ផ្សារ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​ចិន ​នឹងផ្តល់ អត្ថប្រយោជន៍​ច្រើនដល់សេដ្ឋកិច្ចកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2018 ក+ ក-

​ភ្នំពេញ ៖ ផ្សារ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ក្រោម​ការវិនិយោគ​របស់​វិនិយោគិន​ចិន មកពី​ខេត្ត​ស៊ី​ឈួន នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ នឹង​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ចកម្ពុជា ជាពិសេស​ផ្ដល់នូវ​ប្រាក់ចំណូល ផ្តល់ឱកាស​ការងារ និង​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត​ពី​បរទេស​មកកាន់​កម្ពុជា​។​

​ខណៈ​វិស័យ​សំណង់​លំនៅឋាន និង​សំណង់​អគារ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា កំពុងមាន​ការរីកដុះដាល​ជា​បន្តបន្ទាប់ វិនិយោគិន​ចិន​បាន​សម្លឹងមើល​ពី​ការវិនិយោគ​ក្នុង​វិស័យនេះ ដោយបាន​បើក​ផ្សារ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​នៅ​ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ នោះ​គឺ​ផ្សារ​លក់រាយ​នូវ​គ្រឿង​សង្ហា​រឹម​សម្រាប់​បំពាក់​តាម​អគារ​និង​លំនៅឋាន ។

ថ្លែង​នៅក្នុង​ពិធី​បើក​ដំណើរការ​ជា​ផ្លូវការ​ផ្សារ​ពាណិជ្ជកម្ម ចេង​ឌូ​បា​យី កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា​នេះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ចាប់​អារ​ម្ម​ណ៌​ថា វត្តមាន​របស់​ផ្សារ​ពាណិជ្ជកម្ម​ចិន នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើនយ៉ាង​សម្រាប់​សេដ្ឋកិច្ចកម្ពុជា ដោយសារ​ផ្សារ​នេះ នឹង​ស្រូបយក​ទំនិញ​ក្នុងស្រុក ដែល​ផលិត​ដោយ​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ជំរុញ​ការនាំចេញ ។

លើសពីនេះ ផ្សារ​នេះ នឹង​បង្កើត​ឱកាស​ការងារ និង​ប្រាក់ចំណូល​ជូន​ប្រជាជន លើកកម្ពស់​វិស័យ​ទេសចរណ៍​ជាតិ ព្រមទាំង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន ថែមទៀត ។ រដ្ឋមន្ត្រី​បន្តថា កំណើន​រឹងមាំ​សេដ្ឋកិច្ច​របស់​កម្ពុជា និង​វឌ្ឍនភាព​នៃ​វិស័យ​សំណង់ បានធ្វើ​ឲ្យ​កើនឡើង​នូវ​តម្រូវការ​ប្រើប្រាស់​ស​ម្ភា​រៈ និង​គ្រឿង​សង្ហា​រឹម​ប្រណិតៗ​។​

ការមកដល់​នៃ​ផ្សារ​ពាណិជ្ជកម្ម​ចិន នឹង​ផ្តល់​ជម្រើស​កាន់តែច្រើន​សម្រាប់​ប្រជាជន​កម្ពុជា ដែល​ប្រាថ្នា​ចង់បាន​ជីវិត​រស់នៅ​តាមបែប​ស៊ី​វិ​ល័យ ស្របតាម​បរិបទ​រីកចម្រើន​នៃ​វិស័យសេដ្ឋកិច្ច ។ លោក​បាន​អំពាវនាវ ដល់​បណ្ដា​សហគ្រិន និង​ផលិតករ​កម្ពុជា សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ដាក់តាំង​បង្ហាញ​ផលិតផល និង​មុខទំនិញ នៅក្នុង​បរិវេណ​ពិព័រណ៍​ដែល​ផ្តល់ជូន​ដោយ​ក្រុមហ៊ុន ចេង​ឌូ​បា​យី ដើម្បី​ស្វែងរក​អតិថិជន និង​ដៃគូ​ពាណិជ្ជកម្ម មកពី​ប្រទេស​ចិន សំដៅលើ​ការលក់ និង​ចែកចាយ​ទៅកាន់​ទីផ្សារ​ធំៗ​នៅក្នុង​ប្រទេស​ចិន ។

​លោកស្រី ឆាង យី​ង (Zhang Ying) អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​នៃ​ខេត្ត​ស៊ី​ឈួន​ប្រទេស​ចិន​បានអោយដឹងថា ប្រទេស​កម្ពុជា កំពុង​ខិតខំ​ប្រឹងប្រែង​ជំរុញ​យុទ្ធសាស្ត្រ​ចតុកោណ សម្រាប់​ការអភិវឌ្ឍន៍​ជាតិ ហើយ​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ចំណូល​ខ្ពស់​កម្រិត​មធ្យម នៅ​ឆ្នាំ ២០៣០ ។
​លោកស្រី​បន្តថា ចាប់តាំងពី​ការចាប់ផ្ដើម​នៃ​គំនិត​ផ្ដួចផ្ដើម ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​មក វា​បានទទួល​ជោគជ័យ​យ៉ាង​ល្អប្រសើរ​ក្នុង​វិស័យ​កសិកម្ម ថាមពល ការដឹកជញ្ជូន និង​យុទ្ធសាស្ត្រ​ចតុកោណ ។ ខេត្ត​ស៊ី​ឈួន​ជា​ចំណុច​សំខាន់​នៃ​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ និង​ជា​ច្រករបៀង​ចរាចរណ៍​សំខាន់​នៅ​អាស៊ីអាគ្នេយ៍ ។

​ខេត្ត​នេះ មាន​ដី​សមត្ថភាព​ឧស្សាហកម្ម​យ៉ាងខ្លាំង​ក្លា និង​បាន​ចាក់គ្រឹះ​ដ៏​រឹងមាំ សម្រាប់​ចិន​និង​អាស៊ីអាគ្នេយ៍ ដើម្បី​បំពេញ​អោយ​គ្នា​ទៅវិញទៅមក និង​សម្រេចបាន​នូវ​ភាពរុងរឿង​និង​ការអភិវឌ្ឍន៍​ជាទូទៅ ។​គួរ​កត់សម្គាល់ថា បច្ចុប្បន្ន​ប្រទេស​ចិន បាន​ក្លាយជា​ដៃគូ​វិនិយោគ​ធំ​បំផុត​នៅ​កម្ពុជា ។​
បើតាម​កំណត់ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ស្តីពី​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) បង្ហាញថា ចាប់ពី​តាំង​ឆ្នាំ​២០០៤ រហូតដល់​ខែមិថុនា ឆ្នាំ​២០១៧ ទឹកប្រាក់​វិនិយោគ​ពី​ប្រទេស​ចិន មាន​ចំនួន​សរុប ៧២៦ ពាន់​លាន​ដុល្លារ ហើយ​បាន​ឈរ​ក្នុង​លំដាប់​ទី​១ ក្នុងចំណោម​ប្រទេស​ដៃគូ​ទាំងអស់ ។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ចិន នៅក្នុង​ឆ្នាំ​២០១៧ សម្រេចបាន ៥​ពាន់​៨​រយ​លាន​ដុល្លារ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា មាន​ចំនួន ១​ពាន់​លាន​ដុល្លារ និង​នាំចូល​ពី​ប្រទេស​ចិន​មាន​ចំនួន ៤​ពាន់​៧​រយ​លាន​ដុល្លារ ៕