ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​ជា​លើក​ទី​២ នឹងធ្វើ​នៅ ខែតុលា នា​រាជធានី​ភ្នំពេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 April, 2018 ក+ ក-

ភ្នំពេញ ៖ បន្ទាប់​ទទួលបាន​ជោគជ័យ​នៃ​ការរៀបចំ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​នៅក្នុង​ខេត្តសៀមរាប កាលពី​ឆ្នាំ​២០១៧ កន្លងទៅនេះ ក្រសួង​ទេសចរ​ណ៌ ក៏បាន​បង្ហាញ​ពី​គម្រោង​រៀបចំ​ពិព័រណ៍​ទេសចរណ៍​នេះ​ជា​លើក​ទី​២ នា​ខែតុលា​ខាងមុខ ដែល​ជ្រើស​យក​រាជធានី​ភ្នំពេញ​ជាទី​តាំង​រៀបចំ​កម្មវិធី​នេះ​វិញ​ម្តង​។​

ក្រសួងទេសចរណ៍ បានកំណត់​យក​រាជធានី​ភ្នំពេញ​ជាទី​តាំង​រៀបចំ ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ លើក​ទី​២ ដែល​ហៅថា Cambodia Travel Mart (CTM 2018) នា​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៨ ខាងមុខនេះ ដោយ​ទីតាំង​ជាក់លាក់​តែម្តង គឺ​នៅក្នុង​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។ ក្នុង​ការរៀបចំ​ព្រឹត្តិការ​ណ៌​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ លើក​ទី​២​នេះ ក្រសួង​ទេសចរ​ណ៌​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន Slickbooth Holding Co,.Ltd ។

​បើតាម​ការបញ្ជា​ក់រប​ស់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន មូល​ហេតុដែល​ក្រសួង​ទេសចរ​ណ៌​សម្រេច​ជ្រើស​យក រាជធានី​ភ្នំពេញ​ជា​កន្លែង​រៀបចំ​ពិ​ព័រ​ណ៌​ទេសចរ​ណ៌​នេះ គឺ​ដោយសារ​ភ្នំពេញ ជា​គោលដៅ​ទេសចរណ៍​ដែល​ផ្តល់​សេវាកម្ម​ទេសចរណ៍​គ្រាប់​គ្រាន់ និង​ស្របតាម​ស្តង់ដារ​ដែល​ហៅថា ម៉ា​យ​ស៏ (MICEs) ផងដែរ សម្រាប់​ក្រុមហ៊ុន​ធុរកិច្ច​ជាតិ និង​អន្តរជាតិ ក្នុង​ការរៀបចំ​កិច្ចប្រជុំ​សន្និសីទ និង​ពិព័រណ៍​អន្តរជាតិ​ធំៗ ។

ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ កាលពី​ចុង​ស​ប្តា​ហ៌​កន្លងមកនេះ ឯកឧត្តម ថោង ខុន បាន​បង្ហាញថា ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ ឆ្នាំ​២០១៨ គឺជា​វេទិកា ដ៏​មាន​សារៈសំខាន់ ដែល​នឹង​ជួយ​ជំរុញ​ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ក្នុងស្រុក​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ថែមទៀត​ដល់​ទេសចរ​ក្នុងស្រុក និង​ភ្ញៀវ​អន្តរជាតិ ឲ្យ​បាន​ស្គាល់​និង​ដឹងថា ក្រៅពី​តំបន់​ទេសចរណ៍​ខេត្ដ​សៀមរាប កម្ពុជា​ក៏មាន​តំបន់​ទេសចរណ៍​ជាច្រើន​ទៀត​ដែលមាន​ភាព​ទាក់ទាញ​ខ្លាំង​ផងដែរ ពិសេស​នៅ​ខេត្តបាត់ដំបង កំពត និង​ក្រចេះ​ជាដើម​។

​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ ហៅថា Cambodia Travel Mart 2018) នឹង​ក្លាយជា​វេទិកា​ជួបជុំ​ក្នុង​ការធ្វើ​ធុរៈកិច្ច​ទេសចរណ៍​រវាង​ក្រុមហ៊ុន​ទេសចរណ៍​ក្នុងស្រុក និង អន្តរជាតិ ប្រមាណ ៧០០​ក្រុមហ៊ុន​។ ជាមួយគ្នានេះដែរ ក៏មាន​ការចូលរួម​ពី​ស្ថាប័ន​ទេសចរណ៍​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន រួម​និង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តជាតិ ជាច្រើន​ទៀត​ចូលរួម​ក្នុង​ពិ​ព័រ​ណ៌​នេះ ដែល​នឹង​ជួយ​ផ្សព្វផ្សាយ វិស័យ​ទេសចរណ៍​កម្ពុជា អោយ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

​គួរ​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៧ ប្រទេស​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​ជាង​៥​លាន​៦​សែន​នាក់ ដែល​បាន​ទាញយក​ចំណូល​ដោយផ្ទាល់ ចំនួន​៣​ពាន់​៨​រយ​លាន​ដុល្លា​អាមេរិក និង​បង្កើត​ការងារ​ផ្ទាល់​បាន​ប្រមាណ​៦២​ម៉ឺន​នាក់​។ ចំណែក​រយៈពេល​២​ខែ ដើមឆ្នាំ​២០១៨​កន្លងមកនេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ប្រមាណ​១​លាន​១​សែន​នាក់ ដែល​កើន ១១ % បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧​។

​តាម​ការរំពឹងទុក កម្ពុជា នឹង​ទទួលបាន​អ្នកទេសចរ​អន្តរជាតិ​ចំនួន​៦​លាន​១​សែន​នាក់ នៅ​ឆ្នាំ​២០១៨​នេះ ហើយ​និង​កើនឡើង​ដល់ ៧​លាន​នាក់​នា​ឆ្នាំ​២០២០​ខាងមុខ ជាមួយនឹង​ចំណូល​ប្រមាណ ៥ ពាន់​លាន ដុល្លារ​អាមេរិក រួម​និង​ការបង្កើត​ការងារ​ប្រមាណ​១​លាន​នាក់​៕