ធនាគារពាណិជ្ជ​ទី​៤០«Chef»​នៅ​កម្ពុជា បើក​ដំណើរការ​ជា​ផ្លូវការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 July, 2018 ក+ ក-

​ភ្នំពេញ ៖ ខណៈ​កម្ពុជា មាន​ធនាគារពាណិជ្ជ​ចំនួន​៣៩ កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ផ្នែក​ហិរញ្ញវត្ថុ ធនាគារពាណិជ្ជ​ថ្មី​មួយទៀត​ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​ហុងកុង បានទទួល​អាជ្ញាប័ណ្ណ​ជា​ផ្លូវការ ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ នៅ​កម្ពុជា ដែល​ធ្វើអោយ​កំណើន​ធនាគារពាណិជ្ជ​កើនឡើង​៤០ ។​

​ក្នុងពេល​ប្រទេស​កម្ពុជា​កំពុងតែ​រៀបចំ​ការបោះឆ្នោត​ថ្នាក់ជាតិ ការវិនិយោគ​នានា​ពី​ក្រៅប្រទេស​នៅតែមាន​ជា​ហូរហែរ ដោយសារតែ​ការជឿទុកចិត្ត​លើ​ស្ថិរភាព​នយោបាយ​ក៏ដូចជា​សេដ្ឋកិច្ចកម្ពុជា ជាក់ស្ដែង​ធនាគារជាតិ​នៃ​កម្ពុជា បានផ្ដល់​អាជ្ញាប័ណ្ណ ដល់​ធនាគារ​ក្រៅប្រទេស​មួយទៀត គឺ​ធនាគារ ឈី​ហ្វ ( Chief ) សម្រាប់ធ្វើ​ប្រតិបត្តិការ​ជា​ធនាគារពាណិជ្ជ និង​បាន​ក្លាយជា​ធនាគារពាណិជ្ជ ទី​៤០ ក្នុងប្រទេស​កម្ពុជា ។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ ឈី​ហ្វ របស់​ហុងកុង​ដែល​ទើប​បានទទួល​អាជ្ញាប័ណ្ណ​ពី ធនាគារជាតិ បានអោយដឹងថា ខ្លួន​មានបទពិសោធន៍​ជា​ធនាគារពាណិជ្ជ​នៅ​ហុងកុង​អស់​រយៈពេល​ជាង​៤០​ឆ្នាំ​មកហើយ​។ ចំពោះ​ការបង្ហាញ​វត្តមាន​និង​ទទួលបាន​អាជ្ញាប័ណ្ណ​ជា​ធនាគារពាណិជ្ជ​នៅក្នុង​ប្រទេស​កម្ពុជា ធនាគារ​នេះ​រំពឹងថា​នឹង​បម្រើ​សេចក្តីត្រូវការ​របស់ខ្លួន ទៅ​អតិថិជន​ក្នុងប្រទេស​កម្ពុជា​បាន​យ៉ាង​ល្អ ។

​លោក​បណ្ឌិត សឿង ម៉ូ​រ៉ា​រឹទ្ធ នាយក​ធនាគារពាណិជ្ជ​ឈី​ហ្វ​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា ដោយសារតែ​ការកើនឡើង​នូវ​តម្រូវការ​សេវាកម្ម​ធនាគារ ទើប​ធនាគារ ឈី​ហ្វ ត្រូវបាន​លើកទឹកចិត្ត​អោយ​ពង្រីក​នូវ​សេវាកម្ម​ទាំងនោះ ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​អតិថិជន ។

​លោក​បន្តថា ប្រទេស​កម្ពុជា បានធ្វើ​សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច​របស់ខ្លួន ហើយ​បាន​បើកទ្វារ​យ៉ាង​ទូលំទូលាយ ដល់​ពិភពលោក​បន្ទាប់ពី​ការបោះឆ្នោត​លើកដំបូង ដែល​ស្ថិតក្រោម​ការឧបត្ថម្ភ​ដោយ​អង្គការសហប្រជាជាតិ ។ បច្ចុប្បន្ន​រាល់​សកម្មភាព​វិនិយោគ​ផ្ទា​ល់ពី​បរទេស ក្នុង​វិស័យ​ទាំងអស់​ដោយ​រួមទាំង​វិស័យ​ហិរញ្ញវត្ថុ​ផង​នោះ មាន​កំណើន​យ៉ាងខ្លាំង​ហើយ​នៅតែ​បន្ត​រីកចម្រើន​ទៅមុខ​ឥតឈប់ឈរ ។​
​លោក​បន្ថែមថា ដោយសារតែ​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច​រួម​ជាមួយនឹង​សន្តិភាព​យ៉ាង​បរិបូរណ៍ ដែល​ប្រទេស​កម្ពុជា​ទទួលបាន​ចាប់តាំងពី​ចុងឆ្នាំ ១៩៩៨ មក​នោះ បានធ្វើអោយ​ប្រទេស​កម្ពុជា មាន​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​រយៈពេល​វែង​បំផុត នៅក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ ។​

​បើតាម​របាយការណ៍រ​បស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៨​នេះ បានអោយដឹងថា​ក្នុង​ឆមាស​ទី​១ ឆ្នាំ ២០១៨​នេះ ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​នៅតែ​បន្ត​រក្សា​កំណើន​ខ្ពស់ ដែលជា​លក្ខខណ្ឌ​អំណោយផល​ដល់​ការរីកចម្រើន និង​ភាពរឹងមាំ​នៃ​ប្រព​ន្ធ័​ធនាគារ​នៅ​កម្ពុជា នាពេល​អនាគត និង​ជា​មូលដ្ឋាន​ដ៏​សំខាន់​ចំពោះ​ការធ្វើ​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ប្រកបដោយ​ប្រសិទ្ធភាព សុវត្ថិភាព និង​បរិ​យា​ប័ន្ន ។

​របាយការណ៍​ដដែល​នេះ​បានបង្ហាញ​ផងដែរ​ថា ក្នុង​ដំណាច់​ឆមាស​ទី​១ ឆ្នាំ ២០១៨ ធនាគារពាណិជ្ជ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ នៅក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន ៣៩​ធនាគារ ក្នុងនោះ​ធនាគារពាណិជ្ជ​មកពី​បរទេស​មាន​ចំនួន ១២ ធនាគារ​ក្នុងស្រុក​១២ និង បុត្រ​សម្ព័ន្ធ​ធនាគារ​ចំនួន ១៥ ។ ក្រៅពី​ធនាគារពាណិជ្ជ​ក៏មាន​ធនាគារ​ឯកទេស​ចំនួន ១៥​ផងដែរ ។ មិនតែប៉ុណ្ណោះ មីក្រូហិរញ្ញវត្ថុ​សរុប​មាន​ចំនួន ៧០​គ្រឹះស្ថាន​ផងដែរ ក្នុងនោះ មាន​៧​អាចមាន​សិទ្ធិ​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន ។

​ចំណែក​ទ្រព្យសកម្ម​ក្នុង​វិស័យ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ក្នុង​ដំណាច់​ឆមាស​ទី​១​នេះដែរ​កើនឡើង​ដល់ ១៤៩​ទ្រី​លាន​រៀល រឺ​ស្មើនឹង​ប្រមាណ​៣៧​ពាន់​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​ប្រាក់​បញ្ញើ​មាន ៨៦,៦​ទ្រី​លាន​រៀល​ឬ ២១​ពាន់​៦​រយ​លាន​ដុល្លារ​អាមេរិក​។ ឥណទាន​មាន​ប្រមាណ​៩០,៨​ទ្រី​លាន​រៀល ឬ​ស្មើនឹង​២២​ពាន់​៧​រយ​លាន​ដុល្លារ​អាមេរិក ៕​