សម្តេច ហេង សំរិន អញ្ជើញ​សម្ពោធ​រូបសំណាក និង​វិថី វីរជន សាយ ភូ​ថង នៅ​ខេត្តកោះកុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2018 ក+ ក-

​កោះកុង ៖ ព្រឹទ្ធាចារ្យ សាយ ភូ​ថង គឺជា​ឥស្សរជន​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បានរួម​ចំណែក​កសាង និង​ដឹកនាំ​គណបក្ស​តាំងពី​ក្នុងដំណាក់កាល​តស៊ូ​រំដោះ​
​ប្រទេសជាតិ​ពីរ​បប​អាណានិគម និង​ចក្រពត្តិនិយម ជាពិសេស​ការចូលរួម​ចំណែក​
​របស់​ព្រឹទ្ធាចារ្យ ក្នុង​ដំណើរការ​រំដោះប្រទេស​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​ចូលរួម​កសាង​ប្រទេសជាតិ​តាំងពី​បាតដៃ​ទទេ ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ រហូតដល់​ឆាកជីវិត​ចុងក្រោយ ដើម្បី​នាំមក​នូវ​កម្ពុ​ជាមួយ​មានការ​អភិវឌ្ឍ ដូច​សព្វថ្ងៃ​។

ដើម្បី​ជាការ​ចងចាំ​ជានិច្ច​នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា មិនអាច​កាត់ថ្លៃ​បាន​របស់ ព្រឹទ្ធាចារ្យ ហើយ​ចាត់ទុក​ព្រឹទ្ធាចារ្យ ជា​វីរជន​ដ៏​ឧត្តុង្គឧត្តម​របស់​បក្ស​ប្រជាជន​កម្ពុជា និង​របស់​ប្រទេសជាតិ​ទាំងមូល រូបសំណាក​ព្រឹទ្ធាចារ្យ សាយ ភូ​ថង និង​វិថី សាយ ភូ​ថង ព្រមទាំង​ចេតិយ​តម្កល់​អដ្ឋិធាតុ​របស់​ព្រឹទ្ធាចារ្យ និង​លោកជំទាវ ត្រូវបាន​សាងសង់ឡើង នៅលើ​ទឹកដី​នៃ​ខេត្តកោះកុង ដែលជា​ទឹកដី​កំណើត​របស់​ព្រឹទ្ធាចារ្យ និង​បានធ្វើ​ពិធី​
​សម្ពោធ និង​បុណ្យ​ឆ្លង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធានកិត្តិយស គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៨​នេះ ដោយ​ក្នុងឱកាស​នេះ សម្តេច​ពញា​ចក្រី​បាន​អបអរសាទរ កោត សរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ​ដ៏​ធំធេង ដែល​កើតឡើង​នៅទីនេះ​ថា​ពិតជា ធម្មនុញ្ញ​ផល​ប្រសូត្រ​ចេញពី​ជំនឿ និង​ការលះបង់​របស់​ព្រឹទ្ធាចារ្យ សាយ ភូ​ថង និង លោកជំទាវ ខ ភូ​ថង ព្រមទាំង​ក្រុមគ្រួសារ ដើម្បី​ប្រទេសជាតិ និង​ប្រជាជន​។

​សម្តេច​បាន គូសបញ្ជាក់ថា សន្តិភាព គឺជា​កត្តា​សំខាន់បំផុត​ដើម្បី​ធានា​ដល់​ដំណើរ​ការកសាង​លទ្ធិ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ក៏ដូចជា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព សមធម៌ និង​បរិ​យា​ប័ន្ន​។ ក្នុងន័យនេះ ប្រសិនជា​បាត់បង់​សន្តិភាព​នោះ ប្រទេសជាតិ​យើង​នឹង​
​បាត់បង់​អ្វីៗ​ទាំងអស់ ដែល​យើង​បាន​ប្រឹងប្រែង​រួមគ្នា ជាមួយ​គណបក្ស​ប្រជាជន កម្ពុជា​ក្នុងការ​ស្តារ និង​កសាង​ប្រទេស​ចេញពី​ចំណុចសូន្យ ដោយ​ត្រូវ​ប្រឈម​បញ្ហា និង​ត្រូវ​ហែល​ឆ្លង​ឧបសគ្គ​រាប់រយ​ជំពូក​ដើម្បី​ដឹកនាំ​នាវា​កម្ពុជា​មកកាន់​ត្រើយ​សុខសន្តិភាព និង​វឌ្ឍនភាព​ដូច​បច្ចុប្បន្ន​។

​សម្តេច​ពញា​ចក្រី​បាន​បន្ថែមថា ក្នុង​រយៈពេល​២០​ឆ្នាំ​
​ចុងក្រោយ​នេះ ព្រះរាជាណាចក្រ​កម្ពុជា​ក្រៅពី​ជោគជ័យ​លើ​ការពង្រឹង​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​រួមមាន ការអនុវត្ត​ច្បាប់ ការសម្រេចបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ បំផុត​បើ​ធៀប​នឹង​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់ គឺ​យើង​បានធ្វើ​សមាហរណកម្ម​ខ្លួន យ៉ាងសកម្ម​ទៅក្នុង​តំបន់ និង​ពិភពលោក ហើយ​បាន​ក្លាយជា​ប្រទេស​គោលដៅ​ដែលមាន​ភាព​ទាក់ទាញ​បំផុត​សម្រាប់​វិស័យ​ទេសចរណ៍ និង​វិនិយោគ​។

ក្នុងឱកាស​នេះ​សម្តេច​បាន​ណែនាំ​ដល់​គណៈកម្មាធិការ​បក្ស​គ្រប់​ថ្នាក់ សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ត្រូវខិតខំ​យកចិត្តទុកដាក់​បន្ត​ផ្សាភ្ជាប់ ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ចុះ​ជួប​សាកសួរ​សុខទុក្ខ និង​ជួយ​ដល់ ប្រជាជន​នៅតាម​មូលដ្ឋាន​របស់ខ្លួន ខិតខំ​បម្រើសេវា​ផ្សេងៗ ដោយ​មិន​រើសអើង ទាំង សេវា​តម្រូវការ ក៏ដូចជា​សេវា​សំណូមពរ ដើម្បី​ទាក់ទាញ​បាន​នូវ​ទឹកចិត្ត​ស្រឡាញ់ គាំទ្រ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​ខែកក្កដា​ខាងមុខនេះ ដើម្បី ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅរក​ការអភិវឌ្ឍ រីកចម្រើន​រុងរឿង​បន្ត​ទៅមុខទៀត​។​

បើតាម​លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​បានអោយដឹងថា រូប សំណាក វីរជន សាយ ភូ​ថង បានចាប់ផ្តើម​កសាង​ពីថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៧ និង បាន​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​ចំណាយ​ថវិកា​អស់​ចំនួន ៨០​ពាន់​ដុល្លារ​អាមេរិក ហើយ​ចំពោះ​ចេតិយ​តម្កល់​ធាតុ វីរជន សាយ ភូ​ថង និង​លោក ជំទាវ ខ ភូ​ថង បាន​ចំណាយ​ថវិកា​ក្នុង​ការសាងសង់​អស់​ចំនួន ៣៥០​ពាន់​ដុល្លារ​អា​មេ រិ​ក​។ ដោយឡែក​វិថី សាយ ភូ​ថង ដែលមាន​ប្រវែង ៦៨​គីឡូម៉ែត្រ ទទឹង ២៣​ម៉ែត្រ ចាប់ពី​ចំណុច​រូបសំណាក ដែល​ស្ថិត​ក្នុងភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ រហូត​ទៅដល់​ចំណុច​កូន​កុក ក្នុងភូមិ​កៀន​ក្រឡាញ់ ឃុំ​ភ្ញី​មាស ស្រុក​គិរីសាគរ ដែល​បានចាប់ផ្តើម​សាងសង់​ពី​ឆ្នាំ​២០០៨ និង​បានបញ្ចប់​ជា​ស្ថាពរ​នៅ​ដើមឆ្នាំ​២០១៥ ចំណាយ​ថវិកា​សរុប​ចំនួន ១៥៣​លាន​ដុល្លារ​អាមេរិក​។​

សូម​ជម្រាបជូន​ថា​៖ វីរជន សាយ ភូ​ថង កើត​នៅក្នុង​ឆ្នាំ​១៩២០ នៅ​ភូមិ​ឆ្មា​បាត់ សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង​។ ពី​ឆ្នាំ​១៩៤៦ ដល់ ១៩៥៣ វីរជន សាយ ភូ​ថង បាន​ដឹកនាំ​ចលនា​តស៊ូ​នៅ​ខេត្តកោះកុង ប្រឆាំងនឹង​អាណានិគម​បារាំង ពី​ឆ្នាំ​១៩៧០ ដល់ ១៩៧៤ ដឹកនាំ​ចលនា​តស៊ូ​នៅ​ខេត្តកោះកុង ប្រឆាំងនឹង​ចក្រពត្តិ និយម​អា​មេ​រិច ពី​ឆ្នាំ​១៩៧៤ ដល់ ១៩៧៩ ដឹកនាំ​ចលនា​តស៊ូ​នៅ​ខេត្តកោះកុង ក្រោក ឡើង​ចាប់​អាវុធ​ប្រឆាំងនឹង​របប ប៉ុល ពត ហើយ​ចាប់ពី​ឆ្នាំ​១៩៧៩ ដល់ ២០១៦ មាន តួនាទី​ជា​អនុប្រធាន​ក្រុមប្រឹក្សារដ្ឋ និង​ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​៕