ក្រសួង​ការងារ​ផ្សព្វផ្សាយ​ការដាក់ឱ្យ​ប្រើប្រាស់​ផែនការមេ​លើក​ទី​២ ស្តីពី​សុខភាព និង​សុវត្ថិភាព​ការងារ ឆ្នាំ​២០១៨-២០២២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 June, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ផ្សព្វផ្សាយ​ការដាក់ឱ្យ​ប្រើប្រាស់ ផែនការមេ លើក​ទី​២ ស្តីពី​សុខភាព និង​សុវត្ថិភាព​ការងារ​ឆ្នាំ​២០១៨-២០២២ សំដៅ​ពង្រឹង​ប្រព័ន្ធ គ្រប់គ្រង សុខភាព និង​សុវត្ថិភាព ការងារ​ថ្នាក់ជាតិ​ថ្នាក់​ខេត្ត និង​ថ្នាក់​សហគ្រាស​គ្រឹះស្ថាន ឱ្យ​កាន់ តែមាន​ប្រសិទ្ធភាព​។​

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រំលឹកថា ដោយ​អនុវត្តតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដាក់ចេញ​នៅក្នុង​ផែនការ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង បណ្តុះ បណ្តាល​វិជ្ជាជីវៈ ដែល​ក្នុងនោះ​ផ្តល់​ការពង្រឹង​ប្រព័ន្ធ​អនាម័យ និង​សុវត្ថិភាព​ការងារ គឺជា សកម្មភាព​អាទិភាព​មួយ​ដែល​ក្រសួង​ត្រូវ​យកចិត្តទុកដាក់​ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ​លក្ខខណ្ឌ​ការងារ​និង​សុខដុម​នីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ​។

​កន្លងទៅនេះ ក្រសួង​បាន​ខិតខំ​អនុវត្ត​នូវ​អ្វីដែល​បានដាក់​ចេញ​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​ទទួលបាន​លទ្ធផល គួរ​ជាទី​មោទនៈ ក្នុងនោះ​បានរៀបចំ​គោល នយោបាយ​ស្តីពី​សុខភាព និង​សុវត្ថិភាព​ការងារ​, បង្កើត​គណៈកម្មាធិការ​ជាតិ​សុខភាព និង​សុវត្ថិភាព ការងារ​, សេចក្តីព្រាង បញ្ជី ឈ្មោះ​ជំងឺ​វិជ្ជាជីវៈ ដោយ​យោងតាម​បញ្ជី​ឈ្មោះ​ជំងឺ​វិជ្ជាជីវៈ របស់​អង្គ​អន្តរជាតិ ខាង​ការងារ​, រៀបចំ​និង​ធ្វើ បច្ចុប្បន្នភាព​លិខិតបទដ្ឋាន​គតិយុត្ត​បន្ថែម​, បន្ត​យុទ្ធនា​ការបង្ការ​មេរោគ​អេដស៍ និង ជំងឺអេដស៍​នៅ កន្លែងធ្វើការ​, ពង្រឹង​ការចូលរួម និង​ការលើកទឹកចិត្ត ក្នុងការ​ការពារ សុខភាព និង​សុវត្ថិភាព​ការងារ​ពី សំណាក់​ម្ចាស់​សហគ្រាស គ្រឹះស្ថាន អង្គការ កម្មករនិយោជិត​, ពង្រីក​ការ ការពារ​សុខភាព និង​សុវត្ថិភាព ការងារ​ដល់ សហគ្រាស​ខ្នាតតូច និង​មធ្យម ការ​ជម្រុញ​ការរៀប ចំ​សេវា​ពេទ្យ នៅតាម​សហគ្រាស គ្រឹះស្ថាន​, គម្រោង​បង្កើត​មន្ទីរពិសោធន៍ សុខភាព និង​សុវត្ថិភាព ការងារ នាពេលខាងមុខ ដើម្បី​ពង្រឹង ប្រព័ន្ធ​សុខភាព និង​សុវត្ថិភាព​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង ថ្នាក់​សហគ្រាស គ្រឹះស្ថាន ដែលជា កម្លាំង​ជម្រុញ​ដ៏​សំខាន់​ក្នុង ការកសាង​វប្បធម៌ សុខភាព និង សុវត្ថិភាព​ការងារ​នៅ កន្លែងធ្វើការ​។​

លោក​ឡេង​តុង​ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ ថា ផែនការមេ​លើក​ទី​២ ស្តីពី​សុខ ភាព និង​សុវត្ថិភាព​ការងារ​ឆ្នាំ​២០១៨-២០ នេះ ត្រូវបាន​កំណត់​យកស​កម្ម​ភាព អាទិភាព​ចំនួន​៦ ចំណុច ដើម្បី​ពង្រឹង​និង​កែលម្អ​ប្រព័ន្ធគ្រប់គ្រង​សុខភាព​និង​សុវត្ថិភាព​ការងារ​ឱ្យ​កាន់​តែមាន​ប្រសើរឡើង​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក៏ដូចជា​គោលនយោបាយ​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ការរីកចម្រើន​ផ្នែក​ឧស្សាហកម្ម​និង​សេដ្ឋកិច្ចសង្គម​នៅក្នុង​ប្រទេស​កម្ពុជា​៕​