All posts by មេគង្គ ប៉ុស្តិ៍

​គណៈរដ្ឋមន្ត្រី ប្រាប់​ឲ្យ​ក្រសួង​ពិនិត្យ​សំណើសុំ​ឆ្វៀល​ដី​២៥០​ហិកតា ពី​ឧទ្យាន​ជាតិ​គិរី​រម្យ

​ខេត្តកំពង់ស្ពឺ ៖ ក្រោយ​បែកធ្លាយ​ឯកសារ​ស្នើសុំ​ឆ្វៀល​ដី​ទំហំ ២៥០​ហិកតា កាត់​ចេញពី​តំបន់​ឧទ្យាន​ជាតិ​គិរី​រម្យ សម្រាប់​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ចំការ​តែ និង​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ រួចមក អភិបាលខេត្ត​កំពង់ស្ពឺ​លោក វី សំណាង បដិសេធ ព្រមទាំង​បាន​ចារ​ប៊ិច​ក្រហម បានឃើញ និង​មិន​យល់ព្រម ថែមទាំង​ស្នើ​ដល់​អាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវខិតខំ​រក្សា​តំបន់​ទាំងនោះ​ឲ្យ​បានជា​ដាច់ខាត និង​រក​ឲ្យ​ឃើញ​ជន​ពាក់ព័ន្ធ រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ បណ្តាញ​ព័ត៌មាន ក៏បាន​ទទួល​ឯកសារ​ថតចម្លង​ចំនួន​២​ច្បាប់​ដែល ០១​ច្បាប់​ជា​សំណើ គោរព​ជម្រាបជូន សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​ស្នើសុំ​សេចក្តី​អន្តរាគមន៍​ដ៏​ខ្ពង់ខ្ពស់ ទៅ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​០១​ច្បាប់​ទៀត​គឺជា ដីកា​បញ្ជូន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី លេខ​០៧ ដ​.​ប ចុះ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ គោរព​ជូន លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​មាន​ចុះហត្ថលេខា​ដោយ​លោក ឃុន ជិន​កេ​ន អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ខ្លឹមសារ នៃ​ដីកា​បញ្ជូន​នេះ បានបញ្ជាក់​ពី​ប្រភព​សំណើសុំ​សេចក្តី​អន្តរាគមន៍​ដ៏​ខ្ពង់ខ្ពស់​អំពី​សម្តេច​តេ​ជោ ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

​បើ​យោងតាម​ដីកា​បញ្ជូន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី គោរព​ជម្រាបជូន លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គឺ​បានស្នើ​ដល់​ក្រសួង​មេត្តា​ពិនិត្យ លើ​ករណីនេះ (​សំណើសុំ​អន្តរាគមន៍​របស់​ប្រជាពលរដ្ឋ​ធ្វើ​) តាម​ការគួរ​។​

​ដោយឡែក​បើតាម​ខ្លឹមសារ​នៃ​ឯ​សារ​គោរព​ជម្រាបជូន​សម្តេច​ពញា​ច​ក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ ក៏បាន​បញ្ជាក់​ផងដែរ​ថា តំបន់​ទាំងពីរ​ភូមិ​ខាងលើនេះ ប្រជាពលរដ្ឋ​ភាគច្រើន​បានមក​រស់នៅ​៣​ជំនាន់​មកហើយ និង​ប្រកបមុខរបរ​លក់​ចំណាំងឈើ​បុរាណ ផ្កាអ័រគីដេ​ធម្មជាតិ​ដុះ​ក្នុងព្រៃ និង​ធ្វើ​អាជីវកម្ម​អភិវឌ្ឍន៍​នៅ​ហ្នឹង​កន្លែង​ដូចជា លក់​ម្ហូបអាហារ លក់​ភេសជ្ជៈ និង​បាន​ចូលរួម​បំរើ​ស្នាក់​ការកំរិត​ខ្នាតតូច សម្រាប់​បំរើ​អ្នក​ទេសចរណ៍​ក្នុងស្រុក​ក្នុងការ​ចិញ្ចឹមជីវិត ពោល​ពួកគាត់​បានមក​រស់នៅ​តំបន់​នេះ​គឺ តំណ​តាំងតែ​ពី​ឪពុកម្តាយ រហូត​មានកូន ពូន​ជា​ចៅ មកដល់​បច្ចុប្បន្ននេះ ថែមទាំង​មាន​សៀវភៅ​ស្នាក់នៅ ហើយ និង​អត្តសញ្ញាណប័ណ្ណ​សំ​គាត់​ខ្លួន​ទៀតផង​៕

​

អាជ្ញាធរ ប្រកាស​ឲ្យ​ផ្អាក​ការដឹកជញ្ជូន​តាម​កាណូត រយៈពេល​៦​ថ្ងៃ ក្នុង​ថ្ងៃបុណ្យ​អុំទូក​

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បានប្រកាស​ឲ្យ​ផ្អាក​ដំណើរការ សេវា​ដឹកជញ្ជូន​តាម​កាណូត (Taxi Boat) រយៈពេល​ចំនួន​៦​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ហើយ​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នឹង​ដំណើរការ​បម្រើសេវា​នេះ​ជាធម្មតា​វិញ​។​

​សេចក្ដីជូនដំណឹង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បណ្ដាញ​ព័ត៌មាន Fresh News ទទួលបាន​នៅថ្ងៃនេះ បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រុម​កីឡាករ​-​កីឡាការិនី​ទូកង ពី​បណ្ដា​ខេត្ត​នានា នឹង​អញ្ជើញ​មក​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​អុំ​ទូកង ដែល​នឹង​ប្រ​ព្រឺ​ត្ដិ​ទៅ​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ទៀតថា ការផ្អាក​ដំណើរការ សេវា​ដឹកជញ្ជូន​តាម​កាណូត​នេះ គឺ​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ សន្ដិសុខ សុវត្ថិភាព និង​ការ​ចរាចរណ៍​តាមផ្លូវ​ទឹក តាម​ដង​ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់ ចៀសវាង​មាន​បាតុភាព​កើតឡើង​ជាយថាហេតុ និង​ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​៕

តុលាការ​សម្រេច​ចោទប្រកាន់​អ្នកពាក់ព័ន្ធ និង​ស្ត្រី​ស៊ីឈ្នួល​ពពោះ​ជំនួស​១៨​នាក់

​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា នេះ បានសម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​ទៅលើ​ជនសង្ស័យ​ចំនួន​១៤​នាក់ ពីបទ​លក់ដូរ​មនុស្ស​ឆ្លងដែន និង​បទ​ធ្វើ​អន្តរការី​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ​ជំនួស និង​៤​នាក់​ទៀត ជា​អ្នកសមគំនិត​។​

​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​ក្យ​សាលាដំបូង​រាជធានី សំណុំរឿង​ជន​ត្រូវ​ចោទ​ចំនួន​១៨​នាក់ (​ក្នុងនោះ​មាន​៣​នាក់​បាន​រត់គេចខ្លួន​បាត់​) នឹង​ត្រូវបាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។

​គួររំលឹកថា ការចាប់ខ្លួន​ជន​ទាំង​១៥​នាក់ នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទី​តាំងពីរ​ផ្សេងគ្នា គឺ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​នៅក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕

១០​ខែ​នេះ ការនាំចេញ​អង្ករ​របស​កម្ពុជា​ធា្ល​ក់​ចុះ​ជាង ១៣​ភាគរយ

​ភ្នំពេញ ៖ លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ បាន​បង្ហាញថា ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០១៨ កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ចំនួន​សរុប ៤៣៤.៨០៧​តោន ធា្ល​ក់​ចុះ ១៣,២០ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ ដែលមាន​ចំនួន ៤៩២.១១៥​តោន​។​

​សូម​រំលឹកថា កន្លងមក​បារាំង ជា​ប្រទេស​ឈរ​លំដាប់​ទី​១ ក្នុង​ការនាំ​អង្ករ​ចូល​ពី​កម្ពុជា ប៉ុន្តែ​បច្ចុប្បន្ន​លំដាប់​លេខ​១​នេះ បាន​ធា្ល​ក់​ទៅ​ប្រទេស​ចិន​វិញ​។

​តាម​របាយការណ៍​បង្ហា​ញ​ថា កម្ពុជា​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប មាន​ជាង ២១​ម៉ឺន​តោន តំបន់​អាស៊ាន មាន​ជិត ៤៦​ពាន់​តោន និង​តំបន់​ផ្សេងៗ​ទៀត​មាន​ជាង ១៨​ម៉ឺន​តោន​។ ដោយឡែក ប្រទេស​ដែល​ទិញ​អង្ករ​កម្ពុជា​ច្រើនជាងគេ​ក្នុង​រយៈពេល​នេះ មានដូចជា​ប្រទេស​ចិន​ចំនួន ១១៣.៥៣៧​តោន ប្រទេស​បារាំង​ចំនួន ៦៤.០៣២​តោន និង​ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន ៣២.៥៣៧​តោន​៕

ក្រុមហ៊ុន​ដំណាំ​អំពៅ​ផលិត​ស្ករអំពៅ​បាន ១២​ម៉ឺន​តោន រយៈពេល ៩​ខែ

​ភ្នំពេញ ៖ ក្រុមហ៊ុន​វិនិយោគ​ផលិត​ស្ករស​ដ៏​ធំ​ចំនួន ៣​នៅក្នុង​ប្រទេស​កម្ពុជា បាន​ផលិត​ស្ករអំពៅ​ឆៅ (​មិនទាន់​កែច្នៃ​) បាន​ជាង ១២០.១២៦ តោន នៅ​រយៈពេល​៩​ខែ​ដំបូង​ក្នុងឆ្នាំនេះ​។

​យោងតាម​របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​បង្ហាញថា ក្រុមហ៊ុន Rui Feng (Cambodia) ដែល​វិនិយោគ​លើ​ឧស្សាហកម្ម​ផលិត​ស្ករអំពៅ​ឈានមុខ​គេ​មានតម្លៃ ១,៥ ពាន់​លាន​ដុល្លារ​នៅ​ខេត្តព្រះវិហារ ផលិត​ស្ករអំពៅ​បាន ៥៦.៦៦៤ តោន​, ក្រុមហ៊ុន Yellow Field (Cambodia) ផលិត​បាន ៥១.៤២០ តោន និង​ក្រុមហ៊ុន Koh Kong Sugar Industry ផលិត​បាន ១២.០៤២ តោន ដោយឡែក​ក្រុមហ៊ុន Phnom Penh Sugar មិនបាន​ផ្ដល់​តួលេខ​នោះទេ​។

​លោក ស្រី វុ​ឌ្ឍី អ្នកនាំពាក្យ​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹងថា «​ឧស្សាហកម្ម​អំពៅ​មាន​សក្ដានុពល​ធំ​សម្រាប់​កសិករ ប្រសិនបើ​កសិករ​អាច​ផលិត​អំពៅ​បាន​តាម​តម្រូវការ​របស់​ឧស្សាហ​កម្មនេះ វា​នឹងមិន​គ្រាន់តែ​ផ្ដល់ប្រាក់​ចំណេញ​ច្រើន​ដល់​កសិករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​យើង​ផងដែរ​»៕

​កម្មការិនី​រោងចក្រ​ហ្គ្រេ​ន មី ដូ​វ នៅ​ខណ្ឌដង្កោ បន្ត​ដួលសន្លប់​ជាង​២០​នាក់​ទៀត

​ភ្នំពេញ ៖ កម្មករ​រោងចក្រ​ជាង​២០​នាក់ ថ្មី​ទៀត បាន​បន្ត​ដួលសន្លប់ នៅវេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ នៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ហ្គ្រេ​ន មី ដូ​វ ដែលមាន​ទីតាំង ស្ថិតនៅ​ក្នុងភូមិ ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ ហើយ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព ៧១១ បាន​ចេញមក​អន្តរាគមន៍ និង​ដឹកបញ្ជូន​ជនរងគ្រោះ​ចេញទៅ​មន្ទីរពេទ្យ ។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ម្សិលមិញ នៅ​រោងចក្រ​នេះ ក៏មាន​កម្មករ​ដួលសន្លប់​ជាង ៤០​នាក់​ដែរ ដោយសារតែ​បុរស​រដ្ឋបាល​រោងចក្រ ស្រែក​សំឡុត​ឡូឡា រហូតដល់​កម្មករ​ភ័យ​សន្លប់ ត​គ្នា ហើយ​រហូតមកដល់​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា នេះ កម្មករ​ហាក់ដូចជា​នៅមាន​អារម្មណ៍ ភិតភ័យ នៅឡើយ ទើប​មាន​អ្នក​ដួលសន្លប់​បន្តទៀត តែ​យ៉ាងណាក្តី ក្រិ​ម​កម្មការិនី​ទាំងនោះ ត្រូវបាន​ជួយ សង្គ្រោះ​ហើយ​៕

​

​រដ្ឋសភា នឹង​ប្រជុំ​ពេញអង្គ​អនុម័ត​សេចក្តីព្រាងច្បាប់​ថវិកាជាតិ ២០១៩ នៅ​ថ្ងៃទី​១៥ វិច្ឆិកា

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៥ វិច្ឆិកា ខាងមុខនេះ រដ្ឋសភាជាតិ នឹង​ពិភាក្សា​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៩ និង​សេចក្តីព្រាងច្បាប់​ផ្សេងទៀត​។​សេចក្តីព្រាងច្បាប់​ទាំងនោះ ត្រូវបាន​គណៈកម្មាធិកា​រ អចិន្ត្រៃយ៍​រដ្ឋសភា ពិនិត្យ​រួចរាល់​ហើយ​នៅ​ថ្ងៃទី​១៣ វិច្ឆិកា នេះ មុននឹង​ដាក់បញ្ចូល​ទៅក្នុង​កិច្ចប្រជុំ ពេញអង្គ​។​

​សេចក្តីព្រាងច្បាប់​ទាំងនោះ រួមមាន​៖ ទី​១៖ សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​។ ទី​២៖ សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧​។ ទី​៣៖ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តី​បត្យាប័ន​រវាង​ព្រះ រាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី​។​

​គួររំលឹកថា សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០១៩ កម្ពុជា គ្រោង​ខ្ចី​ថវិកា​បរទេស​ជិត​២​ពាន់​លាន​ដុល្លារ សម្រាប់​យកមក​អភិវឌ្ឍន៍​ប្រទេស​ផងដែរ ខណៈ​បច្ចុប្បន្ន​កម្ពុ​ជាមាន​ទំហំ​សេដ្ឋកិច្ច ២៤​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ ស្ដីពី​សេចក្ដីព្រាងច្បាប់​ថវិកា​ស​ម្រា​ប់​ឆ្នាំ​២០១៩៕

ទណ្ឌិត​១០០​នាក់ ទទួលបាន​ការបន្ថយ​ទោស និង​លើកលែងទោស

​ភ្នំពេញ ៖ លោក សន កែវ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​បាន​ថ្លែងថា អ្នកទោស​ប្រមាណ ១០០​នាក់​ថ្មី ទៀត ទទួលបាន​ការលើកលែង​ទោស និង​បន្ធូរ​បន្ថយទោស​សម្រាប់​បុណ្យ​ឯករាជ្យ​ជាតិ និង​បុណ្យអុំទូក ខាងមុខ​។​

​លោក សន កែវ បញ្ជាក់ថា « ខ្ញុំ​មិន​ប្រាកដថា តើ​មាន​សមាជិក​អតីត​គណបក្សប្រឆាំង​មួយចំនួន ឬ​អត់​នោះទេ ពីព្រោះ​ខ្ញុំ​មិនបាន​មើលទៅ​លើ​រឿង​របស់​ពួកគេ​នោះទេ​។ យើង​គ្រាន់តែ​ដឹងថា ពួកគេ​ជា​អ្នកទោស​ដែល​បាន​កែប្រែ​ខ្លួន​ហើយ ដោយ​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ​»​។​

​សូម​រំលឹកថា កាលពី​ដើមខែ​នេះ គណៈកម្មាធិការ​សម្រាប់​ការពិនិត្យ​ការកាត់បន្ថយ​ទោស និង​លើកលែងទោស​បាន​ពិនិត្យ​ទៅលើ​សំណើ​របស់​អ្នកទោស​ចំនួន ៥២៣​នាក់​សម្រាប់​ការលើកលែងទោស និង​បន្ថយទោស ប៉ុន្តែ​មិនមែន​ពួកគេ​ទាំងអស់​អាច​ត្រូវបាន​លើកលែងទោស​នោះទេ​។

​លោក អ៊ុច ពង្ស អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​បាន​ថ្លែង​កាលពី​ដើមខែ​នេះ​ថា បច្ចុប្បន្ន​មាន​អ្នកទោស​ចំនួន ៣១.២២៦ នាក់​ទូទាំងប្រទេស​ក្នុងនោះ ២.៦៦៣ ជា​ស្ត្រី​៕

ត្រៀម​គ្រូពេទ្យ​ជិត ៨០០​នាក់ រថយន្ត​ចល័ត​សង្គ្រោះ ១៥​គ្រឿង ក្នុង​ថ្ងៃបុណ្យ​អុំទូក

​ភ្នំពេញ ៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ ឆ្នាំ​២០១៨ នេះ នឹងមាន​មហាជន​ចូលរួម​យ៉ាងច្រើន​កុះករ អាច​នឹង​ច្រើនជាង​រៀងរាល់ឆ្នាំ គឺ​ដោយសារតែ​សេដ្ឋកិច្ច មានការ​រីកចម្រើន ស្ថានភាព​នយោបាយ​ល្អ មធ្យោបាយ​ធ្វើដំណើរ​សំបូរបែប ប្រព័ន្ធ​គម​នា​គម​ន៏​ល្អ និង​ត​ភ្ជាប់​ពី​ទីជនបទ​ទៅ​ទីប្រជុំជន ខ្វែងខ្វាត់​គ្រប់​ទីកន្លែង ផ្តល់​ជា​ភាពងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​មក​ចូលរួម​កំសាន្ត​ព្រះរាជ​ពិធីបុណ្យ​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ​នេះ​។​

​ដើម្បី​ឆ្លើយតប​នឹង​ចំនួន​មនុស្ស​ដ៏​ច្រើន​កុះករ​នោះ អាជ្ញាធរ​គ្រប់​ស្ថាប័ន ដែល​ពាក់​ព​ន្ធ័ បាន​ត្រៀម​រៀបចំ​ផែនការ​លើសពី​ឆ្នាំមុនៗ ជាក់ស្តែង​ឆ្នាំនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ត្រៀមកំលាំង​យ៉ាងច្រើន​ស​ន្ទឹ​ក​សន្ធាប់ ដើម្បី​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ។ ក្នុងនោះ ផ្នែក​សុខាភិបាល បានរៀបចំ​ត្រៀមលក្ខណៈ​រួចជាស្រេច ដើម្បី​ជួយសង្គ្រោះ និង​ព្យាបាល ជូន​ពលរដ្ឋ​នៅពេល​មាន​ជំងឺ​ដ​ង្កា​ត់​អ្វី​កើតឡើង ។​

​លោក​វេជ្ជ​ប​ណ្ឌឹ​ត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឱ្យដឹងថា សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​ឆ្នាំនេះ ដោយមាន​ការណែនាំ​ពី​ក្រសួងសុខាភិបាល និង​អភិបាល​រាជធានី​ភ្នំពេញ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​ផែនការ​ពង្រាយ​ក្រុមគ្រូពេទ្យ​គោលដៅ​ទីតាំង​សេវា​សុខាភិបាល (​ស្តង់​សុខាភិបាល​) ដែលមាន​ក្រុមគ្រូពេទ្យ​រងចាំ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ។​

​លោក​វេជ្ជបណ្ឌិត​បន្តថា ក្នុង​រយៈពេល​បួន​ថ្ងៃ នៃ​ព្រះរាជ​ពិធីបុណ្យ​នោះ មាន​ការបោះ​ស្តង់​សម្រាប់​ពិនិត្យ និង​សង្គ្រោះ​បឋម ចំនួន​៨​ស្តង់ មាន​រថយន្ត​សង្គ្រោះ​ប្រចាំការ ចំនួន​១៥​ក្រុម និង​ក្រុមគ្រូពេទ្យ​ចល័ត ចំនួន​១៦​ក្រុម ដែលមាន​ក្រុមគ្រូពេទ្យ​សរុប​ប្រមាណ​៨០០​នាក់ ប្រចាំការ​ប្តូរ​វេន​គ្នា ដើម្បី​ជួយ​ពិនិត្យ ព្យាបាល​ជំងឺ ក្នុងនោះ ក្រុមគ្រូពេទ្យ​ចល័ត ដើម្បី​អប់រំ​ផ្សព្វផ្សាយ​អនាម័យ ចំណីអាហារ និង​ផ្សព្វផ្សាយ​ទប់ស្កាត់​ជំងឺអេដស៍​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​សប្បាយភាព ។​

​វេជ្ជ​ប​ណ្ឌឹ​ត រូបនេះ​ឲ្យ​ដឹង​ទៀតថា ការបោះ​ស្តង់​ពិនិត្យ និង​ព្យាបាល​សង្គ្រោះ​បឋម ជូន​បងប្អូន ក្នុង​ដំណើរ​កម្សាន្ត នៃ​ព្រះរាជ​ពិធីបុណ្យ​អ៊ុ​ទូក​៣​ថ្ងៃនោះ មាន​ទីតាំង​ដូច​ខាងក្រោយ ទី​១​ស្តិ​ត​នៅ​កោះ​ពេជ្រ ទី​២- ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ទី​៣- បរិវេណរ​ណ​សិ​រ្យ ផ្នែក​ខាងកើត ទី​៤-​នៅមុខ​ព្រះ​គម្លង់ ទី​៥-​នៅ​ផែ​ថ្ម​ខាងជើង​ភោជនីយដ្ឋាន​ទី​តា​និក ទី​៦-​នៅ​ទីលាន​ប្រជាធិបតេយ្យ ទល់មុខ​ឃ្លាំង​សាំង​សូ​គី​មិច ទី​៧- នៅ​ត្រើយ​ខាងកើត ទន្លេសាប នៅ​ខាងជើង​គល់ស្ពាន​ជ្រោយចង្វារ និង​ទី​៨-​ស្ថិតនៅ​រង្វង់​មូល​នាង​មច្ឆា​គល់ស្ពាន​បេ​ឡេ​។​

​ជាមួយគ្នា​នោះដែរ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ នៅពេល​មាន​អកា​រៈ ធី​ង​ធោ​ង វិលមុខ ក្អួតចង្អោ ឬ​បញ្ហា​សុខភាព​កើតឡើង ដោយ​ប្រការ​ណាមួយ សូម​ប្រ​ញ៉ាប់​ស្វែងរក​ស្តង់​សុខាភិបាល ដើម្បី​បាន​សំរាក​និង​ព្យាបាល​ជំងឺ ដោយ​ឥត​គិត​ថ្ងៃ ដែលមាន​គ្រួ​ពេទ្យ​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​។ ក្រៅពី​ស្តង់ រង់ចាំ​ពិនិត្យ​ព្យាបាល ក៏មាន​រថយន្ត​ចាំ​សង្គ្រោះ និង​ដឹក​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ ដែលមាន​ក្រុមគ្រូពេទ្យ​ប្តូរ​វេន​គ្នា ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង និង​មាន​រយៈពេល​បួន​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​២០ ដល់​ថ្ងៃ​២៣​ខែវិច្ឆិកា រយៈពេល​៤​ថ្ងៃ តែម្តង​៕
​

នាយក ADB ថ្មី ប្រចាំ​កម្ពុជា សន្យា​បន្ត​ការគាំទ្រ​វិស័យ​កសិកម្ម

​ភ្នំពេញ ៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង​ដោយ​សង្ឃឹម និង​ជឿ ជាក់​ថា ធនាគារ​អភិវឌ្ឍ​អាស៊ី នឹង​បន្ត​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ប្រទេស​ឲ្យ មាន​ការរីក​ចម្រើនប​ន្ថែ​ម​ទៀត ជាពិសេស​លើ​វិស័យ​កសិកម្ម​ទាំង​ក្នុងពេល​បច្ចុប្បន្ន ក៏ដូចជា​ពេល អនាគត​។​

​លោក វេ​ង សាខុន បាន​ថ្លែង​យ៉ាង​ដូច្នេះ បន្ទាប់ពី​បាន​ជួបពិភាក្សា​ជាមួយ​លោកស្រី Sunni ya Durrani-Jamal នាយក​ប្រតិបត្តិ​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ប្រចាំ​កម្ពុជា​ដែល​ទើប​តែងតាំង ថ្មី កាលពី​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​។​

​លោកស្រី Sunniya Durrani-Jamal បានបញ្ជាក់​ក្នុងជំនួប​នេះ​ថា វិស័យ​កសិកម្ម គឺជា​វិស័យ​មួយ ដែល​ធនាគារ អភិវឌ្ឍ​អាស៊ី​ផ្តល់​អាទិភាព​ខ្ពស់ ដោយបាន​ដាក់បញ្ចូល​ក្នុង​គោលនយោបាយ​ភាព ជា​ដៃគូ​រវាង ប្រទេស​កម្ពុជា និង​ធនាគារ​អភិវឌ្ឍ​អាស៊ី​ថ្មី សម្រាប់​រយៈពេល​៥​ឆ្នាំ​៕

​

ស្រូវ​ស្រែ​​ជាង១​ម៉ឺន​៥​ពាន់​ហិកតានៅ​ខេត្តកំពង់ចាម​ កំពុង​ជួប​គ្រោះរាំងស្ងួត

​ខេត្តកំពង់ចាម ៖ លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ នៅ​ថ្ងៃទី​១១​ខែវិច្ឆិកា នេះ ដើម្បី​រិះរក​វិធី​ជួយសង្គ្រោះ​ស្រូវ​រាប់ពាន់​ហិកតា​ដែល​កំពុង​ប្រឈម​នឹង​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​។ ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាលខេត្ត បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ ត្រូវ​ចាត់វិធានការ​បន្ទាន់ ដោយ​មិនអាច​បង្អែរ​បង្អង់​បានឡើយ​។

​តាម​ព័ត៌មាន​ពី​រដ្ឋបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា គ្រោះរាំងស្ងួត​នេះ បាន​ប៉ះពាល់​ផ្ទៃដី​ប្រមាណ ១៥.៣១១ ហិកតា ក្នុងនោះ​ស្រូវវស្សា​ចំនួន ១៤.២៣៧ ហិកតា និង​ស្រូវប្រាំង ១.០៧៤ ហិកតា ស្ថិតនៅក្នុង​ឃុំ​ចំនួន​៣៨ ក្នុងស្រុក​ចំនួន​៥ នៅ​ខេត្តកំពង់ចាម ។

​លោក អុំ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម បាន​រាយការណ៍​ថា មន្ទីរ​បាន​បូមទឹក​ជួយសង្គ្រោះ​ស្រូវ​រាំងស្ងួត​ចំនួន ១.៨៧០​ហិកតា​។ លោក​អះអាងថា ផ្ទៃដី​ដែល​រងគ្រោះ​ជាងគេ គឺ​នៅ​ស្រុក​ព្រៃឈរ​ដែល​រងគ្រោះ​ចំនួន ៥.០៤៩ ហិកតា​៕ ដោយ ៖ សុផល
​

​កម្មករ​នី​រោងចក្រ​កាត់ដេរ​៤០​នាក់​ដួលសន្លប់ ដោយសារ​ភ័យ​នឹង​ការស្រែក​សំឡុត​

​ភ្នំពេញ ៖ យ៉ាងហោចណាស់​ក៏មាន​កម្មករ កម្មការិនី​នៅក្នុង​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ យីហោ​ហ្គ្រី​ន​មី​ដូ​វ​វេឡុ​ប​មេន ចំនួន​៤០​នាក់ បាន​ដួលសន្លប់​ជា​បន្តរ​បន្ទាប់​ខ​ណះ​ពេល​កម្មករ​ទាំងនោះ​កំពុងតែ​បំពេញការងារ​រៀងៗ​ខ្លួន​ហើយដោយ​ទ្រាំ និង​សម្លេង​ស្រែក​សំឡុត ពី​បុរស​អ្នកបកប្រែ​អោយ​ចិន​ម្នាក់ ស្រែក​ខ្លាំងៗ​ពេក បំបាក់ស្មារតី​ទៅលើ​ពួកគេ​ទើប​បណ្តាលអោយ​មានកម្ម​ករ​មួយចំនួន​ដួលសន្លប់​បែបនេះ​។​

​ហេតុការណ៍​ដួលសន្លប់​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ក្រោយពេល​កើតហេតុ​ក៏មាន​ក្រុមគ្រូពេទ្យ​កង ៧១១ បាន​បញ្ជូន​រថយន្ត​សង្គ្រោះ​ជាច្រើន​គ្រឿង​មកកាន់​កន្លែងកើតហេតុ ដឹកជញ្ជូន​កម្មក​រដែ​ល​ដួលសន្លប់​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ចោមចៅ​។​

​ភ្លាមៗ​នោះដែរ​លោក​វរៈសេនីយ៍ឯក ជឹម ស៊ីថា អធិការ​ខណ្ឌដង្កោ បាន​ដឹកនាំ​កម្លាំង​ចុះទៅ​អន្តរ​គម​ន៍ និង​ស្រាវជ្រាវ​រក​មូលហេតុ​ពិត​នៃ​ការដួលសន្លប់​របស់​ក​ម្មករ​ទាំងនោះ ក្រោយពី​សាកសួ​ពី​សន្តិសុខ និង​កម្មករ​ជាច្រើន​នាក់​ទៀត​បាន​ប្រាប់​ដូចៗ​គ្នា​ថា មូល​ហេតុដែល​កម្មករ​ជាច្រើន​នាក់​ដួលសន្លប់​នោះ គឺ​មកពី​បុរស​អ្នកបកប្រែ​អោយ​ចិន​ម្នា​កើ បាន​ស្រែក​ស្តី​សំឡុត​ខ្លាំងៗ​ពេក ទើបបាន​ជាមាន​អ្នក​ភ័យ​រហូត​សន្លប់​បែបនេះ​។​

​ជុំវិញ​ករណីនេះ​ដែរ​លោក​ជឹម​ស៊ីថា​បាន​បញ្ជារ​អោយកម្លាំង​ប៉ុស្តិ៍នគរបាល​ពងទឹក​ឃាត់ខ្លួន​បុរស​អ្នកបកប្រែ​ចិន​ដែល​និយម​ស្តី​សំឡុត​កម្មករ​រូបនេះ​ទៅ​សាកសួ​និង​ធ្វើការ​អប់​អោយ​បញ្ឈប់​ប្រើស​ម្តី​អាក្រក់​ដាក់​កម្មករ​ទៀត​នោះឡើយ​៕
​

បង្ក្រាប​ទីតាំង​ចម្លាក់រូប ​«​វត្ថុ​ស័ក្តិ​សិទ្ធ​»​ ឃាត់ខ្លួន​ស្ត្រី​២​នាក់ នៅ​ខណ្ឌ​ច្បារអំពៅ​

​ភ្នំពេញ ៖ ក្រុម​អន្ដរាគមន៍​បង្ក្រាប​បទ​ល្មើស​សត្វព្រៃ​ចល័ត នៃ​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះបង្ក្រាប​ទីតាំង​ដែល​ទទួល​ចម្លាក់ ចេញពី​ភ្លុក ចែ ឆ្អឹង ដាល​មាន​យីហោ “​ចឹក ម៉េង ចម្លាក់​ព្រះ​” កាលពី​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ដែល​ស្ថិត​ផ្ទះ​លេខ​១៦៦ ផ្លូវ​៣៦៩ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ទីតាំង​ដែល​កម្លាំង​បាន​ចុះ​ពិនិត្យ និង​ឆែកឆេរ​នេះ មាន​យីហោ «​ចឹក ម៉េង លក់ និង​ឆ្លាក់​វត្ថុ​ស័ក្ដិសិទ្ធិ​» ដែលមាន​ម្ចាស់​ទីតាំង​ឈ្មោះ ម៉ុក ទិព្វ​រាសី ភេទ​ស្រី អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៦៦ ផ្លូវ​លេខ​៣៦៩ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​។​
​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង បទល្មើស​ជា​សំណាក់​សត្វព្រៃ រួមមាន សំណាក ភ្លុក​ដំរី​, សំណាក​ភ្លុក​ដំរី កែច្នៃ​, ចែ​ជ្រូកព្រៃ​, ធ្មេញ និង​ក្រចក​, ខ្លា​ឃុំ​, ចុង​ស្នែង​ប្រីស​, ជើង​ឈ្លូស​ក្រៀម​, នុប​ប្រីស​, ស្នែង​កេះ និង​សម្ភារ​ផ្សេងៗ​មួយទៀត​។​

​ដោយ​ពិនិត្យឃើញថា វត្ថុតាង​បទល្មើស​សំណាក​សត្វព្រៃ​ទាំងអស់ ដែល​មក​ធ្វើ​ស​ន្និ​ធី ពុំមាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ និង​បាន​ដកហូត​សំណាក​សត្វព្រៃ​ទាំងអស់​ជា​បណ្ដោះអាសន្ន ហើយ​កម្លាំង​ជំនាញ ក៏​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

មេធាវី​លោក កឹម សុខា ថ្លែងការណ៍​ជំទាស់​រឿង​ដាក់​លោក កឹម សុខា ជា​ល្បែងភ្នាល់​

​ភ្នំពេញ ៖ សហ​មេធាវី​លោក កឹម សុខា បានចេញ​សេចក្តីថ្លែងការណ៍​ថា ការដោះលែង ឬ​ការលើកលែង​បទ ចោទប្រកាន់ ដើម្បី​លោក កឹម សុខា មាន​សេរីភាព​វិញ គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលា​ការមិន​ស្ថិតក្រោម ល្បែងភ្នាល់​គ្នា​របស់​អ្នកនយោបាយ​នោះទេ​។​

​សហ​មេធាវី​លោក កឹម សុខា បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖ “​ការ យក​សេរីភាព​បុគ្គល ជាពិសេស គឺ​ឯកឧត្តម កឹម សុខា ដែលជា​អ្នកនយោបាយ ផ្សារភ្ជាប់​ទៅនឹង​នយោបាយ​ជាតិ មក​ភ្នាល់ គឺ​ធ្វើឱ្យ​ជាតិ​កាន់តែ​បែកបាក់​ធ្ងន់ធ្ងរ​ថែមទៀត​។​

​បន្ទាប់ពី​លោក សម រង្ស៊ី ផ្ញើ​សារ​បបួល​សម្តេច​តេ​ជោ ហ៊ុន សែន ភ្នាល់​ករណី​ដោះលែង ឬ មិន​ដោះ លែង​លោក កឹម សុខា រួចមក លោក កឹម សុខា បាន​សរសេរ​បញ្ជាក់​យ៉ាងខ្លី​នៅក្នុង​ហ្វេ​ស​ប៊ុ​ករ​បស់ លោក​ក្នុងន័យ​ថា “​គាត់​មិនមាន​សេរីភាព​មែន តែ​គាត់​មា​នស​ម្ប​ជ​ញ្ញ​: ដឹងថា អ្នក​កំពុង​ធ្វើ​អ្វី​មកលើ​រូបគាត់ និង​ប្រទេសជាតិ​”៕

ប៉ូលិស​បញ្ជូន​ស្ត្រី​ស៊ីឈ្នួល​ពពោះ និង​អ្នកពាក់ព័ន្ធ​ចំនួន​១៥ នាក់​ទៅ​តុលាការ

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ចន្ទ​ទី​១២ ខែវិច្ឆិកា នេះ អាជ្ញាធរ​ជំនាញ​ខាង​បង្ក្រាប និង​ប្រឆាំង​ការជួញដូរ​មនុស្ស គ្រោង​បញ្ជូន​ស្ត្រី​ចំនួន ១៣ នាក់ និង​បុរស ២ នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស៊ីឈ្នួល​ពពោះ​ជំនួស​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយពី​ចាប់ខ្លួន​ពួកគេ​បាន​នៅក្នុង​ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា កន្លងទៅនេះ​។​

​លោក ទូច សា​រ៉េ​ន នាយរង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ថ្លែងថា មនុស្ស​១៥​នាក់​ត្រូវបាន​ឃាត់ខ្លួន ក្នុងនោះ​មាន​ស្ត្រី​កំពុង​ពពោះ ១១​នាក់ និង​ប្រុស​២​នាក់​។ មនុស្ស​ទាំងអស់​កំពុង​តែ​ស្ថិតក្រោម​ការសួរនាំ​រប​ស់​សមត្ថកិច្ច​ជំនាញ​ដើម្បី​កសាង​សំណុំរឿង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​មន្ត្រី​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស ធ្លាប់​ឲ្យ​ដឹងថា ស្ត្រី​ពពោះ​ជំនួស​ក្នុង​ម្នាក់​តម្លៃ ១​ម៉ឺន ដុល្លារ តែ​ពួកគេ​ទទួលបាន​ប្រាក់​កក់​ដំបូង​ពេល​មាន​ផ្ទៃពោះ​ចំនួន ៥០០ ដុល្លារ ហើយ​ក្រោយពេល​ឆ្លងទន្លេ​រួច មក​ពួកគេ​ទទួលបាន​៣០០​ដុល្លារ​ក្នុង​១​ខែ រហូត​គ្រប់​ចំនួន​១​ម៉ឺន​៕