កម្ពុជា​-​ចិន ប្រារព្វ​ខួប​ទំនាក់ទំនង​ការទូត​រយៈពេល​៦០​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 July, 2018 ក+ ក-

ភ្នំពេញ ៖ រដ្ឋាភិបាល​កម្ពុជា ចិន នៅ​ល្ងាច​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨ បានរៀបចំ​ពិធី​អបអរសាទរ​ខួប​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ដែល​ត្រូវបាន​បង្កើតឡើង​ចាប់តាំងពី​ឆ្នាំ​១៩៥៨​មក ដោយ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង ឯកឧត្តម ជូ អេ​ន ឡាយ អតីត​នាយករដ្ឋមន្ត្រី​ចិន​។

​ពិធី​អបអរសាទរ​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​សាល​សន្និបាត​កោះ​ពេជ្រ នេះ មាន​វត្តមាន​ចូលរួម​ជា​អធិបតីភាព ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​សម្តេច​កិ​ត្ត​ព្រឺ​ទ្ធ​បណ្ឌិត ព្រមទាំង​មានការ ចូលរួម​ផងដែរ ពី​សំណាក់ ឧ​ត្ត​ម ស្យុ​ង ព័រ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ​សមាគម​កម្ពុជា​-​ចិន ក៏ដូចជា​អ្នកវិនិយោគ​ធំ​របស់​កម្ពុជា និង​ចិន​ជាច្រើនរូប​ទៀត​។

​សម្តេច​តេ​ជោ បាន​ថ្លែងថា ក្នុង​រយៈពេល ៦០​ឆ្នាំ កន្លងទៅនេះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ តែងតែ​ខិតខំ​ប្រឹងប្រែង​រក្សា​ចំណងមិត្តភាព និង​ពុះពារ ឧបសគ្គ​ជាច្រើន ដើម្បី​ដឹកនាំ​ប្រទេស និង ប្រជាជន ឆ្ពោះទៅកាន់ វឌ្ឍនភាព វិបុលភាព និង​ភាពសុខដុមរមនា​។ ដែល​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រវត្តិសាស្ត្រ​នេះ ត្រូវបាន​កសាងឡើង​រួមគ្នា​ដោយ ព្រះករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​ឯកឧត្តម​ប្រធាន​ម៉ៅ​សេទុង ឯកឧត្តម​នាយករដ្ឋមន្ត្រី ជូអេន​ឡាយ ព្រមទាំង​ថ្នាក់ដឹកនាំ​ចិន​ជំនាន់​មុនៗ ដែល​ធ្វើឱ្យមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ រហូត​ក្លាយទៅជា​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ចាប់ពី​ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១០ ។

​សម្តេច​តេ​ជោ មើលឃើញថា ការរីកចម្រើន​របស់​ប្រទេស​ចិន មិន​ត្រឹមតែ​បាន​លើកកម្ពស់​ជីវភាព​ប្រជាជន​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​កំពុង​ចូលរួម ចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា និង​បណ្តា​ប្រទេស ក្នុង​តំបន់​និង​ក្នុង​ពិភពលោក​ទៀតផង​។ ជាក់ស្តែង ក្នុង​ក្របខណ្ឌ​តំបន់ ប្រទេស​ចិន​បានដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវ៉ាត់​មួយ និង​ផ្លូវ​មួយ​» បង្កើត «​មូលនិធិ​ផ្លូវ​សូត្រ​» និង «​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ឤ​ស៊ី​» ដើម្បី​ពង្រឹង​ភាពជា​ដៃគូ និង ជំរុញ​ការអភិវឌ្ឍ​បែប​«​ឈ្នះ​ឈ្នះ​»​រវាង​ប្រទេស​ក្នុង​រង្វង់​តំបន់​ខ្សែក្រវ៉ាត់ និង​ផ្លូវ​សូត្រ​តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ស្ថាប័ន និង​ប្រជាជន វិស័យ​ធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និង​វិស័យ​គន្លឹះ​ផ្សេងៗ​ទៀត​។

​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា គាំទ្រ​គំនិត​ផ្តួចផ្តើម​ដ៏​មាន​សារៈសំខាន់​ទាំងនេះ ។ ចំនុច​សំខាន់​មួយទៀត​ដែល​សម្តេច​តេ​ជោ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ គឺ​រដ្ឋាភិបាល​ចិន​តែង​គោរព​ឯករាជ្យ អធិបតេយ្យ និង​ការចាត់វិធានការ​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​កា​រកា​រញរ​សន្តិសុខ និង​ស្ថិរភាព​សង្គម ។ ក្នុងន័យនេះ កម្ពុជា​និង​ចិន ប្តេជ្ញា​ថា​បន្ត​លើកកម្ពស់ វិសាលភាព​នៃ​កិច្ចទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន ឱ្យ​ឈានដល់ កម្រិត​កាន់តែ​ខ្ពស់​ថែមទៀត ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ។

​គួរ​កត់សំគាល់ថា ប្រទេស​ចិន​ជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ដ៏​ចម្បង​របស់​កម​ជ្ព៉ា ។ ក្នុង​ឆ្នាំ​២០១៧ ទំហំ​ញ​ណិ​ជ្ជ​កម្ម​ទ្វេភាគី​មាន​ចំនួន ៥​ពាន់​៥៧៧​លាន​ដុល្លារ​ឤ​មេ​រិ​ក​។ ទំហំ​វិនិយោគ​ចិន​សរុប​នៅ​កម្ពុជា​ឈរ​លំដាប់​លេខ ១ ធៀប​នឹង​ទំហំ​វិនិយោគទុន​ពី​ប្រទេស​ដទៃទៀត ដែលមាន​ទំហំ​សរុប​ប្រមាណ ១​ពាន់​៦៤៤​លាន​ដុល្លារ​ឤ​មេ​រិ​ក​។ ទន្ទឹមនេះ ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​កើនឡើង​ដល់ ៦​ពាន់​លាន​ដុល្លារ​ឤ​មេ​រិ​ក នៅ​ឆ្នាំ ២០២០ ៕​