លោក ផៃ ស៊ី​ផាន ៖ កម្ពុជា​មិន​បារម្ភ​ចំពោះ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់ EU ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 October, 2018 ក+ ក-

​ភ្នំពេញ ៖ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា អះអាងថា ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) របស់​សហភាព​អឺរ៉ុប មិនមាន​អ្វី​ចម្លែក​នោះទេ ព្រោះ​កម្ពុជា ក៏​នឹងត្រូវ​ប្រឈមមុខ​ចំពោះ​ការដក​ប្រព័ន្ធ​អនុគ្រោះ​នេះ នាពេល​ដ៏​ខ្លី​ខាងមុខ​ដែរ ដោយសារតែ​កម្ពុជា មាន​កំណើនសេដ្ឋកិច្ច​ស​រុ​ប​ប្រចាំឆ្នាំ​របស់ខ្លួន​។​

​ការ​ថ្លែង​របស់​អ្នកនាំពាក្យ​រូបនេះ បានធ្វើ​ឡើង​នៅ​បន្ទាប់ពី​សហភាព​អឺរ៉ុប បាន​អះ​អា​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៨ នេះ​ថា សហភាព​អឺរ៉ុប​នឹង​ចាប់ផ្តើម​អនុវត្ត​ដំណើរ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា តែ​ថា នៅ​បើកទ្វារ​ចំហ​សម្រាប់​ការសន្ទនា​ទាក់ទង​នឹង​ការបន្ត​គោលនយោបាយ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​ក្នុង​ការនាំ​ទំនិញ​ទៅកាន់​ទីផ្សារ​ប្រទេស​លោក​សេរី ដោយ​រួច​ពន្ធ​។

​សហភាព​អឺរ៉ុប ក៏បាន​អះអាង​ដែរ​ថា ខ្លួន​បាន​ជូនដំណឹង​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា រួចរាល់​ហើយ អំពី​ចំណាត់ការ​ឈានទៅរក​ការលុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឈ្មោះ «​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​» ហៅ​កាត់​ថា EBA ។ សហភាព​អឺរ៉ុប​គូសបញ្ជាក់ថា ចំណាត់ការ​នេះ គឺ​ដោយសារតែ ពុំមាន​ការកែប្រែ​ស្ថានភាព​វិបត្តិ​ប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​រយៈកាល​កន្លងមក​នេះ​។​

​គួរ​ជម្រាប​ថា បើ​ផ្អែក​តាម​បទ​បទបញ្ញត្តិ​របស់​សភា និង​ក្រុមប្រឹក្សា​អឺរ៉ុប ក្រោយ​ស្នងការ​អឺរ៉ុប ជូនដំណឹង​ទៅ​ប្រទេស​ទទួលបាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA អំពី​ការអនុវត្ត​នីតិវិធី​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ស្នងការ​អឺរ៉ុប​នឹង​បន្តធ្វើ​ការតាមដាន និង​វាយតម្លៃ​ស្ថានភាព​ក្នុងប្រទេស​ទទួល​អត្ថប្រយោជន៍​រយៈពេល ៦​ខែ​ទៀត ចាប់ពី​ពេល​ជូនដំណឹង​នេះ​។ ក្នុង​រយៈពេល ៦​ខែ​បន្ទាប់ពី​ចប់​រយៈពេល​ខាងដើម​នេះ ស្នងការ​អឺរ៉ុប នឹងធ្វើ​សេចក្ដីសម្រេចចិត្ត ថា​តើ​គួរ​បញ្ឈប់​នីតិវិធី​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​បណ្ដោះអាសន្ន​នេះ ឬ ធ្វើការ​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​បណ្ដោះអាសន្ន នេះ​តែម្ដង​។​

​ទោះជា​យ៉ាងនេះ​ក្តី លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា មិនមាន​គម្រោង​ដើម្បី​ចរចា​សុំ​ឲ្យ​សហភាព​អឺរ៉ុប​ស្ដារឡើងវិញ​នូវ​វិធានការ​របស់​ពួកគេ​នោះទេ ។​លោក ផៃ ស៊ី​ផាន លើកឡើងថា កម្ពុជា​អាចរ​ស់បាន​ដោយ​គ្មាន​ការពឹង​ផ្អែកលើ​សេដ្ឋកិច្ច​ពី​ប្រទេស​ដទៃ​ឡើយ​។ លោក ថា «​ចំពោះ​កម្ពុជា​អាច​រស់​ខ្លួនឯង​បានដែរ​តើ ដោយ​ឈរលើ​កម្លាំង​សេដ្ឋកិច្ច ដូច្នេះ​ការប្រើប្រាស់​ពាក្យ​ថា ដាក់ទណ្ឌកម្ម ការប្រើប្រាស់​ពាក្យ​ថា ផលប៉ះពាល់​ដល់​កម្ពុជា អានេះ​ជា​ភាសា​ម៉ាក់​ងាយ​ដល់​កម្ពុជា ពីព្រោះ​កម្ពុជា ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ ផលិតផល សម្រាប់​លក់​លើ​ទីផ្សារ​ទូទាំង​ពិភពលោក មិនមែន​សម្រាប់តែ​ទីផ្សារ​អឺរ៉ុប​ទេ​»៕