ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៨ បានសម្រេច ផ្ដន្ទាទោសមន្ត្រីការ ពារសិទ្ធិមនុស្សសមាគមអាដហុកចំនួន ៥នាក់ ឱ្យជាប់ពន្ធនាគារ ម្នាក់ៗចំនួន៥ឆ្នាំ តែទោសនេះត្រូវព្យួរ ។មន្ត្រីទាំង៥នាក់ ត្រូវបានដោះលែងឲ្យនៅ ក្រៅឃុំបណ្តោះអាសន្ន កាលពីឆ្នាំ២០១៧ ក្រោយ ពីបានអនុវត្តទោសក្នុងពន្ធនាគារ អស់រយៈពេល១ឆ្នាំ។
មន្ត្រីអាដហុកទាំងនេះរួមមាន លោក នី ចរិយា លោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុនី ត្រូវអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន អំឡុង ពេល ពួកគេបំពេញការងារមន្ត្រីសិទ្ធិមនុស្សក្នុងសំណុំរឿងអាស្រូវស្នេហារបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ជាមួយកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលគេ ដឹងថាជាស្ត្រីកំណាន់របស់ លោក កឹម សុខា កាលពីដើម ឆ្នាំ២០១៦ ដោយចោទពីបទ សូកប៉ាន់ និងសមគំនិតសូកប៉ាន់សាក្សី៕

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា នេះ បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាជាច្រើនរូប ទៅចូលរួមកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅចុងសប្ដាហ៍នេះ ក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក ។
ក្នុងឱកាសនោះ សម្តេចតេជោ នឹងធ្វើសេចក្ដីថ្លែងការណ៍នៅចំពោះមុខមហាសន្និបាត និងជួបពិភាក្សាការងារជាមួយមេដឹកនាំពិភព លោក សំខាន់ៗផ្សេងទៀត។ ស្របពេលជាមួយគ្នានេះ ក៏នឹងមានការត្រៀមគាំទ្រស្វាគមន៍ក្នុងដំណើរទស្សនកិច្ចនេះ ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិកផងដែរ។
សូមជម្រាបថា មហាសន្និបាតនេះ នឹងបន្តរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ នៅក្នុងទីក្រុងញូវយ៉ក។ អមដំណើរសម្តេចតេជោ ហ៊ុន សែន រួមមានឥស្សរជនសំខាន់ៗដូចជា លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត៕

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាជនមានការប្រុងប្រយ័ត្ន ចំពោះការពុលចំណីអាហារនៅអំឡុងបុណ្យភ្ជុំបិណ្ឌពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី១០ខែតុលា ខាងមុខនេះ។ ការពុលចំណីអាហារ រាប់ទាំងការពុលស្រាផងដែរ ត្រូវបានក្រសួងចាត់ទុកថា នៅតែជាបញ្ហាដ៏សំខាន់ ដែលត្រូវយកចិត្តទុកដាក់បំផុត។ នេះបើតាមសេចក្តីប្រកាសមួយកាលពីថ្ងៃទី២៦ ខែកញ្ញា ម្សិលមិញនេះ។
ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរ ពីការពុលអាហារ ដែលនាំឲ្យក្អូត រាក និងការពុលស្រា គឺបង្កឡើងដោយសារចំណីអាហារគ្មានអនាម័យ ឬទឹកកខ្វក់ ដែលមានមេរោគ បាក់តេរី វីរុសប៉ារ៉ាស៊ីត ឬសារធាតុគីមី។ មូលហេតុភាគច្រើន គឺដោយសារតែការរៀបចំអាហារមិនមានអនាម័យ ល្អ ទាំងចំណីអាហារ ទាំងអ្នករៀបចំទុកដាក់ និងការចែកចាយចំណីអាហារ។ ដោយឡែក ការពុល ស្រា គឺមកពីការផលិត ឬបិតស្រា ដែលមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ៕
ភ្នំពេញ ៖ ធនាគារជាតិកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា នេះ បានចេញសេចក្តីប្រកាសមួយ ដែលបញ្ជាក់ពីការលុបចោលអាជ្ញាប័ណ្ណរបស់ស្ថាប័ន និងអាជីវកម្មចំនួន៩ រួមមាន ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានឥណទាន និងអាជីវកម្មប្តូរប្រាក់។
ព័ត៌មានចេញផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា នេះ បញ្ជាក់ថា អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនអាជីវកម្មចំនួន៩ ត្រូវបាន សម្រេចដកហូត និង ធ្វើមោឃភាព ក្នុងនោះមានក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុចំនួន១ វិញ្ញាប័ណ្ណរបស់គ្រឹះស្ថានឥណទានជនបទចំនួន៥ និងអាជីវកម្មប្តូរប្រាក់ចំនួន៣។ ក្រុមហ៊ុន និងអាជីវកម្មទាំង៩នោះ រួមមាន ៖
១) ក្រុមហ៊ុនឡឺរ៉ូស៊េ ស្វាយនែនសល លីស៊ីង ២) គ្រឹះស្ថានឥណទានចំរើនចំរើនហ្វាយនាន ៣) គឹ្រះស្ថានឥណទាន អេច អូ អ អេស ក្រេឌិត ៤) គឹ្រះស្ថានឥណទាន មិត្តភាព ហ្វាយនែន ៥) គឹ្រះស្ថានឥណទាន ហ្វ៊ែរឃែភិថល ៦) គឹ្រះស្ថានឥណទាន សូពន្លឺហ្វាយនែន ៧) ក្រុមហ៊ុនប្តូរប្រាក់ រីឃែសអ៊ីនធើណេសិនណល ដែលមានយីហោ (ឃែសឃីង) ៨) ក្រុមហ៊ុនប្តូរប្រាក់ អេហ្វអិកស៍ យូណាយធីត អ៊ីនវេសម៉ិន និង៩) អាជិវកម្មប្តូរប្រាក់ សុខ ស្រីល័ក្ខ៕

សៀមរាប ៖ ថ្ងៃទី២៩ ខែកញ្ញា នេះ ជាទិវាខួបបេតិកភណ្ឌអឺរ៉ុប ចំណែកនៅខេត្តសៀមរាប ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកឱ្យសាធារណជនចូលទស្សនា និងសិក្សាឈ្វេងយល់ កន្លែងរក្សាទុកវត្ថុបុរាណនៅអភិរក្សដ្ឋានអង្គរ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤រសៀល។ អភិរក្សដ្ឋានអង្គរ ស្ថិតនៅតាមបណ្ដោយមាត់ស្ទឹងសៀមរាប ឬនៅមុខវត្តព្រះឥន្ទកោសីយ៍(វត្តលើ)ស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។
សាធារណជន និងប្រជាពលរដ្ឋដែលធ្លាប់បានប្រគល់វត្ថុបុរាណផ្សេងៗ អាចមកទស្សនាអភិរក្សដ្ឋានអង្គរ និងពិនិត្យថា វត្ថុទាំងនោះមានការរក្សាទុកត្រឹមត្រូវ ឬមានសភាពដូចដើម ឬអត់។ បច្ចុប្បន្ននេះ នៅក្នុងអភិរក្សដ្ឋានអង្គរ មានវត្ថុបុរាណដែលប្រមូលមកពីបណ្តាខេត្តទាំងអស់នៅ ទូទាំង ប្រទេសយកមករក្សា ទុកនៅទីនេះ មានប្រមាណជិត ១ម៉ឺនវត្ថុបុរាណ ក្នុងនោះមានចម្លាក់ថ្ម និងចម្លាក់ឈើ ៕

ភ្នំពេញ ៖ មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់នៅថ្ងៃទី២៥ ខែកញ្ញា នេះ បានអំពាវ នាវឱ្យអ្នកទិញដីទាំងអស់ ត្រូវពិនិត្យឱ្យបានច្បាស់លាស់មុននឹងទិញដី ជៀសវាងទិញចំដីដែលមិនបានចុះបញ្ជីត្រឹមត្រូវ។ ជាមួយគ្នានោះ ក្រសួងដែនដី ក៏បានព្រមានចាត់ វិធាន ការច្បាប់លើអ្នក លក់ដីឡូតិ៍ទាំងឡាយ ក្នុងករណីលក់ដីឡូតិ៍ខ្យល់ ឬលក់ដីឡូតិ៍ដែលមិន បានចុះបញ្ជីត្រឹមត្រូវផង ដែរ។
លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពន្យល់ដល់អ្នកទិញដីទាំងអស់ ត្រូវតែពិនិត្យឱ្យបានច្បាស់លាស់ថា តើដីដែលខ្លួនត្រូវទិញនោះ ជាដីដែលបានចុះបញ្ជីត្រឹមត្រូវដែរឬទេ?។ ឯ.ឧ.បន្តថា បើតាមច្បាប់ អ្នកដែលយកដីខ្លួនទៅលក់ឱ្យអ្នក នេះ ហើយបន្តលក់ឱ្យអ្នកនោះទៀត (ដីតែមួយលក់ច្រើនដង) ត្រូវមានទោស ទាំងច្បាប់ភូមិបាល និងក្រមព្រហ្មទណ្ឌ។
ការព្រមាននេះ ធ្វើឡើងចំពេលដែលវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងមានសន្ទុះខ្លាំងឡើងធ្វើឱ្យតម្លៃទីផ្សារ ដីធ្លីនៅកម្ពុជាមានការកើនឡើង៕

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅសាធារណរដ្ឋសង្គមនិយម វៀតណាម ដើម្បីគោរពវិញ្ញាណក្ខន្ធសព លោក ត្រាន់ ដាយក្វាង អតីតប្រធានាធិបតីវៀតណាម ដែលបាន ទទួលមរណភាព នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងវ័យ៦១ឆ្នាំ។
អញ្ជើញអមដំណើរ សម្តេចតេជោ ហ៊ុន សែន នាឱកាសនោះរួមមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ធសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា មួយចំនួនទៀត ៕
ភ្នំពេញ ៖ តាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ឲ្យដឹងថា យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស ក្នុងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ បានត្រួតពិនិត្យលើយានយន្ដចំនួន ៤.៦៤១គ្រឿង រកឃើញល្មើសច្បាប់១.៣១៧គ្រឿង (ម៉ូតូ ៧០%) ធ្វើការអប់រំម្ចាស់យានយន្តចំនួន ២៣២គ្រឿង និងផាកពិន័យចំនួន១.០៨៥គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែកញ្ញា នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៧៤.៥៩៧គ្រឿង រកឃើញយានយន្តល្មើស ១៥.៧៥២ ក្នុងនោះ ម៉ូតូ៧៣% ធ្វើការអប់រំម្ចាស់យានយន្តចំនួន៥.៦៦៦ និងផាកពិន័យ១០.០៦៨ គ្រឿង៕

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញ នៅទូទាំងកម្ពុជា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ ស្រាល ៦នាក់ បង្កការខូចខាតយានយន្តសរុប ៨គ្រឿង ក្នុងនោះមានម៉ូតូ ៦គ្រឿង ។
របាយការខាងលើបញ្ជាក់ថា គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ២លើក ផ្លូវខេត្ត ៣លើក។ដោយឡែក នៅភ្នំពេញចំនួន ២លើក ស្លាប់២នាក់ របួស៥នាក់ នៅខេត្តកំពង់ចាម ១លើក ស្លាប់១នាក់ និងនៅខេត្តស្វាយរៀង ១លើក ស្លាប់១នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករយៈពេល២៥ថ្ងៃ គិតចាប់ពីថ្ងៃទី១-២៥ ខែកញ្ញា ឆ្នាំ២០១៨ កើតឡើងចំនួន ២០២លើក បណ្តាលឲ្យមនុស្សស្លាប់ ៩៩នាក់ របួសធ្ងន់ចំនួន ២០១នាក់ និងរបួសស្រាលចំនួន ៦៧នាក់ ៕

ភ្នំពេញ ៖ ក្រសួងកសិកម្ម នាពេលថ្មីៗនេះ បានប្រកាសឲ្យម្ចាស់អាជីវកម្ម« ផ្ទះត្រចៀកកាំ » ត្រូវចុះបញ្ជីនៅក្រសួង ទៅតាមច្បាប់រដ្ឋបាលព្រៃឈើ នៃប្រទេសកម្ពុជា។ វិធានការនេះធ្វើឡើង បន្ទាប់ពី ពិនិត្យឃើញថា ការរកប្រាក់ពីអាជីវកម្មលើមុខរបរនេះ អាចរកចំណូលបានរាប់ម៉ឺនដុល្លារក្នងមួយ ឆ្នាំៗ។នេះបើយោងតាម លោក យ៉ន យុវរិទ្ធិ មន្ដ្រីជំនាញរបស់រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម។
ម្ចាស់អាជីវកម្មសម្បុកត្រចៀកកម្មមួយនៅខេត្តកំពត លោក អ៊ូ វង្សវីរៈ បានប្រាប់ថា ការវិនិយោគលើការសាងសង់ផ្ទះត្រចៀកកាំស្ដង់ដារត្រូវចំណាយប្រហែលមិនតិចជាង១០០.០០០ដុល្លារ នោះទេ។លោកថា សម្បុកត្រចៀកកាំមិនទាន់កែច្នៃ មានតម្លៃចន្លោះពី ៨០០ ដុល្លារទៅ ១.១០០ដុល្លារក្នុង១ គីឡូក្រាម និងសម្បុកត្រចៀកកាំដែលសម្អាតរួចមានតម្លៃចន្លោះពី ១.៧០០ ដុល្លារទៅ ២ .២០០ ដុល្លារ ក្នុង១គីឡូក្រាម។
បើយោងតាមច្បាប់ «ផ្ទះត្រចៀកកាំ» គឺរាប់បញ្ចូលក្នុងប្រភេទបក្សីអភិរក្ស និងជិតផុតពូជ ដូច្នេះតម្រូវឲ្យមានការចុះបញ្ជី ខណៈអាជីវកម្ម ផ្ទះត្រចៀកកាំ កំពុងបន្តកើនឡើងស្ទើរតែទូទាំងប្រទេស៕



ភ្នំពេញ ៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អាជ្ញាធរខេត្តកំពង់ឆ្នាំង នឹងចាប់ផ្ដើមបន្លាស់ទីជនជាតិវៀតណាមជិត១ពាន់គ្រួសារឲ្យទៅរស់នៅលើដីគោកនៅសប្តាហ៍ក្រោយ ហើយគ្រោងនឹងជម្លៀសឲ្យអស់នៅចុងឆ្នាំនេះ។ លោកថា ការបន្លាស់ទីឲ្យពួកគាត់មករស់នៅលើដីគោកនេះ គឺដើម្បីឲ្យទឹកទន្លេស្អាតឡើងវិញ ហើយថា ពួកគេបានយល់ព្រមចាកចេញអស់ហើយ។
អភិបាលរងខេត្តកំពង់ឆ្នាំងលោក ស៊ុន សុវណ្ណរិទ្ធ បានបញ្ជាក់ថា នៅក្រុងកំពង់ឆ្នាំងមានជនជាតិវៀតណាម៩៩៦គ្រួសារដែលរស់នៅលើផ្ទះបណ្ដែតទឹក។ ពួកគេនឹងទៅរស់នៅលើដីទំហំជាង៤០ហិកតា ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលអាជ្ញាធរខេត្តបានធ្វើ សុំអនុប្រយោគពីរាជរដ្ឋាភិ បាលសុំកាត់ចេញពីតំបន់ដីលិចទឹក។
ចំណែកពលរដ្ឋខ្មែរ វៀតណាម និងខ្មែរអ៊ិស្លាម ផ្សេងទៀតសរុបប្រមាណ ២ពាន់នាក់ ដែលរស់នៅលើដងទន្លេ ក្នុងស្រុកនានានៃខេត្តកំពង់ឆ្នាំង នឹងត្រូវធ្វើការបន្លាស់ទីទៅរស់នៅលើគោកឲ្យអស់នៅឆ្នាំ២០១៩៕

ភ្នំពេញ ៖ តាមរបាយការណ៍របស់ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ បានបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលដល់ស្ត្រីសម្រាលកូនរួចចំនួន ៤.៣៨៧នាក់ គិតជាទឹកប្រាក់សរុបប្រមាណ ១.៧៦៥លានរៀល។
សូមបញ្ជាក់ថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលសម្រាប់ស្ត្រីជាកម្មការិនី ទាំងក្នុង និងក្រៅប្រ័ពន្ធពេលសម្រាលកូន ត្រូវអញ្ជើញទៅបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស ក្នុងរាជធានី ខេត្ត ក្នុងអំឡុងពេលយ៉ាងយូរ៣ខែ មុនពេលសម្រាលកូន។
ករណីសាមីខ្លួនមិនបានមកបំពេញបែបបទនៅ ប.ស.ស គឺសាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងទៅ ប.ស.ស តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២ ៨៦ ពេលដែលសម្រាកក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស៕


ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំប្រតិភូ ជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅចុងសប្ដាហ៍នេះ ក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក ។ ក្នុងឱកាសនោះ សម្តេចតេជោ នឹងធ្វើសេចក្ដីថ្លែងការណ៍នៅចំពោះមុខមហាសន្និបាត និងជួបពិភាក្សាការងារជាមួយមេដឹកនាំពិភព លោក សំខាន់ៗផ្សេងទៀត។ ស្របពេលជាមួយគ្នានេះ ក៏នឹងមានការត្រៀមគាំទ្រស្វាគមន៍ក្នុងដំណើរទស្សនកិច្ចនេះ ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិកផងដែរ។
សូមជម្រាបថា មហាសន្និបាតនេះ នឹងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា នៅក្នុងទីក្រុងញូវយ៉ក។ អមដំណើរសម្តេវតេជោ ហ៊ុន សែន រួមមានឥស្សរជនសំខាន់ៗដូចជា ឯ.ឧ. ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការ បរទេស លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត៕

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងរៀបចំឯកសារដើម្បីដាក់ប្រាសាទកោះកេរទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក តែអាចប្រឈមការលំបាក និងត្រូវការពេលរហូត៤ឆ្នាំ ដើម្បីស្រាវជ្រាវរកភ័ស្ដុតាងបន្ថែម បើទោះជាកម្ពុជាបានបង្ហាញឈ្មោះប្រាសាទនេះ ទៅអង្គការ UNES CO តាំងពីឆ្នាំ ១៩៩២ មកហើយក្ដី។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានបញ្ជាក់ថា ប្រាសាទកោះកេរ ជាប្រាសាទបុរាណខ្មែរដ៏អស្ចារ្យមួយ ដែលអ្នកជំនាញកំពុងរៀបចំឯកសារស្នើសុំដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទសំបូរព្រៃគុក ត្រូវបានទទួលស្គាល់កាលពីឆ្នាំមុន។
សូមជម្រាបថា ប្រាសាទកោះកេរ ស្ថិតក្នុងភូមិស្រយង់ខាងជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ ១២០ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងប្រមាណ ៦០គីឡូ ម៉ែត្រ ពីទីរួមខេត្តព្រះវិហារ ហើយបើគិតពីភ្នំពេញទៅមានចម្ងាយ ៤៦០គីឡូម៉ែត្រ៕
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍