ដោយ៖ប្រុញ វិធិន
ក្រចេះ៖លោក អេង ជាសាន្ត ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងលោក សរ ចំរុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ បានដឹកនាំក្រុមការងារនាយកដ្ឋានអភិរក្ស អធិការដ្ឋានរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផល រួមជាមួយអង្គការ WWF ចុះពង្រឹងការត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ព្រមទាំងចុះជួបសំណេះសំណាលជាមួយមន្ត្រីឆ្នាំទន្លេផងដែរ។
លោក សរ ចំរុង បានមានប្រសាសន៍ថា ខេត្តក្រចេះ មានទន្លេមេគង្គហូរកាត់ប្រវែង ១៤០គីឡូម៉ែត្រ ចាប់ពីប្រំប្រទល់ខេត្តស្ទឹងត្រែង រហូតដល់ព្រំប្រទល់ខេត្តកំពង់ចាម។ លោកបន្តថា មានអន្លង់ត្រីមេពូជ និងអន្លង់សត្វផ្សោត សរុបចំនួន ៦៧អន្លង់ មានឆ្មាំទន្លេចំនួន ១២ក្រុម ដើម្បីការពារអភិរក្សសត្វផ្សោត និងដើម្បីទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទ ហើយខេត្ត នៅមានខណ្ឌ និងផ្នែករដ្ឋបាលជលផលចាំចេញប្រតិបត្តិការនូវពេលដែលមានបទល្មើសនេសាទកើតឡើង ។
លោកបន្តទៀតថា ក្នុងកិច្ចការការពារអភិរក្សសត្វផ្សោត គឺអាជ្ញាធរខេត្ត អាស្រ័យពឹងផ្អែកទាំងស្រុកទៅលើមន្ត្រីឆ្មាំទន្លេ ដែលមាន ១១ប៉ុស្តិ៍ ស្មើនឹង៤២នាក់ និងមានការគាំទ្រ ជួយឧបត្ថម្ភនូវសម្ភារៈល្បាត សម្ភារៈបច្ចេកទេស ពីអង្គការ WWF ដើម្បីសហប្រតិបត្តិការណ៍បង្ក្រាបបទល្មើសនេសាទ ដែលកើតមានឡើងនៅក្នុងដែននេសាទក្នុងខេត្តក្រចេះ ។
លោកអភិបាលបានបញ្ជាក់ថា ក្នុងនាមខ្លួនលោកផ្ទាល់ លោកបានទទួលបន្ទុក់ និងចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅក្នុងស្រុកសំបូរជាញឹកញាប់ តាមរយៈវេទិកាសាធារណៈ ព្រោះស្រុកសំបូរ គឺសំបូរដោយអន្លង់ត្រីមេពូជច្រើន ។ ដូច្នេះហើយ នៅគ្រប់វេទិការសាធារណៈ អាជ្ញាធរ បានធ្វើការផ្សព្វផ្សាយអំពី ច្បាប់នេសាទ ឲ្យបានទូលទូលាយដល់ប្រជាពលរដ្ឋ ដើម្បីឲ្យកុំឲ្យពួកគាតប្រព្រឹត្តបទល្មើស ឲ្យយល់អំពីតម្លៃជលផល ដែលសំបូរត្រីមេពូជនៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ។ ទទន្ទឹមនោះ អាជ្ញាធរខេត្ត ក៏មានវិធានការសហការគ្នារវាងក្រុមឆ្មាំទន្លេ និងគណៈបញ្ជាការឯកភាពស្រុក ក្នុងការបង្ក្រាបបទល្មើសនេសាទ ។
ជាមួយគ្នានោះ លោក អេង ជាសាន្ត បានមានប្រសាសន៍លើកឡើងថា ការចុះល្បាតតាមដងទន្លេនៅថ្ងៃនេះ គឺជាស្មារតីមួយក្នុងការលើកទឹកចិត្តឆ្មាំទន្លេឲ្យចូលរួមកាន់តែសកម្មបន្ថែមទៀតក្នុងការបង្ក្រាប ។
លោកបន្តថា ជាការពិតណាស់ សត្វផ្សោត គឺពិតជាមានសារៈសំខាន់ណាស់ទៅដល់វិស័យទេសចរណ៍របស់ខេត្ត និងប្រជាពលរដ្ឋដែលរស់នៅជាប់តាមដងទន្លេមេគង្គ ។ ទន្ទឹមនឹងនោះដែរ លោក ក៏បានលើកឡើងអំពីបញ្ហប្រឈមមួយចំនួនក្នុងការការពារអភិរក្សសត្វផ្សោតនោះ ដោយលោកបានលើកឡើងថា សារាចរណ៍បានណែនាំហើយ ចំពោះអន្លងជាច្រើននៅក្នុងខេត្តក្រចេះ គឺកន្លែងដែលផ្សោតរស់នៅ ។ ដូច្នេះ ឧបករណ៍នេសាទដែលហាម មានដូចជា ឆក់ និងមង់ក្រឡាធំ ព្រោះវាអាចធ្វើឲ្យផ្សោតមានគ្រោះថ្នាក់ដល់ជីវិត ។
លោកបានបញ្ជាក់ថា នៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ក្រុមការងារអភិរក្សសត្វផ្សោត បានខិតខំការពារមិនអោយសត្វផ្សោតងាប់ច្រើន ដោយក្នុងរយៈពេលនោះ មានត្រឹមតែ ៤ទៅ ៥ក្បាលដែលងាប់ក្នុងមួយឆ្នាំៗ ដែលជាចំនូនមួយមានការថយចុះ បើប្រៀបធៀបនឹងឆ្នាំមុនៗ ។
សត្វផ្សោត គឺជាសត្វដក្រមួយប្រភេទ ដែលជិតផុតពូជហើយនៅលើពិភពលោក ហើយត្រូវបានប្រទេសកម្ពុជាការពារអភិរក្ស និងយកចិត្តទុកដាក់ខ្ពស់ ។ ពិសេសជាងនេះទៅទៀត សត្វផ្សោត គឺពិតជាមានសក្ដានុលខាងវិស័យទេសចរ និងផលប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តក្រចេះ មិនត្រឹមតែប៉ុណ្ណោះ សត្វផ្សោត ត្រូវបានគេចាត់ទុកជាបេតិកភ័ណ្ឌមានជីវិត នេះបើតាមការអះអាងរបស់លោក ឈិត សំអាត ជានាយកប្រតិបត្តិប្រចាំប្រទេសរបស់អង្គការ មូលនិធិពិភពលោកសម្រាប់អភិរក្សធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា ដែលហៅកាត់ថា WWF ។ ការងារអភិរក្សសត្វផ្សោត មានសារៈសំខាន់ណាស់ ព្រោះវាបង្ហាញឲ្យឃើញពីបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី របស់ទន្លេមេគង្គ គឺនៅធម្មជាតិ និងមានភាពស្រស់បំព្រង ។ លើសពីនេះ អង្គការ WWF បានសហកាជាមួយរដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន ជាពិសេសឯកឧត្តមអភិបាលខេត្ត ដែលតែងតែគាំទ្រ ហើយអង្គការ WWF និងបន្តសហការបន្ថែមទៀត ដើម្បីអង្គការ WWF ជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិរក្សសត្វផ្សោតប្រភេទពូជដក្រនៅទន្លេមេគង្គយើងនេះ ។
លោក បានបញ្ជាក់ថា បច្ចុប្បន្ន សត្វផ្សោតទន្លេមេគង្គ មានចំនួនប្រមាណជាង ៨០ក្បាល ដោយក្នុងនោះមានកំណើនកូនផ្សោតតូចៗប្រហែល ៦ក្បាល ហើយចំនួនការងាប់របស់សត្វផ្សោតក៏មានការថយចុះផងដែរ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ។
គួរបញ្ជាក់បន្ថែមថា ក្នុងដំណើរបេសកកម្មម្សិលមិញនេះ ថ្នាក់ដឹកនាំនិងក្រុមការងារក៏បានដកហូតមងនៅក្បែរអន្លង់កាំពីបានចំនួន១១ត្បូងមានប្រវែងជាង៥០០ម៉ែត្រផងដែរ៕




អេហ្ស៊ីប៖យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅព្រឹកនេះបានឲ្យដឹងថា មេដឹកនាំជាន់ខ្ពស់មួយរូបរបស់ក្រុមឧទ្ទាម ISIS ត្រូវបានយោធាអេហ្ស៊ីបសម្លាប់នៅទីក្រុង Sinai ដែលជាមូលដ្ឋានធំមួយរបស់ក្រុមឧទ្ទាមនេះ។
យោធាអេហ្ស៊ីប បានបញ្ជាក់ថា មេដឹកនាំរបស់ក្រុម ISIS ដែលត្រូវបានសម្លាប់នោះ មានឈ្មោះ Abu Duaa al-Ansari ត្រូវបានសម្លាប់ តាមរយៈការវាយប្រហារទ័ពអាកាសនៅក្បែរតំបន់ Arish ជាទីក្រុងធំជាងគេមួយនៅតំបន់ Sinai ប្រទេសអេហ្ស៊ីប ដោយក្នុងនោះក៏មានសកម្មប្រយុទ្ធរបស់ក្រុម ISIS ចំនួន ៤៥នាក់ផងដែរ ដែលត្រូវបានសម្លាប់។
គួរបញ្ជាក់ថា នៅក្នុងតំបន់ Sinai មានកន្លែងជាច្រើនត្រូវបានក្រុមឧទ្ទាម ISIS ទន្ទ្រានយកកាន់កាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៣ ហើយមកដល់ពេលនេះ ទាហានរបស់រដ្ឋាភិបាលអេហ្ស៊ីប រួមនឹងសម្ព័ន្ធមិត្តបានវាយដណ្ដើមមកវិញបានមួយចំនួនផងដែរ៕

តួកគី៖តុលាការក្នុងក្រុងអ៊ីស្ដង់ប៊ុលប្រទេសតួកគីបានចេញដីកាចាប់ខ្លួនលោក Fethullah Gulen ហើយ ដោយចោទប្រកាន់ថា ជាអ្នកដឹកនាំការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់លោកប្រធានាធិបតីតួកគីកាលពីថ្ងៃទី១៥កក្កដា។
តួកគីបានអះអាងថា លោក Gulen បានរៀបចំឲ្យគូកនរបស់ខ្លួនបន្លំខ្លួនចូលក្នុងកងកម្លាំងតួកគីនៅក្នុងក្រុងធំៗ ដើម្បីកាន់កាប់នៅតាមស្ថាប័នរដ្ឋ និងតាមស្ថាប័នសន្ដិសុខ តាមរយៈការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញ។ការស៊ើបអង្កេតបានចាប់ផ្ដើមធ្វើទៅលើលោកGulen ដោយចោទប្រកាន់ថាលោកជាអ្នករៀបចំបទឧក្រិដ្ឋកម្ម និងបញ្ជាឲ្យមានការអនុវត្ដតាមគ្រោងការដែលបានរៀបចំ។ ទន្ទឹមនោះលោក Fethullah Gulen ក៏រងការចោទប្រកាន់មួយទៀត ទាក់ទងនឹងការអនុវត្ដយុទ្ធនាការរយៈពេលវែង ដើម្បីទម្លាក់រដ្ឋាភិបាលតួកគី តាមរយៈការចូលជ្រៀតចូលនៅក្នុងស្ថាប័នរដ្ឋតួកគី ពិសេសស្ថាប័នកងទ័ព ប៉ូលិស និងតុលាការ ដោយបង្កើតជារដ្ឋពាក់ព័ន្ធមួយ។
គួរបញ្ជាក់ថា នេះជាដីកាចាប់ខ្លួនលើកដំបូងដែលចេញដោយតុលាការ ដើម្បីចាប់ខ្លួនលោកGulenដែលកំពុងរស់នៅក្នុងទឹកដីអាមេរិក៕
![[ObjectName]=TURKEY-MILITARY-POLITICS-COUP-DEMO [Urgency]=4 [Category]=POL [DateCreated]=162643+0000 [OriginalTransmissionReference]=g2mapping/libg2 2.12.19 [Byline]=AFP [BylineTitle]=STR [City]=Ankara [CountryCode]=TUR [CountryName]=Turkey OriginalTransmissionReference]=2136 [Credit]=AFP [Source]=AFP [Caption]=A picture taken on August 2, 2016 shows a picture of US-based preacher Fethullah Gulen set up on a dummy at the Kizilay Square in front of a Turkish national flag in Ankara during a protest against the failed military coup, on August 2, 2016. Erdogan said on August 2, 2016 last month's attempted coup was a scenario drawn up from outside Turkey, in an allusion to possible foreign involvement in the plot. Erdogan, who blames the plot on the US-based preacher Fethullah Gulen, also described the coup as a "scenario written from outside" in an allusion to foreign involvement. / AFP PHOTO / ADEM ALTAN [CaptionWriter]=AFP](http://mekong-post.com/wp-content/uploads/2016/08/20160805.jpg)
ដោយ៖ប្រុញ វិធិន
ក្រចេះ៖លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូននិយាយឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧ ពីខេត្តក្រចេះ ទៅខេត្តស្ទឹងត្រែង មានប្រវែង ១៩០គីឡូម៉ែត្រគ្រោង និងជួសជុលស្តារឡើងវិញក្នុងពេលឆាប់ៗខាងមុខ ក្រោមជំនួយឥតសំណងពីប្រទេសចិនក្នុងទឹកប្រាក់ប្រមាណជា១១០ដុល្លារសហរដ្ឋអាមេរិក។
ការថ្លែងបញ្ជាក់ប្រាប់របស់លោក លឹម ស៊ីដេនីន ធ្វើឡើងក្នុងពេលដែលលោកដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួងសហការជាមួយក្រុមហ៊ុនរបស់ប្រទេសចិន ចុះត្រួតពិនិត្យពីស្ថានភាពកំណាត់ផ្លូវជាតិលេខ៧ក្រចេះ/ស្ទឹងត្រែង កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។
កំណាត់ផ្លូវជាតិលេខ៧ ពីក្រចេះទៅកាន់ខេត្តស្ទឹងត្រែ ត្រូវកសាងរួចរាល់តាំងពីឆ្នាំ២០០៤ ប៉ុន្តែត្រូវបានខួចខាតវិញ ដោយសារតែសឹក្សា ពីលក្ខណៈបច្ចេកទេសមិនបានគ្រប់ជ្រុង ជ្រោយរបស់ក្រុមហ៊ុនចិននាពេលនោះ និងការដឹកជញ្ជួនប្រើប្រាសផ្លូវមិនត្រឹមត្រូវផ្ទុកលើសទម្ងន់ ដែលជាហេតុបង្កឲ្យកំណាត់ផ្លូវជាតិនេះទទួលរងការខួចខាត់ជាច្រើនអន្លើៗ។
លោក លឹម ស៊ីដេនីន បានឲ្យដឹងថា សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយឥតសំណងមកដល់កម្ពុជាក្នុងទឹកប្រាក់ប្រមាណ ១១០លានដុល្លារ ដើម្បីស្តារនិងជួសជុលកំណាត់ផ្លូវជាតិលេខ៧នេះឡើងវិញ ចាប់ពីចំនុចខ្លាស្ទុះ ក្នុងខេត្តក្រចេះ ដល់ចំនុចត្រពាំងគ្រាល ក្នុងខេត្តស្ទឹងត្រែង ក្នុងប្រវែងផ្លូវប្រមាណ ១៩០គីឡូម៉ែត្រ ។
ចំណែក ក្រុមបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជួនរបស់កម្ពុជា ជាមួយនិងក្រុមបច្ចេកទេសរបស់ភាគីចិន ដែលបានចុះមកត្រួតពិនិត្យនៅពេលនេះ គឺដើម្បីសិក្សាពីគុណភាពនៃគ្រឹសផ្លូវចាស់ដែលមានស្រាប់ ហើយគំរោងនេះ នឹងចាប់ផ្តើមលើទី១ ក្នុងប្រវែងផ្លូវជាង ៩០គីឡូម៉ែត្រជាមុនសិន ដោយភាគីចិន និងកម្ពុជាយល់ព្រមអនុវត្តន៍នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខ៕




ខេត្តកណ្តាល៖ជនជាប់សង្ស័យជាក្រុមចោរប្លន់មួយឡានហាយឡឹនឌ័រត្រូវបានបង្ក្រាបដោយកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយនគរបាលស្រុកស្អាងខេត្តកណ្តាល កាលពីវេលាម៉ោង៧ និង១៥នាទីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចក្នុងប្រតិបត្តិការបានឲ្យដឹងថា ក្រុមចោរប្លន់មានគ្នា៦នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដេញប្រម៉ាញ់ប្រផាប់ចាប់ប្រភីង បន្ទាប់ពីពួកគេប្រើប្រាស់រថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ព្យាយាមគេចខ្លួន។ ប៉ុន្តែកដោយមានការសហការជាមួយនិងកម្លាំងនគរបាលស្រុងស្អាង ទើបឈានដល់ការព័ទ្ធចាប់បាន៦នាក់ ក្នុងនោះមានម្នាក់រងរបួសត្រូវគ្រាប់កាំភ្លើងបណ្តាលឲ្យបាក់ជើង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងនាំខ្លួនក្រុមជនសង្ស័យជាចោរប្លន់ជាមួយនឹងវត្ថុតាងយកមកធ្វើការសាកសួរតាមនីតិវិធី៕


រាជធានីភ្នំពេញ៖យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ប្រទេសកម្ពុជា នឹងរងនូវប្រព័ន្ធសម្ពាធទាបមួយចាប់ពីថ្ងៃទី៧ ដល់ទី១៤ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ ដែលនឹងធ្វើឱ្យមានភ្លៀងធ្លាក់១សប្តាហ៍។ ១សប្តាហ៍នេះ ភ្លៀងអាចធ្លាក់ជាបន្តបន្ទាប់នៅតំបន់មាត់សមុទ្រ ហើយតំបន់វាលទំនាប និងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។
ជាមួយគ្នានោះក្រសួងបានបញ្ជាក់ថា ផ្លូវជាតិលេខ៤ក៏អាចរងនូវជំនន់ទឹកភ្លៀង ហើយតំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ នឹងមានខ្យល់បក់ខ្លាំង។ ទន្ទឹមនោះក្រសួងក៏អំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ៕

រាជធានីភ្នំពេញ៖ស្ថានភាពកម្ពស់ទឹកនៅតាមបណ្តាស្ថានីយជលសាស្ត្រនានាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ រួមមាន៖ ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល និងស្ថានីយទន្លេសាប-ព្រែកក្តាម៕ សូមអានព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍របស់ក្រសួងធនធានទឹកទាំងស្រុង៖

រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍របស់នគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញកម្លាំងសមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ១២ករណី ឃាត់ មនុស្ស ២៥នាក់ (ស្រី៤នាក់) ក្នុងនោះមុខសញ្ញាជួញដូរ១៨នាក់ និងមុខសញ្ញាប្រើប្រាស់ ៧នាក់ និងរឹងអូសគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ice) ១០០៣,៥៤ក្រាម, ១កញ្ចប់ធំ និង១៦កញ្ចប់តូច អ៊ិចស្ដាស៊ី (ecstasy) ៨កញ្ចប់ ហេរ៉ូអ៊ីន (heroin) ៦៥កញ្ចប់តូច។
ប្រភពដដែលបញ្ជាក់ថា ទីតាំងបង្ក្រាប ទី១. មន្ទី បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ស្រី) មេតំហ្វេតាមីន (ice) ១០០០ក្រាម អ៊ិចស្ដាស៊ី (ecstasy) ៨កញ្ចប់ ហេរ៉ូអ៊ីន (heroin) ៦៥កញ្ចប់តូច, ទី២. ភ្នំពេញ បង្រា្កប ២ករណី ឃាត់ខ្លួន ៤នាក់ (ស្រី១នាក់) មេតំហ្វេតាមីន (ice) ១១កញ្ចប់តូច, ទី៣. កណ្ដាល បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន(ice) ២កញ្ចប់តូច, ទី៤. ក្រចេះ បង្រា្កប ៣ករណី ឃាត់ខ្លួន ៣នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១កញ្ចប់ធំ និង២កញ្ចប់តូច, ទី៥. ត្បូងឃ្មុំ បង្រា្កប ២ករណី ឃាត់ខ្លួន ៧នាក់ (ស្រី១នាក់) មេតំហ្វេតាមីន(ice) ០,៣ក្រាម, ទី៦. បន្ទាយមានជ័យ បង្រា្កប ២ករណី ឃាត់ខ្លួន ៧នាក់ (ស្រី១នាក់) មេតំហ្វេតាមីន (ice) ៣,២៤ក្រាម និងទី៧. ស្វាយរៀង បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១កញ្ចប់តូច៕

រាជធានីភ្នំពេញ៖នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់៣នាក់ និងរបួសស្រាល ២នាក់។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១០គ្រឿង រួមមាន ម៉ូតូ ចំនួន ៨គ្រឿង រថយន្តធុតូច ចំនួន២គ្រឿង។ ប្រភពបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន២លើក, ប្រជែងគ្រោះថ្នាក់១លើក, មិនប្រកាន់ស្តាំ២លើក, មិនគោរពសិទ្ធិ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍៤នាក់ (យប់២នាក់)។
ជាមួយគ្នានោះនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៤,១៤៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២,៣៣៩គ្រឿង និងពិន័យសរុប ចំនួន ១,៨០៦គ្រឿង៕

ប្រដាល់៖យោងតាមលោក Michael Koncz ដែលជាទីភា្នក់ងាររបស់ Pacquioa បានថ្លែងប្រាប់ Channel News Asia កាលពីម្សិលមិញថាអតីតស្តេចប្រដាល់សកលលំដាប់ទី២ ពិភពលោក Manny Pacquiao នឹងត្រឡប់មកកាន់សង្វៀនសាជាថ្មីម្តងទៀតប្រកួតទល់នឹងជើងខ្លាំងជនជាតិអាមេរិក Jessie Vargas នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ។
លោក Michael Koncz បានបន្តថា អតីតម្ចាស់ជើងឯកខ្សែក្រវាត់ពិភពលោក ៨សម័យ Pacquiao បានប្រកាសជាច្រើនលើកច្រើនសា ថាគេនឹងវិលមកកាន់សង្វៀនប្រដាល់វិញ នាពេលឆាប់ៗនេះ ហើយការឡើងសង្វៀនសារជាថ្មីរបស់ Pacquiao នឹងប៉ះ Vargas ដែលធ្លាប់ប្រកួតបាន ២៨ដង ឈ្នះ២៧ដង ចាញ់១ដង និងមិនដែលស្មើឡើយ។
គួរបញ្ជាក់ថា Pacquiao បានប្រកាសចូលនិវត្តន៍ភ្លាមៗ បន្ទាប់ពីទទួលបានជ័យជំនះដោយពិន្ទុទៅលើសត្រូវចាស់ជនជាតិអាមេរិក Timothy Bradley កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០១៦ នៅលើសង្វៀន MGM Grand Arena នៅអាមេរិក៕


រាជធានីភ្នំពេញ៖ផ្ទះប្រជាពលរដ្ឋនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោកត្រូវបានអគ្គិភ័យឆាបបណ្តាលឲ្យខូចខាត និងរោលឆ្លងខ្លះៗដល់ផ្ទះ២នៅក្បែរនោះ ដែលហេតុការណ៍នេះកើតឡើងនាវេលាម៉ោង១ និង០០នាទីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ។
អធិការខណ្ឌទួលគោកលោក ហ៊ុន សុធី បានថ្លែងប្រាប់ឲ្យដឹងថា អគ្គិភ័យបានឆាបឆេះបំផ្លាញ់ផ្ទះប្រជាពលរដ្ឋមួយខ្នង តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ចំពោះមូលហេតុវិញលោកអធិការខណ្ឌសង្ស័យថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេ)។ ទោះជាយ៉ាងណាលោកអធិការបានបញ្ជាក់ថា អគ្គិភ័យនេះបានរលត់វិញ បន្ទាប់ពីមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ និងបានប្រើអស់៤គ្រឿង៕



រាជធានីភ្នំពេញ៖កម្លាំងនគរបាលការិយាល័យ “ក១” នៃមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនគរបាល ខណ្ឌដូនពេញកាលពីល្ងាចមិញ បានចាប់ខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏ធំ។
លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិបានឲ្យដងឹថា ការចាប់ខ្លួននេះបានធ្វើឡើងនាចំណុចផ្លូវលេខ១០៥ ជិតស្ថានទូតអាល្លឺម៉ង់ សង្កាត់វាលវង់ ខណ្ឌ៧មករា រួចបន្ដឆែកឆេរបន្ទប់ជួលនៅជាន់ទី៣ ផ្ទះលេខ៦៩ ផ្លូវ១៧៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍បញ្ជាក់ថា ជនល្មើសមាន ឈ្មោះ ហ្វៀង ធីវ៉ាន់ ជនជាតិវៀតណាម អាយុ៣២ឆ្នាំ។
ក្រោយការចាប់ខ្លួន និងឆែកឆេររួចមក កម្លាំងនគរបាល បានចាប់យកវត្ថុតាង ថ្នាំញៀនប្រភេទ ម៉េតំហ្វេតាមីន ទឹកកកទម្ងន់១គីឡូក្រាម ថ្នាំគ្រាប់ ប្រភេទអិចស្ដ្រាសិ៨កញ្ចប់ និងប្រភេទហេរ៉ូអីន ៦៥កញ្ចប់តូចផងដែរ៕




បាល់ទាត់៖ក្លិប Inter បានប្រកាសចុះហត្ថលេខាជាផ្លូវការនាំយកកីឡាករ Antonio Candreva ពីក្លិប Lazio លើកិច្ចសន្យារយៈពេល៤ឆ្នាំ។
កីឡាករសញ្ជាតិអ៊ីតាលីរូបនេះ ចាកចេញពីទីក្រុងរ៉ូម បន្ទាប់ពីបានចំណាយពេល៤រដូវកាល នឹងបានបង្ហាញខ្លួនជាង២០០ប្រកួត ហើយបានក្លាយជាសមាជិកដំបូងរបស់ក្លិប Inter ជាមួយក្រុមហ៊ុន Suning Holdings Group។
Candreva បានលេងឲ្យក្រុមជម្រើសជាតិអ៊ីតាលីបានចំនួន៤០ដង រាប់ទាំងការបង្ហាញខ្លួន World Cup 2014 និង Euro 2016 នៅប្រទេសបារាំង ដែលទើបនឹងទៅនៅពេលថ្មីៗនេះ។
Candreva ថ្លែងប្រាប់នៅលើគេហទំព័រផ្លូវការរបស់ក្លិបថា ខ្ញុំពិតជាមានមោទនភាពនិងសប្បាយរីករាយពេលបានមកចូលរួមនៅទីនេះ»។ខ្ញុំតែងតែចង់ផ្លាស់ទៅ Inter និងវាជាអារម្មណ៍រីក ខ្លាំងណាស់ដែល បានមកដល់នៅ Inter ។
“ខ្ញុំសូមអរគុណក្រុម Lazioសម្រាប់រដូវកាលនេះយើងបានចំណាយពេលជាមួយគ្នានិងសម្រាប់ ការផ្តល់ ឱកាសដើម្បីសម្រេចសុបិននេះខ្ញុំ។«ឥឡូវនេះខ្ញុំមិនអាចរង់ចាំក្នុងការលេងនៅ San Siro និងមានអារម្មណ៍ថាមានភាពកក់ក្ដៅនៃអ្នកគាំទ្រក្លិប Inter នេះ»។
យ៉ាងណាមិញ លោក Erick Thohir ប្រធានក្លឹប Inter បានសម្តែងការរីករាយចំពោះការមកដល់សម្រាប់កីឡាករវ័យ ២៩ ឆ្នាំរូបនេះហើយគាត់សង្ឃឹមថា ក្រុមនឹងកាន់តែជាងមុននៅរដូវការនេះ៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍