វិញ​ម្តង ខណៈ​អធិការ​ចាស់ ត្រូវ​ផ្លាស់​ទៅកាន់​ដំណែង​ជា​នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត វិញ​។​

​ប្រ​ភ​ពព័ត៌មាន​មួយ​បាន​ឲ្យ​ដឹងថា មន្ត្រីប៉ូលិស​រូបនោះ មានឈ្មោះ អ៊ុំ ចំរើន ឋានៈ​អនុសេនីយ៍ឯក ជា​អធិការរង​ទទួលបន្ទុក​ផែន​សន្តិសុខ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ​។​

​ប្រភព​ដដែល​បាន​រំលឹកថា លោក អ៊ុំ ចំរើន បាន​និយាយ​អួត​ក្តែ​ងៗ​តាម​តុ​កាហ្វេ​ថា ខ្លួន​មាន​ឱ​ធម៌​ពាក់​ផ្កាយ​៤ ដូច្នេះ​ខ្លួន​ចង់ទៅ​កាន់ដំណែង​អ្វី​នៅ​កំពង់ស្ពឺ​នេះ​ក៏បាន​ដែរ តែ​ឥឡូវ​ចូលកាន់​តំណែង​ត្រឹម​ជា​អធិការ​សិន ។ មានការ​លើកឡើង​ទៀតថា មិន​ត្រឹមតែ​ប៉ុណ្ណោះ គាត់​បាន​អួតថា ថ្ងៃ​បន្ត​នឹង​ឈោង​ទៅកាន់​ដំណែង​ជា​ស្នងកា​ខេត្ត​ទៀតផង​។​

​ការនិយាយ​អួត​បែបនេះ ត្រូវបាន​មហាជន​រិះគន់ថា “​បើទោះជា​មាន​ឱ​ធម៌​ពាក់​ផ្កាយ​៤​ចាំ​ជួយ​ជ្រោមជ្រែង​ក្តី ក៏​មិនគួ​ណា​ដើរ​និយាយ​អួត​តាម​កន្លែង​សាធារណៈ​បែបនេះ​ដែរ ព្រោះថា វា​ជា​រឿង​ដែល​មិន​សមរម្យ​នោះទេ​។ ម្យ៉ាង​ថ្នាក់ដឹកនាំ​គាត់​អាច​តែងតាំង យើង​បាន ក៏​អាច​ដក​យើង​វិញ​បានដែរ នៅពេល​ណាមួយ​ដែល​កើតមាន​បញ្ហា​ផ្សេងៗ​។​

​ដោយឡែក មន្ត្រីនគរបាល​តាម​បណ្តា​ប៉ុស្តិ៍​នានា ក្នុងស្រុក​បសេដ្ឋ បាន​សំដែង​នូវ​ភាព​ភ្ញាក់ផ្អើល និង​មិន​នឹកស្មាន​មិន​ដល់​ថា មិនគួរណា​មានការ​ដោះដូរ​ដំណែង​អធិការ​លឿន​បែបនេះ​សោះ​។ មានការ​លើកឡើង​ទៀតថា ទំនងជា​លោក​អធិការ​ចាស់ ជា​មនុស្ស​គ្មាន​ខ្សែ បក្ខពួក និង​ខ្នងបង្អែក ដូច​គេ​ហើយ​មើលទៅ ទើបត្រូវ​ដូរ​ដាក់​អ្នកមាន​ខ្នងបង្អែក​លឿន​បែបនេះ​។ អ្វីដែល​កូនចៅ​ថ្នាក់ក្រោម​បានដឹង គឺ​អធិការ​ចាស់​ឡើង​ដំណែង​តាមរយៈ​មេបក្ស​ស្រុក (​អតីត​អភិបាលស្រុក​ចាស់ លោក ណុប គឹម​ស្រេង​) ដែល​មើលឃើញ​ពី​សមត្ថភាព និង​ស្នាដៃ​ការងារ​របស់គាត់​ដែល​សម្រេចបាន​ទើប​ស្នើសុំ​ទៅ​ថ្នាក់ដឹកនាំ​ខេត្ត​តាមរយៈ​ជួរ​បក្ស​អោយ​កាន់ដំណែង​នេះ​តែ​មិនបាន​ប៉ុន្មាន​ផង​ក៏ត្រូវ​អ្នកមាន​ខ្សែ​និង​ខ្នងបង្អែក​ដណ្តើមយក​តួនាទី​នេះ​ទៅបាន ដោយ​សុវត្ថិភាព​។​

​សូមបញ្ជាក់ថា តាម​ប្រកាស​ក្រសួងមហាផ្ទៃ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម កាលពី​ថ្ងៃទី​២០​កញ្ញា​២០១៨ ហើយ​បញ្ជូន​មកដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត នា​វេលា​ម៉ោង ២​និង​១០​នាទី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ ស្តីពី​ការតែងតាំង​នេះ​។​

​ពាក់​ព័​ន្ឋ​នឹង​បញ្ហា​នេះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម​សាមួន​ស្នងការ​នគរបាល​ខេត្ត​កំពង់ ស្ពឺ​បានអោយដឹង​តាម​ប្រព​ន្ធ័ WhatsApp ថា ការដោះដូរ​មន្ត្រី វា​ជាការ​ធម្មតា​ក្នុង​ការងារ គឺ​តែងតែមាន​ការផ្លាស់ប្ដូរ​អញ្ចឹង​ហើយ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​អោយ​កាន់តែ​ល្អ​៕

ក្រុមអធិការកិច្ច​ នឹង​ចុះ​ស្រាវជ្រាវ​ករណី​មេ​ប៉េ​អឺ​ម​ខេត្តកំពង់ស្ពឺ​ស៊ីដាច់​លុយ​កូនចៅ​

​ខេត្តកំពង់ស្ពឺ ៖ កាសែត​ក្នុងស្រុក​ជាច្រើន​ផ្សាយ​រឿង​បែកធ្លាយ​ករណី​លោក ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ស៊ីដាច់​លុយ​មន្ត្រី​ការពារ​ការបោះឆ្នោត និង​អង្ករ​របស់​តំណាងរាស្ត្រ​រួចមក​នោះ ថ្នាក់លើ​នៃ​ស្ថាប័ន​នេះ បានដាក់​ការស៊ើបអង្កេត​ហើយ​។​

​មន្ត្រី​អាវុធហត្ថ​ខេត្ត​ម្នាក់ បាន​បង្ហើប​អោយដឹង​នៅ​រសៀល​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​ថា ក្រុមអធិការកិច្ច បានកំណត់​ថ្ងៃ​ចុះមក​ធ្វើការ​ហើយ (​គណៈ​កម្ម​ចំពោះ​កិច្ច​) ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស សំបូរ​ធន ដេ​ល​គ្រោង​នឹង​ចុះមក​ធ្វើការ​អធិការកិច្ច​នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨​ខាងមុខនេះ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ផ្ទាល់​តែម្តង​។​
​មន្ត្រី​អាវុធហត្ថ​ដដែល​បន្តថា ការចុះ​អធិការកិច្ច​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត នេះ ក្រោយពី​បែកធ្លាយ​នូវ​ព័ត៌មាន​ស្តីពី​ភាពមិនប្រក្រតី​មួយចំនួន ដែល​បាន​ចោទប្រកាន់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ករណី​ស៊ីដាច់​លុយ​ការពារ របស់​មន្ត្រីក្រោមឱវាទ និង​អង្ករ​របស់​តំណាងរាស្ត្រ មណ្ឌល​កំពង់ស្ពឺ កន្លងទៅ​។​
​ប្រភព​បាន​បន្ថែមទៀត​ថា ការ​បែកធ្លាយ​នេះ ត្រូវបាន​ទម្លាយ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ជាច្រើន និង​បាន​លេចឮ​ដល់​ថ្នាក់លើ រហូតដល់​ដាក់​ការស៊ើបអង្កេត​តែម្តង​។​មិនដឹងថា លោក​មេបញ្ជាការ​ខេត្ត បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ដែរ​ឬ​យ៉ាងណា​នោះទេ ខណៈដែល​អ្នកខ្លះ​បានទទួល​លុយ និង​អ្នក​ខ្លះទៀត​មិនបាន​ទទួល​លុយ​នោះ​មួយ​រៀល​សោះ​។​

​ក្រៅពី​ការរិះគន់​ដូច​ខាង​ល​នេះ លោក ជូ សារុន ក៏ត្រូវ​រង​ការរិះគន់​ដែរ​ថា បានដាក់​សាច់ញាតិ​ម្នាក់ ដែល​មកពី​ខេត្តកោះកុង ជាមួយគ្នា​អោយទៅ​កាន់​ជា​មេបញ្ជាការរង​ក្រុង​ច្បារមន​ផងដែរ​។ ប្រភព​បាន​បន្តទៀតថា លើសពីនេះ​ទៀត គាត់​បាន​បញ្ជូន​ប្អូនប្រុស​របស់គាត់​ម្នាក់ទៀត អោយទៅ​ដាក់កុង​ត្រូល​ដេកចាំ​យកលុយ​ពីបទ​ល្មើស​ផ្សេងៗ នៅ​ចំណុច​ភ្នំ​តូច ព្រំប្រទល់​ស្រុក​ឱ​រ៉ា​ល់ និង​ស្រុក​ថ្ពង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ដើម្បី​ចាំ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹក​បទល្មើស​ព្រៃឈើ​យ៉ា​អនាធិបតេយ្យ​។ ដោយឡែក ខាង​ផ្លូវជាតិ​លេខ​៥ ស្នាក់ការ​សន្តិសុខ​៥៥១ ឯណោះ​វិញ លោក ជូ សារុន បានដាក់​លោក​វរសេនីយ៍ទោ គង់ វាសនា ដែលមាន​រហ័ស្ស​នាម​ថា មហាមេឃ​កំពុង​ធ្វើ​ព្យុះ​ធ្វើ ភ្លៀង​សម្បើម​ខ្លាំងណាស់ ដូចជា​ដេញចាប់​ឡាន​ដឹក​បទល្មើស​នានា ដែល​ឆ្លងកាត់​ស្នាក់ការ​សន្តិសុខ ដោយ​កៀបសង្កត់​យកលុយ​មិន​ប្រណី​ដៃ​ឡើយ​។​

​ថ្មីៗ​នេះ​ទៀត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន បាន​ស៊ីដាច់​អង្ករ​ឧបត្ថម្ភ​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ ដែល​បាន​ផ្តល់ជូន​មន្ត្រី​កងកម្លាំង​អាវុធហត្ថ រួម​និង​ស៊ីដាច់​លុយ​ឧបត្ថម្ភ​ការការពារ​ពេល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ រាប់លាន​រៀល ផងដែរ​។

​ប្រភព​មួយ​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា​​រឿង​ស៊ីដាច់​លុយ​ការពារ​បោះឆ្នោត​នេះ បើក​ឲ្យ​តែ​សាច់ញាតិ និង​ជា​ខ្សែស្រឡាយ​ជិតស្និទ្ធ​របស់លោក ជូ សារុន និង​បើក​បាន​គ្រប់​ចំនួន​ទៀតផង ក្រៅពីនោះ មិនបាន​ទទួល​ឡើយ ៕

​ទាក់ទង​នឹង​ការរិះគន់ ខាងលើនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន បាន​ឆ្លើយតប​យ៉ាងខ្លី​តាម​ប្រ​ព័​ន្ឋ វ័ត​អាប់ ថា “​វា​ជា​រឿង​មិន​ពិត​នោះទេ ហើយ​លោក​ក៏​មិនបាន​ប្រព្រឹត្ត​ដូច​ការលើកឡើង​ខាងលើ​របស់​មន្ត្រី​មួយចំនួន​នោះដែរ​។​

​មន្ត្រី​អាវុធហត្ថ​មួយចំនួន បានស្នើ​សុំ​ឲ្យ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេត្តាជួយ ពិនិត្យមើល​ទង្វើ​របស់​លោក ជូ សារុន ដើម្បី​ផ្តល់​យុត្តិធម៌​ផង ហើយ​ស​ង្ឍឹ​ម​ថា នៅ​ថ្ងៃទី​១ តុលា ខាងមុខនេះ ក្រុមអធិការកិច្ច នឹង​រកឃើញ​ការពិតជា​មិនខានឡើយ​៕

លូចម៉ូតូបានសម្រេច តែគេចមិនរួច ពីប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យ

ភ្នំពេញ ៖ ជនសង្ស័យដែលជាភេទទី៣ម្នាក់បានធ្វើសកម្មភាពលួចម៉ូតូសេ១២៥ សេរី២០១៦ បានសម្រចយកចេញពីម្តុំច្រមុះជ្រូក ស្ទឹងមានជយ័ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជយ័៣ ខណ្ឌមានជយ័ កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ខណៈដែល ម្ចាស់ចាក់សោរចត ទុកនៅមុខហាងស៊ុប៧២ ហើយចូលទៅដេកស្មានតែមានអ្នកអូសម៉ូតូ ចូលក្នុងរក្សា ទុកអោយ។

ក្រោយពេលដែលម្ចាស់ម៉ូតូបានដឹងថា ម៉ូតូរបស់ខ្លួនបាត់ភ្លាមៗ ក៏បានទៅដាក់ពាក្យបណ្តឹងនៅបុស្តិ៍នគរបាលស្ទឹងមានជយ័៣។
ក្រោយពេលដែលសមត្ថកិច្ចបានទទួលពាក្យបណ្តឹងរួចមក កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជយ័៣ បានសហការណ៍ជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជយ័១ បានធ្វើការស្រាវជ្រាវនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ បានឃាត់ ខ្លួនជនសង្ស័យម្នាក់ រួមនិងម៉ូតូជនរងគ្រោះ នៅក្នុងបន្ទប់ជួលជនសង្ស័យនៅចំនុចផ្លូវលំភូមិទ្រា២ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជយ័។

សមត្ថកិច្ចបានអោយដឹងថាម្ចាស់ម៉ូតូខាងលើមានឈ្មោះកៀនសុធីអាយុ៣០ឆ្នាំមុខរបរចុងភៅស្នាក់នៅចំនុចបាត់ម៉ូតូខាងលើ
ចំណែកជនសង្ស័យខាងលើមានឈ្មោះ ហ៊ួន ពូក អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ​។បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនទៅសាកសួរបន្តរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជយ័៣ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌមានជយ័ ដើម្បីកសាងសុំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធិ៕

​កម្ពុជា​ លើកសំណើ​បី​ទៅ​ប្រមុខ​អង្គការសហប្រជាជាតិ

​ភ្នំពេញ ៖ នៅ​ចំពោះមុខ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ឯកឧត្តម អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (Antonio Guterres) ស សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​បាន​អះអាងថា កម្ពុជា​ពិតជា​មាន ឆ​ន្ទះ​ពេញលេញ​ក្នុងការ​បន្តធ្វើ​ការងារ​ជាមួយនឹង​ង​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធមនុស្ស​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​លើកសំណើ​ចំនួន​៣ ទៅកាន់​ប្រមុខ​អង្គការ សហប្រជាជាតិ​។ ទី​១​ពាក់ព័ន្ធ​ទៅ​និង​ការិយាល័យ​អង្គការសិទ្ធិមនុស្ស របស់​អង្គការ​សហ​ប្រជា ជាតិ នៅ​កម្ពុជា ដែល​គ្រោង​និង​ចប់​កិច្ចព្រមព្រៀង​នៅ​ចុងឆ្នាំ​២០១៨​នេះ សម្តេច​បានអនុញ្ញាត​ឲ្យ​រយៈពេល​២​ឆ្នាំ​ទៀត​។​

​ក្នុង​ខែតុលា​ខាងមុខ​នៅពេលដែល​សម្តេច​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ហ្សឺ​ណែវ សម្តេច​នឹងមាន​ការចុះ​ហត្ថលេខា​រវាង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​កម្ពុជា ជាមួយនិង​តំណាង​ស្នងការ​សិទ្ធមនុស្ស អង្គការសហប្រជាជាតិ​។ ទី​២.​សម្តេច​តេ​ជោ​នាយក​រដ្ឋ មន្ត្រី បាន​លើក​ពី​កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា និង​អង្គការសហប្រជាជាតិ ស្តីពី​សាលាក្តី​ខ្មែរក្រហមនៅកម្ពុជា​។

​ភាព​ទាំងនោះ ដូច​អ្វីដែល​កម្ពុជា​ធ្វើបាន អនុវត្តន៍​ពី​ពេលមុនៗ មានន័យថា នឹង​កម្ពុជា​បន្ត​ចូលរួម​វិភាគទាន លើ​ការចំណាយ​របស់​មន្ត្រី​បុគ្គ លិ​ក កម្ពុជា ដែល​ធ្វើការ​នៅ​សាលាក្តី​ខ្មែរក្រហម ។ ចំណុច​សំខាន់​មួយទៀត​ទី​៣ រាជរដ្ឋាភិបាល កម្ពុជា នឹង​បន្ត​ចូលរួម​ឲ្យ​កាន់តែ​សំរេច​ថែមទៀត លើ​បេសកកម្ម​នៃ​ការថែរក្សា​សន្តិភាព​របស់​អង្គការ សហប្រជាជាតិ ករណី​មាន​ប្រទេស​ផ្សេងទៀត ត្រូវការ​កងទ័ព​មួក​ខៀវ​របស់​កម្ពុជា ក្នុងការ​ចូលរួម បំពេញបេសកកម្ម​មនុ​ស្ស​ធម៌ ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ​។

​អគ្គលេខាធិការ​អង្គការ​ស​ប្រជាជាតិ មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ​រវាង អង្គការ សហ ប្រជាជាតិ និង​កម្ពុជា ក៏​ដូច​រវាង​អង្គការសហប្រជាជាតិ ជាមួយ​អាស៊ាន គឺ​ពិត​ជាមាន​សារៈ សំខាន់​ខ្លាំងណាស់​។ ឯកឧត្តម​បន្តថា អង្គការសហប្រជាជាតិ​មានការ​ប្តេជ្ញាចិត្ត​យ៉ាង​ពេញលេញ ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការសហប្រជាជាតិ​ជាមួយ​កម្ពុជា​ក៏​ដូច​រវាង​អង្គការសហប្រជាជាតិ​ជាមួយ​អាស៊ាន​។

​លោក​អគ្គលេខាធិការ​បាន​ថ្លែងអំណរគុណ ចំពោះ​សម្តេច​តេ​ជោ​ដែល​បាន បន្ត​អាណត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធមនុស្ស អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា​រយះពេល​២​ឆ្នាំ បន្ត ទៀត​។ លើ​ចំណុច​ទី ២ និង​ទី​៣ ឯកឧត្តម​អគ្គលេខាធិការ​មានប្រសាសន៍ថា កម្ពុជា​ពិតជា​មាន​ឆ​ន្ទះ ពិតប្រាកដ ក្នុងការ ជួយ​ដល់​អង្គការសហប្រជាជាតិ ពិសេស​វត្តមាន​កងទ័ព​មួក​ខៀវ​ដែល​ពោរពេញ ទៅដោយ​វិន័យ និង​មាន​សមត្ថភាព​ពេញលេញ ក្នុង​សកម្មភាព​មនុស្សធម៌ និង​ថែរក្សា​សន្តិភាព ក្រោម​ឆ័​ត្រ​របស់ អង្គការសហប្រជាជាតិ​៕

​គ្រោះ​រញ្ជួយ​ដី​កម្រិត​ខ្ពស់ និង​រលក​យក្ស​ស៊ូ​ណា​មី វាយប្រហារ​ឥ​ណ្ឌ​នេ​ស៊ី​ជាថ្មី​

​ឥណ្ឌូនេស៊ី ៖ អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូនេស៊ី បាន​បង្ហាញថា គ្រោះ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូ​ណា​មី បាន​វាយប្រហារ​ទៅលើ​កោះ​មួយ​របស់​ឥណ្ឌូនេស៊ី ។ តួលេខ​ផ្តល់​ដោយ​មន្ត្រី​សុខាភិបាល បានបង្ហាញ​នៅ​ថ្ងៃទី​២៩ កញ្ញា នេះ​ថា ចំនួន​អ្នក​ស្លាប់មាន​ជិត​៤០០​នាក់ និង​របួស​ជាង​៥០០​នាក់ ចំណែក​សំណង់​រាប់ពាន់​កន្លែង ដូចជា​ផ្ទះ មន្ទីរពេទ្យ សណ្ឋាគារ ផ្សារ​ទំនើប ហើយ និង​ស្ពាន បាន​បាក់ស្រុត ដោយសារតែ​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៥ រ៉ិ​ច​ទ័​រ បង្ក​ជា​រលក​សមុទ្រ​យក្ស​ស៊ូ​ណា​មី បោកបក់​វាយប្រហារ​លើ​ទីក្រុង​ចំនួន​ពីរ កាលពី​ល្ងាច​ថ្ងៃ​សុក្រ​។​

បើតាម​សេចក្ដីប្រកាស​របស់​ភ្នាក់ងារ​គ្រោះមហន្តរាយ​ឥណ្ឌូនេស៊ី បាន​ឲ្យ​ដឹងថា គ្រោះ​រញ្ជួយ​ដី ក្នុង​កម្រិត ៧,៥​មាត្រដ្ឋាន​រិច​ទែ​រ បាន​បណ្តាល​ឲ្យ​មាន​ទឹករលក​កំពស់​ជិត ៦​ម៉ែត្រ បោក​វាយ​ទៅលើ​ទីក្រុង Palu ជាប់​ឆ្នេរសមុទ្រ នៃ​កោះ ស៊ូ​ឡា​វេ​ស៊ី Sulawesi របស់​ឥណ្ឌូនេស៊ី​។ ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូនេស៊ី បានទទួល​តួលេខ​ពី​មន្ទីរពេទ្យ​ដែល​បង្ហាញ​ពី​ចំនួន​អ្នកស្លាប់​កើនឡើង​ដល់​៣៨៤​នាក់ និង​អ្នករងរបួស​ធ្ងន់ ៥៤០​នាក់ ដោយសារ​គ្រោះធម្មជាតិ​នេះ​។​

​ ទីភ្នាក់ងារ​ដដែល​បញ្ជា​ក់ថា គ្រោះ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូ​ណា​មី បាន​បំផ្លាញ​ផងដែរ នូវ​ព្រលានយន្តហោះ បណ្តាញ​អគ្គិសនី និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​ពិបាក​នឹង​ទាក់ទង​គ្នា ដើម្បី​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់​។ តាម​ក្រសួង​សន្តិសុខ​ជាតិ​ឥណ្ឌូនេស៊ី ឲ្យ​ដឹងថា យន្តហោះ​យោធា ដឹក​ជំនួយ មនុស្សធម៌​បាន​ហោះ​ចេញរួច​ហើយពី​ទីក្រុង​ហ្សា​កាតា ប៉ុន្តែ ប្រតិបត្តិការ​ជួយសង្គ្រោះ មិនទាន់​អាចធ្វើ​ទៅបាន​ដោយសារតែ​ព្រលានយន្តហោះ​របស់​ទីក្រុង​ត្រូវបាន​បំផ្លាញ​។​

​អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ គេ​បានប្រកាស​ព្រមាន​ពី​ករណី​មាន​គ្រោះ​រលក​យក្ស​ស៊ូ​ណា​មី តែ​មនុស្សម្នារ​ជាច្រើន​បាន​ស្ថិតនៅលើ​ឆ្នេរ​នោះ​នៅឡើយ គឺ​មិនបាន​រត់គេច​ចេញ​ភ្លាមៗ​នោះទេ​។ នៅ​យប់​ថ្ងៃ​សុក្រ ទី​២៨ កញ្ញា មនុស្ស​រាប់រយ​នាក់​បាន​ជួបជុំគ្នា នៅលើ​ឆ្នេរ​ក្នុង​ទីក្រុង Palu ដើម្បី​ត្រៀម​រៀបចំ​ប្រារព្ធ​ខួប​ទីក្រុង​។ មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បានបង្ហាញ​ពី​ការព្រួយបារម្ភ​ផងដែរ ពី​ជោគវាសនា​របស់​មនុស្ស​រាប់រយ​។​

​ គួរជម្រាបថា ចំនួន​អ្នក​រស់នៅក្នុង​ទីក្រុង Palu នៃ​កោះ Sulawesi របស់​ឥណ្ឌូនេស៊ីនេះ មាន​ប្រមាណ​ជាង៣៥​ម៉ឺន​នាក់​៕

​កម្ពុជា​នឹង​បើក​ស្ថានទូត​ឡើងវិញ នៅ​ប៊ុលហ្គារី នា​ឆ្នាំក្រោយ

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អះអាងថា នៅ​ឆ្នាំ ២០១៩ ខាងមុខ កម្ពុជា​នឹង​រៀបចំ​បើក​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ប៊ុល​ហ្ការី ជាថ្មី​ឡើងវិញ បន្ទាប់ ពី​បាន បិទ​មួយរយៈ ដោយសារ​ស្ថានភាព​នយោបាយ​របស់​ប្រទេស ប៊ុល​ហ្ការី​។ សម្តេច​តេ​ជោ បាន​ថ្លែង យ៉ាង​ដូច្នេះ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ប៊ុ​ក​ហ្គា​រី លោក ប៊ួ​យ​កូ បូរី​សូវ (Boyko Borissov) នៅ​បូរី​ញូវយ៉ក ខណៈ​សម្តេច​អញ្ជើញ​ចូលរួម​មហាសន្និបាត អ​.​ស​.​ប​. លើក​ទី ៧៣​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​ប្រទេស​ប៊ុល​ហ្ការី កាលពី អតីតកាល​ដែល​បាន​ដើរតួនាទី ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា នៅពេលដែល​កម្ពុជា បាន​រំដោះ ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​បន្ត​វត្តមាន​ចូលរួមចំណែក​ថែរក្សា​សន្តិភាព​នៅ​កម្ពុជា ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ផងដែរ​។ ក្នុងជំនួប​ពិភាក្សាគ្នា​នោះដែរ ប្រមុខ​រដ្ឋាភិបាល​នៃ ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា ក្នុង​ការបន្ត​ពង្រឹងពង្រីក​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ នៃ ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត ទាំង​ក្នុង​វិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍​។

​លោកនាយក​រដ្ឋមន្ត្រី បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម របស់​សម្តេច ក្នុង​ការបើក​ស្ថាន ឯកអគ្គ រាជទូត​របស់ខ្លួន​នៅ​ប្រទេស​ប៊ុល​ហ្ការី ដែល​នោះ​គឺជា​ឱកាស​ដែល​សម្តេច និង​អញ្ជើញ​ទៅ បំពេញ ទស្សនកិច្ច​ផ្លូវការ​នៅ​ប៊ុល​ហ្ការី​។ ក្នុងជំនួប​ពិភាក្សាគ្នា​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មាន ប្រសាសន៍​ជំរាបជូន សម​ភាគី​ប៊ុល​ហ្ការី ពី​គោលបំណង​នៃ​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ កិច្ចប្រជុំ កំពូល អាស៊ី អឺរ៉ុប ក្នុងប្រទេស​កម្ពុ​ជានា​ឆ្នាំ​២០២០ ដែល​ក្នុងនោះ​បណ្តា​ប្រទេស អាស៊ាន បាន​ឯក ភាព រួចហើយ រួមទាំង​ប្រទេស​នៅ​អឺរ៉ុប​មួយចំនួន​ផងដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី​ប៊ុល​ហ្ការី​បាន​ឯកភាព​ចំពោះ​សំណើ​បស់​សម្តេច​តេ​ជោ និង​បាន ចាត់ ទុក​ថា វា​គឺជា​ឱកាស ឲ្យ​រូប​ឯកឧត្តម​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​៕

៩​ខែ​ដើម​ឆ្នាំនេះ បង្ក្រាប​គ្រឿងញៀន ៥.៦៤១​ករណី ឃាត់ខ្លួន​១១.២៧៥​នាក់​

​ភ្នំពេញ ៖ រយៈពេល​៩​ខែ ក្នុង​ឆ្នាំ​២០១៨ នេះ សមត្ថកិច្ច​បានធ្វើការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប​ចំនួន​៥.៦៤១​ករណី លើ​គោលដៅ​ចំនួន ៦.២៩៥​ករណី ឃាត់ខ្លួន​មនុស្ស ១១.២៧៥​នាក់ ក្នុង ចំណោម​ជនសង្ស័យ​១៣.៦៩១​នាក់ ចាប់យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប ៤៨៩,៩៦ គីឡូ ក្រាម និង​៧៩០​កញ្ចប់ ក​ញ្ជា​ក្រៀម ២៥,៩៦ គីឡូក្រាម ក​ញ្ជា​ស្រស់ ១៤១.៦៨៣​ដើម និង​មធ្យោបាយ​សម្ភារៈ វត្ថុតាង​មួយចំនួនទៀត​។ នេះ​បើ​យោងតាម​របាយការណ៍​អនុវត្ត​ផែនការ​យុទ្ធនា ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​៣ រយៈពេល​ល​៩​ខែ ឆ្នាំ​២០១៨ ដែល​បាន​ផ្សព្វ ផ្សាយ​នៅក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា នេះ ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។​

​ក្នុងនោះ​ករណី​ជួញដូរ ៣.៥៧២​ករណី ឃាត់ខ្លួន​មនុស្ស​៦.៤៩៤​នាក់​។ ករណី​សំយោគ កែច្នៃ ២​ករណី ឃាត់ខ្លួន​២​នាក់​។​ករណី​ដាំ​ដុះ ៣០​ករណី ឃាត់ខ្លួន​៤​នាក់ ករណី​ប្រើប្រាស់​២.០៣៧​ករណី ឃាត់ខ្លួន ៤. ៧៧៣​នាក់​។​

របាយការណ៍​ដដែល​ប​ញ្ចា​ក់ថា រយៈពេល​៩​ខែ ដើមឆ្នាំ​២០១៨ នេះ​សកម្មភាព​បង្ក្រាប​ករណី​ធំៗ ដែល​ល​មាន​សារធាតុ​ញៀន​ចាប់​ពីមួយ​គីឡូក្រាម​ឡើង មាន ៤២​ករណី ចាប់យក​សារធាតុ​សរុប ៤៦០,៣៥​គីឡូក្រាម និង​ចាប់បាន​មេក្លោង​ចំនួន​១៦​នាក់ ខ្សែរយៈ​បណ្តាញ​ចំនួន​៥៧​នាក់ ៕

លោក នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភាទទួលមរណភាពក្នុងវ័យ ៧៤ឆ្នាំ

ភ្នំពេញ ៖ លោក នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា បានទទួលមរណភាព នាថ្ងៃដដែល នៅម៉ោង ១រសៀល ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។

យោងតាមសេចក្ដីជូនដំណឹងរបស់ព្រឹទ្ធសភា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា សពលោក នៃ ប៉េណា តម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិ នៅផ្ទះលេខ៣៩១ ផ្លូវប៉ូឡារីស ច្រកទ្វារទី២ បុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ពិធីដង្ហែរសពនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ឆ្ពោះទៅកាន់ឈាបនដ្ឋាននៅទីលានមុខវត្តបុទុមវត្តី៕

កម្ពុជា​នឹង​បន្ត​រក​អដ្ឋិធាតុ​ទា​ហា​អាមេរិក​បាត់​ខ្លួន​ឡើងវិញ បើ​អាមេរិក​បើក​ទិដ្ឋាការ​

​ភ្នំពេញ ៖ កម្ពុជា នឹង​បន្ត​រុករក​អ​ដិ្ឋ​ធាតុ​ទាហាន​អាមេរិក​ដេ​ល​បាត់​ខ្លួន​ឡើងវិញ ដូច​អ្វីដែល កម្ពុជា​-​អាមេរិក ធ្លាប់បាន​អនុវត្ត​រួមគ្នា​នាពេល​កន្លងមក បើសិនជា​សហរដ្ឋអាមេរិក បើក​ទិដ្ឋាការ ដល់​មន្ត្រី​កម្ពុជា ដូចដើម​ឡើងវិញ​។

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​បែបនេះ នៅក្នុង​ជំនួប​ពិភាក្សា ការងារ​ជាមួយ​លោក អា​ឡេ​កសាន់​ឌ័​រ ហ្វេ​ល​មែន (Alexander Feldman) ប្រធាន និង​ជានា​យក ប្រតិបត្តិ ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា នាទី​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។​

​លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជា​ចង់​ធ្វើជា​មិត្ត​ដ៏​ល្អ​ជាមួយ​សហរដ្ឋអាមេរិក ។ រូប​សម្តេច ផ្ទាល់ គឺជា​អ្នក​ខិតខំ​ជំរុញ​ការកសាង​នូវ​ទំនាក់ទំនង​រវាង កម្ពុជា និង​សហរដ្ឋអាមេរិក​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា បន្តថា នាពេលខាងមុខ អ្វីដែល​សម្តេច​ចង់ឃើញ​នោះ​គឺ ទំនាក់ ទំនង​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា អាមេរិក នឹងមាន​ភាព​កាន់តែ​ល្អប្រសើរ​ឡើង ពិសេស​រដ្ឋាភិបាល និង​រដ្ឋាភិបាល ដូច​អ្វីដែល​ផ្នែក​ធុរកិច្ច​សហរដ្ឋអាមេរិក​ចង់​បាន​នោះដែរ​។​

​ការលើកឡើង​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងនេះ ធ្វើឡើង​បន្ទាប់ពី​លោក អា​ឡេ​កសាន់​ឌ័​រ ហ្វេ​ល​មែន បានបង្ហាញ​នូវ​គោលបំណង​ចង់ឃើញ​សហរដ្ឋអាមេរិក និង​កម្ពុ​ជាមាន ទំនាក់ទំនង​ក្នុង​ភាពល្អប្រសើរ​ឡើងវិញ ពិសេស​នៅពេលដែល​អាមេរិក តែងតាំង​ឯកអគ្គរដ្ឋទូត​ថ្មី ប្រចាំ​កម្ពុជា នាពេលខាងមុខ ។​

​គូរ​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា បាន និង​កំពុង ចូលរួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក និង​គ្រោងធ្វើ​មាតុភូមិ​មកកម្ពុជាវិញនៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ ខាងមុខនេះ​៕

​រថយន្ត​សាំ​យ៉ុង​បែក​កង់ ហោះ​ផ្លោង​ឆ្លង​សួនច្បារ​បុក​រះ​រថយន្ត​ពីរ​គ្រឿង​នៅ​ស្រុក​បាធាយ​

​កំពង់ចាម ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​វេលា​ម៉ោង ១២:៤០​នាទី នៅលើ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច កា​រ៉ា​ស់​សាំង​តូ​តា​ល់ ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម ដោយសារ​រថយន្ត សាំ​យ៉ុង​មួយគ្រឿង​បាន​បែក​កង់ ហើយ​រេ​ចង្កូត​ហោះ​ផ្លោង​រំលង​សួន​ច្បាប់​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត ទៅបុក​រថយន្ត​ពីរ​គ្រឿង​ផ្សេងទៀត​ដែល​រត់​មកពី​មុខ​ច្រាសទិស​គ្នា បណ្តាល​រងរបួស និង​រថយន្ត​ទាំងបី​ក្នុង​ហេតុការណ៍​នេះ រង​ការខូចខាត​យ៉ាងដំណំ​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​រវាង​រថ​យន្ត និង​រថយន្ត ដោយ​រថយន្ត​១​គ្រឿង​ម៉ាក​សាំ​យុង ពណ៌​ស ផ្លាកលេខ​ភ្នំពេញ 2AH. 5278 បើកបរ​ដោយ​ឈ្មោះ ឃ្លោក សារិទ្ធ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោ​ធ៍ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម បាន​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំនុច​ខាងលើ បាន​រេ​ចង្កូត​ហោះ​ឆ្លង​សួនច្បារ ហួស​ចូលទៅ​ផ្លូវ​ម្ខាង​ទៀត ហើយ​បាន​បុក​១​គ្រឿង​រត់​ច្រាសទិស​គ្នា ម៉ាក​គៀ ពណ៌​ស ពាក់​ផ្លាក់លេខ​ភ្នំពេញ 3A.7470 ដែលមាន​បើកបរ​ដោយ​ឈ្មោះ ឃុ​ត ឈៀក ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ដែលមាន​ទីលំនៅ​ភូមិ​ព្រៃ​ចារ ឃុំ​ព្រៃ​ចារ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។ បន្ទាប់ពី​បិ​ក​រថយន្ត​គៀរ​នោះ​រួចហើយ រថយន្ត​ដដែល​នេះ បាន​ជ្រុល​បុក​ជា​រថយន្ត​១​គ្រឿង​ផ្សេងទៀត​ម៉ាក​ប៉ា​សេ​រ៉ូ ស្ព័​រ ព​ណ៍ស បើកបរ​ដោយ​ឈ្មោះ តង់ ប៉ូ​ហេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ដែលមាន​ទីលំនៅ​សង្កាត់​អូ​ឫស្សី ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ដែលមាន​ទិសដៅ​ផ្ទុយគ្នា​ពី​ត្បូង​ទៅ​ជើង​។​

​សមត្ថកិច្ច បញ្ជាក់ថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយសារ រថយន្ត​សាំ​យ៉ុង ដែល​បង្កហេតុ បាន​បែក​កង់​មុខ​ខាងឆ្វេង បណ្ដាល​ឲ្យ
​ខូច​រថយន្ត​សរុប​ទាំងអស់ ៣​គ្រឿង របួស​មនុស្ស​៣​នាក់ ធ្ងន់​២​នាក់ ស្រាល​១​។
​ជនរងគ្រោះ​ទាំងអស់​រួមមាន ៖ ១ . អ្នកបើកបរ​រថយន្ត​សាំ​យ៉ុង រងរ​បូស​ធ្ងន់​
២- ឈ្មោះ ជិន ប៊ុនថន អាយុ​២៩​ឆ្នាំ នាក់​ជិះ​ក្នុង​រថយន្ត​សាំ​យ៉ុង មាន​ទីលំនៅ​ភូមិ​ពោ​ធ៍ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម របួសធ្ងន់​។​ទី​៣-​ឈ្មោះ អុន ស្រូ​យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នាក់​ជិះ​ក្នុង​រថយន្ត​សាំ​យ៉ុង មាន​ទីល​នៅ​ភូមិ​ពោ​ធ៍ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម រងរបួស​ស្រាល និង​អ្នកបើកបរ​រថយន្ត​ប៉ា​សេ​រ៉ូ និង​រថយន្ត​ម៉ាក​គៀ មិនមាន​រង​បួស​ទេ​។​
​បច្ចុប្បន្ន សមត្ថកិច្ច បាន និង​កំពង់ រៀបចំ​ឯកសារ​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ​៕ ដោយ ៖ សុផល


កម្ពុជា លាតត្រដាង​ក្នុង UN ពី​ការជ្រៀតជ្រែក​របស់​មហា​អំណាច​តាមរយៈ​សិទ្ធិមនុស្ស ​

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ចប់​សេចក្តីថ្លែងការណ៍ នៅក្នុង​កិច្ចប្រជុំ​ទូទៅ​លើក​ទី​៧៣ នៃ​មហាសន្និបាត អង្គការសហប្រជាជាតិ​ហើយ​កាលពី​ម៉ោង​ប្រមាណ ១៖០៣​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ ម៉ោង​នៅ​កម្ពុជា​។​ក្នុងចំណោម​ខ្លឹមសារ​សំខាន់ៗ​ជាច្រើន សុន្ទរកថា​នេះ បាន​សង្កត់ធ្ងន់​ពី​ការជ្រៀតជ្រែក​របស់​ប្រទេស​មហាអំណាច​ទៅលើ​ប្រទេស​ដទៃ​តាម រយៈ​ការប្រើ​លេស​«​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​»​។​

​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើងថា ប្រទេស​មហាអំណាច​មួយ​ចំនួន​កំពុង​យក «​បញ្ហា​សិទ្ធិមនុស្ស​» ធ្វើជា​ខែល​បិទបាំង​មហិច្ឆតា​ពិសពុល​របស់​ពួកគេ ដើម្បី​មាន​លេស​ឈានចូល​ជ្រៀតជ្រែក​លើ​ការងារ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​។​
​បញ្ហា​សិទ្ធិមនុស្ស និង​ការអនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ ត្រូវបាន​គេ​មើលឃើញ​ជា​បញ្ហា​ដ៏​ពេញនិយម របស់​ប្រទេស​លោក​សេរី រួមទាំង​អាមេរិក​ផង តែងតែ​យក​ធ្វើជា​លេស ដើម្បី​ធ្វើជា​ទណ្ឌកម្ម ឬ​ឈានដល់​ផ្តួលរំលំ​របប​ដឹក​នាំនៅ​បណ្តា​ប្រទេស​មួយចំនួន​ថែម​ទៀតផង​។​

​នៅក្នុង​ប្រទេស​កម្ពុ​ជានា​ពេលបច្ចុប្បន្ន ក៏​ដូចគ្នា​ផងដែរ បញ្ហា​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នេះ ក្លាយទៅជា​ចំណោទបញ្ហា​មួយ ដែល​អាមេរិក និង​លោក​សេរី​មួយចំនួនទៀត​យក​ធ្វើ​បញ្ហា​វាយប្រហារ​លើ​រាជរដ្ឋាភិបាល​កម្ពុជា​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា បញ្ហា​សិទ្ធិមនុស្ស​នាពេល​បច្ចុប្បន្ន​នេះ បានក្លាយ​ទៅជា «​បេសកកម្ម​ដើម្បី​បំពាក់​អរិយធម៌​» សម្រាប់​ប្រទេស​មានអំណាច​មួយចំនួន ឬក៏​អាច​និយាយបានថា ជា​និយាម​ប្រតិបត្តិ​ថ្មី ដែល​គេ​យក​ធ្វើជា​លេស​សម្រាប់​លូកដៃ​ជ្រៀតជ្រែក​ការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ​ថា «​មជ្ឈដ្ឋាន​ខាងក្រៅ​មួយចំនួន ដែល​ចិញ្ចឹម​ជាប់​នូវ​មហិច្ឆតា​ប៉ុនប៉ង​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា នៅតែ​ធ្វើជា​មើលមិនឃើញ​នូវ​គុណភាព និង​សុចរិត​ភាព​នៃ​ដំណើរការ​បោះឆ្នោត​របស់​យើង​តាមរយៈ​ការចេញ​សេចក្តីថ្លែងការណ៍​នានា ប្រឆាំងនឹង ឬ វាយប្រហារ​លើ​លទ្ធផល​បោះឆ្នោត​នេះ ដែល​ទង្វើ​នេះ គឺជា​ការប្រមាថ​ធ្ងន់ធ្ងរ​ចំពោះ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​៕

ស្ត្រី​ម្ចាស់​រូបថត​បីកូន​រត់គេច​ពីរ​បប ប៉ុល ពត បានទទួល​មរណភាព​ហើយ

​ភ្នំពេញ ៖ ស្រី្ត​ខ្មែរ​មួយរូប​ដែល​មនុស្ស​ជាច្រើន​បាន​ស្គាល់ តាមរយៈ​រូបថត​បីកូន​តូច​មួយ​នៅក្នុង​ដៃ រួម និង កូនប្រុស ស្រី​ឈរ​អម​សងខាង ក្នុង​ទិដ្ឋភាព​គួរអោយ​សង្វេគ​នោះ បានទទួល​មរណភាព​ហើយ ក្នុង​វ័យ ៨៦​ឆ្នាំ កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ កន្លងទៅនេះ នៅ​ទីក្រុង​ពែ​រី​ញើ ប្រទេស បារាំង ។ នេះ​បើ តាម​ព័ត៌មាន​ដែល​គេ​បង្ហោះ​នៅតាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​។

​រូបថត​មួយ​សន្លឹក ដែល​យើង​បានឃើញ​នេះ អាច​បង្ហាញ​ពី​កាលបរិច្ឆេទ នៃ​អតីតកាល​ដ៏​ឈឺ ចាប់​មួយ ដែល​ខណៈនោះ នៅ​ទូទាំង​កម្ពុជា កំពុង​វឹកវរ​ក្នុងពេល​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ទើប​ត្រូវបាន​ផ្តួលរំលំ ហើយ​ស្ត្រី​រូបនេះ ត្រូវបាន​ជម្លៀស​ទៅកាន់​ប្រទេស​ទី​៣ ឆ្លងកាត់​តាម​ប្រទេស ថៃ​។

​បើតាម​ការផ្សព្វផ្សាយ​ពី​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បាន​ចែកចាយ បន្ត​គ្នា​នូវ រូបថត និង​ព័ត៌មាន​ស្តីពី​ស្ត្រី​បីកូន​រត់គេច​ពី​សង្គ្រាម​ក្នុងអំឡុង​ឆ្នាំ​១៩៧៩ ក្នុង​ឈុត​សំលៀកបំពាក់ ពណ៌​ខ្មៅ បីកូន​តូច​ក្នុង​ដៃ​ម្នាក់ និង​ឈរ​អមដោយ​កូនប្រុស ស្រី ក្នុង​អាកា​រៈ​ស្លេកស្លាំង​ស្គមស្គាំង ដែល​មើលទៅ​គួរ​ឲ្យ​សង្វេគ​នោះ បានធ្វើ​ឲ្យ​ពិភពលោក​ចាប់អារម្មណ៍​ជាខ្លាំង ក្រោយពី​រូបថត​នេះ ត្រូវបាន​ត្រូវ គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ រួម​និង​រូបសំណាក​ថ្ម​មួយ​ផ្ទាំង ដែល​គេ​បាន​ឆ្លាក់​តាម លំនាំ​រូបថត និង ដាក់​តាំងនៅ​សួន​សាធារណៈ​មួយ​នៅ​ប្រទេស​បារាំង ដើម្បី​រំលឹក​ពី​អនុស្សាវរីយ៍ នៃ​ការចងចាំ​ដ៏​ឈឺចាប់ ក្នុង​របប​វាលពិឃាត​របស់ ប៉ុល ពត​។ រូបសំណាក​នេះ បង្ហាញ ពី​ទុក្ខសោក នៃ​ស្ត្រី និង​កុមារ កម្ពុជា​ដែល​រងគ្រោះ​ដោយសារ​របប​ប្រល័យពូជសាសន៍ ប៉ុលពត និង រងគ្រោះ ដោយសារ​ភ្លើងសង្គ្រាម​ផ្ទៃក្នុង​រ៉ាំរ៉ៃ នៅ​ប្រទេស​កម្ពុជា​ផងដែរ​។​

​យ៉ាងណាក៏ដោយ នៅមុន​ពេលដែល​មានកា​រ​ផ្សព្វផ្សាយ​ថា ស្ត្រី​ខាងលើនេះ​បានទទួល មរណភាព មាន​មជ្ឈដ្ឋាន​ជាច្រើន​នៅតែ​មិនទាន់​បានដឹង​ច្បាស់​ថា គាត់​កំពុង​រស់នៅ​ទីណា​ឲ្យ​ពិត ប្រាកដ​នោះឡើយ ហើយក៏​គ្មាន​ប្រភព​ណាមួយ​ចេញមក​បង្ហាញ​រៀបរាប់​ពី​ជីវិត​ពិត​របស់គាត់ នៅ មុន និង​ក្រោយពេល​បាន​ចាក​ចេញពី​កម្ពុជា ទៅដល់​ប្រទេស​បារាំង​នោះដែរ​។​

​បើតាម​ហ្វេ​ស​ប៊ុ​ក ស្ត្រី​វ័យ​ចំណាស់​រូបនោះ​ឈ្មោះ តោង អូន (​ថោង អូន​)​កើត​ក្នុង​ឆ្នាំ ១៩៣២ (១-​កក្កដា ១៩៣២)​នៅក្នុង​រាជធានី​ភ្នំពេញ​។ គាត់​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ លោក ថោង សំ និង​មានកូន​ចំនួន ៥​នាក់ ប្រុស​៤ ស្រី​១​។​
​នៅក្នុង​របប​គុក​ឥត​ជញ្ជាំង​នៃ​បន​ប្រល័យពូជសាសន៍ ពុល ពត លោកស្រី បាន​ទទួលរង​ទុក្ខ វេទនា ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ក្នុងសម័យ​នោះដែរ​។ លុះដល់​ឆ្នាំ​១៩៧៩ រូបគាត់ និង​កូនៗ បាន​រត់​ភៀសខ្លួន​ជាមួយ​ស្វាមី ទៅ​ជ្រកកោន​ក្នង​ជំរុំ​តាម​ព្រំដែន​ថៃ ជាប់​ព្រំដែន​ប្រទេស​កម្ពុជា ក្នុង ឋានៈ​ជា​ជនភៀសខ្លួន ហើយ​បន្ទាប់មក​ត្រូវបាន​បញ្ជូនទៅ​រស់នៅ​ប្រទេស​បារាំង​រហូតមក​។​

​ប្រភព​ដដែល​បង្ហាញថា កូនប្រុស​តូច​ដែល​បី​នៅក្នុង​ដៃ​ឈ្មោះ តោង សំណាង បច្ចុប្បន្ន​មាន អាយុ ៣៩​ឆ្នាំ រស់នៅ​ប្រទេស​បារាំង​, ក្មេងស្រី ដែល​ឈរ​នៅ​ខាងឆ្វេង​ដៃ ឈ្មោះ តោង សុភាព មាន​អាយុ ៤២ ឆ្នាំ រស់នៅ​ប្រទេស​បារាំង ,​ក្មេងប្រុស​ឈរ​នៅ​ខាងស្ដាំ​ដៃ ឈ្មោះ តោង សារឿន មាន​អាយុ ៤៧ ឆ្នាំ រស់នៅ​ប្រទេស​បារាំង​ជាមួយគ្នា​៕


វេទិកា បូ​អាវ ជា​ឱកាស​សម្រាប់​កម្ពុជា​ទាក់ទាញ​វិនិយោគិន​ពី​ប្រទេស​ក្នុង​តំបន់

វេទិកា បូ​អាវ ជា​ឱកាស​សម្រាប់​កម្ពុជា​ទាក់ទាញ​វិនិយោគិន​ពី​ប្រទេស​ក្នុង​តំបន់
​ភ្នំពេញ ៖ វេទិកា​បូ​អាវ​សម្រាប់​អាស៊ី ដែល​រៀបចំ​ធ្វើឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ឆ្នាំនេះ ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រួមគ្នា សំដៅលើ​ពាណិជ្ជកម្ម​ចិន​-​កម្ពុជា ក្នុង​សម័យកាល​ថ្មី​។ វេទិកា​នេះ​ត្រូវបាន​ចាត់ទុកថា នឹង​ផ្តល់​ឳ​កាស​ធំធេង​សម្រាប់​កម្ពុជា ទាក់ទាញ​វិនិយោគិន​កាន់តែច្រើន​ពី​ប្រទេស​ចិន និង​ជា​ស្ពាន​សម្រាប់​ត​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​នៅក្នុង​តំបន់​។

នៅក្នុង​វេទិកា​បូ​អាវ​សម្រាប់​អាស៊ី ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៦ ខែកញ្ញា កន្លងទៅនេះ នៅ​សណ្ឋាគារ​ស៊ូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានបង្ហាញ​ជំនឿ​ថា​វេទិកា​បូ​អាវ​សម្រាប់​អាស៊ី និង​គំនិត​ផ្តួចផ្តើម​បើកចំហ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ របស់ លោក ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន នឹង​ក្លាយជា​ឱកាស​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​សមាជិក​ដទៃទៀត ។

​លោក​រដ្ឋមន្ត្រី មានប្រសាសន៍ថា នៅក្នុង​ចំណោម​ប្រទេស​ទាំង​២៩ ដែល​បាន​ព្រមព្រៀង​បង្កើត​វេទិកា​បូ​អាវ​សម្រាប់​អាស៊ី កម្ពុជា​គឺជា​ប្រទេស​ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​គម្រោង «​ផ្លូវ​១ ខ្សែក្រវ៉ាត់​១» និង​មាន​កំណើនសេដ្ឋកិច្ច​រឹង​មាំ នៅក្នុង​ចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លូតលាស់​លឿន​ជាងគេ​នៅ​អាស៊ី ។ លោក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​តំណាង​វិស័យ​ឯកជន​កម្ពុជា និង​សហគ្រាស​-​ក្រុមហ៊ុន​ប្រទេស​ចិន ក៏ដូចជា​បណ្តា​ប្រទេស​សមាជិក​នៃ​វេទិកា​បូ​អាវ ប្រើប្រាស់​ឱកាស​ដើម្បី​បន្ត​វប្បធម៌​សន្ទនា និង​ចែករំលែក ព្រមទាំង​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ដើម្បី​ផលប្រយោជន៍​រួម​នៅក្នុង​តំបន់ ក៏ដូចជា​ក្នុង​សកលលោក​។

​គួរ​បញ្ជាក់ថា វេទិកា​បូ​អាវ​សម្រាប់​អាស៊ី គឺជា​អង្គការក្រៅរដ្ឋាភិបាល​អ​ន្ដ​រ​ជាតិ មិន​ស្វែងរក​ប្រាក់ចំណេញ ដែលមាន​កាលបរិច្ឆេទ​រៀបចំ​សន្និសីទ​ច្បាស់លាស់ និង​មាន​ទីស្នាក់ការ​អចិន្ត្រៃយ៍​នៅ​ទីក្រុង​បូ​អាវ ខេត្ត​ហៃ​ណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ វេទិកា​នេះ ត្រូវបាន​ផ្តួចផ្តើម​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៩៨ ដោយ លោក Fidel V. Ramos (​ហ្វី​ដែល វី រ៉ា​ម៉ូ​ស ) អតីត​ប្រធានាធិបតី​ហ្វីលីពីន​, លោក Bob Hawke ( បប់ ហាវ​ក៍ ) អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​ឯកឧត្តម Morihiro Hosokawa (​ម៉ូ​រី​ហិ​រ៉ូ ហូ​សូ​កា​វ៉ា ) អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន និង​មានការ​គាំទ្រ​ពី លោក ហ៊ូ ជីន​តាវ អតីត​ប្រធានាធិបតី​ចិន ។ វេទិកា​នេះ ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០០១ ហើយ​បានផ្តល់​ឱកាស​ដល់​ប្រមុខ​រដ្ឋាភិបាល ថ្នាក់ដឹកនាំ​វិស័យ​ឧស្សាហកម្ម និង​ធុរកិច្ច និង​បញ្ញាវន្ត​ក្នុង​ទ្វីបអាស៊ី និង​ទ្វីប​ដទៃទៀត ធ្វើការ​សន្ទនា​គ្នា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ សំដៅ​សម្រេចបាន​នូវ​ការអភិវឌ្ឍ​រួម តាមរយៈ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច ទៅក្នុង​តំបន់ និង​ពិភពលោក ៕


​តុលា​ការ​កំពូល​ជម្រះ​សំណុំរឿង​វិវាទ​រវាង​អ្នក​បឹងកក់ និង​សន្តិសុខ​ខណ្ឌដូនពេញ​

​ភ្នំពេញ ៖ តុលាការ​កំពូល​បាន​លើកយក​បណ្តឹង​សារទុក្ខ​របស់​អតីត​សកម្មជន​បឹងកក់​២​រូប មក​ជំនុំជម្រះ ពាក់ព័ន្ធ​ជម្លោះ​ហិង្សា​នៅ​រមណីយដ្ឋាន​វត្តភ្នំ​កាលពី​ឆ្នាំ ២០១៣ ដែល​ចោទ​កងសន្តិសុខ​ខណ្ឌ​ដូន ពេញ ថា បាន​បាញ់​គ្រាប់​ចម្ពាម​ចំ​ដើមទ្រូង និង​ប្រើ​ដំបង​វាយ​ឲ្យ​របួស​ដេរ​ជាច្រើន​ថ្នេរ​។​

​ថ្លែង​ពេល​ចេញពី​បន្ទប់​សវនាការ​លោកយាយ ង៉ែត ឃុន ហៅ ម៉ាំ​មី អាយុ ៧៨ ឆ្នាំ និង​អ្នក ស្រី ផាន់ ឈុន​រ៉េត អាយុ​៦០​ឆ្នាំ ដែលជា​ដើមបណ្ដឹង​បាន​រៀបរាប់​ពី​ការប្រើ​អំពើហិង្សា​មកលើ​ពួក គាត់​ថា កាលពី​យប់​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៣ ពួកគាត់​ជា​អ្នក​បឹងកក់​ជាង​១០​នាក់ បាននាំគ្នា​ទៅ​រមណីយដ្ឋាន​វត្តភ្នំ​ដើម្បី​ធ្វើ​ពិធី​សមាធិ​ក្នុង​បំណង​ឱ្យ​អាជ្ញាធរ​ដោះលែង​អ្នកស្រី យ៉ោ​ម បុប្ផា និង​ឲ្យ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​តំបន់​បឹងកក់​។​

​ទោះយ៉ាងណា​លោក​ចៅក្រម គង់ ស្រ៊ី​ម បាន​ពន្យល់​ប្រាប់​ទៅ​ដើមបណ្តឹង​ទាំង​២​នាក់ ថា ៖ «​តាមផ្លូវ​ច្បាប់​កាលណា​ជនបង្ក​ធ្វើ​ឲ្យ​អ្នកដទៃ​មាន​របួសស្នាម ប៉ុន្តែ​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​គឺ​ចៅក្រម​គេ​លើកលែង​ការចោទប្រកាន់​ហើយ​»៕

​ប្រមុខ​ការទូត​កម្ពុជា នឹងធ្វើ​ទស្សនកិច្ច​នៅ​តួ​ក​គី នា​ដើមខែ​តុលា​

​ភ្នំពេញ ៖ តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋា​ភិ​បា​ល​ប្រទេស​ទួ​ក​គី ​លោក ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិ​ការន្តរ​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹងអញ្ជើញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ​នៅ​ទីក្រុង​អង់កា​រ៉ា ប្រទេស​ទួ​ក​គី ចាប់ពី​ថ្ងៃទី​១ ដល់ទី​៣ ខែតុលា ខាងមុខនេះ​។ នេះ​បើតាម​លិខិត​ជូនដំណឹង​របស់​ក្រសួងការបរទេស​កម្ពុ​ជា ចុះថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ ។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ប្រាក់ សុខុន នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ចុះ អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ ទំនង​អន្តរជាតិ​នៃ​ក្រសួងការបរទេស​កម្ពុ​ជា និង​បណ្ឌិតសភា​ការទូត នៃ​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​ទួ​ក​គី​ផងដែរ​៕