ជំនួបពិភាក្សាការងាររវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុន Accutor
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2019 ក+ ក-

ភ្នំពេញ ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន Accutor អំពីគម្រោងវិនិយោគសាធារណៈ ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធអេឡិចត្រូនិច និងវិស័យបច្ចេកវិទ្យាព័ត៌មាន តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។

ជំនួបពិភាក្សាជាមួយតំណាងក្រុមហ៊ុននេះ គឺជាការបន្តកិច្ចពិភាក្សាការងារ ដែលសម្តេចតេជោ នាយករដ្ឋមន្រ្តីបានណែនាំក្នុងជំនួបជាមួយវិស័យឯកជន ក្នុងអំឡុងដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសស្វីស កាលពីខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជម្រាបតំណាងក្រុមហ៊ុនអំពីស្ថានភាពបច្ចុប្បន្ន និងវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា ដោយបច្ចុប្បន្នរាជរដ្ឋាភិបាលបានកំពុងនឹងរៀបចំ (១) ក្របខ័ណ្ឌគោលនយោបាយស្តីពីសេដ្ឋកិច្ចឌីជីថល កម្ពុជា និង ទី(២) ក្របខ័ណ្ឌគោលនយោបាយស្តីពីរដ្ឋាភិបាលឌីជីថល ដែលជាក្របខ័ណ្ឌឯកសារ ចាំបាច់ដែលពិនិត្យ និងវាយតម្លៃលើស្ថានបច្ចុប្បន្ននៃវិស័យ និងតម្រូវការជារួមរបស់ប្រទេស ព្រមទាំង កំណត់ពីក្របខ័ណ្ឌ និងគោលការណ៍ណែនាំសំខាន់ៗមុននឹងឈានដល់ការរៀបចំផែនការមេ និងផែនការ វិនិយោគលើវិស័យសេដ្ឋកិច្ចឌីជីថលទាំងមូល.

តាមរយៈកិច្ចពិភាក្សានេះតំណាងក្រុមហ៊ុន Accutor បានស្នើសុំចូលរួមក្នុងក្រុមការងារបច្ចេក
ទេសនៃការរៀបចំក្របខ័ណ្ឌគោលនយោបាយទាំង២នេះ ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ក្នុងករណី មានតម្រូវការពីរាជរដ្ឋាភិបាល ហើយជាការឆ្លើយតប ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានថ្លែងអំណរគុណ និងសូមស្វាគមន៍ចំពោះសំណើនេះ និងស្នើឱ្យតំណាងក្រុមហ៊ុនធ្វើជាទីប្រឹក្សាឱ្យក្រុមការងារបច្ចេកទេស នេះតែម្តង។

ដោយពិតឃើញថា ក្រុមហ៊ុន Accutor មានឯកទេសខាងសេវាកម្មព័ត៌មានវិទ្យានៅក្នុងផ្នែក អប់រំ និងសុខាភិបាល ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាការងារ លម្អិតជាបណ្តើរៗជាមួយក្រសួងបច្ចេកទេសផ្ទាល់តែម្តងលើសំណើអភិវឌ្ឍន៍គម្រោងព័ត៌មានវិទ្យាសម្រាប់វិស័យអប់រំ និងសុខាភិបាល ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់សម្រាប់រៀបចំសំណើគម្រោង ដែលអាចជា ចំណុចចាប់ផ្តើមនៅពេលដែលគោលនយោបាយស្តីពីសេដ្ឋកិច្ចឌីជីថលកម្ពុជា និងរដ្ឋាភិបាលឌីជីថល ព្រមទាំងផែនការនៃការអភិវឌ្ឍន៍វិស័យត្រូវបានអនុម័ត និង ដាក់ឱ្យប្រើប្រាស់៕