ស្ថានីយ៍​ប្រេង​៦​កន្លែង​ក្នុង​ក្រុង​ក្រចេះ លក់​ប្រេង​មិន​គ្រប់​លីត្រ និង​បន្លំ​គុណភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2018 ក+ ក-

​ក្រចេះ ៖ មន្ដ្រី​ជំនាញ​នៃ​អគ្គនាយដ្ឋាន​កាំកុងត្រូល​ផ្នែក​មន្ទីរពិសោធន៍​ចល័ត​-​ប្រេងឥន្ធនៈ បាន​ចុះ​ត្រួតពិនិត្យ​តាម​បណ្តា​ស្ថានីយ៍​ប្រេងឥន្ធនៈ​ក្នុង​ក្រុង​ក្រចេះ សុទ្ធសឹង​ជា​យីហោ​ល្បីៗ ក្នុងនោះ​ប្រតិបត្តិការ​ពេញ​មួយ​ព្រឹក​ជំនាញ​បាន​រកឃើញ​កំហុស​ផ្នែក​គុណភាព និង​កំហុស​បរិមាណ​លើ​ស្ថានីយ៍​ប្រេង​ចំនួន​៦​កន្លែង ដែល​មិនមាន​ភាពស្មោះត្រង់​ជាមួយ​អតិថិជន​របស់ខ្លួន ដែល​អាច​ចាត់ទុកជា​បទល្មើស​មួយ​។ នេះ​បើតាម​លទ្ធផល​នៃ​ការពិនិត្យ​លើ​ស្ថានីយ៍​ប្រេង​សរុប​ចំនួន ៧​ក​ន្លែ​ដោយបាន​ធ្វើតេស្ត​ជាមួយ​ឧបករណ៍​បច្ចេកទេស​ទំ​នើ​ប​និង​សុ​ក្រឹ​ត្រ​បំផុត​។​

​សូមជម្រាបថា ការរកឃើញ​លទ្ធផល​មិន​ប្រក្រតី​នៃ​ការលក់​ប្រេង​មិន​គ្រប់​លីត្រ​នេះ បន្ទាប់ពី​មន្ត្រី​ជំនាញ​បាន​ចុះ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​រួមមាន​លោក វ៉ា ថន អភិបាលរង​ខេត្ត​ចូលរួម​ដោយផ្ទាល់ និង​មានការ​សហការ​ជាមួយ​មន្ទីរជំនាញ សាខា​កាំកុងត្រូល​ខេត្ត នា​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ ២០១៨ ក្នុង​ទី​រួម​ក្រុង​ក្រចេះ ដោយ​ពិនិត្យ​ទៅលើ​ស្ថានីយ៍​ប្រេងឥន្ធនៈ និង​ក្រុមហ៊ុន​ប្រេង​ឯកជន​។​

​ម​ន្ត្រីំ​នា​ញ​មួយរូប​បាន​បញ្ជាក់ថា ទន្ទឹមនឹង​ការចុះ​ត្រួតពិនិត្យ​វិភាគ​យ៉ាង​ល្អិតល្អន់​ដោយ​ឧបករណ៍​ទំនើប​បែប​បច្ចេកវិទ្យា​គួរ​ឲ្យ​ទុកចិត្ត​រួចមក មន្ត្រី​ជំនាញ​បាន​រកឃើញថា​ក្នុងចំណោម​ស្ថានីយ៍​ប្រេង​ទាំង ៧ ដែល​បាន​ពិនិត្យ គឺមាន​ស្ថានីយ៍​ប្រេង​មួយកន្លែង​ប៉ុណ្ណោះ​ដែល​បាន​គោរព​ច្បាប់ និង​អនុវត្ត​ភាពស្មោះត្រង់​ជាមួយ​អតិថិជន ដោយ​មិនបាន​កេងចំណេញ​បរិមាណ​លីត្រ និង​គុណភាព​ប្រេង ឬ​បន្លំ​ប្រេង​ធម្មតា ជា​ប្រេង​ស៊ុប​ពែរ​នេះ​ទេ ដោយឡែក​ស្ថានីយ៍​ប្រេង​មួយកន្លែង​បាន​ប្រព្រឹត្ត​ខុស ទាំង​បរិមាណ​មិន​គ្រប់​លីត្រ និង​គុណភាព ចំណែក​ស្ថានីយ៍​ប្រេង​ចំនួន​៥​ផ្សេងទៀត បាន​ប្រព្រឹត្ត​ខុស​ដោយសារ​លក់​ប្រេង​មិន​គ្រប់​លីត្រ ប៉ុណ្ណោះ​។​

ប្រភព​ដដែល​បន្តថា បញ្ហា​ទាំងនោះ មន្ត្រី​ជំនាញ​បាន​អប់រំ ធ្វើ​កិច្ចសន្យា​ដើម្បី​កែលម្អ​ចំណុច​ខ្វះខាត​ឲ្យ​ត្រឹមត្រូវ​ឡើងវិញ សំដៅ​ឆ្លើយតប ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ និង​ការប្រកួតប្រជែង​ដោយ​ភាពស្មោះត្រង់​។​

គួរ​រំលឹក​ដែរ​ថា ការត្រួតពិនិត្យ​ដោយមាន​ម៉ាស៊ីន​ទំនើប ពិនិត្យ​លើ​គុណភាព​ប្រេងសាំង ម៉ា​ស៊ុត និង​សាំង​ស៊ុប​ពែ តាម​បណ្តា​ស្ថានីយ៍​រក​កំហុស​បច្ចេកទេស និង​បរិមាណ​លីត្រ​ឲ្យ​ត្រឹមត្រូវ នេះ​ជា​លើកដំបូង ដោយ​អនុវត្ត​គ្រប់​ទីកន្លែង ទូទាំងប្រទេស ហើយ​មិន​ជូនដំណឹង​ដល់​ម្ចាស់​ស្ថានីយ៍​ប្រេង​ជាមុន​ឡើយ​។​

ចំណែក​លោក វ៉ា ថន អភិបាលរង​ខេត្ត ដែល​បាន​អញ្ជើញ​ចូលរួម​ផ្ទាល់ បាន​សំណូមពរ​ដល់​ម្ចាស់​ស្ថានីយ៍​ប្រេង​ទាំងអស់​មិន​ថា​ក្រុមហ៊ុន ឬ​បុគ្គល ត្រូវ​ចូលរួម​អនុវត្ត​ច្បាប់​ទាំងអស់គ្នា និង​រកស៊ី​ប្រកាន់​ភាពស្មោះត្រង់ ដើម្បី​ចូលរួម​ផលប្រយោជន៍​សង្គម និង​ការប្រកួតប្រជែង​ក្នុង​តំបន់​ពិភពលោក ព្រោះ​ប្រទេស​កម្ពុជា បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​រួចហើយ​៕ ដោយ ៖ ក​.​លី​លី