មន្ត្រី​ជំនាញ​ពីរ​ស្ថាប័ន ឆ្លើយ​ខុសគ្នា​រឿង​នាំ​ជ្រូក​ពី​ថៃ​ចូល​តាម​ច្រក​បឹង​ត្រកួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 June, 2018 ក+ ក-

​ប៉ោយប៉ែត ៖ មន្ត្រី​ជំនាញ​២​ស្ថាប័ន​ដែល​នៅ​ប្រចាំ​តាម​ច្រកព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ គឺ​គយ និង​កសិកម្ម ត្រូវបាន​ក្រុមអាជីវករ និង​ប្រជាពលរដ្ឋ​ចោទប្រកាន់ថា បាន​ស៊ុមគ្រលុំ​គ្នា​គៃបន្លំ​ប្រាក់​ពន្ធ​ចំណូល​រដ្ឋ​ក្នុងការ​បិទបាំង​តួលេខ​នៃ​ការ​នាំចូល​ជ្រូក​ពី​ប្រទេស​ថៃ​រាប់រយ​ក្បាល​ក្នុង​មួយថ្ងៃៗ​។​

​ថ្មីៗ​នេះ មន្ត្រី​ជំនាញ​២​ស្ថាប័ន និង​ឈ្មួញ​ជ្រូក​នាំចូល​ពី​ថៃ តាម​ច្រក​តំបន់​បឹង​ត្រកួន​បកស្រាយ​ខុសគ្នា ខណ​:​ការនាំ​ចូល​នោះ​ធ្វើ​ឲ្យ​មានការ​សង្ស័យថា ជា​ករណី​នាំចូល​មិន​ប្រក្រតី​ដែល​រថយន្ត​ធុន​ធំ​របស់​ថៃ បាន​ដឹក​ជ្រូក​ចូលមក​កម្ពុជា​លក់​ឲ្យ​ឈ្មួញ​ខ្មែរ​នៅ​ទីតាំង​មួយកន្លែង​នៅក្បែរ​រង្វង់​មូល ផ្លូវជាតិ​លេខ​៥៨ ក្នុង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដែល​គេ​ស្គាល់​ថា​មាន​ស្ត្រី​ម្នាក់​ជា​ម្ចាស់​ឈ្មោះ សុខ លាង អាយុ​ជាង ៣០​ឆ្នាំ​។ ស្ត្រី​រូបនេះ បាន​អះអាងថា គាត់​ជា​តំណាង​ក្រុមហ៊ុន​អង្គរ សុខ សា​រឹទ្ធ នាំ​ជ្រូក​ចូល​ពី​ប្រទេសជិតខាង ក្រុមហ៊ុន​គាត់​នាំចូល​ជ្រូក​ថ្ងៃទី​១២ ខែមិថុនា មាន​ចំនួន​២៥០​ក្បាល និង​នាំយកទៅ​ចែកចាយ នៅ​ក្រុងភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​។ អ្វីដែល​មិនគួរ​ឲ្យ​ជឿ​នោះ​គឺ ជ្រូក​លើ​រថយន្ត​ទាំង​៤​គ្រឿង ត្រូវគេ​បង្ហើប​ឲ្យ​ដឹងថា លើសពី​២៥០​ក្បាល គឺ​លើសពី​តួលេខ​ក្នុង​របាយការណ៍​នាំចូល​ដែល​ត្រូវ​បង់ពន្ធ​។

​ជួប​សន្ទនា​តាម​ទូរស័ព្ទ​លោក ហ៊ុយ ទូច ប្រធានការិយាល័យ​បុ​សុ​ព្យាបាល​ខេត្ត បាន​ប្រាប់ថា ការនាំ​ជ្រូក​ចូល​ពី​ប្រទេស​ថៃ បច្ចុប្បន្ន​មាន​៣​ក្រុមហ៊ុន គឺមាន​ក្រុមហ៊ុន​មួយ​នាំចូល​ជ្រូក​ពូជ សម្រាប់​ចែកចាយ​លក់​ឲ្យ​អ្នក​ចិញ្ចឹម​តាម​បណ្តា​ខេត្ត​នានា គឺ​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដោយ​ក្រុមហ៊ុន ស៊ី​ភី​(CP)​។ លោក ហ៊ុយ ទូច បន្តថា ជ្រូក​កាប់សាច់​នាំចូល​តា​ម​ច្រក​តំបន់​បឹង​ត្រកួន មាន​២​ក្រុមហ៊ុន​ទៀត គឺ​ក្រុមហ៊ុន​អង្គរ សុខ សា​រឹទ្ធ និង​ក្រុមហ៊ុន ប៊ុត ច​ន្ធូ​។ លោក​បន្តថា ក្រុមហ៊ុន​ទាំង​២​ខាងលើ​មានច្បាប់​ត្រឹមត្រូវ ហើយ​មួយ​ក្រុមហ៊ុនៗ​នាំចូល​ជ្រូក​ប្រមាណ​១៥០ ទៅ​២០០​ក្បាល ឬ​លើសពីនេះ និង​បាន​បញ្ជូន​ទៅដល់​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ផងដែរ​។​ដោយឡែក​ច្រក​តំបន់​ម៉ាឡៃ មន្ត្រី​ខាងលើ​បញ្ជាក់ថា ពុំ​មានការ​នាំចូល​ជ្រូក​នោះទេ​។​

​ករណី​ខាងលើ​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​តំបន់​បឹង​ត្រកួន ប្រាប់​តាម​ទូរស័ព្ទ​ផ្ទុយ​ពី​លោក ហ៊ុយ ទូច ដោយ​និយាយថា ជ្រូក​នាំ​ពី​ប្រទេស​ថៃ​តាម​ច្រក​តំបន់​បឹង​ត្រកួន មានតែ​១​ក្រុមហ៊ុន​ទេ គឺ​ក្រុមហ៊ុន អង្គរ សុខ​សា​រឹទ្ធ ហើយ​ថា ជ្រូក​នាំចូល​ពី​ថៃ​នៅថ្ងៃនេះ​(​ថ្ងៃទី​១២​មិថុនា​)​មាន​ចំនួន ៣០០​ក្បាល​។

​ដោយឡែក នៅពេលដែល​អ្នកសារព័ត៌មាន​លើក​ជា​សំណួរ​ដោយយោង​តាម​ប្រភព​ដែលថា ជ្រូក​នាំចូល​ពី​ថៃ​តាម​ច្រក​តំបន់​បឹង​ត្រកួន ថ្ងៃនេះ​មាន​ជាង​៧០០​ក្បាល បែរជា​ស្ត្រី​ខាងលើ ឆ្លើយតប​តាម​ទូរស័ព្ទ​ថា តាមពិត​ជ្រូក​ដឹក​ចូល​ពី​ថៃ​នេះ ក្នុង​មួយ​រថយន្ត​តែ​១០០​ក្បាល​ទៅវិញ ហើយ​ថា​ជ្រូក​ទាំង​៤​រថយន្ត​ខាងលើ មិនមែនជា​ជ្រូក​ក្រុ​ហ៊ុន​គាត់​តែមួយ​ទេ គឺ​ជ្រូក​មួយចំនួន​ជា​របស់​ក្រុមហ៊ុន​ផ្សេង ប៉ុន្តែ​គេ​ទៅ​សាង ឬ​លើកដាក់​ជាមួយគ្នា​លើ​ទីតាំង​តែមួយ​។

​គួរ​ជម្រាប​ថា កន្លងមក ករណី​នាំ​សត្វ​ជ្រូក​ថៃ​ចូលមក​កម្ពុជា​តាម​ច្រកព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវបាន​គេ​រិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​មន្ត្រី​ជំនាញ​ស្ថាប័នគយ និង មន្ត្រី​បសុពេទ្យ ថា​បាន​ឃុបឃិត​គ្នា​បន្លំ​ប្រាក់​ពន្ធ យកលុយ​លម្អៀង​ពី​ការបន្លំ​ពន្ធ​នោះ ចែកគ្នា​ដាក់​ហោប៉ៅ ដោយ​មិន​អើពើ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​សាមីក្រសួង និង​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រមូល​ពន្ធអាក​រ​ដើម្បី​ជា​ប្រយោជន៍​អភិវឌ្ឍន៍​សង្គមជាតិ​នោះឡើយ​៕ ដោយ ៖ សុជាតិ​