គម្រោង​ផ្លូវ​រថភ្លើង​លើ​អាកាសពី​កណ្តាល​ក្រុងភ្នំពេញ​ទៅ​ព្រលានយន្តហោះ ចាប់ផ្ដើម​ឆ្នាំក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 June, 2018 ក+ ក-

​ភ្នំពេញ ៖ ដោយសារ​ការកកស្ទះ​ចរាចរណ៍​នៅតែ​ជា​បញ្ហា​ចំបង​មួយ​ក្នុង​រាជធានី​ភ្នំពេញ ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បានបង្ហាញ​កាន់តែច្បាស់ ពី​គម្រោង​ស្ថាបនា​រថភ្លើង​លើ​អាកាស​នា​ឆ្នាំក្រោយ ដោយ​កំណត់​យក​ទី​តាំងពី​ចំណុច​ជិត​ផ្សារ​ថ្មី ឆ្ពោះទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៨​រយ​លាន​ដុល្លារ​អាមេរិក​។

​តាម​ការបញ្ជាក់​របស់ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ បាន​បង្ហាញថា ការសិក្សា​គម្រោង​សាងសង់​ស្ពាន​អាកាស និង រថភ្លើង​លើ​អាកាស ក្នុង​រាជធានី​ភ្នំពេញ​បាន​ចប់សព្វគ្រប់​ហើយ​នាពេលនេះ ហើយ​គម្រោង​នេះ​នឹង​ចាប់ផ្ដើម​ស្ថាបនា​នៅ​ដើមឆ្នាំ​២០១៩​ខាងមុខ ដោយ​កំណត់​យក​ទីតាំង​ចាប់ពី​ចំណុច​ជិត​ផ្សារ​ធំថ្មី ឆ្ពោះទៅកាន់​អាកាសយា​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ ដើម្បី​សម្រួល ការធ្វើដំណើរ និង​ផ្តល់​ជម្រើស​កាន់តែច្រើន​ថែមទៀត​ដល់​ប្រជាពលរដ្ឋ​នៅ​រាជ ធានី​ភ្នំពេញ ក៏ដូចជា​ភ្ញៀវទេសចរ​អន្តរជាតិ ។

លោក ស៊ុន ចាន់ថុល បាន បាន​បញ្ជាក់ថា ហេតុផល​ដែល​ជ្រើសរើស​ទីតាំង​នេះ ព្រោះ​ជា​រៀងរាល់ថ្ងៃ មហាវិថី​សហព័ន្ធ​រុស្សី មាន​ភាព​កកស្ទះ​ច្រើនជាងគេ ជាពិសេស ជា​មហាវិថី​សំខាន់បំផុត​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ចេញទៅ​តាម​បណ្តា​ខេត្ត​នានា និង​ដោយសារ​ផ្លូវ​នេះ មាន​ភាព​មមាញឹក​សម្រាប់​អ្នក​ដែល​ធ្វើដំណើរ​ចាក​ចេញទៅ​ក្រៅប្រទេស​តាមរយៈ​ការហោះហើរ​ផងដែរ​។

​លោក ស៊ុន ចាន់ថុល បញ្ជាក់ថា គម្រោង​ស្ថាបនា​រថភ្លើង​លើ​អាកាស ពី​ចំណុច​ជិត​ផ្សារ​ធំថ្មី ទៅកាន់​អាកាសយា​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​នេះ មាន​ប្រវែង​១៨​គីឡូម៉ែត្រ ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៨​រយ​លាន​ដុល្លារ​អាមេរិក ក្រោម​ជំនួយ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ហៅ​កាត់​ថា JICA ។

ប៉ុន្តែ​ការស្ថាបនា​ផ្លូវ​រថភ្លើង​អាកាស​នេះ នឹងត្រូវ​ធ្វើ​ឡើងជា​២​ដំណាក់កាល ដោយ​បែងចែក​គម្រោង​ផ្លូវ​នៅលើ​អាកាស​ចំនួន​១៤​គីឡូម៉ែត្រ និង​ផ្លូវ​នៅក្រោម​ដី ប្រវែង​៤​គីឡូម៉ែត្រ​ពី​ស្ថា​នី​យ៌​ចំណត​ដែល​ស្ថិតនៅក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តែម្ដង ។

​គួរ​បញ្ជាក់ថា គម្រោងការ​សាងសង់​ផ្លូវ​រថភ្លើង​អាកាស​នេះ ត្រូវបានធ្វើ​ការសិក្សា​តាំងពី​អំឡុង​ឆ្នាំ​២០១៤ ទៅលើ​ផ្លូវ​ចំនួន​៣​ខ្សែ គឺ​ខ្សែ​ទី​១ ចាប់ផ្តើម​ពី​មហាវិថី​កម្ពុជា​ក្រោម​, មហាវិថី​ព្រះមុនីវង្ស​, មហាវិថី​សហព័ន្ធរុស្ស៊ី និង​រង្វង់​មូល​ចោមចៅ​។ ខ្សែ​ទី​២ ចាប់ ផ្តើម​ពី​មហាវិថី​ព្រះមុនីវង្ស រត់​ស្រប​ផ្លូវ​រថភ្លើង​(​ចាស់​) ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ខ្សែ​ទី​៣ ចាប់ផ្តើម​ពី​ផ្សារ​ធំថ្មី​, មហាវិថី​ហ្សា​ល​ដឺ​ហ្គោល​, មហាវិថី​ព្រះ​មុនី​រ៉េត ផ្លូវ​វេ​ង​ស្រេង ឆ្ពោះ​មក​រង្វង់​មូល​ចោមចៅ និង​បត់​មក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​វិញ ។

គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​លើ​អាកាស​នេះ គឺជា​គំនិត​ផ្ដួចផ្តើម​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា នៅក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន កាលពី​ខែសីហា ឆ្នាំ​២០១៧​កន្លងមក ។

ដោយ​នៅពេលនោះ សម្តេច​តេ​ជោ​បានស្នើ​រដ្ឋាភិបាល​ជប៉ុន ឲ្យ​ជួយ​គិតគូរ​ផ្ដល់ជំនួយ​ជា​ហិរញ្ញវត្ថុ​និង​បច្ចេកទេស ដើម្បី​អភិវឌ្ឍន៍​លើ​វិស័យ​ដឹកជញ្ជូន ជាពិសេស រៀបចំ​ឲ្យ​មាន​រថភ្លើង​ស្វ័យប្រវត្តិ​លើ​អាកាស​បែបនេះ ដើម្បី​កាត់បន្ថយ​នូវ​ការចំណាយ​របស់​ពលរ​ដ្ឋ ព្រមទាំង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ផ្សេងៗ​។

បច្ចុប្បន្ន ក្នុង​រាជធានី​ភ្នំពេញ ក៏​កំពុង​ប្រើប្រាស់​បណ្តាញ​ដឹកជញ្ជូន​សាធារណៈ​ច្រើន​ដែរ ទាំង​ផ្លូវគោគ និង​ផ្លូវទឹក តាមរយៈ​ការផ្តល់សេវា​ដឹកជញ្ជូន​តាម​រថយន្ត សាធារណៈ​របស់​សាលា​រាជធានី​ភ្នំពេញ និង កាណូត​ដឹក​អ្នកដំណើរ​ដែល​ឆ្លងកាត់​ពី​តំបន់​ព្រែក​ភ្នៅ ទៅដល់​ក្រុង​តាខ្មៅ ផងដែរ ៕
( រូបតំណាង )