នាយករដ្ឋមន្ត្រី​បន្ត​ជួប​កម្មករ និយោជិត​ជាង​២​ម៉ឺន​៧​ពាន់​នាក់ នៅ​ស្រុក​អង្គស្នួល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2018 ក+ ក-

​កណ្តាល ៖ នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ ជាមួយ​កម្មករ កម្មការិនី​រោងចក្រ ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ពុធ នេះ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា កម្ពុជា​កំពុង​ជំរុញ​វិស័យ​ឧស្សាហកម្ម ដែល​រួមចំណែក​មួយផ្នែកធំ​សម្រាប់​សេដ្ឋកិច្ចជាតិ និង​សេវាកម្ម​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ ចំនួន​ជាង​៦៥​ម៉ឺន​នាក់​ហើយ ក្នុងជំនួប​ចំនួន​៤៨​លើក បើ​គិត​ចាប់តាំងពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧ មកដល់ ព្រឹក​ថ្ងៃទី​៤ ខែ​កក្ត​ដា ឆ្នាំ​២០១៨​នេះ ក្នុងការ​បន្ត​ជួប​សំណេះសំណាល​រវាង​សម្តេច​តេ​ជោ ជាមួយ​កម្មករ និយោជិត ចំនួន​ជាង​២​ម៉ឺន​៧​ពាន់​នាក់​ទៀត មកពី​រោងចក្រ​ចំនួន​១៨ ក្នុង ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

​ក្នុងចំណោម​រោងចក្រ​ទាំង​១៨​នេះ មាន​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ចំនួន 12, ផលិត​ស្បែកជើង​ចំនួន​២, ផលិត​កាបូប​ចំនួន ២, ផលិត​ចំណី​សត្វ​ចំនួន 1 និង​ផលិត​កេស​កា​តុង​ចំនួន​១​។ រោងចក្រ​ទាំងនេះ មាន​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន​13, កូរ៉េ​ចំនួន​២, សិង្ហ​បុរី​ចំនួន 1, ថៃ​ចំនួន​1 និង​ខ្មែរ​ចំនួន​1​។

​ក្នុង​ពិធី​សំណេះសំណាល​ដែរ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ចេង​ឌូ​បា​យី កម្ពុជា ចិន ស្ថិតក្នុង​ភូមិ​ព្រៃ​រកា , ឃុំ​ឆក​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល នាពេលនេះ សម្តេច​តេ​ជោ បាន​បន្ត​អំពាវនាវ​ដល់​ថៅកែ​រោងចក្រ យកចិត្តទុកដាក់​ដល់​សុខមាលភាព និង បរិយាកាស​ការងារ របស់​កម្មករនិយោជិត ដែល​កត្តា​នេះ នឹង​ជំរុញ​អោយ​ការងារ​របស់​កម្មករ កាន់​តែមាន​ប្រសិទ្ធភាព និង​ផ្តល់​ប្រាក់ចំណេញ​ច្រើន​មកដល់​រោងចក្រ​វិញ​។ សម្តេច​តេ​ជោ បាន​ថ្លែង​បញ្ជាក់ថា រាជរដ្ឋាភិបាល​ក៏​កំពុង​យកចិត្តទុកដាក់​ខ្លាំង​ដល់ សុខទុក្ខ​កម្មករ​ដែរ តាមរយៈ​ការដំឡើង​ប្រាក់​ឈ្នួល​អ​ប្បរមា​ជា​រៀងរាល់ឆ្នាំ រួម​និង​គោលនយោបាយ​គាំពារ​សង្គម​ជាច្រើន​ទៀត​។ ទ​ន្ទឺ​ម​នេះ កាលពី​ថ្ងៃទី​៣ ខែ​កក្ដ​ដា ឆ្នាំ​២០១៨ សាលាក្រុង​ភ្នំពេញ​ក៏បាន​ដាក់អោយ​ដំណើរការ​ខ្សែ​រថយន្ត​សាធារណៈ​បន្ថែមទៀត ភ្ជាប់​មកដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង កំពុង​សិក្សា​ការតភ្ជាប់​ខ្សែ​រថយន្តក្រុង​ទៅកាន់​ក្រុង​តាខ្មៅ​ផងដែរ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​មិន​គិតថ្លៃ​របស់​កម្មករ​នៅក្រៅ​ក្រុងភ្នំពេញ​។

​សម្តេច​តេ​ជោ បាន​ពន្យល់ថា ពេលនេះ ជា​ពេលដែល​កម្ពុជា​ត្រូវ​ជម្រុញ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម ប៉ុន្តែ​មិនមែន​មានន័យថា កម្ពុជា​បោះបង់ចោល​វិស័យ​កសិកម្ម​នោះទេ​។
​នេះ​ជាការ​អភិវឌ្ឍ​ជា​ដំណាក់កាល ខណៈដែល​វិស័យ​កសិកម្ម បានរួម​ចំណែក​ក្នុង​សេដ្ឋកិច្ច​សរុប​របស់​ក​ម្ពុ​ជា​២៥​ភាគរយ វិស័យ​ឧស្សាហកម្ម​មាន​៣៥​ភាគរយ និង​សេវាកម្ម​មាន ៤៥​ភាគរយ​។​ដើម្បី​សម្រេច​អោយបាន​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទាំងនេះ រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ឧស្សាហកម្ម គោលនយោបាយ​កសិពាណិជ្ជកម្ម និង​គោលនយោបាយ​កសិឧស្សាហកម្ម ផងដែរ​។

​គួរ​កត់សំគាល់ថា ក្នុងការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​ពង្រាយ​រោងចក្រ សហគ្រាស​ទៅតាម​បណ្តា​ខេត្ត ដែលជា​ចក្ខុវិស័យ និង​ជា​គោលនយោបាយ​អាទិភាព​មួយ ត្រូវបាន​អនុវត្ត​រយៈពេល​ជិត​២០​ឆ្នាំ​មកហើយ បន្ទាប់ពី​នយោបាយ​ពង្រាយ​សាលារៀន​ទៅតាម​ភូមិឋាន​របស់​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​បង្ខិត​ការងារ​ទៅជិត​កន្លែង​រស់នៅ​រប​ស់​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ចំណាកស្រុក​។

ដោយឡែក គ្រាន់តែ​ក្នុង​ខេត្តកណ្តាល
​បើតាម​របាយការណ៍រ​បស់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ ខេត្តកណ្ដាល​មាន​រោងចក្រ​សហគ្រាស​គ្រឹះស្ថាន​ចំនួន 462 មាន​កម្មករនិយោជិត​ចំនួន​ជាង 15​ម៉ឺន​នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប 363 លាន​ដុល្លារ​អាមេរិក​។​ក្នុងនោះ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​និង​ផលិត​ស្បែកជើង​មាន​ចំនួន 168 មាន​កម្មករនិយោជិត ចំនួន 13​ម៉ឺន​នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ប្រមាណ​ជាង ៣២២​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​៕