មូលនិធិ GIZ អាល្លឺម៉ង់ ស្វែងរក​ដែ​គូ​បន្ថែមធានារ៉ាប់រង​លើ​ដំណាំ​កសិកម្មនៅកម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 July, 2018 ក+ ក-

​ភ្នំពេញ ៖ ដើម្បី​កាត់បន្ថយ​ហានិភ័យ នៃ​ការខាតបង់ លើ​ដំណាំ​កសិកម្ម​របស់​កសិករ​កម្ពុជា មូលនិធិ​កិច្ចសហប្រតិបត្តិការ​អា​ឡឺ​ម៉​ង់​ហៅ​កាត់​ថា G.I.Z. បាន​អនុវត្ត​គម្រោង​សេវាកម្ម​ធានារ៉ាប់រង​លើ​ដំណាំ​កសិកម្ម ប្រមាណ ៥​ឆ្នាំ​មកហើយ តែ​ចំនួន​កសិករ​ដែល​ទទួល​យក​គម្រោង​នេះ​នៅមាន​តិចតួច​នៅឡើយ ដូចនេះ​ទើប G.I.Z. នៅតែ​បន្ត​ស្វែងរក​ដៃគូ សហការ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ធានារ៉ាប់រង​ឯកជន ក្នុង​ការផ្ដល់​សេវាកម្ម​ធានារ៉ាប់រង​ជូន​កសិករ​លើ​ដំណាំ​កសិកម្ម​នានា ជាពិសេស​ដំណាំ​ស្រូវ​ដែលជា​ដំណាំ​អាទិភាព​តែម្តង​។ មូលនិធិ​កិច្ចសហប្រតិបត្តិការ GIZ កំពុង​ស្វែងរក​កិច្ចសហការ​ជាមួយ​បណ្ដា​ដៃគូ​អភិវឌ្ឍន៍​នានា​ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព និង​កាត់បន្ថយ​ការខាតបង់​របស់​កសិក​រ​កម្ពុជា ក្នុងករណី​មាន​ហានិភ័យ​ណាមួយ​កើតឡើង​ជាយថាហេតុ​ដូចជា​គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ជាដើម ។

​បច្ចុប្បន្ននេះ GIZ បាន​ស្វែង​រកឃើញ​ក្រុមហ៊ុន​ធានារ៉ាប់រង​មួយ​ដែល​បាន​ស្ម័គ្រចិត្ត​ផ្ដល់​សេវា​ធានារ៉ាប់រង​ប្រភេទ​ថ្មី​នេះ​ជូន​កសិករ​កម្ពុជា ។
​តាម​សេចក្តីប្រកាស​របស់ GIZ បានអោយដឹងថា ជា​ជំហាន​ដំបូង មូលនិធិ​នេះ នឹង​បណ្ដុះបណ្ដាល​និង​ផ្សព្វផ្សាយ​ដល់​កសិករ​ជា​គ្រូ​បង្គោល ដើម្បីអោយ​ពួកគាត់​ផ្សព្វផ្សាយ និង​បណ្ដុះបណ្ដាល​បន្ត​ដល់​កសិករ​ដទៃ​ក្នុង​មូលដ្ឋាន និង​កសិករ​ក្នុង​ខេត្ត​ដែល​មូល​ធិ​និកំ​ពុង​ធ្វើ​ប្រតិបត្តិការ ។
​បើតាម​លោក​បណ្ឌិត Gunter Riethmacher ( ហ្កា​ន់​ធើ រៀស​ម៉ា​ឈើ ) នាយក​គ្រប់គ្រង​មូលនិធិ​GIZ​ប្រចាំ​ប្រទេស​កម្ពុជា បានអោយដឹងថា ក្នុង​ជំហាន​ដំបូង​របស់ខ្លួន​លើ​កិច្ចសហការ​លើកស្ទួយ​វិស័យ​កសិកម្ម​កម្ពុជា​, GIZ នឹង​ណែ​នាំទៅ​កសិករ​បង្គោល​ដែលមាន​ចំណេះដឹង​ខ្ពស់​ជាងគេ​មក​ទទួលយក​នូវ​អ្វីដែល GIZ នឹង​ផ្ដល់ជូន​កសិករ ។

​ចំណែក លោក នី លី​ហួង អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ធានា​រ៉ាប​រង់​ហ្វ​ត​តេ ដែលជា​ក្រុមហ៊ុន​សហការ​ដំបូង​ជាមួយ​GIZ បានអោយដឹងថា​ការផ្ដល់​សេវាកម្ម​ធានារ៉ាប់រង​លើ​ដំណាំ​ស្រូវ និង​ដំណាំ​កសិកម្ម​ដទៃទៀត បានធ្វើ​ប្រមាណ​៤​ទៅ​៥​ឆ្នាំ​មកហើយ ចាប់តាំងពី​ឆ្នាំ​២០១៤​មក ក៏ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ ជា​មធ្យោបាយ​ថ្មី ហើយក៏​មិនទាន់​ដឹងថា​វា​នឹង​ទៅជា​យ៉ាងណាដែរ ដោយសារ​ការធានារ៉ាប់រង​លើ​ដំណាំ​កសិកម្ម មាន​ភាព​ស្មុ​គ្រ​ស្មាញ​បន្តិច​ជាង​ការធានារ៉ាប់រង​ផ្សេងៗ ។

​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ធានា​រ៉ាប​រង់​ហ្វ​ត​តេ រូបនេះ​បាន​បញ្ជាក់ថា​ចាប់តាំងពី​បានធ្វើ​សហការ​ជាមួយ GIZ រហូតមកដល់​ពេលនេះ កសិករ​ដែល​បាន​ទិញ​សេវា​ធានារ៉ាប់រង​ពី​ហ្វ​ត​តេ មាន​ចំនួន​ប្រមាណ​១០០​នាក់ ទៅលើ​ការធានា​ដំណាំ​ស្រូវ​នៅក្នុង​រដូវវស្សា ។ ចំនួន​នេះ នៅមាន​តិចតួច​នៅឡើយ ព្រោះ​វា​ជា​កញ្ចប់​សេវា​ថ្មី​របស់ខ្លួន ហើយ​ប្រជាកសិករ​ក៏​មិនទាន់បាន​យល់ដឹង​ជ្រៅជ្រះ​ប៉ុន្មាន​នោះទេ ដូចនេះ​ទាមទារ​អោយមាន​ការបណ្ដុះបណ្ដាល​និង​ពន្យល់​បន្ថែម​ពី​ការធានារ៉ាប់រង​ទៅលើ​ដំណាំ​របស់​ពលរដ្ឋ ។

​លោក​បាន​ពន្យល់ថា ការទិញ​កញ្ចប់​សេវា​ធានា​រ៉ាប​រង់​លើ​ដំណាំ គឺ​ត្រូវ​បានគិត​ជា​ហិច​តា ជាក់ស្ដែង​ក្នុង​មួយ​ហិច​តា ក្រុមហ៊ុន​ត្រូវ​សង​ត្រលប់​ទៅវិញ​នូវ​អ្វីដែល​គាត់​បាន​ខាតបង់​។ ឧទាហរណ៍​ថា មួយ​ហិច​តា​គាត់​ចំណាយ​៣៤០​ដុល្លារ​អាមេរិក ដូចនេះ​សំណង​ដែល​ក្រុមហ៊ុន​នឹងត្រូវ​សង​គាត់​វិញ​ចំនួន ៣៤០​ដុល្លារ​អាមេរិក​ដូចគ្នា តែ​ជាក់ស្តែង​ការទិញ​កញ្ចប់​ធានារ៉ាប់រង​នេះ ត្រឹមតែ​២៥​ដុល្លារ​ទៅ​៣០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ក្នុង​មួយ​ហិច​តា ។

​លោក​បញ្ជាក់​បន្ថែមថា ការធានារ៉ាប់រង​លើ​ដំណាំ​នេះ គឺ​ធានា​ទៅលើ​តែ​គ្រោះទឹកជំនន់ និង រាំងស្ងួត​ប៉ុណ្ណោះ ហើយ​សម្រាប់​ឆ្នាំ​នេះដែរ ក្រុមហ៊ុន​ហ្វ​ត​តេ​ក៏បាន​ត្រៀម​ទុន​សម្រាប់​ផ្ដល់​សំណង​ដល់​កសិករ​ដែរ ព្រោះ​ការព្យាករណ៍​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ថា​ឆ្នាំនេះ កម្ពុជា​នឹងរង​នូវ​គ្រោះទឹកជំនន់​ធ្ងន់ ដូចនេះហើយ​ដំណាំ​របស់​កសិករ​មួយចំនួន អាច​នឹងរង​ការខូចខាត ការសង​ត្រលប់​ទៅ​កសិករ​នឹង​ច្រើនជាង​ឆ្នាំមុនៗ​៕