ចិន ពិចារណា​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2018 ក+ ក-

​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង នៅ​ព្រឹក​ថ្ងៃ​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០១៨ នេះ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោកជំទាវ Chen Xu​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សកល​វិទ្យាល័យ Tsinghua របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅក្នុង​ប្រទេស​កម្ពុជា ។

​លោក ឡៅ ហ៊ឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្រោយ​ជំនួប​នោះ​ថា សកលវិទ្យា​ល័យ​Tsinghua ជា​សកល​វិទ្យាល័យ​ដ៏​ល្បីល្បាញ​មួយ​នៅ​ប្រទេស​ចិន ដែលមាន​អាយុកាល​ជាង​១០០​ឆ្នាំ​មកហើយ និង​មានបទពិសោធន៍​ជាច្រើន​ពាក់ព័ន្ធ​ទៅនឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ជាពិសេស​ថ្នាក់ដឹកនាំ​កំពូលៗ​នៅ​ប្រទេស​ចិន​ភាគច្រើន​ចេញពី​សកល​វិទ្យាល័យ​មួយ​នេះ​។

​ក្នុងជំនួប​ពិភាក្សា​នោះដែរ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ពិភាក្សា​ផ្តោតជាសំខាន់​លើ​ចំណុច​ចំនួន​មានដូចជា​៖ ពាក់ព័ន្ធ​ទៅលើ​កិច្ចសហប្រតិបត្តិការ​រ​វាង​សាកលវិទ្យាល័យ Tsinghua និង​វិទ្យាស្ថាន​អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង វិជ្ជាជីវៈ​របស់​ក្រសួង​ការងារ​នាពេល​អនាគត​។​ខាង​សកល​វិទ្យាល័យ នឹង​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ខ្លីៗ ចំ​បោះ​លើ​គ្រូ​បង្គោល​កម្ពុជា​។​ពាក់ព័ន្ធ​លើ​ការបណ្តុះបណ្តាល​មន្ត្រីរាជកា​រយៈពេល​វែង ដែល​ខាង​ភាគី​ចិន នឹង​ផ្តល់​អាហារូបករណ៍ និង​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​។ ម្យ៉ាងទៀត សកល​វិទ្យាល័យ​មួយ​នេះ មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់យោបល់​ទៅ​រដ្ឋាភិបាល​ចិន ធ្វើ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ធំៗ​ជាច្រើន​ទៀត​។ ខាង​សកល​វិទ្យាល័យ​Tsinghua ចង់បាន​ព័ត៌មាន​ពី​ខាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា ថា តើ​មាន​យុទ្ធសាស្ត្រ និង​គោលនយោបាយ​បែបណា ដើម្បី​សកលវិទ្យា​ល័យ​ទទួលយក​ព័ត៌មាន​ទាំងនេះ រៀបចំ​គោលនយោបាយ ឬ​យុទ្ធសាស្ត្រ ផ្តល់​ជូនទៅ​រដ្ឋាភិបាល​ចិន​សម្រាប់​ជួយ​គាំទ្រ​ដល់​កម្ពុជា​។

​លោក ឡៅ ហ៊ីម បាន​បញ្ជាក់ថា កន្លងមក​មន្ត្រីរាជកា​រ​របស់​ក្រសួង​ការងារ​ក៏​ធា្ល​ប់ទ​ទួលបាន​អាហារ​រូបករណ៍​ទៅ​សិក្សា​នៅ​សកល​វិទ្យាល័យ​នេះដែរ ។ ក្រសួង​បានស្នើ​សុំ​ទៅ សកល​វិទ្យាល័យ​ផ្តល់​អាហារូបករណ៍​ជាច្រើន ទៅលើ​ការបណ្តុះបណ្តាល​ធន​ធន​មនុស្ស ជាពិសេស​បណ្តុះបណ្តាល​គ្រូ​បង្គោល​លើ​វិស័យ​កសិកម្ម សុខាភិបាល បច្ចេកវិទ្យា​ទំនើបៗ​និង​ផ្នែក​ផ្កាយរណប ផងដែរ ។​

​លោ​កម​បន្តថា បច្ចុប្បន្ន​និស្សិត​កម្ពុជា ខ្វះខាត​ជំនាញ​ខាង​ផ្កាយរណប​នេះ ដែល​ក្រសួង​ត្រៀម​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​នេះ នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកវិទ្យា​ក​ម្ពុ​ជា​(NPIC)​។ ក្រោយពេល​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ចិន ក្រសួង​នឹង​រៀបចំ​កិច្ចការ​នេះ​ឱ្យ​បានល្អ ស្របតាម​តម្រូវ​ការជំនាញ​ចាំបាច់​ដើម្បី​ដើរ​ឱ្យទាន់​បច្ចេកវិទ្យា​នៅលើ​ពិភពលោក​៕​