ក្រុមហ៊ុន​ចិន បើក​គម្រោង​វិនិយោគ​ដំណាំ​ចេក​សម្រាប់​នាំចេញ​តម្លៃ​ជាង​៣២​លាន​ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 August, 2018 ក+ ក-

​ខេត្តកំពត ៖ គម្រោង​វិនិយោគ​ដំណាំ​ចេក​សម្រាប់​នាំចេញ​តម្លៃ​ជាង​៣២​លាន​ដុល្លារ ត្រូវបាន​សម្រេច​អនុម័ត​ជា​ផ្លូវការ​ហើយ កាលពី​សប្តាហ៍​មុន តាមរយៈ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាមួយ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ជា​តំណាង​ភាគី​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន មាន​ទីតាំងនៅ​ក្នុងស្រុក​ឈូក ខេត្តកំពត​។ នេះ​បើតាម​ការប្រកាស​ឥ្យ​ដឹង​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅថា CDC បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ចេញ​នូវ​«​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​» ដល់​ក្រុមហ៊ុន LONGMATE AGRICULTURE CO.,LTD. របស់​ចិន ដែលមាន​ទឹកប្រាក់​វិនិយោគ​ជាង​៣២​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ចេក និង​វេច​ខ្ចប់​កសិផល​សម្រាប់​ធ្វើកា​រ​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏បាន​បង្ហាញ​អោយ ពី​ទីតាំង​ដែល​ត្រូវ​បង្កើតជា​កសិដ្ឋាន​ដាំ​ដំណាំ​ចេក និង​វេច​ខ្ចប់​សម្រាប់​ការនាំចេញ​នេះដែរ គឺ​ស្ថិតនៅ​ភូមិ​ដុំ​ផ្តៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ដែល​ផ្តល់​កន្លែងធ្វើការ​ងារ​បា​ន​ចំនួន​ប្រមាណ​៥៧០​កន្លែង​។

​គួរ​បញ្ជាក់ថា ពូជ​ដំណាំ​ចេក​ដែល​ក្រុមហ៊ុន​ចិន​វិនិយោគ​នេះ ជា​ប្រភេទ​ពូជ​ចេក​ថ្មី ដែល​អាច​ផ្តល់​ផល​ចាប់ពី 60​ទៅ​73​តោន ក្នុង​មួយ​ហិកតា​ក្នុង​មួយឆ្នាំ និង​អាច​ប្រមូល​ផល​បាន​3​ដង​ក្នុង​2​ឆ្នាំ ។ បើតាម​អគ្គនាយកដ្ឋាន​កសិកម្ម បញ្ជាក់ថា យ៉ាងហោចណាស់ ត្រូវការ​ពេល ២-៣ ខែ​ទៀត​ទើប​ដំណើរ​ការនាំចេញ​ចេក​ទៅ​ប្រទេស​ចិន​អាច​សម្រេចបាន​ដោយ​កម្ពុជា​ត្រូវ​រៀបចំ​បែបបទ​មួយចំនួន​ទាក់ទង​នឹង​លក្ខខណ្ឌ​តម្រូវ​ឲ្យ​មានការ​ត្រួតពិនិត្យ​ភូតគាម​អនាម័យ ជាដើម​។ ការត្រួតពិនិត្យ​ភូតគាម​អនាម័យ មាន​គោលបំណង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ឆ្លង​នូវ​សមាសភាព​ចង្រៃ ភូតគាម​អនាម័យ និង​សមាសភាព​ចង្រៃ​ដែល​បង្ក​គ្រោះថ្នាក់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត តាម​គ្រប់​មធ្យោបាយ​ដើម្បី​ការពារ​អាយុជីវិត​មនុស្ស សត្វ និង​ផលិតផល​កសិកម្ម និង​ជីវសាស្ត្រ​ចម្រុះ​។

​សូមជម្រាបថា បច្ចុប្បន្ននេះ កម្ពុ​ជាមាន​កសិដ្ឋាន​ដំណាំ​ចេក​ធំៗ​ចំនួន​៣ លើ​ផ្ទៃដី​ប្រមាណ​ជិត ៥​ពាន់​ហិកតា នៅក្នុង​ខេត្ត​ចំនួន​បី គឺ​ខេត្តរតនគិរី ខេត្តក្រចេះ និង​ខេត្តកំពត ដែល​កំពុង​ដាំចេក​អំបូង​លឿង សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​៕​