ល្ងាចមិញ! ខ្យល់កន្រ្តាក់វាយប្រហារក្រុងស្រុកមួយចំនួនរបស់ខេត្តបាត់ដំបង ធ្វើឲ្យខូចខាតផ្ទះជាច្រើនខ្នង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 April, 2020 ក+ ក-

ខេត្តបាត់ដំបង ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅព្រលប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ផ្ទះជាច្រើនខ្នងស្ថិតនៅក្នុងក្រុងបាត់ដំបង ស្រុកមោងឬស្សី ក៏ដូចជាស្រុករុក្ខគិរី នៃខេត្តបាត់ដំបង បានរងការខូចខាត ក្រោយពីមានភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្រ្តាក់។
យោងតាមក្រសួងធនធានទឹក និងឧតុនិយម ដែលបានជូនដំណឹងកាលពីដើមសប្តាហ៍នេះឲ្យដឹងថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបលើផ្ទៃដី ជាមួយនឹងខ្យល់បក់មកពីសមុទ្រចិនខាងត្បូង ដែលនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពពី ៣៤ ដល់៣៧អង្សាសេ ហើយចាប់ពីថ្ងៃទី២-៦ ខែមេសា បណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ ចំណែកបណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងតិច។
ជាមួយគ្នានេះ ក្រសួងក៏ស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលនឹងអាចកើតមានចាប់ពីថ្ងៃទី២-៦ ខែមេសា៕