តារាសម្តែង ពេជ្រ អា​វី​ហ្សា ជួប​គ្រោះថ្នាក់​ចរាចរណ៍​យប់មិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នារី​វ័យក្មេង​ស្រស់ស្អាត​សាច់​សខ្ចី ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​តារា​សម្ដែង​ឈ្មោះ ពេជ្រ អា​វី​ហ្សា បាន​បើករថយន្ត​មួយគ្រឿង​ទៅបុក​ជាមួយ ម៉ូតូ​កូន​ទា​ដែល​ជិះ​ដោយ​បុរស​២​នាក់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ និង​ខូចខាត​ម៉ូតូ​យ៉ាងដំណំ​ដែល​គៀប​ក្រោម​កង់​រថយន្ត​។ ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​២ និង​១០​នាទី អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៧ តាម​បណ្ដោយ​ផ្លូវ​សុធារស ស្ថិតក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នោះ គឺ​យុវជន​ពីរ​នាក់ ជិះ​ម៉ូតូ​ម៉ាក Today ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1FL-3864 ឌុប​គ្នា​តាម​បណ្ដោយ​ផ្លូវ​សុធារស ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​កន្លែងកើតហេតុ ស្រាប់តែ​ទៅបុក​ជាមួយ​រថយន្ត​ម៉ាក ឡិច​ស៊ី​ស GS300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-2141 របស់​កញ្ញា ពេជ្រ អា​វី​ហ្សា ដែល​បើកបរ​ពី​ត្បូង​ទៅ​ជើង (​បញ្ច្រាស​) ធ្វើ​ឲ្យ​រថយន្ត​អូស​ម៉ូតូ នៅ​ពីក្រោម​ជាង​២០​ម៉ែត្រ បណ្ដាល​ឲ្យ​បុរស​ទាំងពីរ រងរបួស​ធ្ងន់ធ្ងរ រីឯ​ម៉ូតូ​ខូចខាត​យ៉ាងដំណំ​។​
​ក្រោយ​កើតហេតុ​កញ្ញា អា​វី​ហ្សា មិនបាន​ទៅណា​ទេ ដោយបាន​ចុះ​ពី​រថយន្ត​រង់ចាំ​ការដោះស្រាយ​។ ប៉ុន្តែ​ដោយ​ភាគី​ម៉ូតូ​រងរបួស​ធ្ងន់ សមត្ថកិច្ច​ក៏​ហៅ​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ ចំណែក​ម៉ូតូ និង​រថយន្ត ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក ដើម្បី​ដោះស្រាយ​ពេល​ក្រោយ​៕

17440131_1850227925215769_691031082_n17505652_1850227921882436_1187447169_n