All posts by មេគង្គ ប៉ុស្តិ៍

កម្ពុជា​គួរ​ពង្រឹង​សេវាកម្ម​អគ្គិសនី​បន្ថែម​ខណៈ​ការផលិត​កាន់តែ​កើន

​ភ្នំពេញ ៖ របាយការណ៍​ថ្មី​មួយ​របស់​ធនាគារពិភពលោក​អោយដឹង នៅ​ប្រទេស​កម្ពុជា លទ្ធភាព​ទទួលបាន​អគ្គិសនី​តាមរយៈ​បណ្តាញ​ខ្សែ​ចែកចាយ​របស់​រដ្ឋ​ត្រូវបាន​ពង្រីក​ដល់​៧១,៥​ភាគរយ​នៃ​គ្រួសារ​ហើយ​មកទល់​សព្វ​ថ្ងៃ ក៏ប៉ុន្តែ​ភាព​ទុកចិត្តបាន​របស់​ការផ្គត់ផ្គង់​សេវា​នេះ គួរ​មានការ​កែលម្អ​ឱ្យ​ប្រសើរ​ថែមទៀត ដោយសារ ចំនួន​ជិត​ពីរភាគបី​នៃ​គ្រួសារ​ទាំងនោះ​ត្រូវ​ប្រឈម​នឹង​ការ​ដាច់​ចរន្តអគ្គិសនី​ញឹកញាប់ ។

​របាយការណ៍​ដដែល​នេះ​បាន​បង្ហាញថា នៅ​ទូទាំងប្រទេស គ្រួសារ​កម្ពុជា​ចំនួន​ជិត​៩០​ភាគរយ មានលទ្ធភាព​ទទួលបាន​ការផ្គត់ផ្គង់​អគ្គិសនី​យ៉ាងហោចណាស់​រយៈពេល ៤​ម៉ោង​ដែរ​ក្នុង​មួយថ្ងៃ ។

លោក ទី នរិន្ទ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា មានប្រសាសន៍ថា កម្ពុជា​សម្រេចបាន​ភាព​រីកចម្រើន​យ៉ាង​លឿន​នៅក្នុង​ការពង្រីក​លទ្ធភាព​ទទួលបាន​អគ្គិសនី​ទៅដល់​បណ្តា​ភូមិ និង​អ្នកប្រើប្រាស់ ក៏ប៉ុន្តែ​វឌ្ឍនភាព​នេះ​ទទួលបាន​នៅក្នុង​តម្លៃ​ខាតបង់​មួយ​ដែរ ។ អាស្រ័យហេតុនេះ បច្ចុប្បន្ន វា​ជា​ពេលដែល​កម្ពុជា​ត្រូវ​បង្វែរ​ការយកចិត្តទុកដាក់​របស់ខ្លួន​ទៅ​ពង្រឹង​ភាព​ទុកចិត្តបាន​និង​គុណភាព​នៃ​ការផ្គត់ផ្គង់​អគ្គិសនី ដើម្បី​ជួយ​ឱ្យ​សេដ្ឋកិច្ច​គ្រួសារ​និង​ធុរកិច្ច​លូតលាស់​បានល្អ ។​

លោកស្រី អ៊ី​ន​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា ថាមពល​មាន​សារសំខាន់​ណាស់​សម្រាប់​ពង្រីក​សមត្ថ​ភាព​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម​ដែល​បង្កើត​ការងារ​ថ្មី ហើយ​សម្រាប់​ធ្វើឱ្យ​ប្រសើ​នូវ​សេវាសាធារណៈ​ដែល​ពង្រីក​ឱកាស ជួយ​ឱ្យ​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​មាន​ជីវភាព​ប្រកបដោយ​គុណភាព​កាន់តែ​ល្អ​ជាង​មុន​។

​លោកស្រី​បន្តថា «​កម្ពុជា​ជា​ប្រទេស​ទីមួយ​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក​ដែល​បានធ្វើ​ការអង្កេត​អភិក្រម​ក្របខណ្ឌ​ពហុ​លំដាប់​នេះ ដែល​ផ្តល់​ទិន្នន័យ​ពិស្តារ​ស្តីពី​លទ្ធភាព​ទទួលបាន ថាមពល​តាម​គ្រួសារ សម្រាប់​យកទៅ​ពង្រឹង​ការរៀបចំ​គោលនយោបាយ​ក្នុង​វិស័យ​ថាមពល ។

បើតាម​របាយការណ៍រ​បស់​អគ្គិសនី​កម្ពុជា គិត​ត្រឹម​ចុងឆ្នាំ ២០១៧ ការភ្ជាប់​ចរន្តអគ្គិសនី​ឱ្យប្រើ​ប្រាស់​អគ្គិសនី​គ្រប់​ប្រភេទ​កើនឡើង​ដល់ ២.៤០៩.៩០៧ ទីតាំង ដែល​ក្នុងនោះ​មាន​លំនៅឋាន​ចំនួន ២.៣១៥.៩៣០​កន្លែង អាជីវកម្ម ឧស្សាហកម្ម និង​រដ្ឋបាល មាន​៨៩.១០៨​កន្លែង និង​ទីតាំង​ដែលជា​ស្ថាប័នរដ្ឋ​មាន​ចំនួន ៥.៨៦៩​កន្លែង ៕
​

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ ស្ថិត​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៧។ Photo RFA

ល្បែង​ជ្រក​ក្រោម​ស្លាប​អិន​ធឺ​ណែ​ត​២៤​ម៉ោង​ក្នុង​ខណ្ឌមានជ័យ​ដុះ​ដូច​ផ្សិត

​ភ្នំពេញ ៖ ល្បែងស៊ីសង ភ្នាល់​បាល់ និង​ល្បែង​ខុសច្បាប់​ជាច្រើន​ប្រភេទ​ទៀត ដែល​Live​ចេញពី​កា​សុ​ី​ណូ នៅ​ជ្រក​ក្រោម​ស្លាក អុ​ី​ន​ធើ​ណេ​ត​24​ម៉ោង លើស​24​ម៉ោង ជាច្រើន​កន្លែង​នៅតាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត ដែល​ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ចាប់ពី​គល់ស្ពាន​អាកាស​ក្បាលថ្នល់ ដល់​ចាក់់អង្រែ​ក្រោម និង​មាន​ទីតាំង​ជាច្រើន​ទៀត​ក្នុង​មូលដ្ឋាន មិន​ក្រោម​ពី​១០០​កន្លែង​នោះទេ បាន​កំពុងតែ​បើក​លេង​យ៉ាង​រលូន ពុំ​ឃើញ​មាន​អាជ្ញាធរ និង​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​នោះឡើយ ។​
‎

កន្លងមក​លោក ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានដាក់​បញ្ជា ឲ្យ​លោក​អភិបាលខណ្ឌ​ទាំងអស់ នឹង​សមត្ថកិច្ច​មូលដ្ឋាន ធ្វើយ៉ាងណា បង្ក្រាប​ល្បែងស៊ីសង ដែល​កំពុង​កើតមាន​សព្វថ្ងៃ នៅក្នុង​រាជធានី​ភ្នំពេញ ជាពិសេស គឺ​ហាង​អី​ុ​ន​ធើ​ណេ​ត​២៤​ម៉ោង លើស ២៤​ម៉ោង ដែល​បង្កប់​ល្បែងស៊ីសង ភ្នាល់​បាល់ និង​ល្បែងស៊ីសង​ជាច្រើន​ប្រភេទ​ទាំងនេះ​តែម្ដង ដែល​ដាច់ខាត​មិន​អនុញ្ញាត​ឲ្យ​កើតមាន​ក្នុង​មូលដ្ឋាន ។ តែ​ផ្ទ​យ​ទៅវិញ ការបញ្ជា​របស់លោក ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ ហាក់ដូចជា​គ្មាន​ប្រសិទ្ធភាព ព្រោះថា​ល្បែងស៊ីសង តាម​ប្រព័ន្ធ​អន​ឡាញ ជ្រក​ក្រោម​ស្លាក អ៊ី​ន​ធើ​ណេ​ត បាន​កំពុង​រីក​រាលដាល​ដូច​ផ្សិត​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ ។​

ប្រភពពី​មហាជន​បាន​ឲ្យ​ដឹងថា ទីតាំង​នេះ​មួយថ្ងៃៗ មាន​មនុស្ស​ចេញចូល​លេង ដូច​គេ​មើល​កុន ភាគច្រើន សុទ្ធតែ​ក្មេងស្ទាវ សិស្សសាលា និង​ក្មេង​ក្រោម​អាយុ​១៤ -១៥​ឆ្នាំ ដែល​ក្មេង​កំពុង​ពេញវ័យ​សិក្សា ត្រូវបាន​ល្បែង​ទាំងនោះ ពង្វក់ខួរក្បាល​ក្លាយទៅជា​ក្មេង​ដែល​សង្គម​ស្អប់​ស្ពើ​ម​ទៅវិញ​។​

ហេតុនេះ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ បាន​លើកឡើងថា លោក ឃួន ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជ​រាជធានី​ភ្នំពេញ នឹង​លោក ជួន សុវណ្ណ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ គួរតែ​ពិនិត្យឡើងវិញ ភាព​អសកម្ម របស់​មន្ត្រី​ទាំងនោះ​ផង មិនគួរ​រក្សា​ភាព​ស្ងៀមស្ងាត់​តទៅទៀត​ទេ ព្រោះថា ល្បែង​ទាំងនេះ កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​ថ្នាក់ក្រោម ទាំង ចៅសង្កាត់ និង​ចៅហ្វាយខណ្ឌ ព្រមទាំង​លោក​មេ​ប៉ុស្ដិ៍ និង​អធិការ​នីមួយៗ ពួកគេ​មើលមិនឃើញ ល្បែងស៊ីសង​ទាំងនេះ​ទេ ទំនងជា​ទទួលបាន​ផលប្រយោជន៍ ពី​មេបន​ល្បែង ដូច​ការ​អួតអាង​របស់​មេការ​ខាងលើ​នេះហើយ​មើលទៅ បានជា​គ្មាន​ការបង្ក្រាប​បែបនេះ​៕
​

រដ្ឋាភិបាល​ប្រកាស​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ នគរបាល យោធា អាវុធហត្ថ ឲ្យ​ឡើងដល់ ជាង​១​លាន​រៀល​ក្នុង​ម្នាក់ៗ ចាប់ពី​ខែមេសា ឆ្នាំ​២០១៨​នេះ​តទៅ​។​

​គ្រូៗ​មួយចំនួន អះអាងថា ក្រោយពី​កំណែទម្រង់​ស៊ីជម្រៅ​ក្នុង​វិស័យ​អប់រំ បានធ្វើ​ឲ្យ គុណភាព​នៃ​ការបង្រៀន​សិស្ស​កើនឡើង ខណៈ​ប្រាកខែ​គ្រូៗ ត្រូវបាន​តម្លើង​ជា​លំដាប់​។​

​មន្ត្រី​មន្ទីរអប់រំ​ខេត្តក្រចេះ លោក ស៊ឹង ឡេង មានប្រសាសន៍ថា មុន​កំណែទម្រង់​ស៊ីជម្រៅ​
​ក្នុង​វិស័យ​អប់រំ គ្រូ​ម្នាក់ៗ​មិនអាច​ផ្គត់ផ្គង់​ជីវភាព​ផ្ទាល់​ខ្លូន​បានទេ ដោយសារតែ​ប្រាក់ខែ​ទាប មិន​សមាមាត្រ​នឹង ការចំណាយ​លើ​តម្លៃ​ម្ហូបអាហារ និង​ការធ្វើដំណើរ​។ ប៉ុន្តែ​ច្រើន​ឆ្នាំ​ចុង ក្រោយនេះ រាជរដ្ឋាភិបាល បានគិត​គូ​ពី​ជីវភាព​របស់​មន្ត្រីរាជកា​រ ឲ្យ​រស់នៅ​សមរម្យ​។ ពិសេស​បាន​តម្លើង​ប្រាក់ខែ​គ្រូ​ទ្វេ​រដង បានធ្វើ​ឲ្យ​គ្រូ​ប្តូរ​ពី​ការយក​ម៉ោង​បង្រៀន​ទៅរក​ស៊ី​ក្រៅ​
​ពី​លក់​នំ​ក្នុង​ថ្នាក់ ពី​ឲ្យ​សិស្ស​រៀន​Cour ពី​លក់​ឯកសារ​ក្នុង​ម៉ោង​សិក្សា​ជាដើម មក​ពង្រឹង​ខ្លួន ដោយ​គោរព​ម៉ោង​ការងារ​ផង និង​ពង្រឹងគុណភាព លើ​ការបង្រៀន​ផង​។​

​ចំណែក​ប្រធានការិយាល័យ អប់រំ​ក្រៅ​ប្រព័ន្ធ របស់​មន្ទីរអប់រំ យុវជន​និង​កីឡា ខេត្ត​ត្បូងឃ្មុំ
​លោក ហាប តុង​ហូរ អះអាងថា ក្រោយពី​រូបគាត់ ទទួលបាន​ប្រាក់ខែ​កាន់តែ​ខ្ពស់​រាល់​ឆ្នាំ គាត់​បាន​ពង្រឹងសមត្ថភាព​បង្រៀន ដោយ​ខំ​សិក្សា​ស្រាវជ្រាវ រក​អ្វីដែល​ថ្មី ប្លែក ហើយ​តម្រូវ​
​តាម​ស្តង់ដារ​អប់រំ យកមក​ត្រៀម​បង្រៀន​សិស្ស​។ លោក​អះអាងថា គ្រូ​ជាច្រើន លែង អវត្តមាន​ក្នុង​ម៉ោង​បង្រៀន​ដូច​មុន ហើយ​គោរព​ម៉ោង​ការងារ ជាពិសេស មិន​លក់​ឯកសារ ឲ្យ​សិស្ស​ដូច​មុន​ច្រើន​ទេ​។​

​ជា​រៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល​បាន​តម្លើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​ពី​គ្រប់​ថ្នាក់​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៨​នេះ​ប្រាក់ខែ​ដែល​មន្ត្រីរាជការ បាន​តម្លើង​មាន​២​លើក​។ លើក​ទី ១ នៅ ដើមខែ​មករា ទទួលបាន​១២% នៃ​ប្រាក់ខែ​មូលដ្ឋាន​។ ក្នុង​ខែមេសា ឆ្នាំ​២០១៨​នេះ ជាការ តម្លើង​លើក​ទី​២ លើ​ប្រាក់​បំណាច់​មុខងារ​។ ចាប់ពី​ខែមេសា ឆ្នាំ​២០១៨​នេះ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និង​កងកម្លាំងប្រដាប់អាវុធ​ចម្រុះ នឹង​ទទួលបាន​ប្រាក់ខែ ទាប​បំផុត
​ជាង​១​លាន​រៀល ក្នុង​ម្នាក់ៗ​៕​

ស៊ីម៉ាក់​នឹង​ជជែក​លម្អិត​រឿងបញ្ចូល​មន្ត្រី​របស់ខ្លួន​ក្នុង​ក្របខណ្ឌ​រដ្ឋ​

​ភ្នំពេញ ៖ អគ្គនាយក​ស៊ីម៉ាក់ ឯ​.​ឧ ហេង រតនា បាន​បញ្ជាក់ថា ស៊ីម៉ាក់​នឹង​ជជែក​លំអិត ជាមួយ​ក្រសួង​មុខងារសាធារណៈ ដើម្បី​រៀបចំ​នីតិវិធី​ផ្ទៃក្នុង​ដើម្បី​ដាក់បញ្ចូល​មន្ត្រី របស់​អង្គភាព​ស៊ីម៉ាក់​ចូលក្នុង​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ​នៃ​ក្រសួង​ការពារ ជាតិ​។

ការរៀបចំ​នីតិវិធី​ជាមួយ​ក្រសួង​មុខងារសាធារណៈ​នាពេលនេះ​គឺ​នៅក្រោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ជាគោលការណ៍​ដាក់បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ នៃ​ក្រសួងការពារជាតិ​។​

​ការសម្រេច​ជាគោលការណ៍ ក្នុងការ​ដាក់បញ្ចូល​ម​ន្ត្រី​អង្គភាព​ស៊ីម៉ាក់​ទាំងអស់​ក្នុង​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ​នៃ​ក្រសួងការពារជាតិ​នាពេល​ត្រូវ បាន លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​ថា​ការជួយ​គាំពារ​ដល់​មន្ត្រី​អង្គភាព​ស៊ីម៉ាក់​យ៉ាង​ល្អ​បំផុត​ពី​សំណាក់​រាជរដ្ឋាភិបាល ប្រយោជន៍​ដើម្បី​ទទួលបាន​របប​សោធន ដូច​ទៅនឹង​មន្ត្រី​យោធា​កងយោធពល​ខេមរភូមិន្ទ​ដែរ គ្រា​ដែល​អ្នកខ្លះ បាន​បម្រើការ​ជាម​ន្ត្រី​ស៊ីម៉ាក់​រហូតដល់​ជាង​២០​ឆ្នាំ​ទៀតផង​។ នេះ​ជា​សេវា​គាំពារ សង្គម​មួយ​សម្រាប់​បុគ្គលិក​ស៊ីម៉ាក់ ព្រោះ​គាត់​បាន​លះបង់​សេចក្តីសុខ អាយុជីវិត​ដើម្បី​សុខសន្តិភាព និង​សុវត្ថិភាព​សង្គម​។ ទោះយ៉ាងណា​ក៍មាន​ប្រទេស​ជា​ម្ចាស់ ជំនួយ​បាន​ព្រួយបារម្ភ​ថា​ស៊ីម៉ាក់​ធ្វើការ​ស្ថិតនៅក្រោម​ក្រសួងការពារជាតិ​។

លោក ពន្យល់ថា មន្ត្រី​បុគ្គលិក​របស់​ស៊ីម៉ាក់​គ្រាន់តែ​ចូល​ក្របខណ្ឌ​ប៉ុណ្ណោះ​តែ​មិនមែន បើកប្រាក់​ខែ​ពី​កងយោធពល​ខេមរភូមិន្ទ​នៃ​ក្រសួងការពារជាតិ​នោះទេ គឺ​គ្រាន់តែ បញ្ចូល​ឈ្មោះ​ដើម្បី​ទទួលបាន​របប​សោធ​និវត្តន៍​នៅពេល​គាត់​ព​លិ ពិការ និង បាត់បង់​កម្លាំង​ពលកម្ម​ជាដើម​។

​គួរ​កត់សំគាល់ថា កន្ល​ទៅ​ក៍មាន​ការឯកភាព​ក្នុងការ​បញ្ចូល​មន្ត្រី​រប​ស់​អង្គភាព​ស៊ី ម៉ាក់​ចូលក្នុង​ក្របខណ្ឌ​កងយោធពល នៃ​ក្រសួងការពារជាតិ​ដែរ កាលពី​ឆ្នាំ​២០១៦ ប៉ុន្តែ​មិនអាច​អនុវត្តបាន ដោយសារតែ​មន្ត្រី​ស៊ីម៉ាក់​ទាំងនោះ​គ្មាន​ក្របខណ្ឌ ដូច្នោះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មិនអាច​អនុវត្តបាន​ជាមួយ​ក្រសួង​ជំនាញ មួយចំនួន​បានទេ​។

​សូម​បញ្ជាក់ដែរថា​មន្ត្រី​-​បុគ្គលិក​ស៊ីម៉ាក់​ក្នុង​ប្រអប់​មាន​ជាង ១៨០០​នាក់ និង​មន្ត្រី​ដែល​កំពុង​ប្រតិបត្តិការ​១៥០០​នាក់ និង​មាន​ជន​ពលី ពិការ មរណៈ និង​ចូលនិវត្តន៍​បាន​ចំនួន​៣៩០​នាក់​៕​

ទូក​តូច​ល្បឿន​លឿន​បុក​គ្នា​ស្លាប់​បុរស​ម្នាក់ នៅឃុំ​កំពង់ចាម ស្រុក​សំបូរ​

​ខេត្តក្រចេះ​៖ សាកសព​បុរស​ម្នាក់ ជា​អ្នក​បើកទូក ដែល​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​ដែល​ពុំ​ធ្លាប់មាន​នាពេល​កន្លងមក ត្រូវបាន​គរ​បាល និង​សាច់​ញ្ញា​ត្តិ​រុករក​ឃើញ នៅ​រសៀល​ថ្ងៃទី​២២​ខែមីនា បន្ទាប់ពី​បាត់​ខ្លួន​នៅក្នុង​ទឹកទន្លេ នៅ​ទល់មុខ​និង​ស្រុក​សំបូរ ខេត្តក្រចេះ អស់​ជាច្រើន​ម៉ោង ។​

សាកសព របស់​បុរសរងគ្រោះ​ឈ្មោះ ជា សីហា អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​សំបូរ គឺមាន​ស្នាម​ដាច់​រយៈ​ក្បាល ដោយ​នគរបាល​សន្និដ្ឋានថា បណ្តាលមកពី​ជនរងគ្រោះ​បោក​ក្បាល​ទៅនឹង​គែមទូក​ពេល​ជួប​ហេតុ​ការ​ទូក​បុក​គ្នា និង​បាន​ធ្លាក់​ចូលក្នុង​ទឹកទន្លេ បណ្តាលឱ្យ​លង់​ស្លាប់​។​

អធិការនគរបាល​ស្រុក​សំបូរ លោក​វរសេនីយ៍ឯក ប៊ុន ឈឿន បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក ដែល​ពុំ​ធ្លាប់មាន​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី​២២ ខែមីនា នៅ​ចំនុច​ភូមិ​សំភិន ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ ។​ពេល​កើតហេតុ​គឺ ជនរងគ្រោះ​បាន​បើកទូក​អេ​វ​(​ជា​ប្រភេទ​ទូក​តូច​តែ​លឿន​) មកពី​ប៉ែក​ខាងលើ​ដើម្បី​រក​ទិញ​ត្រី ពី​អ្នកនេសាទ​។ ចំនែកឯ​ទូក​ម្ខាង​ទៀត ជា​ប្រភេទ​ទូក​អេ​វ ដូចគ្នា ជា​ទូក​របស់​មណ្ឌល​សុភាព​ឃុំ

ដែល​កំពុងតែ​បើក​ដឹក​សាកសព​អ្នកភូមិ​ម្នាក់ ដែល​ស្លាប់​ដោយសារ​ពស់​ចិក យក​ពី​ពេទ្យ​ឆ្ពោះទៅ ធ្វើបុណ្យ​នៅ​លំនៅឋាន​។​​លោក​អធិការនគរបាល​ស្រុក​បាន​បញ្ជាក់ថា​ក្នុង​ហេតុការណ៍​ទូក​បុក​គ្នា​នោះ ទូក​ទាំងពីរ​គ្រឿង នេះ​មិន​ត្រូវបាន​លិច​នោះទេ តែ​បុរស​ជា​អ្នក​បើកទូក​ម្នាក់ ធ្លាក់​ចូលក្នុង​ទឹកទន្លេ​បាត់​ខ្លួន​តែម្តង​។ ដោយ​លោក​បាន​សន្និដ្ឋានថា ការបាត់​ខ្លួន​របស់​បុរសរងគ្រោះ​ជា​អ្នកភូមិ ទំនងជា​ស្លាប់​ដោយសារ​លង់ទឹក​។ ហើយ​រហូតមកដល់រ​សៀ​ល​ថ្ងៃទី​២២​មីនា​នេះ បន្ទាប់ពី​កើតហេតុ​អស់​ជាច្រើន​ម៉ោង ទើប​កម្លាំង​នគរបាល​ស្រុក រុក​រកឃើញ​សាកសព​ជនរងគ្រោះ ។

​​មូល​ហេតុដែល​បង្កឱ្យមាន​គ្រោះថ្នាក់​ចរចា​រណ៍​នេះ ត្រូវបាន​លោក សន្និដ្ឋានថា បណ្តាល មកពី​យប់​ងងឹត​ភាគី​ទូក​ទាំងសងខាង​មើលគ្នា​ពុំ​ឃើញ ៕
​

សំណុំរឿង​អ្នកចម្រៀង​ចង្វាក់​រ៉ុ​ក​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មិនទាន់​ចាត់ការ​ទេ​

​ភ្នំពេញ ៖ រហូតមកទល់​ព្រឹក​ថ្ងៃទី​២២ ខែមីនា នេះ លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពុំទាន់​សម្រេច​បែបណា​នៅឡើយ​ទេ ជុំវិញ​សំណុំរឿង​នារី​ម្នាក់​បើករថយន្ត​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា​បណ្តាលឱ្យ​តារាចម្រៀង​ម្នាក់​ស្លាប់ និង បរទេស​ម្នាក់ទៀត​របួស​ធ្ងន់ ពោលគឺ​កំពុង​សាកសួរ​នៅឡើយ ។​​

គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១:៤០​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ស្តុ​ប​ទន្លេបាសាក់ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​១៦៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ។​

​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​កង់​បី​ឥណ្ឌា​មួយគ្រឿង​ដឹក​ភ្ញៀវ​ពីរ​នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​១៦៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត Prius ពណ៌​កណ្ដុរ​ប្រមេះ មួយគ្រឿង មិនមាន​ផ្លាកលេខ បើកបរ​ដោយ​យុវតី​រូប​ស្រស់​ម្នាក់ ទិសដៅ​ពី​លិចទៅ​កើត ទៅបុក​កង់​បី​ឥណ្ឌា​ពេញទំហឹង បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ដែល​ជិះ​បោក​ក្បាល​នឹង​ដែក​កង់​បី​ស្លាប់ ។​

​នារី​រូប​ស្រស់​ជា​អ្នកបើករថយន្ត​បង្កហេតុ​មានឈ្មោះ ងួន ស្រី​និ​ច ភេទ​ស្រី អាយុ​២១​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​នាំ​ទៅធ្វើ​ការសាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ទួល​ទំពូង​១ ។​

​បុរស​បរទេស​ដែល​រងរបួស​ធ្ងន់​នៅ​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ ត្រូវបាន​រថយន្ត​គិលានសង្គ្រោះ​គ្លីនិក​ឯកជន​ដឹក​ទៅ​មន្ទីរពេទ្យ​។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ តាក់ ច​ន្ធី អាយុ​៣៨​ឆ្នាំ មុខរបរ​អ្នកចម្រៀង រ៉ុ​ក​ខេន​រ៉ូ​ល នៅ​ហាង​បារាំង ស្នាក់នៅ​ម្ដុំ​ផ្សារ​ទួល​ទំពូង និង​មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។ ស្ត្រី​រងគ្រោះ​មានកូន​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់ ក្នុងបន្ទុក ៕


​

៤​ប្រទេស សន្យា​ជួយ​ជួសជុល​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ និង​ប្រាសាទ​កោះ​កេរ​

​សៀមរាប ៖ ប្រទេស​ចំនួន​៤ ដែលជា​សមាជិក​នៃ​គណៈកម្មាធិការ សម្របសម្រួល​អន្ដរជាតិ​សម្រាប់​អភិរក្ស និង​លើក​តម្លៃ​ប្រាសាទព្រះវិហារ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី ព្រះវិហារ បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​គម្រោង ជួយ​ជួសជុល​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ និង​ប្រសាទ​មួយចំនួនទៀត​នៅក្នុង​តំបន់​រមណីយដ្ឋាន​កោះ​កេរ ។​

​លោក គឹម សេ​តារា ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំពេញអង្គ​លើក​ទី​៤ នៃ​គណៈកម្មាធិការ សម្របសម្រួល​អន្ដរជាតិ​សម្រាប់​អភិរក្ស និង​លើក​តម្លៃ​ប្រាសាទព្រះវិហារ ហៅ​កាត់​អាយ​ស៊ី​ស៊ី ព្រះវិហារ នៅ​មជ្ឈមណ្ឌល​អាធរ​ជាតិ​អប្សរា​កាល​ព្រលប់​ថ្ងៃទី​២១ ខែមីនា នេះ ថា ប្រទេស​ជា​សមាជិក​អាយ​ស៊ី​ស៊ី​ព្រះវិហារ​ទាំង​៤ មាន​ប្រទេស​ចិន ឥណ្ឌា ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក និង​ប្រទេស​ថៃ បាន​សន្យាថា នឹង​ជួយ​ជួសជុល​ប្រាសាទព្រះវិហារ និង​ប្រាសាទ​កោះ​កេរ​។​

​លោក គឹម សេ​តារា បាន​មានប្រសាសន៍ថា តំបន់​ប្រាសាទព្រះវិហារ ដែលមាន​តួ​ប្រាសាទ​ចំនួន​៥​កន្លែង​ដែលមាន​ភាព​ទ្រុឌទ្រោម ដោយ​តួ​ប្រាសាទ​ទី​១​ទី​២​និង​ទី​៣​ប្រទេស​ចិន​នឹងធ្វើ​ការជួសជុល និង​អភិរក្ស ចំណែក​ប្រទេស​ឥណ្ឌា បាន​សន្យា​ជួយ​ជួសជុល​តួ​ប្រាសាទ​ទី​៥ ព្រមទាំង​ជណ្ដើរ​ខាងជើង និង​ផ្នែក​ខ្លះ​នៃ​គោ​បុ​រៈ​ទី​១​។ លោក​បន្តថា ចំណែក​ប្រទេស​ប៊ែ​ល​ហ្ស៊ី​ក ក៏បាន​សន្យា​ជួយ​បង្កើត ឌែ​លតា​បេស សម្រាប់​ជា​បណ្តុំ​ទិន្នន័យ​រួមមួយ​ដើម្បី​ងាយស្រួល​ដល់​ការងារ​ជួសជុល​ប្រាសាទ​។ រីឯ​ប្រទេស​ថៃ ក៏​នឹងធ្វើ​ការជួសជុល​ប្រាសាទ​នៅក្នុង​រមណី​ដ្ឋា​ន​ប្រាសាទ​កោះ​កេរ​។​​

លោក​បាន​បន្ដថា បើសិន​ដៃគូរ​នៃ​ប្រទេស​ទាំង​បួន​នេះ មានការ​លះបង់​ជួយ​ជួសជុល​និង​អភិរក្ស​ប្រាសាទព្រះវិហារ នឹង​ធ្វើអោយ​ប្រាសាទបុរាណ​ទាំងនោះ​កាន់តែ​ប្រសើរឡើង ។​​

លោក​មាន​បន្ដថា រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ស្វែង​ជំនួញ​ទាំង​ថវិកា​និង​អ្នកជំនាញ ដើម្បីអោយ​វប្បធម៌​របស់​កម្ពុ​ជាកា​ន់​តែមាន​ល្អ​ប្រសើរឡើង​មួយកំរិត​ទៀត ខណៈដែល​ប្រាសាទ​ទាំងនោះ​មាន​វ័យ​ចំណាស់​។​ជាមួយគ្នា​នោះដែរ​លោក គឹម សេ​តារា ក៏មាន​ការ​ព្រួយ​បារ​ម្មណ៍​ពី​ប្រាសាទព្រះវិហារ​ដែល​កំពុង​ជួប​កង្វះ​ទឹក​ក្រោម​ដី​ផងដែរ ដែល​ធ្វើអោយប៉ះពាល់​ដល់​គ្រឹះ​ប្រាសាទ និង​មាន​ផលប៉ះពាល់​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​រដូវប្រាំង​ផងដែរ​៕​

អាជ្ញាធរ​ជាតិ​ព្រះវិហារ​បើក​កិច្ចប្រជុំពេញ អង្គ ICC PreahVihear លើក​ទី​៤

​សៀមរាប ៖ គណៈកម្មការ​ធិ​ការសម្របសម្រួល​អន្ដរ​ជាតិ​សម្រាប់​អភិរក្ស​និង​លើក​តម្លៃ​ប្រាសាទព្រះវិហារ​ឬ​ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី ព្រះវិហារ នៅ​ព្រឹក​ថ្ងៃទី​២១​ខែមីនា​នេះ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា និង​ពិគ្រោះ​យោបល់​ពី​ការអភិរក្ស​និង​អភិវឌ្ឍ​ប្រាសាទព្រះវិហារ និង​ប្រាសាត​កោះ​កេរ​។

​កិច្ចប្រជុំពេញអង្គ​នេះ ដឹកនាំ​ដោយ​ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌា ក្រោម​អធិបតីភាព​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា និង​មានការ​ចូលរួម​ពី​បណ្ដា​ប្រទេស​មា​ជិ​ក​អាយ​ស៊ី​ស៊ី​ព្រះវិហារ​ចំនួន​៩​ប្រទេស​ចូលរួម​ផងដែរ​។​

​លោក ជំទាវ ភឿង ស​កុ​ណា បាន​ថ្លែង​ស្វាគមន៍​ចំពោះ​សមាជិក​ប្រទេស​អាយ​ស៊ី​ស៊ី​ព្រះវិហារ ដែល​បាន​ពិភាក្សា​និង​ផ្ដល់យោបល់​គ្នា លើ​ការអភិរក្ស និង​ថែរក្សា និង​លើក​តម្លៃ រមណី​ដ្ឋា​ន​ប្រាសាទព្រះវិហារ និង​ប្រាសាទ​កោះ​កេរ​។​លោកជំទាវ​បាន​បន្ដថា កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​ព្រះវិហារ​នេះ គឺ​កិច្ចប្រជុំពេញអង្គ​លើក​ទី​៤​ហើយ​នេះ ដែល​ប្រមូលផ្ដុំ​ដោយ​អ្នកជំនាញ​បេតិកភណ្ឌ ដែល​លោកជំទាវ​សង្ឃឹមថា ក្រុមការងារ​ទាំងនេះ នឹង​ពង្រីក​បន្ថែម​នូវ​សកម្មភាព​កា​ងារ​នៅ​តំបន់​រមណី​ដ្ឋា​ន​ទាំងពីរ​នេះ​ព្រមទាំង​ជម្រុញ​អោយ​ខ្លឹមសារ​អនុសញ្ញា​ឆ្នាំ​១៩៧២ ជា​មិ​ត្ដ​ភាព​មា​ជិ​ក​អាយ​ស៊ី​ស៊ី​ព្រះវិហារ​កាន់​យូរអង្វែង​។​លោកជំទាវ​ក៍បាន​សម្ដែង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​អនុប្រធាន​រដ្ឋា​បាល​ជាតិ​ប្រទេស​ចិន ទទួលបន្ទុក​ផ្នែក​វប្បធម៌​ផងដែរ ដែល​លោកជំទាវ​ថា ចំណង​មិ​ត្ដ​ភាព​ប្រទេស​ទាំងពីរ​នេះ និង​ធ្វើអោយមាន​ការអភិរក្ស​ប្រាសាទបុរាណ នៅលើ​ភ្នំ​ព្រះវិហារ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត ព្រមទាំង​ថ្លែងអំណរគុណ​ដល់​សហភាព​ស​ព័ន្ធ​រុស្ស៊ី និង​អ្នកជំនាញ​មកពី​បណ្ដា​ប្រទេស​ផ្សេង​ផងដែរ ។​

​សូមជម្រាបថា កិច្ចប្រជុំ​គណៈកម្មាធិការ​អន្ដរជាតិ សម្រាប់​ការអភិរក្ស និង​លើក​តម្លៃ​ប្រាសាទព្រះវិហារ​នេះ មាន​ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌា​ធ្វើជា​សហប្រធាន និង​មាន​សមាជិក​ចំនួន​៩​ប្រទេស ផ្សេងទៀត​ចូលរួម​៕​

ខ្យល់​កន្ត្រាក់​បោក​ផ្តួល​ផ្ទះ​៩​ខ្នង នៅ​សង្កាត់​សាលា​ក្រៅ ក្រុងប៉ៃលិន​

​ខេត្ត​ប៉ៃលិន​៖ បើតាម​លោក ង៉ា លី​ហុង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖​កាលពី​វេលា​ម៉ោង​៤​និង ៣០​នាទី រសៀល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៨ ខេត្ត​ប៉ៃលិន បានទទួល​សំពាធ​ខ្យល​កន្ត្រាក់ លាយឡំ​និង​ភ្លៀង​ផ្ទ​រ បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០៩​ខ្នង​ទូទាំង​ខេត្ត រង​ការខូចខាត ក្នុងនោះ​០៤​ខ្នង ទទួលរង​គ្រោះ​ដួលរលំ​ទាំងស្រុង ។​

​លោក​បាន​បន្តថា ចំពោះ​ខេត្ត​ប៉ៃលិន ស្ថានភាព​ខ្យល​កន្ត្រាក់ បានចាប់ផ្តើម​តាំងពី​ល្ងាច​ថ្ងៃទី​១៩ ខែមីនា មក​ម្លេះ ធ្វើ​ឲ្យ​ផ្ទះ​ពលរដ្ឋ​ចំនួន​៣​ខ្នង​រង​ការខូចខាត ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ នៅ​ចំណុច សង្កាត់ អូរ​តា​វ៉ៅ លុះ​មកដល់​រសៀល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៨ ម្សិលមិញ ដោយមាន​ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បាន​គ្របដណ្តប់​ស្រុក​សាលា​ក្រៅ និង​ក្រុងប៉ៃលិន តែម្តង ។ លោក​បន្ត​ឲ្យ​ដឹង​ទៀតថា​៖​មុនពេល​កើតហេតុ គេ​ឃើញ​ផ្ទៃមេឃ​ខ្មៅ អួរ​អាប់​ចាប់ផ្តើម ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២០ ខែមីនា ដោយមាន​ខ្យល់​បោកបក់ ពី​ទិសខាងកើត ប៉ះចំ​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បណ្តាល​ឲ្យ​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង និង​សៃ​ឡូត​រឿង មួយកន្លែង​រង​ការ​ខូច​ខាត់ ដោយ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ។

​បន្ទាប់មក​នៅវេលា​ម៉ោង​០៤ និង​៣០​នាទី ខ្យល់​កន្ត្រាក់ បាន​បោកបក់ មកពី​ទឹ​ស​ខាងលិច​វិញ​ម្តង ដោយ​ប៉ះចំ​ស្រុក​សាលា​ក្រៅ មាន​ឃុំ​ស្ទឹងត្រង់ បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួនធំ​រង​ការ​ខូច​ខាត់ ក្នុងនោះ​មាន​ភូមិ​ភ្នំ​ព្រាល​របើក​ដំបូលផ្ទះ​ចំនួន​៤​ខ្នង​, ភូមិ​ភ្នំ​ក្រិ​ញ​ខូចខាត​ផ្ទះមួយ​ខ្នង​និង​រោង​បាយ​វត្តភ្នំ​ក្រិ​ញ​មួយ​ខ្នង​(​ខូចខាត​ធ្ងន់​ដូ​ល​រលំ​), ភូមិ​អន្លុង​រក្សា​ខូចខាត​ផ្ទះ​ពីរ​ខ្នង , និង​ភូមិ​អូរ​កន្ធៀ​ង​វ៉ា​ខូចខាត​ផ្ទះមួយ​ខ្នង ព្រមទាំង​បាក់​ដើម​មៀន​ប៉ៃលិន អស់​ជាង​៣០០​ដើម​ផងដែរ ។​

​បើតាម​អាជ្ញាធរ​មូល នៃ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ដែរ​ថា​៖ ក្រោយពេល​កើតហេតុ ខាង​អាជ្ញាធរ ក៏បាន​ចុះទៅ​ពិនិត្យមើល ដើម្បី នឹង​រៀបចំ​ជា​អំណោយ​សង្គ្រោះបន្ទាន់ ជូន​ដល់ផ្ទះ​ជនរងគ្រោះ​ទាំងអស់នោះ ប៉ុន្តែ​មិនទាន់​ដឹងថា ចែក​អំ​ណោ​ច​សង្គ្រោះបន្ទាន់​ពេលណា​នោះទេ ។​

​គួរ​រលឹក​ថា កាលពីដើម ខែមីនា កន្លងទៅ មាន​ករណី​ខ្យល់​កន្ត្រាក់​បក់​ប៉ះចំ​ផ្ទះ​ប្រជា​ពល រដ្ឋ​នៅក្នុង​ភូមិបរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន បណ្តាលឱ្យ​ទទួលរង​ការ​ប៉ើង​ដំបូលផ្ទះ​ចំនួន​៨​គ្រួសារ ក្នុងនោះ​ទទួលរង​ការខូចខាត​ខ្នាំ​ង​ចំនួន​៣​ខ្នង ដោយ​រសៀល​ថ្ងៃ​បន្ទាប់ មាន​ករណី​រន្ទះបាញ់​ស្ត្រី​ចំ ណាស់​ម្នាក់ បណ្តាលឱ្យ​រងរបួស​ស​ន្ល​ប់​នៅនឹងកន្លែង ។​

​ជាមួយគ្នា​នោះដែរ​អាជ្ញាធរ​ភូមិ សង្កាត់ ក៏ដូចជា​ខាង​មន្ទីរ​ធនធានទឹក ក៍​បានប្រកាស​ផ្សព្វផ្សាយ ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ ក្នុងភូមិ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​សុវត្ថិភាព​របស់ខ្លួន ពាក់ព័ន្ធ​ករណី​រន្ទះបាញ់ និង​ខ្យល់ កន្ត្រាក់ ដើម្បី​រក្សា​សុវត្ថិភាព និង​អាយុជីវិត​របស់ខ្លួន​យើង​ផងដែរ ៕​

រន្ទះបាញ់​ពេល​មើល​ទូរទស្សន៍ ស្លាប់​កូនស្រី​អាយុ​៤​ឆ្នាំ ម្តាយ​របួស​ជើង

​ខេត្តក្រចេះ ​៖ ក្មេងស្រី​អាយុ​៤​ឆ្នាំ​ម្នាក់ បាន​ឆេះ​រោលរាល​ខ្លោច​លើ​ដងខ្លួន​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​លើផ្ទះ នៅពេលដែល​កុមារី​រងគ្រោះ​កំពុងតែ​ដេក​មើល​ទូរទស្សន៍​ជាមួយនិង​ឱ​ពុក​ម្តាយ​ក៏ត្រូវ​រន្ទះបាញ់​ប្រហារ​កា​លពី​យប់​ថ្ងៃទី​២០ ខែមីនា នេះ​។​​

ក្រៅពី​ក្មេងស្រី​ជា​កូន ត្រូវបាន​ប្រកាច់​ស្លាប់​ភ្លាម​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ធម្មជាតិ​រន្ទះបាញ់​ភ្លៀង​កក់ខែ​នៅ​រដូវ​ដើមឆ្នាំ ក្នុងនោះ​ក៏មាន​ស្ត្រី​ជា​ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ ត្រូវរបួស​ចំ​ជើង​តែ​មិន​ធ្ងន់ធ្ងរ​។​​នគរបាល​ស្រុក​ចិត្រ​បុរី និយាយថា គ្រោះធម្មជាតិ​រន្ទះបាញ់ ដែល​បាន​បាញ់ប្រហារ​សម្លាប់​មនុស្ស​ទៅលើ​លំនៅឋាន​គ្រួសារ​កសិករ​មួយ​នៅ​តំបន់​ដាច់​ស្រ​យ៉ា​ល ក្នុងភូមិ​ស្រែ​មាស ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី​។​​ស្ត្រី​រងគ្រោះ​ជា​ម្តាយ​ឈ្មោះ​ជឿន សៃ អាយុ​២៩​ឆ្នាំ ដែល​រងរបួស​បាន​ប្រាប់​ឱ្យដឹងថា នៅ​យប់​ថ្ងៃកើតហេតុ ខណៈ​មេឃ​កំពុង​ភ្លៀង​ខ្លាំង​និង​មាន​ផ្គរ​ន្ទៈ​ទៀតផង​នោះ​។ គាត់​កំពុងតែ​ដេក​មើល​ទូរទស្សន៍​ជុំគ្នា​នៅ​និង​លើផ្ទះ​ក៏ត្រូវរ​ន្ទៈ​បាន​បាញ់ប្រហារ​មកលើ​ផ្ទះ​រប​ស់​គាត់​លាន់​កក្រើក​ដី​។

​ស្ត្រី​ជា​ម្តាយ​រូបនេះ​បន្តថា កូនស្រី​របស់គាត់​ដែល​ស្លាប់​ជា​កូនស្រី​ពៅ​ក្នុងចំណោម​បងប្អូន​៣​នាក់​ស្រី​២​នាក់​។​

​បើតាម​អាជ្ញាធរខេត្ត បាន​ចាត់ទុកថា ករណី​រន្ទះបាញ់​នេះ ជា​ករណី​គ្រោះថ្នាក់​ធម្មជាតិ​មួយ​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​នៅ​ដើមឆ្នាំ​២០១៨​នេះ​៕​

ភ្លៀង​កក់ខែ​រន្ទះបាញ់​បុរស​វ័យ​ចំណាស់​ម្នាក់​ស្លាប់​នៅ​កណ្តាល​វាលស្រែ

​ព្រៃវែង ៖ មេឃ​រលឹម​កក់ខែ​រន្ទះ​បាញ់​បាន​បាញ់​ប្រល័យ​យក​ជីវិត​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អ​ណោ​ច​អធ៌​ម​នៅ​កណ្តាល​វាលស្រែ ខណៈ​ជនរងគ្រោះ បាន​ដើរទៅ​ជួយ​ដឹក​សត្វ​គោ​កូន​នៅ​ចំណុច​វាលស្រែ​ខាងកើត​ចម្ងាយ​ពី​ភូមិ​ប្រហែល​៨០០​ម៉ែត្រ​។​

​ហេតុការណ៍​គ្រោះធម្មជាតិ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០១៨​ស្ថិត​ក្នុងភូមិ​បង្អែក​.​ឃុំ​ស្វាយ​ភ្លោះ​.​ស្រុក​ពាម​ជរ​.​ខេត្តព្រៃវែង​។​

​សមត្ថកិច្ច​បាន​ឲ​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ​ដូង​.​សារ៉ាត់​ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កសិករ​មា​នទី​លំនៅ​ភូមិ​.​ឃុំ​កើតហេតុ​។​

​ប្រភព​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ ឃើញ​មេឃង​ងិ​ត​ធ្លាក់​រលឹម​តិចៗ ក៍​ដើរ​ចេញពីផ្ទះ​ទៅ​ជួយ​យក​គោ​កូន​ដែល​នៅ​ឃ្វាល​កណ្តាល​វាលស្រែ ប្រាំង​ខាងកើត​ផ្ទះ​ចម្ងាយ​ប្រហែល​៨០០​ម៉ែត្រ​។​ស្រាប់តែ​ពេល​ដើរទៅ​ដល់ក៍​ជួប​គ្រោះ​អកុសល់​បែបនេះ​តែម្តង​។​

​ក្រោយ​ទទួលបាន​ព៌​ត​មាន​សមត្ថកិច្ច​បាន​ពិនិត្យ​និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូនទៅ​ក្រុមគ្រួសារ​ជនរងគ្រោះ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

រកឃើញ​ស្ថា​នី​យ៏​ប្រេង​ចំនួន​៥ នៅ​ប៉ោយប៉ែត​លក់​ប្រេង​មិន​ប្រក្រតី

​ប៉ោយប៉ែត ៖ អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ​នីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ សហ​ការណ៍​ជាមួយ​មន្ត្រី​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨ នេះ បាន​យក​រថយន្ត​មន្ទីរពិសោធន៍​ចល័ត ប្រេងឥន្ធនៈ ចុះ​ត្រួត​ពិ​និ​យ្យ​នៅ​ស្ថា​នី​យ៏​ប្រេង​ចំនួន​៥ ក្នុង​ក្រុង​ប៉ោយប៉ែត ហើយ​បាន​រកឃើញ​ស្ថានីយ៍​ទាំងនោះ លក់​ប្រេង​មិន​ប្រក្រតី​។​

​ក្នុង​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក ងួន សុម​ល្លី​វង្ស អនុប្រធាននាយកដ្ឋាន​កិច្ចការពារ​អ្នកប្រើប្រាស់ និង​បង្ក្រាប​ការ​ក្លែងបន្លំ ។​

​លោក ងួន សុម​ល្លី​វង្ស អនុប្រធាននាយកដ្ឋាន​កិច្ចការពារ​អ្នកប្រើប្រាស់ និង​បង្ក្រាប​ការ​ក្លែងបន្លំ សំរាប់​ខេត្តបន្ទាយមានជ័យ​ជា​លើក​ទី​១​ហើយ ក្រោយពី​បាន​ប្រើប្រាស់​រថយន្ត មន្ទីរពិសោធន៍​ចល័ត​ប្រេងឥន្ធនៈ របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល មក​ពិនិត្យ​បរិមាណ និង​គុណភាព​ប្រេងឥន្ធនៈ តាម​ដេប៉ូ និង​ស្ថានីយ៍​ប្រេងឥន្ធនៈ​នានា​ក្នុង​ខេត្ត​ចំនួន ៧​កន្លែង រកឃើញថា ស្ថានីយ​ត្រឹមត្រូវ​ចំនួន​២ ហើយ​ស្ថា​នី​មិន​ប្រក្រតី​ចំនួន​៥​។ ប៉ុន្តែ​ស្ថានីយប្រេងឥន្ធន​:​ធំៗ ដូចជា តេ​លា គឺ​ក្រុមហ៊ុន ពួកគេ​បាន​អនុវត្ត​ទៅតាម​ស្តង់ដារ របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ដែល​បានកំណត់ ឲ្យ​ប្រើប្រាស់​នៅ​រង្វាស់រង្វាល់​មិន​ប្រក្រតី​ចំនួន​៥​កន្លែង រីឯ​មាន​គុណភាព​តាម​ស្តង់ដា​។

​លោក​បាន​បន្តទៀតថា ក្រុមការងារ​មន្ត្រី​កាំកុងត្រូល​បានធ្វើ​ការណែនាំ​ដល់​ម្ចាស់​ដេប៉ូ និង​ស្ថានីយប្រេងឥន្ធនៈ ធ្វើយ៉ាងណា​ឲ្យ​មាន​ភាពត្រឹមត្រូវ ទាំង​គុណភាព និង​បរិមាណ​កម្រិតស្តង់ដារ​។ ចំពោះ​ដេប៉ូ និង​ស្ថានីយ​មួយចំនួន​ដែល​ខុស​ប្រក្រតី​នោះ ខាង​មន្ត្រី​ក្រុមការងារ​បាន​ឲ្យ​ពួកគាត់​ធ្វើ​កិច្ចសន្យា​ជា​លើក​ទី​១ ដើម្បី​ឲ្យ​ពួកគាត់​កែប្រែ​បរិមាណ​ចំណុះ​វិញ​។

​លោក​បញ្ជាក់ថា ពេលនេះ​យើង​នៅ​មិនទាន់​បានបង្ហាញ ទីតាំង​ដេប៉ូ និង​ស្ថានីយ​ដែល​លក់​មិន​គ្រប់​លីត្រ និង​គ្មាន​គុណភាព​នោះទេ គឺ​ទុក​ឱកាស​ឲ្យ​ម្ចាស់​ទាំងនោះ​កែខ្លួន រៀបចំ​ឲ្យ​មាន​ភាពត្រឹមត្រូវ​តាម​លក្ខណៈ បច្ចេកទេស​ស្តង់ដារ​ឡើងវិញ​។ តែបើ​សិន​ជាមាន​ការលក់​មិន​គ្រប់​លីត្រ លើក​ទី​២ និង​ករណី​រកឃើញ​ភាពមិនប្រក្រតី​នោះ​ទៀត ពួកគាត់​អាច​ប្រឈមមុខ​នឹង​ការបិទ​ដេប៉ូ ឬ​ស្ថានីយ នឹង​ដក​អាជ្ញាប័ណ្ណ​ទៅតាម​នីតិវិធី​។​

​សូមបញ្ជាក់ថា ពេញ​១​ព្រឹក​ក្នុង​ថ្ងៃទី​២១ មីនា នេះ មន្ត្រី​ជំនាញ​រកឃើញ​មាន​ស្ថានីយ៍​ប្រេងឥន្ធនៈ​ចំនួន​៧​កន្លែង​ទី ១ ស្ថានីយ៍​ប្រេងឥន្ធនៈ ១០០​លីត្រ ស៊ី​៤​លីត្រ ,​ទី​២ ស្ថានីយ៍​ប្រេងឥន្ធនៈ​ដេប៉ូ​តេ​លា ហាក់ សុផល ហៅ​ស្រះ​សួគ៌ ១០០​លីត្រ ស៊ី​៧​លីត្រ ,​ទី​៣ ស្ថានីយ៍​ដេប៉ូ តេ​លា ហេង ដា​នី​ន ១០០​លីត្រ ស៊ី​លីត្រ ៣​លីត្រ , ទី​៤ ស្ថានីយ៍​ដេប៉ូ​តេ​លា កូនដំរី ១០០​លីត្រ ស៊ី​២​លីត្រ ,​ទី​៥ ស្ថានីយ៍​ដេប៉ូ​តេ​លា ឡេង គុជ ធម្មតា ,​ទី​៦ ស្ថានីយ៍​ដេប៉ូ​តេ​លា សេង ហ៊ួ​រ ១០០​លីត្រ ស៊ី​៣​លីត្រ ,​និង​ទី​៧ ស្ថានីយ៍​ដេប៉ូ​តេ​លា លី ណា ក្រុង​ប៉ោយប៉ែត ធម្មតា មានតែ​លើស​ចំណុះ​លីត្រ រហូតដល់​១០០​លីត្រ​លើស ១​លីត្រ ទូ​ខ្លះ​០,៥​លីត្រ ៕​

ឆេះ​ផ្ទះ​វីឡា​មួយកន្លែង​ក្បែរ​ផ្សារ​សាំ​ហាន់​ទួល​សង្កែ​ទាំង​ព្រឹក​

ភ្នំពេញ ៖ ផ្ទះ​វីឡា​ដ៏​ធំ​មួយ នៅក្បែរ​ផ្សារ​សាម​ហាន់ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់ទ្រព្យ​សម្បត្តិ​មួយចំនួន ដោយ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជាខ្លាំង​កាលពី​វេលា​ម៉ោង​៥​ទាបភ្លឺ ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៨​នេះ ។​
‎

តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ ខាងលើ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​ដំបូលផ្ទះ​វីឡា​ខាងលើ រួច​ក៏​ឆេះ​ចេញ​ជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ ។ ភ្លាមៗ​នោះដែរ ក៏មាន​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះមក​ជួយ​អន្តរាគមន៍ រួមទាំង​នាំគ្នា​ជ​ញ្ចូ​ន​អីវ៉ាន់​ជាច្រើន​សុទ្ធតែជា​របស់របរ​ល​ក់​ដូរ​ចាប​ហ៊ួ​យ ។ ហើយ​មួយសន្ទុះ​ក្រោយមក ក៏មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​ចេញមក​អន្តរាគមន៍​បាញ់​ពន្លត់ ដោយ​ប្រើ​ពេលវេលា​កន្លះ​ម៉ោង និង​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​អស់​ចំនួន​៤​ឡាន ទើប​អគ្គិភ័យ​ខាងលើ​ក៏បាន​រលត់ទៅវិញ​ជា​ស្ថាពរ​តែម្ដង​។​
‎

ក្នុងករណី​អគ្គិភ័យ​ខាងលើនេះ សមត្ថកិច្ច​ដែល​ចុះទៅ​អន្តរាគមន៍​បាន​សន្និដ្ឋានថា អគ្គិភ័យ​នេះ​កើតឡើង បណ្ដាលមកពី ផ្ទុះ​សេ​ខ្សែភ្លើង តែ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​វីឡា​ខាងលើ​នោះ បើ​គិត​ជា​ទឹកប្រាក់​អស់​ប៉ុន្មាន​នោះទេ ខណៈពេល​ដែរ​ក្រោយពី​កើតហេតុ​រួច សមត្ថកិច្ច​បាន​បន្ត​នៅ​ធ្វើ​កំណត់ហេតុ ដើម្បី​រាយការណ៍​ជូនទៅ​ថ្នាក់លើ​៕​

ឃាត់ខ្លួន​នារី​វ័យក្មេង​ម្នាក់ និង​បុរស​ម្នាក់​ពាក់​ព​ន្ធ័​ករណី​ឆបោក​លុយ​រាប់ពាន់​ដុល្លារ​

​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​៧​មករា ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ៧​និង​៣០​នាទី​យប់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំនុច​ផ្លូវ​លេ​១៨២​ភូមិ​២​សង្កាត់​អូ​ឬ​ស្សី​ទី​១​ខណ្ឌ​៧​មករា​តាម​ពាក្យបណ្តឹង​អាណាព្យាបាល​កុមារី​រងគ្រោះ​ម្នាក់ ដែល​បាន​ប្តឹង​ជន​ស​ង្ស័​យ័​ទាំង​២​នាក់​ខាងលើ ពី​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​។​

ការឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត​ប្រាក់​ដុល្លារ​ចំនួន​២.០០០​ដុល្លារ​។​​សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ទី​១​មានឈ្មោះ ស៊ី​ម៉ី អាយ​ហ​រ័ ភេទ​ស្រី អាយុ​១៣​ឆ្នាំ មុខរបរ​សិស្សសាលា ញ៉ូ​ហ្គេ​ត​វ៉េ អន្តរជាតិ ស្នាក់​នៅផ្ទះ​តាម​ផ្លូវលំ​ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​។ ចំណែក​ជនសង្ស័យ ទី​២ មានឈ្មោះ សៅ ចាន់ថន អាយុ​៣៤​ឆ្នាំ មុខរបរ​លក់ដូរ​ស្នា​ក់នៅ​ផ្ទះ​លេខ P28 ផ្លូវ​ប្លា​ក​ទី​នាម​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។

​​ក្រោ​ពី​ធ្វើការ​ឃាត់ខ្លួន និង​សាកសួរ​ជ​នស​ង្ស​យ័​ខាងលើ​ដោយមាន​ស្ថាប័ន​សាលាដំបូង​ចូលរួម​ផង​នោះ ជនសង្ស័យ សម្រេច​សង​ប្រាក់​ដែល​ខ្លួន​បាន​ឆបោក​ជនរងគ្រោះ​វិញ តែ​រហូតមកដល់​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៨ អាណាព្យាបាល​កុមារី​រងគ្រោះ ពុំទាន់​បានទទួល​លុយ​ចំនួន​២.០០០​ដុល្លារ ដែល​ដកហូត​បាន​ពី​ជនសង្ស័យ​ទាំង​២​នាក់ ប្រគល់អោយ​ជនរងគ្រោះ​វិញ​នៅឡើយ​ទេ​៕
​

គ្រោះមហន្តរាយ​ឆ្នាំ​២០១៧ នៅ​ខេត្តកំពង់ចាម ស្លាប់​១៤​នាក់​

​កំពង់ចាម ៖ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឆ្នាំ​២០១៧ ទិសដៅ​ឆ្នាំ​២០១៨ នៅ​សាលាខេត្ត​កំពង់ចាម​កាល​ពីថ្ងៃ​ម្សិលមិញ ដោយមាន​វត្តមាន​ចូលរួម​ពី​លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​អនុប្រធាន​ប្រចាំ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក កែវ នា​ឬ​ទ្ធិ អភិបាលរង​ខេត្ត​បាន អោយដឹងថា គ្រោះមហន្តរាយ​ឆ្នាំ​២០១៧​កន្លងទៅនេះ ខេត្តកំពង់ចាម​មាន​មនុស្ស​ស្លាប់​ចំនួន ១៤​នាក់ រួម​និង​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បតិ្ត និង​ផលដំណាំ​របស់ ប្រជាពលរដ្ឋ​មួយចំនួនទៀត​។
​
លោក​បណ្ឌិត​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា មានប្រសាសន៍ថា សម្រាប់​ឆ្នាំ​២០១៧
​កន្លងទៅ​ខេត្ត​មួយចំនួន​បានទទួល​រង​នូវ​គ្រោះធម្មជាតិ​មាន​៖ ទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ ដែល​បណ្តាល​ឲ្យ​មានការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ទាំង​ផ្នែក​ហេ​ដ្ឋា​
​រចនាសម្ព័ន្ធ ដំណាំ​ស្រូវ ដំណាំ​រួមផ្សំ លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ជីវិត​មនុស្ស និង​ជីវិត​សត្វ អស់​ជាច្រើន ហើយ​ថា ការអន្តរាគមន៍​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​អោយទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​នោះ តាម​បណ្ដា​ខេត្ត​ត្រូវមាន​ផែនការ​ត្រៀម​ទុកជាមុន ដោយមាន​កិច្ច សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​អង្គការ​ជា​ដៃគូ​នានា​។

លោក​បាន​បន្តថា កម្ពុជា​មានច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ច្បាប់​នេះ បង្កើតអោយមាន​យន្ដការ និង​រចនាសម្ព័ន្ធ​នៃ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ចាប់តាំងពី​ថ្នាក់ជាតិ រហូតដល់​ថ្នាក់មូលដ្ឋាន ក្នុង​គោលបំណង​ធ្វើយ៉ាងណា​អោយមាន​ការអនុវត្ត​ប្រកបដោយ​
​ប្រសិទ្ធភាព ក្នុងនោះ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជា​សេនាធិការ​អោយ​រាជរដ្ឋាភិបាល បាន​បង្កើន និង​ពង្រឹង ពង្រីក យន្តការ​គ្រប់គ្រង​គ្រោះមហន្តរាយ ដោយ​កំណត់​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់​សហគម​ន៏ ទាំង​ការចែក រំលែក​ព័​ត៍​មាន ចំណេះដឹង ដោយ​ផ្សារភ្ជាប់​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ និង​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ស្របតាម​គោលការណ៍​ច្បាប់​៕
​