ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម នឹង​ទទួលបាន​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 January, 2019 ក+ ក-

​ភ្នំពេញ ៖ ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម អាចនឹងទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​សហគ្រាស​ធុន​តូច និង​មធ្យម ដែលជា​ចលករ​មួយ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច បង្កើត​ការងារ​បន្ថែម និង​បង្កើន​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី “​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​អាទិភាព​” ដោយបាន​អញ្ជើញ​តំណាង​វិស័យ​ឯកជន សមាគម​នានា​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម តំណាង​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​សរុប​ប្រមាណ ១៨០​នាក់​ឱ្យ​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​។​

មានប្រសាសន៍​បើក​សិក្ខាសាលា នា​ព្រឹក​ថ្ងៃទី​៨ មករា​នេះ លោក ផាន់ ផល្លា អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បានរៀបចំ​បង្កើត​មូល​និ​
​ធិ​អភិវឌ្ឍន៍​ជំនាញ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព និង​មជ្ឈមណ្ឌល​លើកកម្ពស់​សហគ្រិនភាព​ផងដែរ​។​

​លោក​ថា វិស័យ​អាទិភាព​សម្រាប់​ផ្តល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​រួមមាន​៖ (១).​ផលិត ផល​កសិកម្ម ឬ​ក​សិ​-​ឧស្សាហកម្ម​, (២).​ផលិត និង​កែច្នៃ​ម្ហូបអាហារ​, (៣).​កម្មន្តសាល​ដែល​ផលិត​ទំនិញប្រើប្រាស់​ក្នុងស្រុក​, កែច្នៃ​កាកសំណល់​, និង​ផលិត​ទំនិញ​សម្រាប់​វិស័យ​ទេសចរណ៍​, (៤).
​កម្មន្តសាល​ដែល​ផលិត​នូវ​ផលិតផល​សម្រេច ឬ​ផ្នែក ឬ​គ្រឿង​បង្គុំ ដើម្បី​ផ្គត់ផ្គង់​ឱ្យ​កម្មន្ត សាល​ដទៃទៀត (៥).​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ព័ត៌មាន រួមទាំង​ការផ្គត់ផ្គង់​សេវា​គ្រប់គ្រង​តាម​ប្រព័ន្ធ​​បច្ចេកវិទ្យា​ព័ត៌មាន​ដែលមាន​លក្ខណៈ​នវានុវត្តន៍  និង (៦).​សហគ្រាស​ដែល​ស្ថិតក្នុង​តំបន់​ប្រមូលផ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សហគ្រាស​ដែល​អភិវឌ្ឍន៍​តំបន់​នេះ​។

​លោក​អនុរដ្ឋលេខាធិការ​បាន​បញ្ជាក់ថា វិស័យ​អាទិភាព​ទាំងនេះ​មិន​រួមបញ្ចូល​វិស័យ​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម សុខភាព និង​បរិស្ថាន​នោះទេ ហើយ​ចំពោះ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​ដូច​បាន​រៀបរាប់​ខាងលើ​អាច​ទទួលបាន​នូវ​ការលើកទឹកចិត្ត​ដូចជា​៖ ទី​១.​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​ចំនួន ៣​ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​ចុះបញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ចុះបញ្ជី​ថ្មី ឬ​ចាប់​ពីថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​សម្រាប់​សហ​គ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួចហើយ​ចាប់ពី​ពេល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន​។

ទី​២.​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​រយៈពេល ៥​ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​ចុះបញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ចុះបញ្ជី​ថ្មី​ឬ​ចាប់​ពីថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​សម្រាប់​សហ​គ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួចហើយ​ចាប់ពី​ពេល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន​ដែល​បំពេញ​លក្ខខណ្ឌ​ណាមួយ​ដូចតទៅ​នេះ ប្រើ​វត្ថុធាតុដើម​ក្នុងស្រុក​ចាប់ពី ៦០%​ឡើងទៅ ឬ​បង្កើន​ចំនួន​និយោជិត​បន្ថែម​យ៉ាងតិច ២០% ឬ​មាន​ទីតាំង​ក្នុង​តំបន់​ប្រមូលផ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម ៣.​លើកលែង​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល និង​ពន្ធ​អប្បរ​មា​ក្នុង​រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល និង​៤.​លើកទឹកចិត្ត​ចំណាយ​ដែល​អាច​កាត់កង​បានជា​ដើម​៕