ស្ពាន​ជ្រោយចង្វារ​ចាស់ អាច​ប្រើ​បាន​ជាង​៥០​ឆ្នាំ​បន្ទាប់ពី​ជួសជុល​រួច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2018 ក+ ក-

​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា ការងារ​ជួសជុល និង​សាងសង់​ឡើងវិញ នូវ​ស្ពាន​ជ្រោយចង្វារ​ចាស់ (​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​) មាន​ការវិវត្ត​យ៉ាង​លឿន​ជាង​ការគ្រោងទុក ដែល​គិត​មកដល់ពេលនេះ មាន​រយៈពេល​ជាង​១០​ខែ ដោយ​សម្រេចបាន​លទ្ធផល​ប្រមាណ​ជិត​៥០​ភាគរយ​ហើយ ហើយ​ថា ស្ពាន​នេះ អាច​នឹង​ប្រើប្រាស់​បាន​ជាង​៥០​ឆ្នាំ​ទៅមុខទៀត បន្ទាប់ពី​ជួសជុល​រួច នឹងដាក់​ឲ្យ​ប្រើប្រាស់​។

​លោក ឈឹម ផល្លា ប្រធាន​នាយកដ្ឋាន ផ្លូវថ្នល់ នៃ​ក្រសួង​សាធារណៈការ និង ដឹកជញ្ជូន បាន​មានប្រសាសន៍​ឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​ថា ការងារ​ជួសជុល ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន កិច្ចការ​ការងារ​មាន​ល្បឿន លឿន​ជាង​កម្មវិធី​ការងារ ដែល​បាន​គ្រោងទុក រហូតដល់​ទៅ​៣​ភាគរយ ដែល​មកដល់ពេលនេះ ក្រុម​អ្នកបច្ចេកទេស​ជប៉ុន បាននិងកំពុង​សម្រុក​ធ្វើការ​ងារ​ជូ​ស​ជុល សម្រេចបាន​លទ្ធផល រហូតដល់​ទៅជិត​៥០%​ហើយ ហើយ​សង្ឃឹមថា អាច​នឹង​រួចរាល់​មុន​ផែនការ គឺអាច​បើក​ឱ្យ​ដំណើរការ​ឡើងវិញ នៅមុន​ចូលឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៩​ខាងមុខនេះ​។

​លោក​ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់​រូបនេះ បាន​បញ្ជាក់ថា ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ ស្ពាន​ជ្រោយចង្វារ​ចាស់ បាន​សាងសង់ឡើង​ក្នុង​ឆ្នាំ​១៩៦០ ក្នុងរ​ដ្ជ​កាល​របស់​ព្រះ បរម​រតន​កោដ្ឋ ព្រះបាទ​នរោត្តម សីហនុ​។ ស្ពាន​នេះ​បានដាក់​ដំណើរការ​ជា​លើកដំបូង​ក្នុង​ឆ្នាំ​១៩៦៣ ប៉ុន្តែ​ជា​អកុសល ក្នុងអំឡុង​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៥ ស្ពាន​នេះ​បាន​រង​យ៉ាងធ្ងន់ធ្ងរ បាន​ដាច់​នៅក្នុង​អំឡុង​ឆ្នាំ​១៩៧២ ដោយសារ​សង្គ្រាមស៊ីវិល​នៅក្នុង​ប្រទេស​។

​ក្រោយ​ប្រទេសជាតិ​ត្រូវបាន​រំដោះ​ពី​សង្គ្រាម នៅ​ឆ្នាំ​១៩៩២ រដ្ឋាភិបាល​ជប៉ុន តាម​សំណើរ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ត​ភ្ជាប់​ជួសជុល និង​បើ​ឱ្យប្រើ​ប្រាស់​ឡើងវិញ​។ ប៉ុន្តែ​ការជួសជុល​នោះ គឺធ្វើឡើង​តែ​លើ​ផ្នែក​តួ​ស្ពាន​តែប៉ុណ្ណោះ ចំណែក​កំណល់ និង​ទម្រ​បេតុង​ស្ពាន​ទាំងអស់ មិនបាន​ផ្លាស់ប្តូរ ឬ ជួសជុល​ឡើយ បន្ត​ប្រើប្រាស់​រហូតមកដល់​ឆ្នាំ​២០១៧ គឺ​មុនពេល​ចាប់ផ្តើម​ជួសជុល​ទាំងស្រុង​នោះ​ឡើង​។​

​លោក ឈឹម ផល្លា បានបញ្ជាក់​ទៀតថា ការជួសជុល​ឡើងវិញ ស្ពាន​ជ្រោយចង្វារ​នេះ បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី ទំនើប របស់​ជប៉ុន​និង​បាន​យកចិត្តទុកដាក់​គិតគូរ​គ្រប់ផ្នែក ទាំង​ផ្នែក​បរិស្ថាន និង​ផ្នែក​គុណភាព​រឹងមាំ ជាពិសេស​ការចាក់​កំរាល​កៅស៊ូ​ពីលើ​ស្ពាន ត្រូវបាន​ប្រើប្រាស់​បច្ចេកទេស​ថ្មី ធានាបាន​នូវ​គុណភាព មិន​ជ្រាយ មិន​ជ្រួញ មិន​ប៉ោង​ដូច​មុន​ទៀតឡើយ​។​

​លោក​បន្តថា ការជួសជុល​ស្ពាន​ជាថ្មី​នេះ មិន​ត្រូវបាន​កែប្រែ​អ្វី​ធំដុំ​នោះទេ គឺ​នៅ​រក្សា​ទម្រង់​ដើម​ដដែល គ្រាន់តែ​ផ្លាស់ប្តូរ​បង្កាន់ដៃ ប្តូរ​ពណ៌​ថ្នាំ​បង្កាន់ដៃ និង​ផ្លាស់ប្តូ​បង្គោល​ភ្លើង ទៅ​ដា​ក់នៅ​ខាងក្រៅ​បង្កាន់ដៃ​វិញ ដើម្បីឱ្យ​ផ្លូវ​សម្រាប់​អ្នក​ថ្មើ​ជើងមាន​ភាព​ធំ​ទូលាយ និង​បង្កើន​សុវត្ថិភាព សោ​ភ័​ណ្ឌ​ភាព​ជាង​មុន​បន្ថែមទៀត​។​

​ក្រោយពី​ការជួសជុល​រួចរាល់ នឹង​បើក​ឱ្យ​ដំណើរការ​ឡើងវិញ លោក​សុំឱ្យ​អ្នកប្រើប្រាស់​ផ្លូវ​និង​ស្ពាន រួមគ្នា​គោរព​ច្បាប់​ចរាចរ​ផ្លូវគោគ​ទាំងអស់គ្នា ជាពិសេស​ការដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ស្ពាន មិន​ថា តែ​ស្ពាន​ជ្រោយចង្វារ​ទេ គឺ​គ្រប់​ស្ពាន​ទាំងអស់ ក្នុងប្រទេស​កម្ពុជា ត្រូវ​អនុវត្តតាម​គោលការណ៍​ច្បាប់​បានកំណត់ ដើម្បី​រួមគ្នា​ថែរក្សា ការពារ​ស្ពាន​ឱ្យបាន​ល្អ នឹង​ប្រើប្រាស់​បានយូ​អង្វែង បំរើឱ្យ​ប្រយោជន៍​យើងទាំងអស់គ្នា​។​

​អ្នកបច្ចេកទេស​ជប៉ុន លោក សា​តូ​ស៊ី អា​ដា​ជី (Satoshi ADACHI) បាន​មានប្រសាសន៍​ឱ្យដឹងថា ស្ពាន​នេះ​រក្សាបាន​គុណភាព​ប្រើប្រាស់​រហូតដល់​ទៅ​ជាង​៥០​ឆ្នាំ​ទៅមុខទៀត​។​ការជួសជុល​ឡើងវិញ ស្ពាន​ជ្រោយចង្វារ​ចាស់​នេះ ក្រុមការងារ​ជប៉ុន​បាន​ប្រើប្រាស់​បច្ចេកទេស​ចុងក្រោយ​របស់ខ្លួន ដើម្បី​ធានាបាន​នូវ​គុណភាព មិន​ប៉ះពាល់​សុខភាព​ប្រជាជន មិន​ប៉ះពាល់​បរិស្ថាន ទាំង​លើគោក និង​ក្នុង​ទឹក​។​

​សូមបញ្ជាក់ថា រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណ ក្នុង​ទំហំ​ទឹកប្រាក់​៣.៣៤៣​លាន​យ៉េន ស្មើ​ប្រមាណ ៣៣ លាន​ដុល្លារ​អាមេរិក ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​គាំទ្រ​ដល់​គម្រោង​ជួសជុល​ស្តារ​ទ្បើង​វិញ នូវ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ដែល​ជាម​រត​កេរ្តិ៍ដំណែល​របស់​ជប៉ុន កសាង​ជូន​កម្ពុជា ក្នុងអំឡុង​ទសវត្ស​ឆ្នាំ​១៩៦០ នា​សម័យ​សង្គមរាស្ត្រនិយម​។​

​ស្ពាន​មិត្តភាព កម្ពុជា​-​ជប៉ុន ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៧ ដើម្បី​បើក​ការដ្ឋាន​ជួសជុល​ស្តារ​ទ្បើង​វិញ ឆ្លើយតប​ទៅនឹង​សំណើសុំ បន្ទាន់​របស់​កម្ពុជា ទៅកាន់​រដ្ឋា​ភិ បាលជ​ប៉ុន ដោយហេតុថា ស្ពាន​នេះ មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ដែល​មិនមាន​សុវត្ថិភាព សម្រាប់​ការដឹកជញ្ជូន​សាធារណៈ​ឆ្លងកាត់​ទន្លេ​។ ការជួសជុល​ស្តារ​ទ្បើង​វិញ​នេះ បាន​ប្រើ​រយៈពេល​ប្រមាណ​ជា​២១​ខែ រហូតដល់ ខែមិថុនា ឆ្នាំ ២០១៩​ខាងមុខ​។​
​សូម​រំលឹកថា ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ ស្ពាន​ជ្រោយចង្វារ​ចាស់ បាន​សាងសង់ឡើង ក្នុង​ឆ្នាំ​១៩៦០ ក្នុងរ​ដ្ជ​កាល​របស់​ព្រះ បរម​រតន​កោដ្ឋ ព្រះបាទ​នរោត្តម​សីហនុ​។

​ស្ពាន​នេះ​បានដាក់​ដំណើរការ​ជា​លើកដំបូង​ក្នុង​ឆ្នាំ​១៩៦៣​។ ក្នុងសម័យ​សង្គ្រាម ពួក​ខ្មែរក្រហម​បានដាក់​គ្រាប់បែក​បំផ្លាញ​ស្ពាន​នេះ ក្នុង​ឆ្នាំ ១៩៧២ ដើម្បី​កាត់ផ្តាច់​ផ្លូវ​សេដ្ឋកិច្ច មិនឱ្យ​សហរដ្ឋអាមេរិក អាច​បញ្ជូនស្បៀង​និង​សព្វាវុធ ដល់​ទ័ព​សេនាប្រមុខ លន់ នល់ ដែល​កាន់កាប់​ក្រុងភ្នំពេញ​៕​