ផ្លូវជាតិ​លេខ​៦ជាង​២​៦០គ​.​ម​. ភ្ជាប់​ពី​ខេត្តកំពង់ចាម​ទៅ​ខេត្តសៀមរាប បើក​ឲ្យ​ចរាចរណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 June, 2018 ក+ ក-

​កំពង់ចាម ៖ ស្របពេល​នៃ​ការសម្ពោធ​បើក​អោយប្រើ​ប្រាស់​ជា​ផ្លូវការ កំណាត់​ផ្លូវជាតិ​លេខ​៦ ដែល​ឆ្លងកាត់​ខេត្តកំពង់ចាម កំពង់ធំ និង ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បានលើកឡើង​ពី​គម្រោង​ស្ថាបនា​ផ្លូវ​ស្ពាន​មួយចំនួនទៀត​ដែលមាន​រដ្ឋាភិបាល​ចិន​ជា​ដៃគូ​! ប៉ុន្តែ​សម្តេច​ក៏បាន​ថ្លែង​សូម​ការ​អា​ធ្យា​ស្រ័យ​ដល់​ប្រជាពលរដ្ឋ និង​ពន្យល់​ពី​មូល​ហេតុដែល​គម្រោង​ស្ថាបនា​ស្ពាន​ឆ្លងកាត់​ទន្លេសាប ពី​ខេត្តកំពង់ឆ្នាំង​មកកាន់​ខេត្តកំពង់ធំ មិនទាន់​អាច​ចាប់ផ្តើម​ធ្វើបាន ព្រោះ​ត្រូវ​សិក្សា​អោយបាន​ច្បាស់លាស់​ជាមុនសិន ពី​ផលប៉ះពាល់​នានា​ក្នុង​តំបន់​ទន្លេសាប ។

​កំណាត់​ផ្លូវជាតិ​លេខ​៦ ប្រវែង​សរុប ២៤៨​ក្បៀស​៥៣​គីឡូម៉ែត្រ ចាប់ពី​ថ្នល់កែង ខេត្តកំពង់ចាម ដល់​អង្គ្រង ខេត្តសៀមរាប ត្រូវបាន​ស្ថាបនា និង​កែលម្អ​ឡើងវិញ​រួចរាល់ នៅក្នុង​ខែកក្កដា ឆ្នាំ​២០១៧ កន្លងមក បន្ទាប់ពី​ចំណាយពេល​ស្ថាបនា ៥០​ខែ ចាប់​តាំង ពី​ខែឧសភា ឆ្នាំ​២០១៣ ដោយ​ចំណាយ​ថវិកា​ជាង ២៥៥​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​នៅ ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨​នេះ កំណាត់​ផ្លូវ​នេះ ត្រូវបាន​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​វត្តមាន​ជា​អធិបតីភាព របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​។

​បើតាម​ការបញ្ជា​ក់រប​ស់ លោក​ឧ​ត្ត​ម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា គម្រោង​សាងសង់​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចាប់ពី​ថ្នល់កែង ខេត្ដ​កំពង់ចាម ដល់​អង្គ្រង ខេត្តសៀមរាប ឆ្លងកាត់​ខេត្ត​ចំនួន​៣ រួមមាន ខេត្តកំពង់ចាម ប្រវែង​ជិត ៤៤​គីឡូម៉ែត្រ​! ខេត្តកំពង់ធំ ប្រវែង ជាង​១៤៤ គីឡូម៉ែត្រ និង​ខេត្តសៀមរាប ប្រវែង​ជាង ៦០​គីឡូម៉ែត្រ​។
​សម្តេច​តេ​ជោ បានចាត់ទុក​កំណាត់​ផ្លូវជាតិ​លេខ​៦​នេះ​ថា គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ជាតិ ជាពិសេស​វិស័យ​ទេសចរណ៍ ដោយសារ​ខ្សែ​ផ្លូវ​នេះ មាន​សក្តានុពល ត​ភ្ជាប់​ទំនាក់ទំនង​រូបវ័ន្ត ស្ថាប័ន និង​ប្រជាជន រវាង​ខេត្តកំពង់ចាម ខេត្តកំពង់ធំ និង​ខេត្តសៀមរាប និង​ជាមួយ​រាជធានី​-​ខេត្ត​ផ្សេងៗ​ទៀត តាមរយៈ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ប្រទាក់ក្រឡា ត​ភ្ជាប់​ពី​តំបន់​មួយ ទៅ​តំបន់​មួយ​។ បន្ថែម​ពីនេះ តាមរយៈ​ខ្សែ​ផ្លូវ​នេះ ក៏​នឹង​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​ផលិតផល ដំណាំ​កសិផល និង​ក​សិ​-​ឧ​ស្សហកម្ម របស់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ធុរកិច្ច ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ឆាប់រហ័ស និង​ចំណាយ​តិច ផងដែរ​។
​តាមរយៈ​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ដែល​បង្ហាញ​វត្តមាន​ក្នុងប្រទេស​កម្ពុជា សម្តេច​តេ​ជោ បាន​លើកឡើងថា មិត្ត​ចិន​គឺជា​ដៃគូ​យ៉ាងសំខាន់​ដែល​បាន​ជួយ​ត​ភ្ជាប់​ផ្ទៃក្នុង​នៃ​ប្រទេស​កម្ពុជា ដែល​ជម្រុញ​ដល់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង កាត់បន្ថយ​ភាពក្រីក្រ​។

​ទ​ន្ទឺ​ម​នេះ សម្តេច​តេ​ជោ បាន​បង្ហាញថា គម្រោង​ស្ថាបនា​ស្ពាន​ពី​ខេត្តក្រចេះ មកកាន់​ខេត្តកំពង់ធំ គឺជា​គម្រោង​អទិភាព​មួយ​រវាង​រដ្ឋាភិបាល​ក​ម្ពុ​ជា និង​ចិន រួម​និង​គម្រោង​ផ្លូវ​ពី​ខេត្តកោះកុង ឆ្លងកាត់​ថ្មដារ ទៅ​សំឡូត ខេត្តបាត់ដំបង មានតម្លៃ​ប្រមាណ​២០០​លាន​ដុល្លារ ក៏​នឹងត្រូវ​បញ្ជូន​សំណើរ​ហិរញ្ញប្បទាន​ទៅកាន់​រដ្ឋាភិបាល​ចិន​ផងដែរ​។ ប៉ុន្តែ ចំពោះ​គម្រោង ស្ថាបនា​ស្ពាន​ឆ្លងកាត់​ទន្លេ​ង​សាប ពី​ខេត្តកំពង់ឆ្នាំង មក​ខេត្តកំពង់ធំ ត្រង់ចំនុច​កំពង់ថ្ម គឺ​មិនទាន់​អាច​ចាប់ផ្តើម​ស្ថាបនា​បាន​នោះទេ ដោយសារ​គម្រោង​ដែល​គ្រោង​ចំណាយ​ថវិកា​ជាង​១០០​លាន​ដុល្លារ​នេះ ត្រូវការ​ពេលវេលា​សិក្សា​អោយបាន​ច្បាស់លាស់​ពី​ផលប៉ះពាល់​នានា ដូចជា​ផល​នេសាទ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុង​តំបន់​ទន្លេសាប​ជាមុនសិន ៖ ខ្ញុំ​ក៏​ធ្លាប់បាន​ប្រកាសថា នឹងមាន​ផ្លូវ​មួយ​ខ្សែ​ទៀត​ពី​កំពង់ឆ្នាំង មក​ខេត្តកំពង់ធំ ត្រង់​កំពង់ថ្ម ដោយ​ចំណាយ​ជាង​១០០​លាន​ដុល្លារ​! តែ​សូម​ប្រជាពលរដ្ឋ​អា​ធ្យា​ស្រ័យ ដែល​មិនទាន់​ចាប់ផ្តើម​សាងសង ដោយសារ​ត្រូវធ្វើ​ឆ្លងកាត់​ទន្លេសាប ដូចនេះ​ត្រូវ​សិក្សា​អោយបាន​ច្បាស់លាស់ ផលប៉ះពាល់​នានា ដូចជា ផល​នេសាទ​ត្រី និង​ការរស់នៅ​របស់​ប្រជាជន​តំបន់​ទន្លេសាប​នេះ​។

សូមបញ្ជាក់ថា គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ ស្ថិតក្នុង​ការប្រើប្រាស់​ហិរញ្ញប្បទាន និង​ជំនួយឥតសំណង របស់​រដ្ឋាភិបាល​ចិន កម្ពុជា​បានសម្រេច​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ចំនួន​២៣​ខ្សែ រួចមកហើយ មាន​ប្រវែង​សរុប ២​ពាន់​៣០១​គីឡូម៉ែត្រ ដែល​ប្រើប្រាស់​ថវិកា​ប្រមាណ ១​ពាន់​៣០០​លាន​ដុល្លារ​អាមេរិក​។ ចំណែក​គម្រោង​ផ្លូវ​កំពុង​សាងសង់ មាន​ចំនួន​៧​ខ្សែ មាន​ប្រវែង ប្រមាណ ៧៣៤​ក្បៀស​៨២ គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ ៧០៥​លាន​ដុល្លារ​អាមេរិក​។ ចំណែក គម្រោង​ផ្លូវ​ត្រៀម​សាងសង់​ក្នុង​ឆ្នាំ​២០១៨​នេះ មាន​ចំនួន ១​គម្រោង​ទៀត គឺ​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុងភ្នំពេញ​ទី​៣ ដែលមាន​ប្រវែង​សុ​រប ៥២​ក្បៀស​៩៨​គីឡូម៉ែត្រ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ២៦៧​ក្បៀស​៦៧ លាន​ដុល្លារ​អាមេរិក​។​

​ចំពោះ​ស្ពាន​ធំៗ​ដែល​ត្រូវបាន​សាងសង់​រួចរាល់​ហើយ មាន​ចំនួន ៧​ស្ពាន មាន​ប្រវែង​សរុប ៦​ពាន់​៨២៤​ម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ ២១៦​លាន​ដុល្លារ​អាមេរិក និង​ស្ពាន​កំពុង​សាងសង់​ចំនួន​១​ទៀត គឺ​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ស្ទឹងត្រង់​-​ក្រូចឆ្មា ប្រវែង​១១១៣​ម៉ែត្រ បូករួម​ទាំង​ផ្លូវ​ត​ភ្ជាប់​ស្ពាន ត្រូវ​ចំណាយ​ថវិកា​ជិត​៥៧​លាន​ដុល្លារ​។

​បើ​គិត​ត្រឹម​ក្នុង​ឆ្នាំ​២០១៨​នេះ សរុប​គម្រោង ទាំង​បាន​សាងសង់​រួចរាល់ កំពុង​សាងសង់ និង​ត្រៀម​សាងសង់ ត្រូវបាន​ប្រើប្រាស់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ និង​ជំនួយឥតសំណង​របស់​ចិន​មាន​ទឹកប្រាក់​ប្រមាណ ២​ពាន់​៥៥៣​លាន​ដុល្លារ​អាមេរិក​។ ដោយឡែក ថវិកា​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៦ សរុប​ប្រមាណ ២៥៥ លាន​ដុល្លារ​អាមេរិក គឺជា​ហិរញ្ញប្បទាន​សម្បទាន​របស់​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ប្រមាណ​៥​ភាគរយ សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធអាករ ។

​សមិទ្ធផល​កំណាត់ ផ្លូវជាតិ​លេខ​៦ គឺជា​កំណាត់​ផ្លូវ​មួយ​ក្នុងចំណោម​ផ្លូវ និង​សមិទ្ធផល​ជាច្រើន​ទៀត ដែល​សាងសង់ឡើង​ក្រោម​កម្ចី របស់​រដ្ឋាភិបាល​ចិន​៕