រាជរដ្ឋាភិបាល​កម្ពុជា នឹង​ប្រកាស​ពី​វិធានការ​សម្រាប់​តម្លៃ​ប្រេងឥន្ធនៈ​នៅ​ចុងខែ​នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 June, 2018 ក+ ក-

​ភ្នំពេញ ៖ តម្លៃ​ប្រេងសាំង​បាន​ឡើងថ្លៃ​ជា​បន្តបន្ទាប់​នៅ​ប្រទេស​កម្ពុជា ខណៈ​តម្លៃ​ប្រេង​ឆៅ​ក្នុង​ទីផ្សារ​ពិភពលោក បាន​កើនឡើង​ខ្ពស់បំផុត​ក្នុង រយៈពេល​ប្រមាណ​៣​ឆ្នាំ​មកនេះ​។ កត្តា​ដែល​ធ្វើអោយ​តម្លៃ​ប្រេង​កើនឡើង​ខ្ពស់​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក មើលឃើញ​ដូចគ្នា​ថា ដោយសារ ការកាត់បន្ថយ​ការផលិត​ប្រេង​ដែល​កំណត់ដោយ​អង្គការ OPEC! ដើម្បី​ដោះស្រាយ​បញ្ហា​នេះ នៅ​ថ្ងៃទី​២៨ មិថុនា ខាងមុខនេះ រាជរដ្ឋាភិបាល​កម្ពុជា នឹង​ប្រកាស​គោលការណ៍​ថ្មី​សម្រាប់​កំណត់​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​។

​នា​ថ្ងៃទី​២៨ ខែមិថុនា ខាងមុខនេះ រាជរដ្ឋាភិបាល​កម្ពុជា នឹង​ប្រកាស​គោលការណ៍​ថ្មី ស្តីពី​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា ដើម្បី​កាត់បន្ថយ​នូវ​ផលប៉ះពាល់​ពី​ការ​តម្លើងថ្លៃ​ប្រេង​ក្នុង​ទីផ្សារ​ពិភពលោក​។

​នេះ​បើតាម​ការ​ថ្លែង​បញ្ជាក់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា​នេះ ក្នុង​ពិធី​ប្រកាស​គោរមងារ​វិទ្យាសាស្ត្រ និង​កិត្តិយស​ជូន​ដល់​មន្ត្រីជាន់ខ្ពស់​នៃ​រាជបណ្ឌិតសភា​កម្ពុជា​។ សម្តេច​តេ​ជោ បាន​ឡើ​ក​ឡើង​ថា ការ​តម្លើងថ្លៃ​ប្រេង​ក្នុង​ទីផ្សារ​សកល គឺ​ដោយសារ អង្គការ​នៃ​ប្រទេស​នាំ​ប្រេង​ចេញ ហៅ​កាត់​ថា OPEC បាន​កាត់បន្ថយ​ការផលិត​ប្រេង​ឆៅ ដែល​ការ​តម្លើងថ្លៃ​ប្រេង​ឆៅ​អន្តរជាតិ​នេះ ក៏​កំពុងមាន​ផលប៉ះពាល់​ដល់​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​ដែរ​។

​ទន្ទឹមនេះ សម្តេច​តេ​ជោ ចាត់ទុកថា សង្គ្រាម​ពាណិជ្ជកម្ម និង​គោលនយោបាយ​តម្លើង​ពន្ធ គឺជា​សង្គ្រាម​ចាញ់​មួយ​សម្រាប់​ពិភពលោក ហើយ​អ្នករងគ្រោះ​មុនគេ គឺជា​អ្នកប្រើប្រាស់​តែម្តង​។ ដូចនេះ​ទើប​រាជរដ្ឋាភិបាល​កម្ពុ​ជា​ត្រូវ​ត្រៀម​គោល​ការ​ណ៌​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ជាពិសេស សម្តេច​តេ​ជោ បាន​បង្ហើប​ថា កម្ពុជា​ក៏​កំពុង​រៀបចំ​គោលនយោបាយ​សេដ្ឋកិច្ច​មួយចំនួនទៀត សម្រាប់​អនុវត្តន៍​នៅ​អាណត្តិ​ថ្មី​ដែរ ៖៖

​គួរ​បញ្ជាក់ថា អន្តរក្រសួង​ចំនួន​បី គឺ​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច​និង​ហិ​រញ្ញា​វត្ថុ និង​ក្រសួង​ធនធាន​រ៉ែ​និង​ថាមពល បាន​អនុវត្ត រូបមន្ត​កំណត់​តម្លៃ​លក់​ប្រេងឥន្ធនៈ ជា​រៀងរាល់ ១០​ថ្ងៃ​ម្តង ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៧​មក​។ ប៉ុន្តែ​ដោយសារ​បច្ចុប្បន្ន កម្ពុជា ត្រូវ​នាំចូល​ប្រេងសាំង​ពី​ប្រទេស​ក្នុង​តំបន់ ដូចជា​ប្រទេស​សិង្ហ​បុរី ជាដើម ដែល​ធ្វើ​ឲ្យ​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​ពិបាក​ក្នុងការ​គ្រប់គ្រង​តម្លៃ​ប្រេង​ក្នុងស្រុក​។ ដោយឡែក ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ កាល​ពីស​ប្តា​ហ៌​មុន បាន​ចោទប្រកាន់​អង្គការ OPEC ថា បាន​ជំរុញ​ឲ្យ​តម្លៃ​ប្រេង​កើនឡើង​នៅក្នុង​ទីផ្សារ​អន្តរជាតិ ដោយ​លោក​បាន​រិះគន់ ទៅលើ​កិច្ចព្រមព្រៀង​របស់​បណ្តា​ប្រទេស​ជា​សមាជិក​អង្គការ​នេះ ក្នុង​ការដាក់​កម្រិត​លើ​ការផលិត​ប្រេង​។

​តម្លៃ​ប្រេង​ឆៅ​ប្រភេទ Brent បាន​កើនឡើង​ខ្ពស់បំផុត ដល់​តម្លៃ ៨០​ដុល្លារ ក្នុង​មួយ​បារ៉ែល កាលពី​ចុងខែ​ឧសភា ខណៈដែល​ប្រេង​ប្រភេទ West Texas Intermediate បាន​កើន​ដល់​ជាង ៧២​ដុល្លារ​ក្នុង​មួយ​បារ៉ែល និង​បាន​ធ្លាក់ចុះ​បន្តិច​ក្នុង​ខែមិថុនា​នេះ​។ គួររំលឹកថា ប្រទេស​អ្នក​ផលិត​ប្រេង​ដែលជា​សមាជិក និង​មិនមែនជា​សមាជិក​របស់​អង្គការ OPEC បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​កាលពី​ឆ្នាំ​២០១៦ ដើម្បី​កាត់បន្ថយ​ផលិតកម្ម​ប្រេង​ចំនួន ១​លាន​៨​សែន​បារ៉ែល​ក្នុង​មួយថ្ងៃ​ដើម្បី​កាត់បន្ថយ​ការផ្គត់ផ្គង់​ប្រេង​សាកល ដោយសារ​នៅពេលនោះ តម្លៃ​ប្រេង​ឆៅ ទាប​ជាង ៣០ ដុល្លារ​ក្នុង​មួយ​បារ៉ែល​។ កិច្ចព្រមព្រៀង​នេះ នឹង​ផុត​សុពលភាព​នៅ​ចុងឆ្នាំ ២០១៨ ប៉ុន្តែ​ក្រុម​ពាណិជ្ជករ​កំពុង​រង់ចាំ​មើល​លទ្ធផល​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ក្រសួង​ប្រេង​មកពី​ប្រទេស​ជា​សមាជិក​របស់​អង្គការ OPEC ដែល​នឹង​រៀបចំ ធ្វើ ឡើង​នៅ​ថ្ងៃទី ២២ ខែមិថុនា នៅ​ទីក្រុង​វី​យែ​ន ប្រទេស​អូទ្រីស​៕​