រាជរដ្ឋាភិបាល​កាត់​ដី​ជាង​ ១​រយ​ហិកតា ​ពី​បុរី​សណ្ឋាគារ​អង្គរ​សៀម រាប​ជូន​ប្រជាពលរដ្ឋ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖ ផ្ទៃដី​ទំហំ​ជាង ១១៥ ហិកតា ត្រូវ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​កាត់ចេញ​ពី​បុរី​សណ្ឋាគារ​អង្គរ​សៀមរាប ដើម្បី​ធ្វើ​ប្រទានកម្ម​ជា​កម្ម​សិទ្ធ​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​ប្រើប្រាស់ និង​ដាំ​ដុះ​ជាក់ស្តែង​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ។​

កាលពី​ថ្ងៃទី​១៧ ខែមេសា កន្លងទៅ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានចេញ​អនុក្រឹត្យ​លេខ ៥១​អនក្រ ដោយ​សម្រេច​កាត់​ផ្ទៃដី​ទំហំ​ជាង ១១៥​ហិកតារ​ចេញពី​ផ្ទៃដី​បុរី​សណ្ឋាគារ​ទេសចរណ៍​ដែល​គ្រប់គ្រង​ដោយ អាជ្ញាធរ​អប្សរា ប្រគល់​មកឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​បឹង​ដូន​ប៉ា និង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​វិញ​។​

​យោង​អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៥ បានសម្រេច​កាត់​ផ្ទៃដី​ទំហំ​សរុប ១១៥,៤១ ហិកតា ចេញពី​ផ្ទៃដី​បុរី​សណ្ឋាគារ​អង្គរ ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា ដើម្បី​ធ្វើ​ប្រទានកម្ម​ជា​កម្ម​សិទ្ធ​ជូន​ប្រជាពលរដ្ឋ ដែល​បាន​កាន់កាប់ ប្រើប្រាស់ និង​ដាំ​ដុះ​ជាក់ស្តែង​លើដី​នោះ ។ អនុក្រឹត្យ​បន្តថា ក្នុងនោះ​ផ្ទៃដី ៥១,៤៣ ហិកតា កាត់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម​។ ចំណែក​ផ្ទៃដី​ទំហំ ៦៣,៩៨ ហិកតា កាត់​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ខេត្តសៀមរាប ។

​អនុក្រឹត្យ​បន្តទៀតថា ក្នុង​ដំណើរការ​ចុះបញ្ជី ដើម្បី​ផ្តល់​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ គណៈកម្មាធិកា​គ្រប់គ្រង​ដី​រដ្ឋ​ខេត្តសៀមរាប ត្រូវ​កាត់ចេញ​នូវ​ចំណែក​ផ្ទៃដី ដែល​អាជ្ញាធរ​អប្សរា​បាន​ដោះស្រាយ​គោលនយោបាយ​រួចរាល់ ដើម្បី​រក្សាទុក​សម្រាប់​ប្រើប្រាស់​ជា​ផលប្រយោជន៍​សាធារណៈ ។​

​អនុក្រឹត្យ​ដដែល​ឲ្យ​ដឹងថា រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋមន្ត្រី​គ្រប់​ក្រសួង​ស្ថាប័ន អគ្គនាយក​អាជ្ញាធរ អប្សរា និង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ត្រូវអនុវត្ត​អនុក្រឹត្យ​នេះ​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា ។​
​អង្គការសិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល ចាត់ទុក​ការ​កាត់​ផ្ទៃដី​ជាង ១១៥​ហិកតារ ពី​អាជ្ញាធរ​អប្សរា​ហើយ​ប្រគល់​មកឱ្យ​ប្រជាពលរដ្ឋ​គ្រប់គ្រង​វិញ គឺជា​វិធានការ​ដោះស្រាយ​តាម​រូបមន្ត​ស្បែក​ខ្លា​។​

​អ្នកស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្តសៀមរាប លោក សួស ណារិន មានប្រសាសន៍ថា លោក​ស្វាគមន៍​ចំពោះ​ប្រមុខ​រដ្ឋាភិបាល​ដែល​ដោះស្រាយ​ទំនាស់​ដីធ្លី​ក្នុង តំបន់​អាជ្ញាធរ​អប្សរា​មកឱ្យ​អ្នកភូមិ​វិញ​នោះ​។ លោក សួស ណារិន បញ្ជាក់ថា ជា​យូរ​មកហើយ​អង្គការក្រៅរដ្ឋាភិបាល​តែង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ ទំនាស់​ដីធ្លី​នៅក្នុង​តំបន់​អប្សរា​នោះ តាម​នីតិវិធី ៣​យ៉ាង គឺ​ទី​១ ឱ្យ​ឆ្វៀល​ផ្ទៃដី​ដែល​ប្រជាពលរដ្ឋ​រស់នៅ​ចេញពី​តំបន់​គ្រប់គ្រង​របស់ អាជ្ញាធរ​អប្សរា​ទី​២ បើសិនជា​អាជ្ញាធរ​អប្សរា​ត្រូវ​ការយក​ដី​នោះ គឺ​ត្រូវ​ទូទាត់​សំណង​ទៅតាម​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន និង​ទី​៣ ត្រូវ​ដោះស្រាយ​ដោយ​ឱ្យ​អាជ្ញាធរ​អប្សរា​បង្ខិត​បង្គោល​ព្រំដែន​នៃ​តំបន់ គ្រប់គ្រង​របស់ខ្លួន​ឱ្យ​ផុតពី​តំបន់​ដែល​ប្រជាពលរដ្ឋ​រស់នៅ​ជាដើម​៕197imageប្រជាពលរដ្ឋ​នាំគ្នា​យក​ម៉ូតូ មែកឈើ និង​ដុំ​ថ្មដា​ក់រាំង​កំណាត់​ផ្លូវ​របស់​អាជ្ញាធរ​អប្សរា កែង​នឹង​ផ្លូវ​ទៅ​ភូមិ​ត្រាំ​នាគ មិនឱ្យ​រថយន្ត​ចេញចូល នៅ​ថ្ងៃទី​២៥ កុម្ភៈ ២០១៥​។ ក្រុម​អ្នកភូមិ​តវ៉ា​ប្រឆាំងនឹង​អាជ្ញាធរ​អប្សរា​ដែល​រុះរើ​ផ្ទះ​របស់​ពួកគេ​។​