អ្នកធាក់ស៊ីក្លូ នឹងទទួលបានប្រាក់៧ពាន់ រៀលក្នុងមួយថ្ងៃពីមូលនិធិទ្រទ្រង់ស៊ីក្លូ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 January, 2018 ក+ ក-

ភ្នំពេញ ៖ សមាជិកមូលនិធិ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសចាប់ផ្តើមដំណើរការសមាគមមូលនិធិត្រីចក្រយាន្តកម្ពុជា ដែលត្រូវចំណាយថវិកាជាង២០ម៉ឺនដុល្លារប្រចាំខែ ដើម្បីជួយដល់ជីវភាពអ្នកធាក់ស៊ីក្លូ ដោយសារមុខរបរនេះ មិនសូវមានការពេញនិយមសម្រាប់ជាមធ្យោបាយធ្វើដំណើរនោះទេ។ .
នាយករដ្ឋមន្ត្រីម្ពុជា បានប្រកាសចាប់ផ្តើមដំណើរការសមាគមមូលនិធិត្រីចក្រយាន្តកម្ពុជា រឺហៅកាត់ថា មូលនិធិស៊ីក្លូ នាព្រឹកថ្ងៃសៅរ៍ទី១៣ ខែមករា ឆ្នាំ២០១៨នេះ ដើម្បីជួយផ្តត់ផ្គង់ជីវភាពអ្នកប្រកបរបរធាក់ស៊ីក្លូ ដែលមានប្រមាណ៣រយនាក់ ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ។ នេះជាសកម្មភាពគាំពារសង្គមថ្មីមួយទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញសម្រាប់សម្រួលដល់ការប្រកបមុខបរបរ និងសម្រួលដល់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អ្នកធាក់ស៊ីក្លូ ដែលរកចំណូលប្រចាំថ្ងៃបានតិចតួច និងពុំសូវមានការចាប់អារម្មណ៌ពីអ្នកធ្វើដំណើរនាពេលបច្ចុប្បន្ន ដោយសារមានមធ្យោបាយទំនើបៗជាច្រើន បានចូលមកជំនួស ការជិះស៊ីក្លូនេះ។
តាមរយៈការឡើងធាក់ស៊ីក្លូដោយផ្ទាល់ នាព្រឹកថ្ងៃទី១៣ ខែមករានេះ សម្តេចតេជោ បាន អំពាវអោយមានការគាំទ្រការជិះស៊ីក្លូ ទាំងអ្នកទេសចរណ៌ និងប្រជាពលរដ្ឋ ដែលអាចជួយកាត់បន្ថយការបំពុលបរិយាកាស និងជួយលើកកម្ពស់ស៊ីក្លូកម្ពុជា។ សម្តេចតេជោ បានរំលឹកថា ស៊ីក្លូធ្លាប់ជាមធ្យោបាយធ្វើដំណើរដ៏សំខាន់ក្នុងប្រទេសកម្ពុជាចាប់តាំងពីសម័យអណានិគមនិយមបារាំង ជាពិសេសស៊ីក្លូក៏ត្រូវបានចាត់ទុកថា ជាអត្តសញ្ញាណរបស់កម្ពុជាផងដែរ ប៉ុន្តែពេលនេះ ស៊ីក្លូត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង ពីចំនួនប្រហែល១ម៉ឺនស៊ីក្លូកាលពីសម័យមុន មកនៅសល់ត្រឹមតែជាង៣រយស៊ីក្លូប៉ុណ្ណោះនាពេលបច្ចុប្បន្ន។
ដូចនេះតាមរយៈពិធីប្រកាសបើកសមាគមមូលនិធិត្រីចក្រយាន្តកម្ពុជា និងការ ជួបសំណេះសំណាលជាមួយអ្នកប្រកបរបរធាក់ស៊ីក្លូ នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងពីអត្ថប្រយោជន៍នានា ដែលអ្នកប្រកបរបធាក់ស៊ីក្លូទទួលបានពីមូលនិធិនេះនៅពេលចូលជាសមាជិក និងទទួលបានប័ណ្ណ រួមមាន៖ ទី១. ការឧបត្ថម្ភថវិកា៧ពាន់រៀលក្នុងមួយថ្ងៃ ក្នុងនោះ២ពាន់រៀល គឺសម្រាប់យកទៅចំណាយថ្លៃជួលស៊ីក្លូប្រចាំថ្ងៃ និង៥ពាន់រៀលទៀត គឺសម្រាប់ទិញអាហារហូបប្រចាំថ្ងៃ។ ថវិកានេះនឹងត្រូវបើកជូនរៀងរាល់១០ថ្ងៃម្តង តាមរយៈសេវាកម្មរបស់ធនាគារឯកទេស វីង ។ ទី២. ការផ្តល់សេវាពិនិត្យ និងព្យាបាលសុខភាព ដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋ។ បន្ថែមពីនេះ សម្តេចតេជោ ក៏បានចាត់អោយមូលនិធិនេះ សិក្សាពីការផ្តល់ជូននូវឯកសណ្ឋានដូចគ្នាសម្រាប់អ្នកធាក់ស៊ីក្លូ និងសិក្សាពីគោលការណ៌ផ្តល់ថវិកាជូនគ្រួសាររបស់ពួកគាត់ នៅពេលអ្នកធាក់ស៊ីក្លូ ទទួលមរណៈភាពផងដែរ។
សម្តេចតេជោ បានបញ្ជាក់ថា ដើម្បីទ្រទ្រង់មូលនិធិនេះអោយមានដំណើរការរយៈពេលយូរអង្វែងបាន គឺត្រូវការថវិកាចំណាយប្រមាណពី២៤ម៉ឺនដុល្លារ ទៅ៣០ម៉ឺនដុល្លារអាមេរិក ក្នុងមួយខែៗ ។ ដូចនេះ សម្តេចបានដាក់ថវិកាផ្ទាល់ខ្លួន ៥រយលានរៀល ចូលមូលនិធិរួចមកហើយសម្រាប់ដំណើរការដំបូង ហើយសម្តេចនឹងផ្តល់ថវិកា១០លានរៀលជារៀងរាល់ខែបន្ថែមទៀត ដែលជាសរុបប្រចាំឆ្នាំមានថវិកាប្រមាណ២៤ម៉ឺនដុល្លារ។ ក្នុងការផ្គត់ផ្គង់ដល់សកម្មភាពមូលនិធិនេះដែរ ក៏មានការចូលរួមគាំទ្រជាថវិកាពីសំណាក់សប្បុរសជនក្នុងប្រទេសជាច្រើនផងដែរ។ សម្តេចតេជោ បានមានប្រសាសន៍ឲ្យដឹងដែរថា ថវិកាដែលមានស្រាប់ សម្រាប់ការចំណាយក្នុងមួយឆ្នាំ អាចចំណាយចាប់ពី២៤ទៅ៣០ម៉ឺនដុល្លារ។
សម្តេចបានបន្ថែមថា ក្រុមគ្រួសាររបស់សម្តេច បានឧបត្ថម្ភថវិកាចំនួន៥០០លានរៀលរួចរាល់ហើយ, ហើយនៅក្នុងកម្មវិធីនេះ សម្តេចបានឧបត្ថម្ភ២ម៉ឺនដុល្លារ ខណៈក្រុមគ្រួសារសម្តេច នឹងឧបត្ថម្ភចំនួន២៤ម៉ឺនដុល្លារបន្ថែមទៀត ជារៀងរាល់ឆ្នាំ។ ក្នុងនោះក៏មានសប្បុរសជន នឹងឧបត្ថម្ភជាថវិកា ចំនួន២០ម៉ឺនដុល្លារបន្ថែមទៀត ក្នុងមួយឆ្នាំផងដែរ ដោយអ្នកឧកញ៉ា គិត ម៉េង បានចូលរួមជាថវិកាចំនួន៥ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងបញ្ជាក់ដែរថា មិនអាចយកថវិកាក្នុងមូលនិធិនេះ ទៅប្រើប្រាស់ខុសគោលដៅនោះឡើយ។ ដូចនេះ សមាគមមូលនិធិនេះត្រូវមានការពិនិត្យមើលអោយបានច្បាស់ថា អ្នកណាជាអ្នកធាក់ស៊ីក្លូពិតប្រាកដមែន ដើម្បីជួយដល់ពួគគាត់ ៕