បុណ្យ​សមុទ្រ​ឆ្នាំនេះ នឹង​ប្រារព្ធ​ឡើង​នៅ​ខេត្តកោះកុង​ពីថ្ងៃ​ទី​១៤-១៦ ខែធ្នូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 June, 2018 ក+ ក-

​កោះកុង ៖ ឆ្នាំនេះ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ នឹង​ប្រារព្ធ​ឡើង​នៅ​ខេត្តកោះកុង ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយបាន​កំណត់​យក​ថ្ងៃ​សៅរ៍ ទី​១៥ ខែធ្នូ ឆ្នាំ ២០១៨ ។​

នៅ​ខេត្តកោះកុង នា​ចុង​ឆ្នាំនេះ ត្រូវបាន​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​សរសេរ​លិខិត​កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ ជម្រាបជូន​លោកស្រី មិថុនា ភូ​ថង អភិបាល ខេត្តកោះកុង ពី​កាលបរិច្ឆេទ​រៀបចំ​ពិធីបុណ្យ​សមុទ្រ លើក​ទី​៧ ជុំ​ទី​២ ឆ្នាំ​២០១៨ និង​ដើម្បី​ត្រៀម​សហការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ ឆ្នាំនេះ ឲ្យ​ទទួលបាន​ជោគជ័យ​។​

គួររម្លឹកថា ខេត្ត​ជាប់មាត់​សមុទ្រ​ទាំង ៤ ជា​រៀងរាល់ឆ្នាំ ត្រូវបាន​រាជរដ្ឋាភិបាល អនុញ្ញាត​ឲ្យ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ដែល​សហការ​ដោយ​ក្រសួងទេសចរណ៍ ដោយ​ចាប់​ផ្តើមដំបូង​កាលពី​ឆ្នាំ​២០១២ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​អបអរសាទរ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដែល​បាន​ក្លាយជា​សមាជិក​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​សកលលោក កាលពី​ឆ្នាំ​២០១១​។​

កាលពី ឆ្នាំ​២០១៧ បុណ្យ​សមុទ្រ​ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ “​ឆ្នេរសមុទ្រ​បៃតង អនាគត គឺ​បច្ចុប្បន្ន​” ក្រោម​ពាក្យស្លោក “​និរន្តរភាព​ទេសចរណ៍​សម្រាប់​ការអភិវឌ្ឍ​” បានធ្វើ​ឡើង នៅ​ខេត្ត​កែប ចាប់ពី​ថ្ងៃទី​២២-២៤ ខែធ្នូ ឆ្នាំ​២០១៧​។​

​ក្រៅពី​ជួប​ប្រារព្ធ​ពិធី ថ្លែង​សន្ទរកថា តាំងពិព័រណ៍ និង​ប្រគំ​តន្ត្រី​ជាដើម ក្នុង​ពិធីបុណ្យ​សមុទ្រ រៀងរាល់ឆ្នាំ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​សម្រិតសម្រាំង​ជ្រើសរើស​កីឡា​ច្រើន​ប្រភេទ ដើម្បី​អបអរ​ពិធីបុណ្យ​សមុទ្រ រួមមាន កីឡា​រត់ប្រណាំង ទូកក្តោង ទ្រី​យ៉ា​ត្លុង បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ កីឡា​រាំ​អន្តរជាតិ ស្គី​ទឹកកក ប្រណាំង​កង់ ប្រដាល់​យុទ្ធ​គុន​ចម្រុះ (MMA) ចំបាប់​ឆ្នេរ​ខ្សាច់ គុន​ខ្មែរ និង​កីឡា​ថាសហោះ ជាដើម​។​

​ក្រសួងទេសចរណ៍​ធ្លាប់បាន​បញ្ជាក់ ថា តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ឈរលើ​មូលដ្ឋាន​កំណើន​នេះ ក៏​ទាមទារ​ឲ្យ​មានការ​គិតគូរ និង​គ្រប់គ្រង​ឲ្យ​ហ្មត់ចត់ ដោយ​ត្រូវមាន​ផែនការ​អភិវឌ្ឍ និង​គ្រប់គ្រង​ទេសចរណ៍ ពិសេស​ស្របពេល ដែល​ពិភពលោក​ទាំងមូល បាន និង​កំពុង​ប្រឈម​នឹង​ការវិវត្ត​ថ្មីៗ​ឥតឈប់ឈរ​ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​។

ការអភិវឌ្ឍ​ទីក្រុង​តំបន់ឆ្នេរ​ឲ្យ​ក្លាយជា​ទីក្រុង​បៃតង​មិន​ត្រឹមតែ​កាត់បន្ថយ​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​និរន្តរភាព​នៃ​ធនធាន​តំបន់ឆ្នេរ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​បង្កើន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា និង​កំសាន្ត​កាន់តែច្រើន​ថែមទៀត​ផង​។​ក្នុងន័យនេះ ក្រសួងទេសចរណ៍ បាន​អំពាវនាវ​ថា យើង​ចាំបាច់​ត្រូវ “​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ​” ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ឲ្យ​មាន​និរន្តរភាព ហើយ​ទីក្រុង​ជាប់​ឆ្នេរ ត្រូវជា​ជ័យលាភី​ទីក្រុង​ស្អាត និង​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ស័ក្តិ​សមជា “​ឆ្នេរសមុទ្រ​កម្ពុជា​៖ តារា​រះ​នា​ទិសនិរតី​”៕​