នាវាចម្បាំង​ចិន​៣​គ្រឿង នឹង​ចូល​ចត​នៅ​កំពង់ផែ​ព្រះ​សីហនុ រយៈពេល​៤​ថ្ងៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 January, 2019 ក+ ក-

​ព្រះសីហនុ ៖ នាវាចម្បាំង​កងទ័ព​រំ​ដោះ​ប្រជាជន​ចិន ចំនួន ៣​គ្រឿង នឹង​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ រយៈពេល​៤​ថ្ងៃ ដើម្បី​រឹតចំណង​មិត្តភាពរ​វា​ង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ជាមួយនេះ ក៏​នឹងមាន​ការប្រកួត​កីឡា​ជា​មិត្តភាព​រវាង​ក្រុម​នាវិក​ចិន និង​នាវិក​កម្ពុជា នៅក្នុង​មូលដ្ឋាន​សមុទ្រ ព្រមទាំង​មានការ ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​រួមគ្នា​ផងដែរ​។​

​លោក​ឧ​ត្ត​មនា​វី​ឯក ទៀ សុខា មេបញ្ជាការរង​កងទ័ព​ជើង​ទឹក និង​ជា​មេបញ្ជាការ ទីបញ្ជាការ​ជួរមុខ នៃ​គណៈកម្មាធិការ​ជាតិ សន្តិសុខ​លម្ហ​សមុទ្រ បានបញ្ជាក់​នៅ​រសៀល​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៩ នេះ ថា នាវាចម្បាំង​មហា​យក្ស​ចិន ចំនួន​៣​គ្រឿង នឹង​សុំ​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​៩-១២ ខែមករា ឆ្នាំ​២០១៩ ដើម្បី​រឹតចំណង​មិត្តភាព​ជាមួយ​កងទ័ពជើងទឹក​កម្ពុ​ជា ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​នាវា​កងទ័ព​រំដោះប្រជាជន​ចិន ចំនួន​៣​គ្រឿង ដែល​នឹង​សំចត​នៅ​កំពង់​ផៃ​ស្វយ័ត ខេត្ត​ព្រះសីហនុ នេះ រួមមាន ៖
*​ទី​១៖ ឈ្មោះ PLANS WUHU(FFG.529) មាន​បណ្តោយ​១៣៥​ម៉ែត្រ ទទឹង​១៦​ម៉ែត្រ ជម្រៅ​ទឹក​៦​ម៉ែត្រ ផ្ទុក​ជាង​បួន​ពាន់​តោន​​។
*​ទី​២៖ នាវា​ឈ្មោះ PLANSHANDA (FFG.579) មាន​បណ្តោយ​១៣៥​ម៉ែត្រ ទទឹង​១៦​ម៉ែត្រ ជម្រៅ​ទឹក​៦​ម៉ែត្រ ផ្ទុក​ជាង​បួន​ពាន់​តោន​។
*​ទី​៣៖ ឈ្មោះ PLANS DONG PING LAKE (AOR960) បណ្តោយ​១៧៩​ម៉ែត្រ ទទឹង​២៥​ម៉ែត្រ ជម្រៅ​ទឹក​១០​ម៉ែត្រ ផ្ទុក​ជាង​ពីរម៉ឺន​តោន​៕