មេស្រុក​អូរយ៉ាដាវ​ចាត់ទុក​ការផ្សាយ​ព័ត៌មាន​បទល្មើស​ព្រៃឈើ​ជា​ឆ្អឹង​ទទឹង​.​ក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2015 ក+ ក-

ខេត្តរតនគិរីៈ អភិបាលស្រុក​អូរ​យ៉ា​ដាវ បាន​ចោទប្រកាន់​អ្នក​សារពត៌មាន​ដោយ​ចាត់ទុកថា​ជា​អ្នក​ផ្សាយ​ព័ត៌មាន​លាប​ពណ៌ ដែល​បង្ក​ជា​ក្តីបារម្ភ​យ៉ាងខ្លាំង​ពី​សុវត្ថិភាព​សម្រាប់​អ្នកកាសែត​នៅក្នុង​ខេត្ត​នេះ​។​ដោយឡែក​អភិបាលស្រុក​អណ្តូង​មាស បាន​ត្អូញត្អែរ​ផ្តោតលើ​ការលំបាក​ក្នុងករណី​ការបង្ក្រាប​ទ​ល្មើស​ផ្សេងៗ​ដែល​តែង​កើត​ឡើងជា​ញឹកញាប់​ទៅវិញ​។​

​ទស្ស​នៈ​ផ្ទុយគ្នា​របស់​អភិបាលស្រុក​ទាំងពីរ បានលើកឡើង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​សារាចរ​លេខ​០២ របស់​រាជរដ្ឋាភិបាល ស្តីពី​អំពី​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ក្រោម​អធិបតីភាព​លោក ម៉ាន សុ​គ្រី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ នៅ​សាលាខេត្ត​រតនគិរី កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៥​នេះ​។​

​អភិបាលស្រុក​អូរ​យ៉ា​ដាវ លោក ម៉ា វិចិត្រ បាន​មានប្រសាសន៍​នៅក្នុង​ពី​ធី​ផ្សព្វផ្សាយ​នោះ​ថា “​យោងតាម​ការចុះ​បង្ក្រាប និង​អង្កេត​កន្លងមក ករណី​បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់​របស់លោក​មិនសូវ​កើតមាន​ដូច​មានការ​លើកឡើង​នោះទេ ផ្ទុយទៅវិញ​បទល្មើស​មាន​តិចតួច​បំផុត​”​។ លោក​បាន​មានប្រសាសន៍ថា “​អ្វីដែល​ជាការ​ប្រឈម​នោះ គឺ​អ្នក​សារពត៌មាន​ទៅវិញ ដែល​យក​ករណី​ចុះបង្ក្រាប​នៅក្នុង​តំបន់​របស់លោក​ថា​ជាការ​ទារលុយ​ទារ​កាក់​”​។ លោក​ថា អ្នក​សារពត៌មាន​បាន​ចោទថា​ខ្ញុំ​ជា​អ្នកទទួល​សំណូក​ពីបទ​ល្មើស​ចំនួន​១៧.០០០$ ដែល​ការផ្សាយ​នោះ​គឺជា​ការ​បំផ្លើស ឫ​ហៅថា​ជា​សារព័ត៌មាន “​លាប​ពណ៌​”​ឫ​ក៏​ករណី “​ជះ​ទឹក​ដាក់គ្នា​”​។​បើទោះបីជាលោកមិននិយាយចំត្រង់ៗក្តី ក៏
​មជ្ឈដ្ឋាន​ទូទៅ​ក្នុង​ខេត្ត​រតនគីរី ដែល​បានដឹង​រឿងនេះ​បាន​វាយតម្លៃថា លោក ម៉ា វិចិត្រ បានចាត់ទុក​អ្នកកាសែត​ជា​ឆ្អឹង​ទទឹង​.​ក ព្រោះ​លោក​មិន​ចង់​ឲ្យ​មានការ​ផ្សាយ​ព័ត៌មាន​ស្តីពី​បទល្មើស​ព្រៃឈើ​ដែល​កំពុង​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​ដែន​សមត្ថកិច្ច​របស់លោក​នោះទេ​។

​ទោះជា​យ៉ាងនេះ​ក្តី លោក ម៉ា វិចិត្រ មិនបាន​បញ្ជាក់​ត្រង់ៗ​ទៅលើ​អង្គភាព​សារព័ត៌មាន ណាមួយ​នោះទេ ហើយ​កន្លងមក​គេ​មិនទាន់​ឃើញ​មាន​អ្នកសារព័ត៌មាន​ណា​ម្នាក់​ត្រូវ​លោក​មេស្រុក​រូបនេះ​ប្តឹង​ពីបទ​បរិហារកេរ្តិ៍​នោះដែរ​។

​ដោយឡែក​អភិបាលស្រុក​អណ្តូង​មាស​លោក នង ដា​រិ​ទ្ធ បាន​មាន​ប្រសា​ន៍​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​នោះ​ដោយ​ផ្តោតជាសំខាន់​ថា “​ការចុះ​បង្ក្រាប​បទល្មើស​បាន​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដូចជា​ករណី​ចុះបង្ក្រាប​បទ​ល្មើ​បាន​ហើយ គ្មាន​មធ្យោបាយ​ដឹកជញ្ជូន ដែល​តម្រូវ​ឲ្យ​រដ្ឋបាល​ស្រុក​ជួល​មធ្យោបាយ​ឯកជន ។​ករណីខ្លះ​វត្ថុតាង​នៃ​បទល្មើស​ដែល​បង្ក្រាបបាន​ត្រូវ​បាត់បង់​ទៅវិញ​ដោយសារតែ​ខ្វះ​កន្លែង​ទុកដាក់​មាន​សុវត្ថិភាព​ជាដើម​។ បើទោះបីជា​អាជ្ញា​ស្រុក​មាន​សិទ្ធិ​គ្រប់គ្រង​កម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​ក្តី ក៏​ការសហការ​ដឹកនាំ​កម្លាំង​នៅ​មិនទាន់បាន​រលូន​នៅឡើយ​។​
​ ​
​មានប្រសាសន៍​ឆ្លើយ​ត​នឹង​សេចក្តីរាយការណ៍​លើ​លោក ម៉ាន សុ​គ្រី អនុ​លេខាធិការ​ក្រសួងកសិកម្ម​បាន​ថ្លែងថា កងកម្លាំងប្រដាប់អាវុធ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​សូម​ដកខ្លួន​អោយ​ឆ្ងាយ ហើយ​ចូលរួម​សហការ និង​រាយការណ៍​លម្អិត​ពីបទ​ល្មើស​ជាក់ស្តែង​ដើម្បី​ចុះ​អនុវត្ត​ទទួលបាន​ជោគជ័យ​។ លោក​បាន​ថ្លែងបន្តថា អ្នក​សារពត៌មាន​មួយចំនួន​តែងតែ​បំ​លែង​ការពិត ប៉ុន្តែ​ក៏មាន​អ្នកសារព័ត៌មាន​មួយចំនួនទៀត​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​ស​ច្ចះ​ភាព​ផងដែរ​។​
​ ​
​លោក​បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា ការមិន​សហការគ្នា​បានល្អ វា​តែងតែ​បង្ក​អោយ​សមត្ថកិច្ច​ដែល​ចុះទៅ​បង្ក្រាប​នោះ​ក្លាយទៅជា​ជនរងគ្រោះ​ទៅវិញ ដូចជា​ករណី​ជនល្មើស​ធ្វើ​សកម្មភាព​ពន្លិច​ទូក​បង្ក្រាប​របស់​សមត្ថ​កិច្ច​ជាដើម​។​ល​។​

​សមាជិក សមាជិការ រួម​និង​អ្នកកាសែត ទូរទស្សន៍​ជាច្រើន​នាក់​ក្នុង​ពិធី​នេះ បាន​សម្តែង​ការងឿងឆ្ងល់​គ្រប់ៗ​គ្នា​ថា ហេតុអ្វី​បានជា​ការផ្សព្វផ្សាយ​ព័ត៌មាន​បទល្មើស​ដែល​កើតមានឡើង​ក្នុងស្រុក​អូ​រយ៉ា​ដាវ ដែលជា​ដែន​សមត្ថកិច្ច​របស់លោក ម៉ា វិចិត្រ បែរជា​ត្រូវ​លោក​ចាត់ទុកថា ជាការ​បំផ្លើស ឬ​ជាការ​លាប​ព័ណ៌​សំរាប់​លោក​ទៅវិញ​។​

​គួ​រំលឹក​ផងដែរ​ថា អ្នកកាសែត​មួយចំនួន​ត្រូវបាន​រងគ្រោះ​ជាប់ពន្ធនាគា​រ​ដោយ​ការ​មួលបង្កាច់ ហើយ​មួយចំនួនទៀត​ត្រូវ​រងគ្រោះ​ដោយ​អំពើ​ឃាតកម្ម​ពី​សំណាក់​ជន​ទុច្ចរិត​ព្រៃឈើ​ដើម្បី​បំបិទមាត់ និង​គំរាមកំហែង​ដល់​អ្នកកាសែត​ដទៃទៀត​មិន​ឲ្យ​ផ្សព្វផ្សាយ​ពី​សកម្មភាព​រកស៊ី​ក្នុង​បទល្មើស​របស់​ពួកគេ​។​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួម​និង​អង្គភាព​ប្រឆាំងនឹង​អំពើពុករលួយ​របស់លោក ឱ​ម យ៊ិន​ទៀង កំពុង​ផ្តោត​ការយក​ចុ​ត្ត​ទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ករណី​ដូច​ខាងលើនេះ​។​

​គួរ​ជម្រាប​ថា កន្លងមក​បទល្មើស​ព្រៃ​ឈើ​បានកើត​មាននៅ​តាម​ស្រុក​មួយចំនួន​ក្នុង​ខេត្តរតនគិរី​យ៉ាង​ពេញបន្ទុក ប៉ុន្តែ​កម្លាំង​មាន​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ អាច​បង្ក្រាបបាន​ដោយ​អន្លើ​តែប៉ុណ្ណោះ​។ ចន្លោះប្រហោង​នៃ​ការបង្ក្រាប​បទល្មើស​ផ្សេងៗ ពិសេស​បទល្មើស​ព្រៃឈើ​ត្រូវ​គ​មើលឃើញថា មាន​កត្តា​ពីរ​យ៉ាង :១- អត់​បង្ក្រាប​ទេ ព្រោះ​មាន​អំពើពុករលួយ ២- បង្ក្រាប​តែ​ឈ្មួញ​ណា​ដែលមាន​សែស្រឡាយ​ខុសគ្នា ឬ​ជជែក​តម្លៃ​សូកប៉ាន់​មិនត្រូវ​គ្នា​៕​ ​ស​ . រ

Untitled-1លោក ម៉ាន សុ​គ្រី  អនុ​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម

Untitled-2

លោក ម៉ា វិចិត្រ មេស្រុក អូរយ៉ាដាវ ដែលមិនចង់ឲ្យកាសែត ផ្សាយពីបទល្មើសដែលកើត មានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

Untitled-1

អ្នកកាសែតម្នាក់ដែលត្រូវក្រុមរកស៊ីបទល្មើសព្រៃឈើស្ទាក់បាញ់សម្លាប់នាពេលកន្លងមក។