តើ​ការជំនុំជម្រះ​លើ​អង្គហេតុ និង​អង្គច្បាប់​ធ្វើឡើង​ពេលណា​?
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 October, 2016 ក+ ក-

​តាមច្បាប់​ក្នុង​ប្រព័ន្ធតុលាការ​នៅក្នុង​សំណុំរឿង​មួយ​ត្រូវ​ចែកចេញជា​ពីរ​គឺ​អង្គហេតុ និង​អង្គច្បាប់​។ ប៉ុន្តែ​ជា​នីតិវិធី​ក្នុងការ​ជំនុំជម្រះ​ពេលខ្លះ​តុលាការ​ជម្រះ​ទាំង​អង្គហេតុ និង​អង្គច្បាប់​តែ​ពេលខ្លះ​លើក​យកតែ​អង្គច្បាប់​មក​ជម្រះ​ប៉ុណ្ណោះ​។​
​បើ​ដូច្នេះ​តើ​នៅ​តុលាការ​ថ្នាក់​ណា​ដែល​លើកយក​ទាំង​អង្គហេតុ និង​អង្គច្បាប់​មក​ជំនុំជម្រះ​ហើយ​នៅ​តុលាការ​ថ្នាក់​ណា​ជម្រះ​តែ​អង្គច្បាប់​?
​ដើម្បី​ស្វែងយល់​ពី​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី ឡោ គីម​ហ្គេ​ច នៃ​ក្រុម​មេធាវី​អាស៊ាន​អន្តរជាតិ​ដែលមាន​អាសយដ្ឋាន​លេខ ១៦R,​ផ្លូវ ២៥២ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម ៖
​នៅក្នុង​សំណុំរឿង​មួយ​តាមច្បាប់​តុលាការ តើ​ពាក្យ​ថា​អង្គច្បាប់ និង​អង្គហេតុ​តើ​ខុសគ្នា​ដូច​មេ្ដ​ច​? សូម​លោក​មេធាវី​ពន្យល់​
​ពាក្យ​ថា​អង្គហេតុ​បានសេចក្តីថា​ហេតុការណ៍​ទាំងឡាយណា​កើតមានឡើង​នៅក្នុង​សំណុំរឿង​ដែល​ជនជាប់ចោទ​គាត់​បាន​ប្រព្រឹត្ត​។​
​ឧទាហរណ៍​ថា​រឿង​ឃាតកម្ម​មួយ​ដែល​គាត់​បានសម្លាប់​គេ​ហើយ​ដល់ពេល​បើកសវនាការ​ជំនុំជម្រះ​ចៅក្រម​ត្រូវ​ឲ្យ​ជនជាប់ចោទ​នោះ​រៀបរាប់​ពី​ដំណើររឿង​នោះ​។ ចំពោះ​អង្គច្បាប់​វិញ​គឺ​ចៅក្រម​ក្រោយពី​បាន​ស្តាប់​អង្គហេតុ (​ដំណើររឿង​) ហើយ​វិនិច្ឆយ​ថា​តើ​ជន​នោះ​ត្រូវ​ផ្តន្ទាទោស​ប៉ុន្មាន​ឆ្នាំ​។
​ចំពោះ​នៅ​តុលាការ​កំពូល​វិញ​គឺ​ចៅក្រម​លើក​តែ​អង្គច្បាប់​មក​ជំនុំជម្រះ​ទេ​ក៏ប៉ុន្តែ​នៅ​តុលាការ​កំពូល​គាត់​ក៏​អាច​សួរ​ជនជាប់ចោទ​ឲ្យ​រៀបរាប់​ពី​ដំណើររឿង​ខ្លះ​ដែរ (​អង្គហេតុ​) ដើម្បី​ចៅក្រម​បាន​យល់ និង​មាន​មូលដ្ឋាន​ពី​ដើមហេតុ​នៃ​រឿង​ខ្លះ​ក្នុងការ​ពិចារណា​។​
​តើ​នៅ​សាលាដំបូង និង​សាលាឧទ្ធរណ៍​ជម្រះ​ទាំង​អង្គហេតុ និង​អង្គច្បាប់ ឬក៏​ជម្រះ​តែ​អង្គហេតុ​?
​ការជំនុំជម្រះ​នៅ​សាលាដំបូង​ក៏ដូចជា​នៅ​សាលាឧទ្ធរណ៍​ដែរ​គឺ​ជំនុំជម្រះ​ទាំង​អង្គហេតុ និង​អង្គច្បាប់​ប៉ុន្តែ​គ្រាន់តែ​នៅ​សាលា​ទាំងពីរ​ថ្នាក់​នេះ​ពិនិត្យ​ទៅលើ​អង្គហេតុ​ច្រើនជាង​អង្គច្បាប់​ដើម្បី​ចៅក្រម​អាច​ស្រាវជ្រាវ​រក​ភ័ស្តុតាង​សម្រាប់​ដាក់បន្ទុក និង​ដោះ​បន្ទុក​លើ​ជនជាប់ចោទ​។ ក៏ប៉ុន្តែ​នៅ​តុលាការ​កំពូល​ជម្រះ​លើក​ទី ១ ដែលមាន​សមាសភាព​ចៅក្រម ៥ រូប​ហើយ​ជម្រះ​តែ​អង្គច្បាប់​ទេ​។​
​តែបើ​ក្នុងករណី​មាន​សមាសភាព​ចៅក្រម ៩ រូប​គឺ​បានសេចក្តីថា​អង្គ​សវនាការ​នោះ​ជម្រះ​ទាំង​អង្គហេតុ​ផង និង​អង្គច្បាប់​ផង​។ ឧទាហរណ៍​មាន​ជនជាប់ចោទ​ម្នាក់​បាន​រំលោភ​សេពសន្ថវៈ​លើ​ជន​ម្នាក់ទៀត​ប៉ុន្តែ​តាមពិតទៅ​ជន​នោះ​មិនបាន​ប្រព្រឹត្ត​ទេ​ហើយ​ពេល​សំណុំរឿង​មកដល់​តុលាការ​កំពូល​ពិនិត្យមើល​លើ​អង្គច្បាប់​ទៅ​ឃើញថា​ជនជាប់ចោទ​រូបនោះ​មិនបាន​ប្រព្រឹត្ត​ទេ​ដូច្នេះ​បើ​តុលាការ​កំពូល​ពិនិត្យ​ទៅលើ​អង្គច្បាប់​ឃើញថា​មិន​បង្ហាញ​ពី​ការប្រព្រឹត្ត​ទេនោះ​ដូច្នេះ​តុលាការ​កំពូល​ត្រូវ​បង្វិល​សំណុំរឿង​នោះ​ទៅ​សាលាឧទ្ធរណ៍​ជម្រះ​ឡើងវិញ​។​
​ប៉ុន្តែ​បើ​សាលាឧទ្ធរណ៍​នៅតែ​ចោទ​ជន​នោះ​ថា​បាន​ប្រព្រឹត្ត​ហើយ​ជនជាប់ចោទ​ប្តឹង​សារទុក្ខ​មក​តុលាការ​កំពូល​ជា​លើក​ទី ២ ទៀត​ពេលនោះ​តុលាការ​កំពូល​លោក​ជំនុំជម្រះ​ទាំង​អង្គហេតុ និង​អង្គច្បាប់​ដែល​តុលាការ​កំពូល​អាច​លើកលែង​ការចោទប្រកាន់​ជន​នោះបាន​។​
​ឧទាហរណ៍​ជន​ម្នាក់​ត្រូវ​សាលាដំបូង​ផ្តន្ទាទោស​ឲ្យ​ជាប់គុក ១០ ឆ្នាំ​តែ​ត្រូវ​ប្តឹង​ទាស់​មក​សាលាឧទ្ធរណ៍​ហើយ​ត្រូវ​ឧទ្ធរណ៍​កាត់​បន្ថយទោស ឬ​តម្កល់​។ ប៉ុន្តែ​នៅ​តុលាការ​កំពូល​មិនអាច​បន្ថយទោស​ដល់​ជន​នោះបានទេ​មានតែ​តម្កល់ ឬ​បង្វិល​មក​សាលាឧទ្ធរណ៍​ជម្រះ​ឡើងវិញ​។ សូម​លោក​មេធាវី​ពន្យល់​ពី​ភាពខុសគ្នា​ក្នុងការ​សម្រេច​ក្តី​រវាង​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល​ផង​បានទេ​?
​ករណីនេះ​បើ​តុលាការ​កំពូល​ជំនុំជម្រះ​លើក​ទី ១ ហើយ​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុកជាបានការ ឬ​មានការ​បង្វិល​សំណុំរឿង​ទៅ​សាលាឧទ្ធរណ៍​ជម្រះ​ឡើងវិញ​។ ប៉ុន្តែ​បើ​ជម្រះ​សំណុំរឿង​ដដែល​នេះ​លើក​ទី ២ គឺ​តុលាការ​កំពូល​លោក​ជម្រះ​ទាំង​អង្គហេតុ និង​អង្គច្បាប់​ដូច​តុលាការ​ថ្នាក់ក្រោម​ដែរ​ដែលមាន​ចៅក្រម​ទាំងអស់ ៩ រូប​ចូលរួម​។​
​តុលាការ​កំពូល​តែងតែ​ប្រាប់​ជនជាប់ចោទ​ថា​វិនិច្ឆ័យ​តែ​ទៅលើ​អង្គច្បាប់​មិន​វិនិច្ឆ័យ​លើ​អង្គហេតុ​ទេ​។ ចុះបើ​ជម្រះ​តែ​អង្គច្បាប់​ហេតុ​អី​ចៅក្រម​ឲ្យ​ជនជាប់ចោទ​រៀបរាប់​ពី​អង្គហេតុ​ដល់​តុលាការ​ដែរ​?
​ករណី​ដែល​ចៅក្រម​តម្រូវ​ឲ្យ​ជនជាប់ចោទ​រៀបរាប់​ពី​ដំណើររឿង​ដូច្នេះ​ដោយសារ​ចៅក្រម​ចង់​បញ្ជាក់ថា​អង្គហេតុ​ដែល​តុលាការ​ថ្នាក់ក្រោម​ចោទប្រកាន់​លើ​ជនជាប់ចោទ​នោះ​វា​ត្រឹមត្រូវ​ឬ​អត់​? ប៉ុន្តែ​ជា​នីតិវិធី​នៅ​តុលាការ​កំពូល​ជំនុំជម្រះ​តែ​ទៅលើ​អង្គច្បាប់​ទេ​តែ​ចៅក្រម​សួរ​ជនជាប់ចោទ​ពី​ដំណើររឿង​ព្រោះ​គាត់​ចង់​បានជា​មូលដ្ឋាន​ខ្លះ​ក្នុង​ការយកទៅ​ពិចារណា​ប៉ុណ្ណោះ​។​
​រឿង​របស់​ជនជាប់ចោទ​ម្នាក់​ត្រូវបាន​តុលាការ​កំពូល​ប្រកាស​តម្កល់ តើ​ជនជាប់ចោទ​អាច​ប្តឹង​ទៅណា​ទៀត​បានទេ​?
​បើ​រឿង​របស់​ជនជាប់ចោទ​ម្នាក់​ត្រូវបាន​តុលាការ​កំពូល​តម្កល់​ទ​ណ្ឌ​កម្ម​ទោស​គឺ​ជនជាប់ចោទ​អាច​ប្តឹង​សារទុក្ខ​នៅ​តុលាការ​កំពូល​ម្តងទៀត​នៅពេលដែល​ជនជាប់ចោទ​នោះ​មាន​ភ័ស្តុតាង​ថ្មី​មក​ធ្វើ​អំណះអំណាង​ដល់​តុលា​ការដែល​ហៅថា​បណ្តឹង​សើរើ​។
​ក្នុងករណី​ដូចគ្នានេះ​ជនជាប់ចោទ​ក៏​ធ្វើបាន​ដូចគ្នា​នៅ​សាលាដំបូង ឬ​នៅ​សាលាឧទ្ធរណ៍​ដែរ​ក្នុងករណី​មាន​សាលក្រម​ចូល​ជា​ស្ថាពរ​៕ ប្រភព ៖ postkhmer

unnamed