EU ​ងាក​​​ចេញពីកម្ពុជាទៅភ្ជាប់​កិច្ចព្រមព្រៀង FTA ជាមួយ​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2018 ក+ ក-

​ភ្នំពេញ ៖ សហភាព​អឺរ៉ុប នៅពេល​ថ្មីៗ​នេះ បានរៀបចំ​ពិនិត្យ​ដំណើរការ​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​កម្ពុជា ខណៈនោះ សហភាព​អឺរ៉ុប​ក៏បាន​បង្ហាញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជាមួយ​វៀតណាម តែ​តម្រូវ​ឲ្យ​មានការ​ពិនិត្យឡើងវិញ​នូវ​អ្វីដែល​សហភាព​អឺរ៉ុប​ចាត់ទុកថា ប្រទេស​សមាជិក​ក្នុង​អាស៊ាន វៀតណាម​ជា​ប្រទេស​មាន​បញ្ហា​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​មួយ​។

​តាម​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃ​ពុធ សប្តាហ៍​កន្លងទៅនេះ គណៈកម្មាធិការ​សហភាព​អឺរ៉ុប បានបង្ហាញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​អឺរ៉ុប និង​វៀតណាម សម្រាប់​ការចុះហត្ថលេខា និង​ការសម្រេច​ហើយ​ពេល​ចូល​ជា​ធរមាន កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ​នឹង​លុបបំបាត់​ពន្ធ​លើ​ទំនិញ ៩៩ ភាគរយ​ហើយនឹង​លុប​ផ្នែក​ខ្លះ​តាម​អត្រាពន្ធ​កូតា (TRQs)​។​

​ក្រុម​អ្នកជំនាញ​បាន​ថ្លែងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) គឺ​ខុសគ្នា​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ Everything But Arms (EBA) ដោយសារ​វា​មាន​អត្ថប្រយោជន៍​សម្រាប់​ភាគី​ទាំង ២ ហើយ​ក្រោយមក​គឺ​ការ​ទទួលផល​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA)​។
​ប៉ុន្តែ​កិច្ចព្រមព្រៀង​ទាំង ២ នេះ​មាន​លក្ខណៈ​ភ្ជាប់​គ្នា​គឺ​ដៃគូ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) និង​អ្នកទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ត្រូវតែ​គោរព​សិទ្ធិមនុស្ស​។​

​អ្នកជំនាញ​ពី​បញ្ហា​សិទ្ធិ​មនុស្សលោក Phil Robertson អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​របស់​អង្គការ Human Rights Watch ប្រចាំ​អាស៊ី​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា «​ច្បាស់​ណាស់​វៀតណាម​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ផ្សេង​ក្នុង​តំបន់​អាស៊ាន​ដែល​រំលោភសិទ្ធិ​មនុស្ស​ខ្លាំងក្លា​បំផុត​។

​យ៉ាងណាក៏ដោយ លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ​នយោបាយ បាន​សង្កេតឃើញថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​វៀតណាម​ជាមួយ EU និង​ការផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​គឺមាន​លក្ខណៈ​ខុសគ្នា​។​

​លោក​ថ្លែងថា​៖ «​អ្វីដែល​យើង​អាចនិយាយបាន​គឺថា​ប្រទេស​កម្ពុជា​ជិត​នឹង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​បន្ត EBA នេះហើយ ខណៈដែល​ប្រទេស​វៀតណាម​ជិត​នឹង​ទទួលបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA)»​។​លោក​ថា ប្រទេស​វៀតណាម​នឹងមិន​ងាយ​ទទួលបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជាមួយ​សហភាព​អឺរ៉ុប​ទេ ពីព្រោះ​ពួកគេ​ត្រូវតែ​គោរព​សិ​ទិ្ធ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​បាន​ពេញលេញ​នោះ​៕

( លោក Phil Robertson អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​របស់​អង្គការ Human Rights Watch ប្រចាំ​អាស៊ី)