ភ្នំពេញ ៖ ក្លឹបអ្នកកាសែតកកម្ពុជា ព្រឹកថ្ងៃទី ១៥ វិច្ឆិកា ២០១៨ បានសហការជាមួយសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជា បានរៀបចំនូវវេទិកាមួយ នៅភោជនីយដ្ឋានទន្លេបាសាក់២ ដើម្បីជជែកដេញជាមួយ អ្នកសារព័ត៌មានកម្ពុជា ស្តីពីការទទួលខុសត្រូវរបស់ក្រុមហ៊ុនវិនិយោគវិស័យសំណង់ ទៅលើសុវត្ថិ ភាពអ្នកធ្វើការក្នុងការដ្ឋានសំណង់នានានៅទូទាំងកម្ពុជា។
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានថ្លែងថា វេទិកានេះ មានវាគ្មិនមកពីសភា ពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជា គឺលោក មីស្យែល កាសាញ ប្រធានគណៈកម្មការផ្នែកសំណង់ និង អចលនទ្រព្យនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដែលលោកនឹងពន្យល់ទាក់ទិនទៅនឹងសុវត្ថិភាព នៅតាមការដ្ឋានសំណង់នានា ខណៈដែលវិស័យសំណង់នៅកម្ពុជាកំពុងរីកលូតលាស់យ៉ាងខ្លាំង។
គួរបញ្ជាក់ផងដែរ ក្លឹបអ្នកកាសែតកម្ពុជា តែងតែរៀបចំវេទិកា ដោយសហការជាមួយបណ្ដាដៃគូ នានា ដើម្បីជួយលើកស្ទួយសង្គមកម្ពុជាអោយមានភាពប្រសើរឡើង ទាំងសន្តិសុខ ចំណេះដឹង ទូទៅ ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជាផងដែរ ៕



មណ្ឌលគិរី ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអម ដំណើរ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ បានបន្ដអញ្ជើញចុះសំណេះសំណាល សួរសុខ ទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន កុមារ កំព្រា ជនពិការ និងអ្នកកើត ឬអ្នកផ្ទុយមេរោគអេដស៍ ចំនួន១.៣១៣គ្រួសារបន្ថែមទៀត (ក្នុងនោះមានជនជាតិខ្មែរចំនួន ៧៤៦គ្រួសារ ជនជាតិព្នងចំនួន ៥៦៤គ្រួសារ និងជនជាតិឥស្លាមចំនួន ៣គ្រួសារ) រស់នៅភូមិចំនួន ១៤ សង្កាត់ចំនួន៤ នៅក្រុងសែនមនោរម្យ ខេត្ដមណ្ឌលគិរី។ ពិធីនេះ រៀបចំនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែន មនោរម្យ ខេត្ដមណ្ឌលគិរី។
គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ ទឹកសុទ្ធ១ដប និងនំបុ័ង១ដើម។ ជាមួយគ្នានេះ គ្រួសារនីមួយៗ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១មុឺនរៀលទៀត ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
គួរជម្រាបផងដែរថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជាប្រធាន, សម្ដេចតែងតែ យកចិត្ដទុក្ខដាក់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាក ដោយគ្មានការរើសអើងឡើយ៕ ដោយ ៖ សុផល


ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ រដ្ឋសភា បានបើកសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់មួយចំនួនទៀត។ សម័យប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេងសំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិករដ្ឋសភាចំនួន១១៥រូប។
របៀបវារៈដែលនឹងពិភាក្សានៅក្នុងសម័យប្រជុំមាន៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។
២៖ សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៧។
៣៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖
* កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
* កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
៤៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសិន្ធិសញ្ញាស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី៕
បន្ទាយមានជ័យ ៖ យ៉ាងហោចមនុស្សបីនាក់ត្រូវបានចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាប់ពីសង្ស័យថាបានជួញដូរនិងចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋាន។ ការចាប់ខ្លួនធ្វើឡើងដោយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃអធិដ្ឋាននគរបាលស្រុកថ្មពួកសហការជាមួយកម្លាំងនគរបាលវរការពារព្រំដែន៨០៧កាលពីរសៀលថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ។
លោក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលស្រុកថ្មពួកបានអោយដឹងថា ជនសង្ស័យដែលកម្លាំងសហការឃាត់ខ្លួន១-ឈ្មោះ កន ភ័ស ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិក្កឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ក្រោយឃាត់ខ្លួនដកហូតវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ចំនួន១៨២គ្រាប់ ខៀវ២គ្រាប់ និងមេតំហ្វេតាមីនម្សៅក្រាមសថ្លា៣ថង់ ។
២-ឈ្មោៈ ឡាំ ត្រេង ហៅ តាក្របី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិបន្ទាយមានឬទ្ឋឹ ឃុំគោករមៀត ក្រោយឃាត់ខ្លួនដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ចំនួន១៥៦គ្រាប់ ម្សៅក្រាមសថ្លាចំនួន៣ថង់តូច។ រីឯជនសង្ស័យទី៣-ឈ្មោះ ទន ថុនា ហៅ ថុ ភេទប្រុស អាយុ១៩ឆ្នាំ ក្រោយឃាត់ខ្លួនសមត្ថកិច្ចរកមិនឃើញវត្ថុតាងជាប់ខ្លួនទេតែបានធ្វើតេស្តលើទឹកនោម ហើយលទ្ធផលបញ្ជាក់ថាមានជាប់សារធាតុញៀន។
លោក សៅ សារឿន បានបន្តថា ក្រោយពីបានធ្វើការសាកសួរចម្លើយលើជនសង្ស័យទាំងបីនាក់រួចមកកម្លាំងជំនាញបានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងថ្នាំញៀនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីនឹងបានធ្វើកំណត់ហេតុបិទផ្ទះឈ្មោះ ឡាំ ត្រេង ហៅតាក្របី ជាបណ្តោះអាសន្នដើម្បីបន្តនីតិវិធីតាមផ្លូវតុលាការ៕


ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរំលឹកដល់ម្ចាស់យានយន្តជាលើកទី២ ដែលមិនទាន់បានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០១៨ សូមប្រញាប់អញ្ជើញទៅបង់ពន្ធ ឲ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្នុងសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ពីទីតាំងដែលត្រូវទីបង់ពន្ធ ដូចជា នៅតាមសាខាពន្ធដារ ខណ្ឌ ខេត្ត ឬនៅតាមធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា ធនាគារកម្ពុជាសាធារណៈ ធនាគារវឌ្ឍនៈ ឬនៅធនាគារអេអិនហ្សិតរ៉ូយ៉ាល់ ជាដើម ដើម្បីចៀសវាងការកកស្ទះ ខណៈកាលបរិច្ឆេទបញ្ជប់បង់ពន្ធបានជិតចូលមកដល់។
បើតាមសេចក្ដីជូនដំណឹង បានបញ្ជាក់ថា ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលា តាមការកំណត់ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវទោសទណ្ឌ តាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន៕
សៀមរាប ៖ ទីតាំងលក់គ្រឿងក្រអូបយីហោ សុខ បញ្ញាពេជ្រ ត្រូវបានបង្ក្រាបបន្ទាប់ពីរកឃើញថា បើកគ្មានច្បាប់ទម្លាប់ និងលក់ផលិតផលក្លែងក្លាយ ជាប្រភេទឡេលាយ មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៦ខាងលិចផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
ទីតាំងលក់គ្រឿងក្រអូប សុខ បញ្ញាពេជ្រ ដែលមានម្ចាស់ឈ្មោះ ជា ដារ៉េត ភេទប្រុស អាយុ៣៥ឆ្នាំ គឺយើងបានស្រាវជ្រាវរកឃើញការបើកគ្មានច្បាប់ទម្លាប់ និងលក់ផលិតផលឡេក្លែងក្លាយ ដោយដកហូតវត្ថុតាងបាន រួមមាន ៖ ឡេលាយ គ្មានច្បាប់ទម្លាប់ ចំនួន ១១មុខ ស្មើនឹង១.៧០៦ប្រអប់។
យ៉ាងណាក៏ដោយ សមត្ថិកច្ចនៅមិនបញ្ជាក់ច្បាស់ថា តើត្រូវចាត់ការដោយវិធីណានៅឡើយទេ ដោយសារម្ចាស់ទីតាំងខាងលើនេះ បានឆ្លើយសារភាពថា គ្រាន់តែទិញយកមកលក់ ហើយមិនដឹងពីករណីមានកំហុសតាមផ្លូវច្បាប់ដូច្នេះទេ តែសមត្ថកិច្ចអះអាងថា នឹងស្រាវជ្រាវចាប់ខ្លួនអ្នកផលិត ទំនិញក្លែងក្លាយដូចខាងលើនេះ ដើម្បីបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕



ភ្នំពេញ ៖ លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដែលនឹងបញ្ចប់អាណត្តិនៅកម្ពុជា នៅចុង ខែនេះ បានអះអាងថា ក្នុងនាមផ្ទាល់ខ្លួនលោកបានស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ពិចារណា ក្នុងការលុបចោលទណ្ឌកម្មទិដ្ឋាការ (Visa) ពីមន្ដ្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្ដពង្រឹងនូវកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើងវិញ។
លោក William A. Heidt បានលើកឡើងបែបនេះក្នុងជំនួបជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅទីស្ដី ការក្រសួងមហាផ្ទៃ។
ជាការឆ្លើយតបសម្ដេចក្រឡាហោម ស ខេង បានថ្លែងអរគុណចំពោះ ឯកអគ្គរាជទូត ដែលបានស្នើ ឱ្យមានការពិចារណា ដើម្បីដកការដាក់ទណ្ឌកម្មនេះ ហើយប្រសិនបើអាមេរិក លុបចោលនូវបំរាម នោះបាន សម្ដេចចាត់ទុកថា នេះជាការផ្ដល់កាដូមួយសម្រាប់កម្ពុជា ដើម្បីលើកកម្ពស់នូវទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យល្អប្រសើរឡើងវិញ។
គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ ដោយឈរលើគោលការណ៍មនុស្សធម៌ និងធ្វើឡើងតាមសំណើរបស់ សមាជិកព្រឹទ្ធសភា រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក ដុក អេរិកសុន (Doug Ericksen) និងតំណាងរាស្ត្រលោក វីនសុន បាយ្ស (Vicent Buys) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយល់ព្រមបើកឡើងវិញនូវប្រតិបត្តិការ រុករកអដ្ឋិធាតុទាហានអាមេរិក នៅក្នុងប្រទេសកម្ពុជាឡើងវិញ។
សូមរំឭកថា កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ សហរដ្ឋអាមេរិក បានប្រកាសផ្អាកការផ្តល់ទិដ្ឋាការ (Visa) ប្រភេទ B1 និង B2 (ប្រភេទទេសចរណ៍ និងជំនួញ) ដល់មន្ត្រីក្រសួងការបរទេសកម្ពុជា ចាប់តាំងពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់កំពូល។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជាវិញផងដែរ ដើម្បីឆ្លើយតបនឹងទណ្ឌកម្មនេះ៕


ភ្នំពេញ ៖ កម្ពុជា និងធនាគាADB (គម្រោង IAIP) នឹងត្រូវអនុវត្តការសង់ប្រឡាយប្រវែង៣៨១,២ គីឡូម៉ែត្រ ក្នុងខេត្តចំនួន៥នៅកម្ពុជា ដោយធ្វើទំនើបកម្មធ្វើការជួសជុលស្តារឡើងវិញ និងធ្វើការកែលម្អលើប្រព័ន្ធធារាសាស្ត្រ ឲ្យទៅជាប្រព័ន្ធធារាសាស្ត្រមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលប្រើបានសម្រាប់ស្រោចស្រពបានទាំងរដូវប្រាំង និងរដូវវស្សា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក ដោយដកស្រង់ខ្លឹមសារពីជំនួបពិភាក្សារវាង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងគណៈប្រតិភូ ADB នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
តាមរយៈការអនុវត្តគម្រោង Irrigated Agriculture Improvement Project (IAIP) ក្រសួងធនធានទឹក និងឧតុនិយម និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងសាងសង់ប្រព័ន្ធប្រឡាយជាបេតុង ប្រវែងសរុប ៣៨១,២គីឡូម៉ែត្រ នៅកម្ពុជាក្នុងខេត្តចំនួន៥ រួមមានខេត្តបាត់ដំបង កំពង់ចាម តាកែវ កំពង់ធំ និងខេត្តកំពត ចំណាយថវិកាប្រមាន ១៣៥ លានដុល្លារ សហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា គម្រោងខាងលើ រួមមានសាងសង់ប្រព័ន្ធប្រឡាយជាបេតុងប្រវែង៣៨១,២គីឡូម៉ែត្រ សាងសង់ទំនប់អាងទឹកជាបេតុងប្រវែង៦.៥គីឡូម៉ែត្រសាងសង់ទំនប់បង្ហៀរ ខ្នាតធំប្រវែង៨០០ម៉ែត្រ បំពាក់ស្ថានីយបូមទឹកដើរដោយថាមពលអគ្គិសនីខ្នាតធំមានក្បាលបូមប្រាំចំនួនពីរកន្លែងជាប្រភេទ Smart Pumping Systems។ សាង សង់សំណង់សិល្បការធំតូចដ៏ច្រើនដើម្បីធានាឲ្យប្រព័ន្ធធារាសាស្ត្រទាំងនោះ មានលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងខេត្តទាំង៥៕


ក្នុងឱកាសបុណ្យអុំ ទូក អកអំបុក បណ្តែតប្រទីព និងសំពះ ព្រះខែ ដែលនឹងប្រព្រឺត្ដិទៅពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ អាជ្ញាធរមានសមត្ថកិច្ចនឹងដាក់ពង្រាយកម្លាំងចម្រុះរហូតដល់ជាង ១ម៉ឺននាក់ នៅតាមតំបន់ A B និងC ជុំវិញបរិវេណពិធីបុណ្យ ក្នុងនោះកម្លាំងរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មានរហូតដល់ជាង ៨ពាន់នាក់ ដើម្បីរក្សាសន្តិ សុខ សណ្តាប់ធ្នាប់អោយបានល្អប្រសើរ។
មន្ត្រីរៀបចំពិធីបុណ្យ បានបញ្ជាក់ថា នៅឆ្នាំនេះ ស្ថានភាពទឹកទន្លេមានកម្រិតទាបជាងឆ្នាំមុនរហូត ដល់១ម៉ែត្រ ហើយល្បឿនទឹកក៏ហូរយឺតជាងឆ្នាំមុនដែរ។ ដោយឡែកសម្រាប់ទូក ង ដែលត្រូវចូល រួមប្រកួតនៅឆ្នាំនេះ មានចំនួន២៩៨ទូក ខណៈដែលឆ្នាំ២០១៧ មានទូក ង ត្រឹមតែ២៧០ទូក ប៉ុណ្ណោះ និងមានកីឡាករជិត ២ម៉ឺននាក់ ។ ចំណែកប្រទីបឆ្នាំនេះ មានចំនួន១៥ ក៏ច្រើនជាងឆ្នាំ មុនដែរ៕


មន្ត្រីកាំកុងត្រូលសាខាខេត្តតាកែវ បានរកឃើញស្ថានីយ / ដេប៉ូចំនួន១៤ ធ្វើអាជីវកម្មមិនត្រឹមត្រូវ ក្នុងចំណោមស្ថានីយដែលត្រូវបានត្រួតពិនិត្យសរុប ១៩ ក្នុងទីរួមខេត្តតាកែវ។
មន្ត្រីជំនាញកាំកុងត្រូល នៅថ្ងៃទី១៣ និងទី១៤ ខែវិច្ឆិកា នេះ បានធ្វើប្រតិបត្តិការត្រួតពិនិត្យស្ថានីយ ចំនួន១៩ នៅក្នុងខេត្តតាកែវ បានរកឃើញស្ថានីយ ៣ទីតាំងលក់ប្រេងមិនត្រឹមត្រូវទាំងគុណភាព និងបរិមាណ និង១១ទីតាំងទៀតលក់មិនគ្រប់លីត្រ។
ម្ចាស់ស្ថានីយចំនួន ៦ ត្រូវបានមន្ត្រីកាំកុងត្រូលតម្រូវឲ្យចុះកិច្ចសន្យាកែកំហុសលើកទី១។ ចំណែកស្ថានីយចំនួន ៨ទៀត ត្រូវចុះកិច្ចសន្យាកែកំហុសលើកទី២ ក្នុងករណីរកឃើញកំហុសលើកទី ៣ សមត្ថកិច្ចនឹងមិនលើកលែងទៀតឡើយ ដែលអាចបញ្ចេញឈ្មោះជាសាធារណៈ និងប្រឈមនីតិវិធីតាមផ្លូវតុលាការទៀតផង៕

ភ្នំពេញ ៖ មន្ត្រីយោធាម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មណ្ឌកំរិតធ្ងន់នៃស្នងការ នគរបាលរាជធានីភ្នំពេញ សហការជាមួយស្នងការខេត្តកំពង់ស្ពឺ ចាប់ខ្លួនតាមដីកាពីបទលួចមានស្ថានទំងន់ទោស(ប្លន់ប្រដាប់ អាវុធ) នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានៅភ្នំពេញ រួចបញ្ជូនទៅអនុវត្តន៍ នីតិវិធី បន្តនៅ ខេត្តកំពង់ស្ពឺ។
ការឃាត់ខ្លួន ក្រុមចោរប្លន់ នេះបានធ្វើឡើង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្លូវបេតុងលេខ៩៣z ភូមិផ្សារតូច សង្កាត់ទួលសង្កែខណ្ឌឫស្សីកែវខណៈ ដែលជនសង្ស័យ រួមទាំងភរិយា ជិះរថយន្តCRV មួយគ្រឿង ។
ជនសង្ស័យឈ្មោះ ហាក់ ឆាយ ភេទប្រុស អាយុ៤២ឆ្នាំ ជាន្ត្រីយោធានៅអង្គភាព ៧០ ថានន្តស័ក្កិ ថ្នាក់វរះសេនីយ៍ត្រី ស្លាក់នៅផ្ទះគ្មានលេខផ្លូវ៩៣zភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និង មានស្រុកកំណើតនៅភូមិកំពង់ក្តី ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។
សមត្ថកិច្ចក៍បានបន្តទៅឆែកឆេរលំនៅឋានជនសង្ស័យ ដោយដកហូតបានកាំភ្លើងខ្លី អាវុធខ្លី២ដើម គ្រាប់ជាច្រើនគ្រាប់ , ម៉ូតូPCX១គ្រឿង, កាតគ្រីរថយន្ត និងម៉ូតូ១៤ ,ស្លាកលេខរថយន្តមួយគ្រឿង និង សំភារៈពាក់ពន្ធ័មួយចំនួន៕



ភ្នំពេញ ៖ ជនជាតិខ្មែរ៤នាក់ ដែលបម្រើការងារជាមួយអង្គការសហប្រជាជាតិ បានរងរបួសធ្ងន់ម្នាក់ និង ស្រាល៣នាក់ ក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅទីតាំងរបស់អង្គការសហប្រជាជាតិ ប្រចាំ ក្នុងតំបន់ ហ្កាវ ប្រទេសម៉ាលី ប៉ុន្តែកម្លាំងមួកខៀវកម្ពុជា មិនមានរងរបួសទេ។ នេះបើតាមសេចក្តី ប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
សេចក្តីប្រកាសបានបញ្ជាក់ថា ករណីបំផ្ទុះគ្រាប់បែកនេះ កើតឡើងនៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៨ (ម៉ោងនៅប្រទេសម៉ាលី) ត្រូវនឹងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅកម្ពុជា) បង្កឡើងដោយក្រុមភេរវករបានបើករថយន្តមួយគ្រឿងចូលទៅបំផ្ទុះក្នុងមូលដ្ឋានមួយរបស់អង្គការ សហប្រជាជាតិ បណ្តាលឲ្យស្លាប់ភេរវករម្នាក់ និងជនជាតិម៉ាលី២នាក់ និងរបួសមនុស្សចំនួន ១៤នាក់ផ្សេងទៀត។
សូមបញ្ជាក់ថា ចំពោះកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ឬទាហានមួកខៀវ ដែលកំពុងបំពេញ បេសកកម្មនៅតំបន់នេះ មិនមានគ្រោះថ្នាក់ដោយសារហេតុការណ៍ខាងលើនេះទេ៕




រថយន្តក្រឡុកស៊ីម៉ង់ផុងដី ក្រឡាប់ផ្ងារជើង សំណាងល្អគ្មានអ្នករបួស
ភ្នំពេញ ៖ រថយន្តហ៊ីណូប្រភេទដឹកល្បាយបេតុងមួយគ្រឿង ខណៈដែលបើកបរសម្រប ពេលដែលភ្លៀងធ្លាក់មួយមេទឹកលិចផ្លូវមើលមិនច្បាស់ ក៏រអិលបណ្តាលក្រឡាប់នៅមាត់ប្រឡាយតែម្តង តែសំណាងល្អ អ្នកបើកបរលូនចេញដោយសុវត្តិភាពមិនមានរងរបួសទេ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
រថយន្តជួបហេតុការណ៍ផ្ងារជើង ម៉ាក ហ៊ីណូ ពណ៌ស លាយពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ 5A-1721 ជារថយន្តដឹកបេតុង រងការខូចខាតផ្នែកកាប៊ីន ។
តាមពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ រថយន្តខាងលើ បើកពីកើតទៅលិច ដោយដឹកបេតុងទៅចាក់នៅការដ្ឋាន បើកដល់ចំណុចខាងលើ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀង ទឹកជន់លិចចិញ្ចើមផ្លូវ រថយន្តបត់ស្តាំចូលការដ្ឋាន ដោយសរសៀរចិញ្ចើមផ្លូវ ទាំងទឹកលិចល្ហរល្ហាច មិនដឹកថាប្រឡាយ ទើបផុងដីជ្រេល ក្រឡាប់តែម្តង សំណាងល្អ អ្នកបើកបរលូនចេញដោយសុវត្តិភាព រងខូចខាតតែរថយន្ត ហើយក៏មិនប៉ះពាល់ដល់អ្នកដទៃដែរ ។
ក្រោយកើតហេតុ រថយន្តរងគ្រោះខាងលើ មានតែម្ចាស់ ក្រុមហ៊ុន ស្ទូចលើកយកទៅជួសជុលដោយខ្លួនឯង ៕




»
ភ្នំពេញ ៖ លោក កង សុខន ជាអគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា គិតមកដល់ថ្ងៃ នេះ នៅមានអត្តសញ្ញាណប័ណ្ណដែលផុតសុពលភាពប្រើប្រាស់ក្នុងឆ្នាំ២០១៨ ជាង២០ម៉ឺនសន្លឹក ទៀត ដែលត្រូវមកបំពេញបែបបទស្នើសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី។
អត្តសញ្ញាណ ប័ណ្ណដែលផុតសុពលភាពប្រើប្រាស់ក្នុងឆ្នាំ២០១៨ ជាង២០ម៉ឺនសន្លឹកនោះ រាប់ទាំងអ្នកប្រើប្រាស់ដែលបានស្លាប់ ចាស់ជរា និងអ្នកធ្វើការចំណាក់ស្រុកជាដើម។
គួរជម្រាបថា អត្តសញ្ញាណប័ណ្ណគំរូចាស់ នឹងត្រូវអស់សុពលភាពប្រើប្រាស់ត្រឹមចុងឆ្នាំ២០១៨ នេះ ហើយ មន្ត្រីជំនាញបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលកំពុងប្រើប្រាស់អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរគំរូចាស់និងប្រជាពលរដ្ឋដែលគ្រប់អាយុ១៥ឆ្នាំឡើង ដែលមិនទាន់មាន អត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ត្រូវរួសរាន់ធ្វើនៅតាមមូលដ្ឋានដែលខ្លួនកំពុងរស់នៅ៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍