សម្តេច​តេ​ជោ ផ្តល់​អនុសាសន៍​៤​ចំនុច​ចូលរួម​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុង អាស៊ាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2018 ក+ ក-

​ភ្នំពេញ ៖ នៅក្នុង​អនុ​សាស​ន៌​គន្លឹះ​សំខាន់​ចំនួន​៤​ចំនុច ដែល​សម្តេច​តេ​ជោ បានដាក់​ចេញ​សំដៅ​ជម្រុញ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ទេសចរ​ណ៌​របស់​អាស៊ាន អោយបាន​កាន់តែខ្លាំង​ថែមទៀត ក្នុងចំណោម​អ្នក​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ប្រមាណ ៣០​លាន​នាក់​នោះ សម្តេច​តេ​ជោ ក៏បាន​អំពាវនាវ​ឱ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ផ្តល់​កម្ចី​ការប្រាក់​ទាប ដល់​និស្សិត ដើម្បី​រៀន​ជំនាញ​ទេសចរណ៍​ក្នុង​គោលដៅ​អភិវឌ្ឍ ទេសចរ​ណ៌​កម្ពុជា​ផងដែរ​។

​ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និសីទ​អន្តរជាតិ​លើក​ទី​២​ស្តីពី «​កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​» នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នា​រសៀល​ថ្ងៃទី​២១ ខែមិថុនា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​កត់សំគាល់ថា វិស័យ​ទេសចរណ៍​ពិភពលោក​កំពុង​ចូលរួម​បង្កើត​ចំណូល​ជាតិ​ស្មើនឹង ១០​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​។ ចំណូល​ពី​វិស័យ​ទេសចរណ៍ និង​ធ្វើដំណើរ​នៅ​ទូទាំង​ពិភពលោក​ស្មើនឹង​៣០​ភាគរយ នៃ​ការនាំចេញ​ផ្នែក​សេវាកម្ម និង ៧​ភាគរយ នៃ​ការនាំចេញ​សរុប ស្ថិតក្នុង​លំដាប់​លេខ​៣ នៃ​ការនាំចេញ​សរុប​របស់​ពិភពលោក ខណៈដែល​ការនាំចេញ​ប្រេងឥន្ធនៈ​ស្ថិត​លំដាប់​លេខ​១ និង​ការនាំចេញ​ផលិតផល​គីមី​ស្ថិត​លំដាប់​លេខ​២​។ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៧​កន្លងទៅ ពិភពលោក​ទាំងមូល ទទួល​បានទេ​ចរណ៍​អន្តរជាតិ​ជាង ១​ពាន់​៣​រយ​លាន​នាក់ មាន​កំណើន ៧​ភាគរយ​។
​តាម​ការ​ព្យាករ ទេសចរណ៍​ពិភពលោក នឹង​នៅតែ​បន្ត​កើនឡើង​តទៅទៀត ដោយ​ឆ្នាំ​២០២០ ពិភពលោក​រំពឹងថា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ​ជាង ១​ពាន់​៤​រយ​លាន​នាក់ និង កើន​ដល់​១​ពាន់​៨​រយ​លាន​នាក់​នា​ឆ្នាំ​២០៣០​។ ក្នុងនោះ នៅក្នុង​ឆ្នាំ​២០១៧ តំបន់​អាស៊ាន ទទួល​ទេសចរ​អន្តរជាតិ​ចំនួន ១២៥​លាន​នាក់ និង​បាន​បង្កើត​ចំណូល​សរុប​ប្រមាណ ៩៣​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ស្មើនឹង​១២​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​តំបន់​អាស៊ាន​ទាំងមូល​។

​សម្តេច​តេ​ជៅ បាន​លើកឡើងថា សម្រាប់​ប្រទេស​កម្ពុជា ក៏ ចាត់ទុក​វិស័យ​ទេសចរណ៍ ជា​មាស​បៃតង និង​ជាការ​នាំចេញ​នៅនឹងកន្លែង ដែល​បាន​ចូលរួម​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ចជាតិ​។ ដោយ​តាម​គោលដៅ​របស់​កម្ពុជា គឺ​រំពឹងថា​នឹង​ទទួលបាន​អ្នកទេសចរ​អន្តរជាតិ​ប្រមាណ ៧​លាន​នាក់ នា​ឆ្នាំ​២០២០ និង ១០​លាន​នាក់ នា​ឆ្នាំ​២០២៥ ហើយនឹង​កើន​ដល់ ១៥​លាន​នាក់ នា​ឆ្នាំ​២០៣០​។ ប៉ុន្តែ​ដើម្បី​សម្រេចបាន​តាម​គោលដៅ​រំពឹងទុក​ទាំង​សម្រាប់​តំបន់​អាស៊ាន និង ប្រទេស​កម្ពុជា សម្តេច​តេ​ជោ បានផ្តល់​នូវ​អនុ​សាស​ន៌​សំខាន់​ចំនួន​៤ ចំនុច សម្រាប់​បន្ត​ការអនុវត្ត លើ​វិស័យ​ទេសចរ​ណ៌ ក្នុងនោះ ៖ ទី​១• ត្រូវ​យកចិត្តទុកដាក់​ចំ​ញេះ​ចរន្ត​នៃ​ការរីកចម្រើន​វិស័យ​វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ពិសេស​ក្នុង​បរិការណ៍ បដិវត្តន៍​ឧស្សាហកម្ម ៤.០ និង ការរីកចម្រើន​នៃ បញ្ញា​សិប្បនិម្មិត ដូចជា ប្រព័ន្ធ​កក់​សំបុត្រ​ធ្វើដំណើរ​, បន្ទប់​ស្នាក់នៅ​, មធ្យោបាយ​ដឹកជញ្ជូន​ជាដើម ដែល​កំពុង​ធ្វើឱ្យ​ការប្រកួតប្រជែង​កាន់​តែមាន​កម្រិត​ខ្លាំង​ឡើង ។ ទី​២ បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍ និង ផ្លាស់ប្តូរ​បទពិសោធន៍ រវាង​អ្នកជំនាញ​ដូចគ្នា​ក្នុង​តំបន់ ។ ទី​៣•​ជំរុញ​បង្កើត​យន្តការ​ទទួលស្គាល់​បទពិសោធន៍​រួម ដោយ​ឈរលើ​គោលការណ៍​គុណភាព និង ក្របខណ្ឌ គតិយុត្ត​នៃ​ប្រទេស​នីមួយៗ ។ និង​ទី​៤ ស្នើសុំ​ដៃគូ​អភិវឌ្ឍ​, អង្គការ​ជាតិ​-​អន្តរជាតិ សហការ និង ជួយ​គាំទ្រ ដល់​ប្រទេស​សមាជិក​ឤ​ស៊ាន តាម​ការជាក់ស្តែង ដើម្បី​ចូលរួម​សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកប ដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ ២០៣០​។ ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា សម្តេច​តេ​ជោ បាន​អំពាវនាវ​ដល់ ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​នៅ​កម្ពុជា ពិនិត្យមើល ការផ្តល់​ប្រាក់កម្ចី​ការប្រាក់​ទាប ដល់​និស្សិត​ខ្មែរ​ដើម្បី​រៀន​ជំនាញ​ទេសចរណ៍​។

​សម្តេច​តេ​ជោ បាន​ចាត់តាំង​ឱ្យ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ពិភាក្សា​ជាមួយ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សិក្សា​រៀបចំ​ការផ្តល់​ប្រាក់កម្ចី​ដល់​និស្សិត​សម្រាប់​រៀន​ជំនាញ​ទេសចរ ក្នុង​អត្រា​ការប្រាក់​ទាប​បំផុត ដែល​ធ្វើយ៉ាងណា​ធានា​ដល់​ការ​ចំណេញ​ទាំងអស់គ្នា គឺ​ធនាគារ ដែល​ផ្តល់​ប្រាក់កម្ចី ត្រូវ​ទទួលបាន​ប្រាក់​ដើម បូក​ជាមួយ​ការប្រាក់​ត្រឡប់មកវិញ នៅពេល​និស្សិត​រៀន​ចប់ ចំណែក​និស្សិត ក៏​ទទួលបាន​ជំនាញ និង​ចំណេះដឹង​ផ្នែក​ទេសចរ​ណ៌​ផងដែរ​៕