កម្ពុជា រៀបចំ​រំលឹក​ខួប​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ និង​ប្រាសាទសំបូរព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 July, 2018 ក+ ក-

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​ជាតិ​ដ៏​ធំ​ដើម្បី​អបអរ​រំលឹក​ខួប​លើក​ទី​១០ នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ និង​លើក​ទី​១ នៃ​ការបញ្ចូល​ប្រសាទ​សំបូរ​ព្រៃ​គុក ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ពាក់កណ្តាល ខែកក្កដា ខាងមុខនេះ​។​
​តាម​ការគ្រោងទុក រាជរដ្ឋាភិបាល​កម្ពុជា នឹង​រៀបចំ​ព្រឹ​ត្យិ​ការណ៍​ជាតិ​ដ៏​ធំ​មួយនា​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​១០ និង​ខួប​លើក​ទី​១ នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ និង​តំបន់​ប្រាសាទសំបូរព្រៃគុក ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក ។

​មន្ត្រី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) លោក សោម រតនា បាន​ប្រាប់​ឲ្យ​ដឹង​នៅក្នុង​សន្និសីទ​ថា ការរៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​ជាតិ​ដ៏​ធំ​នេះ នឹងត្រូវ​ចាប់ផ្តើម​ធ្វើឡើង​នៅ​ម៉ោង ៤​រសៀល នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន​។ លោក ថា នៅក្នុង​នោះ នឹង​មានការ​ថ្លែង​សុន្ទរកថា ការសម្តែង​របាំ ការបង្ហាញ​វីដេអូ​ឯកសារ​ស្តីពី​ប្រវត្តិ​នៃ​កិច្ចសហប្រតិបត្តិការ និង​សកម្មភាព​នានា​ក្នុង​កិច្ចការពារ អភិរក្ស​ប្រាសាទព្រះវិហារ និង​ប្រាសាទសំបូរព្រៃគុក ព្រមទាំង​សុន្ទរកថា​គន្លឹះ និង​មតិ​សំណេះសំណាល​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​

​លោក សោម រតនា មន្ត្រី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បញ្ជាក់​បន្ថែមថា ក្រៅពី​ការជួបជុំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កី​មាន​រៀបចំ​ផ្ទាល់​នៅ​ទីតាំង​ប្រាសាទ​ទាំងពីរ នូវ​ពិធី​ជួបជុំ​អបអរសាទរ​ខួប​នៃ​ការដាក់បញ្ចូល​ប្រាសាទបុរាណ​ទាំងពីរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ផងដែរ​។​

​គោលបំណង​នៃ​ការរៀប​ចំនេះ លោក សោម រតនា បាន​លើកឡើងថា ដើម្បី​លើកកម្ពស់​ការយល់ដឹង បង្កើន​ការស្រឡាញ់ ការពារ​ស​ម្ប​តិ្ត​បេតិកភណ្ឌ​វប្បធម៌​ជាតិ និង​ជំរុញឱ្យមាន​ការចូលរួម ដោយ​ការទទួលខុសត្រូវ​រប​ស់​យុវជន ក្នុង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ជំនឿ​សាសនា និង​ពណ៌​សម្បុរ​ឡើយ​។​

​បើតាម អគ្គនាយក​បច្ចេកទេស នៃ​ក្រសួង​វប្បធម៌ លោក ហាប់ ទូច បានបញ្ជាក់​នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​៥ កក្កដា នេះ​ថា តាម​បណ្តា​វត្ត​អារាម​នៅ​ទូទាំងប្រទេស​ត្រូវបាន​កំណត់​ឱ្យ​ទូងស្គរ​ក្នុងពេល​តែមួយ វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១៥ ខែកក្កដា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​បានដឹង និង​ស្វែងយល់​កាន់តែច្បាស់​អំពី​តម្លៃ​នៃ​ប្រាង្គ​ប្រាសាទ​របស់​ខ្មែរ​ដែល​បាន​ចុះបញ្ជី​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។
លោក​ថា វត្ត​និរោធ​រង្សី ដែល​ស្ថិតក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ក៏​នឹង​ត្រូវយក​ធ្វើជា​គោលដៅ​នៃ​ការផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​នេះដែរ​។​

​សូម​រំលឹកថា រាជរដ្ឋាភិបាល បាន​សម្រេចយក​ថ្ងៃទី​១៥ ខែកក្កដា ជា​រៀងរាល់ឆ្នាំ ជា​ទិវា​ជាតិ​រំលឹក​ខួប​ថ្ងៃ​ដាក់បញ្ចូល​ប្រាសាទព្រះវិហារ និង​តំបន់​ប្រាសាទសំបូរព្រៃគុក ចូលក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ក្រោយពេល​ប្រាសាទព្រះវិហារ ដែល​ស្ថិតនៅលើ​កំពូលភ្នំ​ដងរែក ជាប់​ព្រំដែន​ថៃ ក្នុង​ខេត្តព្រះវិហារ ត្រូវបាន​គណៈកម្មាធិកា​រ​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ សម្រេច​ចុះបញ្ជី​ជាស​ម្ប​តិ្ត​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨​។ ចំណែក ប្រាសាទសំបូរព្រៃគុក ក្នុង​ខេត្តកំពង់ធំ ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧៕