ភ្នំពេញ ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានធ្វើការកែសម្រួលខ្សែរត់ចាស់ និងបន្ថែមខ្សែរត់ថ្មីរបស់រថយន្តក្រុង ដោយគ្រោងនឹងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ កញ្ញា ២០១៨នេះ។
អាជ្ញាធររាជធានីបញ្ជាក់ថា ការកែសម្រួល និងបន្ថែមខ្សែរត់ថ្មីរបស់រថយន្តក្រុងនេះ គឺដើម្បីពង្រីកវិសាលភាពនៃការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ជូនប្រជាពលរដ្ឋ ស្របពេលដែលរថយន្តក្រុងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នឹងមកដល់គ្រប់ចំនួន ៨០គ្រឿង នៅចុងឆ្នាំ ២០១៨ ខាងមុខនេះ។
សូមជម្រាបថា ខ្សែរត់រថយន្តក្រុងចាស់ដែលត្រូវកែសម្រួល មានចំនួន ៧ខ្សែ ឯបណ្តាញខ្សែរត់ដែលត្រូវបន្ថែមថ្មីមានចំនួន ៤ខ្សែ ហើយនឹងត្រូវដាក់ឲ្យអនុវត្តន៍នៅថ្ងៃទី១ ខែតុលា ឆ្នាំ ២០១៨ ខាងមុខនេះ៕

ភ្នំពេញ ៖ សមាជិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានជួបប្រជុំផ្ទៃក្នុងប្រចាំខែរបស់ខ្លួនជាលើកដំបូង កាលពីថ្ងៃទី២៧ កញ្ញា នៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីស្វែងយល់ពីគ្នារវាងសមាសភាពដែលមកពីគណបក្សផ្សេងៗគ្នា និងបានលើកឡើងពីបញ្ហាមួយចំនួន ក្នុងនោះក៏មានបញ្ហាជម្លោះ ដីធ្លី និងការចាក់ដីលុបឆ្នេរសមុទ្រផងដែរ ប៉ុន្តែមិនទាន់មានការសម្រេចបែបណានៅឡើយទេ។
ជំនួបពិភាក្សានេះធ្វើឡើងបន្ទាប់ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មួយចំនួនបានចុះទៅធ្វើការស្រាវជ្រាវលើបណ្តឹងផ្សេងៗ បន្ទាប់ពីពួកគេបានទទួលពីពលរដ្ឋ ដើម្បីផ្តល់យោបល់ និងលើកសំណើទៅកាន់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចាត់វិធានការដោះស្រាយ។
សូមជម្រាបថា ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០១៨ ដោយមានសមាសភាពចូលរួមពីគណបក្សចំនួន១៦ ដែលមិនមាន អាសនៈក្នុងសភា ដោយប្រធានគណបក្សទាំងនីមួយៗ ត្រូវផ្តល់ឋានៈស្មើទេសរដ្ឋមន្ត្រី៕

ភ្នំពេញ ៖ សម្តេចក្រឡហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យ ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ខាងមុននេះ។ ការអំពាវនាវនេះ ដោយសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌម្តងៗ ពលរដ្ឋតែង តែ មានភាពមមា ញឹកក្នុង ការធ្វើចរាចរណ៍ដោយយានយន្តដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏បានតម្រូវឲ្យអ្នកបើកបរ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេក ទេសយានជំនិះរបស់ខ្លួនជានិច្ច ពិសេស កង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺមុខក្រោយ ហើយមុនពេលធ្វើ ចរាចរណ៍ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព និងពាក់មួកសុវត្ថិភាព ឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកទប់ ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយក្នុងឱកាសជួបជុំក្រុម គ្រួសារ អំឡុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៕

ភ្នុំពេញ ៖ បានប្រកាសពន្យារពេបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០១៨ នេះ រហូតដល់ថ្ងៃទី៣១ ខែតុលា។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៨ ខែកញ្ញា។
អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា ការពន្យារពេលនេះ គឺដើម្បីផ្តល់លទ្ធភាពជូនដល់ម្ចាស់អចលនទ្រព្យដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធ បន្ទាប់ពីខ្លួនបានពិនិត្យឃើញថា រហូតមកដល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួន នៅមិនទាន់បង់ពន្ធនៅឡើយ។
សេចក្តីជូនដំណឹង បានលើកឡើងថា អ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ចប្រកាសបង់ពន្ធលើអចលនទ្រព្យ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។ ផុតរយៈពេលនេះ អ្នកជាប់ពន្ធ នឹងត្រូវទទួលរងទោសទណ្ឌស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន៕

ភ្នំពេញ ៖ ឆាប់ៗខាងមុខនេះ ក្រោយពីមើលឃើញពីអត្រាអ្នកស្លាប់ដោយសារការជក់បារីក្នុង១ឆ្នាំៗ មានការកើនឡើង និងការចំណាយថវិកាយ៉ាងច្រើនលើការព្យាបាលជំងឺ។
តាមការបញ្ជាក់របស់លោក អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងសិក្ខាសាលាស្ដីពីការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ កាលពីថ្ងៃទី២៧ កញ្ញា។
លោក អ៊ឹង ភីរុន បានរៀបរាប់ថា ក្រសួងមានក្រុមមន្ត្រីអធិការកិច្ចជាង៥០០នាក់ ដើម្បីចុះអនុវត្តលើវិធានការនេះ។ ក្រសួងនឹងពិន័យអ្នកជក់បារី នៅកន្លែងតាមទីសាធារណៈ និងកន្លែងហាមឃាត់ចំនួន២ម៉ឺនរៀលក្នុង១លើក និងពិន័យ៤ម៉ឺនរៀល ក្នុង១លើក ចំពោះម្ចាស់អាជីវកម្មទាំងឡាយណា ដែលបណ្ដោយឲ្យភ្ញៀវជក់បារី នៅក្នុងហាង ភោជនីយដ្ឋាន ឬសណ្ឋាគារ ជាដើម៕
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសេចក្តីប្រកាសព័ត៌មានថា ស្ថានទូតកម្ពុជាប្រចាំប្រទេសតួកគី នឹងលេចចេញជារូបរាងនៅឆ្នាំ២០១៩ ខាងមុខ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ការបើកស្ថានទូតនៅតួកគី នេះ ដើម្បីជំរុញកិច្ចសហប្រតិ បត្តិការ និងភាពជាដៃគូយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ និងអាស្រ័យដោយមានកំណើននៃផល ប្រយោជន៍រវាងប្រទេសទាំងពីរ ទើបកម្ពុជាសម្រេចបើកស្ថានឯកអគ្គរាជទូតនៅក្រុងអង់ការ៉ា ប្រទេស តួកគី។
គួរជម្រាបថា កន្លងមកភាគីទាំងពីរ ក៏បានព្រមព្រៀងគ្នាបង្កើតកិច្ចសហប្រតិបត្តិការរវាងវិទ្យា ស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងបណ្ឌិតសភាការទូតនៃក្រសួងការបរទេសតួកគីផងដែរ ហើយក្នុងដំណើរទស្សនកិច្ចនៅប្រទេស ទួកគី ឯ.ឧ ប្រាក់ សុខុន នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាបំពេញបន្ថែមលើអនុស្សារណៈ យោគយល់គ្នា នៅដើមខែតុលា ខាងមុខនេះ៕

ភ្នំពេញ ៖ ក្នុងលិខិតចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹង ស្ដីពីរដូវបើកនេសាទឆ្នាំ ២០១៨-២០១៩ សម្រាប់សាធារណជន និងអ្នកនេសាទ ដូចខាងក្រោម ៖ ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែឧសភា ចំពោះដែននេសាទទឹកសាប ដែលស្ថិតនៅខាងជើងខ្សែស្របចតុមុខ រួមមានខេត្តទាំងអស់ជុំវិញបឹងទន្លេសាប និងបណ្ដាខេត្ត កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ និងរាជធានីភ្នំពេញ ព្រមទាំងខេត្តកណ្ដាល ផ្នែកខាងជើងទន្លេចតុមុខ។
ដោយឡែក ខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី១ ខែឧសភា។
ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែមិថុនា ចំពោះដែននេសាទទឹកសាបដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ រួមមាន រាជធានីភ្នំពេញ នៅផ្នែកខាងត្បូងចតុមុខ ខេត្តកណ្ដាល ព្រៃវែង តាកែវ កំពង់ស្ពឺ និងខេត្តស្វាយរៀង៕

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នេះ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាជប៉ុន ដឹកនាំដោយលោក ជីរ៉ូ កាវ៉ាសាគី (Jiro KAWASAKI) ទទួលបន្ទុកលើសកម្មភាពអង្គការអន្តរជាតិ ការងារអាយឡូ (ILO) ដែលផ្តោត សំខាន់លើការអនុវត្តគម្រោងលើកទី២ ស្តីពីការលើកកម្ពស់សុខភាព និងសុវត្តិភាពការងារ ក្នុង វិស័យសំណង់ឆ្នាំ២០១៨-២០២០។
លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន បញ្ជាក់ថា គម្រោងនេះ គឺផ្តល់នូវការបណ្តុះបណ្តាលខាងសុវត្ថិភាពនៃការដ្ឋានសំណង់ ដែល បង្រៀនឲ្យដឹងពីការការពារសុវត្ថិភាពនៅកន្លែងដែលមានគ្រោះថ្នាក់ និងបង្រៀន អំពីរបៀបដឹក ជញ្ជូនសម្ភារៈជាដើម។ ឯកឧត្ដម បានបន្ថែមថា ការបណ្តុះបណ្តាលនេះ ធ្វើឡើងចំពោះគ្រូបង្គោល ដើម្បីអនុវត្តបន្តដល់កម្មករក្នុងការដ្ឋានសំណង់ បើគិតរហូតមកទល់ពេលនេះ ក្រុមការងារបណ្តុះ បណ្តាលគ្រូបង្គោល បានកើនឡើងរហូតដល់ខ្ទង់ពាន់នាក់ហើយ នៅតាមរាជធានី\ខេត្តនៅទូទាំង ប្រទេស៕

ពោធិ៍សាត់ ៖ លោក ហេង សុភាណា អភិបាលស្រុកវាលវែង រួមនិងមន្ត្រីអភិរក្សសត្វព្រៃជួរភ្នំក្រវាញភាគកណ្តាល មន្ត្រីបរិស្ថានប៉ូលីសវរៈការពារព្រំដែន និងប្រជាពលរដ្ឋ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បានដឹកសត្វក្រពើភ្នំមួយក្បាល ដែលជាប់មងអ្នកនេសាទនៅក្នុងស្ទឹងមេទឹក ឃុំថ្មដា នាំយកទៅលែងនៅកន្លែងដើមវិញហើយ។
សូមរំលឹកថា បុរសម្នាក់ឈ្មោះ មឿន មីន បានថ្លែងឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០១៨ រូបគាត់បានទៅរាយមងរកត្រីនៅចំណុចស្ទឹងមេទឹក រួចក៏ទៅសម្រាកនៅផ្ទះ។លុះព្រឹកឡើងថ្ងែទី២៥ ខែកញ្ញា រូបគាត់ក៏ទៅដោះមង។ ភ្លាមនោះស្រាប់តែឃើញ មង ជាប់សត្វក្រពើដ៏ធំមួយក្បាលទម្ងន់ប្រមាណ ១៧០គីឡូក្រាមនេះតែម្តង។
អាជ្ញាធរ បានផ្តល់ថវិកាចំនួន៦០០ដុល្លារ ដល់អ្នកដាក់មងជាប់សត្វក្រពើ និងបានអំពាវនាវ ឲ្យប្រុងប្រយ័ត្ន រួមទាំងហាមប្រាមមិនត្រូវបរបាញ់ឫដាក់អន្ទាក់ចាប់សត្វឡើយ៕

ភ្នំពេញ ៖ លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានអះអាងថា រាជរដ្ឋាភិបាលនឹងចំណាយថវិកាជាតិប្រមាណជាង ៨លានដុល្លារ ដើម្បីធ្វើជំរឿនប្រជាពលរដ្ឋនៅឆ្នាំក្រោយ។ ការចំណាយថវិកាជាតិទាំងស្រុងនេះ ដោយសារតែប្រទេសជាដៃគូជំនួយមួយចំនួន បានបញ្ឈប់ការផ្តល់ជំនួយ។
ថ្លែងក្នុងពិធីប្រកាសគណៈកម្មាធិការជំរឿនប្រជាជន និងពិធីទទួលសម្ភារៈជំរឿនពីសាធារ ណរដ្ឋ ប្រជាមានិតចិន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ កញ្ញា ម្សិលមិញ នេះ ឯ.ឧ. ឆាយ ថន បានថ្លែងថា ដោយសារជំរឿនត្រូវតែអនុវត្តរៀងរាល់ ១០ឆ្នាំម្ដង មិនអាចខ្វះបាន ដូច្នេះការធ្វើជំរឿននៅឆ្នាំ២០១៩ ខាងមុខនេះ គឺមានសារៈសំខាន់សម្រាប់រដ្ឋាភិបាលអាចតាក់តែងគោលនយោបាយបានត្រឹមត្រូវ និងអនុវត្តកម្មវិធីផ្សេងៗឲ្យទទួលបានតុល្យភាព។
លោកបន្តថា ជំរឿន គឺជាការងារដ៏ធំសម្បើមត្រូវចំណាយថវិកាច្រើនដែលស្ទើរតែបណ្តាប្រទេសកំពុងអភិវឌ្ឍន៍តិចតួចមិនអាចរ៉ាប់រងបានដោយគ្មានដៃគូជួយនោះឡើយ៕

ស៊ីរី ៖ ដំណាលពេលដែលប្រទេសនេះ ប្រឈមនឹងការគំរាមវាយប្រហារពីប្រទេស អ៊ីស្រាអែល និង សហរដ្ឋអាមេរិក ដូចដែលធ្លាប់បានកើនឡើងកន្លងមក ។
រដ្ឋាភិបាល ស៊ីរី ឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាស S-300 ដំឡើងក្រោមគោលដៅការពារ ហើយមួយចំនួនបានទៅដល់ប្រទេស ស៊ីរី ប៉ុន្តែ S-300 ស៊េរីថ្មី នឹងត្រូវបានដំឡើង គឺប្រព័ន្ធការពារដែនអាកាស Il 20 ដែលមានសមត្ថភាពចាប់យកសញ្ញាកាន់តែល្អ ហើយប្រព័ន្ធអាវុធនេះ គ្មានតួនាទីជាអាវុធវាយប្រហារឡើយ ។
មន្ត្រីរដ្ឋាភិបាល ស៊ីរី អះអាងថា ប្រទេស អ៊ីស្រាអែល ក្រោមការគាំទ្រដោយ សហរដ្ឋអាមេរិក មានបំណងលុកលុយ ស៊ីរី ជាច្រើនលើក ក្រោមលេសផ្សេងៗ ប៉ុន្តែនៅពេលក្រោយ ប្រសិនបើ អ៊ីស្រាអែល មានចេតនាដូច្នេះ ត្រូវតែគិតឲ្យបានច្បាស់លាស់ ៕
រុស្ស៊ី ៖ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី ព្រមានថា ការដកខ្លួនរបស់សហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ ធ្វើឲ្យកើតឡើងនូវការគំរាមថ្មីសម្រាប់ប្រទេសមួយដែលមិនមែនជាសមាជិកសន្ធិសញ្ញាមិនរីកសាយភាពអាវុធនុយក្លេអ៊ែរ ។
នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានតែ សហរដ្ឋអាមេរិក មួយប៉ុណ្ណោះ ដែលមិនគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ក្រៅពីនេះ រុស្ស៊ី ចក្រភពអង់គ្លេស បារាំង ចិន នៅរក្សាកិច្ចព្រមព្រៀងនោះ ជាមួយនឹងប្រទេសហត្ថលេខីដទៃទៀត មាន អាល្លឺម៉ង់ និង សហភាពអឺរ៉ុប ។
កិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ បង្កើតឡើងក្នុងអាណត្តិលោក បារ៉ាក់ អូបាម៉ា ដោយបញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចដាក់ទៅលើប្រទេស អ៊ីរ៉ង់ ជាថ្នូរនឹងការលះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ ប៉ុន្តែលោក ដូណាល់ ត្រាំ អះអាងថា កិច្ចព្រមព្រៀងនោះ មិនអាចរារាំង អ៊ីរ៉ង់ មិនឲ្យអភិវឌ្ឍអាវុធជារៀងរហូតឡើយ៕

ភ្នំពេញ ៖ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ កញ្ញា បានកោះអញ្ជើញ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ឲ្យចូលពិភាក្សាក្រោយ ពីលោក ដាក់លិខិតមួយច្បាប់ស្នើសុំអន្តរាគមន៍ពីក្រសួង ទាមទារយកគណបក្សអំណាចខ្មែរ ពី លោក សួង សុភ័ណ្ឌ មកវិញ។ កិច្ចពិភាក្សានឹងរសៀលថ្ងៃទី២៧ កញ្ញា នេះ នៅក្រសួងមហាផ្ទៃ។
សូមជម្រាបថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមសមាជិកគណៈអចិន្ត្រៃយ៍នៃគណ បក្សអំណាចខ្មែរ បានស្នើទៅ ឯ.ឧ. ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យនិរាករណ៍ឯកសារ លិខិត ស្នាមរបស់លោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរថ្មី និងបក្ខពួក ដោយចោទប្រកាន់ថា បានក្លែងបន្លំឯកសារដាក់ជូនក្រសួងមហាផ្តៃ ដើម្បីកាន់ កាប់គណបក្សមួយនេះ។
តាមការកត់សម្គាល់ ការបែកបាក់ ការដណ្ដើមយកតំណែងប្រធានគណបក្ស និងការ ហែកហួ គ្នារវាងអ្នកនយោបាយដណ្ដើមបក្សគ្នា តែងកើតជាញឹកញាប់ក្នុងឆាក នយោបាយនៅកម្ពុជា៕

ភ្នំពេញ ៖ អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នឹងប្រកាសសាលក្រមសំណុំរឿង០០២វគ្គ២ ពាក់ព័ន្ធនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន នៅថ្ងៃទី១៦វិច្ឆិកា ខាងមុខនេះ បើទោះបីជា ជនជាប់ចោទទាំង២ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត នៅក្នុងសំណុំរឿង០០២វគ្គ១ រួចហើយក៏ដោយ។ បើតាមសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃពុធ ទី២៦ ខែកញ្ញា នេះ។
គួររំឭកជូនថា សំណុំរឿង០០២ វគ្គ២ ផ្ដោតសំខាន់លើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋ កម្ម សង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម ពាក់ព័ន្ធនឹងសហករណ៍ មន្ទីរសន្តិសុខ ការរៀបការដោយបង្ខំ ការដ្ឋានការងារ ការបោសសម្អាតផ្ទៃក្នុង និងជម្លោះប្រដាប់អាវុធជាដើម ដោយមាន នួន ជា និង ខៀវ សំផន ជាជនជាប់ចោទ៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍